Wednesday, April 20, 2016

រឿងអាស្រូវស្រីញី របស់លោក កឹម សុខា គឺជារឿងពិត

មក​ដល់​ពេល​នេះ ការ​ពិត​ស្តី​ពី​រឿង​អាស្រូវ​ផ្លូវភេទរបស់​លោក កឹម សុខា​ ប្រធាន​ស្តី​ទី​គណ​បក្ស​សង្គ្រោះ​ជាតិ​ ត្រូវ​បាន​លាត​ត្រដាង​ជាសាធារណៈ​ហើយ។ ​កញ្ញា ខុម ចាន់ដារ៉ាទី ហៅ​ស្រីមុំ បានឆ្លើយ​សារភាព​​​ទទួលស្គាល់​​សម្លេង​នៅក្នុងខ្សែអាត់ ដែលបាន​បែកធ្លាយកន្លង​មក​នៅ​ក្នុង​​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សង្គម​​​ ថា​ពិត​ជាសម្លេងរបស់រូបនាង​និយាយ​​សាសង​គ្នា​ជាមួយលោក កឹម សុខា ប្រាកដមែន។
អ្វី​ដែល​សាធារណៈជន​ចាប់​អារម្មណ៍​នោះ​ គឺ​លោក​ កឹម សុខា​ បាន​ប្រើប្រាស់​វិធី​សាស្ត្រ​ដ៏ស្មោគគ្រោក​របស់​ខ្លួនបោកប្រាស់​ទៅ​លើ​ក្មេង​ស្រី​រង​គ្រោះ​​ ដោយលួងលោម​​សន្យា​ផ្តល់​ប្រាក់​ចំនួន​​ ៣០០០ ដុល្លារ​អាមេរិក និង​​សន្យា​រកទិញផ្ទះ​មួយ​នៅកន្លែង​ស្ងាត់​ឲ្យ​នាង​ ដើម្បី​​ងាយ​ស្រួល​ចេញ​ចូលជួប​គ្នា​។ ​មិន​តែ​ប៉ុណ្ណោះ មេបក្សប្រឆាំង​​ល្មោភកាម​រូប​នេះ​ គឺ​បន្ត​កុហករូប​នាង​ថា​នឹង​បើក​ហាង​សំអាងការ​មួយ​កន្លែង​ឲ្យ​នាង​ថែម​ទៀត​ ប៉ុន្តែរហូតមកដល់ពេលនេះ នាង​ពុំ​ទាន់​បាន​ទទួល​អ្វី​​ពី​លោក កឹម សុខា នៅ​ឡើយ​នោះ​ទេ​។ មានន័យថា នាង​បាន​បាត់​បង់​ទាំង​ខ្លួន​ប្រាណ​ និង​កិត្តិយស​ ដូច​ពាក្យ​ចាស់​បុរាណ​ពោល​ថា​ «ប្រាក់​ក៏បង់ ថង់​ក៏ដាច» ដូច្នេះដែរ​។
មក​ដល់​ចំណុច​នេះ គេ​នៅ​ចាំ​បាន​ថា​ លោក​ កឹម ​សុខា ក៏​ធ្លាប់​បាន​ប្រើ​ប្រាស់​វិធី​បោក​ប្រាស់​បែប​សន្យា​នេះ​ជាមួយ​ប្រជាពលរដ្ឋ​នូវ​​​ចំណុច​​ជាច្រើន ដូច​ជាការ​ផ្តល់​លុយ​៤ម៉ឺន​រៀល​ដល់​ចាស់​ៗ​ ដាក់​ធ្មេញ​​មាស​ឲ្យ​តាៗ យាយ​ៗ រក​ប្តី​ឲ្យ​ស្រីម៉េម៉ាយ​ ជាដើម​។ល។ រាប់​មិន​អស់​។
