Monday, April 22, 2019

នាយករដ្ឋមន្ត្រីកម្ពុជា-ថៃ ជិះរថភ្លើងរួមគ្នាពីស្ថានីយខ្លងលឹកប្រទេសថៃ មកស្ថានីយប៉ោយប៉ែត

នៅថ្ងៃចន្ទទី២២ ខែមេសា ឆ្នាំ២០១៩ បន្ទាប់ពីពិធីប្រគល់-ទទួលក្បាលរថភ្លើងប្រភេទ DMU (Diesel Multi Unit) ដែលជាអំណោយរបស់ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ ជូនរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជារួចមក លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីថៃ និងគណៈប្រតិភូ បានអញ្ជើញធ្វើដំណើររួមគ្នាតាមខ្សែរថភ្លើង ពីស្ថានីយខ្លងលឹក ខេត្តស្រះកែវ ប្រទេសថៃ មកស្ថានីយប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ប្រទេសកម្ពុជា។
រថភ្លើងប្រភេទ DMU ដែលជាអំណោយរបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រថៃនេះ រួមមាន៖ ក្បាល រថភ្លើងចំនួន១គ្រឿង និងទូរដឹកអ្នកដំណើរចំនួន៤គ្រឿង ដែលអាចផ្ទុកអ្នកដំណើរបាន ៣២០នាក់ (៨០នាក់ ក្នុងទូរនីមួយៗ)។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលថៃ ក៏បានបណ្តុះបណ្ដាលពាក់ព័ន្ធនឹងបច្ចេកទេសក្នុងការប្រើប្រាស់ ទូរថភ្លើងថ្មីនេះ ជាមុនដល់មន្រ្តីបច្ចេកទេសផ្លូវដែកកម្ពុជា ចំនួន ៩នាក់ផងដែរ។
សូមបញ្ជាក់ផងដែរថា ផ្លូវដែកពីស្ថានីយសិរីសោភ័ណ ទៅប៉ោយប៉ែត ព្រំដែនកម្ពុជា-ថៃ មានប្រវែង ៤៨គីឡូម៉ែត្រ សាងសង់ចប់សព្វគ្រប់នៅឆ្នាំ១៩៤២។ មុនឆ្នាំ១៩៧០ ផ្លូវដែកនេះត្រូវបានធ្វើចរាចរអាជីវកម្មរួមគ្នា ដោយខ្សែរថភ្លើងកម្ពុជាចូលទឹកដីថៃ ៣ថ្ងៃ និងខ្សែរថភ្លើងថៃ ចូលទឹកដីកម្ពុជា ៣ថ្ងៃ ដោយសមត្ថកិច្ចនៃប្រទេសទាំងពីរ បានធ្វើការរួមគ្នានៅស្ថានីយ អន្តរជាតិប៉ោយប៉ែត។ ក្រោយមកនៅឆ្នាំ១៩៧៣ ផ្លូវដែកនេះត្រូវបានកាត់ផ្តាច់ ដោយសារការទម្លាក់គ្រាប់បែក របស់អាមេរិក ក្នុងសម័យ លន់ នល់។ បន្ទាប់មក នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៤ រាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ បានចុះអនុស្សរណៈយោគ យល់ដើម្បីធ្វើការតភ្ជាប់ផ្លូវដែករវាងកម្ពុជា-ថៃ ឡើងវិញ ហើយត្រូវបានតភ្ជាប់គ្នាឡើងវិញជាប្រវត្តិសាស្ដ្រ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩នេះ។
ជាមួយគ្នានេះផងដែរ រាជរដ្ឋាភិបាលថៃ បានជួយសាងសង់ជាថ្មីនូវស្ពានផ្លូវដែក ព្រំដែនកម្ពុជា-ថៃ អូរជ្រៅ ប្រវែង ៤៣ម៉ែត្រ ដោយប្រើប្រាស់ថវិកាសាងសង់ប្រមាណ ១លានដុល្លារ អាមេរិក និងស្ពានផ្លូវរថភ្លើងប៉ោយប៉ែត-អារញ្ញប្រាថេត ប្រវែង ៤៥ម៉ែត្រ ត្រូវបានស្ថាបនាឡើងវិញ ដោយជំនួយឥតសំណងពីរាជរដ្ឋាភិបាលថៃ និងបានធ្វើពិធីតភ្ជាប់ កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦ ក្រោមអធិបតីភាពលោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។
គួររំលឹកផងដែរថា ផ្លូវដែកភាគខាងជើង របស់ព្រះរាជាណាចក្រកម្ពុជា ភ្នំពេញ-ប៉ោយប៉ែត ព្រំដែនកម្ពុជា-ថៃ ដែលមានប្រវែង ៣៨៦គីឡូម៉ែត្រ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាស្តារឡើងវិញរួចរាល់ និងបានដាក់ឱ្យដំណើរការបណ្តោះអាសន្ន កាលពីចុងឆ្នាំ២០១៨ កន្លងទៅនេះ។ ផ្លូវដែកនេះ គឺជួយអភិវឌ្ឍវិស័យដឹកជញ្ជូនតាមផ្លូវដែក ដែលជាឆ្អឹងខ្នងនៃការដឹកជញ្ជូននៅកម្ពុជា។

