Friday, May 29, 2020

លោក ស ខេង ក្រើនរំលឹកដល់អាជ្ញាធរខេត្តកែបត្រូវយក ចិត្តទុក ដាក់បង្ការ បង្រ្កាប និងទប់ស្កាត់បញ្ហាគ្រឿង ញៀន

លោក ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហា ផ្ទៃ បានគូសបញ្ជាក់ថា ទោះបីជាខេត្តកែបមិនទាន់ក្លាយ ជាគោលដៅ នៃឧក្រិដ្ឋកម្មគ្រឿងញៀនក៏ដោយ ប៉ុន្តែត្រូវមានការប្រុងប្រយ័ត្ន សម្រាប់ពេលអនាគត កុំឲ្យជនឱកាសនិយមប្រើប្រាស់ទីតាំងខេត្តនេះ ជាកន្លែងប្រព្រឹត្តឧក្រិដ្ឋកម្មគ្រឿងញៀន។ លោក បានក្រើនរំលឹកថា គ្រឿងញៀនជាបញ្ហាចាំបាច់ដែលត្រូវយកចិត្តទុកដាក់ ដូច្នេះអាជ្ញាធរខេត្តកែប និងកំពត ត្រូវចូលរួមទប់ស្កាត់កុំឲ្យបញ្ហាគ្រឿង ញៀន រីករាលដាលដល់សហគមន៍ និងប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ លោក បានលើកឡើងដូចនេះ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាល អភិបាលរង នៃគណៈអភិបាលខេត្តខេត្តកែប នាព្រឹកថ្ងៃសុក្រ ទី២៩ ខែឧសភា ឆ្នាំ២០២០ នៅសាលាខេត្តកែប។

ជាងនេះទៀត លោក ស ខេង ក៏បានស្នើដល់ស្ថាប័នពាក់ព័ន្ធឲ្យបន្តខិតខំប្រឹងប្រែងបង្ក្រាបបញ្ហាគ្រឿងញៀននេះ ពោលគឺមិនត្រូវមើលស្រាលបញ្ហានេះឡើយហើយត្រូវបំផុសឲ្យមានការចូលរួមគាំទ្របន្ថែមទៀតក្នុងការប្រយុទ្ធប្រឆាំងនឹងបញ្ហាគ្រឿងញៀននេះ។

ឆ្លៀតក្នុងឱកាសនោះផងដែរ លោក ស ខេង ក៏បានសម្ដែ ងការគាំទ្រដល់ការប្ដេជ្ញាចិត្តរបស់អភិបាលខេត្តទាក់ទងនឹងការបន្តខិតខំអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ដែលជាគោលការណ៍មានប្រសិទ្ធភាព និងមានឥទ្ធិពលក្នុង ការពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម៕


កិច្ចប្រជុំផ្សព្វផ្សាយស្ដីពីលទ្ធភាពឥណទានដល់កសិករក្រោមកញ្ចប់ហិរញ្ញប្បទានពិសេស៥០លានដុល្លាររបស់រាជរដ្ឋាភិបាល

ត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ នៅសាលប្រជុំ (ក) គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ បានបើកកិច្ចប្រជុំផ្សព្វផ្សាយស្ដីពីលទ្ធភាពឥណ ទានដល់កសិករចិញ្ចឹមសត្វត្រី មាន់ ទា និងបន្លែក្រោមអធិបតីភាពលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោក កៅ ថាច អគ្គ នាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម។ ក្នុងនោះដោយមានការអញ្ជើញចូលរួមពីអភិបាលរងខេត្ត លោក លោកស្រី នាយក នាយករង ទីចាត់ការសាលាខេត្ត ព្រម ទាំងលោក លោកស្រី អ្នកចិញ្ចឹមសត្វ តំណាងសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា និងដៃគូអភិវឌ្ឍវារីវប្បកម្មពាក់ព័ន្ធ ដែលមកពីតាមបណ្តា ក្រុង ស្រុក ទាំង ៧ និងមន្រ្តីពាក់ព័ន្ធ ជាច្រើនរូប។

