Tuesday, October 22, 2013

សេចក្តី​​ជូន​​ដំ​ណឹង​​របស់​​សាលា​រាជ​ធានី​ភ្នំ​ពេញ ពាក់​​ព័ន្ធ​​ការធ្វើ​​បាតុកម្ម និង​ការ​ហែរ​ញត្តិ របស់​​គណបក្ស​​សង្គ្រោះ​​ជាតិ


ទស្សនៈវិ​ភាគ៖ របបសភានិយម គ្មានទេបក្សមានសម្លេងភាគតិចដឹកនាំរដ្ឋសភា!

អត្តបទដោយ: សៅ សុភៈ


បក្សប្រឆាំងនៅកម្ពុជា គួរណាស់ស្វែងយល់អំពីការ​បែ​ង​ចែ​កដាច់​ដោ​យ​ទ្បែ​ក​ពីរ​បៀ​ប​នៃការគ្រប់គ្រងរដ្ឋ និងនីតិវិធីនៃការបោះឆ្នោតឲ្យបានច្បាស់ រវាង​ប្រ​ទេ​សប្រកាន់​របប​ប្រ​ជា​ធិប​តេ​យ្យ​បែបប្រធានាធិបតីនិយម និងប្រជាធិបតេយ្យបែបសភានិយម។


ក្នុង​បរិបទ​នេះ មាន​ន័យ​ថា ការ​ទាម​ទារ​ដោ​យ​គ្មាន​ភា​ព​អៀនខ្មា​សរបស់ប្រធាន​គណ​បក្ស​​សង្គ្រោះ​ជាតិ ដើម្បី​អ្វីមួយដែលក្រុមរបស់ពួកគេហៅថា ការធ្វើឲ្យមានឲ្យ​មាន​តុល្យភាព​អំណាច​​ ទាល់​តែគណ​បក្ស​សង្គ្រោះ​ជាតិ​ទទួល​បាន​តំណែង​ប្រធាន​រដ្ឋសភា ​​ ដឹក​នាំ​ស្ថាប័ន​​នីតិបញ្ញត្តិនោះ​ គឺជា​ទង្វើមិន​ត្រឹម​ត្រូវ​ឡើយ។​ តើអ្វី​ទៅ ​ ​ជា តុ​ល្យភា​ពអំ​ណា​ច​របស់បក្សប្រឆាំង? តើគ​ណប​ក្សចា​ញ់​ឆ្នោ​ត មាន​សំ​ឡេង​ភាគតិចត្រូវតែដឹកនាំរដ្ឋសភា ទើ​ប​ហៅថា តុល្យភាពអំណាច ឬយ៉ាងណា?


ការធ្វើមិនយល់អំពីស្ថានការណ៍នយោបាយនៅកម្ពុជា ដោ​យព្យា​យាម​ភ្ជាប់​ពីរ​បៀ​ប​នៃកា​រ​គ្រប់​គ្រងរដ្ឋ និងនីតិវិធីនៃការបោះឆ្នោតរបស់សហរដ្ឋអាមេរិកមកសាបព្រួស អនុវ​ត្ត​នៅ​ក​ម្ពុ​ជា ដោយមិនខ្វល់អំពីរដ្ឋធម្មនុញ្ញកម្ពុជា គឺដើម្បីតែបំពេញមហិ​ច្ឆតា​ល្មោភ​អំណាច​របស់ខ្លួន​តែ​ប៉ុណ្ណោះ ។


