Thursday, October 28, 2021

លោក សុខ លូ អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា គណៈអភិបាលក្រុង មន្រ្ដីរាជការ ក្រុមប្រឹក្សាសង្កាត់ និងកងកម្លាំងប្រដាប់អាវុធ នៃរដ្ឋបាលក្រុងបាត់ដំបង

បាត់ដំបង៖  នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១នេះ  លោក សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា គណៈអភិបាលក្រុង មន្រ្ដីរាជការ ក្រុមប្រឹក្សាសង្កាត់ និងកងកម្លាំងប្រដាប់អាវុធ នៃរដ្ឋបាលក្រុងបាត់ដំបង ។

លោក ផេង សិទ្ធី អភិបាល នៃគណៈអភិបាលក្រុងបាត់ដំបង បានធ្វើការថ្លែងសន្ទរកថាបើកកម្មវិធី ដើម្បីបង្ហាញពីភូមិសាស្រ្ដ និងប្រវត្តិក្រុងបាត់ដំបង ក៏ដូចជារាយការណ៍ជូន លោក អភិបាលខេត្តបាត់ដំបង ពីកិច្ចការងារដែលរដ្ឋបាលក្រុងបាត់ដំបងសម្រេចបាន ។ 

នាឱកាសនៃការសំណេះសំណាលនេះ លោក សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថា ក្រុងបាត់ដំបង ជាតំបន់ភូមិសាស្រ្ដ មួយដែលនៅមានបញ្ហាមួយចំនួនដែលមិនទាន់បានដោះស្រាយ នៅឡើយ ដូចជាបញ្ហាផ្លូវថ្នល់ សណ្ដាប់ធ្នាប់សាធារណៈ និងសំរាម ដែលសង្កេតឃើញថា នៅមានការចោលសំរាមពាសវាលពាសកាល មិនទាន់មានរបៀបរៀបរយនៅឡើយ ដែលបញ្ហានេះជាបញ្ហាចាក់ឫសដែលយើងជាមន្រ្ដីរាជការត្រូវតែដោះស្រាយជាបន្ទាន់ និងរកវិធានការនានាក្នុងការទប់ស្កាត់ឱ្យបានទាន់ពេលវេលា ។  លោកបានបន្តទៀតថា រដ្ឋបាលក្រុងត្រូវតែបន្តចុះពិនិត្យ ក្រុមហ៊ុនប្រមូលសំរាមទាំងអស់ ថាតើការអនុវត្តការងាររបស់ក្រុមហ៊ុនប្រមូលសំរាមនោះ បានប្រមូលសំរាមបានស្អាតតាមកិច្ចកិច្ចសន្យាដែលបានចុះជាមួយដែលឬអត់ បើសិនជាមិនមានការប្រមូលសំរាមបានស្អាតនោះទេ ឬការប្រមូលសំរាមយឺតដែលធ្វើឲ្យជះក្លិនអាក្រក់ មេរោគដល់ប្រជាពលរដ្ឋ ឬធ្វើឱ្យគ្មានសណ្ដាប់ធ្នាប់ រដ្ឋបាលក្រុងត្រូវរាយការណ៍មករដ្ឋបាលខេត្ត ដើម្បីធ្វើការដោះស្រាយជាបន្ទាន់ ។ 

លោកបានបញ្ជាក់ទៀតថា គ្រប់កិច្ចការងារទាំងអស់ គឺត្រូវតែមានការសហការគ្នាជាមួយមន្រ្ដីរាជការ ចៅសង្កាត់ កងកម្លាំងប្រដាប់អាវុធទាំងអស់ ទើបអាចធ្វើរឿងទាំងឡាយបានជោគជ័យ ដោយមិនអាចត្រឹមតែមនុស្សម្នាក់ធ្វើបានជោគជ័យនោះទេ និងជាពិសេសត្រូវទទួលយកមតិរិះគន់ក្នុងន័យស្ថាបនា ដើម្បីពង្រឹងនូវឥរិយាបថការងារ និងអត្តចារឹកខ្លួនឯងផង ។ លោកបានបញ្ជាក់បន្ថែមទៀតថា រដ្ឋបាលខេត្ត នឹងរៀបចំក្រុមការងារដោះស្រាយបញ្ហានានាតាមរយៈបណ្ដាញសង្គមFacebook Page ដើម្បីពន្លឿនដល់ការដោះស្រាយជូនប្រជាពលរដ្ឋ ដែលបញ្ហាខ្លះយើងអាចដោះស្រាយបានភ្លាមៗ និងបញ្ហាខ្លះយើងត្រូវធ្វើការពិភាក្សាជាបន្តទៀត ក្នុងន័យដើម្បីសម្រួលដល់ប្រជាពលរដ្ឋដែលជួបបញ្ហានានានៅក្នុងសហគមន៍ ឬភូមិសាស្រ្ដរបស់ខ្លួន ។ 

