Wednesday, January 13, 2021

លោកនាយករដ្ឋមន្រ្តីកម្ពុជា ទាត់ចោលការចេញផ្សាយសារព័ត៌មានបរទេសមួយចំនួនថា «កម្ពុជាមិនទទួលយកវ៉ាក់សាំងប្រឆាំងកូវីដ-១៩របស់ចិន»

 (ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្រ្តី​ ហ៊ុន សែន តាមរយៈបណ្តាញព័ត៌មាន Fresh News របស់កម្ពុជា នៅរសៀលថ្ងៃទី១៣ ខែមករា ឆ្នំ២០២១នេះ សូមប្រកាសទាត់ចោលទាំងស្រុងចំពោះការចេញផ្សាយរបស់សារព័ត៌មានបរទេសមួយចំនួនរបស់ដូចជា Nikkei Asia និងផ្សាយបន្តដោយសារព័ត៌មានថៃថា កម្ពុជាមិនទទួលយកវ៉ាក់សាំងប្រឆាំងកូវីដ១៩របស់ចិន។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា «ខ្ញុំមិនដែលបាននិយាយបែបនេះទេ មិនដែលបានលើកឡើងអំពីវ៉ាក់សាំងឈ្មោះនេះ ឬឈ្មោះនោះទេ យើងទទួលយកតែវ៉ាក់សាំង ណាដែលទទួល ស្គាល់ដោយអង្គភាពសុខភាពពិភពលោកតែប៉ុណ្ណោះ ការចេញផ្សាយរបស់សារព័ត៌មាននេះគឺជារឿងមិនត្រឹមត្រូវទាល់តែសោះ»

ប្រតិកម្មរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ត្រូវបានធ្វើឡើងបន្ទាប់សារព័ត៌មានខាងលើបានសរសេរផ្សាយថា «ហ៊ុន សែន និយាយមិនយកវ៉ាក់សាំង Sinovac របស់ចិន កម្ពុជាមិនមែនធុងសំរាម មិនមែនកន្លែងពិសោធន៍វ៉ាក់សាំង ប្រជាជនកម្ពុជាមិនមែនសត្វកណ្ដុរសម្រាប់សាកល្បងវ៉ាក់សាំង បើទិញចំពោះវ៉ាក់សាំងដែលទទួលស្គាល់ដោយ WHO និង COVAX ប៉ុណ្ណោះ»

សូមជំរាបថា កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០កន្លងទៅលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល ធ្លាប់បានចេញមកច្រានចោលព័ត៌មានមួយដែលមានខ្លឹមសារថា «កម្ពុជាបានបញ្ជាទិញវ៉ាក់សាំងកូវីដ១៩ ចំនួន១លានដូស ប៉ុន្តែមិនមែនជាផលិតផលចិន»

លោកស្រី ឱ វណ្ណឌីន បានថ្លែងថា សារព័ត៌មាននោះបានសរសេរអត្ថបទព័ត៌មានខុសនឹងប្រសាសន៍លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន  ថ្លែងនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០។ ក្រសួងសុខាភិបាល បានចាត់ទុកថា អត្ថបទនោះធ្វើឲ្យមានការយល់ច្រឡំ និងបានស្នើឲ្យម្ចាស់អត្ថបទខាងលើ ធ្វើការកែតម្រូវជាបន្ទាន់ផងដែរ៕






លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន ៖ សូមបង្កើនកិច្ចសហប្រតិបត្តិការឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ក្នុងការធ្វើចត្តាឡីស័កពលករខ្មែរ ត្រឡប់ពីប្រទេសថៃ

 ប៉ៃលិន៖ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្សក្រសួងសុខាភិបាល បានជំរុញដល់អាជ្ញាធរខេត្តប៉ៃលិន និងមន្ត្រីសុខាភិបាល នៃមន្ទីរសុខាភិបាលខេត្តទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ លើការធ្វើចត្តាឡីស័កដល់ប្រជាពលរដ្ឋខ្មែរដែលមានការសង្ស័យ ឱ្យបានត្រឹមត្រូវច្បាស់លាស់ ជាពិសេសពលករដែលទើបត្រឡប់មកពីប្រទេសថៃវិញ ដើម្បីការពារពីជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍។

លោកស្រីបានមានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញដឹកនាំប្រតិភូ និងតំណាងអង្គការ សុខភាព ពិភពលោកនៅកម្ពុជា ជួបសំណេះសំណាល និងពិភាគ្សាការងារ ជាមួយអាជ្ញាធរខេត្តប៉ៃលិន និងថ្នាក់ដឹកនាំមន្ទីរសុខាភិបាលខេត្ត ដែលដឹកនាំដោយលោកស្រី បាន ស្រីមុំ អភិបាលខេត្ត នាថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ នៅសាលប្រជុំសាលាខេត្ត ក្នុងគោលបំណងបង្កើនកិច្ចសហប្រតិបត្តិការឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ដើម្បីរួមទប់ស្កាត់ការចម្លងរីករាលដាលជម្ងឹកូវីដ-១៩។

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានមានប្រសាសន៍លើកឡើងថា៖ បញ្ហាជំងឺកូវីដ-១៩ គឺកំពុងតែក្តៅគគុកចំពោះពលករដែលឆ្លងដែនពីប្រទេសថៃចូលមកកម្ពុជា ជាពិសេសខេត្តប៉ៃលិន ដែលកំពុងមានអ្នកជម្ងឺកូវីត-១៩ ជាបន្តបន្ទាប់ ដូច្នេះទាមទារអោយអាជ្ញាធរខេត្ត និងមន្ទីរសុខាភិបាលខេត្ត យកចិត្តទុកដាក់ខ្ពស់ ក្នុងចូលរួមទប់ស្កាត់ការចម្លងរីករាលដាលជម្ងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ដោយពលករឆ្លងដែនពីប្រទេសថៃ គឺត្រូវពិនិត្យសុខភាពឱ្យបានម៉ត់ចត់ត្រឹមត្រូវ និងធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃសិន មុននឹងឱ្យពួកគាត់ ត្រឡប់ទៅគេហដ្ឋានវិញ។

