Monday, October 04, 2021

វិភាគអន្តរជាតិ៖ មហិច្ឆតារបស់ចិន និងគម្រោង «ព្រែកជីកក្រា» របស់ថៃ


(បាងកក)៖ កាលពីឆ្នាំ១៦៧៧, ព្រះមហាក្សត្រថៃ ព្រះនាម រាមាធិបតីទី៣ (Ramathibodi III) មានក្ដីសុបិនដ៏ធំមួយ។ ព្រះអង្គបានបញ្ជូនក្រុមវិស្វករឱ្យចុះទៅសិក្សាពី លទ្ធភាពក្នុងការជីកផ្លូវទឹកដ៏ធំមួយកាត់តាមច្រកសមុទ្រ នៃឧបទ្វីបម៉ាឡេ ដែលជាទូទៅគម្រោងនេះត្រូវបានគេហៅថា «ព្រែកជីកក្រា» ឬ Kra Canal ដើម្បីបើកផ្លូវ ពាណិជ្ជកម្មដោយផ្ទាល់មួយរវាងថៃ និងភូមា (មីយ៉ាន់ម៉ា)។ គម្រោងព្រែកជីកនេះត្រូវគេប្រដូចទៅនឹង «ព្រែកជីស៊ុយអេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍»។

ក្រុមវិស្វករថៃនៅពេលនោះ បានត្រឡប់មកវិញដោយបរាជ័យដោយសារតែគម្រោងព្រែកជីកនេះមិនអាចធ្វើទៅរួច។ តែមកទល់នឹងសព្វថៃ គម្រោងនេះក៏ប្រហែលជា នឹងពិបាកទៅរួចដូចគ្នាដែរ ឬក៏ថៃនឹងត្រូវជជែកពីគម្រោងនេះរាប់រយឆ្នាំទៅមុខទៀតក៏ថាបាន។ គម្រោងព្រែកជីកក្រា មិនត្រូវបានបោះបង់់ចោលឡើយដោយកាលពី ពេលថ្មីៗនេះ វាត្រូវបានគេយកមកធ្វើជាប្រធានបទជជែកយ៉ាងផុលផុសឡើងវិញ នៅក្នុងប្រទេសថៃ។ ព្រែកជីកក្រាត្រូវបានគេមើលឃើញថាគឺជាជម្រើស «ផ្លូវវាងមួយដ៏សំខាន់» នៃផ្លូវដ៏វែងអន្លាយ និងណែនណាន់តាន់តាប់ កាត់តាមច្រកសមុទ្រម៉ាឡាកា (Strait of Malacca) ដែលជាច្រកសមុទ្រមួយរត់កាត់ចន្លោះរវាង ម៉ាឡេស៊ី, ឥណ្ឌូណេស៊ី និងសិង្ហបុរី ហើយតំណាងឱ្យ ២៥ភាគរយនៃការជួញដូរទំនិញរបស់ពិភពលោក។

កាលពីអតីតកាល បារាំងធ្លាប់មានបំណងសាងសង់ព្រែកជីកក្រាដែរ ខណៈអង់គ្លេសរារាំង រីឯរដ្ឋាភិបាលថៃនៅតែបន្តសិក្សាពីលទ្ធភាពស្ថាបនាព្រែកជីកនេះ។ បើតាម ក្រុមតំណាងរាស្ត្រថៃ, ចិនប្រហែលជាមានមហិច្ឆតាចូលរួមស្ថាបនាព្រែកជីកក្រា តែវាមិនមែនជារឿងងាយស្រួលទេ។ ពិតមែនទៅ គំនិតបង្កើតផ្លូវសមុទ្រមួយតភ្ជាប់ ឈូងសមុទ្រថៃ និងសមុទ្រអាន់ដាម៉ាន់ (Andaman) ត្រូវបានរដ្ឋាភិបាលថៃទាត់ចោលកាលពីឆ្នាំ២០២០ ហើយក្ដីសុបិននៃគម្រោងព្រែកជីកក្រា ក៏បានប្រែក្លាយទៅជា គម្រោង «Thai Land Bridge» វិញផងដែរ។ «Thai Land Bridge» នេះជាគម្រោងសាងសង់បណ្ដាញផ្លូវហាយវ៉េ និងផ្លូកដែកសម្រាប់ការដឹកជញ្ជូនទំនិញទៅ និងមក កំពង់ផែសមុទ្រទឹកជ្រៅ ពីមួយទៅមួយផ្សេងទៀត។

នៅក្នុងករណីត្រូវបានសាងសង់ឡើងពិតមែន នោះគម្រោង Thai Land Bridge នឹងផ្ដល់ជម្រើស «ផ្លូវវាងមួយ» ដ៏ប្រសើរដោយអាចកាត់បន្ថយចម្ងាយធ្វើដំណើរបាន ១,២០០គីឡូម៉ែត្រ និងចំណេញពេលវេលាយ៉ាងហោចក៏ ២ ទៅ៣ថ្ងៃដែរ ធៀបទៅនឹងការធ្វើដំណើរកាត់តាមផ្លូវទឹកដ៏មមាញឹកនៃច្រកសមុទ្រ Malacca។ មិនតែប៉ុណ្ណោះ វាថែមទាំងអាចសន្សំសំចៃថ្លៃដឹកជញ្ជូន ព្រមទាំងកាត់បន្ថយហានិភ័យត្រូវចោរសមុទ្រប្លន់ជាដើម។