សមិទ្ធផលទាំងនេះ សបញ្ជាក់នូវចរិតជាយុទ្ធសាស្រ្ត និងប្រវត្តិសាស្ត្រសម្រាប់ ប្រទេសទាំងពីរ កម្ពុជា-ថៃ ក្នុងការតភ្ជាប់ផ្លូវដែកសារជាថ្មី ក្រោយពីបានកាត់ផ្តាច់នៅឆ្នាំ១៩៧៣ ដោយសារសង្គ្រាមនៅកម្ពុជា។ ការតភ្ជាប់ផ្លូវដែកកម្ពុជា-ថៃ ពិតជានាំមកនូវកាលានុវត្តភាពថ្មី សម្រាប់វិស័យដឹកជញ្ជូនតាមផ្លូវដែក ជាមធ្យាបាយដឹកជញ្ជូនទំនិញដ៏ស័ក្តិសិទ្ធ មានតម្លៃថោក និងមានសុវត្ថិភាពខ្ពស់ ដែលរួមចំណែក ក្នុងការអភិវឌ្ឍខឿនសេដ្ឋកិច្ចជាតិ របស់ប្រទេសទាំងពីរ និងរួមចំណែកក្នុងការតភ្ជាប់ និងអភិវឌ្ឍតំបន់ អាស៊ាន និងមហាអនុតំបន់មេគង្គ៕










លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន រំលេចក្នុងសារលិខិតថា គ្រួសារជាកោសិកាមួយដ៏សំខាន់ក្នុងការជំរុញកិច្ចអភិវឌ្ឍប្រទេសជាតិ

