Monday, August 21, 2017

អភិបាលខេត្តបាត់ដំបង ផ្តាំផ្ញើទៅដល់បេក្ខជនប្រឡងបាក់ឌុប ឲ្យយកចិត្តទុកដាក់ក្នុងការប្រឡង និងគោរពបទបញ្ជាផ្ទៃក្នុង

បាត់ដំបង៖ លោក ច័ន្ទ សុផល អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានផ្តាំផ្ញើទៅដល់បេក្ខជនទាំងអស់ ឲ្យខិតខំព្យាយាម យកចិត្តទុកដាក់ក្នុងការប្រឡង និងបញ្ចេញឲ្យអស់ពីសមត្ថភាពគ្រប់ៗគ្នា ហើយត្រូវគោរពបទបញ្ជាផ្ទៃក្នុងការប្រឡង និងមិនត្រូវលួចចម្លងគ្នា រឺក៏សួរគ្នានៅក្នុងពេលប្រឡងទេ ព្រោះថាប្រសិនបើអនុរក្សចាប់បាន បេក្ខជននឹងធ្លាក់ដោយស្វ័យប្រវត្តិ នេះជាការផ្តាំផ្ញើរបស់លោក នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧នេះ។

ក្នុងឱកាសអញ្ជើញចូលរួមក្នុងពិធីបើកវិញ្ញាសារ ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០១៧ និងមានការចូលរួមពី អភិបាលរងខេត្ត អភិបាលក្រុង ស្នងការរងនគរបាលខេត្ត ព្រមទាំងមន្រ្តីក្រោមឱវាទក្រសួងអប់រំ យុវជន និងកីឡា នៅមណ្ឌលប្រឡងសាកលវិទ្យាល័យបាត់ដំបង។
សូមបញ្ជាក់ថា នៅខេត្តបាត់ដំបង មានមណ្ឌលប្រឡងចំនួន១០ ស្មើនឹង ២៥៥បន្ទប់ មានបេក្ខជនសរុបចំនួន ៦,៣១២ នាក់ ស្រីចំនួនមាន ៣,៣៨២ នាក់ ក្នុងនោះបេក្ខជនប្រឡងផ្នែកវិទ្យាសាស្ត្រមាន ៦មណ្ឌល ស្មើនឹង៤,១១៣ នាក់ ស្រី២,២៧៤នាក់ និងបេក្ខជនប្រឡងផ្នែកវិទ្យាសាស្រ្តសង្គម មាន ៤មណ្ឌល ស្មើនឹង២,១៩៩ ស្រី ១,១០៨ នាក់ ៕




រដ្ឋសភាប្រកាសពីលទ្ធផលប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧នេះ រដ្ឋសភាបានបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ ដោយមានរបៀបវារៈចំនួនបី។ កិច្ចប្រជុំនេះបានធ្វើឡើងនៅវិមានរដ្ឋសភា ក្រោមអធិបតីភាព លោក ហេង សំរិន ប្រធានរដ្ឋសភា

សូមអានលទ្ធផលផ្លូវការនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាខាងក្រោមនេះ ៖


សហភាព​សហព័ន្ធ​​កម្ពុជា​ស្រុក​រលា​​ប្អៀរ ​ចុះជួប​សំណេះ​សំណាល និង​ចែក​​អំណោយ​ដ​ល់ចាស់​ជរា និង​គ្រួសារ​ក្រីក្រ  ​

លោក ​សេង វិចិត្រ ប្រធានសហភាពសហព័ន្ធ​កម្ពុជា ​ស្រុក​រលា​ប្អៀរ បាន​ដឹក​នាំសមាជិក​សហភាព​សហព័ន្ធ​កម្ពុជា ស្រុក ឃុំ ចុះសំណេះសំណាល សួរសុខទុក្ខ និង​ចែកអំណោយ​ដល់​ចាស់​ជរា និងគ្រួសារក្រីក្រចំនួន ០៣គ្រួសារ ស្ថិតនៅក្នុងឃុំស្រែ​ថ្មី ស្រុក​រលា​ប្អៀរ ខេត្ត​កំពង់​ឆ្នាំង នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧ ។

លោក ​សេង វិចិត្រ​ បាន​ឱ្យ​ដឹង​ថា អំណោយ និ​ង​ថវិកា​ទាំង​នេះ បានមកពីសប្បុរស​ជន​នានា​រួមមាន លោក​ អ៊ុក ពញ្ញា លោក វ៉ា ស៊ីណារ៉ុង សមាជិក សមាជិកា​សហភាពសហព័ន្ធ​កម្ពុជា ស្រុក ឃុំ អាជ្ញាធរភូមិឃុំ និងព្រះចៅអធិការវត្តសន្ទូច ។ អំណោយដែល​ចែក​ជូន​ក្នុង​មួយ​គ្រួសា​រ​ទទួល​បាន មីមួយកេស សម្ភារៈប្រើប្រាស់មួយឈុត និងថវិកា៥០,០០០រៀល។

ជាមួយ​គ្នា​នោះដែរ លោក សេង វិចិត្រ​ បាន​បន្តថា ត្បិត​អំណោយ និង​ថវិកា​នេះ មា​ន​បរិមាណតិចតួច​ក៏ពិតមែន តែវា​ការ​បង្ហាញពីវប្បធម៌ចែក​រំលែក វប្បធម៌ជួយ​គ្នា​ក្នុង​គ្រា​ជួប​ការ​លំបាក ហើយ​ក៏ជាការ​ចូល​រួម​ចំណែក​ជួយ​សម្រាល​ស្ថានភាពគ្រួសារ​ខ្លះដែរ៕




(សូមទស្សនាវីដេអូ) ក្រសួង​ការ​ងារ​ និង​កម្មករ​ គាំ​ទ្រ​ពេញ​ទំ​ហឹង​នូវ​អនុ​សាសន៍​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ដែល​ផ្តល់​ឲ្យ​កម្មករ​ជិះ​រថយន្ត​ក្រុង​ឥត​គិត​ថ្លៃ,​ ធានា​សុខ​មាលភាព​ និង​ប្រាក់​ចូល​និវត្តន៍​

កិច្ចប្រជុំបូកសរុបការងារពាក់កណ្តាលអាណត្តិទី៣ លើកទី២ របស់សភាពាណិជ្ជកម្មកម្ពុជា

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ នៅអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា មានរៀបចំកិច្ចប្រជុំពិភាក្សា បូកសរុបការងារពាក់កណ្តាលអាណត្តិទី៣ លើកទី២ ក្រោមអធិបតីភាព លោក គិត ម៉េង ប្រធានសភា ពាណិជ្ជកម្មកម្ពុជា ដើម្បីស្តាប់នូវរបាយការណ៍ និងដោះស្រាយនូវបញ្ហាប្រឈម នានាដែលសមាជិក សភាពាណិជ្ជកម្ម គ្រប់បណ្តាខេត្តក្រុងទាំងអស់កំពុងជួបប្រទះទាក់ទិនទៅនឹងការបំពេញ ការងារប្រចាំ ថ្ងៃរបស់ខ្លួន។ កិច្ចពិភាក្សានេះបានផ្តោតទៅលើរបៀបវិរៈសំខាន់ៗចំនួន៧ចំណុចរួមមាន៖ ១. ពិនិត្យលើរបាយ ការណ៍ហិរញ្ញវត្ថុរបស់សភាពាណិជ្ជកម្មកម្ពុជាក្នុងឆ្នាំកន្លងមក ២. ស្តាប់នូវរបាយការណ៍ វឌ្ឍនៈភាពការងារ និងដោះស្រាយនូវបញ្ហាប្រឈមនានារបស់សភាពាណិជ្ជកម្មតាមបណ្តារខេត្តក្រុងទាំងអស់ ៣. បង្កើតអោយ មានគណៈកម្មការអចិន្រ្តៃយ៍សភាពាណិជ្ជកម្មកម្ពុជា ដើម្បីដោះស្រាយនិងឆ្លើយតប ទៅនិងកង្វល់និងសំណូម ពរនានារបស់សមាជិករបស់ខ្លួន ៤. រៀបចំរចនាសម្ព័ន្ធសមាគមសង្រ្គោះ និងស្តារនិតិសម្បទា អ្នកញៀន គ្រឿងញៀន ៥. បទបង្ហាញស្តីពីមជ្ឈមណ្ឌលព័ត៌មានធុរៈកិច្ចកម្ពុជា ៦. ការកំណត់កាលបរិច្ឆេទប្រជុំប្រចាំឆ្នាំ និងទី ៧. អំពីរបៀបវរៈផ្សេងៗ។

កិច្ចពិភាក្សានេះបានប្រព្រឹត្តិទៅយ៉ាងរលូនដោយសមាជិកទាំងអស់សុទ្ធតែបានលើកនូវមតិយោបល់ និង សំណូមពរយ៉ាងផុសផុល ក្នុងបរិយាកាសស្និទ្ធិស្នាល និងប្រកបដោយផ្លែផ្កាគួរជាទីមោទនៈភាពក្នុងកិច្ចប្រជុំ នេះបានបិទបញ្ចប់នៅវេលាម៉ោង ១១:៣០នាទី ថ្ងៃដដែល នេះផងដែរ ៕








