Wednesday, March 20, 2019

រាជរដ្ឋាភិបាលចេញអនុក្រឹត្យស្តីពីការដំឡើងប្រាក់បំណាច់មុខងារមន្រ្តីរាជការស៊ីវិលសម្រាប់ឆ្នាំ២០១៩

នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចេញអនុក្រឹត្យស្តីពីការដំឡើងប្រាក់បំណាច់មុខងារមន្រ្តីរាជការស៊ីវិលសម្រាប់ឆ្នាំ២០១៩ ដែលនឹងត្រូវអនុវត្តចាប់ពីខែមេសា ឆ្នាំ២០១៩ ខាងមុខនេះតទៅ៕

សូមអានអនុក្រឹត្យខាងក្រោម៖

















លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បញ្ជាឱ្យតាមចាប់អ្នករៀបចំប្រមូលកម្លាំងឱ្យទណ្ឌិត សម រង្ស៉ី ដែលចង់បង្កភាពវឹកវរដល់សង្គមជាតិ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាអាជ្ញាធរនិងសមត្ថកិច្ចទាំងអស់ឱ្យតាមចាប់ខ្លួនក្រុមប្រឆាំងមួយចំនួន ដែលព្យាយាមប្រមូលកម្លាំងឱ្យទណ្ឌិត សម រង្ស៉ី មេចលនាសង្រ្គោះជាតិខុសច្បាប់ ដើម្បីបង្កភាពវឹកវរដល់សង្គមកម្ពុជា។ ចំណាត់ការនេះបានធ្វើឡើងដោយ ទណ្ឌិត សម រង្ស៉ី បានចេញបញ្ជាឱ្យបង្កើតគណៈកម្មការចំពោះកិច្ច ហើយអំពាវនាវឱ្យសកម្មជន ប្រជាពលរដ្ឋ និងកម្លាំងប្រដាប់អាវុធ ចូលរួមជាមួយខ្លួន ដើម្បីដណ្តើមអំណាចពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានជាប់ឆ្នោតចេញពីការបោះឆ្នោតតាមលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស។
លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩នេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនកម្មករ កម្មការិនីប្រមាណជាង១ម៉ឺននាក់ មកពីរោងចក្រ សហគ្រាសចំនួន៦ នៅក្នុងខេត្តពោធិ៍ សាត់ ដែលពិធីជួបសំណេះសំណាលនេះ ធ្វើឡើងនៅភូមិវាលវង់ ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ការជួបប្រជុំរបស់ទណ្ឌិត សម រង្ស៊ី ជាមួយសកម្មជន និងអ្នកគាំទ្ររបស់ខ្លួននោះគឺជាអំពើល្មើសច្បាប់ដោយសារតែខ្លួនត្រូវបានហាមឃាត់សិទ្ធិធ្វើនយោបាយរយៈពេល៥ឆ្នាំ។
សូមបញ្ជាក់ថា ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ លោក កូយ សៅ កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ កន្លងទៅនេះ ក៏បានចេញដីកាមួយបង្គាប់ឱ្យសមត្ថកិច្ចតាមចាប់ខ្លួន លោក សម រង្ស៉ី និងបក្ខពួក ៧នាក់ទៀត ដែលជាអតីតថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ ពាក់ព័ន្ធនឹងបទល្មើសក្បត់ជាតិថ្មីនេះដែរ។ អតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្រ្គោះជាតិ ទាំងនោះរួមមាន ១៖ លោក សម រង្ស៉ី ២៖ លោក អេង ឆៃអ៊ាង ៣៖ លោកស្រី មូរ សុខហួរ ៤៖ លោក អ៊ូ ច័ន្ទឫទ្ធិ ៥៖ លោក ហូ វ៉ាន់ ៦៖ លោក ឡុង រី ៧៖ លោក ម៉ែន សុថាវរិន្ទ្រ និង៨៖ លោក តុ វ៉ាន់ចាន់៕

ប្រភព៖ Fresh News





លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ផ្តាំទៅ លោក សម រង្ស៉ី កុំឱ្យប្រមាថ អតីតសហការីរបស់ខ្លួន ដែលមកសុំសិទ្ធិធ្វើនយោបាយ ជាទំនិញទិញដូរ