និយាយចិនវិញ, ក៏មានចំណាប់អារម្មណ៍ខ្លាំង និងកាន់តែច្បាស់ចំពោះគម្រោងព្រែកជីកក្រារបស់ថៃដែរ។ សន្តិសុខថាមពលចិនពឹងផ្អែកយ៉ាងខ្លាំងលើការដឹកជញ្ជូនប្រេង និងឧស្ម័នកាត់តាមច្រកសមុទ្រ Malacca។ បើតាមការវាយតម្លៃ, ៨០ភាគរយនៃការនាំចូលថាមពលរបស់ចិនត្រូវឆ្លងកាត់តំបន់ជាច្រើននៃច្រកសមុទ្រ Malacca។ តែអ្វី ដែលសំខាន់បច្ចុប្បន្ន ចិនមានជម្លោះដែនទឹកជាមួយម៉ាឡេស៊ីនៅឯសមុទ្រចិនខាងត្បូង ហើយក៏មានជម្លោះដែនទឹកជាមួយឥណ្ឌូណេស៊ីដែរ។ បញ្ហាធំសម្រាប់ចិន គឺស្ថិត នៅត្រង់នេះឯង ដោយសេដ្ឋកិច្ចចិនទាំងមូលអាចនឹងរង្គោះរង្គើរ ប្រសិនបើជម្លោះដែនទឹកជំរុញឱ្យម៉ាឡេស៊ី ឬឥណ្ឌូណេស៊ី បិទខ្ទប់ ឬបង្កការរាំងស្ទះដល់ការធ្វើដំណើរ របស់កប៉ាល់ចិនកាត់តាមច្រកសមុទ្រ Malacca ឬក៏ឥណ្ឌាបិទខ្ទប់ផ្លូវទឹករបស់ខ្លួនមិនឱ្យចិនឆ្លងកាត់ដោយសារតែរឿងជម្លោះព្រំដែន នៅថ្ងៃណាមួយ។

ការព្រួយបារម្ភ និងមហិច្ឆតារបស់ចិនត្រូវបានស្ដែងឡើង តាមរយៈបង្កើតគម្រោងបំពង់បង្ហូរប្រេង និងឧស្ម័នជាមួយមីយ៉ាន់ម៉ា ហើយនៅឆ្នាំ២០០៥ របាយការណ៍មួយ របស់ក្រសួងការពារជាតិអាមេរិកបានបង្ហើបឱ្យដឹងថាចិនកំពុងពិចារណាវិនិយោគលើគម្រោងព្រែកជីកក្រារបស់ថៃ។ ការគ្រប់គ្រងផ្លូវដឹកជញ្ជូនមួយកាត់តាមប្រទេសថៃ នឹងអនុញាតឱ្យចិន មិនត្រឹមតែអាចពង្រឹងសន្តិសុខថាមពលរបស់ខ្លួនប៉ុណ្ណោះទេ តែវាអាចឱ្យចិន «មានផ្លូវក្រោយមួយ» ទុកប្រើនៅក្នុងករណីដែលមានការបិទឧ្ទប់ ច្រកសមុទ្រណាមួយប្រឆាំងនឹងខ្លួន។

បើតាមក្រុមអ្នកជំនាញ ចិនអាចមានប្រយោជន៍យ៉ាងធំពីគម្រោងព្រែកជីកក្រា ជាជាងគម្រោង «Thai Land Bridge»។ ពីព្រោះថាព្រែកជីក វាស័ក្តិសមនឹងយុទ្ធសាស្ត្រ ផ្លូវសូត្រសមុទ្រ ឬគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវរបស់ចិន។ ពោលប្រសិនបើ ព្រែកជីកក្រាត្រូវបានសាងសង់មែន នោះចិននឹងមិនចាំបាច់ត្រូវបញ្ជូនកប៉ាល់ដឹកទំនិញរបស់ខ្លួនឱ្យធ្វើដំណើរកាត់តាមច្រកសមុទ្រ Malacca ជាទីដែលសហរដ្ឋអាមេរិកមានឥទ្ធិពលខ្លាំងទៀតនោះទេ ហើយវាក៏បង្កភាពងាយស្រួយដល់នាវាចម្បាំងចិនអាចធ្វើប្រតិបត្តិការ ឬធ្វើដំណើរចូលទៅកាន់មហាសមុទ្រឥណ្ឌាផងដែរ។