នៅក្នុងឱកាសនោះផងដែរ លោកស្រីវេជ្ជបណ្ឌិត រដ្ឋលេខាធិការ បានមានប្រសាសន៍កោតសសើរ ចំពោះការខិតខំប្រឹងប្រែងរបស់អាជ្ញាធរខេត្តប៉ៃលិន និងស្ថាប័នពាក់ព័ន្ធ ដែលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ព្រមទាំងកិច្ចការងារផ្សេងៗទៀត ដែលក្រសួងសុខាភិបាលបានជូនដំណឹងជាបន្តបន្ទាប់នាពេលកន្លងមក ស្របតាមយន្តការស្តង់ដាសុខភាពពិភពលោក ក្នុងនោះឃើញថាខេត្តប៉ៃលិនបានអនុវត្តន៍ប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុត ជាពិសេសសូមលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យជំនាញទាំងអស់ ដែលកំពុងបំពេញបេសកកម្មដ៏ថ្លៃថ្លានេះ សម្រាប់ប្រទេសជាតិ និងប្រជាជន ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈគ្រូពេទ្យ និងការទទួលខុសត្រូវខ្ពស់។

លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ឱ្យដឹងថា៖ បន្ទាប់ពីទទួលបានបទ បញ្ជាពីរាជរដ្ឋាភិបាលកម្ពុជា និងសេចក្តីណែនាំនានា របស់ក្រសួងសុខាភិបាល អាជ្ញាធរខេត្តប៉ៃលិន បានដាក់ កម្លាំងចម្រុះប្រចាំការ២៤ម៉/២៤ម៉ នៅតាមព្រំដែនជាមួយប្រទេសថៃ និងតាមច្រកធម្មជាតិ ចំនួន ២៥គោលដៅ ដើម្បីត្រួតពិនិត្យពលករដែលឆ្លងដែន ព្រមទាំងបានត្រៀមមណ្ឌលចត្តាឡីស័កកម្រិត១ និងកម្រិត២ សរុប ៥កន្លែង ក្នុងនោះកម្រិត១ ចំនួន៤កន្លែង និងកម្រិត ២ចំនួន ១កន្លែង ព្រមទាំងបានផ្តល់នូវថវិកាលើកទឹកចិត្ត ដល់មន្រ្តី ប្រចាំការ និងក្រុមគ្រូពេទ្យផងដែរ។

សូមបញ្ជាក់ថា៖ ខេត្តប៉ៃលិនគិតដល់ពេលនេះ បានរកឃើញពលករដែលឆ្លងដែន មកពីប្រទេសថៃ ចំនួន ១៣នាក់ វិជ្ជមានជម្ងឺកូវីត-១៩ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន ០៦នាក់ និងចំនួន ០៧នាក់ទៀត កំពុងសម្រាកព្យាបាល នៅក្នុងមណ្ឌលផ្ទះសំណាក់គ្រូបង្រៀនខេត្ត៕





ពិធីចែកឧបករណ៍ដាំគ្រាប់ស្រូវជាជួរ ចំនួន១០គ្រឿង ជូនដល់សហគមន៍កសិកម្ម ក្នុងស្រុកបរិបូរណ៍ ដែលជាអំណោយរបស់រដ្ឋាភិបាលអូស្រ្តាលី

កំពង់ឆ្នាំង៖ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១នេះ អគ្គនាយកដ្ឋានកសិកម្ម សហការជាមួយកម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា-អូស្ត្រាលី ហៅកាត់ថា CAVAC (Cambodia-Australia Agriculture Value Chain Program) និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានរៀបចំពិធីចែកឧបករណ៍ដាំគ្រាប់ស្រូវជាជួរ (Eli Seeder) ចំនួន ១០គ្រឿងជូនដល់សហគមន៍កសិកម្ម ដែលជាអំណោយរបស់រដ្ឋាភិបាលអូស្រ្តាលី។ 


ពិធីនេះធ្វើឡើងក្រោមអធិបតីភាពលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក Pablo Chiho Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោកស្រី ប៊ន សុភី អភិបាលរងខេត្តកំពង់ឆ្នាំង ភ្ញៀវជាតិ អន្តរជាតិ ប្រធានមន្ទីរ អាជ្ញាធរមូលដ្ឋាន មន្រ្តី និងបងប្អូនប្រជាពលរដ្ឋ។ 


ក្នុងនោះ លោកស្រីអភិបាលរងខេត្ត បានរាយការណ៍ពីវិស័យកសិកម្ម ទូទៅក្នុងខេត្ត និងជាពិសេសដំណាំស្រូវ និងគ្រោះធម្មជាតិទឹកជំនន់កន្លងមក ដែលទទួលបានការជួយឧបត្ថម្ភជាគ្រាប់ពូជស្រូវពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តាមរយ: ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង បងប្អូនប្រជាកសិករបាន យកគ្រាប់ពូជស្រូវទៅស្តារដំណាំស្រូវដែលរងផលប៉ះពាល់សម្រេចបានចំនួន១ ៧៩២ហិចតា ស្នើនឹង ១០០%។ 


ជាមួយគ្នានោះ លោករដ្ឋមន្ត្រី បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹករបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងភរិយា ចំពោះបងប្អូនប្រជាពលរដ្ឋក្នុងស្រុកបរិបូរណ៍ផងដែរ។ 


ភ្ជាប់ទៅនឹងជំនួយដ៏ថ្លៃថ្លានេះ តាមរយ:លោកឯកអគ្គរដ្ឋទូត លោករដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះប្រជាជន និងរដ្ឋាភិបាលអូស្រ្តាលី ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការស្តារ កសាង និងអភិវឌ្ឍប្រទេសកម្ពុជា ក្នុងនោះក៏មានវិស័យកសិកម្ម តាមរយ:គម្រោងកម្មវិធី ការស្រាវជ្រាវ និងការបណ្តុះបណ្តាលធនធានមនុស្ស ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យមួយនេះឲ្យមានការរីកចម្រើនគួរឲ្យកត់សម្គាល់។ 