ពោធិ៍សាត់៖ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានផ្តាំទៅមេដឹកនាំក្រុមប្រឆាំង ដែលសំដៅទៅកាន់ លោក សម រង្ស៉ី តែម្តងថា កុំឱ្យប្រមាថមើលងាយចំពោះអតីតសហការីរបស់ខ្លួន ដែលមកសុំសិទ្ធិធ្វើនយោបាយឡើងវិញ ដូចទំនិញទិញដូរឱ្យសោះ។
ការលើកឡើងរបស់ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពី លោក សម រង្ស៉ី និងបក្ខពួក បានវាយប្រហារប្រមាថមើលងាយជាបន្តបន្ទាប់ពីទៅលើ អតីតថ្នាក់ដឹកនាំមួយចំនួន ក្នុងចំណោមអតីតថ្នាក់ដឹកនាំ CNRP ជាប់បម្រាមនយោបាយ១១៨រូប ដែលបានស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ ដោយចាត់ទុកថា ជាការលក់ឧត្តមគតិ ឱ្យគណបក្សប្រជាជនកម្ពុជាជាដើម។
លោក សម រង្ស៉ី បានបង្ហោះសារតាមបណ្តាញសង្គម Facebook កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩ យ៉ាងដូច្នេះថា៖ «ក្នុងពេលឆាប់ៗខាងមុខនេះ ក្រោមសម្ពាធអន្តរជាតិ ហ៊ុន សែន ត្រូវបង្ខំចិត្តដោះលែងលោក កឹម សុខា និងអនុញ្ញាតឱ្យគណបក្សសង្គ្រោះជាតិដំណើរការឡើងវិញ។ ដូច្នេះកុំប្រញ៉ាប់ទៅលក់ឧត្តមគតិរបស់ខ្លួន ឲ្យទៅ ហ៊ុន សែន ឆាប់ពេក»
ក្រុមប្រឆាំងបានបង្ហោះ Facebook ចោទប្រកាន់ថា អ្នកដែលទៅសុំសិទ្ធិធ្វើនយោបាយឡើងវិញថា ទទួលបានថវិកាប្រមាណ១០ ទៅ២០ម៉ឺនដុល្លារ ហើយបើអ្នកនោះទាក់ទាញមនុស្សទៅសុំសិទ្ធិបានទៀត នឹងទទួលបាន ២ ទៅ៣ម៉ឺនដុល្លារថែមទៀត។
ថ្លែងក្នុងពិធីសំណេះសំណាលជាមួយកម្មករនៅក្នុងខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩នេះ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានរិះគន់យ៉ាងចាស់ដៃចំពោះ លោក សម រង្ស៉ី ដែលបានចាត់ទុក អតីតសហការីរបស់ខ្លួនជាទំនិញទិញដូរ។
លោកបានបញ្ជាក់យ៉ាងដូច្នេះថា៖ «សុំផ្តាំទៅ អ្នកកុំចាត់ទុកអតីតសហការីរបស់អ្នក ជាទំនិញលក់ដូរឱ្យសោះ កុំមើលស្រាល អ្នកដែលគេមិននៅជាមួយអ្នកឯង ហើយគេសុំសិទ្ធិធ្វើនយោបាយ ដើម្បីសេរីភាពរបស់គេ បែរជាក្លាយទៅជាទំនិញដែល ហ៊ុន សែន ត្រូវទិញ។ ហ៊ុន សែន គ្មានការចាំបាច់ ដើម្បីទៅទិញនរណាទេ ព្រោះមនុស្សទាំងអស់នោះ មិនមែនជាសត្វធាតុ ឬជាវត្ថុសម្រាប់លក់ទេ»
ក្នុងនាមជាមេដឹកនាំប្រទេស លោកនាយករដ្ឋមន្រ្ដីបានផ្តល់ទស្សនទានថា ត្រូវគោរពចំពោះសេរីភាពរបស់មនុស្សទាំងអស់ ទោះបីមនុស្សនោះ នៅក្នុងគណបក្សនយោបាយណាក៏ដោយ។ លោកបញ្ជាក់ថា «អ្នកដែលចេញមកសុំសិទ្ធិធ្វើនយោបាយ យើងខ្ញុំក៏គោរព អ្នកដែលមិនសុំសិទ្ធិ ក៏យើងខ្ញុំគោរពចំពោះសេចក្តីសម្រេចរបស់អ្នក ហេតុអ្វីក៏អ្នកមើលងាយដល់អ្នកដែលធ្លាប់ធ្វើការជាមួយអ្នក ទៅជាទំនិញលក់ដូរទៅវិញ»