ដូច្នេះ ការកែប្រែគម្រោងព្រែកជីកក្រា ទៅជាគម្រោង Thai Land Bridge អាចនឹងប៉ះពាល់ដល់មហិច្ឆតារបស់ចិន។ តែសម្រាប់ថៃវិញ ត្រូវបានគេមើលឃើញថាអាចនឹង ជ្រើសរើសយកគម្រោង Thai Land Bridge ច្រើនជាង ខណៈរដ្ឋមន្ត្រីដឹកជញ្ជូនថៃ លោក Saksayam Chidchob កាលពីខែមិថុនាកន្លងទៅនេះក៏ធ្លាប់លើកឡើងដែរថា គម្រោងនេះអាចនឹងជាឱកាសមួយឱ្យថៃត្រឡប់ក្លាយទៅជាប្រទេស «ខ្លាសេដ្ឋកិច្ច» ក្នុងតំបន់អាស៊ីអាគ្នេយ៍សាជាថ្មី។ វាមានហេតុផលសំខាន់ៗមួយចំនួនដែលគេយល់ថា ថៃអាចនឹងជ្រើសរើសយក Thai Land Bridge ក្នុងនោះរួមមាននៅត្រង់ថាការសាងសង់ប្រព័ន្ធផ្លូវថ្នល់ និងផ្លូវដែក គឺវាមានភាពងាយស្រួលជាងការជីកព្រែក រីឯតម្លៃវិញ ក៏ថោកជាងដែរ នៅក្នុងបរិបទដែលសេដ្ឋកិច្ចថៃកំពុងរងផលប៉ះពាល់ស្រាប់ដោយសារ COVID-19។ គម្រោងព្រែកជីកក្រា ត្រូវបានគេប៉ាន់ប្រមាណថានឹងត្រូវចំណាយ ប្រាក់អស់ជាង ៥៥ពាន់លានដុល្លារក្នុងការសាងសង់ រី ឯគម្រោង Thai Land Bridge អាចនឹងត្រូវចំណាយប្រាក់ត្រឹមតែ ១.៨៥ពាន់លានដុល្លារប៉ុណ្ណោះ។ នេះបើតាម វិទ្យាស្ថាន ISEAS-Yusof Ishak មានមូលដ្ឋាននៅសិង្ហបុរី។

បញ្ហាមួយដែលកាន់តែស្មុគស្មាញ ដែលធ្វើឱ្យគម្រោងព្រែកជីកក្រាពិបាកនឹងទៅរួច នោះគឺរដ្ឋាភិបាលថៃកំពុងតស៊ូប្រឆាំងជាមួយក្រុមឧទ្ទាមផ្ដាច់ទឹកដីនៅឯភាគខាងត្បូង នៃប្រទេស។ ម្លោះហើយ មានការព្រួយបារម្ភថាគម្រោងព្រែកជីក្រា អាចនឹងពុះចែកតំបន់ភាគខាងត្បូងនៃប្រទេសជាពីរ ដែលនេះអាចនឹងកាន់តែបង្កការងាយស្រួល និងលើកទឹកចិត្តដល់ក្រុមឧទ្ទាមទាមទារផ្ដាច់ទឹកដី។ មួយវិញទៀត កាន់តែសំខាន់ នោះគឺច្បាស់ណាស់ គម្រោងព្រែកជីកក្រាអាចប្រឈមមុខនឹងការជំទាស់យ៉ាងខ្លាំង ពីសំណាក់សហរដ្ឋអាមេរិក។

ជាការពិតណាស់ ថៃមានទំនាក់ទំនងជិតស្និទជាមួយចិន តែថៃខ្លួនឯងក៏ជាសម្ព័ន្ធមិត្តមួយរបស់សហរដ្ឋអាមេរិកដែរ។ ដូច្នេះហើយគម្រោងព្រែកជីកក្រា ចង់ ឬមិនចង់វាអាចនឹងធ្វើឱ្យថៃក្លាយជាសាច់នំបុ័ងសាំងវិចគៀប នៅចំកណ្ដាលនៃជម្លោះរវាងសហរដ្ឋអាមេរិក និងចិន ដែលនេះមិនមែនជាអ្វីដែលថៃចង់បាននោះទេ៕

ប្រភព៖ Lowy Institute (ថ្ងៃចន្ទ ទី០៤ ខែតុលា ឆ្នាំ២០២១)

ដោយៈ Fresh News






រដ្ឋមន្ត្រីក្រសួងសុខាភិបាល ជំរុញឲ្យអភិបាលរាជធានី-ខេត្តទាំង២៥ ពង្រឹងសកម្មភាពយុទ្ធនាការអប់រំផ្សព្វផ្សាយ និងជំរុញការចាក់វ៉ាក់សាំងកូវីដ១៩ ដល់ពលរដ្ឋ ក្រុមគោល ដៅឱ្យបានគ្រប់ៗគ្នា (មានវីដេអូ)


(ភ្នំពេញ)៖ លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានបន្តណែនាំជាថ្មីម្ដងទៀត ដល់បណ្ដាអភិបាលរាជធានី-ខេត្តទាំងអស់ បន្តពង្រឹងសកម្មភាពយុទ្ធនាការអប់រំផ្សព្វផ្សាយ និងជំរុញការចាក់វ៉ាក់សាំងកូវីដ១៩ ដល់ពលរដ្ឋ ក្រុមគោល ដៅឱ្យបានគ្រប់ៗគ្នា ដើម្បីចូលរួម ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ឱ្យមានលទ្ធផលល្អប្រសើរ។

   

 នៅក្នុងលិខិតនេះបានឱ្យដឹងទៀតថា អភិបាលរាជធានី-ខេត្តទាំងអស់ត្រូវយកចិត្តទុកដាក់ខ្ពស់ជាបន្តទៀតអនុវត្តយុទ្ធនាការជាតិ រួមគ្នាទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ និងជំរុញការចាក់វ៉ាក់សាំងកូវីដ-១៩ ដល់ប្រជាពលរដ្ឋក្នុងទីតាំងរបស់ខ្លួន ដូចតទៅ៖