ចប់កម្មវិធីចែកឧបករណ៍ លោករដ្ឋមន្ត្រី វេង សាខុន និងលោកឯកអគ្គរដ្ឋទូត បានអញ្ជើញចូលរួមប្រមូលផលស្រូវជាមួយបងប្អូនប្រជាកសិករ និងពិនិត្យមើលការលូតលាស់ដំណាំស្រូវដែលបានស្តារឡើងវិញរបស់បងប្អូនប្រជាកសិករនៅជាប់ទីតាំងប្រារព្វពិធីផងដែរ៕





កម្ពុជា បន្ថែមទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ និងបុណ្យឯករាជ្យជាតិ ជាថ្ងៃសម្រាប់ស្នើសុំការបន្ធូរបន្ថយ និងលើកលែងទោសដល់ទណ្ឌិត ប្រចាំឆ្នាំ

 រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបន្ថែមទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ និងពិធីបុណ្យឯករាជ្យជាតិ សម្រាប់ការស្នើសុំការបន្ថូរបន្ថយ និងលើកលែងទោសទណ្ឌិតប្រចាំឆ្នាំ ដែលធ្វើឱ្យ១ឆ្នាំកម្ពុជាមានបុណ្យចំនួន៥ សម្រាប់ ការស្នើបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិត។

ជំពូក២ មាត្រា៣ នៃព្រះរាជក្រឹត្យ បានបញ្ជាក់ថា ពិធីបុណ្យដែលអាចស្នើសុំការបន្ធូរបន្ថយទោស និងលើកលែងទោសទណ្ឌិត មានចំនួន ៥ដង ក្នុង១ឆ្នាំៗ រួមមាន៖
១៖ ទិវាជ័យជំនះលើរបបប្រល័យពូជសាសន៍
២៖ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ
៣៖ ពិធីបុណ្យវិសាខបូជា
៤៖ ពិធីបុណ្យឯករាជ្យជាតិ
៥៖ ពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក។

សូមអានព្រះរាជក្រឹត្យខាងក្រោម៖








កិច្ចប្រជុំសាមញ្ញលើកទី២០ សម្រាប់អាណត្តិទី៣ ឆ្នាំទី២ របស់ក្រុមប្រឹក្សាខេត្តក្រចេះ

 ក្រចេះ៖ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ រដ្ឋបាលខេត្តក្រចេះ បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២០ អាណត្តិទី៣ ឆ្នាំទី២ របស់ក្រុមប្រឹក្សាខេត្ត ដឹកនាំដោយលោក ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត និងលោក វ៉ា ថន អភិបាលខេត្ត។

ក្នុងកិច្ចប្រជុំមានរបៀបវារៈចំនួន៤ ដែលត្រូវធ្វើការពិភាក្សា៖ ១- ពិនិត្យ និងអនុម័តលើកសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១៩ អាណត្តិទី៣ ឆ្នាំទី២ របស់ក្រុមប្រឹក្សាខេត្ត ២-ពិនិត្យ និងអនុម័តលើកសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២០ និងទិសដៅបន្តរបស់រដ្ឋបាលខេត្ត ៣-ពិនិត្យ និងអនុម័តកម្មវិធិវិនិយោគបីឆ្នាំរំកិលខេត្ត ២០២១-២០២៣ របស់រដ្ឋបាលខេត្ត និងទី៤-បញ្ហាផ្សេងៗ។

មានប្រសាសន៍ក្នុងកិច្ចប្រជុំ លោក ហឿ ស៊ីយ៉ែម បានកោតសរសើ និងវាយតម្លៃខ្ពស់ចំពោះមន្ទីរអង្គភាព ស្ថាប័នពាក់ព័ន្ធចំណុះរដ្ឋបាលខេត្ត ដែលបានខិតខំបំពេញការងារ ក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ប្រកបដោយទំនុកចិត្ត និងឆាប់រហ័ស ទៅតាមវិស័យរបស់ខ្លួននីមួយៗ ជាពិសេសនេះគឺការការពារពីជំងឺកូវីដ-១៩ ដោយមានចូលរួមជាកម្លាំងពីគ្រប់មន្ទីរស្ថាប័ន អង្គភាព ក្នុងការផ្សព្វផ្សាយ និងណែនាំដល់មូលដ្ឋានប្រជាពលរដ្ឋ ក្នុងការបំផុសស្មារតីឲ្យបន្តពង្រឹងនូវការអនុវត្តវិធានការការពារអំពីជំងឺកូវីដ-១៩ កុំឲ្យឆ្លងរីករាលចូលដល់សហគមន៍។

ក្នុងនោះ លោកក៏បានវាយតម្លៃខ្ពស់ ចំពោះទឹកចិត្តនិងស្មារតីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការបរិច្ចាគនូវថវិការផ្ទាល់ខ្លួនដល់រាជរដ្ឋាភិបាល ដើម្បីទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩។

មានប្រសាសន៍បន្ថែមក្នុងពិធីនោះ លោក វ៉ា ថន អភិបាលខេត្ត បានកោតសរសើរ និងគាំទ្រនូវសកម្មភាពចូលរួមរបស់មន្រ្តីរាជការ ព្រះសង្ឃ និងប្រជាពលរដ្ឋពីគ្រប់មជ្ឈដ្ឋាន ក្នុងការកសាងនិងអភិវឌ្ឍខេត្ត និងការចូលរួមទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជាមួយរាជរដ្ឋាភិបាល ដែលនេះជាស្មារតីចូលរួមយ៉ាងធំធេង ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលជម្ងឺកូវីដ-១៩៕







ក្រសួងការងារចេញសេចក្តីជូនដំណឹងស្តីពីការបើកផ្ដល់ប្រាក់ឧបត្ថម្ភ (លើកទី៤៦) ជូនបងប្អូនកម្មករនិយោជិតសរុបចំនួន ២ ៣២៨ នាក់

 នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងស្តីពីការបើកផ្ដល់ប្រាក់ឧបត្ថម្ភ (លើកទី៤៦) ជូនបងប្អូនកម្មករនិយោជិតសរុបចំនួន ២ ៣២៨ នាក់ នៅរោងចក្រ សហគ្រាសចំនួន ២៧ ក្នុងវិស័យកាត់ដេរ និងវិស័យទេសចរណ៍ ដែលត្រូវបានព្យួរកិច្ចសន្យាការងារស្របតាមស្មារតីនៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាល។

សូមអានសេចក្តីជូនដំណឹងខាងក្រោម៖





អាជ្ញាធរជាតិអប្សរាបន្តកែលម្អទីធ្លាបរិវេណមុខព្រះលានជល់ដំរី

 ក្រោយពីទទួលបានការឯកភាពពីក្រុមអ្នកជំនាញការអាដហុករបស់អាយស៊ីស៊ី-អង្គរ នាថ្ងៃទី១១ ខែមករា ឆ្នាំ ២០២១ អាជ្ញាធរជាតិអប្សរា បានបន្តដំណើរការគម្រោងកែលម្អទីធ្លាបរិវេណមុខព្រះលានជល់ដំរី ដោយមានរៀប ចំជាផ្លូវថ្មើរជើងនិងប្រព័ន្ធរំដោះទឹក ព្រមទាំងដាំស្មៅឱ្យមានភាពបៃតងស្រស់បំព្រង ដើម្បីលើកតម្លៃបរិវេណអង្គរធំទាំងមូល។

យោងតាមឯកសារប្រវត្តិសាស្ត្រក្នុងឆ្នាំ ១៩០៩ មុខព្រះ លានជល់ដំរីនេះគឺពុំមានស្លាកស្នាមផ្លូវសម្រាប់យានជំនិះចេញចូលនោះទេ។ នៅឆ្នាំ១៩១២ ទើបឃើញមានផ្លូវមួយស្របក្បែរនឹងប្រាសាទសួរព្រ័ត្រ។ រីឯផ្លូវជាប់នឹងព្រះលានជល់ដំរីទើបមានពេលក្រោយ នៅឆ្នាំ១៩២៨ ប៉ុណ្ណោះ។

លោក យិត ចាន់ដារដ្ឋ អគ្គនាយករងអាជ្ញាធរជាតិអប្សរា ទទួលបន្ទុកក្នុងកិច្ចការនេះ បានឱ្យដឹងថា ដោយមើល ឃើញពីហានិភ័យចំពោះប្រាសាទ(រំញ័រនិងការពុកផុយថ្ម) និងភ្ញៀវទេសចរ (គ្រោះថ្នាក់ចរាចរណ៍) ដែលបង្កដោយការបើកបរយានជំនិះគ្រប់ប្រភេទ លើផ្លូវដែលកៀកខ្លាំងនឹងព្រះលានជល់ដំរី និងក្នុងគោលបំណងលើកតម្លៃបរិវេណនេះឱ្យមានលក្ខណៈដើម និងបង្ក លក្ខណៈងាយ ស្រួលដល់ការដើរទស្សនារបស់ភ្ញៀវទេសចរ ទើបអាជ្ញាធរជាតិអប្សរា បានកែលម្អផ្លូវស្របនឹងប្រាសាទសួរព្រ័ត្រសម្រាប់យានយន្ត ហើយផ្លូវមុខព្រះលានជល់ដំរីសម្រាប់ការដើរថ្មើរជើង។

ចំពោះទីតាំងដែលត្រូវកែលម្អទាំងស្រុងគឺចាប់ពីកាច់ជ្រុងខាងជើងប្រាសាទបាយ័ន្ត រហូតដល់ចំណុចមុខព្រះពន្លាស្តេចគម្លង់។ ក្រុមការងារនឹងបិទទីតាំងនេះជា ដំណាក់ កាលមិនឱ្យរំខានដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋនិងភ្ញៀវទេសចរឡើយ ហើយកិច្ចការនេះគ្រោងនឹងបញ្ចប់រយៈពេល៦ខែ៕



ពិធីជួបសំណេះសំណាល និងប្រគល់ថវិកាសមាគមមន្ត្រីរាជការស៊ីវិលក្រសួងមហាផ្ទៃ សរុបចំនួន ៧.៥០០.០០០រៀល

ស្វាយរៀង៖ នាព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ នៅសាលប្រជុំព្រៃបាសាក់ អគារ ខ សាលាខេត្តស្វាយរៀង លោក ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈកម្មាធិការមូលដ្ឋាន សមាគមមន្ត្រីរាជការស៊ីវិលក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងប្រគល់ថវិកាសមាគមមន្ត្រីរាជការស៊ីវិល ក្រសួងមហាផ្ទៃ សរុបចំនួន ៧.៥០០.០០០រៀល ជូនគ្រួសារសពសមាជិកសកម្មរួមមាន ផ្ដល់ជូនលោកស្រី ទេព សារួន និងលោកស្រី នួន ថាវរី គ្រួសារសព លោក ងួន ចាន់ ចំនួន ៤.៥០០.០០០ រៀល ជូនលោក រស់ ឆាយ ភរិយាទទួលមរណភាព ចំនួន ១.៥០០.០០០រៀល និងជូនលោក ញឹម ឡាស់ ភរិយាទទួលមរណភាព ចំនួន ១.៥០០.០០០រៀល ។


មានប្រសាសន៍សំណេះសំណាលក្នុងពិធីនេះ លោកអភិ បាលខេត្តស្វាយរៀង បានចូលរួមសោកស្តាយជាមួយលោក លោកស្រី ចំពោះការបាត់បង់សមាជិកគ្រួសារជាទីស្រលាញ់ ដោយឡែកការផ្តល់ថវិការបស់សមាគមនៅ ពេលនេះ ទោះបីជាមានចំនួនតិចតួចក្ដី ប៉ុន្តែជាការចែករំលែក និងចូលរួមចំណែកសម្រាលការលំបាកជាមួយមន្ត្រីរាជការ និងក្រុមគ្រួសារ ដែលសុទ្ធសឹងជាអ្នកធ្លាប់មានគុណបំណាច់ជូនជាតិមាតុភូមិ។


