Monday, April 22, 2019

កម្ពុជា-ថៃ ឯកភាពគ្នាកសាងស្ពានដែកថ្មី សម្រាប់បម្រើជូនដល់ បងប្អូនដែលប្រកបរបរអូសរទេះដឹកសម្ភារៈឬទំនិញតូចៗផ្សេងៗ

បន្ទាយមានជ័យ៖ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា លោកបាន សម្រេចឯកភាពរួចហើយជាមួយនឹងនាយករដ្ឋមន្ត្រីនៃប្រទេសថៃក្នុងការកសាងបង្កើតស្ពានដែកមួយទៀតសម្រាប់បម្រើជូនដល់បងប្អូនដែលប្រកបរបរអូសរទេះដឹកសម្ភារៈឬទំនិញតូចៗផ្សេងៗដើម្បីបង្កលក្ខណៈងាយស្រួលឱ្យពួកគាត់ប្រកបរបរទទួលទានអូសទំនិញតូចៗឆ្លងទៅមកពីផ្សាររុងក្លឿ មកកាន់ប៉ោយប៉ែតកាន់តែមានភាពងាយស្រួល និងឆាប់រហ័សទៀតផង។
លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃចន្ទទី២២ ខែមេសា ឆ្នាំ២០១៩ ក្នុងឱកាសអញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់អគារច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ ដែលពិធីនេះប្រារព្ធធ្វើឡើងនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា បន្ទាប់ពីគម្រោងសាងសង់អគារច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់-បានណងអៀន និងការតភ្ជាប់ ផ្លូវភ្ជាប់ទៅផ្លូវជាតិលេខ៥ ដាក់ឱ្យដំណើរការ តំបន់ប៉ោយប៉ែតនឹងប្រែក្លាយជាតំបន់អភិវឌ្ឍមួយយ៉ាងខ្លាំង ជាមជ្ឈមណ្ឌលស្តុក និងចែកចាយទំនិញ និងជាតំបន់សេដ្ឋកិច្ចពិសេស ដែលបង្កើតជាសក្តានុពលរូបវ័ន្តដ៏រឹងមាំសម្រាប់ទ្រទ្រង់ដល់គម្រោងវិនិយោគនានាក្នុងស្រុក និងក្នុងប្រទេសនៃមហាអនុតំបន់ទន្លេមេគង្គ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សង្ឃឹមថាវិនិយោគិនថៃ នឹងចូលរួមធ្វើការ វិនិយោគក្នុងគម្រោងនៅតំបន់ស្ទឹងបត់ ធ្វើជាតំបន់ឡូជីស្ទីក (Logistic) តំបន់ពាណិជ្ជកម្ម តំបន់ឃ្លាំងឧស្សាហកម្ម តំបន់ពាណិជ្ជកម្ម និងតំបន់ស្នាក់ នៅ ដែលនឹងចូលរួមក្នុងការអភិវឌ្ឍតំបន់ស្ទឹងបត់ទាំងមូល បន្ទាប់ពីគម្រោង សាងសង់អគារច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់-បានណងអៀន និងផ្លូវតភ្ជាប់នេះដាក់ឱ្យដំណើរការ៕




No comments:

Post a Comment