Monday, September 06, 2021

វិភាគអន្តរជាតិ៖ «លាភ និងអ្វីដែលចិនត្រូវប្រឈមមុខ នៅអាហ្វហ្កានីស្ថាន»


(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិនតែងតែលើកឡើងម្ដងហើយម្ដងទៀតពីសារៈសំខាន់ក្នុងការប្រកួតប្រជែងជាមួយចិន ហើយសូម្បីតែការដកកងទ័ព ចេញពីអាហ្វហ្កានីស្ថាន ក៏ត្រូវបានក្រុមអ្នកជំនាញយល់ថាជាការផ្លាស់ប្ដូរយុទ្ធសាស្ត្ររបស់ទីក្រុងវ៉ាស៊ីនតោន ងាកមកផ្ដោតលើការខ្ទប់ឥទ្ធិពលចិននៅក្នុងតំបន់អាស៊ីវិញ ដែរ។ ការបំពេញដំណើរទស្សនកិច្ចរបស់មន្ត្រីកំពូលអាមេរិកមកកាន់តំបន់អាស៊ី ក្នុងនោះរួមមានទាំងអនុប្រធានាធិបតីអាមេរិក លោកស្រី កាម៉ាឡា ហារីស បានបង្ហាញ យ៉ាងច្បាស់ថា «យុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិក» របស់លោក ចូ បៃដិនបានចាប់ផ្ដើមលេចចេញជារូបរាង។

ចាប់តាំងពីឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិកកាលពីខែមករា ឆ្នាំ២០២១មក លោក បៃដិន មិនសូវជានិយាយចំឈ្មោះតំបន់មជ្ឈិមបូព៌ានោះទេ ដែលនេះហាក់ដូចជាអាមេរិកលែងសូវឱ្យតម្លៃលើតំបន់មួយនេះទៀតហើយ ស្របពេលក្រុមអ្នករិះគន់បានចោទប្រកាន់ថាការសម្រេចចិត្តដកខ្លួនពីអាហ្វហ្កានីស្ថានគឺជាការទុកឱកាសឱ្យ ចិនពង្រីកឥទ្ធិពលទាំងខាងសេដ្ឋកិច្ច និងនយោបាយក្នុងប្រទេសអាស៊ីខាងត្បូងមួយនេះ។ ពិតមែនទៅ ការសម្រេចចិត្តរបស់លោក ចូ បៃដិនវាជារឿងត្រឹមត្រូវសម្រាប់ យុទ្ធសាស្ត្រប្រឆាំងឥទ្ធិពលចិន តែអ្វីដែលគេស្មានមិនដល់ នោះគឺទាំងលោក បៃដិន និងចារកម្មអាមេរិកសុទ្ធតែមិននឹកស្មានដល់ដូចគ្នាថាអាហ្វហ្កានីស្ថានដួលរលំ យ៉ាងលឿនរហ័ស ហើយបង្កឱ្យមានភាពចលាចទាល់តែសោះ។

ភាពចលាចលនៅឯអាកាសយានដ្ឋានកាប៊ុល បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ប្រជាប្រិយភាពលោក បៃដិន និងមុខមាត់នៃភាពជាមេដឹកនាំពិភពលោករបស់អាមេរិក នៅលើឆាកអន្តរជាតិ ស្របពេលបណ្ដាប្រទេសជាសម្ព័ន្ធមិត្តកំពុងសង្ស័យពីការប្ដេជ្ញាចិត្តរបស់ទីក្រុងវ៉ាស៊ីនតោនចំពោះពួកគេ។ ការដកខ្លួនពីសង្រ្គាមនៅអាហ្វហ្កានីស្ថាន មិនមែនមានន័យថាអាមេរិកបោះបង់ចោលតំបន់មជ្ឈិមបូព៌ាទាំងមូលនោះទេ ប៉ុន្តែអ្វីដែលសំខាន់នោះគឺការដកខ្លួនចេញមិនស្អាតនេះបានទុកកន្លែងទំនេរ មួយឱ្យចិនដែលត្រូវបានគេមើលឃើញថានឹងទទួលស្គាល់ក្រុមតាលីបង់ ជាអ្នកបំពេញ។