នៅក្នុងឱកាសដ៏មហោឡារិកនៃទិវាអន្តរជាតិស្តីពីគ្រួសារ ដែលតែងតែប្រារព្ធឡើងនៅថ្ងៃទី១៥ ខែឧសភា ជារៀងរាល់ឆ្នាំ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានផ្ញើសារលិខិតជូនបងប្អូនជនរួមជាតិ និងមេគ្រួសារទាំងអស់ដោយបានបង្ហាញនូវការអបអរសាទរ និងគាំទ្រយ៉ាងក្លៀវក្លាចំពោះការរៀបចំទិវាដ៏មានសារៈសំខាន់នេះនៅកម្ពុជា។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់នៅក្នុងសារលិខិតថា នៅក្នុងឆ្នាំនេះ យើងប្រារព្ធទិវាអន្តរជាតិស្តីពីគ្រួសារនេះក្រោមប្រធានបទ «សុខុមាលភាពគ្រួសារជាកត្តាលីករក្នុងការអនុវត្តប្រព័ន្ធគាំពារសង្គមនៅកម្ពុជា» ដែលបង្ហាញយ៉ាងច្បាស់នូវអត្ថន័យថា គ្រួសារពិតជាកោសិកាមួយដ៏សំខាន់ក្នុងការដើរតួនាទីជាកម្លាំងចលករក្នុងការជំរុញកិច្ចអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ពិសេសការរក្សាបាននូវសន្តិភាព ដែលជាកត្តាជំរុញក្នុងការរក្សាបាននូវតុល្យភាពសង្គមនិងស្ថិរភាពជាតិ ពិសេសការជំរុញនូវការអនុវត្តប្រព័ន្ធគាំពារសង្គម នៅក្នុងប្រទេសកម្ពុជាស្របពេលកម្ពុជាកំពុងអនុវត្តយ៉ាងសកម្ម និងទទួលផលពីក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥ ដែលគោលនយោបាយនេះកំពុងផ្តោតជាចម្បងដល់ការលើកកម្ពស់ជីវភាពគ្រួសារ តាមរយៈការផ្តល់មុខរបរ ការបណ្តុះបណ្តាលវិជ្ជាជីវៈ ធានារ៉ាប់រងសុខភាព និងការផ្តល់សាច់ប្រាក់សម្រាប់កញ្ចប់គ្រួសារក្រីក្រដូចជាស្រ្តីមានផ្ទៃពោះ និងកុមារពី ០-២ ឆ្នាំ មនុស្សវ័យចាស់គ្មានទីពឹង ជនពិការក្រីក្រ។ល៕

សូមអានសារលិខិតខាងក្រោម៖







ថៃ ផ្តល់អំណោយក្បាលរថភ្លើង (DMU) ០១គ្រឿង (មានទូដឹកអ្នកដំណើរចំនួន ៤) ដែលអាចផ្ទុកអ្នកដំណើរបានរហូតដល់ ៣២០នាក់

នៅថ្ងៃចន្ទទី២២ ខែមេសា ឆ្នាំ២០១៩ បន្ទាប់ពី ពិធីតភ្ជាប់មុខតំណស្ពានមិត្តភាពកម្ពុជា-ថៃ (ស្ទឹ​ងបត់-បាន​ណងអៀន) និងពិធីបើកការដ្ឋានសាងសង់ អគារច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិ​លេខ៥រួចមក លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអញ្ជើញចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រតិបត្តិការរួមគ្នាលើការដឹកជញ្ជូនតាមផ្លូវដែកឆ្លង កាត់ព្រំដែនកម្ពុជា​-ថៃ និងចូលរួមពិធីប្រគល់-ទទួលក្បាលរថភ្លើង (DMU) ដែលជាអំណោយរបស់រាជរដ្ឋាភិបាល​ ថៃ ជូនរាជរដ្ឋាភិបាលកម្ពុជាក្រោមអធិបតីភាពលោ​កនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីថៃ ដោយមានការចូ​លរួមពីគណៈប្រតិភូ នៃប្រទេសទាំងពីរ ដែ​ល​ជាការបើកទំព័រ ប្រវត្តិសាស្ត្រថ្មីមួយទៀតសម្រា​ប់កម្ពុជា-ថៃ ក្នុងការតភ្ជាប់ផ្លូវដែកសារជាថ្មី ក្រោយពីបានកាត់ផ្តាច់ដោយសារសង្គ្រាម។
កិច្ចព្រមព្រៀងប្រតិបត្តិការរួមគ្នាលើការដឹកជញ្ជូនឆ្លងកាត់ព្រំដែនតាមផ្លូវដែក និងការតភ្ជាប់ផ្លូវដែកកម្ពុជា និងថៃ ពិតជានាំមកនូវកាលានុវត្តភាពថ្មី សម្រាប់វិស័យដឹកជញ្ជូនតាមផ្លូវដែក ដែ​លជាមធ្យាបាយដឹក ជញ្ជូនទំនិញដ៏ស័ក្តិសិទ្ធ មានតម្លៃថោក និងមានសុវត្ថិភាពខ្ពស់ រួមចំណែ​កក្នុងការអភិវឌ្ឍខឿន សេដ្ឋកិច្ចជាតិរបស់ប្រទេសទាំងពីរ និងរួមចំណែកក្នុងការតភ្ជាប់ និងអ​ភិ​វឌ្ឍតំបន់អាស៊ាន និងមហាអនុ តំបន់មេគង្គផងដែរ។ ជាមួយគ្នានោះផងដែរ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ បានផ្ដល់អំណោយក្បាលរថភ្លើង (DMU) ចំនួន០១គ្រឿង (មានទូដឹកអ្នកដំណើរចំនួន ៤) ដែលអាចផ្ទុកអ្នកដំណើរបានរហូតដល់ ៣២០នាក់ ជូនព្រះរាជាណាចក្រកម្ពុជាផងដែរ។