តើពេលនេះ​នរណា​ជាអ្នកមាន​អំណាច​នៅប្រទេសជប៉ុន?​

ការបោះឆ្នោតនៅក្នុងទីក្នុងទីក្រុងតូក្យូកាលពីពេលថ្មីៗនេះ បានបង្ហាញពីបរាជ័យជាប្រវត្តិសាស្ត្ររបស់គណបក្សប្រជាធិបតេយ្យសេរី Liberal Democratic Party (LDP) ទៅឲ្យគណបក្ស Tomin First no Kai។ យោងតាមសេចក្តីរាយការណ៍មួយចំនួន លទ្ធផលនេះនឹងជះឥទ្ធិពលដល់នយោបាយជាតិរបស់ប្រទេសជប៉ុន ហើយអាចនឹងធ្វើឲ្យឥទ្ធិពលរបស់លោក Shinzo Abe មានការធ្លាក់ចុះ។
ប៉ុន្តែអ្នកតាមដាននយោបាយរបស់ជប៉ុន ដែលគិតថាលោក Abe បានកាន់កាប់អំណាចជានាយករដ្ឋមន្ត្រីដ៏មានឥទ្ធិពលមានការភ្ញាក់ផ្អើល ខណៈពេលដែលតួនាទីនោះមានការធ្លាក់ចុះ។ តើអ្វីខ្លះជាមូលហេតុនៃការផ្លាស់ប្តូរនេះ?
រដ្ឋធម្មនុញ្ញឆ្នាំ១៩៤៧ របស់ជប៉ុន បង្ហាញថា នាយករដ្ឋមន្ត្រីគឺជាតួអង្គដ៏មានអំណាច។ រដ្ឋធម្មនុញ្ញបានចែងថា អំណាចនីតិប្រតិបត្តិគឺស្ថិតនៅក្រោមគណៈរដ្ឋមន្ត្រី ដែលមានសមាសភាពនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីផ្សេងទៀត។ នាយករដ្ឋមន្ត្រី ជាអ្នកតែងតាំង ឬដកតំណែងរដ្ឋមន្ត្រី ហើយក្នុងនាមជាតំណាងគណៈរដ្ឋមន្ត្រី នាយករដ្ឋមន្ត្រីអាចស្នើច្បាប់ទៅកាន់សភា​ ហើយគ្រប់ គ្រងរាល់កិច្ចការរដ្ឋបាលផ្សេងៗ។ រាល់ច្បាប់ និងបទបញ្ជារបស់គណៈរដ្ឋមន្ត្រី គឺតម្រូវឲ្យមានហត្ថលេខារបស់នាយករដ្ឋមន្ត្រី។
ទោះបីជារដ្ឋធម្មនុញ្ញបានចែងបែបនេះក៏ដោយ អ្នកវិទ្យាសាស្រ្តនយោបាយ និងអ្នកឃ្លាំមើលមួយចំនួនបានចាត់ទុកថា ក្រោយពីសង្គ្រាម អំណាចរបស់នាយករដ្ឋមន្ត្រីមានការធ្លាក់ចុះ។ បញ្ហានេះ បាននាំឲ្យមានការពិភាក្សាគ្នាថា តើតួអង្គណាដែលមានឥទ្ធិពលជាងរវាងអ្នកធ្វើការក្នុងការិយាល័យ និងអ្នកនយោបាយ?
ទោះបីមានការកែទម្រង់មួយចំនួនក្រោយពីសង្គ្រាមក៏ដោយ ក៏មានមនុស្សជាច្រើនបានជំទាស់ រួមទាំងលោក Kiyoaki Tsuji ដែលថា អ្នកធ្វើការការិយាល័យរបស់ព្រះចៅអធិរាជមានអំណាចជាង។  លោក Chalmers Johnson បានអះអាងថា ការអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ចគឺអាស្រ័យលើអ្នកធ្វើការការិយាល័យដ៏មានឥទ្ធិពល។ ប៉ុន្តែចាប់តាំងពីទស្សវត្សរ៍ឆ្នាំ១៩៨០ ដោយមានការផ្តួចផ្តើមពីលោក Michio Muramatsu នោះ ទម្រង់នៃអំណាចការិយាធិបតេយ្យត្រូវបានជំនួសបន្តិចម្តងៗដោយទម្រង់ដែលគ្រប់គ្រងដោយគណបក្សនយោបាយ ដែលអ្នកធ្វើការក្នុងការិយាល័យរបស់ជប៉ុននៅមានភាពសកម្ម ប៉ុន្តែមានតួនាទីត្រឹមជាភ្នាក់ងារនៃអ្នកនយោបាយដែលជាប់ឆ្នោត ជាពិសេសសមាជិកមកពីគណបក្ស LDP ។
ទម្រង់នៃអំណាចទាំងពីរនេះ បានទទួលស្គាល់ថា នាយករដ្ឋមន្ត្រីជប៉ុន គឺជាអ្នកដឹកនាំទន់ខ្សោយ និងអសកម្ម​ បើប្រៀបធៀបទៅនឹងការបរិយាយនៅក្នុងរដ្ឋធម្មនុញ្ញជប៉ុន និងអ្នកដឹកនាំបរទេសផ្សេងទៀត។
ប៉ុន្តែស្ថានភាពនេះ បានផ្លាស់ប្តូរចាប់ពីទស្សវត្សឆ្នាំ២០០០។ អ្នកសិក្សាស្រាវជ្រាវមួយចំនួនបានកត់សម្គាល់ពីការមកដល់នៃស្ថាប័នផ្សេងទៀត ដែលខ្លាំងជាងរបស់នាយករដ្ឋមន្ត្រី និងការិយាល័យប្រតិបត្តិរបស់ខ្លួន។ ដោយសារតែបាតុភាពនេះ ចំពេលនឹងរដ្ឋបាលរបស់លោក Junichiro Koizumi នោះ អំណាចនេះ គឺអាស្រ័យលើលក្ខណៈសម្បត្តិផ្ទាល់ខ្លួនរបស់គាត់។ ប៉ុន្តែ ត្រូវបានគេយល់ថា កំណែទម្រង់ស្ថាប័ន ដែលបានអនុវត្តចាប់ពីចុងទស្សវត្សរ៍១៩៩០ បាននាំមកនូវរបត់ថ្មីនៃនាយករដ្ឋមន្ត្រីដែលខ្លាំង។
ការផ្លាស់ប្តូរនៃស្ថាប័នទាំងនេះ រួមបញ្ចូលទាំងកំណែទម្រង់រដ្ឋបាលរបស់លោក Ryutaro Hashimoto (១៩៩៦-១៩៩៨) ដែលចូលជាធរមាននៅឆ្នាំ២០០១ ហើយមានគោលបំណងផ្តល់សិទ្ធិអំណាចដល់នាយករដ្ឋមន្ត្រី និងអ្នកជំនិត។ កំណែទម្រង់រដ្ឋបាលឆ្នាំ ១៩៩៦ របស់លោកMorihiro Hosokawa ក៏បានជះឥទ្ធិពលដល់ការដឹកនាំរបស់នាយករដ្ឋមន្ត្រី តាមរយៈការដូរពីប្រព័ន្ធជ្រើសរើសសមាជិកច្រើន មកប្រព័ន្ធជ្រើសរើសសមាជិកតែមួយ នៅស្ថាប័នសភាជាន់ទាប។ ដោយសារតែថ្នាក់ដឹកនាំគណបក្សកាន់អំណាច ជាទូទៅកាន់តំណែងនាយករដ្ឋមន្ត្រី នោះកំណែទម្រង់បានបង្កើនសិទ្ធិអំណាចនៅក្នុងបក្សនោះ។
កំណែទម្រង់ទទួលបានលទ្ធផលល្អណាស់ ហើយសង្វៀននយោបាយបច្ចុប្បន្ន គឺកំពុងតែដើរតាមប្រជាធិបតេយ្យរបស់លោកខាងលិច។
នាយករដ្ឋមន្ត្រីលោក Abe ក៏បានលះបង់អំណាចផ្ទាល់ខ្លួនរបស់គាត់តាមរយៈវិមជ្ឈការនៃគោលនយោបាយសន្តិសុខជាតិ និងគោលនយោបាយការទូត។ រដ្ឋបាលរបស់គាត់បានបង្កើត ក្រុមប្រឹក្សាសន្តិសុខជាតិ (ដោយយកគំរូតាមអាមេរិក) និងលេខាធិការដ្ឋានសន្តិសុខជាតិ (the National Security Secretariat) ដើម្បីធ្វើវិមជ្ឈការគោលនយោបាយសន្តិសុខ។
ប៉ុន្តែ តើការកើនឡើងនៃអំណាចនាយករដ្ឋមន្ត្រីអាចស្ថិតស្ថិរទេ ឬវាអាស្រ័យលើអ្នកដឹក នាំ? ផ្អែកលើការសិក្សាស្រាវជ្រាវកាលពីពេលថ្មីៗនេះ ដំណើរការគោលនយោបាយនៃរដ្ឋបាល គណបក្សសាធារណៈរដ្ឋកន្លងមក មានកម្រិតស្មើនឹងដំណើរការគោលនយោបាយនៃរដ្ឋបាល បច្ចុប្បន្ន។ ដូច្នេះ ការកំណែទម្រង់ស្ថាប័នជាបន្តបន្ទាប់ចាប់តាំងពីទស្សវត្សរ៍ឆ្នាំ១៩៩០ ទទួលបានផ្លែផ្កា ទោះបីជាមានសំណួរមួយចំនួនពាក់ព័ន្ធនឹងនាយករដ្ឋមន្ត្រី និងគណបក្សកាន់អំណាចក៏ ដោយ។ ដូចគ្នានេះដែរ តំណែងនាយករដ្ឋមន្ត្រីដែលខ្លាំង អាចនឹងបន្តមាន បន្ទាប់ពីការចាកចេញរបស់លោក Abe ។
ការវិវត្តន៍សំខាន់ថ្មីមួយទៀតនោះ ការបង្កើតខុទ្ទកាល័យកិច្ចការបុគ្គលិកក្នុងឆ្នាំ២០១៤។ ការិយាល័យនេះ អនុញ្ញាតឲ្យនាយករដ្ឋមន្ត្រី និងមន្ត្រីប្រតិបត្តិ អាចត្រួតពិនិត្យមើលការតែងតាំង មន្ត្រីជាន់ខ្ពស់ចំនួនប្រហែល ៦០០ នាក់ ដែលពីមុនគ្រប់គ្រងដោយក្រសួងពាក់ព័ន្ធរបស់ខ្លួន។ ទោះបីជាត្រូវការពេល និងទិន្នន័យដើម្បីស៊ើបអង្កេតពីប្រសិទ្ធភាពនៃខុទ្ទកាល័យនេះក៏ដោយ ក៏មានសេចក្តីរាយការណ៍មកថា មន្ត្រីរាជការដឹងកាន់តែច្រើនអំពីគោលបំណងរបស់​នាយករដ្ឋមន្ត្រី និងមន្ត្រីប្រតិបត្តិ។
ឆ្នាំ២០១៧ ជាខួបអនុស្សាវរីយ៍លើកទី៧០ នៃការប្រកាសរដ្ឋធម្មនុញ្ញរបស់ជប៉ុន។ រដ្ឋធម្ម នុញ្ញនេះ មិនធ្លាប់ត្រូវបានធ្វើវិសោធនកម្មនោះទេ ដែលគេតែងតែហៅថា «រដ្ឋធម្មនុញ្ញចាស់បំផុតលើលោក»។ រដ្ឋធម្មនុញ្ញនោះសរសេរថា កំណែទម្រង់រដ្ឋាភិបាលទាក់ទងនឹងនាយករដ្ឋមន្ត្រី គឺស្មើនឹងកំណែទម្រង់រដ្ឋធម្មនុញ្ញ។ ខណៈដែលជប៉ុន បានខិតជិតដល់ការផ្តល់អំណាចខ្លាំងតាម រយៈរដ្ឋធម្មនុញ្ញដល់តំណែងនាយករដ្ឋមន្ត្រី នោះនឹងមានសំណួរជាច្រើនបន្ថែមទៀត ដែលថា តើសាធារណជន ពិតជាអាចទទួល និងស្វាគមន៍ទម្រង់នៃការដឹកនាំដ៏មានឥទ្ធិពលនេះ ឬយ៉ាងណា?

ប្រភព : East Asia Forum ចុះថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧

ក្រសួងពាណិជ្ជកម្ម ជូនដំណឹងស្តីពីថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ៍

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹងស្តីពីថ្លៃលក់រាយប្រេងសាំងស៊ុបពែរ (Gasoline 95) ប្រេងសាំងធម្មតា (Gasoline 92) និងប្រេងម៉ាស៊ូត (Gasoil) សម្រាប់អនុវត្ត ពីថ្ងៃទី២២ ខែសីហា ដល់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៧។

សូមអានសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មខាងក្រោម៖

តើកូរ៉េខាងជើងនឹងធ្វើអ្វីបន្ទាប់ទៀត? ​ការសាកល្បង​អាវុធនុយ​ក្លេអ៊ែរ​បន្ថែមទៀត​ ត្រូវបាន​គេមើល​ឃើញថា​ ជារឿងធ្ងន់ធ្ងរ​

កូរ៉េខាងជើងនិយាយថា ខ្លួនបានអភិវឌ្ឍន៍មីស៊ីលឆ្លងទ្វីប ដែលមានសមត្ថភាពបាញ់ដល់គ្រប់ទីកន្លែងនៃទឹកដីអាមេរិក។

ឥឡូវវាឈានដល់ដំណាក់កាលមួយនៃការបំពេញគោលបំណងដែលបានប្រកាស ដោយលោក Kim Jong Un គឺការបំពាក់ឧបករណ៍នុយក្លេអ៊ែរនៅលើមីស៊ីល ដែលមានទំហំតូច ហើយស្រាល ហើយមិនប៉ះពាល់ដល់រយៈចម្ងាយនៃការបាញ់របស់មីស៊ីល ក៏ដូចជា ធ្វើឱ្យវាមានសមត្ថភាពបាញ់ចូលស្រទាប់បរិយាកាសរបស់ផែនដីឡើងវិញ។