ទី១៖ ចាត់ចែងអប់រំ ផ្សព្វផ្សាយផ្តល់ព័ត៌មានអំពីការចាក់វ៉ាក់សាំង និងលើកទឹកចិត្តដល់កុមារ និងប្រជាពលរដ្ឋអាយុចាប់ពី៦ឆ្នាំ ឡើងទៅឱ្យទៅទទួលវ៉ាក់សាំងកូវីដ-១៩ ឱ្យបានឆាប់បំផុត ដើម្បីបង្កើតភាពស៊ាំក្នុងសហគមន៍ កាត់បន្ថយការចម្លងវីរុសបន្ថែមទៀត និងកាត់បន្ថយហានិភ័យនៃវីរុសបំប្លែងខ្លួនថ្មីដែលកំពុងលេចឡើង។

ទី២៖ តាមដានស្វែងរកអ្នកមិនទាន់បានចាក់វ៉ាក់សាំងក្នុងសហគមន៍ និងសិក្សាអំពីមូលហេតុជាក់លាក់ដែលពួកគាត់មិនអាចចាក់វ៉ាក់សាំងបាន ព្រមទាំងរកដំណោះស្រាយ សមស្រប ដើម្បីជួយគាំទ្របងប្អូនប្រជាពលរដ្ឋឱ្យទទួលបានវ៉ាក់សាំងកូវីដ-១៩ គ្រប់ៗគ្នា ដោយមិនមានការរើងអើងអ្វីទាំងអស់។

ទី៣៖ យកចិត្តទុកដាក់ផ្តល់មធ្យោបាយគាំទ្រសមស្របដើម្បីជួយដល់ជនងាយរងគ្រោះដូចជា អ្នកមានជំងឺប្រចាំកាយមនុស្សចាស់ជរាខ្វះទីពឹង ជនពិការ សហគមន៍ក្រីក្រ សហគមន៍ឆ្ងាយដាច់ស្រយាលជាដើម ដើម្បីឱ្យពួកគាត់អាចទទួលវ៉ាក់សាំងកូវីដ-១៩ បានគ្រប់គ្នា។

ទី៤៖ បន្តជំរុញការអប់រំ ផ្សព្វផ្សាយខ្លឹមសានៃយុទ្ធនាការជាតិ រួមគ្នាទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ ដល់បុគ្គល គ្រួសារ សហគមន៍ ជូនដល់បងប្អូន ប្រជាពលរដ្ឋនៅតាមភូមិ ឃុំ សង្កាត់ ក្រុង រាជធានី-ខេត្ត នៅទូទាំងប្រទេស តាមរយៈអាជ្ញាធរថ្នាក់ក្រោមជាតិ និងដោយមានការចូលរួមពីសហគមន៍ ដូចជាការផ្សព្វផ្សាយ តាមរយៈឧស្ងោសនាសព្ទការបិទតាំងរូបភាពផ្ទាំងធំ ចែកចាយខិតប័ណ្ណ ការផ្សព្វផ្សាយតាមទូរទស្សន៍ វិទ្យុ និងបណ្តាញសង្គមដល់ប្រជាជន ជាពិសេសដល់ សហគមន៍ងាយរងគ្រោះ និងសហគមន៍ក្រីក្រជាដើម។

ទី៥៖ ណែនាំ និងចាត់វិធានការអប់រំ ផ្សព្វផ្សាយ និងតាមដានជាប្រចាំលើការអនុវត្តវិធានការសុខាភិបាលនៅតាមទីតាំងនានា ជាពិសេសទីតាំងដែលមានហានិភ័យ ខ្ពស់ទីតាំង៣ (ទីតាំងមានមនុស្សច្រើនជួបជុំ ទីតាំងបិទជិតមិនមានខ្យល់ចេញចូលគ្រប់គ្រាន់ និងទីតាំងដែលមានមនុស្សនៅជិតៗគ្នា) ដូចជាទីផ្សារ ទីប្រជុំជន ភោជនីយដ្ឋាន ទីកន្លែងលក់អាហារ ផ្សារទំនើប ធនាគារ និងកន្លែងប្រកបអាជីវកម្មផ្សេងៗ។ ពង្រឹងនិងយកចិត្តទុកដាក់បន្ថែមទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីបង្ការការឆ្លងជាយថាហេតុនូវវីរុសកូវីដ-១៩ នៅពេលជួបជាមួយអតិថិជននៅក្នុងទីតាំងរបស់ខ្លួន។ ចាត់វិធានការរដ្ឋបាលដល់បុគ្គលអាជីវកម្មណា ដែលមិនគោរព តាមគោលការណែនាំរបស់ក្រសួងសុខាភិបាល៕

ខាងក្រោមនេះជាលិខិតរបស់ក្រសួងសុខាភិបាល៖




ឈ្វេងយល់ពីអត្ថន័យ, ជំនឿ, ប្រវត្តិ និងរបៀបធ្វើនំអន្សម

(ភ្នំពេញ)៖ នំអន្សម ជានំដែលប្រជាពលរដ្ឋខ្មែរស្ទើរគ្រប់ក្រុមគ្រួសារ តែងតែរៀបចំធ្វើជារៀងរាល់ឆ្នាំ មិនដែលខានក្នុងរដូវបុណ្យចូលឆ្នាំខ្មែរ ជាពិសេសរដូវបុណ្យភ្ជុំបិណ្ឌ។ ក្រៅពីពិធីបុណ្យទាំងពីរនេះ នៅក្នុងពិធីមង្គលការក៏គេតែងឃើញមានវេចនំអន្សមផងដែរ។