សូមបញ្ជាក់ថា ផ្លូវដែកភ្នំពេញ-ប៉ោយប៉ែតព្រំដែនកម្ពុជា-ថៃ ដែលមានប្រវែង ៣៨៦គីឡូម៉ែត្រ ត្រូវបាន រាជរដ្ឋាភិបាលកម្ពុជាស្តារឡើងវិញរួចហើយ ថ្វីត្បិតតែមិនទាន់មានលក្ខណៈស្តង់ដារ និងទំនើបក៏ពិតមែន ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជាមានចក្ខុវិស័យយុទ្ធសាស្ត្រ និងផែនការច្បា​ស់លាស់ក្នុងការអភិវឌ្ឍវិស័យផ្លូវដែក ដើម្បីឱ្យការដឹកជញ្ជូនតាមផ្លូវដែកក្លាយជាឆ្អឹងខ្នងនៃការដឹ​កជញ្ជូននៅកម្ពុជា៕









លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រម ព្រៀងប្រតិបត្តិការរួមគ្នាលើការដឹកជញ្ជូនផ្លូវដែកឆ្លងកាត់ព្រំដែនកម្ពុជា-ថៃ

បន្ទាប់ពីអញ្ជើញជាអធិបតីនៅក្នុងពិធីសម្ពោធបើកការដ្ឋានសាងសង់អាគារច្រកព្រំដែនស្ទឹងបត់រួចហើយ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោកប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ បានអញ្ជើញជាអធិបតីនៅក្នុងពិធី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រតិបត្តិការរួមគ្នាលើការដឹកជញ្ជូនផ្លូវដែកឆ្លងកាត់ព្រំដែន និងពិធីប្រគល់-ទទួលក្បាលរថភ្លើង (DMU) ដែលជាអំណោយរបស់រាជរដ្ឋាភិបាលថៃ ជូនដល់រាជរដ្ឋាភិបាលកម្ពុជា។
ថ្លែងនៅក្នុងពិធីនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា នេះជាយុទ្ធសាស្រ្ត និងជាប្រវត្តិ​សាស្ត្រសម្រាប់ប្រទេសទាំងពីរ កម្ពុជា-ថៃ ក្នុងការតភ្ជាប់ផ្លូវដែកសារជាថ្មី ក្រោយពីបានកាត់ផ្តាច់នៅឆ្នាំ ១៩៧៣ ដោយសារសង្គ្រាមនៅកម្ពុជា។ កិច្ចព្រមព្រៀងប្រតិបត្តិការរួមគ្នាលើការ ដឹកជញ្ជូនឆ្លងកាត់ព្រំដែន តាមផ្លូវដែក និងការតភ្ជាប់ផ្លូវដែកកម្ពុជានិង ថៃ គឺនឹងនាំមកនូវកាលានុវត្តភាពថ្មី សម្រាប់វិស័យដឹកជញ្ជូនតាមផ្លូវដែក ដែលជាមធ្យាបាយដឹកជញ្ជូនទំនិញ ដ៏មានប្រសិទ្ធភាព មានតម្លៃថោក និងមានសុវត្ថិភាពខ្ពស់ដើម្បីជំរុញការអភិវឌ្ឍខឿនសេដ្ឋកិច្ចជាតិរបស់ប្រទេសទាំងពីរ និងរួមចំណែកក្នុងការតភ្ជាប់ និងអភិវឌ្ឍតំបន់អាស៊ាន និងមហាអនុតំបន់មេគង្គផងដែរ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានជម្រាបផងដែរថា ផ្លូវដែកពីភ្នំពេញ មកប៉ោយប៉ែតព្រំដែនកម្ពុជា-ថៃ ដែលមានប្រវែង ៣៨៦គីឡូម៉ែត្រ គឺត្រូវបានរាជរដ្ឋាភិបាលកម្ពុជាស្តារឡើងវិញរួចហើយថ្វីត្បិតតែមិនទាន់មានលក្ខណៈស្តង់ដារ និងទំនើបក៏ពិតមែន ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជាមានចក្ខុវិស័យយុទ្ធសាស្ត្រ និងផែនការច្បាស់លាស់ក្នុងការអភិវឌ្ឍវិស័យផ្លូវដែកដែលជាឆ្អឹងខ្នងនៃការដឹកជញ្ជូននៅកម្ពុជា។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងអំណរគុណដល់ រាជរដ្ឋាភិបាលថៃ ដែលបានជួយសាងសង់ជាថ្មីនូវស្ពាន និងផ្លូវដែកព្រំដែនកម្ពុជា-ថៃ អូរជ្រៅប្រវែង ៤៣ម៉ែត្រ ដែលប្រើប្រាស់ថវិកាសាងសង់ប្រមាណ ១លានដុល្លារ ព្រមទាំងបានធ្វើអំណោយជាក្បាលរថភ្លើងចំនួនមួយគ្រឿង ជាប់ជាមួយទូអ្នកដំណើរ ចំនួន ៤ ដែលអាចផ្ទុកអ្នកដំណើរបានដល់ ៨០នាក់ក្នុងទូនីមួយៗ។