ដើម្បីធ្វើដូច្នោះបាន អ្នកជំនាញផ្នែកអាវុធបាននិយាយថា កូរ៉េខាងជើងត្រូវធ្វើការសាកល្បងអាវុធនុយក្លេអ៊ែរ ឬក៏សាកល្បងមីស៊ីលរយៈចម្ងាយឆ្ងាយបន្ថែមទៀត។

អ្នកជំនាញបន្តថា ការសាកល្បងមីស៊ីលឆ្លងទ្វីប ICMB ចំនួនពីរលើករបស់កូរ៉េខាងជើងកាលពីខែមុន ទំនងជាផ្ទុកក្បាលគ្រាប់សប្បនិម្មត ជាជាងក្បាលគ្រប់នុយក្លេអ៊ែរពិត។

មធ្យោបាយមួយដើម្បីឱ្យក្បាលគ្រាប់ស្រាល ដែលអាចជំរុញប្រតិបត្តិការបំផ្ទុះបាននោះ គឺត្រូវធ្វើការវិវត្តន៍ឧបករណ៍ប្រតិកម្មបរិមាណូ ឬគ្រាប់បែកអ៊ីដ្រូសែន។ ការបំផ្ទុះដែលធ្វើឱ្យមានកម្រិតកាន់តែខ្លាំងក្លានៃឧបករណ៍នេះ គឺវាពាក់ព័ន្ធទៅនឹងទំហំ និងទង្ងន់របស់វា។

លោក Hans Kristensen ប្រធានកម្មវិធីនុយក្លេអ៊ែរនៃសហភាពអ្នកវិទ្យាសាស្រ្តអាមេរិកបាននិយាយថា រដ្ឋាភិបាលទីក្រុងព្យុងយ៉ាង បានអះអាងថា ខ្លួនបានសាកល្បងគ្រាប់បែកអ៊ីដ្រូសែនរួចហើយ ក៏ប៉ុន្តែ បញ្ហានេះមិនត្រូវបានបង្ហាញឱ្យឃើញនោះទេ។ គាត់បន្តថា “ដើម្បីធ្វើរឿងនេះបាន គឺត្រូវការការសាកល្បងនុយក្លេអ៊ែរបន្ថែមទៀត”។

គុណសម្បត្តិនៃក្បាលគ្រាប់ដែលមានប្រតិកម្មបរិមាណូ គឺធ្វើយ៉ាងណា ឱ្យវាមានឥទ្ធិពលខ្លាំង តែមានទម្ងន់តិច។

លោក Choi Jin-wook សាស្រ្តាចារ្យទំនាក់ទំនងអន្តរជាតិនៅសាកលវិទ្យាល័យ Ritsumeikan របស់ជប៉ុនបាននិយាយថា ការសាកល្បងអាវុយនុយក្លេអ៊ែរលើកទី៦ គឺជារឿងចាំបាច់សម្រាប់កូរ៉េខាងជើង ដើម្បីអភិវឌ្ឍន៍ប្រតិបត្តិការបរិមាណូ ICMB។

គាត់បន្តថា “ដើម្បីធ្វើឱ្យអាវុធនុយក្លេអ៊ែរមានប្រសិទ្ធភាព ក្បាលគ្រាប់ត្រូវតែតូចហើយស្រាល ក៏ប៉ុន្តែ កូរ៉េខាងជើងមិនមានបច្ចេកវិទ្យានេះទេ។”

ប្រធានាធិបតីកូរ៉េខាងត្បូងបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា រដ្ឋាភិបាលទីក្រុងព្យុង​យ៉ាងនឹង “បំពានបន្ទាត់ក្រហម” ប្រសិនបើខ្លួនបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរលើមីស៊ីលឆ្លងទ្វីបនោះ ហើយប្រធានាធិបតីអាមេរិក លោក Donald Trump ក៏បានព្រមានផងដែរថា កូរ៉េខាងជើងនឹងប្រឈមទៅនឹងការ “បាញ់កម្ទេចចោល” ប្រសិនបើនៅតែគំរាមអាមេរិកនោះ។

លោក Kim ទំនងជាមានការប្រុយប្រយ័ត្នខ្ពស់ចំពោះការពិចារណលើការសាកល្បងអាវុធនុយក្លេអ៊ែរថ្មីទៀត ពីព្រោះថា ការសាកល្បងថ្មី អាចនឹងធ្វើឱ្យសម្ព័ន្ធមិត្តចិនរបស់ខ្លួនខកចិត្ត ហើយក៏អាចបញ្ឆេះឱ្យមានការដាក់ទណ្ឌកម្មសេដ្ឋកិច្ចកាន់តែខ្លាំងពីអង្គការសហប្រជាជាតិ។

មន្រ្តីអាមេរិកម្នាក់សុំមិនបញ្ចេញឈ្មោះបាននិយាយថា សកម្មភាពគួរឱ្យកត់សម្គាល់មួយ មិនត្រូវបានគេមើលឃើញនោះទេនៅក្នុងទីតាំងនុយក្លេអ៊ែរ Punggye-ri របស់កូរ៉េខាងជើង។ គាត់ថា គាត់មិនបានឃើញសកម្មភាពអ្វីនៅទីនោះជាងមួយខែមកហើយ ហើយថា ក៏ពុំមានសញ្ញានៃការសាកល្បងអាវុធនុយក្លេអ៊ែរថ្មីនោះដែរ។

អ្នកវិភាគមួយចំនួនបាននិយាយថា ក្នុងពេលបច្ចុប្បន្ន ក្រុមអ្នកវិទ្យាសាស្រ្តរបស់លោក Kim ទំនងជាកំពុងរៀបចំបច្ចេកវិទ្យាដើម្បីការពារក្បាលគ្រាប់នុយក្លេអ៊ែរពីកំដៅ និងសម្ពាធយ៉ាងខ្លាំង នៅពេលបាញ់ចូលក្នុងស្រដាប់បរិយាកាសរបស់ផែនដី។

អនុរដ្ឋមន្រ្តីការពារជាតិកូរ៉េខាងត្បូងបាននិយាយថា កូរ៉េខាងជើង យ៉ាងហោចណាស់ត្រូវការពេលវេលាពីរ ឬច្រើនឆ្នាំទៀត ដើម្បីសម្រេចបានបច្ចេកវិទ្យានេះ។

លោក David Albright អ្នករូបវិទ្យា និងជាសាបនិកវិទ្យាស្ថានវិទ្យាសាស្រ្ត និងសន្តិសុខអន្តរជាតិនៅទីក្រុងវ៉ាស៊ីនតោនបាននិយាយថា “ខ្ញុំមិនជឿថា កូរ៉េខាងជើងមិនទាន់អាចឈានដល់ដំណាក់កាល ដែលអាចការពារក្បាលគ្រាប់នុយក្លេអ៊ែរ នៅពេលបាញ់ទៅដល់ស្រទាប់បរិយាកាសរបស់ផែនដីបានទេ”។

ក្រោយពីការបាញ់បង្ហោះមីស៊ីល និងការសាកល្បងនុយក្លេអ៊ែរកាលពីឆ្នាំ ២០១៦ មក អ្នកសង្កេតការណ៍មួយចំនួនរំពឹងថា ការសាកល្បងនុយក្លេអ៊េរលើកទី៦ របស់កូរ៉េខាងជើងនឹងកើតឡើងនៅដើមខែមករានេះ។ ផ្ទុយទៅវិញ រដ្ឋាភិបាលទីក្រុងព្យុងយ៉ាង បានចំណាយពេលជិតមួយឆ្នាំនេះ សាកល្បងលើមីស៊ីលផ្សេងៗទៅវិញ។ បន្ទាប់ពីការសាកល្បង ICBM លើកទីមួយ និងលើកទីពីរមក កូរ៉េខាងជើងបានគំរាមថា នឹងបាញ់ទៅកាន់តំបន់ជុំវិញ​ កោះ Guam។ ក៏ប៉ុន្តែ រដ្ឋាភិបាលទីក្រុងព្យុងយ៉ាងបាននិយាយថា លោក Kim បានពន្យារពេលលើសេចក្តីសម្រេចចិត្តរបស់គាត់។

លោក Moon Chung-in ទីប្រឹក្សាពិសេសទទួលបន្ទុកកិច្ចការបរទេស និងសន្តិសុខជាតិរបស់ប្រធានាធិបតីកូរ៉េខាងត្បូង បាននិយាយថា “ប្រសិនបើកូរ៉េខាងជើងសាកល្បងអាវុធនុយក្លេអ៊ែរលើកទី៦ ចិននឹងទំនងជាកាត់ផ្តាច់ការផ្គត់ផ្គង់ប្រេងទៅកូរ៉េខាងជើង។ ខ្ញុំមានជំនឿថា ចិនបានព្រមានយ៉ាងខ្លាំងៗទៅកាន់កូរ៉េខាងជើង មិនឱ្យធ្វើការសាកល្បងនុយក្លេអ៊ែរបន្ថែមទៀតទេ”។

ទីតាំងនុយក្លេអ៊េរ Punggye-ri គឺមានរយៈចម្ងាយតែ ១០០ គីឡូម៉ែត្រប៉ុណ្ណោះ ពីព្រំដែនចិន និង ២០០ គីឡូម៉ែត្រពីព្រំដែនរុស្ស៊ី។ ការសាកល្បងលើកមុន បានធ្វើឱ្យប្រទេសចិន និងរុស្ស៊ីមានការខឹងសម្បារជាខ្លាំង ព្រមទាំងបានឱ្យប្រទេសទាំងពីរនេះ គាំទ្រចំណាត់ការរបស់ UN ថែមទៀតផង។

ទោះបីជាយ៉ាងណាក៏ដោយ លោក Kim Jong Un សំឡឹងឃើញថា ការគំរាមអាមេរិក គឺជាកត្តាដ៏សំខាន់ដើម្បីរក្សាអំណាចផ្ទាល់ខ្លួនរបស់គាត់។

សាស្រ្តាចារ្យលោក Yoo Ho-yeol សាស្រ្តាចារ្យផ្នែការទូតនៃសាកលវិទ្យាល័យកូរ៉េបាននិយាយថា “កូរ៉េខាងជើងនឹងសាកល្បងអាវុយនុយក្លេអ៊ែរលើកទី៦ ដើម្បីនាំយកអាមេរិកមកតុចរចា”។ គាត់បន្តថា “ខ្ញុំមិនដឹងពីកាលបរិច្ឆេទច្បាស់លាស់ថា វានឹងកើតឡើងនៅពេលណានោះទេ ក៏ប៉ុន្តែ ការសាកល្បងអាវុធនុយក្លេអ៊ែរលើកទី៦ គឺជាជម្រើសមិនសូវគ្រោះថ្នាក់ ជាងជម្រើសបាញ់មីស៊ីលទៅកាន់កោះ Guam”៕

ប្រភព : Reuters ចុះថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧

រដ្ឋសភា បើកកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ដោយផ្តោតលើរបៀបវារៈចំនួន៣

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង ៩:០០ព្រឹក លោក ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដោយមានរបៀបវារៈចំនួនបី។

