Monday, April 22, 2019

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រម ព្រៀងប្រតិបត្តិការរួមគ្នាលើការដឹកជញ្ជូនផ្លូវដែកឆ្លងកាត់ព្រំដែនកម្ពុជា-ថៃ

បន្ទាប់ពីអញ្ជើញជាអធិបតីនៅក្នុងពិធីសម្ពោធបើកការដ្ឋានសាងសង់អាគារច្រកព្រំដែនស្ទឹងបត់រួចហើយ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោកប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ បានអញ្ជើញជាអធិបតីនៅក្នុងពិធី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រតិបត្តិការរួមគ្នាលើការដឹកជញ្ជូនផ្លូវដែកឆ្លងកាត់ព្រំដែន និងពិធីប្រគល់-ទទួលក្បាលរថភ្លើង (DMU) ដែលជាអំណោយរបស់រាជរដ្ឋាភិបាលថៃ ជូនដល់រាជរដ្ឋាភិបាលកម្ពុជា។
ថ្លែងនៅក្នុងពិធីនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា នេះជាយុទ្ធសាស្រ្ត និងជាប្រវត្តិ​សាស្ត្រសម្រាប់ប្រទេសទាំងពីរ កម្ពុជា-ថៃ ក្នុងការតភ្ជាប់ផ្លូវដែកសារជាថ្មី ក្រោយពីបានកាត់ផ្តាច់នៅឆ្នាំ ១៩៧៣ ដោយសារសង្គ្រាមនៅកម្ពុជា។ កិច្ចព្រមព្រៀងប្រតិបត្តិការរួមគ្នាលើការ ដឹកជញ្ជូនឆ្លងកាត់ព្រំដែន តាមផ្លូវដែក និងការតភ្ជាប់ផ្លូវដែកកម្ពុជានិង ថៃ គឺនឹងនាំមកនូវកាលានុវត្តភាពថ្មី សម្រាប់វិស័យដឹកជញ្ជូនតាមផ្លូវដែក ដែលជាមធ្យាបាយដឹកជញ្ជូនទំនិញ ដ៏មានប្រសិទ្ធភាព មានតម្លៃថោក និងមានសុវត្ថិភាពខ្ពស់ដើម្បីជំរុញការអភិវឌ្ឍខឿនសេដ្ឋកិច្ចជាតិរបស់ប្រទេសទាំងពីរ និងរួមចំណែកក្នុងការតភ្ជាប់ និងអភិវឌ្ឍតំបន់អាស៊ាន និងមហាអនុតំបន់មេគង្គផងដែរ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានជម្រាបផងដែរថា ផ្លូវដែកពីភ្នំពេញ មកប៉ោយប៉ែតព្រំដែនកម្ពុជា-ថៃ ដែលមានប្រវែង ៣៨៦គីឡូម៉ែត្រ គឺត្រូវបានរាជរដ្ឋាភិបាលកម្ពុជាស្តារឡើងវិញរួចហើយថ្វីត្បិតតែមិនទាន់មានលក្ខណៈស្តង់ដារ និងទំនើបក៏ពិតមែន ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជាមានចក្ខុវិស័យយុទ្ធសាស្ត្រ និងផែនការច្បាស់លាស់ក្នុងការអភិវឌ្ឍវិស័យផ្លូវដែកដែលជាឆ្អឹងខ្នងនៃការដឹកជញ្ជូននៅកម្ពុជា។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងអំណរគុណដល់ រាជរដ្ឋាភិបាលថៃ ដែលបានជួយសាងសង់ជាថ្មីនូវស្ពាន និងផ្លូវដែកព្រំដែនកម្ពុជា-ថៃ អូរជ្រៅប្រវែង ៤៣ម៉ែត្រ ដែលប្រើប្រាស់ថវិកាសាងសង់ប្រមាណ ១លានដុល្លារ ព្រមទាំងបានធ្វើអំណោយជាក្បាលរថភ្លើងចំនួនមួយគ្រឿង ជាប់ជាមួយទូអ្នកដំណើរ ចំនួន ៤ ដែលអាចផ្ទុកអ្នកដំណើរបានដល់ ៨០នាក់ក្នុងទូនីមួយៗ។
លោក ក៏បានថ្លែងអំណរគុណ និងកោតសរសើរដ៏ស្មោះផងដែរ ចំពោះ រដ្ឋមន្រ្តីដឹកជញ្ជូនថៃ និងលោកប្រធានអគ្គនាយកស្តីទីនៃសហគ្រាស រថភ្លើងរដ្ឋនៃប្រទេសថៃដែលបានជួយជំរុញកិច្ចព្រមព្រៀង អោយមានការចុះហត្ថលេខានាថ្ងៃនេះ និងសង្ឃឹមថាកិច្ចសហប្រតិបត្តិការ ក្នុងវិស័យដឹកជញ្ជូនរវាងប្រទេសទាំងពីរ នឹងទទួលបានជោគជ័យទាំង ក្នុងពេលនេះ និងក្នុងអាណត្តិក្រោយៗទៀត។

បន្ទាប់មក លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោក ប្រាយុទ្ធ ចាន់អូចា ព្រមទាំងគណៈប្រតិភូបានអញ្ជើញធ្វើដំណើររួមគ្នាតាមខ្សែរថភ្លើងពីស្ថានីយបានក្លងលឹកនៃប្រទេសថៃ ឆ្ពោះមកកាន់ស្ថានីយរថភ្លើងប៉ោយប៉ែត នៃប្រទេសកម្ពុជាក្នុងបរិយាកាសសប្បាយរីករាយក្រៃលែង៕












No comments:

Post a Comment