ការ​បន្ត​បោក​គ្រប់​ទី​កន្លែង​ គ្រប់​ស្ថានភាព​ និង​ការ​ប្រព្រឹត្តិ​នូវ​អំពើ​អសីល​ធម៌​ មើល​ងាយ​នារី​វ័យ​ក្មេង​ជាបន្តបន្ទាប់​រាប់​មិន​អស់​របស់​លោក កឹម សុខា​ បាន​ធ្វើ​ឲ្យសង្គម​កម្ពុជា​មិន​អាច​​ទទួល​​យក​មេដឹក​នាំ​បែប​នេះ​បាន​ឡើយ​។ លោក​ កឹម សុខា​ ត្រូវ​​​ហ៊ាន​ចេញ​មុខ​សារភាពនូវ​​កំហុស​របស់​ខ្លួន​ដែល​បាន​ប្រព្រឹត្តិជាសាធារណៈ នឹង​ត្រូវ​លាលែង​ពី​តំណែងជាអ្នកតំណាងរាស្ត្ររបស់​ខ្លួន​ទើប​ត្រឹមត្រូវ ហើយរដ្ឋសភាជាតិ គួរ​រិះ​រក​នីតិ​វិធី ​សួរ​ដេញ​ដោល​នៅ​ក្នុង​សម័យ​ប្រជុំ​ពេញ​អង្គ​របស់​​សភា ​ដើម្បីឱ្យលោក កឹម សុខា ឆ្លើយបំភ្លឺជូនប្រជាពលរដ្ឋបានស្ងប់ចិត្តក្នុងរឿងនេះ​។
ដើម្បី​​ស្វែង​រក​​យុត្តិធម៌​​ជូន​ស្ត្រី​រងគ្រោះ​ កញ្ញា ស្រីមុំ បានស្នើសុំឲ្យតំណាងអយ្យការ មេត្តា​ជួយ​រក​យុត្តិធម៌​ឲ្យ​រូបនាង​តាម​ផ្លូវច្បាប់។ ក្នុង​នោះ​ ​ព្រះរាជអាជ្ញាអម​សាលាដំបូង​រាជធានីភ្នំពេញ​ក៏​បាន​បញ្ជាក់​ថា​ លោកនឹងពិនិត្យមើលករណីនេះទៅ​តាមនីតិវិធី។ ទន្ទឹម​នឹង​នោះ​ ប្រធាន​អង្គការ​សីលការ (Silka) ក៏​បានជំរុញឲ្យ​លោក កឹម សុខា ប្រធាន​ស្តីទី​​គណបក្ស​​សង្រ្គោះ​ជាតិ​ ចេញ​មុខ​បកស្រាយ​ចំពោះ​រឿង​អាស្រូវកន្លងមក ដើម្បីកុំ​ឲ្យ​តែ​តួ​អង្គ​ ស្រីមុំ ចេញមុខ​តែ​ម្នាក់​ឯង​បែបនេះផង​ដែរ​​​​។ ដូច្នេះ​ គេ​សង្ឃឹម​ថាលោក កឹម សុខា​ នឹង​មិន​កំសាក​មិនហ៊ាន​ទទួល​ខុសត្រូវ​នូវ​ទង្វើ​អសី​ធម៌​របស់​ខ្លួន​នោះ​ទេ​។​​ ​
​កន្លង​មក​ មុន​ការ​សារភាព​របស់​កញ្ញា​​ ​ខុម ចាន់ដារ៉ាទី មាន​ក្រុម​អ្នក​វិភាគ​មួយ​ចំនួន​ដែល​អះ​​អាង​ថា​ខ្លួន​ជាអ្នកវិភាគ​​ឯក​រាជ្យ​នោះ​ បែរ​ជាយល់​ថា​រឿង​អាស្រូវ​ស្រីញី​ម្តង​​ហើយ​​ម្តង​ទៀត​ របស់​លោក កឹម សុខា​ គឺ​ជា​ការ​​រៀប​ចំ​ឆាក​ល្ខោន​របស់​គណបក្ស​កាន់​អំណាច​ ដើម្បី​បង្ខូច​កេរ្តិ៍​ឈ្មោះ​គណបក្ស​ប្រឆាំង​ទៅ​វិញ​ ប៉ុន្តែ​ពេល​នេះ​ រឿង​ពិត​ត្រូវ​បាន​លាត​ត្រដាង​​ដោយ​នារី​រងគ្រោះ​ទៅ​ហើយ​ តើ​ពួក​គេ​ត្រូវ​បក​ស្រាយ​យ៉ាង​ណា? បើ​តាម​ការ​សន្និដ្ឋាន​របស់​ប្រជាពលរដ្ឋ​ភាគ​ច្រើន​ ពួក​គេ​បាន​យល់​ថា​ ក្រុម​អ្នក​វិភាគ​ដែល​តែង​តាំង​ខ្លួនឯង​ថា​ជាអ្នក​វិភាគ​ឯករាជ្យ​ទាំង​នោះ​ គឺ​ពិត​​​​ជា​កូន​ជឹង​របស់​គណបក្ស​ប្រឆាំង​មួយ​​នេះ​យ៉ាង​​ពិត​ប្រាកដ​ ពី​ព្រោះ​ពួក​គេ​តែងតែ​បកស្រាយ​ពី​ការ​ពិត​ទៅ​ជារឿង​ប្រឌិត​ ឬ​ជារឿង​ល្ខោន​ ហើយ​ពេល​ខ្លះ​ក្រុម​មួយ​នេះ​ហ៊ាន​ចោទប្រកាន់​ថា​គឺ​ជារឿង​នយោបាយ​ថែម​ទៀត​ បើ​ទោះ​បី​ជា​ជន​ដែល​បាន​​ប្រព្រឹត្តិបាន​បង្ហាញ​នូវ​បទល្មើស​ដែល​ជា​ភស្តុតាង​ជាក់​ស្តែង​​​​​ក៏ដោយ​។​
