Friday, August 12, 2022

សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បន្តអញ្ជើញចូលរួមបុណ្យខួបគម្រប់ ១០០ថ្ងៃ ឧទ្ទិសដល់វិញ្ញាណក្ខន្ធ សម្តេចឧត្តមទេពញាណ ហ៊ុន ណេង

នៅថ្ងៃសុក្រ ១៥កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ២៥៦៦ ត្រូវនិងថ្ងៃ១២ ខែសីហា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងគ្រួសារសាច់សាលោហិត បានបន្តប្រារព្វពិធីបុណ្យគម្រប់ខួប ១០០ថ្ងៃ ឧទ្ទិសមហាកុសលជូនដល់ដួងវិញ្ញាណក្ខន្ធ សម្តេចឧត្តមទេពញាណ ហ៊ុន ណេង ដែលជាថ្ងៃទី២នៃបុណ្យ។  



ពិធីបុណ្យនាថ្ងៃទី២នេះ មានការនិមន្ត សម្តេចព្រះពោធវង្ស អំ លឹមហេង ព្រះសង្ឃនាយករងទី១ សម្តេចព្រះវ័ន្តរត្ន ណយ ច្រឹក ព្រះសង្ឍនាយករងទី២ សម្តេចព្រះឧត្តមវង្សា មួង រ៉ា ព្រះសង្ឃនាយករងទី៣ នៃព្រះរាជាណាចក្រកម្ពុជា សម្តេចព្រះរាជាគណៈ និងមន្រ្តីសង្ឃជាន់ខ្ពស់ ៩ព្រះអង្គ ចំរើនព្រះបរិត្ត នមស្សការព្រះរតនត្រ័យ និងសមាទាននិច្ចសិល តាមគន្លងប្រពៃណីសាសនា។ 

បន្ទាប់ពីប្រារព្វកិច្ចតាមប្រពៃណីសាសនារួចមក អង្គពិធីទាំងមូលបានអារាធនាសម្តេចព្រះសង្ឃនាយករង សម្តេច ព្រះរាជាគណៈ ព្រះសង្ឃ រាប់បាត្រវេរភត្តាហារ ថ្វាយប្រគេន សម្តេចព្រះសង្ឃនាយករង សម្តេច ព្រះរាជាគណៈ ព្រះសង្ឃ។ សម្តេច ឯកឧត្តម លោកជំទាវ កូន ចៅទាំងអស់ បានធ្វើបទនមសិកា ព្រះរតនត្រ័យ ដើម្បីរំលឹកដល់គុណបុណ្យ ព្រះសម្មាសម្ពុទ្ធ ព្រះបរម គ្រួនៃយើង ដែលព្រះអង្គត្រាសដឹងនូវអនុត្តរះសម្មាសម្ពុទ្ធធិញាណ និងព្រះធម៌វិន័យ ដ៏វិសេសវិសាល បន្សល់ទុកឲ្យពុទ្ធបរិស័ទគ្រប់ជំនាន់ គោរពប្រតិបត្តិជារៀងដរាប រហូតមកដល់បច្ចុប្បន្ននិងទៅអនាគត។ នៅក្នុង ពិធីតាមបែបសាសនានោះដែរ សម្តេចព្រះសង្ឃនាយករង សម្តេចព្រះរាជាគណៈ និង ព្រះសង្ឃទាំង៧៤ព្រះអង្គ បានប្រោសព្រំប្រសិទ្ធពរជ័យបវរមហាប្រសើរ ជូនដល់ វិញ្ញាណក្ខន្ធ សម្តេចឧត្តមទេពញាណ ហ៊ុន ណេង ដែលបានធ្វើកម្មកិរិយា លាចាកលោក យើងនេះ ទៅកាន់លោកខាងមុខហើយនោះ បានយោងយិតទៅចាប់បដិសន្ធិក្នុងឋាន បរមសុខ សុគតិភព កុំបីឃ្លាងឃ្លាតដោយប្រការណាមួយឡើង និងម៉្យាងវិញទៀត តាម អំណាច នៃពិធីបុណ្យគម្រប់ខួប១០០ថ្ងៃនេះដែរ សម្តេចព្រះសង្ឃនាយករង សម្តេច ព្រះ រាជាគណះ និងព្រះសង្ឃទាំង៧៤អង្គ បានប្រសិទ្ធពរដល់ទសបារមីវត្ថុស័ក្តិសិទ្ធ ទេវតា ថែរក្សាក្នុងលោក សូមតាមជួយគាំពារថែរក្សាការពារ សម្តេចតេជោនាយករដ្ឋមន្រ្តី និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងក្រុមគ្រួសារទាំងអស់របស់ សម្តេចឧត្តមទេពញាណ ហ៊ុន ណេង សូមមានរិទ្ធីបារមីខ្លាំងពូកែ ឈ្នះអស់មាសត្រូវ ដើម្បីបន្តស្ថិតនៅជាអ្នកដឹកនាំ ដ៏ ឆ្នើមនៅកម្ពុជា ដើម្បីថែរក្សាការពារសុខសន្តិភាព និងការអភិវឌ្ឍប្រទេសកម្ពុជា ឲ្យកាន់ តែមានភាពរីកចម្រើនរុងរឿង ចាប់តាំងពីពេលនេះជាយូរអង្វែងតរៀងទៅ ពិសេសសូម សមប្រកបតែពុទ្ធពរទាំងឡាយបួនប្រការ និងប្រកបដោយភាពត្រជាក់ត្រជុំចំរ៉ុងចំរើន គ្រប់ក្រុមគ្រួសារចាប់តាំងពីពេលនេះតរៀងទៅ។ 

