Wednesday, March 20, 2019

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងអំណរគុណដល់កម្មករ កម្មការិនី និងក្រុមគ្រួសារដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ការបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា មានន័យថាជាការបោះឆ្នោតគាំទ្ររូបលោកឱ្យបន្តដឹកនាំប្រទេសជានាយករដ្ឋមន្រ្តីបន្តទៀត ហើយក៏មានន័យថាជាការបោះឆ្នោតដើម្បីថែរក្សាសុខសន្តិភាពនិងការអភិវឌ្ឍជាបន្តទៀត។  លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩នេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនកម្មករ កម្មការិនីប្រមាណជាង១ម៉ឺននាក់ មកពីរោងចក្រ សហគ្រាសចំនួន៦ នៅក្នុងខេត្តពោធិ៍ សាត់ ដែលពិធីជួបសំណេះសំណាលនេះ ធ្វើឡើងនៅភូមិវាលវង់ ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានរំលឹកផងដែរថា កាលពីយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ ការសំណេះសំណាលទាំងឡាយត្រូវបានផ្អាកមួយរយៈពីព្រោះជាការខុសនឹងច្បាប់។ លោកធ្លាប់បានសន្យាថា ប្រសិនបើគណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោត លោកនឹងបន្តចុះសួរសុខទុក្ខជាមួយកម្មករ កម្មការិនី ផ្ទុយមកវិញប្រសិនបើគណបក្សប្រជាជនកម្ពុជាមិនឈ្នះឆ្នោតនោះទេ លោកក៏មិនបំពានការងាររបស់នាយករដ្ឋមន្រ្តីថ្មីដែរ។ ប៉ុន្តែប្រជាពលរដ្ឋរបស់យើងបានផ្តល់នូវការជឿទុកចិត្ត បន្តទៀតឱ្យគណបក្សប្រជាជនកម្ពុជាឱ្យលោកមានឱកាសដឹកនាំធ្វើជានាយករដ្ឋមន្រ្តី ដូចនេះហើយថ្ងៃនេះធ្វើឱ្យលោកមានឱកាសបានបន្តចុះមកសួរសុខទុក្ខ៕










No comments:

Post a Comment