ការដួលរលំរបស់អាហ្វហ្កានីស្ថានក្រោយការដកកងទ័ពអាមេរិក រួមទាំងការឡើងកាន់អំណាចជាថ្មីរបស់ក្រុមតាលីបង់ត្រូវបានគេមើលឃើញថាបានបង្កើតឱកាសសម្រាប់ ក្រុមហ៊ុនចិន ជាពិសេសពាក់ព័ន្ធនឹងការវិនិយោគលើរ៉ែកម្រតែម្ដង។ រ៉ែកម្រនៅក្នុងប្រទេសអាហ្វហ្កានីស្ថានត្រូវបានគេប៉ាន់ប្រមាណថាមានតម្លៃចន្លោះពី ១ទ្រីលាន ដល់ ៣ទ្រីលានដុល្លារកាលពីឆ្នាំ២០២០។ ចិនផ្គត់ផ្គត់ច្រើនជាង ៨៥ភាគរយនៃរ៉ែកម្រនៅលើពិភពលោក ឬស្មើនឹង ២ភាគ៣ នៃការផ្គត់ផ្គង់រ៉ែកម្រជាសកល។ ដូច្នេះ ការវិនិយោគលើរ៉ែកម្រនៅអាហ្វហ្កានីស្ថាន នឹងជួយបង្កើនភាគហ៊ុនទីផ្សារចិន និងសមត្ថភាពប្រជែងជាមួយបណ្ដាប្រទេសលោកខាងលិច និងជប៉ុន។

បន្ថែមពីលើនេះ ប្រសិនបើអាហ្វហ្កានីស្ថានមានស្ថិរភាព នោះអាហ្វហ្កានីស្ថានអាចនឹងក្លាយជាផ្លូវឆ្លងកាត់មួយដ៏សំខាន់សម្រាប់គំនិតផ្តួចផ្ដើមខ្សែក្រវាត់ និងផ្លូវ (BRI) របស់ចិនផងដែរ។ កាលពីខែកញ្ញា ឆ្នាំ២០១៩ រដ្ឋមន្ត្រីការបរទេសចិន, ប៉ាគីស្ថាន, និងអាហ្វហ្កានីស្ថានបានព្រមព្រៀងគ្នាថាពង្រីកបន្ថែមគម្រោងច្រករបៀងសេដ្ឋកិច្ច ចិន-ប៉ាគីស្ថាន (CPEC) ពីព្រោះថាក្នុងករណីមានស្ថិរភាព គម្រោងមួយនេះនឹងត្រូវពង្រីកកាត់តាមអាហ្វហ្កានីស្ថាន ហើយប្រសិនគម្រោង CPEC នៅក្រោមគំនិតផ្តួចផ្ដើមខ្សែក្រវាត់ និងផ្លូវ ទទួលបានជោគជ័យពិតមែន នោះចិនអាចនឹងឡោមព័ទ្ធសេដ្ឋកិច្ចឥណ្ឌា តាមរយៈដៃគូពាណិជ្ជកម្មដែលចូលរួមក្នុងគម្រោងមួយនេះ។

មិនតែប៉ុណ្ណោះ ការធ្វើសមាហរណកម្មអាហ្វហ្កានីស្ថានទៅក្នុងគំនិតផ្តួចផ្ដើមខ្សែក្រវាត់ និងផ្លូវ វាក៏នឹងបង្កើនការតភ្ជាប់ផ្លូវរវាងតំបន់អាស៊ីខាងត្បូង និងអាស៊ីកណ្ដាល ផងដែរ ដែលនេះនឹងបើកផ្លូវឱ្យចិនបង្កើនឥទ្ធិពលសេដ្ឋកិច្ច ក្នុងន័យពាណិជ្ជកម្ម, ការវិនិយោគ និងផ្ដល់ប្រាក់កម្ចីជាដើម។ ប៉ុន្តែ គម្រោងទាំងនេះវាក៏អាស្រ័យទៅលើថាតើ ក្រុមតាលីបង់អាចធ្វើឱ្យអាហ្វហ្កានីស្ថានមានស្ថិរភាព ឬក៏ថាតើពួកគេអាចគោរពតាមពាក្យសន្យាដែលខ្លួនបានសន្យាជាមួយចិនបានដែរ ឬក៏យ៉ាងណា?