គិតរហូតដល់ពេលនេះ (ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩) មានអតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្រ្គោះជាតិ ចំនួន៩រូបហើយ ក្នុងចំណោមមនុស្ស១១៨នាក់ ដែលជាប់បម្រាមនយោបាយ ត្រូវបាន ព្រះមហាក្សត្រ និងប្រមុខរដ្ឋស្តីទី ផ្តល់នីតិសម្បានយោបាយឡើងវិញជាបន្តបន្ទាប់ ក្រោយពេលពួកគេបានដាក់លិខិតស្នើសុំ ទៅកាន់ក្រសួងមហាផ្ទៃ។
អតីតថ្នាក់ដឹកនាំ អតីតគណបក្សសង្រ្គោះជាតិ ដែលទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញនោះ រួមមាន ទី១៖ លោក គង់ គាំ ទី២៖លោក គង់ បូរ៉ា ទី៣៖ លោក ស៊ីម សុវណ្ណនី និងទី៤៖ លោក រៀល ខេមរិន្ទ ដែលជាអតីតតំណាងរាស្រ្ត នៃអតីតគណបក្សសង្រ្គោះជាតិ, ទី៥៖ លោក អ៊ូ ច័ន្ទរ័ត្ន, ទី៦៖ លោកស្រី ទេព សុទ្ធី, ទី៧៖ លោក កង គឹមហាក់ ទី៨៖ លោក ជីវ កត្តា និងទី៩៖ លោក ច័ន្ទ សិលា ផងដែរ។
ក្នុងចំណោមអ្នកដែលស្នើសុំសិទ្ធិធ្វើនយោបាយទាំងនោះ មានអ្នកបានប្រតិកម្មខឹងសម្បារ ចំពោះអ្នកជេរប្រមាថខ្លួនថាលក់ក្បាល ចំណែកអ្នកខ្លះទៀត បានត្រឹមអំពាវនាវសុំការយោគយល់ កុំឱ្យមានការជេរប្រមាថចំពោះអ្នកដែលទៅសុំសិទ្ធិធ្វើនយោបាយតែប៉ុណ្ណោះ។
លោក អ៊ូ ច័ន្ទរ័ត្ន អតីតតំណាងរាស្រ្ត នៃអតីតគណបក្សសង្រ្គោះជាតិ សុំមិនធ្វើអត្ថាធិប្បាយនៅពេលនេះទេ ដោយលោករង់ចាំប្រកាសក្នុងសន្និសីទមួយនៅពេលខាងមុខ។ ប៉ុន្តែកន្លងមក លោកបានចេញមុខអំពាវនាវសុំកុំឱ្យសមាជិកអតីតគណបក្សសង្រ្គោះជាតិ ជេរប្រមាថលើបុគ្គលដែលទៅស្នើសុំសិទ្ធិធ្វើនយោបាយ។
នៅក្នុងពិធីសំណេះសំណាលដដែលនោះ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានរំលឹកអំពីចំណុចពិសេស និងថ្លៃថ្នូរបស់ គណបក្សប្រជាជនកម្ពុជា ដែលមិនវាយប្រហារប្រមាថ មើលងាយលើបុគ្គលដែលបានចាកចេញពីបក្សនេះ ដូចអតីតគណបក្សប្រឆាំងឡើយ។ លោកនាយករដ្ឋមន្រ្ដី សម្តែងការអាណិតអាសូរចំពោះ អ្នកដែលចាកចេញពីគណបក្សប្រឆាំង ដែលត្រូវបានគេប្រមាថសុទ្ធតែជាអាយ៉ង ឬសាច់ស្អុយជាដើម។
លោកបានថ្លែងបន្តទៀតថា «គួរឱ្យអាសូណាស់ តាំងពីឆ្នាំ២០០៨ ខ្ញុំបានសង្កេតឃើញថា ពេលនោះអតីតអ្នកតំណាងរាស្រ្តមួយចំនួនចេញ ពីគណបក្សផ្សេងមកកាន់គណបក្សប្រជាជន គេចាត់ទុកថា ជាសាច់ស្អុយរលួយ ឥឡូវនៅបន្តទៀតហើយ ជាសាច់ស្អុយ សាច់រលួយ ត្រូវបានគេទិញត្រូវបានគេដូរ»