ជាទូទៅគេតែងតែសម្គាល់ឃើញ មុនថ្ងៃភ្ជុំបិណ្ឌ ឬភ្ជុំធំ មួយឬពីរថ្ងៃ ប្រជាពលរដ្ឋខ្មែរញាប់ដៃញាប់ជើង ម្នីម្នារៀបចំវេចនំ។ នំដែលពលរដ្ឋខ្មែរនិយមវេចនោះ រួមមាន៖ នំអន្សមជ្រូក អន្សមចេក នំគម នំបត់ ជាដើម។

អត្ថន័យ, ជំនឿ, ប្រវត្តិ និងរបៀបធ្វើនំអន្សម ដូចតទៅ៖

* អត្ថន័យរបស់នំអន្សម

«អន្សម» តាមវចនានុក្រមសម្ដេចសង្ឃ ជួន ណាត បានពន្យល់ថា ជាឈ្មោះនំ ធ្វើដោយអង្ករដំណើបខ្ចប់ដោយស្លឹកស្រស់ (តាមធម្មតា ច្រើនប្រើស្លឹកចេក) មានរាងមូលស្មើចុងស្មើដើម ចម្អិនដោយស្ងោរ ឬអាំងក៏មាន។

អន្សម មានច្រើនប្រភេទ គឺអន្សមចេក ដែលជាអន្សមដាក់ចេកណាំវ៉ាទុំទាំងមូលជាស្នួល។ អន្សមជ្រូក ជាអន្សមដាក់សាច់ជ្រូកជាស្នូល។ អន្សមដូង ជាអន្សមដាក់ខ្ទិះដូង ឬសាច់ដូងទុំកោសលាយផង។ អន្សមអាំង ជាអន្សមដែលចម្អិនដោយអាំង។ល។

* ជំនឿសាសនាព្រាហ្មណ៍ ជាហេតុនាំឲ្យមាននំអន្សម

យោងតាម (Nom Ansom) ឯកសារមួយចំនួនបានឲ្យដឹងថា ក្នុងសម័យព្រះបាទជ័យវ័រន្មទី៧ ប្រទេសកម្ពុជាប្រកាន់សាសនាព្រាហ្មណ៍ ហើយរបស់ប្រើប្រាស់ និងសម្ភារភាគច្រើនតែងមានទំនាក់ទំនងនឹងសាសនា តួយ៉ាងនំអន្សមនេះជាដើម។

ក្នុងសាសនាព្រាហ្មណ៍ នំអន្សម គឺតំណាងឲ្យលិង្គព្រះឥសូរ ចំណែកឯនំគមវិញ គឺតំណាងឲ្យយោនី នាងឧមា ដែលជាព្រះមហេសីរបស់ព្រះឥសូរ។ ម៉្លោះហើយទើបយើងតែងតែឃើញនំប្រភេទនេះ ក្នុងពិធីបុណ្យទាន អមជាមួយនឹងនំគម ដែលជានំប្រពៃណីខ្មែរផងដែរ។

ដោយសារជំនឿសាសនាព្រាហ្មណ៍ត្រូវបានដក់ជាប់ក្នុងផ្នត់គំនិតខ្មែរគ្រប់គ្នាទៅហើយនោះ (បើតាមសាសនាព្រះពុទ្ធ ពុំមានយកនំទៅបោះបាច ឬសែនដូច្នេះទេ មានតែសាសនាព្រាហ្មណ៍តែមួយប៉ុណ្ណោះ) ទើបខ្មែរយកនំអន្សមជ្រូក អន្សមចេក នំគម និងនំបត់ទាំងនេះទៅប្រគេនព្រះសង្ឃវិញ ដែលធ្វើឲ្យសាសនាទាំងពីរលាយឡំគ្នាដូចយើងឃើញសព្វថ្ងៃនេះ។

* ប្រវត្តិនំអន្សម

នំអន្សម មានដើមកំណើតតាំងពីបរមបុរាណកាលមក ក្នុងប្រវត្តិនំប្រពៃណីខ្មែរ និងត្រូវបានគេឃើញវត្តមាននំមួយប្រភេទនេះនៅក្នុងពិធីបុណ្យប្រពៃណីខ្មែរ ដូចជាបុណ្យចូលឆ្នាំ បុណ្យភ្ជុំបិណ្ឌ ក្នុងពិធីរៀបអាពាហ៍ពិពាហ៍ និងពិធីបុណ្យសាសនាមួយចំនួនទៀត។ ការណ៍ដែលយកនំទាំងអស់នេះ ទៅវត្តនៅថ្ងៃភ្ជុំបិណ្ឌ មកពីបុណ្យនេះក៏ដូចជា បុណ្យផ្សេងទៀត ជាប់ពាក់ព័ន្ធនឹងព្រហ្មញ្ញសាសនា។

* របៀបធ្វើនំអន្សម

ដំបូងយើងត្រូវហែកស្លឹកចេក ឬស្លឹកផ្អាវ ហើយហាលថ្ងៃឲ្យទន់ល្អចំពោះស្លឹកចេក។ បន្ទាប់មកត្រូវយកវាមកជូតឲ្យស្អាត និងត្រូវត្រៀមខ្សែសម្រាប់ចង។ គេអាចយកដើមចេកមកធ្វើជាខ្សែក៏បាន ឬខ្សែចងធម្មតាក៏បាន។