លោក ក៏បានថ្លែងអំណរគុណ និងកោតសរសើរដ៏ស្មោះផងដែរ ចំពោះ រដ្ឋមន្រ្តីដឹកជញ្ជូនថៃ និងលោកប្រធានអគ្គនាយកស្តីទីនៃសហគ្រាស រថភ្លើងរដ្ឋនៃប្រទេសថៃដែលបានជួយជំរុញកិច្ចព្រមព្រៀង អោយមានការចុះហត្ថលេខានាថ្ងៃនេះ និងសង្ឃឹមថាកិច្ចសហប្រតិបត្តិការ ក្នុងវិស័យដឹកជញ្ជូនរវាងប្រទេសទាំងពីរ នឹងទទួលបានជោគជ័យទាំង ក្នុងពេលនេះ និងក្នុងអាណត្តិក្រោយៗទៀត។

បន្ទាប់មក លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោក ប្រាយុទ្ធ ចាន់អូចា ព្រមទាំងគណៈប្រតិភូបានអញ្ជើញធ្វើដំណើររួមគ្នាតាមខ្សែរថភ្លើងពីស្ថានីយបានក្លងលឹកនៃប្រទេសថៃ ឆ្ពោះមកកាន់ស្ថានីយរថភ្លើងប៉ោយប៉ែត នៃប្រទេសកម្ពុជាក្នុងបរិយាកាសសប្បាយរីករាយក្រៃលែង៕












លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចូលរួម «វេទិកាខ្សែក្រវ៉ាត់ និងផ្លូវលើកទី២ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ» នៅប្រទេសចិន

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញចូលរួមក្នុង «វេទិកាខ្សែក្រវ៉ាត់ និងផ្លូវលើកទី២ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ» និងកិច្ចប្រជុំសំខាន់ៗផ្សេងទៀត ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ នៅទីក្រុងប៉េកាំង ប្រ​ទេសចិន។ ដំណើរទៅកាន់ក្រុងប៉េកាំងរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានរយៈ៥ថ្ងៃនេះ ត្រូវបានធ្វើឡើងដើម្បីតបតាមការអញ្ជើញរបស់លោក ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា ឥស្សរជនអញ្ជើញអមដំណើរសម្តេចតេជោនាយករដ្ឋមន្រ្តី រួមមាន៖ លោកឧ​បនាយករដ្ឋមន្រ្ដីហោ ណាំហុង, លោកឧបនាយករដ្ឋមន្រ្ដី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, លោកឧបនាយករដ្ឋមន្រ្ដី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីសាធារណការ និងដឹកជញ្ជូន, លោក វេង សាខុន រដ្ឋមន្រ្តីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីពាណិជ្ជកម្ម, លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីសុខាភិបាល, លោក ថោង ខុន រដ្ឋមន្រ្តីទេសចរណ៍ សមាជិកជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាផ្សេងទៀត និងថ្នាក់ដឹកនាំធុរកិច្ចនៃសភាពាណិជ្ជកម្មកម្ពុជា។