ទន្ទឹមនឹងការលើកឡើងនោះ លោកនាយករដ្ឋមន្រ្តីកម្ពុជា បានស្នើឱ្យជនបរទេសទាំងអស់ វិនិច្ឆ័យឱ្យបានពិតប្រាកដចំពោះជនដែលពួកគេចាត់ទុកថា ជាអ្នកប្រជាធបិតេយ្យកន្លងទៅនេះ។ លោកបានចោទសួរថា តើអ្នកប្រជាធិបតេយ្យ ត្រូវខ្ទប់សិទ្ធិរបស់គេឬទេ? ឆ្លៀតពេលនោះ លោកក៏ទម្លាយរឿងដែលលោក សម រង្ស៉ី ធ្វើការឱ្យលោក កាលពីឆ្នាំ២០០៦ ដើម្បីកែប្រែរដ្ឋធម្មនុញ្ញពី សំឡេង២ភាគ៣ មក៥០បូក១។
លោកបញ្ជាក់ថា «ទាល់តែគេនៅជាមួយខ្លួនទើបស្នេហាជាតិ ដល់គេចេញពីខ្លួនថាគេក្បត់ជាតិ ប៉ុន្តែអាអ្នកដែលជេរគេថា ក្បត់ជាតិ ត្រូវបានខ្ញុំប្រើក្បាលវា វាមិនគិតផង និយាយរួម ក្បាលពួកអានេះស្រួល ខ្ញុំនិយាយអញ្ចឹងតែម្តង ប្រើយ៉ាងម៉េច? គឺប្រើឱ្យហ្អែង ជួយកែរដ្ឋធម្មនុញ្ញឆ្នាំ២០០៦»
លោកបញ្ជាក់យ៉ាងដូច្នេះទៀតថា «នៅស្រុកខ្មែរ​ គ្មានអ្នកនយោបាយណាមួយ ដែលមិនសហការជាមួយ ហ៊ុន សែន ទេ តែបើអ្នកឯងនិយាយរបៀបហ្នឹង ខ្ញុំនិយាយថា អ្នកឯងធ្លាប់បម្រើខ្ញុំ ហើយជួយខ្ញុំឱ្យដោះស្រាយបានសភាពការណ៍ ដោយមិនមានការជាប់គាំងណាមួយ ក្រោយការបោះឆ្នោត ខ្ញុំអរគុណអ្នកឯង តែសុំបញ្ជាក់ថា នោះគឺខ្ញុំបានប្រើក្បាលអ្នកឯង ក្នុងពេលដែលអ្នកឯងបានជេរខ្ញុំថា អាយ៉ង»
សម្រាប់ការសុំសិទ្ធិធ្វើនយោបាយវិញនោះ លោកនៅតែជួយបង្កលក្ខណៈ ដើម្បីស្នើថ្វាយព្រះមហាក្សត្រ សុំនីតិសម្បទានយោបាយ ក្នុងនាមជានាយករដ្ឋមន្រ្តី ដែលច្បាប់បានប្រគល់ការងារឱ្យ។ ប៉ុន្តែលោកក៏បានបញ្ជាក់ផងដែរថា បើសិនជាមិនសុំសិទ្ធិធ្វើនយោបាយនោះ ក្រុមប្រឆាំងនឹងបាត់បង់ឱកាស ក្នុងការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នៅខែឧសភា ឆ្នាំ២០២២ ។
លោកបានបញ្ជាក់ថា «ពិតមែនហើយ នៅពេលខាងមុខ ខ្ញុំនឹងពិនិត្យថា នរណាគួរបាន នរណាគួរមិនបានផងដែរ ព្រោះខ្ញុំបាននិយាយហើយថា មកឬមិនមក មិនមែនមុខដូចម៉ែខ្ញុំទេ ប៉ុន្តែគ្រាន់តែដឹងថា ឆ្នាំ២០២២ អ្នកមិនបានចូលរួមបោះឆ្នោតឃុំ ដែលនឹងគ្រោងបោះ នៅខែឧសភា ឆ្នាំ២០២២ ឯអ្នកនឹងទទួលបានសិទ្ធិ នៅខែវិច្ឆិកា ឆ្នាំ២០២២ឯនោះ ដូច្នេះអ្នកនឹងបាត់បង់ឱកាស»
ទោះជាយ៉ាងនេះក្តី លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានចាត់ទុកថា ការដែលក្រុមប្រឆាំងមួយចំនួនដែលជាប់បម្រាមនយោបាយ មិនចូលមកសុំសិទ្ធិធ្វើនយោបាយ នៅពេលនេះ ក៏បានជួយធ្វើឱ្យលោកកាន់តែមានឱកាសស្រួលគ្រប់គ្រងផ្ទៃក្នុងប្រទេសផងដែរ ៕