មានប្រសាសន៍ នាឱកាសនោះ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានលើកបង្ហាញអំពីស្ថានភាពទូទៅ សក្តានុពលនានារបស់ខេត្ត ក្នុងនោះផ្ទៃដីសម្រាប់ដាំដំណាំកសិកម្ម សរុបទាំង៧ ក្រុង ស្រុក មានចំនួន៨៥% មានច្រកសេដ្ឋកិច្ចចំនួន៧ ច្រកអន្តរជាតិ ០២ ទ្វេភាគី០២ និងច្រកតំបន់ចំនួន០៣ ដើម្បីនាំទំនិញ ចេញ-ចូល ជាមួយប្រទេសវៀតណាម ផ្ដល់ឲ្យមាននូវកំណើនសេដ្ឋកិច្ចខេត្តបានល្អប្រសើរ។

លោកអភិបាលខេត្ត បានមានប្រសាសន៍បន្តថា សហគ មន៍កសិកម្មខេត្តត្បូងឃ្ម្មុំ មានផ្ទៃដីដាំដំណាំស្រូវ ១៨,៧៦០ ហិចតា ស្មើនឹង ២៤ភាគរយនៃផែនការដាំដុះ រួមមានសហគមន៍កសិកម្មក្នុងខេត្ត ចំនួន ២៧សហគមន៍ មានសមាជិកសរុប១,៩៧៨ នាក់ ក្រុមផលិតបន្លែមានចំនួន១៤ក្រុម មានសមាជិកចំនួន ១៩៩គ្រួសារ លើផ្ទៃដីសរុប៧៧,៦២ ហិចតា និងសហគមន៍បន្លែមានចំនួន ០៣ សហគមន៍សមាជិក១២៨គ្រួសារ លើផ្ទៃដី ៣៦ហិចតា។

ថ្លែងនាឱកាសនោះដែរ លោក កៅ ថាច បានលើកឡើងថា ដើម្បីជំរុញអ្នកចិញ្ចឹមសត្វ និងចិញ្ចឹមត្រី បានដឹងពីកញ្ចប់ហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល ដែលមានទឹកប្រាក់ចំនួនរហូតដល់៥០លានដុល្លារ លើកការគាំទ្រដល់សិប្បកម្មសហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យកែច្នៃផលិតផលកសិកម្ម វិស័យកសិ-ឧស្សាហកម្ម និងវិស័យកសិកម្ម ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មបានធ្វើការផ្សព្វផ្សាយ ដើម្បីឲ្យពួកគាត់បានដឹង និងចាប់យកឱកាសនេះ ស្នើសុំឥណទានយកទៅពង្រីកអាជីវកម្មរបស់ខ្លួន។

លោក កៅ ថាច បានគូសបញ្ជាក់ថាការអនុវត្តនូវកម្មវិធីហិរញ្ញប្បទានពិសេសនេះ បានផ្ដល់ឥណទានដែលមានការប្រាក់ទាប គាំទ្រដល់សិប្បកម្ម សហគ្រាសធុនតូច និងមធ្យមក្នុងវិស័យកែច្នៃផលិតផលកសិកម្ម វិស័យកសិ-ឧស្សាហកម្ម សហគមន៍កសិកម្ម ក្រុមផលិត និងម្ចាស់កសិដ្ឋានខ្នាតមធ្យម-ធំ សម្រាប់ការដំាដុះបន្លែ ផ្លែ ឈើ ការចិញ្ចឹមសត្វ និងវារីវប្បកម្មជាដើមក្នុងគោលដៅរួមចំណែកក្នុងការពង្រឹង និងពង្រីកមូលដ្ឋានផលិតកម្មក្នុងស្រុក ព្រមទាំងជំរុញសកម្មភាពសេដ្ឋកិច្ចជាពិសេសនៅក្នុងស្ថានភាពដែលរាជរដ្ឋាភិបាលកំពុងប្រយុទ្ធប្រឆំាងជំងឺកូវីដ ១៩។