បន្ទាប់មកទៀត ត្រូវលាងអង្ករដំណើបទុកឲ្យស្ងួត ហើយទឹកអង្ករដំណើបនោះត្រូវលាយអំបិលតិចៗដើម្បីបង្កើនឱជារស ហើយត្រូវលាងសណ្ដែកលឿងទុកឲ្យស្រស់ទឹក។ បន្ទាប់ពីនោះ យើងត្រូវហាន់សាច់ជ្រូកជាចង្វាយវែងល្មម (ភាគច្រើនគេយកសាច់ជ្រូកបីជាន់ ដោយសារវាមានជាតិខ្លាញ់តិចៗ) ដោយលាយគ្រឿងដូចជា ម្រេច អំបិល និងមើមខ្ទឹមស ជាដើម។

ក្រោយមក យើងអាចវេចបានហើយ។ ការវេចយើងត្រូវចំណាយពេល ពី១ ទៅ២ម៉ោង អាស្រ័យទៅលើចំនួនអង្ករដែលយើងវេច។ ដំបូងយើងត្រូវលាស្លឹកចេកទ្រាប់លើគ្នាឲ្យក្រាស់ល្មម ហើយត្រូវដាក់អង្កររាយលើស្លឹកចេក បន្ទាប់មករោយសណ្ដែកលឿងពីលើរួចដាក់សាច់ជ្រូកពីលើ ហើយបត់ចុងនៃស្លឹកទាំងពីរចូលគ្នា។

បន្ទាប់ពីវេចហើយត្រូវឆ្លងកាត់ដំណាក់កាលមួយទៀត គឺចង។ ការចងនំមិនមែនជាការងាយនោះទេ។ យើងត្រូវចងឲ្យណែនល្អ បើមិនដូច្នេះទេនៅពេលស្ងោរ ទឹកអាចចូលក្នុងនំ ដែលអាចធ្វើឲ្យអង្កររលាយចេញ។ បន្ទាប់ពីចងហើយយើងត្រូវយកទៅស្ងោរ។

ការស្ងោរត្រូវចំណាយពេលប្រមាណពី៥ ទៅ៦ម៉ោង ទម្រាំតែឆ្អិនល្អ។ យើងត្រូវនៅចាំមើលជាប់ជានិច្ច យើងត្រូវមើលភ្លើងឲ្យបានដិតដល់ ហើយត្រូវប្រែនំទៅម្ខាងទៀត ដើម្បីឲ្យនំឆ្អិនបានល្អ៕







សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង


នាព្រឹកថ្ងៃចន្ទ ១៣រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី៤ ខែតុលា ឆ្នាំ២០២១នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង។ ពិធីប្រកាសនេះ បានប្រារព្ធឡើងបន្ទាប់ពីព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងឯកឧត្តម ស្វាយ សំអ៊ាង ជាអភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង។

ក្រោមអធិបតីភាពសម្ដេក្រឡាហោមឧបនាយករដ្ឋមន្រ្តី ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលខេត្តស្ទឹងត្រែងនាឱកាសនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម ឡូយ សុផាត ប្រធានគណៈកម្មការទី៣នៃរដ្ឋសភា និងជាអ្នកតំណារាស្រ្តមណ្ឌលស្ទឹងត្រែង ឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តស្ទឹងត្រែង ឯកឧត្តម លោកជំទាវជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការចំណុះរដ្ឋបាលខេត្តស្ទឹងត្រែង។

ក្នុងឱកាសនោះ ឯកឧត្តម ម៉ុម សារឿន បានធ្វើរបាយការណ៍ជូនសម្ដេក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី ព្រមទាំងអង្គពិធីអំពីស្ថានភាពទូទៅក្នុងខេត្ត ពិសេសលទ្ធផលការងារសំខាន់ៗមួយចំនួនដែលខេត្តសម្រេចបានក្នុងរយៈពេលដែលឯកឧត្តមកាន់តួនាទីជាអភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង។ បន្ទាប់មកមន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃបានអញ្ជើញអានព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងឯកឧត្តម ស្វាយ សំអ៊ាង ជាភិបាលខេត្តស្ទឹងត្រែង ការប្រគល់ត្រា និងព្រះរាជក្រឹត្យ មុនពេលឯកឧត្តមថ្លែងការប្ដេជ្ញាចិត្ត។