បើតាមជីវប្រវត្តិរបស់ សម្តេចឧត្តមទេពញាណ ហ៊ុន ណេង បានឲ្យដឹងថា សម្តេចមានឈ្មោះដើម ហ៊ុន ឡុងសេង ប្របានសូត្រនៅថ្ងៃទី២ ខែមេសា ឆ្នាំ១៩៥០ ត្រូវនឹងថ្ងៃអាទិត្យ ១៥កើត ខែចេត្រ ឆ្នាំឆ្លូវ ពុទ្ធសករាជ២៤៩៣ នៅភូមិពាមក្រៅ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នៅក្នុងគ្រួសារកសិករ ដែលមានឪពុកឈ្មោះ ហ៊ុន នាង និងម្តាយឈ្មោះ ឌី ប៉ុក។ សម្តេចជាកូនទី២ ក្នុងចំណោមបងប្អូនប្រុសស្រី៦នាក់។ សម្តេចឧត្តមទេពញាណ ហ៊ុន ណេង បានទទួលមរណភាពនៅវេលាម៉ោង ១៨និង២៥នាទី ថ្ងៃព្រហស្បតិ៍ ៥កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ២៥៦៥ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ ក្នុងជន្មាយុ៧២ឆ្នាំ ដោយជំងឺបេះដូង៕

អង្គភាពព័ត៌មាន និងប្រតិកម្មរហ័សបញ្ចេញផ្សាយវីដេអូ ៖ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាននិងកិច្ចប្រជុំពាក់ព័ន្ធឆ្លុះបង្ហាញពីមោទនភាពជាតិខ្មែរ»

 

កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៥ និងកិច្ចប្រជុំពាក់ព័ន្ធដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានបិទបញ្ចប់ ដោយជោគជ័យដែលបាននាំមកនូវមហាកិត្តិយសសម្រាប់កម្ពុជាក្នុងការរៀបចំព្រឹត្តិការណ៍លំដាប់អន្តរជាតិនេះបានប្រកបដោយផ្លែផ្កា ទោះបីជាពិភពលោក កំពុងស្ថិតក្រោមសម្ពាធនៃកូវីដ ១៩ផង និងភាពតានតឹងជាច្រើនទៀត ដែលពុំធ្លាប់មានពីមុនក៏ដោយ។ នេះគឺជាមោទនភាពដ៏ធំធេងណាស់សម្រាប់ប្រទេសជាតិនិងប្រជាពលរដ្ឋខ្មែរ ហើយដែលត្រូវបានអង្គភាពព័ត៌មាននិងប្រតិកម្មរហ័សបានរៀបចំផលិតវីដេអូផ្លូវការ និងផ្សព្វផ្សាយយ៉ាងទូលំទូលាយ ក្រោមចំណងជើងថា «  កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាននិងកិច្ចប្រជុំពាក់ព័ន្ធឆ្លុះបង្ហាញពីមោទនភាពជាតិខ្មែរ»។