លោកអគ្គនាយក ក៏បានលើកឡើងអំពីការកំណត់លក្ខ ខណ្ឌតម្រូវមួយចំនួន ដល់ម្ចាស់សហគ្រាស និង/ឬកសិដ្ឋានគោលដៅ ដើម្បីអាចទទួលបានឥណទាន ដែលមានអត្រាការប្រាក់ទាប៦ភាគរយប្រចាំឆ្នាំសម្រាប់ជាទុនបង្វិល (រយៈពេលខ្លី) ហើយ៦.៥ភាគរយប្រចាំឆ្នាំសម្រាប់ទុនវិនិយោគ (រយៈពេលវែង) រួមមាន៖ គម្រោងពង្រីកអាជីកម្មរួមចំណែកបង្កើតការងារ ត្រូវមានទីតាំងផលិតកម្មនៅក្នុងស្រុកចុះបញ្ជីស្របច្បាប់ និងបង់ពន្ធ-អាករត្រឹម ត្រូវហើយត្រូវការជាចាំបាច់នូវឥណទានសម្រាប់យកទៅប្រើប្រាស់ជាទុនបង្វិល និង ទុនវិនិយោគសម្រាប់ពង្រីកអាជីវកម្ម។

ជាមួយគ្នានេះដែរ អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ក៏បានថ្លែងអំណរគុណដល់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ និងរដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការសម្រ បសម្រួលរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ នូវគោលការណ៍ឥណទាន ដែលមានអត្រាការប្រាក់ទាប ក្រោមកម្មវិធីពិសេសរបស់រាជរដ្ឋាភិបាល ជាពិសេសដល់អ្នកចិញ្ចឹម សត្វ តំណាងសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា និងដៃគូអភិវឌ្ឍវារីវប្បកម្មដែលពាក់ព័ន្ធផងដែរ៕



ប្រជាពលរដ្ឋចំនួន៣ឃុំ ក្នុងស្រុកសំបូរ ទទួលបានអំណោយពីសប្បុរសជន

ក្រចេះ ៖ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០នេះ ប្រជាពលរដ្ឋចំនួន១០០គ្រួសារ មកពីឃុំចំនួន០៣ ក្នុងស្រុកសំបូរ គឺឃុំក្បាលដំរី ឃុំអូរគ្រៀង និងឃុំសំបូរ ទទួលបានអំណោយសប្បុរស សង្រ្គោះជីវភាព និងសុខភាព ពីលោកស្រី សេង វួចលាង លោក បេ គឹមលី លោកស្រី ខាំ សុភាព អភិបាលរងខេត្ត រួមនិងឧត្តមសេនីយ៍ទោ ឈុន ហុង និងលោកស្រី ស៊ុន សុវណ្ណានី និងលោកស្រីប្រធានសាលាដំបូងខេត្ត រួមនឹងសហការី មានជាគ្រឿងបរិភោគ សម្ភារៈ និងថវិកា មួយចំនួនជូនដល់បងប្អូនប្រជាពលរដ្ឋ ដើម្បីចូលរួមចំណែកសម្រួលសង្រ្គោះ និងលើកកម្ពស់ដល់ជីវភាព-សុខភាពប្រចាំថ្ងៃ របស់បងប្អូនប្រជាពលរដ្ឋក្នុងអំឡុងពេលជម្ងឺកូវីដ-១៩ រីករាលដាលជាសកល។

