Monday, April 22, 2019

ច្រកអន្តរជាតិសេដ្ឋកិច្ចស្ទឹងបត់-បានណងអៀន គឺនឹងជួយពង្រឹងសេដ្ឋកិច្ចជាតិ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងអំណរគុណដល់ក្រសួងសាធារណៈការនិងដឹកជ​ញ្ជូនកម្ពុជា និង ក្រសួង ដឹកជញ្ជូននៃព្រះរាជាណាចក្រថៃ ព្រមទាំងទីភ្នាក់ងារសហប្រតិបត្តិកការដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចនៃប្រទេសជិតខាង (NEDA) ដែលបានរួមសហការគ្នាសម្រេចបាននូវសមិទ្ធផលល្អជាច្រើនក្នុងថ្ងៃនេះ ដែលក្នុងនោះរួមមានទាំងការផ្តល់ក្បាលរថភ្លើង និងផ្លូវដែ​កដែលឈប់ប្រើប្រវែង១៤០គីឡូម៉ែត្រ (ចាស់ថៃ តែថ្មីកម្ពុជា) ពីមិត្តថៃ មកឱ្យកម្ពុជា ជាមួយនឹងការតភ្ជាប់មុខតំណស្ពានមិត្តភាពកម្ពុជា-ថៃ ស្ទឹងបត់-បានណងអៀន នៅទីក្រុងប៉ោយប៉ែត។លោកបានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ ក្នុងឱកាសដែលលោកនិង លោ​ក ប្រាយុទ្ធ ចាន់អូចា នាយ​ក​រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ អញ្ជើញជាអធិបតីរួមគ្នា​ក្នុងពិធីចាក់បេតុងតភ្ជាប់មុខតំណស្ពានមិត្តភាពកម្ពុជា-ថៃ (ច្រកព្រំដែនស្ទឹងបត់-បានណងអៀន)។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា នៅពេលឆាប់ៗនេះ គឺយើងនឹងសាងសង់អ​គារសម្រួលពាណិជ្ជកម្មបន្ថែមនៅច្រកអន្តរជាតិនេះ ដើម្បីជួយសម្រួលដល់ការដឹកទំ​និញធំៗដែលត្រូវបញ្ចៀសចេញពីច្រកចេញចូលតាមស្ពានប៉ោយប៉ែតសព្វថ្ងៃដែលមានលក្ខណៈ​តូចច​ង្អៀត គឺនឹងទុកសម្រាប់ឱ្យតែទេសចរឆ្លងកាត់តែប៉ុណ្ណោះ។ ទន្ទឹមនឹងនេះ យើងនឹងសាងសង់ស្ពានដែកមួយផ្សេងទៀត ដែលមានទទឹង ៩ម៉ែត្រ និងបណ្តោយ ៥០ម៉ែត្រ សម្រាប់បងប្អូនដែលមានមុខរបរអូសរទេះទំនិញតូចៗពីផ្សាររង់ក្លឿ មកកាន់ប៉ោយប៉ែតបានប្រើប្រាស់ដាច់ដោយឡែក។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបន្ថែមថា ក្រោយពីស្ពានមិត្តភាពកម្ពុជា-ថៃ ស្ទឹងបត់-បា​នណងអៀន បានបើកជាផ្លូវការហើយ គឺរាល់ទំនិញចេញចូលតាមរថយន្តធំៗត្រូវដឹកជញ្ជូនតា​មស្ពានស្ទឹងបត់-បានណងអៀន វិញម្តង ហើយដែលងាយស្រួលឆ្ពោះទីកាន់ផ្លូវជាតិលេខ ៥ បា​នកាន់តែងាយស្រួលនិងឆាប់រហ័សទៀតផង៕








No comments:

Post a Comment