មន្ត្រីជាន់ខ្ពស់តំណាងប្រទេសថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន និងដៃគូសុទ្ធសឹងតែបានសម្តែងនូវការអបអរសាទរ និងកោតសរសើរចំពោះកម្ពុជាដែលបានរៀបចំកិច្ច ប្រជុំនេះបានយ៉ាងល្អ ពោលគឺល្អទាំងពិធីរៀបចំបដិសណ្ឋាករកិច្ចចំពោះភ្ញៀវ ទាំងសន្តិសុខ សុវត្ថិភាព ទាំងការស្នាក់នៅ និងការប្រព្រឹត្តិទៅនៃកិច្ចប្រជុំ។ ជោគជ័យនេះពិតជាបានបន្សល់ ទុកឲ្យព្រះរាជាណាចក្រកម្ពុជានូវមោទនភាពជាតិ និងកិត្យានុភាពល្បីរន្ទឺ នៅលើឆាកតំបន់ និងអន្តរជាតិ។

 មានកត្តាច្រើនយ៉ាងដែលបានអនុញ្ញាតឲ្យកម្ពុជាអាចរៀបចំកិច្ចប្រជុំថ្នាក់តំបន់ដែលមានការចូលរួមពីដៃគូអន្តរជាតិជាច្រើនទៀតទទួលបានជោគជ័យយ៉ាងត្រចះត្រចង់បែបនេះ។ លើសពីលទ្ធផលនៃកិច្ចប្រជុំ ឥស្សរជនបរទេសទាំងអស់ដែលបានអញ្ជើញមកដល់កម្ពុជាសុទ្ធតែបានពាំនាំយកទៅ ជាមួយនូវអនុស្សាវរីយដ៏ល្អៗពីកម្ពុជាបន្ទាប់ពីបានមើលឃើញដោយផ្ទាល់ភ្នែកនូវការអភិវឌ្ឍន៍ ដ៏ស្រស់បំព្រងរបស់ប្រទេសនេះ។ នេះគឺជាមោទនភាពយ៉ាងក្រៃលែងរបស់រាជរដ្ឋាភិបាលនិងប្រជាពលរដ្ឋខ្មែរ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕

សូមទស្សនាវីដេអូ៖



លិខិតមិត្តអ្នកអាន៖ «ប្រាប់កុំឲ្យបំពានច្បាប់ ចោទថាគេលាបពណ៌» (មានវីដេអូ)

មានសហជីពមួយក្រុមបានប្រមូលផ្តុំគ្នាទាមទារ ឲ្យក្រសួងការងារបញ្ឈប់ការលាបពណ៌សហជីពពាក់ព័ន្ធនឹងបញ្ហាណាហ្គាវើលដ៏។  ហេតុផលដែលសហជីពទាំងនោះបានអះអាងថា ក្រសួងការងារលាបពណ៌ដល់ពួកគេ ពិតជាគួរឲ្យអស់សំណើចពីព្រោះក្រសួងការងារបានប្រាប់ឲ្យមេសហជីពម្នាក់ឈ្មោះ យ៉ាង សោភ័ណ ដែលមិនពាក់ព័ន្ធនឹងណាហ្គាវើលដ៏សោះនោះឲ្យបញ្ឈប់សកម្មភាពញុះញង់កម្មករណាហ្គាវើលដ៏ឲ្យតវ៉ាខុសច្បាប់តទៅទៀត។ 



មូលហេតុដែលក្រសួងត្រូវបានណែនាំយ៉ាងដូច្នេះពីព្រោះតែមេសហជីពរូបនេះដែលធ្វើការនៅកន្លែងផ្សេងសោះស្រាប់តែចូលខ្លួនមកដឹកនាំអតីតបុគ្គលិកណាហ្គាវើលដ៏ឱ្យធ្វើសកម្មភាពអនាធិបតេយ្យតាមដងផ្លូវសាធារណៈ ហើយប្រើហិង្សាលើអាជ្ញាធរមានសមត្ថកិច្ចថែមទៀត។ សកម្មភាពរបស់ យ៉ាង សោភ័ណ ដែលមកបញ្ជាអតីតបុគ្គលិកណាហ្គាវើលដ៏ឲ្យបំពានបម្រាមអាជ្ញាធរត្រូវបានគេមើលឃើញ យ៉ាងច្បាស់ក្រឡែត។ 

ក្រសួងការងារក្នុងនាមអ្នកសម្របសម្រួលដោះស្រាយវិវាទការងារ បានព្យាយាមម្តងហើយម្តងទៀតអស់រយៈពេលជាច្រើនខែមកហើយដើម្បីដោះស្រាយបញ្ចប់វិវាទមួយនេះ ប៉ុន្តែបញ្ហានៅមិនទាន់អាចបញ្ចប់បាននោះឡើយដោយសារតែមានមេដឹកនាំសហជីពដែលមិនយល់ច្បាប់ចាំញុះញង់ពីក្រោយខ្នង។ 

