Friday, March 07, 2014

បទអត្ថាធិប្បាយ៖ គំរូ​កម្ពុជា ក្នុងទិវា​​អន្ដរ​ជាតិនារី ៨ មីនា

ដោយៈ សម សូនី
ថ្ងៃ​ទី៨ ខែមីនា ឆ្នាំ២០១៤ នេះ ប្រទេស​នានា​ក្នុង​ពិភព​លោក ប្រារព្ធ​​ខួបទី​១០៣ ទិវា​​អន្ដរ​ជាតិនារី ដើម្បី​​សម្ដែង​នូវ​ការ​គោរពដឹងគុណ រួមទាំង​សេចក្ដី​ស្រឡាញ់ និងអបអរ​សមិទ្ធ​ផល​ទាំងឡាយ ដែល​នារី​​សម្រេច​បាន ទាំង​ផ្នែក​សេដ្ឋ​កិច្ច​ សង្គម​កិច្ច និង​នយោបាយ​។

​សារ​របស់ឯកឩត្តម បាន គី-មូន អគ្គ​លេខា​ធិការ​អង្គការ​សហប្រជាជាតិ មានខ្លឹមសារថាៈ​ខ្ញុំចង់​និយាយ​ទៅ​កាន់​ស្ដ្រី និង យុវនារីគ្រប់​រូប​ នៅលើ​ពិភព​លោក​ថាៈ ការ​គោរព​សិទ្ធិ​មនុស្ស និង​សមភាព​យេន​ឌ័រ ​មិនមែនជាគោល​ដៅ​ដែលមិនអាច​សម្រេចបាន​នោះ​ទេ។ ក៏ប៉ុន្តែ នេះ​ជា​ការងារ​ដែល​ពាក់ព័ន្ធ​ទៅ​លើ​ការ​យក​ចិត្តទុក​ដាក់​របស់​រដ្ឋាភិបាល អង្គការ​សហ​ប្រជាជាតិ និង​មនុស្ស​​ជាតិ​​គ្រប់​ៗ​រូប ដើម្បី​ធានា​ឲ្យបាន​ថា​​  គោល​ដៅ​នេះអាច​ក្លាយ​ទៅ​ជា​ការ​ពិត” 

ឆ្លងតាមសារបស់អគ្គ​លេខា​ធិការ​អង្គការ​សហប្រជាជាតិនេះ ​​កម្ពុជា​បាន​ឈាន​មុខ​ជាស្រេច។ យើងបាន​ឃើញ​ការ​លូត​លាស់​គួរ​ជា​ទី​មោទនៈ​​ ក្នុងវិស័យ​នយោបាយ ដែល​ស្រ្តី​ខ្មែរជាច្រើនរូប​  មានតួនាទីជាថ្នាក់ដឹកនាំ និងជាសមាជិកានៅក្នុងស្ថាប័ន​រដ្ឋ​សភា ព្រឹទ្ធ​សភា ​​រាជ​រដ្ឋាភិ​បាល​ និងនៅក្នុងក្រុម​ប្រឹក្សា​ឃុំ-សង្កាត់រាប់​ពាន់​នាក់​ទូទាំង​ប្រទេស ដែលនេះ​បាន​បង្ហាញ​ឲ្យឃើញនូវការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់ទៅលើ ការ​គោរព​សិទ្ធិ​មនុស្ស និង​សមភាព​យេន​ឌ័រ  របស់​រាជ​រដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដែល​​មាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។

 ប៉ុន្ដែ​អ្វី​ដែលយើងគួរ​ចាប់​អារម្មណ៍ និង​រំភើ​ប​យ៉ាង​ក្រៃ​លែង​នោះគឺ​ សកម្ម​ភាព​​ជា​គំរូ ដែល​​មិន​គ្រាន់​​តែ​សម្រាប់​ស្ត្រី​ខ្មែរ​ទូទាំង​ព្រះរាជាណាចក្រកម្ពុជា​ប៉ុណ្ណោះ​ទេ តែ​ជា​គំរូ​សម្រាប់​គ្រប់​ស្ត្រី​ទូទាំង​តំបន់​ និង​​ពិភព​លោក​ទាំង​មូលផងដែរ ដែលនោះ​គឺ ស្រ្ដី​ទី១នៃកម្ពុជា 
នាថ្ងៃ​ទី៨ ខែឧសភា ឆ្នាំ​២០១៣ កន្លង​ទៅ​នេះ ស្ដ្រី​ទី​១នៃកម្ពុជា បាន​ទទួល​គោរម​ងារ​​ជា​ សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ដែល​ប្រោស​ព្រះរាជទាន​ដោយ​ ព្រះ​ករុណា​ ​សម្ដេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហា​ក្សត្រនៃព្រះរាជាណាចក្រកម្ពុជា

សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ក្នុងតួនាទីជា ប្រធាន​កាកបាទ​ក្រហមកម្ពុជា បានដឹកនាំ​ស្ថាប័នមនុស្សធម៌​ឯករាជ្យ​មួយ​នេះ ឲ្យក្លាយទៅជាសមាគមជាតិគំរូ​លើឆាកអន្តរជាតិ រហូត​ទទួលបានគោរមងារ​ជា ឥស្សរជន​ឆ្នើ​ម​ថ្នាក់​ជាតិ នៃវេទិកាភាពជា​អ្នក​ដឹក​នាំ​​​តំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតប​មេរោគអេដស៍-ជំងឺអេដស៍នៅកម្ពុជា  និងជា ឥស្សរជន​​ឆ្នើ​ម​ថ្នាក់​​​ជាតិ នៃ​ផែន​ការ​សកម្ម​ភាពរួម​ អគ្គ​លេខា​ធិការ​អង្គការ​សហប្រជា​ជាតិ ដើម្បី​សុខ​ភាព​ស្ដ្រី និងកុមារ  ហើយ​ដែល​​​​​ក្នុង​តួ​នាទី​ដ៏​សំខាន់​ទាំងពីរនេះ សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បាន​ជួយ​ធ្វើ​ឲ្យអត្រា​ស្លាប់​ដោយសារ​ជំងឺ​អេដស៍​ អត្រា​ឆ្លង​ជំងឺ​អេដស៍ និង​អត្រា​ចម្លង​មេ​រោគ​អេដស៍​​ពី​មាតា​ទៅ​ទារក ព្រមទាំង​អត្រា​ស្លាប់​​របស់​មាតា ទារក និងកុមារ នៅ​កម្ពុជា​ថយ​ចុះពី​មួយឆ្នាំទៅមួយឆ្នាំ។

ក្រោមការដឹកនាំ​ប្រកប​ដោយ​គតិ​បណ្ឌិត​របស់ សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត កាកបាទ​ក្រហម​កម្ពុជា មាន​សមាជិក-សមាជិកា ​យុវជនកាកបាទក្រហម និង​អ្នក​ស្ម័គ្រ​ចិត្ត​រាប់ម៉ឺននាក់ ​រួម​ចំណែក​​​​បំរើសកម្ម​​ភាព​មនុស្ស​ធម៌​ រួមទាំងស្នា​ដៃ​ដ៏​ធំ​ធេង​​​ក្នុង​ការ​​គៀងគររកមូលនិធិ​ពី​សប្បុ​រ​ស​ជន​ទាំងក្នុង និង​ក្រៅ​ប្រទេស ដើម្បីជួយ​ដល់​ជនរង​គ្រោះដោយគ្រោះមហន្តរាយនានា ជនចាស់ជរា​គ្មានទីពឹង ស្ត្រីមេម៉ាយ ជនពិការ អ្នកមានជំងឺអេដស៍ កុមារកំព្រា និងជនភៀសសឹក រាប់​សែន​នាក់ បាន​ទាន់​ពេល​វេលា រហូតទទួល​បាន​ការ​គាំទ្រ​ទាំង​នៅ​ក្នុង​សង្គម​កម្ពុជា និង​ទាំង​លើ​ឆាក​អន្ដរ​ជាតិ ។​​​​