របៀបវារៈទាំងនោះរួមមាន៖
១- ការពិនិត្យលើសំណើសុំអនុម័តនូវសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារធ្វើវិសោធនកម្មកិច្ចព្រមព្រៀងក្របខណ្ឌ ស្តីពីកិច្ចសហប្រតិបត្តិករសេដ្ឋកិច្ចទូលំទូលាយ និងកិច្ចព្រមព្រៀងមួយចំនួនទៀតក្រោមកិច្ចព្រមព្រៀងក្របខណ្ឌនេះរវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍(អាស៊ាន) និងសាធារណរដ្ឋប្រជាមានិតចិន។
២- ការពិនិត្យលើសំណើសុំអនុម័តនូវសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មមាត្រា៣៧ មាត្រា៣៨ មាត្រា១០៩ និងមាត្រា១៣៦ នៃច្បាប់ស្តីពីប្រកាសនីយបត្រតក្កកម្មវិញ្ញាបនបត្រម៉ូដែលមានអត្ថប្រយោជន៍និងគំនូរឧស្សាហកម្ម ដែលត្រូវប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០១០៣/០០៥ ចុះថ្ងៃទី២២ ខែកមរា ឆ្នាំ២០០៣។
៣- ការពិនិត្យលើសំណើសុំអនុម័តនូវសេចក្តីស្នើច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពី ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត៕





អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ រៀបចំបើក​វគ្គបណ្តុះបណ្តាល​ស្តីពីការ​ស៊ើបអង្កេត​បទល្មើស​បច្ចេកវិទ្យា​

ភ្នំពេញ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧នេះ បានរៀបចំបើកវគ្គបណ្តុះបណ្តាលស្តីពីការស៊ើបអង្កេតបទល្មើសបច្ចេកវិទ្យា ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ អគ្គស្នងការរងនគរបាលជាតិ តំណាង នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ។
លោក Na Hongyu កុងស៊ុលច្បាប់ស្ថានទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា មានប្រសាសន៍ថា តាមស្ថានភាពនៃបទល្មើសបច្ចេកវិទ្យានៅកម្ពុជា ជាពិសេសនៅខេត្តព្រះសីហនុ ភាគច្រើនជាជនជាតិចិន បានជាប់ពាក់ព័ន្ធពីបទជំរិតទារប្រាក់តាមប្រព័ន្ធទូរស័ព្ទ និងជនជាតិកូរ៉េ បានជាប់ពាក់ព័ន្ធពីបទជំរិតល្បែងស៊ីសងតាមអ៊ីនធឺណេត។
ជាមួយគ្នានេះលោក Na Hongyu ក៏បានថ្លែងការកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីអនុវត្តន៍ច្បាប់របស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ដែលកន្លងមកបានធ្វើកិច្ចការនេះបានយ៉ាងល្អប្រសើរ និងសូមឲ្យយកចិត្តទុកដាក់ចាត់វិធានការស៊ើបអង្កេតឲ្យបានហ្មតចត់ថែមទៀត។
នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ បានវាយតម្លៃខ្ពស់ចំពោះវគ្គបណ្តុះបណ្តាលនាពេលកន្លងមក ក៏ដូចជាវគ្គបណ្តុះបណ្តាលដែលកំពុងចាប់ផ្តើមដំណើរការនាពេលនេះ ដែលនឹងរួមចំណែកយ៉ាងសំខាន់ដល់មន្ត្រីអនុវត្តន៍ច្បាប់អាចបំពេញនូវកិច្ចការរបស់ខ្លួនឲ្យកាន់តែល្អប្រសើរ ព្រមទាំងពង្រីកបាននូវប្រសិទ្ធភាពស្របតាមការវិវឌ្ឍរបស់សង្គម ដើម្បីលើកកម្ពស់សន្តិសុខជាតិ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។
លោកបានបន្តថា វគ្គបណ្តុះបណ្តាលនេះ ជាវគ្គបណ្តុះបណ្តាលដ៏មានសារប្រយោជន៍សម្រាប់មន្ត្រីអនុវត្តន៍ច្បាប់យកធ្វើជាមូលដ្ឋានក្នុងការស៊ើបអង្កេតបទល្មើសបច្ចេកវិទ្យា។
នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ បានបញ្ជាក់ទៀតថា ការស៊ើបអង្កេតបទល្មើសបច្ចេកវិទ្យា មានភាពស្មុគស្មាញដែលត្រូវធ្វើឡើងដោយការប្រើប្រាស់នូវជំនាញបច្ចេកទេស និងការប្រុងប្រយ័ត្នខ្ពស់សម្រាប់បម្រើដល់ការអនុវត្តនីតិវិធីរបស់តុលាការ។
បន្ថែមពីនោះ នាយឧត្តមសេនីយ៍ ក៏បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ត្រូវតែយកចិត្តទុកដាក់ស្តាប់ និងក្រេបយកនូវចំណេះដឹងជំនាញថ្មីៗពីវគ្គបណ្តុះបណ្តាលនេះ ដើម្បីយកទៅបម្រើការងារជាក់ស្តែង និងចែករំលែកនូវចំណេះដឹងដែលទទួលបានដល់មន្ត្រីផ្សេងទៀតនៅក្នុងអង្គភាពរបស់ខ្លួន។

សូមជម្រាបថា វគ្គបណ្តុះបណ្តាលស្តីពីការស៊ើបអង្កេតបទល្មើសបច្ចេកវិទ្យានេះ គឺជាលើកទី២ហើយ ដោយមានការចូលរួមពីសិក្ខាកាមចំនួន៣២រូប មកពីនាយដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាចំនួន១៩រូប នាយកដ្ឋានរដ្ឋបាលទូទៅចំនួន២រូប នាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែនចំនួន២រូប នាយកដ្ឋានចារកម្មចំនួន១រូប នាយដ្ឋានសន្តិសុខផ្ទៃក្នុង ចំនួន៤រូប និងនាយដ្ឋានស៊ើបការណ៍ខាងក្រៅ និងបច្ចេកទេសចំនួន៤រូប ដោយសិក្សាចំនួន ២សប្តាហ៍ ចាប់ពីថ្ងៃទី២១ ខែសីហា ដល់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៧ និងដោយមានការសហការពីទីភ្នាក់ងារនគរបាលជាតិកូរ៉េផងដែរ៕


សមុទ្រចិនខាងត្បូង: វៀតណាមបានចាប់ផ្តើមប្រយុទ្ធតទល់ចិន

នៅពេលនិយាយអំពីដែនទឹកដែលមានជម្លោះនៃសមុទ្រចិនខាងត្បូង មេដឹកនាំរបស់ប្រទេស វៀតណាមត្រូវតែមានអារម្មណ៍ឯកោខ្លាំងណាស់នាបច្ចុប្បន្ននេះ។ ប្រទេសជាប់ជម្លោះនៅអាស៊ីអាគ្នេយ៍របស់ពួកគេបានផ្លាស់ប្តូរផ្លូវដើរ បន្ទាប់ពីជាច្រើនឆ្នាំនៃការបង្កើនភាពតានតឹងជាមួយទីក្រុងប៉េកាំង ឬកំពុងរក្សាភាពស្ងៀមស្ងាត់ ហើយអនុញ្ញាតឱ្យទីក្រុងហាណូយចាប់ផ្តើមតទល់វិញ។
កាលពីខែមិថុនា រដ្ឋាភិបាលវៀតណាមបានបដិសេធការទាមទាររបស់ចិន ដើម្បីបញ្ឈប់ការខួងប្រេងដោយក្រុមហ៊ុន Repsol របស់អេស្ប៉ាញ នៅក្នុងប្លុកប្រេង និងឧស្ម័ននៅលើកោះ Vanguard Bank ជាតំបន់បាតសមុទ្រ ដែលច្បាប់អន្តរជាតិគឺជាតំបន់របស់វៀតណាមទាំងស្រុង។ មួយខែក្រោយមក ទីក្រុងហាណូយបានផ្លាស់ប្តូរផ្លូវដើរ បន្ទាប់ពីទីក្រុងប៉េកាំងបានគំរាមកំហែងប្រើកងកម្លាំងយោធាប្រឆាំងនឹងទីតាំងយោធារបស់ខ្លួនមួយ នៅក្នុងសមុទ្រចិនខាងត្បូង ដែលវៀតណាមហៅថា សមុទ្រខាងកើត។ បច្ចុប្បន្នវៀតណាមអាចនឹងទទួលបានប្រាក់រាប់លានដុល្លារពីក្រុមហ៊ុន Repsol ហើយវានឹងមានការលំបាកក្នុងការបញ្ចុះបញ្ចូលក្រុមហ៊ុនផ្សេងទៀតថា កិច្ចសន្យាសមុទ្ររបស់ខ្លួនណាមួយនោះគឺជម្រើសដ៏វៃឆ្លាត។
តើប្រទេសជិតខាងរបស់វៀតណាម និងសហគមន៍អន្តរជាតិបានឆ្លើយតបយ៉ាងណាចំពោះទង្វើគំរាមកំហែងដោយប្រទេសចិននេះ? ជាមួយនឹងការស្ងៀមស្ងាត់នោះ។ បន្ទាប់ពីការរុញច្រានប្រឆាំងនឹងការបង្ខិតបង្ខំរបស់ចិនអស់រយៈពេលជាច្រើនឆ្នាំមក ប្រទេស ហ្វីលីពីនបានប្រែក្លាយទៅជាអ្នកបរាជ័យ នៅក្រោមរដ្ឋាភិបាលទើបតែបានមួយឆ្នាំរបស់លោកប្រធានាធិបតី Rodrigo Duterte។ ទីក្រុងម៉ានីលបច្ចុប្បន្នមានបំណងចង់ធ្វើពាណិជ្ជកម្មស្ងាត់ស្ងៀមទាក់ទងនឹងការទាម ទារដែនសមុទ្ររបស់ខ្លួន ចំពោះការជួយជ្រោមជ្រែងសេដ្ឋកិច្ចពីទីក្រុងប៉េកាំង។
ប្រទេសម៉ាឡេស៊ី ដែលរដ្ឋាភិបាលរបស់ខ្លួនជាប់ពាក់ព័ន្ធក្នុងការចោទប្រកាន់អំពើពុករលួយនិងកំពុងតែធ្លាក់ចុះទៅក្នុងវិបត្តិសេដ្ឋកិច្ចនៅក្នុងការបោះឆ្នោតទូទៅក្រោយនោះ មានចំណង់តិចតួចចំពោះការប្រឈមមុខគ្នាជាមួយចិន ដែលជាអ្នកឧបត្ថម្ភដ៏សំខាន់។ ហើយប្រទេសឥណ្ឌូនេស៊ីសប្បាយរីករាយក្នុងការប្រកាន់ចំណុចកណ្តាល ប៉ុន្តែមានវិធានការម៉ឺងម៉ាត់ នៅពេលនិយាយអំពីការនេសាទត្រីរបស់ចិននៅក្នុងដែនទឹករបស់ខ្លួន ប៉ុន្តែមិនចាប់ អារម្មណ៍ក្នុងការដើរតួនាទីយ៉ាងសកម្មនៅក្នុងជម្លោះនោះទេ។
សូម្បីតែប្រទេសសឹង្ហបុរី ដែលនៅតែមានការសង្ស័យយ៉ាងខ្លាំង ចំពោះចេតនាយូរអង្វែងរបស់ ចិន ដែលកំពុងតែរក្សាភាពស្ងៀមស្ងាត់របស់ខ្លួន បន្ទាប់ពីទទួលរងការរិះគន់ផ្នែកការទូតយ៉ាងខ្លាំងពីទីក្រុងប៉េកាំង ចំពោះការគាំទ្ររបស់ខ្លួនលើជ័យជំនះរបស់ហ្វីលីពីននៅតុលាការអន្តរជាតិ កាលពីខែកក្កដា។ ការបែកបាក់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍គឺស្ថិតនៅក្នុងការបង្ហាញពេញលេញនៅក្នុងកិច្ចប្រជុំរបស់រដ្ឋមន្រ្តីការបរទេសអាស៊ានកាលពីដើមខែនេះ។
រដ្ឋមន្ត្រីអាស៊ានទាំង ១០ ប្រទេសបានចំណាយពេលជាច្រើនថ្ងៃ ដើម្បីជជែកវែកញែកថា តើជម្លោះនៅសមុទ្រចិនខាងត្បូង គួរតែត្រូវបានដោះស្រាយក្នុងការប្រកាសរួមគ្នាតាមប្រពៃណីរបស់ ពួកគេ ឬយ៉ាងណា។ ប្រទេសហ្វីលីពីនដែលជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលនេះ ហើយប្រទេសកម្ពុជាចង់ដកចេញនូវអ្វីដែលអាចធ្វើឱ្យចិនខឹងសម្បា។ ប៉ុន្តែវៀតណាមឆ្លាតវៃពីព្រឹត្តការណ៍របស់កោះ Vanguard Bank ហើយបានបញ្ចុះបញ្ចូលថា ភាពទន់ភ្លន់ផ្នែកការទូតរបស់ចិនក្នុងមួយឆ្នាំមុននោះ គ្រាន់តែជាកលយុទ្ធពន្យារពេលតែប៉ុណ្ណោះ។
កលយុទ្ធរបស់ខ្លួនត្រូវបានច្រានចោលនៅក្នុងអត្ថបទវិចារណកថារបស់សារព័ត៌មាន China Daily ដែលបានរិះគន់ទីក្រុងហាណូយថា បាន «ព្យាយាមលាក់កំបាំងដើម្បីបញ្ចូលភាសាតឹងរ៉ឹងដែលរិះគន់ទៅលើការសាងសង់កោះរបស់ចិន»។ រឿងមិនសប្បាយចិត្តពីរដែលកើតឡើងជាមួយគ្នា ការបង្ខិតបង្ខំដោយជោគជ័យរបស់ចិនលើកោះ Vanguard Bank និងមតិឯកភាពគ្នារបស់អាស៊ានក្នុងទីក្រុងម៉ានីល បានធ្វើឱ្យទីក្រុងហាណូយត្រូវបានលាតត្រដាង។ ភាពឯកោនោះ ដែលត្រូវបានកសាងអស់ជាច្រើនខែ បានជួយពន្យល់ពីមូលហេតុដែលរដ្ឋ  មន្ត្រីការពារជាតិវៀតណាមលោក Ngo Xuan Lich បានរៀបចំដំណើរទស្សនកិច្ចទៅកាន់ទីក្រុង  វ៉ាស៊ីនតោនបន្ទាប់ពីកិច្ចប្រជុំអាស៊ាន។
បន្ទាប់ពីកិច្ចប្រជុំរបស់គាត់ជាមួយរដ្ឋមន្ត្រីការពារជាតិលោក James Mattis មន្ទីរបានបញ្ចកោណបានប្រកាសថា ភាគីទាំងពីរបានឯកភាពបង្កើនកិច្ចសហប្រតិបត្តិការការពារជាតិ រួមទាំងការពង្រីកកិច្ចសហប្រតិបត្តិការដែនសមុទ្រផងដែរ។ ពួកគេថែមទាំងបានអះអាងថា ផែនការសម្រាប់នាវាផ្ទុកយន្តហោះអាមេរិកនឹងធ្វើទស្សនកិច្ចនៅវៀតណាមនាពេលអនាគត ដែលជារឿង មិននឹកស្មានដល់ទេកាលពីប៉ុន្មានឆ្នាំមុន៕