អំណោយដែលផ្ដល់ជូននាពេលនោះក្នុងម្នាក់ទទួលបានអង្គរ២០គីឡូក្រាម -ក្រណាត់ប៉ាតង់ ប្លាស្ទិក១ដុំ -ទឹកត្រី ២ដប -ទឹកស៊ីអ៊ីវ២ដប -ឆៃពៅ១គីឡូក្រាម -ខ្ទឹមសកន្លះគីឡូក្រាម -ត្រីខ១០កំប៉ុង -កន្ទេល ១ -មុង១ -ក្រម៉ា១ នឹងថវិកាចំនួន២ម៉ឺនរៀល។ មានប្រសាសន៍បញ្ជាក់ឲ្យដឹងពីលោកស្រី សេង វួចលាង ដោយក្តីស្រឡាញ់ និងអាណិតបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តក្រចេះ ជាពិសេសស្រុកសំបូរតែម្តង ដែលជាស្រុកកំណើតរបស់ស្វាមីលោកស្រី ដែលបច្ចុប្បន្នបងប្អូនកំពុងជួបនូវបញ្ហា ដោយសារការរាតត្បាតពីជំងឺកូវីដ-១៩ ដែលរីករាលដាលជាសកល ក្នុងនោះធ្វើឲ្យប៉ះពាល់ដល់ជីវភាព និងសុខភាពប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ទើបលោកស្រី នាំយកនូវអំណោយសប្បុរសជន មកប្រគល់ជូនបងប្អូននៅពេលនេះ ។

ក្នុងឱកាសនោះ លោកស្រីក៏បានអោយបងប្អូនប្រជាពលរដ្ឋរួមគ្នាទប់ស្កាត់នូវការរីករាលដាលជំងឺកូវីដ-១៩ រលកទី២ គឺបងប្អូនត្រូវបន្តពង្រឹងការរក្សាអនាម័យសុខភាព អាយុជីវិតសម្រាប់ខ្លួនឯងផ្ទាល់ និងសម្រាប់កូនចៅជាទីស្រលាញ់ កុំឲ្យឆ្លងមេរោគឲ្យសោះ និងសូមកុំឲ្យមានវិប្បដិសារីកើតឡើង ព្រោះតែការធ្វេសប្រហែស និងមើលស្រាលចំពោះស្ថានការណ៍បច្ចុប្បន្ន ទោះបីចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ ក្នុងប្រទេសយើងមានតិចក៏ពិតមែន។ ដើម្បីបង្កាជំងឺនេះ ប្អូនប្រជាពលរដ្ឋត្រូវពាក់ម៉ាស ហើយត្រូវដុសលាងសម្អាតដៃជាប្រចាំ ដោយប្រើសាប៊ូ ទឹកអាកុល ឬជែលសម្លាប់មេរោគ និងត្រូវខ្ទប់មាត់ជាមួយក្រម៉ា ក្រដាស ម៉ាស់ ឬកែងដៃ នៅពេលក្អក ឬកណ្ដាស់ ជាពិសេសនៅក្នុងចំណោមក្រុមមនុស្សច្រើន។

លើសពីនោះដែរ លោកស្រី រួមនឹងក្រុមការងារ ក៏បានបន្តនាំយកនូវសម្ភារៈសិក្សា រួមនឹងបច្ច័យមួយចំនួន ប្រគេនជូនព្រះសង្ឃ សមណសិស្ស ក្នុងវត្តព្រះវិហារធំសសរ១០០ ចំនួន៧១ អង្គផងដែរ៕






រដ្ឋបាលរាជធានីភ្នំពេញ នឹងបញ្ចេញបញ្ជីឈ្មោះអ្នកមិនទាន់បានបង់ថ្លៃសេវាប្រមូលសំរាមនិងសំណល់រឹងជាសាធារណៈតាមបណ្ដាញសង្គមឬប្រព័ន្ធផ្សព្វផ្សាយ

