Wednesday, March 20, 2019

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បន្តជំរុញឱ្យអាជ្ញាធរតាមបណ្តា ខេត្តក្រុង ត្រូវខិតខំកសាងបណ្តាញទឹក កន្លែងស្តុកទឹកឱ្យបានច្រើន

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងជំរុញសារជាថ្មីឱ្យអាជ្ញាធរ តាមបណ្តាខេត្តក្រុងទាំងអស់ ត្រូវខិតខំ បង្កើត ពង្រីក កសាង បណ្តាញទឹក កន្លែងស្តុកទឹក ជីកស្រះ ជីកអណ្តូងឱ្យបានច្រើន បន្ថែមទៀតសំរាប់ការប្រើប្រាស់តាមតម្រូវការក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និងដើម្បីបង្ការពេលយើងជួបនូវគ្រោះអត់ទឹក ប្រើប្រាស់។
ទន្ទឹមនឹងនេះ ការរួមគ្នា ជីកអណ្តូង ជីកស្រះ និងរកប្រភពទឹក ឱ្យបានច្រើន ប្រសើរជាងដឹកទឹកឱ្យប្រជាពលរដ្ឋពេលដែលជួប ការខ្វះខាត។ លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩នេះ ក្នុងឱកាសអញ្ជើញ ជួបសំណេះសំណាលជាមួយ បងប្អូនកម្មករ កម្មការិនីប្រមាណជាង១ម៉ឺននាក់ មកពីរោងចក្រ សហគ្រាសចំនួន៦ នៅក្នុងខេត្តពោធិ៍សាត់ ដែលពិធីជួបសំណេះ សំណាលនេះ ធ្វើឡើងនៅភូមិវាលវង់ ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបង្ហាញភាពសប្បាយ រីករាយក្រៃលែង ដែលបានអញ្ជើញជួបសំណេះសំណាលជាមួយ កូនក្មួយកម្មករ កម្មការិនី នៅក្នុងខេត្តពោធិ៍សាត់ នាពេលនេះ។ លោក បានថ្លែងអំណរគុណចំពោះកូនក្មួយទាំងអស់ដែលបានគោរពស្រឡាញ់ចំពោះរូបលោករហូតមក។ លោក ក៏បានថ្លែងអំណរគុណដល់ម្ចាស់ រោងចក្រទាំងអស់ដែលអនុញ្ញាតឲ្យកូនក្មួយកម្មករកម្មការិនីបានឈប់សំរាកនៅល្ងាចថ្ងៃនេះ ដោយមានប្រាក់ឈ្នួលពេញ ដែលនេះគឺបានបង្ហាញ ពីក្តីស្រឡាញ់ និងយកចិត្តទុកដាក់ ព្រមទាំងសាមគ្គីភាពល្អរវាងកម្មករ និងម្ចាស់រោងចក្រ៕







No comments:

Post a Comment