បញ្ហានេះពិតជាងាយយល់ណាស់៖ តើមានច្បាប់ណាចាប់បង្ខំឲ្យថៅកែត្រូវយកបុគ្គលិកដែលគេមិនពេញចិត្ត ឬដែលគេបញ្ឈប់ពីការងារ ដោយមូលហេតុណាមួយដូចជាមូលហេតុកូវីដ-១៩ជាដើមនោះឲ្យចូលធ្វើការវិញ? បើគ្មានច្បាប់បែបនេះទេ តើក្រសួងការងារ ឬ សហជីពមានសិទ្ធិអ្វីទៅបង្ខំថៅកែឲ្យយកអតីតបុគ្គលិកណាហ្គាវើលដ៏ទាំងនោះវិញ? នេះជាចម្លើយដ៏ច្បាស់លាស់ចំពោះសំណួររបស់ យ៉ាង សោភ័ណ ដែលសួរថា តើខ្លួនធ្វើខុសត្រង់ណា? «គឺខុសត្រង់ច្បាប់មិនបានចែងអំពីការចាប់បង្ខំឲ្យថៅកែយកបុគ្គលិកដែលគេមិនត្រូវការឲ្យចូលធ្វើការឡើយ» តែខ្លួនឯងនៅតែល្ងង់តវ៉ាដោយគ្មានមូលដ្ឋានច្បាប់ទាល់តែសោះ។ 

ខុសមួយទៀតគឺការញុះញង់ឲ្យប្រើហិង្សាប្រឆាំងអាជ្ញាធរសាធារណៈ។ ជាក់ស្តែង ថ្ងៃនេះក៏ដូចលើកមុនៗដែរ ក្រុមអតីតបុគ្គលិកណាហ្គាវើលដ៏មួយក្តាប់តូចនេះបានបំពានយ៉ាងកំរោលទៅលើអាជ្ញាធរមានសមត្ថកិច្ចដោយបានបុកទម្លាយបារ៉ាស់របស់សមត្ថកិច្ចដល់ទៅពីរ។ ប៉ុន្តែ សមត្ថកិច្ចនៅតែបន្តនូវការអត់ធ្មត់ខ្ពស់។ 

ក្នុងករណីណាហ្គាវើលដ៏នេះ ដំណោះស្រាយមានតែការត្រួតពិនិត្យយ៉ាងដិតដល់អំពីសំណងដែលត្រូវផ្តល់ជូនបុគ្គលិក ដែលត្រូវគេបញ្ឈប់ទាំងនោះដើម្បីធានាថា ក្រុមហ៊ុនពិតជាបានគោរពតាមច្បាប់ការងារមែន។

ត្រង់ចំណុចនេះ ក្រសួងការងារបានបញ្ជាក់ជារឿយៗថា ក្រុមហ៊ុនណាហ្គាវើលដ៏ពិតជាបានផ្តល់សំណងត្រឹមត្រូវតាមច្បាប់ការងារគ្រប់ប្រការទាំងអស់។ ប៉ុន្តែផ្ទុយទៅវិញ គេក៍មិនដែលបានឃើញ រឺបានលឺសហជីពនិយាយអំពីបញ្ហាសំណងនេះសោះ ខណៈដែលក្រុមហ៊ុនពិតជាបានគោរពតាមគោលការណ៍ច្បាប់យ៉ាងត្រឹមត្រូវ។

ដូច្នេះ តើហេតុអ្វីបានជាមេសហជីពអស់សុពលភាពឈ្មោះ ឈឹម ស៊ីថរ នៅតែដឹកនាំអតីតបុគ្គលិកមួយក្តាប់តូចនេះធ្វើបាតុកម្ម ហើយមិនព្រមទទួលយកសំណង? 

មិនត្រឹមតែដឹកនាំធ្វើបាតុកម្មខ្លួនឯងតែប៉ុណ្ណោះទេ ថែមទាំង បានទៅទៅកៀរគរគ្នីគ្នាមកជួយស្រែក 

ជួយខ្សឹប ជួយស៊ីញ៉ូភ្នែកឲ្យបាតុករបំពានបម្រាមអាជ្ញាធរថែមទៀត។ ក្រសួងការងារបានមើលឃើញសកម្មភាពជ្រុលនិយមនិងខុសឆ្គងរបស់សហជីពទាំងនោះ ហើយបានណែនាំឲ្យបញ្ឈប់ជាបន្ទាន់។ ប៉ុន្តែ សហជីពមិនស្គាល់ច្បាប់ទាំងនោះបែរជាស្រែកថា ក្រសួងការងារលាបពណ៌ទៅវិញ។ 

ចុះធ្វើមេសហជីពយ៉ាងដូចម្តេចបើមិនស្គាល់ច្បាប់ការងារផង? 