រដ្ឋបាលសាលារាជធានីភ្នំពេញ បានអំពាវនាវឲ្យប្រជាពលរដ្ឋដែលមិនទាន់បានបង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង សូមអញ្ជើញរួសរាន់ឡើងដើម្បីទៅបង់ ដែលជាការកាតព្វកិច្ចជៀសវាងការពិន័យផ្សេងៗ។ ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានព្រមានថា អាជ្ញាធរនឹងបញ្ចេញបញ្ជីឈ្មោះអ្នកមិនទាន់បានបង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង ជាសាធារណៈតាមបណ្ដាញសង្គម ឬប្រព័ន្ធផ្សព្វផ្សាយ ពេលនោះនឹងទទួលរងនូវភាពអាម៉ាស់ជាក់ជាមិនខាន។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ សាលារាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹងឲ្យប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ ដែលមិនទាន់បង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង សូមរួសរាន់បំពេញកាតព្វកិច្ចនេះ ដើម្បីជៀសវាងការពិន័យផ្សេងៗ។ រដ្ឋបាលរាជធានីភ្នំពេញ បានកត់សម្គាល់ឃើញថា រហូតមកដល់ពេលនេះ ប្រជាពលរដ្ឋភាគច្រើនបង់ថ្លៃសេវាប្រមូលសំរាមរួចហើយ ប៉ុន្ដែនៅមានមួយចំនួន មិនទាន់បានបំពេញកាតព្វកិច្ចបង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹងនេះនៅឡើយ។

រដ្ឋបាលរាជធានីភ្នំពេញ បានដាក់ចេញនូវវិធានការមួយចំនួនផងដែរ ប្រសិនបើប្រជាពលរដ្ឋមិនមកបំពេញកាតព្វកិច្ចនេះ៖
*ទី១៖ បញ្ចេញបញ្ជីឈ្មោះអ្នកមិនទាន់បានបង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង ជាសាធារណៈតាមបណ្ដាញសង្គម ឬប្រព័ន្ធផ្សព្វផ្សាយនានា
*ទី២៖ កត់ត្រាជាបំណុល ហើយអនុវត្តវិធានការរដ្ឋបាល ដោយបិទអាជីវកម្ម ឬសេវាកម្មជាបណ្ដោះអាសន្ន
*ទី៣៖ អនុវត្តវិធានការផ្សេងៗទៀតតាមការចាំបាច់។

គួរជម្រាបថា រាជរដ្ឋាភិបាលសម្រេចបង្វែរថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង នៅរាជធានីភ្នំពេញ ពីក្រុមហ៊ុនស៉ិនទ្រី មកជូនរដ្ឋាករស្វយ័តគ្រប់គ្រងសំរាម និងសំណង់រឹងរាជធានីភ្នំពេញវិញ ដើម្បីជំរុញនូវប្រសិទ្ធភាពនៃការប្រមូលសំរាម៕


លោកឧបនាយករដ្ឋមន្ត្រី ស ខេង៖ សព្វថ្ងៃនេះកម្ពុជា មានសន្ដិភាពនិងស្ថេរភាពនយោបាយយ៉ាងរឹងមាំ

លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ បានមានប្រសាសន៍ថា មកដល់ទល់ពេលនេះ នៅប្រទេសកម្ពុជា មាន សន្ដិភាព និងស្ថេរភាពបាយយ៉ាងរឹងមាំ និងធ្វើឲ្យប្រជាពលរដ្ឋ កម្ពុជារស់នៅដោយសុខ សាន្ដ។ ក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាល អភិបាលរង នៃគណៈអភិបាល ខេត្តកែប នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ នាសាលាខេត្តកែប លោក ស ខេង មានប្រសាសន៍ថា «មកដល់ពេលនេះ នៅក្នុងព្រះរាជាណា ចក្រកម្ពុជាយើង គឺយើងមាន សន្ដិភាពយ៉ាងរឹងមាំ ហើយក៏មានស្ថេរភាព នយោបាយយ៉ាងល្អប្រសើរ។ប៉ុន្ដែនៅក្នុងពេលរាលត្បាតកូវីដ-១៩ ហើយបញ្ហាមួយចំនួនមាន ការប្រែប្រួល ហើយអ្នកនយោបាយ ប្រជានិយម បានយកឱកាសនេះដើម្បីនឹងប្រើប្រាស់វោហាសាស្រ្តផ្សេងៗ ក្នុងការទំលាក់ ការទទួលខុសត្រូវឬក៏ បន្ទោសបង្អាប់មកលើរាជរដ្ឋាភិបាល»។