លោក ក៏បានលើកឡើង និងគោរពថ្លែងអំណរគុណ លោកនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់វ៉ាក់សាំងកូវីដ-១៩ សម្រាប់ចាក់ជូនដល់បងប្អូនប្រជាពលរដ្ឋទូទៅ និងដល់យុវជន ចាប់ពីអាយុ ១២ ដល់១៧ ឆ្នាំ និងដល់កុមារចាប់ពីអាយុ ៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ ទូទាំងប្រទេស ក៏ដូចជាខេត្តបាត់ដំបង ដោយឥតគិតថ្លៃ ។ 

លោក ក៏បានជំរុញឱ្យរដ្ឋបាលក្រុង និងសង្កាត់ពន្លឿនការផ្តល់សេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋនៅក្នុហមូលដ្ឋាន ឱ្យបានទាន់ពេលវេលា និងត្រូវពិនិត្យមើលទៅលើអត្តចរិត និងអក្បកិរិយារបស់ស្មៀនសង្កាត់ក្នុងការបម្រើសេវាជូនបងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន។ 

លោក ក៏បានជំរុញ ឱ្យរដ្ឋបាលក្រុង ក្នុងនាមគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ធ្វើការបង្រ្កាបល្បែងសុីសងខុសច្បាប់ផ្សេងៗ ជាពិសេសល្បែងភ្នាល់ទឹកភ្លៀង នៅក្នុងភូមិសាស្រ្តក្រុងបាត់ដំបង។

លោក ក៏បានរំលឹងដល់អ្នកចូលរួមពិធីសំណេះសំណាលនេះផងដែរ គឺត្រូវអនាម័យខ្លួនប្រាណ ហើយត្រូវបន្តអនុវត្តអនុសាសន៍របស់លោកនាយករដ្ឋមន្រ្ដី គឺ៣ការពារ និង៣កុំ និងអនុវត្តវិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន៕







ប្រជាពលរដ្ឋជាង៥០០គ្រួសារ ដែលទទួលរងការលិចលង់ដោយទឹកទំនប់ព្រែកត្នោត ទទួលបានអំណោយរបស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន

ភ្នំពេញ៖ អំណោយរបស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន និងលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ដែលមានដូចជាអង្គរ មី ត្រីខ ទឹកស៊ីអ៊ីវ ត្រូវបាន លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នាំយកមកប្រគល់ជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន៥១៥ គ្រួសារ ដែលទទួលរងនូវការលិចលង់ដោយទឹកទំនប់ព្រែកត្នោត នៅក្នុងខណ្ឌដង្កោរាជធានីភ្នំពេញ។

ពិធីចែកអំណោយខាងលើនេះត្រូវបានធ្វើឡើង នៅព្រឹកថ្ងៃទី២៨ខែតុលាឆ្នាំ២០២១នេះ នៅក្នុងបរិវេណក្រុមហ៊ុនដឹកជញ្ជូនសំរាម Mizuda Group Co.,Ltd ស្ថិតនៅតាមបណ្ដោយផ្លូវ៣០ម៉ែត្រ ក្នុងសង្កាត់ស្ពានថ្មខណ្ឌដង្កោរាជធានីភ្នំពេញ ។ 

ចូលរួមក្នុងឱកាសនោះដែរមានវត្តមានលោកកែប ជុតិមា តំណាងរាស្ត្រមណ្ឌភ្នំពេញ ប្រធានក្រុមការងារចុះជួយខណ្ឌដង្កោ និងលោក ស៊ាង ប៊ុនលាង រដ្ឋលេខាធិការក្រសួងមហាផ្ទៃផងដែរ។

លោកឃួង ស្រេង បានបញ្ជាក់ថា អំណោយទាំងនេះគឺជាអំណោយរបស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន និងលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ។លោកទាំងពីរ បានអោយរដ្ឋបាលរាជធានីភ្នំពេញនាំយកអំណោយទាំងនេះ មកចែកជួនបងប្អូន ដែលជួបការពិបាក ដោយសារទឹកជំនន់ ។ លោកឃួង ស្រេង បានបញ្ជាក់ផងដែរថា គិតមកដល់ព្រឹកថ្ងៃទី២៨ តុលានេះ ទឹកស្ទឹងព្រែកត្នោតបានស្រកចុះ៤តឹកហើយ ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីទាំងអាជ្ញាធរ ទាំងកម្លាំងមានសមត្ថកិច្ចនិងកងអង្គរក្សសម្ដេចតេជោ នៅតែឈរជើង នៅទីតាំងបញ្ជាការស្រាល ដើម្បីជួយដល់បងប្អូនប្រជាពលរដ្ឋ ខណៈដែលពួកគាត់ត្រូវការជួយសង្គ្រោះដោយប្រការផ្សេងៗ។ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន និងលោកស្រី ជានិច្ចជាកាល នៅជាប់ជាមួយបងប្អូនប្រជាពលរដ្ឋជានិច្ច ពោលគឺនៅពេលដែលបងប្អូនប្រជាពលរដ្ឋមានបញ្ហាទុក្ខព្រួយគឺ លោកទាំងពីរជួយបងប្អូនប្រជាពរដ្ឋជានិច្ច ដោយមិនទុកអោយប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយការអត់បាយនោះទេ។