ប្រជាធិបតេយ្យបែប​ប្រធា​នាធិប​តីនិយ​មរ​បស់​សហ​រដ្ឋ​អា​មេ​រិ​​​ក គឺការបោះឆ្នោតជ្រើស​រើស​ប្រធានាធិបតី និងការបោះឆ្នោតសភាជាតិ ចែកដាច់ពីគ្នា ពោល​គឺ​ខុសពីការបោះឆ្នោត​នៅកម្ពុជាទាំងស្រុង។​ ការបោះឆ្នោតនៅក​ម្ពុជា បោះ​តែម្តង គឺ​បោះ​ឆ្នោ​ត​ជ្រើសរើសតំណាងរាស្រ្ត ដើម្បីបង្កើតសភាជាតិ ហើយ​សភា​ជា​អ្នក​ផ្ត​ល់​សេ​ច​ក្តី​ទុ​ក​ចិ​ត្ត​បង្កើតគណៈរដ្ឋមន្ត្រី។ កម្ពុជា​មិន​មានការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រី និង​បោះ​ឆ្នោ​ត​សភាផ្សេងពីគ្នានោះទេ។ ដូច្នេះ បើ​យោងតាមគោលការណ៍នៃការរៀបចំបែបផែននៃ​ក្បា​ល​ម៉ាស៊ីនរដ្ឋសភា និងគណៈ​រដ្ឋមន្ត្រី​របស់​​​ប្រ​ទេស ដែលប្រកា​ន់យករបបប្រជាធិ​បតេយ្យបែប​សភានិយមនៅលើពិភពលោកនេះ គឺ​គណ​បក្សនយោបាយ​ណា​ដែល​ទទួ​ល​បានសំឡេង​ភាគច្រើននៅក្នុងរដ្ឋសភាដាច់ខាត បក្ស​នយោ​បាយ​នោះ​ត្រូវតែដឹកនាំរដ្ឋសភា មិន​អា​ច​ឲ្យ​គណបក្សនយោបាយដែលមានសំឡេងភាគតិចក្នុងសភា ទៅ​ដឹ​ក​នាំរ​ដ្ឋ​ស​ភានោះ​ទេ។ ប៉ុន្តែ​ ក្រុម​បក្ស​ប្រឆាំង​បាន​ព្យាយាម​បក​ស្រាយ​ទាំង​បំ​ពាន​លើ​រដ្ឋ​ធម្មនុញ្ញ តាម​រយៈការ​ទាម​ទារ​ដណ្តើម​អំ​ណាច​ចង់​ធ្វើ​ជា​ប្រធាន​សភា ក្រោម​ហេតុ​ផល​ថា នោះ​ គឺ​ជា​តុល្យ​ភាព​អំណាច ។


គណបក្សប្រឆាំងគួរណាស់យល់អោយបានច្បាស់ ថា ​នៅ​សហរដ្ឋ​អាមេរិក ដែល​គេ​ប្រកាន់​រប​ប​​ប្រធានាធិបតី​និយម​នោះ ក៏​គ្មាន​តុល្យ​ភាព​អំណាចរវាង​ប្រធានា​ធិបតី​ និង​សភា​ដែរ លើក​លែង​តែប្រធានាធិបតី​ដែល​ឈ្នះ​ឆ្នោត​ និង​សភា​ដែល​ឈ្នះ​ឆ្នោតនោះ​ គឺ​ចេញ​ពី​គណបក្ស​តែ​មួយ។ ឧទាហរណ៍ នៅឆ្នាំ​២០០៩ ​​​ប្រធានា​ធិបតី​ អូបាម៉ា ដែល​ជាប់​ជា​ប្រធានាធិបតី មក​ពី​គណបក្ស​ប្រជាធិបតេយ្យ និង​សភា​តំណាង​រាស្ដ្រ​ក៏​ជាប់ភាគ​ច្រើនមក​ពី​គណបក្ស​ប្រជាធិបតេយ្យ និង​ព្រឹទ្ធសភា​ភាគ​ច្រើន​ក៏​មក​ពី​គណបក្ស​ប្រជា​ធិបតេយ្យ បាន​អនុញ្ញាត​ឲ្យ​ប្រធានាធិបតី អូបាម៉ា និង​សភា​ទាំង​ពីរ​ធ្វើការ​យ៉ាង​ស្អិត​រមួត​ជាមួយ​គ្នា ពិសេស​ គឺ​ការ​ធ្វើ​ច្បាប់​ម្ដងៗ។