(ប្រភព : CNN ចុះថ្ងៃទី ២០ ខែសីហា ឆ្នាំ២០១៧)

ក្រសួង​ទេសចរណ៍​ ជម្រុញការ​បណ្តុះបណ្តាល​ និងពង្រឹង​សមត្ថភាព​អ្នកជំនាញ​ទេសចរណ៍​

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧នេះ ក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិ អ្នកជំនាញទេសចរណ៍ បានរៀបចំវគ្គបណ្តុះបណ្តាលជំនាញទទួលស្វាគមន៍ភ្ញៀវក្នុងផ្នែកការិយាល័យជួរមុខ (Provide Accommodation Reception Services) និងជំនាញរៀបចំបន្ទប់ក្នុងផ្នែកគេហកិច្ច (Provide Housekeeping Service to the guest) ស្តង់ដាសមត្ថភាពអាស៊ាន។
វគ្គបណ្តុះបណ្តាលនេះ ក៏មានការចូលរួមពីសិក្ខាកាមដែលជាមន្ត្រីបង្គោលខេត្តកែប កំពត ព្រះសីហនុ និងខេត្តកោះកុង និងតំណាងភាគីឯកជនប្រមាណ ២០រូប ក្រោមកិច្ចសហការជាមួយគម្រោង GMS TIIG No.3194-CAM របស់ធានាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅរមណីយដ្ឋាន ផាម ហោស៍ (Palm House Resort) ខេត្តកែប។
ក្រោយបញ្ចប់វគ្គបណ្តុះបណ្តាលសិក្ខាកាម នឹងត្រូវផ្តល់ការបណ្តុះបណ្តាលបន្តលើជំនាញខាងលើដល់ប្រតិបត្តិករសេវាកម្មទេសចរណ៍តាមបណ្តាខេត្តរបស់ខ្លួន ស្របតាមស្តង់ដាសមត្ថភាពអាស៊ាន។
សូមបញ្ជាក់ផងដែរថា សិក្ខាកាមខាងលើធ្លាប់បានឆ្លងកាត់វគ្គបណ្តុះបណ្តាល គ្រូបង្គោលជាតិសេវាកម្មសណ្ឋាគារ ដែលមានសមត្ថភាពខ្ពស់ក្នុងការផ្តល់ការបណ្តុះបណ្តាលបន្ត ស្របតាមស្តង់ដាសមត្ថភាពអាស៊ាន ក្នុងស្មារតីនៃកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកលើអ្នកជំនាញទេសចរណ៍អាស៊ាន (ASEAN MRA-TP)។
វគ្គបណ្តុះបណ្តាលនេះ បានជួយជម្រុញគាំទ្រដល់ផែនការអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យទេសចរណ៍ ២០១៧-២០២៥ សំដៅធ្វើការបណ្តុះបណ្តាលអ្នកជំនាញឱ្យមានសមត្ថភាព ភាពច្នៃប្រឌិត និងនវានុវត្តន៍ គាំទ្រដល់ការលើកកម្ពស់គុណភាពសេវាកម្ម និងផលិតផលទេសចរណ៍ ព្រមទាំងអាចបំលាស់ទីការងារក្នុងតំបន់ស្របតាមស្មារតីនៃកិច្ចព្រមព្រៀង MRA-TP។

គួររំលឹកថា រហូតមកដល់បច្ចុប្បន្នក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិអ្នកជំនាញទេសចរណ៍ បានធ្វើការបណ្តុះបណ្តាលគ្រូបង្គោល និងអ្នកវាយតម្លៃបង្គោលអាស៊ានចំនួន ៣០រូប និងគ្រូបង្គោល និងអ្នកវាយតម្លៃបង្គោលជាតិចំនួន ៥៤២រូប ដែលបានផ្តល់ការបណ្តុះបណ្តាលបន្តដល់អ្នកជំនាញប្រមាណជាង ២០០០នាក់ ដែលបានចុះឈ្មោះចូលទៅក្នុងប្រព័ន្ធចុះបញ្ជីអ្នកជំនាញទេសចរណ៍អាស៊ាន (ATPRS)៕