ប្រភពព័ត៌មាន Fresh New





លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បន្តជំរុញឱ្យអាជ្ញាធរតាមបណ្តា ខេត្តក្រុង ត្រូវខិតខំកសាងបណ្តាញទឹក កន្លែងស្តុកទឹកឱ្យបានច្រើន

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងជំរុញសារជាថ្មីឱ្យអាជ្ញាធរ តាមបណ្តាខេត្តក្រុងទាំងអស់ ត្រូវខិតខំ បង្កើត ពង្រីក កសាង បណ្តាញទឹក កន្លែងស្តុកទឹក ជីកស្រះ ជីកអណ្តូងឱ្យបានច្រើន បន្ថែមទៀតសំរាប់ការប្រើប្រាស់តាមតម្រូវការក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និងដើម្បីបង្ការពេលយើងជួបនូវគ្រោះអត់ទឹក ប្រើប្រាស់។
ទន្ទឹមនឹងនេះ ការរួមគ្នា ជីកអណ្តូង ជីកស្រះ និងរកប្រភពទឹក ឱ្យបានច្រើន ប្រសើរជាងដឹកទឹកឱ្យប្រជាពលរដ្ឋពេលដែលជួប ការខ្វះខាត។ លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩នេះ ក្នុងឱកាសអញ្ជើញ ជួបសំណេះសំណាលជាមួយ បងប្អូនកម្មករ កម្មការិនីប្រមាណជាង១ម៉ឺននាក់ មកពីរោងចក្រ សហគ្រាសចំនួន៦ នៅក្នុងខេត្តពោធិ៍សាត់ ដែលពិធីជួបសំណេះ សំណាលនេះ ធ្វើឡើងនៅភូមិវាលវង់ ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបង្ហាញភាពសប្បាយ រីករាយក្រៃលែង ដែលបានអញ្ជើញជួបសំណេះសំណាលជាមួយ កូនក្មួយកម្មករ កម្មការិនី នៅក្នុងខេត្តពោធិ៍សាត់ នាពេលនេះ។ លោក បានថ្លែងអំណរគុណចំពោះកូនក្មួយទាំងអស់ដែលបានគោរពស្រឡាញ់ចំពោះរូបលោករហូតមក។ លោក ក៏បានថ្លែងអំណរគុណដល់ម្ចាស់ រោងចក្រទាំងអស់ដែលអនុញ្ញាតឲ្យកូនក្មួយកម្មករកម្មការិនីបានឈប់សំរាកនៅល្ងាចថ្ងៃនេះ ដោយមានប្រាក់ឈ្នួលពេញ ដែលនេះគឺបានបង្ហាញ ពីក្តីស្រឡាញ់ និងយកចិត្តទុកដាក់ ព្រមទាំងសាមគ្គីភាពល្អរវាងកម្មករ និងម្ចាស់រោងចក្រ៕







លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ កម្ពុជាត្រូវការរោងចក្រអគ្គីសនី ដែលប្រើប្រាស់បច្ចេកវិទ្យាថ្មីទំនើបនាពេលអនាគត