ការសារភាពរបស់ស្រីមុំនៅពេល​នេះ​ គឺបាន​បង្ហាញ​យ៉ាង​គ្រប់គ្រាន់​ និងច្បាស់ក្រឡែត ពី​ទំនាក់​ទំនង​យ៉ាង​ស៊ីជម្រៅរវាង​នាង​ និង​លោក កឹម សុខា​។​ ក្នុង​នាម​លោក កឹម សុខា​ ជា​អ្នក​នយោ​បាយ​ម្នាក់​ដែល​ជាបុគ្គល​សាធារណៈ ហើយ​ត្រូវ​ទទួល​ការ​ជ្រើស​រើស​ជា​តំណាង​​ប្រជា​ពល​រដ្ឋ​​​ផង​នោះ​ បែរ​ជា​មាន​អំពើ​ផិត​ក្បត់ប្រពន្ធ​ កូន​ ប្រព្រឹត្តិ​អំពើ​អសីលធម៌​ដែល​សង្គម​ស្អប់​ខ្ពើម​បែប​នេះ​ តើ​បុគ្គល​នោះ​គួរគប្បី​​ជាបុគ្គល​ដែល​ត្រូវ​ជ្រើស​រើស​មក​ដឹក​នាំ​ប្រទេស​ដែរ​​ឬយ៉ាង​ណា?​

ឆ្លើយ​តប​ចំពោះ​ការ​អំពាវ​នាវ​ស្វែង​រក​យុត្តិធម៌​របស់​កញ្ញា​ ខុម ចាន់​ដារា​ទី​ ដែលជានារី​រង​គ្រោះ​​នោះ​ មហាជន បានគិតថាវាគ្រប់គ្រាន់ហើយសម្រាប់ព្រះរាជអាជ្ញា បន្តនីតិ​វិធី​ការ​ងារ​របស់​ខ្លួន ដើម្បី​​ឲ្យ​តុលាការ​ចាត់​ការ​ជន​ល្មោភ​តណ្ហា​រូប​នេះ​តាម​ផ្លូវ​ច្បាប់ជាធរមាន​​៕​

អាប៉ោង បើកគ្របហើយ

កញ្ញា ខុម ចាន់​តារាទី ហៅ​ស្រី​មុំ បាន​ចេញ​មុខ​ទំលាយ​ការ​ពិតរឿង​ខ្សែ​អាត់​សម្លេងស្នេហាលួច​លាក់ដែល​​​ត្រូវបាន​បែកធ្លាយ​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក និង​បាន​ធ្វើ​ឲ្យ​កក្រើក​ក្នុង​ស្រទាប់​មហាជន​រយៈពេល​ជាង ១ខែ​ចុងក្រោយ​នេះថា គឺ​ជា​សម្លេង​រូប​នាង និង​លោក កឹម សុខា ប្រធានស្តីទីគណបក្ស​សង្គ្រោះ​ជាតិ ពិត​ប្រាកដ​មែន។
ថ្លែង​ប្រាប់​ព្រះ​រាជអាជ្ញា​រង​អម​សាលា​ដំបូង​រាជធានីភ្នំពេញលោក សៀង សុខ កាល​ពី​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ២០១៦ ស្រី​មុំ​បានឆ្លើយ​យ៉ាង​ក្បោះ​ក្បាយ​ពី​ទំនាក់​ទំនង​ស្នេហា​លួច​លាក់​រវាង​រូប​នាង និង​លោក កឹម សុខា រហូត​ឈាន​ដល់​ការ​ណាត់​ជួប​គ្នា​នៅ​ក្រៅ​ប្រទេស​ជា​ច្រើន​លើក​​។ មិន​ត្រឹម​តែ​ប៉ុណ្ណេះ លោក កឹម សុខា នៅ​បាន​សន្យា​ជាមួយ​ស្រី​មុំថា នឹង​ទិញ​ផ្ទះ និង​បង្កើត​មុខ​របរ​ឲ្យ​នាង​ថែមទៀត​ផង។