លោក Xi របស់ចិនសំឡឹងមើលទៅសមាជគណបក្សដើម្បីពង្រឹងអំណាច

នៅរដូវក្តៅនេះ មេដឹកនាំរបស់ចិនបានរៀបចំកិច្ចប្រជុំចង្អៀតមួយក្រៅផ្លូវការនៅឯរមណីយដ្ឋានឆ្នេរសមុទ្រ មុនពេលសមាជគណបក្សកុម្មុយនីស្តរដូវស្លឹកឈើជ្រុះ ដែលលោក Xi Jinping នឹងចាប់ផ្តើមអាណត្តិរយៈពេល ៥ ឆ្នាំលើកទីពីររបស់គាត់ ជាប្រធានគណបក្ស និងការផ្លាស់ប្តូរដើម្បីពង្រឹងអំណាចរបស់គាត់ ជាមេដឹកនាំដ៏មានឥទ្ធិពលបំផុតរបស់ចិនក្នុងរយៈពេលជាច្រើនទសវត្សរ៍នេះ។
អវត្តមានរបស់មេដឹកនាំកំពូលនៅក្នុងរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋនោះ គឺជាការចង្អុលបង្ហាញជាទូទៅមួយដែលកិច្ចប្រជុំចង្អៀតមួយនៅរមណីយដ្ឋាន Beidaihe ដ៏សម្ងាត់នោះកំពុងដំណើរការ។ កាលពីសប្ដាហ៍មុន ទីភ្នាក់ងារព័ត៌មាន Xinhua ផ្លូវការណ៍បានយកព័ត៌មានអំពីកិច្ចប្រជុំនៅរមណីយដ្ឋានរវាងមេដឹកនាំឃោសនាបក្សលោក Liu Yunshan និងក្រុមវិស្សមកាលនៃអ្នកជំនាញបច្ចេកទេសនោះ បានប្រលយពាក្យថា មេដឹកនាំជាច្រើនបានប្រមូលផ្តុំគ្នានៅផ្ទះសំណាក់ដែលមានការយាមកាមយ៉ាងប្រុងប្រយ័ត្ន និងនៅឆ្នេរសមុទ្រដ៏ស្ងាត់របស់រមណីយដ្ឋាននោះ។ ក្រុមអ្នកវិភាគនិយាយថា ភាពរឹងមាំនៃជំហររបស់លោក Xi ទំនងជាមានន័យថា នឹងកើតឡើង នៅឆ្នាំនេះ នៅឆ្នេរសមុទ្រភាគខាងកើតនៃទីក្រុងប៉េកាំងនឹងក្លាយជាសោះកក្រោះជាងធម្មតា។
លោក Xi អាយុ ៦៤ ឆ្នាំ បាននិងកំពុងបង្កើនអំណាចរបស់គាត់ ហើយផាត់ចោលគូប្រជែង ដែលធ្វើឱ្យគាត់ជាមនុស្សតែមួយគត់ក្នុងការបង្កើតសម្ព័ន្ធមិត្តនៅក្នុងមុខតំណែងកំពូលៗ និងដាក់របៀបវារៈរបស់គាត់ទៅលើការគ្រប់គ្រងរដ្ឋតឹងរ៉ឹង និងផ្នែកការទូតឱ្យមានអំណាច។ នោះហាក់ដូចជារួមបញ្ចូលការជំរុញឱ្យបញ្ចូលទ្រឹស្តីរបស់គាត់ទៅក្នុងរដ្ឋធម្មនុញ្ញរបស់បក្ស ហើយបន្តបង្កើតអំណាចបុគ្គលដែលអាចនឹងអនុញ្ញាតឱ្យគាត់កាន់អំណាចលើសពីអាណត្តិទីពីររបស់គាត់។
លោក Miles Yu Maochun អ្នកឯកទេសផ្នែកនយោបាយចិននៅបណ្ឌិតសភាកងទ័ពជើងទឹកអាមេរិកបាននិយាយថា «ការប្រែប្រួលនៅពេលនេះគឺថា មានការជួញដូរតិចតួចក្នុងចំណោមក្រុមផ្សេងៗ និងការអះអាងមិនច្បាស់លាស់ថែមទៀតនៃមេដឹកនាំកំពូលរបស់ចិន»។ ក្រុមអ្នកវិភាគជឿជាក់ថា នៅឯសមាជគណបក្សនោះ លោក Xi ត្រូវបានគេរំពឹងថា នឹងផ្តល់នូវការថ្លែងដ៏សំខាន់បំផុតដែលជាការផ្ដើមគំនិត ដើម្បីឱ្យគាត់សរសេរទ្រឹស្តីនៅក្នុងរដ្ឋធម្មនុញ្ញបក្ស អំឡុងពេលព្រឹត្តិការណ៍នោះ។ ប្រសិនបើករណីនេះពិតមែន សារៈសំខាន់នៃការផ្លាស់ប្តូរនោះអាច នឹងថា អតីតប្រធានាធិបតីលោក Hu Jintao អាចនឹងបញ្ចូលទ្រឹស្ដីរបស់គាត់ បន្ទាប់ពីការចាកចេញពីតំណែង។ លោក Jiang Jianguo អ្នកនាំពាក្យរដ្ឋាភិបាល និងជាប្រធានការិយាល័យព័ត៌ មានក្រុមប្រឹក្សារដ្ឋ ហាក់ដូចជានិយាយអំពីលទ្ធភាពនេះជាមួយនឹងការកោតសរសើរយ៉ាងពេញ ទំហឹងចំពោះទ្រឹស្តីរបស់លោក Xi ក្នុងមតិយោបល់ថ្មីៗទៅកាន់អ្នកយកព័ត៌មាន។
លោក Jiang បាននិយាយថា «វាគឺជាការនិយាយមួយដែលត្រូវបានបង្កើតឡើងដោយប្រជាជនចិនភាគច្រើនបំផុត និងបានក្លាយទៅជាប្រជាជនចិនសាមញ្ញ ហើយក៏បានក្លាយទៅជាកម្លាំងមួយដែលអាចផ្លាស់ប្តូរពិភពលោកបានផងដែរ»។ វាជាធម្មតាទេដែលយើងប្រើប្រពន្ធនៃការគិតនេះទៅតាមវិធីវិទ្យាសាស្រ្ត និងឱ្យបានត្រឹមត្រូវថែមទៀត។
លោក Jiang ក៏ស្វែងរកការជជែកគ្នាអំពីបុគ្គលលក្ខណៈរបស់លោក Xi ដែលហៅគាត់ថា ជា «មនុស្សសុភាពរាបសា និងឈ្លាសវៃ»។ លោក Jiang បានថ្លែងថា «នៅពេលប្រឈមនឹងបញ្ហា គាត់ចង់ក្លាយជាសិស្សដំបូង ហើយរៀនពីប្រជាជន»។ លោក Xi ក៏បានទទួលជោគជ័យផងដែរក្នុងការរឹតបន្តឹងតួនាទីប្រពៃណីរបស់លោកនាយករដ្ឋមន្ត្រី Li Keqiang ដែលត្រួតត្រាសេដ្ឋកិច្ច តាមរយៈការតែងតាំងទីប្រឹក្សាផ្ទាល់របស់គាត់ ខណៈពេលដែលកាត់ផ្តាច់អំណាចពីក្រុមសម្ព័ន្ធភាពយុវជនចិន ដែលជាកម្មសិទ្ធិរបស់លោក Li និងលោក Hu។
អ្នកស្រី Chen Daoyin អ្នកវិទ្យាសាស្ត្រផ្នែកនយោបាយនៅសាកលវិទ្យាល័យ Shanghai ផ្នែកវិទ្យាសាស្ត្រនយោបាយ និងច្បាប់ បាននិយាយថា ការផ្លាស់ប្តូរបែបនេះគឺជា «សញ្ញាមួយដែលគ្មាននរណាម្នាក់នៅក្នុងគណបក្សនេះអាចប្រជែងនឹងអំណាចរបស់លោក Xi បាននោះទេ»។ លោកស្រី Chen បាននិយាយថា អ្នកដែលបរាជ័យក្នុងការប្តេជ្ញាចិត្តខ្លួនឯងទៅលើភាពជាអ្នកដឹកនាំរបស់លោក Xi ធ្វើដូច្នោះនោះ អាចធ្វើឱ្យពួកគេមានគ្រោះថ្នាក់។
នោះធានាថា លោក Xi មានសិទ្ធិអំណាចក្នុងការធ្វើការតែងតាំងថ្មីទៅកាន់គណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយ។ លោកស្រី Chen បាននិយាយថា «សារដែលនឹងត្រូវបញ្ជូនទៅរមណីយដ្ឋាន Beidaihe នោះ ទាក់ទងនឹងការរៀបចំបុគ្គលគឺគ្រាន់តែជាការជូនដំណឹងមួយ ដើម្បីប្រាប់ដល់អ្នកគ្រប់គ្នាថា អ្វីដែល លោក Xi បានសម្រេចចិត្ត មិនថាអ្នកយល់ព្រម ឬអត់នោះទេ»៕

(ប្រភព : Associated Press ចុះថ្ងៃទី ២០ ខែសីហា ឆ្នាំ២០១៧)

ចៅសង្កាត់បក្សសង្គ្រោះជាតិ ចាក់ដី និងអនុញ្ញាតអោយគេធ្វើផ្ទះល្វែងលប់លើប្រឡាយទឹក!

ចៅសង្កាត់គណបក្សសង្រ្គោះជាតិសង្កាត់ក្រាំងធ្នង់ រាជធានី​ភ្នំ​ពេញ​ បានឱ្យសកម្មជនរបស់ខ្លួនធ្វើរោងនៅដីចំណីប្រឡាយផ្លូវចូលភូមិ ក្រាំងអង្រ្កង២។ នៅ​ពេលមេភូមិចុះទៅឃាត់ និងសួរនាំ ក៏ត្រូវបានកូនប្រសាររបស់ចៅសង្កាត់រូប​នេះជេរប្រ​ទេច​​​​មេភូមិទៀតផង។
ហ្វេសប៊ុកក៏បាន​អោយដឹង​ដែរថា ! រីឯនៅភូមិសំរោងទាវឯណោះវិញ ក៏ចៅសង្កាត់សង្រ្គោះជាតិបានចុះហត្ថលេខាអនុញ្ញាតិឱ្យឈ្មួញសង់ផ្ទះ២៥ល្វែងនៅលើដងផ្លូវចូលភូមិ។ មិនដឹងជាចៅសង្កាត់រូប​នេះ​បានទទួលលុយពីឈ្មួញរកស៊ីប៉ុន្មានទេ បានជាមិនចេះគិតបែបនេះ។ នេះហើយចៅសង្កាត់​ថ្មី​បក្សសង្រ្គោះជាតិ! គឺនាំ​តែការសាង​គ្រោះ​ដល់​ជាតិ​មិន​ចេះ​អស់​ មិន​ចេះ​ហើយ!
បើ​ចៅ​សង្កាត់​បក្ស​សង្គ្រោះ​ជាតិ​ចង់​បាន​តែលុយ ដោយ​មិន​បានគិត​ពិចារណា​អំពី​ផល​ប៉ះ​ពាល់​ដល់​មូលដ្ឋាន​ភូមិ​ឃុំបែប​នេះ ​អាច​នឹង​នាំ​អោយ​ស្ទះ​ប្រព័ន្ធប្រឡាយ​​បង្ហូរទឹកអស់​ហើយ​។ ​ តើ​អំ​ពើល្មើសនេះ គួរ​អត់​អោន​អោយ​ដែរឬ​ទេ?

មិន​គួរ​បណ្តែត​បណ្តោយ​អោយ​ចៅ​សង្កាត់​បក្សសង្គ្រោះ​ជាតិ ​ធ្វើ​អំពើ​អានាធិបតេយ្យ​តាម​តែទំ​នើង​ចិត្ត​ទៀត​នោះ​ទេ។ អាជ្ញាធរដែន​ដី និង​ក្រសួង​មាន​សមត្ថកិច្ច​ត្រូវ​តែចាត់​វិធាន​ការជា​បន្ទាន់៕


អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ អង្គការមិនមែនរដ្ឋាភិបាលបរទេស ដែលធ្វើសកម្មភាពដោយមិនបានចុះបញ្ជីជាទង្វើខុសច្បាប់ ផ្អែកតាមច្បាប់ NGO កម្ពុជា

(ភ្នំពេញ)៖ ខណៈដែលវិទ្យាស្ថានជាតិប្រជាធិបតេយ្យ NDI នៅមិនទាន់បានទទួលការឆ្លើយតបពីក្រសួងការបរទេសលើសំណើសុំចុះបញ្ជីជាផ្លូវការ ប៉ុន្តែអង្គការមួយ នេះនៅតែបន្តសកម្មភាពរបស់ខ្លួនដដែល។ សម្មភាពទាំងនោះត្រូវបានអ្នកនាំពាក្យក្រសួងយុត្តិធម៌ អះអាងថា បើយោងតាមច្បាប់ស្តីពីសមាគម ​និងអង្គការមិនមែន រដ្ឋាភិបាលបានចែងថា អង្គការមិនមែនរដ្ឋាភិបាលបរទេសដែលធ្វើសកម្មភាពដោយមិនបានចុះបញ្ជីជាទង្វើខុសច្បាប់ អាជ្ញាធរ​មានសមត្ថកិច្ច​ត្រូវ​ចាត់​វិធាន​កា​រប​ញ្ឈប់​ជាបន្ទាន់ ដោយផ្អែកតាមច្បាប់ NGO របស់កម្ពុជា។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព បានថ្លែងថា «សមាគម ឬអង្គការមិនមែនរដ្ឋាភិបាលបរទេស ដែលធ្វើសកម្មភាពដោយមិនបានចុះបញ្ជី ជាទង្វើខុសច្បាប់ ដោយផ្អែកតាមច្បាប់ស្តីពីសមាគម ​និងអង្គការមិនមែនរដ្ឋាភិបាលរបស់កម្ពុជា។ អាជ្ញាធរមានកាតព្វកិច្ចចាត់វិធានការគ្រប់បែបយ៉ាង ដើម្បីបញ្ឈប់សកម្មភាពនេះ ហើយសកម្មភាពនេះនឹងទទួលទណ្ឌកម្មព្រហ្មទណ្ឌបន្ថែមទៀត ប្រសិនសកម្មភាពនេះជាអំពើល្មើសព្រហ្មទណ្ឌ! រីឯជនបរទេសដែលកំពុងចូលរួមសកម្មភាពក្នុងសមាគម ឬអង្គការបែបនេះ មិនត្រឹមតែប្រឈមនឹងវិធានការ បណ្តេញចេញប៉ុណ្ណោះទេ គឹត្រូវប្រឈមនឹងទណ្ឌកម្មព្រហ្មទណ្ឌដូចគ្នា ប្រសិនបើខ្លួនបានចូលរួមក្នុងសកម្មភាពដែលជាបទល្មើសព្រហ្មទណ្ឌណាមួយ!»។
មាត្រា៣៤ នៃច្បាប់ស្តីពីសមាគម ​និងអង្គការមិនមែនរដ្ឋាភិបាល បានចែងដូច្នេះថា៖ «អាជ្ញាធរ​មានសមត្ថកិច្ច​ត្រូវ​ចាត់​វិធាន​កា​រប​ញ្ឈប់​ជាបន្ទាន់ ​ចំពោះ​សមាគម ​ឬ​អង្គភាព​មិនមែន​រដ្ឋាភិបាល​បរទេស​ណា​ដែល​ធ្វើ​​សកម្មភាព​ដោយ​មិនបាន​ចុះបញ្ជី ​ឬ​ដែល​ត្រូវ​បាន​​បញ្ចប់​សុពលភាព​អនុស្សរណៈ​ដោយ​​ក្រសួង​បរទេស ​និង​សហប្រតិបត្តិ​ការអន្តរជាតិ​។ ​វិធានការ​បន្ថែម​ទាក់ទង ​នឹង​ការ​បណ្តេញ​ចេញ​ស្របច្បាប់​តាមច្បាប់​អន្តោប្រវេសន៍ ​អាច​ត្រូវ​​បាន​អនុវត្ត​ចំពោះ​ជនបរទេស​ណា ​ដែល​បម្រើការ​ងារ​នៅក្នុង​សមាគម ​ឬ​អង្គការ​មិនមែន​រដ្ឋាភិបាល​បរទេស​​ដែល​ប្រព្រឹត្ត​ល្មើស​ខាងលើ ​ដោយ​ពុំ​ទាន់​គិតដល់​ទោស​ព្រហ្មទណ្ឌ​ផ្សេងទៀត​»។​
សូមជំរាបថា ថ្មីៗនេះក្រោយពីការបែកធ្លាយពីសកម្មភាពអង្គការរបស់អាមេរិក វិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI) ថា បានរៀបចំជួយទំនុកបំរុង និងជ្រោមជ្រែង គណបក្សប្រឆាំងឲ្យផ្តួលរំលំគណបក្សកាន់អំណាចតាមគ្រប់រូបភាពមក, វិទ្យាស្ថានជាតិប្រជាធិបតេយ្យ NDI បានផ្តល់សេចក្តីបំភ្លឺជាច្រើនដល់បណ្តាញព័ត៌មាន Fresh News ជាពិសេសបានឆ្លើយនឹងសំណួររបស់ Fresh News ផ្ទាល់តែម្តងនៅយប់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧។
អង្គភាពព័ត៌មាន Fresh News បានសួរជាសំណួរថា តើ​វិទ្យាស្ថានជាតិប្រជាធិបតេយ្យ NDI បានធ្វើការងារនៅប្រទេសកម្ពុជាជាង២៥ឆ្នាំហើយ ចុះហេតុអីបានជាទើបតែចុះបញ្ជីជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការនៅពេលនេះ?
វិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI) បានលើកឡើងថា៖ «បានដាក់ពាក្យដើម្បីចុះបញ្ជីនៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅខែកញ្ញា ឆ្នាំ២០១៦ ជាការឆ្លើយតបទៅនឹងការអនុម័តច្បាប់ស្តីពីការគ្រប់គ្រងសមាគម និងអង្គការក្រៅរដ្ឋាភិបាល។ ក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិបានទទួលយកពាក្យស្នើសុំរបស់វិទ្យាស្ថានជាតិ NDI នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦។ នៅពេលនេះវិទ្យាស្ថានជាតិ NDI កំពុងតែរង់ចាំនូវការ សំរេចចុងក្រោយ និងកំពុងតែទន្ទឹងរង់ចាំការពិនិត្យយល់ព្រមពីក្រសួងការបរទេស និងសហប្រតិបត្តិការ»។