លោក ស ខេង បានបន្ដថា ស្របពេលជាមួយគ្នានោះដែរ មានអ្នក នយោបាយមួយចំនួនបានបង្វែបញ្ហជំងឺកូវីដ-១៩ និងការវិលត្រលប់របស់ ពលករខ្មែរប្រមាណជិត១០ម៉ឺននាក់មកកម្ពុជាវិញ ជាបញ្ហានយោបាយដោយបានលើក ឡើងថារាជរដ្ឋាភិបាលមិនបានគិតគូចំពោះជីវភាពរស់ នៅរបស់ពួកគាត់ក្នុងគ្រាមានទុកលំបាកនេះ ប៉ុន្តែផ្ទុយ ទៅវិញរាជ រដ្ឋាភិបាល  កម្ពុជា គឺបានប្រឹងប្រែងខិតខំយកចិត្តទុកដាក់ដើម្បី ដោះស្រាយបញ្ហាទាំងនេះជាបន្ដបន្ទាប់។

លោក ស ខេង ក៏ បានលើកឡើងដែរថា ទន្ទឹមនឹងនេះមានបុគ្គលមួយចំនួនបាន ប្រឌិតព័ត៌មានដោយបំផុសអោយប្រជាពលរដ្ឋមិនអោយសងបំណុលធនាគារ ប៉ុន្តែចំពោះសកម្មភាពនេះ ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជា សមត្ថកិច្ចបានទប់ស្កាត់ និងគ្រប់គ្រងស្ថានភាពនេះ បានហើយ បានធ្វើការបកស្រាយ និងពន្យល់ពីដល់ប្រជាពល រដ្ឋទាំងអស់ផងដែរ ព្រមទាំងបានសម្របសម្រួលដល់បណ្តាធនាគារទាំងអស់ផ្តល់ការយោគយល់ ពន្យារពេលសមស្របណាមួយ ដើម្បីអោយប្រជា ពលរដ្ឋយើង មាន លទ្ធភាពសង់បំណុល។

ឆ្លៀតឱកាសនោះ លោក ស ខេង ក៏បានអំពាវនាវទៅ ដល់សមត្ថកិច្ច ត្រូវបន្ដដោះស្រាយបញ្ហានានារបស់ប្រជាពលរដ្ឋ ហើយសមត្ថកិច្ចមិនត្រូវមើលស្រាលឡើយ ជាពិសេសត្រូវរកមូលហេតុឲ្យបានច្បាស់លាស់ដើម្បីងាយស្រួលដោះស្រាយតាមនិតិវិធីតាមផ្លូវច្បាប់ និងត្រឹមត្រូវផងដែរ។ សមត្ថកិច្ចទាំងអស់ដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋត្រូវប្រកាន់នូវគោលការណ៍ដោះស្រាយដោយសន្ដិវិធី មិនប្រើអំពីហិង្សាដែលនាំឲ្យមានបញ្ហាវែងឆ្ងាយតទៅទៀត៕


លោកឧបនាយករដ្ឋមន្រ្តី ស ខេង ៖ ក្នុងនាមជាថ្នាក់ដឹកនាំខេត្តថ្មី ត្រូវបន្តខិតខំប្រឹងប្រែងអភិវឌ្ឍន៍ខេត្តឱ្យល្អប្រសើរ