អញ្ជើញមានប្រសាសន៍នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងអំណរគុណ និងសម្ដែការកោតសរសើរ ឯកឧត្តម ម៉ុម សារឿន ដែលបានដឹកនាំមន្ត្រីរាជការ និងកងកម្លាំងចំណុះរដ្ឋបាលខេត្តស្ទឹងត្រែង ខិតខំយកចិត្តទុកដាក់បំរើជាតិ និងប្រជាជន ពិសេសការខិតខំអនុវត្តវិធានរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងបានខិតខំបំពេញភារកិច្ចជាច្រើនទៀតដើម្បីបំរើសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋក្នុងខេត្ត និងដើម្បីអភិវឌ្ឍន៍ខេត្តក្នុងរយៈពេលកន្លងមក។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តីក៏បានគូសបញ្ជាក់ពីភាពចាំបាច់របស់រាជរដ្ឋាភិបាល ដែលបានផ្ទេរភារកិច្ចឯកឧត្តម ស្វាយ សំអ៊ាង ពីអភិបាលខេត្តមណ្ឌលគិរីមកជាអភិបាលខេត្តស្ទឹងត្រែង និងបានសម្ដែងក្ដីសង្ឃឹមជឿជាក់ថាឯកឧត្តម ស្វាយ សំអ៊ាង នឹងខិតខំបំពេញភារកិច្ចបំរើជាតិ និងប្រជាជនក្នុងខេត្តស្ទឹងត្រែងឱ្យបានល្អ ហើយជាមួយគ្នានេះសម្ដេចស្នើឱ្យថ្នាក់ដឹកនាំ មន្រ្តីរាជការស៊ីវិល និងកងកម្លាំងទាំងអស់ ចូលរួមផ្ដល់កិច្ចសហការ មានសាមគ្គីភាព និងគាំទ្រឯកឧត្តម ស្វាយ សំអ៊ាង ក្នុងការបំពេញរកិច្ចថ្មីនេះ។

សម្ដេចក្រឡាហោមក៏បានគូសបញ្ជាក់អំពីកិច្ចការសំខាន់ៗដែលត្រូវយកចិត្តទុកដាក់នាពេលបន្តបន្ទាប់ខាងមុខនេះ ដូចជាការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សា ឃុំ សង្កាត់ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តជាដើម។ ជាមួយគ្នានេះសម្ដេចក៏បានគូសបញ្ជាក់អំពីការការពារសន្តិភាព សន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈដែលជាបញ្ហាគន្លឹះនាំឱ្យវិស័យផ្សេងៗទៀតដំណើរការទៅបាន។ សម្ដេចបានណែនាំឱ្យយកចិត្តទុកដាក់បន្តអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពឱ្យបានជាប្រចាំ ដើម្បីរួមចំណែកពង្រឹងសន្តិភាព សន្តិសុខ និងសណ្ដាប់ធ្នាប់នេះ។

សម្ដេចក្រឡាហោមក៏បានទាញចំណាប់អារម្មណ៍អង្គពិធីអំពីការរៀនរស់ជាមួយកូវីដ-១៩ និងបានគូសបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចតេជោ ដែលបានខិតខំដាក់ចេញវិធានការនានា ព្រមទាំងការខិតខំទិញនិងស្នើសុំវ៉ាក់សាំងមកជាក់ជូនប្រជាពលរដ្ឋ។ ចំពោះការរៀនរស់ជាមួយកូវីដ-១៩ សម្ដេចក្រឡាហោមបានមានប្រសាន៍ថា ភារកិច្ច និងកិច្ចការនានាត្រូវតែបន្តនិរន្តរភាព ប៉ុន្តែជាមួយគ្នានេះ យើងត្រូវមានការប្រុងប្រយ័ត្ន ដូចជាការអនុវត្តវិធានការ៣កុំ ៣ការពារជាដើម។

សម្ដេចក្រឡាហោមក៏បានណែនាំឱ្យរដ្ឋបាលខេត្ត បន្តយកចិត្តទុកដាក់លើភារកិច្ចដ៏មានសារៈសំខាន់បំផុតមួយទៀត គឺការការពារបូរណភាពទឹកដី ដោយសម្ដេចបានសង្កត់ធ្ងន់ថានេះគឺជាភារកិច្ចរួមរបស់យើងទាំងអស់គ្នា។ សម្ដេចក៏បានណែនាំឱ្យយកចិត្តទុកដាក់ការពារធនធានធម្មជាតិ ដែលជាទ្រព្យសម្បត្តិរបស់ជាតិ។ ជាមួយគ្នានេះសម្ដេចក៏បានបន្តលើកឡើងអំពីរបៀបរបបការងាររបស់រដ្ឋបាលខេត្ត ដើម្បីធានាប្រសិទ្ធភាពការងារ និងរក្សាបានសាមគ្គីភាពផ្ទៃក្នុង។

សម្ដេចក្រឡាហោមបានណែនាំក្នុងន័យដើមថា«យើងផ្ដល់សារៈសំខាន់ ផ្ដល់តម្លៃដល់ក្រុមប្រឹក្សាឱ្យបានខ្លាំង ព្រោះនៅថ្នាក់ខេត្ត ក្រុមប្រឹក្សាក៏ជាអង្គប្រតិបត្តិដែរ មិនមែនជាអង្គបញ្ញត្តិដែលចាំតែគណៈអភិបាលរាយការណ៍នោះទេ គឺក្រុមប្រឹក្សាមានសិទ្ធិ ប្រសិនបើគណៈអភិបាលមិនរៀបចំខ្លឹមសារកិច្ចប្រជុំ សមាជិកក្រុមប្រឹក្សា១ភាគ៣មានសិទ្ធិស្នើកោះប្រជុំ មានសិទ្ធិកោះហៅចៅហ្វាយខេត្តដើម្បីប្រជុំ។ មានកន្លែងខ្លះគណៈអភិបាលមិនខ្ចីចូលរួមប្រជុំ ហើយមិនឱ្យតម្លៃក្រុមប្រឹក្សា ដែលចំណុចនេះគឺជាការខុសឆ្គងហើយ»។