ជាចុងបញ្ចប់នៃកម្មវិធី លោកអភិបាលខេត្ត បានផ្តាំផ្ញើ និងជូនពរដល់សមាជិកគ្រួសារសពដែលបានចូលរួមទទួលថវិកានូវព្រឹកនេះ សូមថែរក្សាសុខភាពឲ្យបានល្អ ខិតខំបន្តការកសាងជីវភាពគ្រួសារឱ្យមានការរីកចម្រើន និងសូមឱ្យសម្រេចបានជោគជ័យគ្រប់ភារកិច្ចការងារ៕






លោកស្រី មិថុនា ភូថង អញ្ជើញទទួលសម្ភារ និងគ្រឿង ឧបភោគបរិភោគដើម្បីចូលរួមក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩

កោះកុង៖ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ លោកស្រី មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញទទួលសម្ភារ និងគ្រឿងឧបភោគបរិភោគ ពីលោក សំ វីរៈ អាជីវករលក់ដូរ ដើម្បីចូលរួមជាមួយរដ្ឋបាលខេត្ត ក្នុងការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩។

ក្នុងឱកាសនោះដែរ លោកស្រីអភិបាលខេត្ត បានថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក សំ វីរៈ និងក្រុមគ្រួសារ ដែលតែងតែជួយឧបត្ថម្ភគាំទ្រ ដល់រដ្ឋបាលខេត្តកោះកុង រាល់សកម្មភាពនានាកន្លងមក ដូចជាពេលនេះផងដែរ សម្ភារ និងគ្រឿងឧបភោគបរិភោគទាំងនេះជាការចែករំលែក ជូនដល់រដ្ឋបាលខេត្ត និងជួយដល់ប្រជាពលរដ្ឋ ដើម្បីដោះស្រាយបញ្ហាជីវភាព ក្នុងវិបត្ដិកូវីដ-១៩ និងសូមជូនពរ លោក និងក្រុមគ្រួសារប្រកបរបរអាជីវកម្ម ទទួលបានលទ្ធផលល្អ និងជោគជ័យ៕




លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ផ្តល់ថវិកាបន្ថែម៥០០លានរៀល និងជំនួយមួយចំនួនទៀត ដល់ខេត្តបន្ទាយមានជ័យ ដើម្បីរៀបចំការធ្វើចត្តាឡីស័ករបស់ពលករមកពីថៃ

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១នេះ បានបន្ថែមការឧបត្ថម្ភថវិកាចំនួន៥០០លានរៀល និងជំនួយមួយចំនួនបន្ថែមទៀតដល់ខេត្តបន្ទាយមានជ័យ ដើម្បីរៀបចំការ ធ្វើចត្តាឡីស័កសម្រាប់ពលករខ្មែរ ដែលត្រឡប់មកពីប្រទេសថៃ។ នេះបើតាមការបញ្ជាក់របស់លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលជូនដល់បណ្តាញព័ត៌មាន ។


លោកស្រី យក់ សម្បត្តិ បានបន្តថា ក្រៅពីបន្ថែមថវិកា៥០០លានរៀល លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ក៏បានឧបត្ថម្ភជំនួយមួយចំនួនទៀតខេត្តបន្ទាយមានជ័យ ដូចជា ឃីតចំនួន៥ពាន់ឃីត មីចំនួន៥ពាន់កេស និងទឹកសុទ្ធចំនួន១ម៉ឺនកេស ដែលថវិកា និងជំនួយទាំងនេះ ត្រូវបានក្រសួងសុខាភិបាលចាត់ចែង ដឹកជញ្ជូនទៅប្រគល់ជូនគណៈអភិបាលខេត្តបន្ទាយមានជ័យនៅយប់នេះតែម្តង។


សូមបញ្ជាក់ថា កាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១ កន្លងទៅ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ទើបតែបន្ថែមថវិកាសរុប៧០០លានរៀលទៀត ដល់ខេត្តជាប់ព្រំដែនចំនួន៤ ដើម្បីរៀបចំធ្វើចត្តាឡីស័ក សម្រាប់ពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ។ ខេត្តជាប់ព្រំដែនចំនួន៤នោះមាន ខេត្តប៉ៃលិនទទួលបានថវិកាបន្ថែម២០០លានរៀល ខេត្តបាត់ដំបងទទួលបាន២០០លានរៀល ខេត្តបន្ទាយមានជ័យទទួលបាន២០០លានរៀល និងខេត្តឧត្តរមានជ័យទទួលបានថវិកាបន្ថែម១០០លានរៀល។


ខេត្តចំនួន៤នេះ ក៏ទទួលបានថវិកាបន្ថែមសរុបចំនួន ៦៥០លានរៀល និងសម្ភារមួយចំនួនទៀត កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០២១ កន្លងទៅ ដើម្បីធ្វើយ៉ាងណារៀបចំសម្រួលដល់ការធ្វើចត្តាឡីស័កសម្រាប់ពលករដែលមកពីប្រទេសថៃ។

បើតាមក្រសួងសុខាភិបាល, រហូតដល់ពេលនេះ មានពលករជាង១,២ម៉ឺននាក់ បានត្រឡប់ពីប្រទេសថៃ ហើយត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័ក នៅខេត្តជាប់ព្រំដែន ក្នុងប្រទេសកម្ពុជា បន្ទាប់ពីប្រទេសថៃ មានការផ្ទុះរីករាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍យ៉ាងគំហុក នៅខេត្តសាមុតសាខន ហើយបន្តរាលដល់ខេត្តមួយចំនួនជាប់ព្រំដែន ៕



ទីបំផុតឥណ្ឌូណេស៊ីចាប់ផ្តើម យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ទ្រង់ទ្រាយធំ!