កែប៖ នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ លោក ស ខេង ឧបកនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីចូលកាន់មុខតំណែងអភិបាល អភិបាលរងខេត្តកែប នៅសាលប្រជុំធំសាលាខេត្តកែប។

ព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណា ចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង លោក សោម ពិសិដ្ឋ ជាអភិបាលនៃគណៈអភិបាលខេត្តកែប ជំនួសលោក កែន សត្ថា អភិបាលខេត្ត ត្រូវបានចប់អាណត្តិក្នុងរយៈពេល៨ឆ្នាំពេញ តាមប្បញ្ញាត្តិច្បាប់កំណត់ និងត្រូវតែងតាំងជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី។

លោក វ៉ៅ សុខា អតីតប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សុរិយោដី និងសំណង់ត្រូវបានប្រមុខរាជរដ្ឋាភិបាល ប្រកាសតែងតាំងជាអភិបាលរងនៃគណអភិបាលខេត្តកែប។

ថ្លែងក្នុងពិធីប្រកាសចូលកាន់តំណែងនេះ លោក ស ខេង បានថ្លែងថា ក្នុងនាមជាថ្នាក់ដឹកនាំខេត្តត្រូវតែប្រឹងប្រែងអភិវឌ្ឍន៍ខេត្តអោយល្អ និងត្រូវគិតគូរពីបញ្ហាមួយចំនួនដូចជា៖ទប់ស្កាត់ និងបង្ការការរីករាលដាលនៃជំងឺកូវីដ ១៩ ឲ្យបានល្អតាមរយៈកាផ្សព្វផ្សាយវិធានការរបស់ក្រសួងសុខាភិបាល និងត្រូវពិនិត្យនិងដោះស្រាយរាល់ជំលោះ តម្រូវការរបស់ប្រជាពលរដ្ឋអោយបានត្រឹមត្រូវនិងច្បាស់លាស់ និងដោយសន្តិវិធី ទប់ស្កាត់ និងបង្រ្កាបអោយបានបញ្ហាគ្រឿងញៀន និងត្រូវជម្រុញការរៀបចំ និងតាមដានការអនុវត្តន៍ផែនការអភិវឌ្ឍន៍កម្មវិធីវិនិ យោគ និងផែនការសកម្មភាពរបស់ឃុំសង្កាត់ ក្រុង ស្រុក និងខេត្តអោយបានល្អ។

ជាចុងក្រោយ លោក ស ខេង បានសំណូមពរក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត កងកម្លាំងទាំងបី អាជ្ញាធរគ្រប់ជាន់ថ្នាក់ ផ្តល់នូវការគាំទ្រ និងមានកិច្ចសហការល្អជាមួយគ្នាដើម្បីដឹកនាំ និងកសាងខេត្តឲ្យទទួលបានជោគ ជ័យថែមទៀត៕




ក្រសួងអប់រំ ប្រកាសផ្អាកជាបណ្តោះអាសន្ននូវការប្រឡងជ្រើសរើសក្របខណ្ឌថ្មី សម្រាប់ឆ្នាំ២០២០

ក្រសួងអប់រំ យុវជន និងកីឡា បានចេញលិខិតមួយដោយជម្រាបមកលោក លោកស្រី ប្រធានអង្គភាពក្រោមឱវាទទីស្តីការក្រសួង ប្រធានមន្ទីរអប់រំ រាជធានី ខេត្ត  ដោយបានប្រកាសផ្អាកជាបណ្តោះអាសន្ននូវការប្រឡងជ្រើសរើសក្របខណ្ឌថ្មីសម្រាប់ឆ្នាំ២០២០ ដែលក្រសួងបានបែងចែកក្របខណ្ឌ ៣៦០០កន្លែងសម្រាប់ប្រឡងជ្រើសរើសគរុសិស្ស គរុនិស្សិត ឆ្នាំ២០២០។