ក៏​ប៉ុន្ដែ​នៅ​ដើម​ឆ្នាំ​២០១៣ នេះ បន្ទាប់ពី​គណបក្ស​សាធារណ​រដ្ឋ​បាន​ជាប់ឆ្នោតភាគ​ច្រើន​នៅ​ក្នុង​សភា​តំណាង​រាស្ដ្រ​ តែ​គណបក្ស​ប្រជាធិបតេយ្យ​មាន​សម្លេង​ភាគ​ច្រើន​នៅ​ព្រឹទ្ធ​សភា​យ៉ាង​ណា​ក៏ដោយ ក៏​លោក​ប្រធា​នា​​ធិបតី អូបាម៉ា បាន​ជួប​ប្រទះ​នូវ​ការ​លំបាក​យ៉ាង​ខ្លាំង ពិសេស​ក្នុង​ពេល​ថ្មី​ៗនេះ បាន​ញ៉ាំង​ឲ្យ​រដ្ឋាភិបាល​អាមេរិក​កាំង​បាន​បិទដំ​ណើរការ​អស់​រយៈ​ពេល​ពីរ​សប្ដាហ៍​។


ដោយ​ឡែក​​​នៅ​កម្ពុជាវិញ​​ ការដែលគណបក្ស​ប្រឆាំង​ព្យាយាមយករូបមន្ត​របស់​សហ​រដ្ឋ​អាមេរិក ​ចាប់បង្ខំឲ្យអនុវត្ត​​បែ​ប​នេះ ត្រូវបាន សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​លើក​ដំបូងកាលពី​ពេល​កន្លង​ទៅ​ បញ្ជាក់​យ៉ាង​ច្បាស់​ថា គ្មាន​ប្រទេស​ណាមួយ​នៅលើ​លោក​នេះ ​អាច​ប្រគល់​តំណែង​ប្រ​ធា​ន​​សភា​ទៅ​ឲ្យ​គណបក្ស​ដែល​មាន​សំឡេង​ភាគតិច​នោះ​ឡើយ។ រដ្ឋសភា និង​រដ្ឋាភិបាល​ នឹង​ត្រូវជា​​ប់គាំង​ ប្រសិនបើ​គេ​ប្រគល់​តំណែង​ប្រធាន​រដ្ឋ​សភា​​ទៅ​ឲ្យ​គណបក្សប្រឆាំង ​ពីព្រោះ​ប្រ​ធា​ន​​សភា​មាន​សិទ្ធិ​បដិសេធ​មិន​លើក​យក​សេចក្តី​ព្រាង​ច្បាប់​ណាមួយ​ដែល​មាន​តម្រូវ​ការ​​ចាំ​បាច់​ មក​ជជែក​នៅក្នុ​ងអ​ង្គ​សភា ។


ដូចនេះ ជុំវិញការទាមទារឲ្យមានតុល្យភាពអំណាចរបស់បក្សប្រឆាំង​ជារឿ​ងមួ​យ​ដែ​ល​មិនអាចទៅរួចទេ ហើយក៏គ្មានការ​ចាំបាច់សម្រា​ប់ច្បាប់របស់ក​ម្ពុជាដែរ ព្រោះគេបា​នដឹងយ៉ាង​ច្បា​ស់​​ណាស់ថា តុល្យភាពអំណាចរបស់កម្ពុជាមានរួចជាស្រេចទៅហើយ គឺ​ការ​ចែក​ដាច់​រវា​ង​អំណាចទាំង ៣ គឺស្ថាប័ននីតិបញ្ញត្តិ នីតិប្រតិបត្តិ និងតុលាការ។ ជាងនេះទៅទៀតនោះ យោ​ង​តាម​​មាត្រា ៩៨ ថ្មី បានបញ្ជាក់យ៉ាងច្បាស់ណាស់ថា រដ្ឋសភា​អាច​ទម្លា​ក់ស​មាជិ​ក​គណៈ​រដ្ឋ​ម​ន្ត្រី ឬ​ទម្លាក់រដ្ឋាភិបាលពីតំណែង ដោយអនុម័តញត្តិបន្ទោស តាម​សំឡេ​ង​ឆ្នោ​ត​គា​គ​ច្រើ​ន​ដាច់​ខាត​នៃ​​​ចំនួនសមាជិកសភាទាំងមូល។ ញត្តិបន្ទោស ត្រូវបានលើកទ្បើងជូនរដ្ឋសភា ដោយ​តំ​​​​ណាង​រាស្ត្រ​ចំនួន៣០ នាក់ ទើបរដ្ឋសភាអាចលើកយកមកពិភាក្សាបាន។