 (ហ្សាការតា)៖ ប្រទេសឥណ្ឌូណេស៊ីបានចាប់ផ្ដើមយុទ្ធនាការ ចាក់វ៉ាក់សាំងប្រឆាំងវីរុសកូរ៉ូណា (COVID-19) ជាលក្ខណៈទ្រង់ទ្រាយធំ នៅថ្ងៃពុធនេះ ដោយលោកប្រធានាធិបតី ចូកូ វីដូដូ (Joko Widodo) នឹងជាអ្នកដែលទទួលបានការចាក់វ៉ាក់សាំង សម្រាប់ដូសដំបូងនេះមុនគេ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃពុធ ទី១៣ ខែមករា ឆ្នាំ២០២១។

យុទ្ធនាការចាក់វ៉ាក់សាំង COVID-19 នេះមានគោលបំណង ចាក់ជូនប្រជាជនចំនួន ១៨១,៥លាននាក់ក្នុងដំណាក់កាលទី ១ ដោយប្រើប្រាស់វ៉ាក់សាំង កូរ៉ូណាវ៉ាក់ (CoronaVac) ដែលអភិវឌ្ឍឡើងដោយក្រុមហ៊ុនផលិតឱសថចិន ស៊ីណូវ៉ាក់ បាយអូធិច (Sinovac Biotech) ដែលប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ បានអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំង ជាលក្ខណៈបន្ទាន់។

បើតាមការិយាល័យប្រធានាធិបតីឥណ្ឌូណេស៊ី លោកប្រធានាធិបតី ចូកូ វីដូដូ (Joko Widodo) ឬគ្រប់គ្នាតែងហៅលោកថា ចូកូវី (Jokowi) នឹងទទួលការចាក់វ៉ាក់សាំង CoronaVac នៅនាព្រឹកថ្ងៃពុធនេះ។ រដ្ឋមន្រ្តីសុខាភិបាលឥណ្ឌូណេស៊ី លោក ប៊ូទី ហ្គាណាទី សាទីគីន (Budi Gunadi Sadikin) បានគូសបញ្ជាក់ប្រាប់សភា កាលពីថ្ងៃអង្គារម្សិលមិញថា បុគ្គលិកពេទ្យជិត ១.៥លាននាក់ នឹងទទួលការចាក់វ៉ាក់សាំងនេះនៅខែកុម្ភៈ ហើយបន្ទាប់មកគឺមន្ត្រីសាធារណៈ និងប្រជាជនទូទៅនៅក្នុងអំឡុងពេល ១៥ខែ។

លោក Budi Gunadi Sadikin បានគូសបញ្ជាក់បន្ថែមទៀតថា ២ភាគ៣នៃប្រជាជនចំនួន ២៧០លាននាក់ ត្រូវតែទទួលបានការចាក់វ៉ាក់សាំង ដើម្បីទទួលបាននូវភាពស៊ាំជាសហគមន៍។

គួរបញ្ជាក់តាមគេហទំព័រ Worldometers ថា បច្ចុប្បន្ននេះប្រទេសឥណ្ឌូណេស៊ី ជាប្រទេសដែលរងគ្រោះធ្ងន់ធ្ងរជាងគេបំផុត នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលមានករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេស ៨៤៦,៧៦៥ករណី ក្នុងនោះមានអ្នកស្លាប់ ២៤,៦៤៥នាក់ និងជាសះស្បើយឡើងវិញ ៦៩៥,៨០៧នាក់៕






សមាជិកសភាអាមេរិកមួយចំនួន នឹងបោះឆ្នោតគាំទ្រនីតិវិធី ទម្លាក់លោក ដូណាល់ ត្រាំ ចេញពីតំណែង

 (វ៉ាស៊ីនតោន)៖ ប្រជាប្រិយភាពរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅក្នុងគណបក្សសាធារណរដ្ឋ ហាក់ដូចជាស្រុតចុះយ៉ាងខ្លាំង នៅថ្ងៃអង្គារសប្ដាហ៍នេះ បន្ទាប់ពីសមាជិកសភាតំណាងរាស្ត្រ ០៣រូប ក្នុងនោះរួមមានថ្នាក់ដឹកនាំម្នាក់ មកពីបក្សសាធារណរដ្ឋផងដែរ បាននិយាយថា ពួកគេនឹងបោះឆ្នោតគាំទ្រនីតិវិធីទម្លាក់លោក ត្រាំ ពីតំណែង ក្រោយក្រុមគាំទ្រប្រធានាធិបតីជិតផុតអាណត្តិរូបនេះ ចូលអុកឡុកវិមានសភា កាលពីសប្ដាហ៍មុន។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃពុធ ទី១៣ ខែមករា ឆ្នាំ២០២១។

លោកស្រី លីស ឈីនី (Liz Cheney) ដែលជាអ្នកសាធារណរដ្ឋម្នាក់ មានឥទ្ធិពលលំដាប់ទី ៣ នៅក្នុងសភាតំណាងរាស្ត្របានលើកឡើងថា នៅក្នុងប្រវត្តិសាស្ត្រអាមេរិក មិនដែលមានប្រធានាធិបតីអាមេរិកណាម្នាក់ ដែលក្បត់គណៈរដ្ឋមន្ត្រីរបស់ខ្លួន និងពាក្យស្បថស្បែរចំពោះរដ្ឋធម្មនុញ្ញ ដូចជាលោក ត្រាំ នោះទេ។ លោកស្រី Cheney បានបន្ថែមទៀតថា លោក ត្រាំ បានដុតបញ្ឆេះកំហឹងឱ្យក្រុមអ្នកគំាទ្ររបស់លោក វាយប្រហារលើវិមានសភា ដែលបណ្ដាឱ្យមនុស្ស ០៥នាក់ស្លាប់ ក្នុងនោះរួមមានប៉ូលិសម្នាក់។ ដូច្នេះហើយលោកស្រីនឹងបោះឆ្នោតគាំទ្រ ឲ្យទម្លាក់លោក ត្រាំ ចេញពីតំណែង។

