Monday, November 08, 2021

ប្រសាសន៍ដើមទាំងស្រុង សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

 (FN)៖ អគារទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលជាសមិទ្ធផលថ្មីដ៏ពិសិដ្ឋនៃស្ថាបត្យកម្មរបស់ជាតិកម្ពុជា តម្លៃជាង២៨លានដុល្លារអាមេរិក បើកសម្ពោធជាផ្លូវការនៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។ ពិធីនឹងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

អគារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាសមិទ្ធផលមួយដែលបង្ហាញពីគុណតម្លៃនៃការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកម្ពស់ស្ថាបត្យកម្ម ដែលជាស្នាដៃផ្ទាល់របស់កូនខ្មែរ ហើយក៏បានបង្ហាញនូវសមត្ថភាពរបស់រាជរដ្ឋាភិបាលលើការគ្រប់គ្រង និងប្រើប្រាស់ថវិកាជាតិ ដើម្បីបង្កើតនូវសមិទ្ធផលជាទីមោទនភាពសម្រាប់ជាតិផងដែរ។

ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងនៅក្នុងពិធីសម្ពោធ៖

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចពិតជារីករាយចំពោះការបានមកសម្ពោធដាក់ឱ្យប្រើប្រាស់អគារទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

* សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា អគារក្រសួងនេះគ្រោងនឹងសម្ពោធកាលពីខែមេសា តែដោយសារជំងឺកូវីដ១៩ ក៏បានពន្យារពេលមកដល់ពេលនេះ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងគូសបញ្ជាក់ថា គន្លងថ្មីនៃការរស់នៅក្នុងសម័យកូវីដ១៩ បានធ្វើឱ្យសាលប្រជុំរបស់ក្រសួងដែលអាចដាក់បានមនុស្សរហូតដល់ទៅជាង ២ពាន់នាក់ តែត្រូវដាក់មកត្រឹមប្រមាណ ៥០០នាក់ប៉ុណ្ណោះ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជំងឺកូវីដ១៩ អាចបំផ្លាញការរស់នៅ តែមិនអាចបំផ្លាញដំណើរឈានទៅមុខរបស់កម្ពុជាបាននោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានរំលឹកឡើងវិញពីការដោះដូរទីតាំងក្រសួងមួយចំនួន ក្រោយពេលក្រសួងសាធារណការត្រូវបានសាងសង់នៅទីតាំងថ្មី។ មានដូចជាក្រសួងរ៉ែ និងថាមពល ក្រសួងអភិវឌ្ឍន៍ជនបទ និងទីតាំងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយជាដើម។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅថ្ងៃទី២៩ ខែធ្នូ ដែលជាខួប២៣ឆ្នាំ នៃការបិទបញ្ចប់ភ្លើងសង្គ្រាមនោះ នឹងសម្ពោធដាក់ឱ្យប្រើប្រាស់ក្រសួងការពារជាតិ។

* សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ដែរថា ក្រសួងមហាផ្ទៃក៏កំពុងសាងសង់ ហើយអាចដាក់ឱ្យប្រើប្រាស់នាពេលខាងមុខជាមួយតម្លៃ៦០លានដុល្លារ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បច្ចុប្បន្នជាដំណាក់កាលត្រូវសាងសង់កន្លែងធ្វើការរបស់មន្ត្រីរាជការ។ សមិទ្ធផលនេះ ក៏ជាបង្ហាញឱ្យឃើញការវិវឌ្ឍនៃសង្គមកម្ពុជា ដែលកាលពីអតីតកាលមិនមានទីតាំងសម្រាប់មន្ត្រីធ្វើការ។

* សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរលោកឧបនាយករដ្ឋមន្ត្រី ជា សុផារា សម្រាប់ការដឹកនាំកសាងអគារទីស្តីការក្រសួងនេះឡើង។

* សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី ម៉ារីស ផែន នឹងពិភាក្សាលើការងារជាច្រើន មានទាំងទ្វេភាគី និងតំបន់ ជាពិសេសពាក់ព័ន្ធនឹងប្រទេសផលិតប៉ារម៉ាណូ។

* សម្តេចតេជោ ហ៊ុន សែន បានឆ្លៀតឆ្លើយតបថា គ្មានដំណើរភ្ញៀវបរទេសណាមួយ មកកៀបសង្កត់កម្ពុជានោះឡើយ បើកៀបសង្កត់លើកម្ពុជាមិនបាច់មកទេ។

* សម្តេចតេជោ ហ៊ុន សែន ក៏បានឆ្លៀតបញ្ជាក់ពីការមិនបានទទួលរដ្ឋមន្ត្រីការបរទេសអង់គ្លេស ដែលមកទស្សនកិច្ចនៅកម្ពុជាកាលពីខែមិថុនាផងដែរ។ សម្តេចតេជោ បញ្ជាក់ថា ការមិនជួបនាពេលនោះមិនមែនខ្លាចទេ គឺដោយសារជាប់ធ្វើចត្តាឡីស័ក។

* សម្តេចតេជោ មានប្រសាសន៍ថា ដំណើររដ្ឋមន្ត្រីការបរទេសអូស្ត្រាលី អាចនឹងមកពន្យល់ពីសម្ព័ន្ធភាពត្រីភាគី អាមេរិក អង់គ្លេស អូស្ត្រាលី (AUKUS)។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជា និងអូស្ត្រាលី កំពុងមានទំនាក់ទំនងពាណិជ្ជកម្មយ៉ាងល្អ ហើយទំនាក់ទំនងពាណិជ្ជកម្មនឹងកាន់តែប្រសើរទៀត។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចនឹងចាអក្សរ៣ឃ្លាជាមួយការសម្ពោធអគារទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ចំណារ៣ឃ្លានោះរួមមាន៖
១៖ មានអគារលំបាកទៅហើយ តែការថែទាំអគារ ដើម្បីប្រើប្រាស់បានយូរអង្វែងក៏លំបាកដែរ។
២៖ បានកន្លែងធ្វើការល្អហើយ តែវានឹងកាន់តែល្អថែមទៀត បើធ្វើការងារកាន់តែមានប្រសិទ្ធភាព។
៣៖ សន្សំសំចៃភ្លើង និងទឹក។

* សម្តេចតេជោ បានមានប្រសាសន៍បើមានកន្លែងធ្វើការងារល្អ តែការងារមិនមានប្រសិទ្ធភាព ការងារមិនល្អ គឺស្មើសូន្យ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងរំលឹកពីរឿងប្រតិបត្តិការសង្គ្រោះមនុស្សក្នុងហេតុការណ៍រលំអគារកាលពីឆ្នាំ២០១៩។ សម្តេចតេជោ បានថ្លែងថា សម្តេចតក់ស្លុតណាស់ចំពោះព្រឹត្តិការណ៍នោះ នៅពេលមិនមានថ្នាក់ជាតិចុះអន្តរាគមន៍។

* សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា តម្លៃអ្នកសង្គ្រោះ គឺស្ថិតនៅលើការសង្គ្រោះ ដោយមិនខ្វល់ពីជីវិតរបស់ខ្លួនឯង។

* សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា ក្រោយក្លាយជាប្រធានក្រុមប្រឹក្សារដ្ឋនៅឆ្នាំ១៩៨៥ ទើបសម្តេចស្នើបង្កើតអគ្គនាយកដ្ឋានសំណង់។ តែអគ្គនាយកដ្ឋាននោះ គិតគូរតែការរៀបចំសំណង់ អត់បានគិតគូររៀបចំដែនដីនោះឡើយ។ រហូតដល់ក្រោយការបោះឆ្នោតឆ្នាំ១៩៩៣ ផ្នែកសំណង់ត្រូវបានបញ្ចូលក្រោមក្រសួងសាធារណការ។