លោក ឃួង ស្រេង បានបន្ថែមអោយដឹងទៀតថា អំណោយជាអង្កររបស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន និងលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ចំនួន១០០០តោន បានត្រៀមរួចរាល់ហើយ ដើម្បីចែកជូនបងប្អូនប្រជាពលរដ្ឋ ដែលខ្វះខាត ៕




រដ្ឋបាលរាជធានីភ្នំពេញ សម្រេចបន្តដាក់ចេញនូវវិធានការរដ្ឋបាល ដោយផ្អាកជាបណ្ដោះអាសន្នចំពោះសកម្មភាពការងារ មុខរបរ ឬអាជីវកម្មដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ-១៩

នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១នេះ រដ្ឋបាលរាជធានីភ្នំពេញ សេចក្ដីសម្រេច ស្ដីពីការបន្តដាក់ចេញនូវវិធានការរដ្ឋបាល ដោយផ្អាកជាបណ្ដោះអាសន្នចំពោះសកម្មភាពការងារ មុខរបរ ឬអាជីវកម្មដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ រួមមាន ខារ៉ាអូខេ រង្គសាល និងឌីស្កូតែក និងការជួបជុំ ឬការប្រមូលផ្ដុំមនុស្សជាលក្ខណៈឯកជន នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សម្រាប់រយៈពេល ១៤ថ្ងៃ គិតចាប់ពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ៕

ខាងក្រោមនេះជាសេចក្ដីសម្រេចរបស់ រដ្ឋបាលរាជធានីភ្នំពេញ៖



អភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញសំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតក្នុងដំណាក់កាលកូវីដ១៩ ចំនួន១៥០ គ្រួសារ

បន្ទាយមានជ័យ៖  នាព្រឹកថ្ងៃទី២៨  ខែតុលាឆ្នាំ២០២១នេះ លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញសំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតក្នុងដំណាក់កាលកូវីដ១៩ ចំនួន១៥០ គ្រួសារ ក្នុងក្រុងសិរីសោភ័ណ ដែលជាអំណោយឧបត្ថម្ភរបស់ក្រុមហ៊ុនលក់ប្រេងឥន្ធនៈតូតាល់ សាខាចែកចាយក្នុងក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

អំណោយក្នុងមួយគ្រួសារៗទទួលបាន អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខ  ២យូរ ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ សាប៊ូ១កញ្ចប់។

លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ មានប្រសាសន៍ថា រាជរដ្ឋាភិបាល អាជ្ញាធរខេត្តបន្ទាយមានជ័យ បានគិតគូរដោះស្រាយបញ្ហាការលំបាករបស់បងប្អូនប្រជាពលរដ្ឋទូទាំងខេត្តនាពេលកន្លងមកតាមរយៈការផ្តល់អំណោយស្បៀងឧបត្ថម្ភគ្រប់ទីកន្លែង អំណោយរបស់សម្តេចតេជោ ក្រុមការងារ រដ្ឋបាលខេត្ត និងផ្នែកឯកជន។  រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចអាជ្ញាធរខេត្ត មិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់មានបញ្ហា ដោយការដាច់ស្បៀងហូបចុកនោះឡើយ។

អំណោយរបស់ក្រុមហ៊ុន total ឧបត្ថម្ភនាពេលនេះ ជាការចូលរួមចំណែកដ៍មានសារៈសំខាន់របស់វិស័យឯកជន ដើម្បីជួយដោះស្រាយទុក្ខលំបាករបស់ប្រជាពលរដ្ឋយើង ក្នុងដំណាក់កាលនៃការរីករាលនៃជំងឺកូវីដ១៩ ។