ច្បាប់បានចែងអំពីការផ្តល់សំណងនៅពេលថៅកែបញ្ឈប់បុគ្គលិកកម្មករ ! ចុះហេតុអ្វីបាន

ជាគេសងហើយមិនព្រមទទួលសំណងហើយនៅតែតវ៉ាសុំចូលធ្វើការវិញ? និយាយតាមបែបឡូហ្សិក បើសិនជាថៅកែត្រូវការពួកគេឲ្យនៅធ្វើការ ម៉្លេះគេមិនបញ្ឈប់ពីការងារទេ។ នៅក្នុងពិភពលោកយើងនេះ គ្មានអ្នកជំនួញឯណាដែលមិនស្រឡាញ់ និងមិនប្រាថ្នាចង់បានបុគ្គលិកល្អៗមកធ្វើការនោះទេ? តែក៏គ្មាន

ថៅកែណាប្រាថ្នាចង់បានបុគ្គលិកដែលបើកប្រាក់ខែហើយមិនធ្វើការ និងចាំតែបង្កបញ្ហានោះដែរ។ 

សរុបមកកវិញ អតីតបុគ្គលិកណាហ្គាវើលដ៏ភាគច្រើនបានយល់អស់ហើយអំពីគោលការណ៍ច្បាប់ ហើយសុខចិត្តទទួលយកសំណងជាបន្តបន្ទាប់។ នៅសល់តែអតីតបុគ្គលិកមួយក្តាប់តូចដែលនៅបន្តការតវ៉ាខុសច្បាប់ក្រោមការញុះញង់របស់សហជីពមួយចំនួននិងដោយមានការគាំទ្រនិងលើកទឹកចិត្តពីក្រោយឆាកពីពួកបរទេសដើម្បីបំរើរបៀបវារៈនយោបាយនិងភូមិសាស្ត្រនយោបាយ។ ទោះជាយ៉ាងណា អាជ្ញាធរមានសមត្ថកិច្ច នៅតែខំអត់ធ្មត់ដល់កម្រិតខ្ពស់បំផុត ។ ចំណែកឯ ក្រសួងការងារឯណោះវិញថែមទាំងបានសន្យា សម្របសម្រួលជួយស្វែងរកការងារថ្មីជូនអតីតបុគ្គលិកទាំងនោះថែមទៀតផង។

ដូច្នេះ ដល់ពេលហើយ ដែលមេសហជីពទាំងនោះត្រូវភ្ញាក់ខ្លួន ហើយស្វែងយល់អំពីច្បាប់ការងារឲ្យបានច្បាស់លាស់ដើម្បីកុំឲ្យបន្តដឹកនាំបុគ្គលិកនិយោជិតធ្វើការតវ៉ាដោយខុសច្បាប់តទៅទៀត។ ដល់ពេលហើយដែលអតីតបុគ្គលិកណាហ្គាវើលដ៏ត្រូវដកខ្លួនចេញពីអ្នកចិញ្ចឹមបាតុកម្មខុសច្បាប់ទាំងនោះ ហើយវិលទៅទទួលយកសំណង និងទៅរកការងារថ្មីដើម្បីជីវភាពខ្លួននិងក្រុមគ្រួសារ ។ ដល់ពេលហើយដែលអាជ្ញាធរមានសមត្ថកិច្ចគួរពិចារណាអំពីវិធានការផ្លូវច្បាប់ចំពោះអ្នកប្រព្រឹត្តខុសច្បាប់។ ដល់ពេលហើយដែលអង្គការសមាគមទាំងឡាយគប្បីបញ្ឈប់សកម្មភាពការពារផលប្រយោជន៍សួនតួរបស់ខ្លួននិងបក្ខពួកខ្លួនតទៅទៀត ពីព្រោះ

សកម្មភាពបែបនេះមិនត្រឹមត្រូវនោះទេ ហើយពួកគេក៏គួរគប្បីយល់ឱ្យបានច្បាស់ថា ការព្រមានឲ្យបញ្ឈប់សកម្មភាពមិនត្រឹមត្រូវណាមួយដែលនាំដល់ការបំពានច្បាប់ គឺមិនមែនជាការលាបពណ៌នោះទេ តែជាការប្រាប់និងដាស់តឿនឲ្យដឹងខ្លួនមុននឹងវិធានការច្បាប់ត្រូវបានប្រកាន់យក៕

ដោយ : អ្នកនយោបាយតុកាហ្វេ