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍ជម្រាបដល់ បងប្អូនជនរួមជាតិទូទាំងប្រទេសបានជ្រាបថា កម្ពុជានឹងប្រឈម នូវកង្វះខាតភ្លើងប្រើប្រាស់ ដោយសារតម្រូវការកាន់តែខ្ពស់ដូចជា នៅទីក្រុងភ្នំពេញ, សៀមរាប និងក្រុងព្រះសីហនុជាដើម ដែលពីមុន ប្រើប្រាស់តែជាង២០ មេហ្កាវ៉ាត់ ប៉ុន្តែពេលនេះគឺត្រូវការភ្លើងជាង ១០០ មេហ្កាវ៉ាត់។ ជាក់ស្តែងវិស័យសំណង់គឺបានកើនឡើងជាង ៧០០% បើប្រៀបធៀបក្នុងខែ មករា និងកុម្ភៈ ឆ្នាំទៅ។ ចំណុចហ្នឹងហើយ ដែលយើងត្រូវការភ្លើងប្រើប្រាស់កាន់តែច្រើន ដែលខុសពីការព្យាករណ៍ របស់រាជរដ្ឋាភិបាលកាលពីមុន។
លោក បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩នេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនកម្មករ កម្មការិនីប្រមាណជាង១ម៉ឺននាក់ មកពីរោងចក្រ សហគ្រាសចំនួន៦ នៅក្នុងខេត្តពោធិ៍ សាត់ ដែលពិធីជួបសំណេះសំណាលនេះ ធ្វើឡើងនៅភូមិវាលវង់ ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ចំពោះដំណោះស្រាយ បន្ទាន់ក្នុងការផ្គត់ផ្គង់ភ្លើងនៅទីក្រុងជាបណ្តោះអាសន្ននៅពេលនេះ លោក បានរៀបចំឱ្យនាំចូលកប៉ាល់ផលិតអគ្គីសនីពីប្រទេសតួគី ដែលអាចផ្តល់ភ្លើងប្រើប្រាស់បានប្រមាណ ២០០មេហ្កាវ៉ាត់ មកផ្គត់ផ្គង់ក្នុងទីក្រុង ទម្រាំយើងមានរោងចក្រផលិតអគ្គីសនីថ្មី ថែមទៀត ចាំដកកប៉ាល់តួគីចេញវិញ។ ទោះបីយើងទិញកប៉ាល់ ផលិតអគ្គីសនីពីតួគីថ្លៃបន្តិចមែន ប៉ុន្តែប្រជាពលរដ្ឋមិនទទួលផល ប៉ះពាល់ដោយសារថ្លៃភ្លើងទេ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានជំរុញឱ្យក្រសួងរ៉ែ និងថាមពល សហការជាមួយអាជ្ញាធរអគ្គិសនីកម្ពុជា ជ្រើសរើសយករោងចក្រ ផលិតអគ្គិសនីដែលមានលក្ខណៈបច្ចេកវិទ្យាទំនើបដូចជារោងចក្រដែលប្រើប្រាស់ហ្គាស (Gas) ដែលប្រសើរជាងធ្យូងថ្ម ព្រោះយូរទៅ វាមានតម្លៃកាន់តែខ្ពស់ដែលបង្កការលំបាក។ ដូច្នេះយើងត្រូវការ រោងចក្រផលិតអគ្គិសនីបែបទំនើបសម្រាប់កម្ពុជានាពេលអនាគត៕






នាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្តាំទៅក្រុមប្រឆាំងថាលោកនឹងបន្តធ្វើនាយករដ្ឋមន្ត្រីរហូតដល់ក្រុមចង់បំផ្លាញសន្តិភាពវិនាស

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្ត្រី ហ៊ុនសែន នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩នេះ បានផ្តាំទៅក្រុមប្រឆាំងថា លោកនឹងបន្តធ្វើជានាយករដ្ឋមន្ត្រីយ៉ាងហោចណាស់ ១០ឆ្នាំទៀត រហូតដល់ក្រុមប្រឆាំងមានបំណងចង់បំផ្លាញសន្តិភាពស្លាប់អស់។
លោកនាយករដ្ឋមន្ត្រី បានលើកឡើងក្នុងពិធីសំណេះសំណាលជាមួយកម្មករ កម្មការិនី នៅក្នុងខេត្តពោធិ៍សាត់ថា គណបក្សនយោបាយដទៃមិនថា គណបក្សនយោបាយណានោះទេ មិនទាន់អាចមានលទ្ធភាពដឹកនាំប្រទេសបាននោះទេ ព្រោះថា គោលនយោបាយរបស់គេមិនខុសពី «ទឹកឡើងត្រីស៊ីស្រមោច ទឹកហោចស្រមោចស៊ីត្រី»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា មិនទាន់នឹងបានកាន់អំណាចផង អំពាវនាវឲ្យកម្លាំងប្រដាប់អាវុធធ្វើចម្បាំងរាំងជល់ជាមួយរាជរដ្ឋាភិបាល តើនោះវាជាអ្វី?។ លោកនាយករដ្ឋមន្ត្រីបានចាត់ទុកការអំពាវនាវបែបនេះថា នឹងកើតឡើងឲ្យមានអំពើសងសឹងគ្នា និងកើតឡើងដូចសម័យខ្មែរក្រហម។

