Thursday, October 28, 2021

លោក សុខ លូ អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា គណៈអភិបាលក្រុង មន្រ្ដីរាជការ ក្រុមប្រឹក្សាសង្កាត់ និងកងកម្លាំងប្រដាប់អាវុធ នៃរដ្ឋបាលក្រុងបាត់ដំបង

បាត់ដំបង៖  នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១នេះ  លោក សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា គណៈអភិបាលក្រុង មន្រ្ដីរាជការ ក្រុមប្រឹក្សាសង្កាត់ និងកងកម្លាំងប្រដាប់អាវុធ នៃរដ្ឋបាលក្រុងបាត់ដំបង ។

លោក ផេង សិទ្ធី អភិបាល នៃគណៈអភិបាលក្រុងបាត់ដំបង បានធ្វើការថ្លែងសន្ទរកថាបើកកម្មវិធី ដើម្បីបង្ហាញពីភូមិសាស្រ្ដ និងប្រវត្តិក្រុងបាត់ដំបង ក៏ដូចជារាយការណ៍ជូន លោក អភិបាលខេត្តបាត់ដំបង ពីកិច្ចការងារដែលរដ្ឋបាលក្រុងបាត់ដំបងសម្រេចបាន ។ 

នាឱកាសនៃការសំណេះសំណាលនេះ លោក សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថា ក្រុងបាត់ដំបង ជាតំបន់ភូមិសាស្រ្ដ មួយដែលនៅមានបញ្ហាមួយចំនួនដែលមិនទាន់បានដោះស្រាយ នៅឡើយ ដូចជាបញ្ហាផ្លូវថ្នល់ សណ្ដាប់ធ្នាប់សាធារណៈ និងសំរាម ដែលសង្កេតឃើញថា នៅមានការចោលសំរាមពាសវាលពាសកាល មិនទាន់មានរបៀបរៀបរយនៅឡើយ ដែលបញ្ហានេះជាបញ្ហាចាក់ឫសដែលយើងជាមន្រ្ដីរាជការត្រូវតែដោះស្រាយជាបន្ទាន់ និងរកវិធានការនានាក្នុងការទប់ស្កាត់ឱ្យបានទាន់ពេលវេលា ។  លោកបានបន្តទៀតថា រដ្ឋបាលក្រុងត្រូវតែបន្តចុះពិនិត្យ ក្រុមហ៊ុនប្រមូលសំរាមទាំងអស់ ថាតើការអនុវត្តការងាររបស់ក្រុមហ៊ុនប្រមូលសំរាមនោះ បានប្រមូលសំរាមបានស្អាតតាមកិច្ចកិច្ចសន្យាដែលបានចុះជាមួយដែលឬអត់ បើសិនជាមិនមានការប្រមូលសំរាមបានស្អាតនោះទេ ឬការប្រមូលសំរាមយឺតដែលធ្វើឲ្យជះក្លិនអាក្រក់ មេរោគដល់ប្រជាពលរដ្ឋ ឬធ្វើឱ្យគ្មានសណ្ដាប់ធ្នាប់ រដ្ឋបាលក្រុងត្រូវរាយការណ៍មករដ្ឋបាលខេត្ត ដើម្បីធ្វើការដោះស្រាយជាបន្ទាន់ ។ 

លោកបានបញ្ជាក់ទៀតថា គ្រប់កិច្ចការងារទាំងអស់ គឺត្រូវតែមានការសហការគ្នាជាមួយមន្រ្ដីរាជការ ចៅសង្កាត់ កងកម្លាំងប្រដាប់អាវុធទាំងអស់ ទើបអាចធ្វើរឿងទាំងឡាយបានជោគជ័យ ដោយមិនអាចត្រឹមតែមនុស្សម្នាក់ធ្វើបានជោគជ័យនោះទេ និងជាពិសេសត្រូវទទួលយកមតិរិះគន់ក្នុងន័យស្ថាបនា ដើម្បីពង្រឹងនូវឥរិយាបថការងារ និងអត្តចារឹកខ្លួនឯងផង ។ លោកបានបញ្ជាក់បន្ថែមទៀតថា រដ្ឋបាលខេត្ត នឹងរៀបចំក្រុមការងារដោះស្រាយបញ្ហានានាតាមរយៈបណ្ដាញសង្គមFacebook Page ដើម្បីពន្លឿនដល់ការដោះស្រាយជូនប្រជាពលរដ្ឋ ដែលបញ្ហាខ្លះយើងអាចដោះស្រាយបានភ្លាមៗ និងបញ្ហាខ្លះយើងត្រូវធ្វើការពិភាក្សាជាបន្តទៀត ក្នុងន័យដើម្បីសម្រួលដល់ប្រជាពលរដ្ឋដែលជួបបញ្ហានានានៅក្នុងសហគមន៍ ឬភូមិសាស្រ្ដរបស់ខ្លួន ។ 

លោក ក៏បានលើកឡើង និងគោរពថ្លែងអំណរគុណ លោកនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់វ៉ាក់សាំងកូវីដ-១៩ សម្រាប់ចាក់ជូនដល់បងប្អូនប្រជាពលរដ្ឋទូទៅ និងដល់យុវជន ចាប់ពីអាយុ ១២ ដល់១៧ ឆ្នាំ និងដល់កុមារចាប់ពីអាយុ ៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ ទូទាំងប្រទេស ក៏ដូចជាខេត្តបាត់ដំបង ដោយឥតគិតថ្លៃ ។ 

លោក ក៏បានជំរុញឱ្យរដ្ឋបាលក្រុង និងសង្កាត់ពន្លឿនការផ្តល់សេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋនៅក្នុហមូលដ្ឋាន ឱ្យបានទាន់ពេលវេលា និងត្រូវពិនិត្យមើលទៅលើអត្តចរិត និងអក្បកិរិយារបស់ស្មៀនសង្កាត់ក្នុងការបម្រើសេវាជូនបងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន។ 

លោក ក៏បានជំរុញ ឱ្យរដ្ឋបាលក្រុង ក្នុងនាមគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ធ្វើការបង្រ្កាបល្បែងសុីសងខុសច្បាប់ផ្សេងៗ ជាពិសេសល្បែងភ្នាល់ទឹកភ្លៀង នៅក្នុងភូមិសាស្រ្តក្រុងបាត់ដំបង។

លោក ក៏បានរំលឹងដល់អ្នកចូលរួមពិធីសំណេះសំណាលនេះផងដែរ គឺត្រូវអនាម័យខ្លួនប្រាណ ហើយត្រូវបន្តអនុវត្តអនុសាសន៍របស់លោកនាយករដ្ឋមន្រ្ដី គឺ៣ការពារ និង៣កុំ និងអនុវត្តវិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន៕







No comments:

Post a Comment