ក្នុងឱកាសនោះ លោក អ៊ុ រាត្រី អភិបាលខេត្ត បាន

មានប្រសាសន៍បន្តទៀតថា  ជំងឺកូវីដ-១៩ កំពុងរីករាលដាលនៅលើសកលលោក ដែលក្នុងនោះ ប្រទេសកម្ពុជាក៏កំពុងរងគ្រោះផងដែរ។ ដូច្នេះដើម្បីការពារ ទប់ស្កាត់ និងបង្ការការចម្លងជំងឺនេះបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវរក្សាសុខភាព និងរក្សាអនាម័យ និងចូលរួមអនុវត្តតាមការណែនាំរបស់ក្រសួងសុខា ភិបាលនិងអនុវត្តឲ្យបានតាម អនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន គឺ៣ការពារ និង ៣កុំ៕








ផ្សាយបន្តផ្ទាល់៖ ពិធីបិទកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨ និងលើកទី៣៩ កិច្ចប្រជុំកំពូលពាក់ព័ន្ធ និងពិធីប្រគល់តំណែងប្រធានអាស៊ានជូនកម្ពុជា

 ផ្សាយបន្តផ្ទាល់៖ ពិធីបិទកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨ និងលើកទី៣៩ កិច្ចប្រជុំកំពូលពាក់ព័ន្ធ និងពិធីប្រគល់តំណែងប្រធានអាស៊ានជូនកម្ពុជា

ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ #HUNSEN #ASEAN #កម្ពុជា #អាស៊ាន

ពិធីចែកអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារគ្រោះធម្មជាតិ ខ្យល់កន្ទ្រាក់ ចំនួន ៨៥គ្រួសារ

កំពង់ចាម៖  នៅព្រឹកថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០២១ លោកលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានសាខាកាកបាទក្រហមខេត្ត

បានដឹកនាំក្រុមការងារ នាំអំណោយលោកស្រី  ប៊ុន  រ៉ានី  ហ៊ុ ន សែន  ផ្ដល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន ៨៥គ្រួសារ នៅឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។

លោកអភិបាលខេត្ត បានរំលឹកថា កាលពីរំលងអធ្រាត្រឈានចូល ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២១   ពេលកំពុងភ្លៀងធ្លាក់ខ្លាំង ក៏ស្រាប់តែមានខ្យល់កន្ត្រាក់បក់គួច ធ្វើអោយផ្ទះ ៨៧ខ្នង ក្នុងនោះ ភូមិទួលរកា ១៧ខ្នង និងភូមិដីលើ ៧០ខ្នង រងការខូចខាត ដោយមានការដួលរលំ របើកសង្កសី ហ្វីប្រូ និងរបើកក្បឿង។ ប៉ុន្តែភ្លាមៗនោះ លោក បានចាត់អោយលោកនាយកប្រតិបត្តិសាខា នាំយកអំណោយមនុស្សធម៌ ផ្តល់មួយជំហានមុន ជូនដល់ ២គ្រួសារ ដែលរងការខូចខាតធ្ងន់ជាងគេ រួចហើយ។ នៅសល់ ៨៥ គ្រួសារនេះ សាខា បានសហការចុះពិនិត្យវាយតម្លៃឡើងវិញជាបន្តបន្ទាប់ ហើយចុងក្រោយ ក៏បានសម្រេចធ្វើការឆ្លើយតប តាមរយៈការផ្តល់អំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន សម្រាប់ការស្តារ និង ជួសជុលលំនៅដ្ឋាន បងប្អូន ឡើងវិញ ។

ជាមួយគ្នានោះ លោកអភិបាលខេត្ត បានសម្តែងការសោកស្តាយជាមួយគ្រួសាររងគ្រោះ ចំពោះគ្រោះធម្មជាតិ ដែលកើតឡើងដោយស្មានមិនដល់នេះ ហើយ ក៏បានពាំនាំ នូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខដោយក្តីអាណិតអាសូរ ពីសំណាក់ លោក ហ៊ុន ណេង ប្រធានកិត្តិយសសាខា ពិសេសលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល លោកស្រីតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ដោយមិនប្រកាន់វណ្ណៈ ជំនឿសាសនា ឬនិន្នាការនយោបាយអ្វីឡើយ ហើយលោក តែងបានចាត់តំណាង ចុះអន្តរាគមន៍ ផ្តល់ជំនួយសង្រ្គោះ ជួយសម្រាលទុក្ខលំបាក ទាន់ពេលវេលា តាមទិសស្លោក “ ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា " ។

សូមបញ្ជាក់ថា អំណោយមនុស្សធម៌ដែលបានផ្ដល់ជូនពលរដ្ឋរងគ្រោះទាំង ៨៥គ្រួសារ ក្នុង១គ្រួសារ ទទួលបាន៖ អង្ករ២៥គីឡូក្រាម មី ១កេស ទឹកត្រី ១យួរ ទឹកសុីអុីវ ១យួរ ត្រីខ ១០កំប៉ុង  ឃីត១ អាវយឺតចំនួន៤ និងថវិកា ១០០,០០០ រៀល៕