លោកនាយករដ្ឋមន្ត្រីបន្តថា ឥឡូវនេះមិនប្រាកដថា ពូចូលនិវត្ត ឆ្នាំ២០២៨ នោះទេ ពូនឹងធ្វើនយោបាយជានាយករដ្ឋមន្ត្រីរហូតដល់ក្រុមអាងាប់នឹងងាប់អស់។ «ពូនឹងធ្វើនាយករដ្ឋមន្ត្រីដល់ពួកហ្នឹងងាប់អស់! ដាក់សារទៅអញ្ចឹង ដើម្បីឲ្យច្បាស់ ព្រោះនៅលើពិភពលោកនេះ គ្មានរដ្ឋធម្មនុញ្ញកំណត់អំពីតំណែងនាយករដ្ឋមន្ត្រីថា ត្រូវធ្វើប៉ុន្មានឆ្នាំឈប់នោះទេ។ ប្រមុខរដ្ឋគេមានកំណត់ ថ្នាក់ប្រធានាធិបតីគេមានកំណត់ តែនាយករដ្ឋមន្ត្រី គេគ្មានកំណត់នោះទេ»៕





លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ចេញអនុក្រឹត្យដំឡើងប្រាក់ ឧបត្ថម្ភក្រុមប្រឹក្សា មន្រ្តីភូមិ និងការិយាល័យប្រជាពលរដ្ឋ

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានចេញអនុក្រឹត្យកែប្រែ និងដំឡើង ប្រាក់ឧបត្ថម្ភប្រចាំខែ ចំពោះសមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ មន្រ្តីភូមិ និងការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។ នេះបើតាមអនុក្រឹត្យរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលទទួលបាននៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩នេះ។
យោងតាមអនុក្រឹត្យខាងលើនេះ បានបង្ហាញថា ប្រាក់ឧបត្ថម្ភ ខាងលើនេះ ត្រូវបើកជូនចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០១៩ខាងមុខនេះ។

សូមអានខ្លឹមសារ នៅក្នុងអនុក្រឹត្យខាងក្រោមនេះ ៖



គ.ជ.ប បង្ហាញលេខរៀងគណបក្សនយោបាយ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា លើកទី៣ នៅរាជធានីភ្នំពេញ

បន្ទាប់ពីធ្វើការចាប់ឆ្នោត នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ( គ.ជ.ប) បានបង្ហាញលំដាប់លេខរៀង គណបក្សនយោបាយទាំងអស់ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី-ខេត្ត-ក្រុង-ស្រុក-ខណ្ឌ លើកទី៣ នៅឆ្នាំ២០១៩នេះ នៅមណ្ឌលរាជធានីភ្នំពេញ ដែលនៅមណ្ឌលនេះ មានគណបក្សចំនួន៦ ចូលរួមប្រកួតប្រជែង។
សូមបញ្ជាក់ថា សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី-ខេត្ត-ក្រុង-ស្រុក-ខណ្ឌ លើកទី៣នេះ គឺមានគណបក្សចំនួន៧ ចូលរួមប្រកួតប្រជែង ក្នុងនោះមាន គណបក្សប្រជាជនកម្ពុជា គណបក្សហ្វ៊ុនស៊ិនប៉ិច គណបក្សខ្មែររួបរួមជាតិ គណបក្សសញ្ជាតិកម្ពុជា គណបក្សយុវជនកម្ពុជា គណបក្សឆន្ទៈខ្មែរ និងគណបក្សខ្មែរសាធារណរដ្ឋ។

ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ គ.ជ.ប រាជធានីភ្នំពេញ ៖