សូមអានលិខិតខាងក្រោម៖


វីដេអូ៖ សាររបស់ឯកឧត្តម អគ្គនាយក មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ក្នុងទិវាអន្តរជាតិអ្នកថែរក្សាសន្តិភាព អង្គការសហប្រជាជាតិ

វីដេអូ៖ សារលិខិតសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបលើកទី ៧១ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី១៩ ទិវាពិភពលោកទិវាប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២០

សារលិខិតសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបលើកទី ៧១ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី១៩ ទិវាពិភពលោកទិវាប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២០


ក្រសួងសុខាភិបាល ចេញសេចក្ដីប្រកាសបន្ទាន់ពីវិធាន ការការពារនិងទប់ស្កាត់ជំងឺគ្រុនឈាមក្នុងរដូវវស្សានេះ

ក្រសួងសុខាភិបាល បានចេញសេចក្ដីប្រកាសបន្ទាន់ស្ដីពី វិធានការការពារ និងទប់ស្កាត់ជំងឺគ្រុនឈាមក្នុងរដូវវ ស្សាឆ្នាំ២០២០ ខណ:ក្នុងអំឡុងពេល១៩ សប្ដាហ៍ចុងក្រោយនេះ ក្រសួងបានរកឃេីញករណីជំងឺគ្រុនឈាមនៅទូទាំងប្រទេសចំនួន២,១៧២ ករណីហេីយ។
ខ្លឹមសារនៅក្នុងសេចក្ដីប្រកាសព័ត៌មាននោះ បានបង្ហាញនូវវិធានការចំនួន៨ ចំណុចយ៉ាងច្បាស់លាស់សម្រាប់ឲ្យប្រជាពលរដ្ឋ មន្ទីរសុខាភិបាលរាជធានី-ខេត្ត អង្គភាព -ស្ថាប័នពាក់ព័ន្ធ ម្ចាស់ការដ្ឋាន សំណង់ ម្ចាស់អាជីវកម្ម នានាយកទៅអនុវត្តឲ្យបានខ្ជាប់ខ្ជួននិងជាប្រចាំ។
សូមអានសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលដូចខាងក្រោម៖




លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចេញសារលិខិតអបអរសាទរក្នុងឱកាសខួបលើកទី៧១ ទិវាកុមារអន្តរជាតិ១មិថុនា

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចេញសារលិខិតអបអរសារទរ ក្នុងឱកាសខួបលើកទី៧១ ទិវាកុមារអន្ដរជាតិ១មិថុនា ខួបលើកទី១៩ ទិវាពិភពលោក ប្រឆាំងពលកម្មកុមារ១២មិថុនា និងទិវាកុមារកម្ពុជា២០២០។ យោងតាមសាលិខិតរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានឲ្យដឹងថា ក្នុងឱកាសដ៏មហោឡារិកនៃខួបលើកទី៧១ ទិវាកុមារអន្ដរជាតិ១មិថុនា ខួបលើកទី១៩ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២០នេះ លោក សូមសម្ដែងនូវមនោសញ្ចេតនារីករាយ និងគាំទ្រយ៉ាងពេញទំហឹង ចំពោះការប្រារព្ធទិវាដ៏មានសារៈសំខាន់នេះ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបន្តថា ការប្រារព្ធទិវាដ៏មានអត្ថន័យនេះ គឺបង្ហាញអំពីឆន្ទៈមោះមុត និងការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការបន្ដលើកកម្ពស់ការអនុវត្តសិទ្ធិកុមារ និងសូមលើកទឹកចិត្តឲ្យបងប្អូនជនរួមជាតិយើងទាំងអស់ រួមគ្នាបន្ដលើកស្ទួយវិស័យសុខុមាលភាពកុមារឲ្យកាន់តែល្អប្រសើរដើម្បីឧត្តមប្រយោជន៍របស់កុមារកម្ពុជា៕
សូមអានសារលិខិត របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ខាងក្រោម៖