សមាជិកសភាតំណាងរាស្ត្រនៃគណបក្សសាធារណរដ្ឋពីររូប ទៀតគឺ លោក ចន ខេតកូ (John Katko) និងលោក អាដាម ឃីនស៊ីងហ្គឺ (Adam Kinzinger) ក៏បានសន្យាផងដែរថា ពួកគេនឹងបោះឆ្នោតគាំទ្រឲ្យទម្លាក់លោក ត្រាំ ចេញពីតំណែង ខណៈប្រធានាធិបតីមកពីបក្សសាធារណរដ្ឋ ដែលនៅសល់ពេលកាន់អំណាចតែ ០៨ថ្ងៃទៀតរូបនេះ កំពុងប្រឈមមុខនឹងនីតិវិធីដកតំណែងជាលើកទី ២ ពីសំណាក់សភាតំណាងរាស្ត្រ គ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យ។

គួរបញ្ជាក់ថា សភាតំណាងរាស្ត្រគ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យ គ្រោងនឹងបោះឆ្នោតក្នុងពេលឆាប់ៗនេះ ឬអាចនៅថ្ងៃពុធសប្ដាហ៍នេះតែម្ដង លើការដាក់ចេញមាត្រា ដែលមានចែងពីការទម្លាក់ប្រធានាធិបតី ចេញពីតំណែង ពីបទញុះញង់ឱ្យមានសកម្មភាពបះបោរ នៅក្នុងករណីដែលលោក ត្រាំ មិនព្រមលាលែងពីតំណែងដោយខ្លួនឯង ឬគ្មានកិច្ចសហការពីអនុប្រធានាធិបតី លោក ម៉ៃក៍ ភែន៕




ដូណាល់ ត្រាំ បានហៅការប៉ុនប៉ងទម្លាក់រូបលោក មុនអាណត្តិថាជា «រឿងគួរឲ្យអស់សំណើច និងពោពេញដោយកំហឹង»

 (វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលកំពុងរងសម្ពាធសម្រាប់ការសុំលាលែងពីតំណែង បន្ទាប់ពីអ្នកគាំទ្ររបស់លោកបានប្រព្រឹត្តខុសធ្ងន់ធ្ងរ ចំពោះការធ្វើកុប្បកម្មនៅអគារកាពីតូលកាលពីសប្តាហ៍មុននោះ បានពណ៌នាការប៉ន់ប៉ងទម្លាក់លោកមុនអាណត្តិថាជា «រឿងគួរឲ្យអស់សំណើច» និងជាទង្វើដែលកង្កប់ដោយកំហឹងខ្លាំង។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានអន្តរជាតិធំៗនៅយប់ថ្ងៃអង្គារ ទី១២ ខែកមរា ឆ្នាំ២០២១។

ថ្លែងនៅពេលកំពុងរៀបឡើងជិះយន្តហោះកងម៉ារីននៅឯសេតវិមាន ក្នុងដំណើរទៅកាន់រដ្ឋតិចសាស់ លោក ត្រាំ បានហៅការប៉ុនប៉ងទម្លាក់លោក ពីសំណាក់សមាជិកសភាអាមេរិក កាលពីថ្ងៃពុធសប្តាហ៍មុនថា ជាការបន្តប្រមាញ់អាបធ្មប់ដ៏អស្ចារ្យបំផុតនៅក្នុងប្រវត្តិសាស្ត្រនយោបាយ។

ប្រធានាធិបតីរូបនេះបាននិយាយទៀតថា លោកមានការខឹងសម្បារយ៉ាងខ្លាំងអំពីការធ្វើបាបរូបលោក ប៉ុន្តែទោះយ៉ាងណាលោកមិនចង់ឲ្យមានអំពើហឹង្សាទេ។

លោក ដូណាល់ ត្រាំ បានប្រាប់ក្រុមអ្នកយកព័ត៌មាន នៅពេលដែលលោកកំពុងធ្វើដំណើរទៅកាន់កំផែងព្រំដែននៅទីក្រុង Alamo នៃរដ្ឋតិចសាស់ យ៉ាងដូច្នេះថា «ខ្ញុំមិនចង់មានអំពើហឹង្សាទេ»

គួរបញ្ជាក់ថា សមាជិកសភាតំណាងរាស្ត្រនៃគណបក្សប្រជាធិបតេយ្យ គ្រោងនឹងធ្វើការបោះឆ្នោតមួយ នៅល្ងាចថ្ងៃអង្គារសប្ដាហ៍នេះ លើដំណោះស្រាយមួយដែលនឹងស្នើឱ្យលោក ម៉ៃក៍ ភែន យកច្បាប់វិសោធនកម្មទី ២៥ មកប្រើ ហើយលោកស្រី ណាន់ស៊ី ផេឡូស៊ី ដែលជាប្រធានសភាតំណាងរាស្ត្រ នឹងទុកពេល ២៤ម៉ោងរង់ចាំចម្លើយពីលោក ភែន។ ទោះជាបែបនេះក្តី ប្រសិនបើគ្មានចម្លើយពីលោក ម៉ៃក៍ ភែន នៅក្នុងពេលដូចបានកំណត់ខាងលើនេះទេ សមាជិកសភាតំណាងរាស្ត្របក្សប្រជាធិបតេយ្យ នឹងដំណើរការនីតិវិធីដកលោក ត្រាំ ពីបទញុះញង់ឱ្យមានសកម្មភាពបះបោរសម្រុកចូលវិមានសភា។ លោក ត្រាំ ក៏ធ្លាប់បានប្រឈមមុខនឹងនីតិវិធីដកតំណែងនេះដែរ កាលពីឆ្នាំ២០១៩ ដោយគណបក្សប្រជាធិបតេយ្យ ប៉ុន្តែត្រូវបានបរាជ័យទៅវិញ ព្រោះតែព្រឹទ្ធសភាគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋ បានជំទាស់នៅពេលនោះ៕



ក្រសួងធនធានទឹក៖ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី១៩ ខែមករា អាកាសធាតុនៅកម្ពុជាបន្តចុះត្រជាក់ខ្លាំង, សូមប្រជាពលរដ្ឋថែរក្សាសុខភាព ! ​​​​