ប៉ុន្តែនៅថ្ងៃនេះត្រូវបានអ្នកនាំពាក្យក្រសួងយុត្តិធម៌អះអាងថា អង្គការមិនមែនរដ្ឋាភិបាលបរទេស ដែលធ្វើសកម្មភាពដោយមិនបានចុះបញ្ជី ជាទង្វើខុសច្បាប់ អាជ្ញាធរមានកាតព្វកិច្ចចាត់វិធានការគ្រប់បែបយ៉ាងដើម្បីបញ្ឈប់សកម្មភាពនេះ៕

កាសែត Cambodia Daily នឹងអាចបិទ ព្រមទាំងរឹបអូសទ្រព្យសម្បត្តិ បើសិនមិនបង់ពន្ធជូនរដ្ឋ

(ភ្នំពេញ)៖ លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងអះអាងប្រាប់បណ្តាញព័ត៌មាន Fresh News នៅយប់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៧នេះថា កាសែត Cambodia Daily អាចនឹងបិទទាំងស្រុង និងរឹបអូសយកទ្រព្យសម្បត្តិ ប្រសិនបើឱសានវាទ នៃការកំណត់របស់អគ្គនាយកដ្ឋានពន្ធដារ ចូលមកដល់នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៧ខាងមុខនេះ ហើយកាសែតនេះមិនបង់ពន្ធជូនរដ្ឋទេនោះ។

លោក គង់ វិបុល បានថ្លែងបញ្ជាក់ទៀតថា បន្ទាប់ពីអគ្គនាយកដ្ឋានពន្ធដារ កាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៧ បានចេញលិខិត ស្តីពីការកំណត់ពន្ធឡើងវិញ ជូនម្ចាស់កាសែត Cambodia Daily ពីការជំពាក់ថ្លៃពន្ធរយៈពេល១០ឆ្នាំ ចាប់ពីឆ្នាំ២០០៧ ដល់ឆ្នាំ២០១៦ រួចមក, គិតមកដល់ថ្ងៃទី១៩ ខែសីហានេះ កាសែត Cambodia Daily បានធ្វើការតវ៉ាចំនួនពីរលើក។ ដោយលើកទី១ លោកស្រី Krisher-Steele ដែលជាម្ចាស់ថ្មីរបស់ Cambodia Daily បានលើកឡើង ខ្លួនបានទិញក្រុមហ៊ុននេះ ពីឪពុកក្នុងតម្លៃ១០០០ដុល្លារ ដោយមិនបានដឹងពីបញ្ហាបំណុលអ្វីឡើយ។ ប៉ុន្តែការឆ្លើយតបនេះ ត្រូវបានអគ្គនាយកដ្ឋានពន្ធដារ ច្រានចោលទៅវិញ និងបានបញ្ជាក់ជូនថា ការទិញក្រុមហ៊ុន គឺត្រូវទិញទាំងអស់ ទាំងទ្រព្យសម្បត្តិ និងបំណុលផងដែរ ដូច្នេះការឆ្លើយនេះ មិនអាចទទួលយកបានទេ។ ចំណែកលើកទី២ គឺជាការតវ៉ារបស់លោក Bernard Krisher អតីតម្ចាស់កាសែត Cambodia Daily ដោយតវ៉ាជាមួយ អគ្គនាយកដ្ឋានពន្ធដារ ក្រុមហ៊ុនរបស់ខ្លួនជាប្រភេទអង្គការ ក្រៅរដ្ឋាភិបាល (NGO) មិនសំដៅរកប្រាក់ចំណេញឡើយ ប៉ុន្តែការឆ្លើយតបនេះ ត្រូវបានអគ្គយកដ្ឋានពន្ធដារ ច្រានចោលជាថ្មី ព្រោះថា កាសែត Cambodia Daily មានការផ្សព្វផ្សាយពាណិជ្ជកម្មផ្សេង ដែលជាអាជីវកម្ម។
អគ្គនាយកដដែលរូបនេះបានបញ្ជាក់ថា «គិតមកដល់ថ្ងៃទី១៩ ខែសីហានេះ មានការឆ្លើយតបពីកាសែត Cambodia Daily ចំនួន២ដងហើយ ប៉ុន្តែការឆ្លើយតបនោះ គឺសុទ្ធតែមិនអាចទទួលយកបានឡើយ។ ដូច្នេះនៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៧ខាងមុខនេះ ថ្ងៃឧសានវាទចុងក្រោយ បន្ទាប់ពីទុករយៈពេល៣០ថ្ងៃ ដើម្បីធ្វើការតវ៉ាបញ្ហានេះ ចាប់ពីថ្ងៃទី០៤ ខែកញ្ញាតទៅ អគ្គនាយដ្ឋានពន្ធដារនឹងចេញលិខិតផ្លូវការមួយទៀត បញ្ជាក់ថា កាសែត Cambodia Daily ជំពាក់បំណុលពន្ធ ហើយពន្ធដារនឹងចាប់ផ្តើមអនុវត្តន៍ការរឹបអូសពន្ធនេះ»។
លោក គង់ វិបុល បញ្ជាក់ទៀតថា «ចំពោះការអនុវត្តន៍ការរឹបអូសពន្ធនេះ នឹងត្រូវធ្វើតាមច្បាប់សារពើពន្ធ ដោយមាន ការព្យួរអាជ្ញាប័ណ្ណ បង្កកគណនីក្រុមហ៊ុន ផ្អាកការនាំចេញនាំចូល ហើយឈានដល់ការបិទកាសែតទាំងស្រុងតែម្តង ប្រសិនបើកាសែតនេះ មិនបង់ពន្ធជូនរដ្ឋទេនោះ»។
សូមជំរាបថា ឯកសារសំខាន់មួយរបស់អគ្គនាយកដ្ឋានពន្ធដារ ចេញនៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៧ ផ្ញើជូនកាសែតអាមេរិក Cambodia Daily ដោយជូនដំណឹងអំពីការជំពាក់ថ្លៃពន្ធរយៈពេល១០ឆ្នាំ ពីឆ្នាំ២០០៧ ដល់ឆ្នាំ ២០១៦ មានទឹកប្រាក់ 25,756,015,695 រៀល ត្រូវបានបែកធ្លាយនៅលើ បណ្តាញទំនាក់ទំនងសង្គម Facebook របស់លោក អ៊ូ ច័ន្ទរិទ្ធ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ។
នៅក្នុងលិខិតរបស់អគ្គនាយកដ្ឋានពន្ធដារ ដែលចុះហត្ថលេខាដោយលោក ហេង ណារិទ្ធ នៅថ្ងៃទី០៤ ខែសីហា បានសរសេរផ្ញើជូន នាយកសហគ្រាស៖ គឺ ប៊ែណាត គ្រីសឺ ជីម៉ូស្ស ឯ.ក BERNARD KRISHER JIMUSHO Co, LTD. អាស័យដ្ឋានសហគ្រាស៖ លេខ២៩ ផ្លូវ៨៤ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ សហគ្រាសរបស់លោកត្រូវបានពិនិត្យបញ្ជីគណនេយ្យ និងរាល់កិច្ចប្រតិបត្តិការដែលកើតមានក្នុងការិយបរិច្ឆេទគណនេយ្យឆ្នាំ ២០០៧ ដល់ ឆ្នាំ២០១៦ ជំពាក់ពន្ធរដ្ឋ 25,756,015,695 រៀល»។ តាមតួលេខទឹកប្រាក់ប្រហាក់ប្រហែលជាង៦លានដុល្លារសហរដ្ឋអាមេរិក៕



អភិបាលខេត្តកំពង់ធំ៖ យុវជនជាសសរទ្រូងរបស់ប្រទេសជាតិ ដែលត្រូវចូលរួមក្នុងសកម្មភាពអភិវឌ្ឍលើគ្រប់វិស័យ

លោក សុខ លូ អភិបាលខេត្តកំពង់ធំ បានមានប្រសាសន៍ថា យុវជនជាសសរទ្រូងរបស់ប្រទេសជាតិ ដែលត្រូវចូលរួមក្នុងសកម្មភាពអភិវឌ្ឍលើគ្រប់វិស័យ លោកបានលើកឡើងដូចនេះ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ ក្នុងពិធីបើកវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំណេះដឹងទូទៅ និងបំពេញវិជ្ជា នៅវិទ្យាល័យ ហ៊ុន សែន បល្ល័ង្ក ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ លោក សុខ លូ បានឱ្យដឹងថា តាមរយៈការធ្វើកំណែទម្រង់ស៊ីជម្រៅ របស់ក្រសួងអប់រំកន្លងមក ធ្វើឲ្យយន្តការនៃការប្រឡងបាក់ឌុប គឺមានការច្បាស់លាស់ ត្រឹមត្រូវ យុត្តិធម៌ តម្លាភាព ជាពិសេស លទ្ធផលអាចទទួលយកបាន គុណភាពនៃការសិក្សានុសិស្សមានការកើនឡើង ភាគរយនៃការប្រឡងជាប់ក៏កើនឡើងផងដែរ។
សូមជម្រាបផងដែរថា អាជ្ញាធរខេត្តបានរៀបចំការផ្ញើរកង់ម៉ូតូគ្រប់មណ្ឌលប្រឡងទំាងអស់ មិនឲ្យយកលុយទេ ដោយស្នើសុំកម្លំាងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ធំមកជួយ ហើយខេត្តនឹងឧបត្ថម្ភរាល់ការចំណាយផ្សេងរបស់ក្រុមការងារ។ លើសពីនេះទៅទៀត លោកអភិបាលខេត្ត បានអំពាវនាវសូមឲ្យម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ និងភោជនីយដ្ឋានទាំងអស់ មិនត្រូវដំឡើងថ្លៃលើសេវាផ្សេងៗដូចជា សេវាស្នាក់នៅ និងហូបចុកនោះទេ៕





ស្របពេល NDI កំពុងក្លាយជាប្រធានបទជជែកគ្នាលើបញ្ហាមិនបានចុះបញ្ជីការនៅក្រសួងការបរទេស, ស្រាប់តែអគ្គនាយកដ្ឋានពន្ធដារប្រកាសថា អង្គការមួយនេះក៏មិនបានចុះបញ្ជីព​ន្ធដារដែរ !