ក្រៅតែពីសម្លឹងឃើញឱកាស ចិនដែលមានព្រំដែនមួយផ្នែកតូចជាប់អាហ្វហ្កានីស្ថានផងនោះ ក៏កំពុងព្រួយបារម្ភពីបញ្ហាប្រឈមជាច្រើនផងដែរ ជាពិសេសគឺភេរវកម្ម និងការលំហូរចូលក្រុមភេរវករមកកាន់តំបន់ស៊ីនជាំងតែម្ដង។ នៅក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី នៅឯទីក្រុង Tianjin កាលពីខែកក្កដាកន្លងទៅ មេដឹកនាំក្រុមតាលីបង់ លោក មុលឡោះ អាប់ឌុល ហ្កានី បារ៉ាដា (Mullah Abdul Ghani Baradar) បានសន្យាថាតាលីបង់នឹងមិនអនុញ្ញាតឱ្យកងកម្លាំងណាមួយប្រើ ប្រាស់ទឹកដីអាហ្វហ្កានីស្ថានដើម្បីធ្វើសកម្មភាពប្រឆាំងនឹងប្រយោជន៍ចិនជាដាច់ខាត ហើយក៏សង្ឃឹមដែរថាចិន នឹងចូលរួមកាន់តែច្រើនក្នុងការរក្សាសន្តិភាព, ស្ថិរភាព, ស្ថាបនា និងជួយអភិវឌ្ឍសេដ្ឋកិច្ចរបស់អាហ្វហ្កានីស្ថានឡើងវិញ។


*យុគសម័យសេដ្ឋកិច្ច?


នៅក្នុងកិច្ចប្រជុំកំពូលនៃក្រុមប្រទេស G7 ក្នុងឆ្នាំ២០២១នេះ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានប្រកាសដាក់ចេញនូវគម្រោង B3W (Build Back Better World) ដែលជាគំនិតផ្ដួចផ្ដើមអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថ្មីមួយ ដើម្បីប្រជែងជាមួយគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ BRI របស់ចិន។ បើតាមក្រុមអ្នកជំនាញ ពិភពលោក បច្ចុប្បន្នគឺជា «យុគសម័យសេដ្ឋកិច្ច» មិនមែនយុគមនោគមន៍វិជ្ជាដូចការប្រជែងគ្នារវាងអាមេរិក និងសហភាពសូវៀតកាលពីសម័យសង្រ្គាមត្រជាក់ទៀតនោះទេ។


ការដាក់ចេញគម្រោង B3W មានគោលដៅផ្តោតលើគម្រោងសំខាន់ៗមួយចំនួនក្នុងនោះរួមមានអាកាសធាតុ, សុខាភិបាល និងសន្តិសុខសុខាភិបាល, បច្ចេកវិទ្យាឌីជីថល និងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធនៅតាមបណ្ដាប្រទេសកំពុងអភិវឌ្ឍនានានៅជុំវិញពិភពលោក។ ប៉ុន្តែ គម្រោង B3W របស់លោក បៃដិន មិនទាន់បាននិយាយពី តំបន់មជ្ឈិមបូព៌ានោះទេ ព្រោះថាការបង្កើនកិច្ចខំប្រឹងប្រែង ឬចំណាយធនធានរបស់អាមេរិកលើតំបន់នេះ មើលទៅវាហាក់ដូចជាផ្ទុយទៅនឹងអ្វីដែលរដ្ឋបាលរបស់លោក ចង់ធ្វើ នោះគឺទាញការចាប់អារម្មណ៍របស់អាមេរិកចេញពីតំបន់នេះ ហើយងាកទៅផ្ដោតលើចិននៅអាស៊ី។