សម្ដេចបានសង្កត់ធ្ងន់ថាគណៈអភិបាលខ្លះមិនគោរពក្រុមប្រឹក្សានោះទេ ដ្បិតយល់ថាសមាជិកក្រុមប្រឹក្សានោះមានសមាសភាពមកពីអ្នកដែលធ្លាប់មានឋានៈតូចតាចជាងខ្លួន ប៉ុន្តែការគិតដូច្នេះត្រូវបានសម្ដេចចាត់ទុកថាការគិតខុស និងស្នើសុំឱ្យមានការកែប្រែចំណុចនេះ ដើម្បីពង្រឹងរបៀបរបបការងារឡើងវិញ។ សម្ដេចបានបន្តថាតួអង្គប្រធានក្រុមប្រឹក្សា និងគណៈអភិបាលត្រូវតែសាមគ្គីគ្នា ធ្វើការជាមួយគ្នា ត្រូវមានការជជែកគ្នាបើចាំបាច់ ដើម្បីរៀបចំកិច្ចប្រជុំណាមួយដែលមានសារៈសំខាន់។ សម្ដេចក៏បានគូសបញ្ជាក់ពីមន្រ្តីឱកាសនិយម មន្រ្តីប្រើអំណាចដោយរំលោភ ដោយសង្កត់ធ្ងន់ឱ្យចៀសវាងកុំធ្វើជាមន្រ្តីបែបនេះឱ្យសោះ ព្រោះជាបញ្ហាដែលនាំផ្ទៃក្នុងមិនរឹងមាំ។

សម្ដេចក៏បានបន្តណែនាំឱ្យកចិត្តទុកដាក់លើតួអង្គ៤ដែលសំខាន់ រួមមានមេឃុំចៅសង្កាត់ ស្មៀនឃុំស្មៀនសង្កាត់ មេប៉ុស្តិ៍រដ្ឋបាលឃុំសង្កាត់ និងមេភូមិ។ សម្ដេចបានណែនាំឱ្យផ្ដល់ការលើកទឹកចិត្តដល់សមាសភាពសំខាន់ទាំង៤នេះឱ្យខិតខំយកចិត្តទុកដាក់បំពេញភារកិច្ចបំរើប្រជាពលរដ្ឋឱ្យបានល្អ បន្ថែមលើការខិតខំប្រឹងប្រែងរបស់ថ្នាក់លើ និងរាជរដ្ឋាភិបាល។ សម្ដេចបានសង្កត់ធ្ងន់ថាសមាសភាពមន្រ្តីទាំង៤ខាងលើនេះ គឺជាអ្នកកៀក និងបំពេញភារកិច្ចជាប់ជាមួយជីវភាពរស់នៅប្រជាពលរដ្ឋជារៀងរាល់ថ្ងៃ ហើយពលរដ្ឋអាចដឹងថាគាត់ធ្វើបានល្អ ឬមិនល្អ។

សម្ដេចក្រឡាហោមឧបនាយករដ្ឋមន្រ្តី ក៏បានផ្ដល់អនុសាសន៍ឱ្យថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ សូមខិតខំប្រមូលបញ្ហានានារបស់ប្រជាពលរដ្ឋយកមកដោះស្រាយឱ្យមានតម្លាភាព យុត្តិធម៌ ធ្វើឱ្យពលរដ្ឋមានភាពកក់ក្ដៅក្នុងសង្គម។ ក្នុងឱកាសនោះដែរ សម្ដេចក៏បានផ្ដល់ការពន្យល់អំពីអត្ថន័យនៃអភិក្រមទាំង៥ដែលបានដាក់ចេញដោយសម្ដេចតេជោប្រមុខរាជរដ្ឋាភិបាល ក្នុងនោះសម្រាប់អភិក្រមឆ្លុះកញ្ចក់ សម្ដេចបានមានប្រសាសន៍ថា រាល់ការយល់ឃើញ ការលើកឡើងពីពលរដ្ឋ ពីមជ្ឈដ្ឋាននានា ការរិះគន់ក្នុងន័យស្ថាបនា គឺជាកញ្ចក់ឆ្លុះឱ្យឃើញពីបញ្ហានានា។

ពាក់ព័ន្ធនឹងការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ សម្ដេចក្រឡាហោមបានគូសបញ្ជាក់ថាសម្រាប់កម្ពុជា ទោះបីជាការងារនេះមិនទាន់អនុវត្តបានយូរ ប៉ុន្តែកម្ពុជាបានទទួលផលច្រើនសមគួរពីការអនុវត្តការងារកំណែទម្រង់នេះ ដ្បិតបណ្ដាប្រទេសនានា ពិសេសប្រទេសដែលកម្ពុជាបានរៀនសូត្រនោះ បានអនុវត្តការងារកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិនេះរាប់រយឆ្នាំ និងឆ្លងកាត់បទពិសោធន៍ច្រើនជាងកម្ពុជាផង។ សម្ដេចបានស្នើក្រុមប្រឹក្សា និងគណៈអភិបាលត្រូវខិតខំអនុវត្តអំណាចដែលថ្នាក់ជាតិផ្ទេរមកហើយនេះឱ្យបានល្អ ដើម្បីអភិវឌ្ឍន៍មូលដ្ឋានរបស់ខ្លួន៕