(ភ្នំពេញ)៖ ស្របពេលដែលបញ្ហាវិទ្យាស្ថានជាតិប្រជាធិបតេយ្យ ហៅកាត់ថា NDI កំពុងក្លាយជាប្រធានបទក្តៅគគុកជុំវិញការមិនបានចុះបញ្ជីការផ្លូវច្បាប់ នៅក្រសួងការបរទេសកម្ពុជា ស្រាប់តែពេលនេះអគ្គនាយកដ្ឋានពន្ធដារក៏បានចេញប្រកាសថា វិទ្យាស្ថានជាតិប្រជាធិបតេយ្យ NDI ដែលផ្តល់ថវិកាដោយ អាមេរិកាំងហើយបាននឹងកំពុងធ្វើសកម្មភាពនៅកម្ពុជាមួយនេះ ក៏មិនបានចុះបញ្ជីនៅរដ្ឋបាលសារពើពន្ធរបស់នាយកដ្ឋានពន្ធដារផងដែរ។
ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ លោក គង់ វិបុល បានធ្លាប់ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅយប់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៧នេះថា «តាមការពិនិត្យផ្ទៀងផ្ទាត់ក្នុងប្រព័ន្ធគ្រប់គ្រងការចុះបញ្ជីពន្ធដារ អគ្គនាយកដ្ឋានពន្ធដារពិនិត្យឃើញថា អង្គការ NDI មិនបានមកចុះបញ្ជីនៅរដ្ឋបាលសារពើពន្ធឡើយ។ ដូច្នេះអគ្គនាយកដ្ឋានពន្ធដារយល់ឃើញថា មិនគួរអនុញ្ញាតផ្តល់អាជ្ញាប័ណ្ណ ឬចុះអនុស្សរណនៃការយោគយល់គ្នា ជាមួយអង្គការនេះ នោះទេ ព្រោះថាផ្អែកលើទិដ្ឋភាពច្បាប់ និងបទប្បញ្ញត្តិស្តីពីសារពើពន្ធ អង្គការនេះបានប្រព្រឹត្តខុស ដោយមិនបានមកចុះបញ្ជីពន្ធដារ ស្របតាមច្បាប់ជាធរមាន»។
មន្រ្តីកំពូលនៃអគ្គនាយកដ្ឋានពន្ធដារ ដដែលរូបនោះបានអះអាងថា «មាត្រា១០១ នៃច្បាប់ស្តីពីសារពើពន្ធ ដែលបានប្រកាសដោយព្រះរាជក្រមចុះថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ១៩៩៧ បានចែងថា បុគ្គលទាំងឡាយត្រូវទៅចុះបញ្ជីនៅរដ្ឋបាលសារពើពន្ធក្នុងអំឡុង១៥ថ្ងៃ ក្រោយពីបុគ្គលនោះចាប់ធ្វើសកម្មភាពសេដ្ឋកិច្ច»។
មាត្រា១២៨ តាមច្បាប់ស្តីពីសារពើពន្ធបានក៏ចែងដែរថា «ការមិនបានចុះបញ្ជីនៅរដ្ឋបាលសារពើពន្ធ ត្រូវចាត់ទុកថា ជាអំពើរាំងស្ទះក្នុងការអនុវត្តបទប្បញ្ញាត្តិ ស្តីពីពន្ធដារ។ ការដែលធ្វើឲ្យរាំងស្ទះដល់ការគ្រប់គ្រងប្រព័ន្ធសារពើពន្ធដូចមានចែងក្នុងមាត្រា១២៨ នៃច្បាប់នេះ ត្រូវចាត់ទុកថា បានប្រព្រឹត្តបទល្មើស ផ្នែកព្រហ្មទ័ណ្ឌលើបទប្បញ្ញត្តិស្តីពីពន្ធដារ»។
សូមជំរាបថា ជុំវិញការមិនបានចុះបញ្ជីការតាមផ្លូវច្បាប់នៅក្រសួងការបរទេសកម្ពុជា របស់វិទ្យាស្ថានជាតិប្រជាធិបតេយ្យ ហៅកាត់ថា NDI ត្រូវបាន លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ អះអាងថា បើយោងតាមច្បាប់ស្តីពីសមាគម ​និងអង្គការមិនមែន រដ្ឋាភិបាលបានចែងថា អង្គការមិនមែនរដ្ឋាភិបាល បរទេសដែលធ្វើសកម្មភាពដោយ មិនបានចុះបញ្ជីជាទង្វើខុសច្បាប់ អាជ្ញាធរ​មានសមត្ថកិច្ច​ត្រូវ​ចាត់​វិធាន​កា​រប​ញ្ឈប់​ជាបន្ទាន់ ដោយផ្អែកតាមច្បាប់ NGO របស់កម្ពុជា។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព បានថ្លែងថា «សមាគម ឬអង្គការមិនមែនរដ្ឋាភិបាលបរទេស ដែលធ្វើសកម្មភាពដោយមិនបានចុះបញ្ជី ជាទង្វើខុសច្បាប់ ដោយផ្អែកតាមច្បាប់ស្តីពីសមាគម ​និងអង្គការមិនមែនរដ្ឋាភិបាលរបស់កម្ពុជា។ អាជ្ញាធរមានកាតព្វកិច្ចចាត់វិធានការគ្រប់បែបយ៉ាងដើម្បីបញ្ឈប់ សកម្មភាពនេះ ហើយសកម្មភាពនេះនឹងទទួលទណ្ឌកម្មព្រហ្មទណ្ឌបន្ថែមទៀត ប្រសិនសកម្មភាពនេះជាអំពើល្មើសព្រហ្មទណ្ឌ! រីឯជនបរទេសដែលកំពុងចូលរួម សកម្មភាពក្នុងសមាគម ឬអង្គការបែបនេះ មិនត្រឹមតែប្រឈមនឹងវិធានការ បណ្តេញចេញប៉ុណ្ណោះទេ គឹត្រូវប្រឈមនឹងទណ្ឌកម្មព្រហ្មទណ្ឌដូចគ្នា ប្រសិនបើខ្លួនបានចូលរួមក្នុងសកម្មភាពដែលជាបទល្មើសព្រហ្មទណ្ឌណាមួយ!»។

មាត្រា៣៤ នៃច្បាប់ស្តីពីសមាគម ​និងអង្គការមិនមែនរដ្ឋាភិបាល បានចែងដូច្នេះថា៖ «អាជ្ញាធរ​មានសមត្ថកិច្ច​ត្រូវ​ចាត់​វិធាន​កា​រប​ញ្ឈប់​ជាបន្ទាន់ ​ចំពោះ​សមាគម ​ឬ​អង្គភាព​មិនមែន​រដ្ឋាភិបាល​បរទេស​ណា​ដែល​ធ្វើ​​សកម្មភាព​ដោយ​មិនបាន​ចុះបញ្ជី ​ឬ​ដែល​ត្រូវ​បាន​​បញ្ចប់​សុពលភាព​អនុស្សរណៈ​ដោយ​​ក្រសួង​បរទេស ​និង​សហប្រតិបត្តិ​ការអន្តរជាតិ​។ ​វិធានការ​បន្ថែម​ទាក់ទង ​នឹង​ការ​បណ្តេញ​ចេញ​ស្របច្បាប់​តាមច្បាប់​អន្តោប្រវេសន៍ ​អាច​ត្រូវ​​បាន​អនុវត្ត​ចំពោះ​ជនបរទេស​ណា ​ដែល​បម្រើការ​ងារ​នៅក្នុង​សមាគម ​ឬ​អង្គការ​មិនមែន​រដ្ឋាភិបាល​បរទេស​​ដែល​ប្រព្រឹត្ត​ល្មើស​ខាងលើ ​ដោយ​ពុំ​ទាន់​គិតដល់​ទោស​ព្រហ្មទណ្ឌ​ផ្សេងទៀត​»។​

ពិធីតែងតាំងជាផ្លូវការ មេបញ្ជាការកងរាជអាវុធហត្ថថ្មី ប្រចាំខេត្តមណ្ឌលគិរី ខណៈមេបញ្ជាការចាស់ ត្រូវផ្លាស់ទៅខេត្តកំពង់ឆ្នាំងវិញ

មណ្ឌលគិរី៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧នេះ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសមុខងារ មេបញ្ជាការអាវុធហត្ថខេត្តមណ្ឌលគិរី។

ពិធីប្រកាសនោះ លោក  ហែម បូណារ៉ែល នាយការិយាល័យការពារសន្តិសុខផ្ទៃក្នុង កងរាជអាវុធហត្ថលើ ផ្ទៃប្រទេស ត្រូវបានតែងតាំងជា មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ជំនួសលោក សាក់ សារ៉ាង ដែលត្រូវផ្ទេរទៅជា មេបញ្ជាការអាវុធហត្ថខេត្តកំពង់ឆ្នាំងវិញ៕








លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជូនពរចៅៗ និងក្មួយៗសិស្សានុសិស្សប្រឡងជាប់គ្រប់គ្នា!

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា ថ្ងៃដ៏សំខាន់បំផុតសម្រាប់ចៅៗ និងក្មួយៗត្រៀមបញ្ចប់ថ្នាក់ទី១២ បានមកដល់ហើយ។ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧នេះ ជាថ្ងៃប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សូមចៅៗ និងក្មួយៗសិស្សានុសិស្សទាំងអស់យកចិត្តទុកដាក់ក្នុងការប្រឡង កុំមានការភ័យខ្លាច ប៉ុន្តែត្រូវគោរពវិន័យ និងបទបញ្ញត្តិប្រឡងអោយបានត្រឹមត្រូវ ព្រោះអ្នកចេះ គឺជាប់។ នេះបើយោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧នេះ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានថ្លែងអំណរគុណដល់លោកគ្រូ អ្នកគ្រូ មន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់ មន្ត្រីសង្កេតការណ៍នៃអង្គភាពប្រឆាំងអំពើពុករលួយប្រចាំមណ្ឌល និងអាជ្ញាធរដែនដីទទួលផែនសន្តិសុខ និងសណ្ដាប់ធ្នាប់ ដែលបានចូលរួមសហការគ្នា ដើម្បីអោយដំណើរការនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិថ្ងៃនេះ ប្រព្រឹត្តិទៅដោយរលូន និងមានតម្លាភាព។

លោកនាយករដ្ឋមន្ត្រី ក៏បានជូនពរចៅៗ និងក្មួយៗសិស្សានុសិស្ស ទទួលបានជោគជ័យនៅក្នុងការប្រឡងថ្ងៃនេះគ្រប់ៗគ្នា៕