នៅក្នុងសម័យប្រជុំជាន់ខ្ពស់នៃវេទិកាខ្សែក្រវ៉ាត់ និងផ្លូវលើកទី២ នៅថ្ងៃទី២៦ ខែមេសា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងថ្លែងសុន្ទរកថាពីមូលបទរបស់វេទិកា «កិច្ចសហប្រតិបត្តិការខ្សែក្រវ៉ាត់ និងផ្លូវៈ បង្កើតជោគវាសនារួមដ៏ត្រចះត្រចង់»។ នៅថ្ងៃបន្ទាប់ នៅក្នុងសម័យប្រជុំតុមូលរបស់ថ្នាក់ដឹកនាំ លោកនាយករដ្ឋមន្រ្តីនឹងអញ្ជើញចែករំលែកទស្សនវិស័យលើមូលបទ «ការជំរុញការតភ្ជាប់ ដើម្បីស្វែងរកធនធានថ្មីសម្រាប់ការរីកចម្រើន»។ បន្ទាប់ពីអញ្ជើញចូលរួមវេទិកាខ្សែក្រវ៉ាត់ និងផ្លូវលើកទី២ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងប្រមុខរដ្ឋ/រដ្ឋាភិបាលផ្សេងទៀត នឹងអញ្ជើញចូលរួមពិធីបើកពិព័រណ៍សាកវប្បកម្មអន្តរជាតិ២០​១៩ ដែលនៅក្នុងឱកាសនោះ លោកនាយករដ្ឋមន្រ្តីនឹងសម្ពោធពន្លាជាតិរបស់កម្ពុជាផងដែរ៕





ក្រោមម្លប់សន្តិភាព និងអភិវឌ្ឍធ្វើឱ្យប្រជាជនខ្មែរជាច្រើន បានដើរលេងកម្សាន្តយ៉ាងសប្បាយរីករាយក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

បន្ទាយមានជ័យ៖ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលកន្លងទៅថ្មីៗនេះ មានប្រជាជនខ្មែរយើងយ៉ាងច្រើន បានដើរលេងកម្សាន្តយ៉ាងសប្បាយ រីករាយតាមទីកន្លែងជិតឆ្ងាយក្រោមម្លប់សន្តិភាព និងការអភិវឌ្ឍ។ លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃចន្ទទី២២ ខែមេសា ឆ្នាំ២០១៩ ក្នុងឱកាសអញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់អគារច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ ដែលពិធីនេះប្រារព្ធធ្វើឡើងនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា ដោយសារកត្តាសុខសន្តិភាពនេះហើយដែលអាចធ្វើឱ្យប្រទេសជាតិយើងមានការអភិវឌ្ឍឡើងទៅមុខជាលំដាប់ ប្រជាពលរដ្ឋដើរលេងកម្សាន្ត និងរាំលេងកម្សាន្តយ៉ាងសប្បាយរីករាយ។ ទន្ទឹងនឹងនោះ លោក ក៏បានអំពាវនាវឱ្យប្រជាជនទូទាំងប្រទេសរួមគ្នាថែរក្សាសុខសន្តិភាពដែលយើងរកបានដោយលំបាក ព្រោះបើគ្មានសន្តិភាពនោះទេ យើងមិនអាចទទួលបានសមិទ្ធផលនានាដូចសព្វថ្ងៃនេះឡើយ៕