កា​រ​​ដែ​ល​​​ប្រ​ជា​​ព​លរដ្ឋ​បោះឆ្នោតឲ្យបក្សប្រឆាំង ៥៥ អាសនៈនោះ គឺ​ដើម្បី​ធ្វើ​កិច្ច​កា​រ​បម្រើ​ឆន្ទៈរាស្ត្រក្នុងរដ្ឋសភា មិនមែនឲ្យបង្កចលាចលសង្គមតាមដងផ្លូវ ជាហេតុនាំដល់ វិប​ត្តិ​នយោ​បាយ បង្អាក់ដំណើរនៃការអភិវឌ្ឍន៍ បង្កនូវអសន្តិសុខជាតិ បង្កើតភាពអនាធិបតេយ្យ ដែលនាំដល់​ការ​ភ័យខ្លាចយ៉ាងធ្ងន់សម្រាប់ប្រជាពលរដ្ឋនៅទូទាំងប្រទេសនោះទេ។ ម្យ៉ា​ង​វិញទៀត ការដែល​គណបក្ស​ប្រជាជន​កម្ពុជាប្រគល់​តំណែង​អនុប្រធាន​សភា​មួយ ប្រធាន​គណៈកម្មការ ៤ និង​អនុ​ប្រធាន​គណៈកម្មការ​ ៥ ​បានបង្ហាញពី​សមា​មាត្រ​តុល្យ​ភា​ព​អំ​ណា​ច​ដែលកើតចេញ​ពីការគាំ​ទ្រ​របស់ប្រជាពលរដ្ឋ ជាក់ស្តែងរួចស្រេចទៅហើយ។


ជា​រួម​ ការទាមទារតុល្យភាពអំណាចរបស់គណបក្ស​ប្រឆាំង​  គឺមិនឈរ​លើ​មូល​ដ្ឋា​នច្បាប់ នោះ​ទេ ។ ផ្ទុយ​ទៅ​វិញ​ វាគ្រាន់​តែជាការធ្វើវិទ្ធង្សនារដ្ឋធម្មនុញ្ញ តាមរយៈការ​ប្រើ​ប្រាស់​អំណាច​នៃ​ការ​បំភ្លៃ​ ភូត​កុ​ហ​ក និង​បំភាន់​សាធារណ​មតិតែ​ប៉ុណ្ណោះ។ ដូច្នេះ ដោយ​យោង​លើ​លទ្ធផល​បោះឆ្នោត​ផ្លូវ​ការ​ដែល​គណបក្ស​ប្រជា​ជន​កម្ពុជា​ទទួល​បាន​៦៨​អាសនៈ ក្នុង​ន័យ​ថា លើសពី​៥០ភាគ​រយ​បូក​១ គឺ​តម្រូវ​ឱ្យ​ស្ថាប័ន​រដ្ឋសភា និង​រាជ​រដ្ឋាភិបាល​ត្រូវ​តែ​ដឹក​នាំ​ដោយ​គណបក្ស​ប្រជាជនកម្ពុជា​​ដែល​ឈ្នះ​ដាច់​ ហើយ​ការ​ទាម​ទារ​របស់​គណបក្សប្រឆាំង​ គឺ​គ្មាន​ទម្ងន់ផ្លូវ​ច្បាប់​ណា​មួយ​ដើម្បី​នឹង​ទទួល​បាន​ដំ​ណែងប្រធាន​រដ្ឋសភា​ទេ៕


សេច​ក្តី​ប្រកាសព័ត៌មានរបស់​រាជ​រដ្ឋា​ភិបាល​កម្ពុជា ស្តីពី​ដំណើ​ការ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត​នា​ពេល​ខាងមុខ