តែទោះជាបែបនេះក្ដី ប្រឈមមុខនឹងការកើនឡើងឥទ្ធិពលចិន នៅក្នុងតំបន់មជ្ឈិមបូព៌ា ចង់ ឬមិនចង់អាមេរិកមិនអាចដកខ្លួនទាំងស្រុងពីតំបន់នេះបានទេ។ ការប្រជែង រវាងអាមេរិក និងចិនមិនមែនមានតែនៅអាស៊ីទេ តែជាការប្រជែងឥទ្ធិពលគ្នានៅជុំវិញពិភពលោក។ មានន័យថាឥទ្ធិពលចិន ទៅដល់ទីណាអាមេរិកក៏ប្រហែលជាទៅដល់ ទីនោះដែរ។


ប៉ុន្តែ គេមើលឃើញថាវាគ្រាន់តែជាការផ្លាស់ប្ដូរយុទ្ធសាស្ត្រមួយដើម្បីប្រជែងជាមួយចិនតែប៉ុណ្ណោះ ដោយអំណេះតទៅនៅក្នុងការប្រជែងជាមួយចិន គឺអាមេរិកក៏នឹងផ្ដោត សំខាន់លើសេដ្ឋកិច្ចផងដែរ ដោយមិនមែនផ្តោតតែទៅលើបញ្ហាសន្តិសុខតែមួយមុខទៀតនោះទេ ហើយការយល់ឃើញបែបនេះគឺផ្អែកលើគម្រោង B3W។ ភ្លាមៗ គេមិន អាចនិយាយថាតើគម្រោង B3W អាចផ្ដួលគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ (BRI)របស់ចិនបានដែរ ឬក៏យ៉ាងណានោះទេ។ តែអ្វីដែលគេដឹងនោះគឺគម្រោង BRI របស់ចិន បានដើរមុន B3W រួចបាត់ទៅហើយ។


គួរបញ្ជាក់ថា បើតាមក្រុមអ្នកជំនាញ ទោះជាសហរដ្ឋអាមេរិកដកខ្លួនចេញពីអាហ្វហ្កានីស្ថាន ហើយកាត់បន្ថយវត្តមានយោធានៅក្នុងតំបន់មជ្ឈិមបូព៌ាក៏ដោយ ក៏ក្នុងពេលខ្លី ឬមធ្យម ចិនមិនអាចដណ្ដើមតំណែងជាកំពូលមហាអំណាចក្នុងតំបន់នេះពីអាមេរិកបានឡើយ ព្រោះថាយោធាអាមេរិកបានចាក់ ឬសជ្រៅនៅក្នុងតំបន់នេះរួចទៅហើយ។ ម្យ៉ាងវិញទៀត យោធាក៏មិនមែនជាជម្រើសអាទិភាពរបស់ចិននោះដែរ។ ដ្បិតចិនយល់យ៉ាងច្បាស់ថាដោយសារតែអន្តរាគមន៍យោធានេះឯង បានធ្វើឱ្យអាមេរិកចុះខ្សោយ ឥទ្ធិពល ខណៈនយោបាយមិនលូកលាន់កិច្ចការផ្ទៃក្នុងអ្នកដទៃ ឬមិនធ្វើអន្តរាគមន៍យោធារបស់ទីក្រុងប៉េកាំង កំពុងទទួលបានការគាំទ្រពីបណ្ដាប្រទេសក្នុង តំបន់មជ្ឈិមបូព៌ា។ ជាក់ស្ដែង បើតាមការស្ទង់មតិ Arab Barometer កាលពីឆ្នាំ២០២០ បានបង្ហាញថាប្រជាជនក្នុងតំបន់មជ្ឈិមបូព៌ា មើលលើចិនក្នុងផ្លូវល្អជាងអាមេរិក ដែលពួកគេចោទថាជាអ្នកនាំសង្រ្គាម និងភាពវឹកវរចូលក្នុងតំបន់របស់ពួកគេ៕


ប្រភព៖ The Atlantic, geopoliticalmonitor (ថ្ងៃចន្ទ ទី០៦ ខែកញ្ញា ឆ្នាំ២០២១)

ដោយៈ Fresh News