 (ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃនេះដល់ថ្ងៃទី ១៩ ខែមករា ឆ្នាំ២០២១។

ក្រសួងបានបញ្ជាក់ថា ទ្រនុងសម្ពាធខ្ពស់ពីភាគខាងជើង បាននិងកំពុងធ្លាក់ចុះមកក្រោម គួបផ្សំជាមួយនិងខ្យល់មូសុងឦសានខ្លាំង។
* នៅថ្ងៃ១៣-១៥ ខែមករា ខ្យល់មូសុងឦសានបក់ខ្លាំង ។
* នៅថ្ងៃទី១៦-១៩ ខែមករា ខ្យល់មូសុងឦសានថមថយមកក្នុងកម្រិតពីមធ្យម ទៅបង្គួរ ។

ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖
១៖ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល ៖
* នៅថ្ងៃទី១៣-១៤ ខែមករា ៖
* សីតុណ្ហភាពអប្បបរមា មានពី ១៣-១៦ °C
* សីតុណ្ហភាពអតិបរមា មានពី ២៣-២៦ °C
នៅថ្ងៃទី១៥-១៩ ខែមករា សីតុណ្ហភាពអប្បបរមា មានពី ១៨-២១ °C និងសីតុណ្ហភាពអតិបរមាមានពី ២៧-៣០ °C ។

២៖ បណ្តាខេត្ត ជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ៖
* នៅថ្ងៃទី១៣-១៤ ខែមករា ៖
* សីតុណ្ហភាពអប្បបរមា មានពី ១១-១៤ °C
* សីតុណ្ហភាពអតិបរមា មានពី ២៣-២៦ °Cនៅថ្ងៃទី១៥-១៩ ខែមករា សីតុណ្ហភាពអប្បបរមា មានពី ១៦-១៩ °C និងសីតុណ្ហភាពអតិបរមាមានពី២៧-៣០ °C ។

៣៖ តំបន់មាត់សមុទ្រ ៖
* នៅថ្ងៃទី១៣-១៤ ខែមករា ៖
* សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C
* សីតុណ្ហភាពអតិបរមា មានពី ២៩-៣១ °C
នៅលើផ្ទៃសមុទ្រមានខ្យល់ និងរលកសមុទ្រខ្ពស់ៗ នៅថ្ងៃទី១២ ខែមករា ។
នៅថ្ងៃទី១៥-១៩ ខែមករា សីតុណ្ហភាពអប្បបរមា មានពី ១៩-២២ °C និងសីតុណ្ហភាពអតិបរមាមានពី ២៧-៣០ °C ។

ជាមួយគ្នានេះ ក្រសួងបានអំពាវនាវដល់ប្រជាពលរដ្ឋ និងជាពិសេសវីរៈកងទ័ព រស់នៅ និងឈរជើងនៅ តំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន សូមបន្តបង្កើនយកចិត្តទុកដាក់ថែរក្សា សុខភាពចំពោះធាតុអាកាសដែលបន្តត្រជាក់នៅតំបន់នោះ៕




ក្រសួងសុខាភិបាលរកឃើញពលករខ្មែរ ទើបធ្វើដំណើរមកពីប្រទេសថៃចំនួន ០៦នាក់ទៀត ឆ្លងជំងឺកូវីដ១៩

 (ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញពលករខ្មែរ ដែលទើបត្រឡប់មកពីប្រទេសថៃ ចំនួន០៦នាក់ទៀត ឆ្លងជំងឺកូវីដ១៩។

សម្រាប់នៅថ្ងៃនេះ ក្រសួងសុខាភិបាលក៏បានបញ្ជាក់ថា មិនមានករណីជាសះស្បើយអ្នកជំងឺកូវីដ១៩ នោះទេ។

ពលករខ្មែរទាំង៦នាក់ដែលទើបឆ្លងជំងឺកូវីដ១៩ រួមមាន៖​

* ស្ត្រីជនជាតិខ្មែរ អាយុ ៣៦ឆ្នាំ មានអាសយដ្ឋានស្នាក់នៅឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១។

* ស្ត្រីជនជាតិខ្មែរ អាយុ ៣២ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិដូង ឃុំបឹងរាំង ស្រុកកម្រៀង ខេត្តបាត់ដំបង បាន ធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១។

* ស្ត្រីជនជាតិខ្មែរ អាយុ ១៨ឆ្នាំ មានអាសយដ្ឋានស្នាក់នៅស្រុកពាមជ ខេត្តព្រៃវែង បានធ្វើដំណើរមកពី ប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២១។

* ស្ត្រីជនជាតិខ្មែរ អាយុ ២១ឆ្នាំ មានអាសយដ្ឋានស្នាក់នៅស្រុកពាមជ ខេត្តព្រៃវែង បានធ្វើដំណើរមកពី ប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២១។

* ស្ត្រីជនជាតិខ្មែរ អាយុ ២១ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១។

សូមកត់សម្គាល់ថា៖ លទ្ធផលធ្វើតេស្តវត្ថុសំណាករបស់ស្ត្រីទាំង ០៥រូបខាងលើនេះ ផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ គឺវិជ្ជមានវីរុសកូវីដ-១៩ ហើយបច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅ មន្ទីរពេទ្យបង្អែកខេត្តបន្ទាយមានជ័យ។

* ស្ត្រីជនជាតិខ្មែរ អាយុ ៣២ឆ្នាំ មានអាសយដ្ឋានស្នាក់នៅឃុំធិបតី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ លទ្ធផលធ្វើតេស្តវត្ថុសំណាករបស់ស្ត្រីរូបនេះ ផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ គឺ វិជ្ជមានវីរុសកូវីដ-១៩ ហើយបច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឱ្យសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។

សូមជម្រាបថា គិតមកត្រឹមម៉ោង៧៖០០នាទី ព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន៣៩៨នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៣៧៦នាក់ និងអ្នកសម្រាកនៅមន្ទីរពេទ្យចំនួន ២២នាក់៕