ក្នុង​តួនាទី​ជា​ស្ដ្រី​ទី​១ សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត តែង​តែ​គាំទ្រ​ជា​និច្ច​ដល់​រាល់​សកម្ម​ភាព​​របស់​ សម្ដេច​អគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ដ្រី​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា ក្នុង​ការ​ដឹកនាំ​យ៉ាង​អង់​អាច​ក្លាហាន​ យ៉ាង​ស្វាមីភ័ក្ដិ​ ជា​អ្នក​រំដោះ​ប្រទេស​ជាតិ ស្នេហា​ជាតិ ការ​ពារ​ជាតិ និង​សាសនា គាំពារ​យ៉ាង​ខ្ជាប់​ខ្ជួន​នូវ​មាគ៌ា​នយោបាយ​បង្រួបបង្រួម​ជាតិ ផ្សះផ្សា​ជាតិ អភិវឌ្ឍ​ប្រទេស​ជាតិ និង​សុខមាល​ភាព​ប្រជាពលរដ្ឋ ។

សកម្មភាពដ៏ក្លាហាន ដែល​គេ​ស្ទើរ​តែ​ភ្លេច​បាត់​ទៅ​ហើយនោះគឺ​ ស្រ្ដី​ទី១នៃកម្ពុជា បាន​លះ​បង់​ពេល​វេលា​ចូល​រួម​ដ៏​អង់​អាច​ក្លាហាន​ ដឹកនាំ​ភរិយា​ថ្នាក់ដឹកនាំ​ជា​ច្រើន​រូប រួម​ទាំង​​មន្ដ្រី​អ្នក​មុខ-អ្នក​ការ យោធា និង​ស៊ី​វិល ធ្វើដំណើរទៅកាន់ប្រាសាទ​ព្រះវិហារ ដើម្បី​ធ្វើ​ការ​បួង​សួង​សុំ​សន្ដិ​ភាព​ដល់​​ប្រទេស និង​ប្រជាជន​កម្ពុជា ពិសេស​ដើម្បី​បង្ក្រាប​នូវ​ឥទ្ធិពល​របស់​កង​កម្លាំង​​យោធា​​ថៃ​ ដែល​បាន​វាយ​ប្រហារ​មក​លើ​កម្ពុជា ត្រង់​តំបន់​ដែល​ថៃ​ហៅ​ថា តំបន់​ជម្លោះ ។

សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិតបានបំពេញតួនាទីជាភរិយាដ៏ឩត្តុង្គឩត្តម និងតួនាទីជា​មាតា ដែលបាន​បង្កើត ចិញ្ចឹ​បីបាច់​ថែរក្សា​ និង​អប់​រំ បុត្រា-បុត្រី ប្រកប​ដោយ​ព្រហ្មវិហារធម៌​ដែល​បានញ៉ាំង​ឲ្យ​បុត្រា-បុត្រីគ្រប់​រូប ដើរ​តាម​គន្លង​ធម៌​របស់​​មាតា​-បិតា និង​ទទួល​ជោគ​ជ័យ​រៀង​ៗខ្លួន ក្នុង​ការ​ចូលរួម​ចំណែក​អភិវឌ្ឍ​មាតុភូមិកម្ពុជា ។​

គោរម​ងារ​​ជា​ សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន គឺ​ជា​គោរមងារ​ប្រកប​ដោយ​កិត្តិយស​ដ៏ខ្ពង់ខ្ពស់សម្រាប់ ស្រ្ដី​ទី១នៃកម្ពុជា ​ដែលបានបំពេញ​តួនាទីទាំង​បី ប្រកប​ដោយ​ជោគជ័យ គឺ ​ ​ជា​ភរិយា​ដ៏ឧត្ដុង្គឧត្ដមនៃ​អ្នក​ដឹកនាំ​ប្រទេស​ផង ជា​ប្រធាន​​​​​ស្ថាប័ន​មនុស្ស​ធម៌​ដ៏​ធំ​ជាង​គេ​បំផុត​នៅ​ក្នុង​ប្រទេស​ផង និង​ជាមាតា​ម្នាក់​ផង។ ប្រជាជន​ខ្មែរគ្រប់រូប មានមោទនភាពក្រៃលែង ដែលមានស្ត្រីទីមួយជាគំរូម្នាក់ សម្រាប់ផ្សព្វផ្សាយទៅ​នារី​ទាំង​ក្នុង​ប្រទេស ទាំងលើឆាកអន្តរជាតិក្នុងឱកាស ទិវា​​អន្ដរ​ជាតិនារី ៨ មីនានេះ

( កំណត់ចំណាំៈ បទអត្ថាធិប្បាយខាងលើនេះ ជាទស្សនៈផ្ទាល់របស់អ្នកនិពន្ធសុទ្ធសាធ )
------