Wednesday, March 20, 2019

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ កម្ពុជាត្រូវការរោងចក្រអគ្គីសនី ដែលប្រើប្រាស់បច្ចេកវិទ្យាថ្មីទំនើបនាពេលអនាគត

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍ជម្រាបដល់ បងប្អូនជនរួមជាតិទូទាំងប្រទេសបានជ្រាបថា កម្ពុជានឹងប្រឈម នូវកង្វះខាតភ្លើងប្រើប្រាស់ ដោយសារតម្រូវការកាន់តែខ្ពស់ដូចជា នៅទីក្រុងភ្នំពេញ, សៀមរាប និងក្រុងព្រះសីហនុជាដើម ដែលពីមុន ប្រើប្រាស់តែជាង២០ មេហ្កាវ៉ាត់ ប៉ុន្តែពេលនេះគឺត្រូវការភ្លើងជាង ១០០ មេហ្កាវ៉ាត់។ ជាក់ស្តែងវិស័យសំណង់គឺបានកើនឡើងជាង ៧០០% បើប្រៀបធៀបក្នុងខែ មករា និងកុម្ភៈ ឆ្នាំទៅ។ ចំណុចហ្នឹងហើយ ដែលយើងត្រូវការភ្លើងប្រើប្រាស់កាន់តែច្រើន ដែលខុសពីការព្យាករណ៍ របស់រាជរដ្ឋាភិបាលកាលពីមុន។
លោក បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩នេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនកម្មករ កម្មការិនីប្រមាណជាង១ម៉ឺននាក់ មកពីរោងចក្រ សហគ្រាសចំនួន៦ នៅក្នុងខេត្តពោធិ៍ សាត់ ដែលពិធីជួបសំណេះសំណាលនេះ ធ្វើឡើងនៅភូមិវាលវង់ ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ចំពោះដំណោះស្រាយ បន្ទាន់ក្នុងការផ្គត់ផ្គង់ភ្លើងនៅទីក្រុងជាបណ្តោះអាសន្ននៅពេលនេះ លោក បានរៀបចំឱ្យនាំចូលកប៉ាល់ផលិតអគ្គីសនីពីប្រទេសតួគី ដែលអាចផ្តល់ភ្លើងប្រើប្រាស់បានប្រមាណ ២០០មេហ្កាវ៉ាត់ មកផ្គត់ផ្គង់ក្នុងទីក្រុង ទម្រាំយើងមានរោងចក្រផលិតអគ្គីសនីថ្មី ថែមទៀត ចាំដកកប៉ាល់តួគីចេញវិញ។ ទោះបីយើងទិញកប៉ាល់ ផលិតអគ្គីសនីពីតួគីថ្លៃបន្តិចមែន ប៉ុន្តែប្រជាពលរដ្ឋមិនទទួលផល ប៉ះពាល់ដោយសារថ្លៃភ្លើងទេ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានជំរុញឱ្យក្រសួងរ៉ែ និងថាមពល សហការជាមួយអាជ្ញាធរអគ្គិសនីកម្ពុជា ជ្រើសរើសយករោងចក្រ ផលិតអគ្គិសនីដែលមានលក្ខណៈបច្ចេកវិទ្យាទំនើបដូចជារោងចក្រដែលប្រើប្រាស់ហ្គាស (Gas) ដែលប្រសើរជាងធ្យូងថ្ម ព្រោះយូរទៅ វាមានតម្លៃកាន់តែខ្ពស់ដែលបង្កការលំបាក។ ដូច្នេះយើងត្រូវការ រោងចក្រផលិតអគ្គិសនីបែបទំនើបសម្រាប់កម្ពុជានាពេលអនាគត៕






No comments:

Post a Comment