ការ​ចេញ​មុខ​មក​សារភាព​របស់​ស្រី​មុំ បាន​បិទ​បញ្ចប់​មន្ទិលស​ង្ស័យរឿង​ខ្សែ​អាត់​សម្លេង​របស់​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​លោក កឹម សុខា និង​ស្រី​ក្មេង​ជា​ច្រើន​រូប​ថា ពិត ឬ​មិន​ពិត។ ការ​ពិត​លោក កឹម សុខា នៅ​មុន​ការ​ទំលាយ​ខ្សែ​អាត់​សម្លេងតាម​បណ្តាញ​សង្គម​ហ្វេសប៊ុក បានមាន​ទំនាក់​ទំនង​ស្នេហាលួច​លាក់​ជាមួយ​ស្រី​ក្មេង​ជា​ច្រើន​រូប មាន​​ប្រពន្ធ​ចុង​ជា​ជន​ជាតិ​វៀតណាម ថែម​ទាំង​មានកូន​ទៀត​ផង​ជាមួយ​ជន​ជាតិ​វៀតណាម ដែល​ជា​សត្រូវ​ស៊ូពូជតែ​នៅលើ​បបេរ​មាត់​របស់​លោក​ប្រធាន​ស្តីទី​បក្ស​សង្គ្រោះ​ជាតិ​រូប​នេះ។
ចម្លើយ​សារ​ភាព​ដែល​កើត​ចេញ​ពី​ឆន្ទៈពិតៗរបស់​ស្រី​មុំនេះ បាន​ធ្វើ​ឲ្យ​សាធារណៈជន​​ ជា​ពិសេស​​​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ យល់​ច្បាស់​ពី​​ចរិត​ល្មោភ​ស្រីរបស់​លោក កឹម សុខា ដែល​ជាអំពើ​អសីលធម៌ ស្មោកគ្រោក ​រំលោភ​ច្បាប់​ និងជាការ​ប្រមាថ​មួយ​យ៉ាង​ធ្ងន់​ធ្ងរ​ចំពោះ​ស្រ្តីភេទ។
ជារួម​ការ​ពិតរឿង​អាស្រូវ​ផ្លូវ​ភេទ​របស់​លោក កឹម សុខា ​ត្រូវ​បាន​លាត​ត្រដាងយ៉ាង​ច្បាស់​ក្រឡែត​ ប្រៀប​ដូច​ជា អាប៉ោង បើក​គ្រប​ឲ្យ​ចាក់​ ដូច្នោះ​ដែរ​​។ លោក កឹម សុខា ត្រូវ​តែ​ចេញ​មុខ​មក​ធ្វើ​ការ​សូម​ទោស​នៅចំពោះ​មុខមហា​ជន ហើយ​ក៏​ត្រូវ​លាលែង​​​តំណែងពី​ប្រធាន​ស្តីទីគណបក្ស​សង្គ្រោះ​ជាតិ​ផង​ដែរ​​ ដើម្បី​ទុក​ឲ្យ​មនុស្ស​ដែល​មាន​ភាព​ស្អាត​ស្អំ​ពិត​ប្រាកដ​ដឹកនាំ​វិញ​ម្តង។

ដូច្នេះ​សមាជិក សមាជិកា សកម្ម​ជន និង​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ គួរ​ពិចារណា​ក្នុង​ការ​រុះ​រើ​ក្បាលម៉ាស៊ីន​ដឹកនាំ​បក្សឡើង​វិញ ប្រសិន​បើ​មិន​ចង់​ឲ្យ​បក្ស​សង្គ្រោះ​ជាតិ​រលាយ​បាត់​រូប​រាង​នៅ​មុន​ការ​បោះ​ឆ្នោតឆ្នាំ២០១៧ និង​ឆ្នាំ២០១៨ ខាង​មុខ​នេះ៕