* សម្តេចតេជោ ហ៊ុន សែន ហួសចិត្តអ្នកវិភាគមួយចំនួនចង់យកកិច្ចព្រមព្រៀងទីក្រុងប៉ារីស ទៅដោះស្រាយបញ្ហាមីយ៉ាន់ម៉ា។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកដែលចង់ហៅកិច្ចព្រមព្រៀងប៉ារីសមកវិញ គឺជាអ្នកចង់ហៅបរទេសមកគ្រប់គ្រងខ្មែរវិញ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ៊ុនតាក់ បានចប់ភារកិច្ចហើយ រដ្ឋធម្មនុញ្ញខ្មែរពេលនេះគឺព្រះមហាក្សត្រធំជាងគេ ហេតុអ្វីចង់ហៅបរទេសមកគ្រប់គ្រងខ្មែរវិញ។

* សម្តេចតេជោ ហ៊ុន សែន ផ្តាំទៅអ្នកវិភាគនិយាយអ្វីនិយាយទៅ តែកុំព្រហើន បើខុសច្បាប់ គឺច្បាប់មានវិធានការហើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចហ៊ានវ៉ៃខ្នោះអ្នកនយោបាយម៉ោង១២យប់ រឿងអ្វីមិនហ៊ានវ៉ៃខ្នោះអ្នកចោទប្រកាន់រដ្ឋសភាថាខុសច្បាប់។

* សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា ព្រឹត្តិការវាយប្រហារសម្តេចនៅសៀមរាបកាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៨ គឺមានការណែនាំសម្តេចមិនឱ្យទៅ ព្រោះបានប្រមើមើលឃើញពីគម្រោងវាយប្រហារសម្តេច។ ទីបំផុតពិតជាមានការវាយប្រហារប្រាកដមែន តែមិនអាចសម្លាប់សម្តេច។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រោយពេលបែក ប៉ុលពត សម្តេចអ្នកប្រគល់ផ្ទះឱ្យប្រជាពលរដ្ឋសោះ តែពេលបោះឆ្នោតបែរចោទថាសម្តេចយកផ្ទះប្រជាពលរដ្ឋទៅវិញ។ សម្តេចតេជោ បានថ្លែងថា នេះជារឿងឈឺចាប់ណាស់។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជាមោទនភាពសម្រាប់រាជរដ្ឋាភិបាល ដែលថ្លុកត្រពាំង បានក្លាយទៅជាទីតាំងសំណង់អគារផ្សេងៗ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងប្រតិកម្មចំពោះការរិះគន់រឿងជំនន់លិចភ្នំពេញ។ សម្តេចតេជោបញ្ជាក់ថា ការជន់លិចដោយសារទឹកភ្លៀងវាធ្លាក់មកខ្លាំង។ សម្តេចតេជោ បានបញ្ជាក់ថា សម្តេចធ្លាប់រស់នៅសម័យសង្គមរាស្ត្រនិយម គឺទឹកលិចពេញភ្នំពេញ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នករិះគន់រឿងការជន់លិចនៅភ្នំពេញ គឺជាការច្រណែនចំពោះសមិទ្ធផលនៃការអភិវឌ្ឍ។

* សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍គាំទ្រការលុបស្រះទឹកមួយនៅក្នុង ហ្គ្រេនស៊ីធី របស់ក្រុមហ៊ុនជីបម៉ុង

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា តម្រូវការប្រើប្រាស់ឈើរបស់ប្រជាពលរដ្ឋ ជាចំណែកនាំឱ្យបាត់បង់ព្រៃឈើនៅកម្ពុជា។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មានការអភិវឌ្ឍ គឺនឹងមានសម្ពាធទៅលើបរិស្ថាន។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មន្ត្រីសង្គមរាស្ត្រនិយម លោក អ៉ិន តាំ សិរីមតនៈ និង ចេង ហេង ខូចជាងគេ។

* សម្តេចតេជោ ហ៊ុន សែន ប្រាប់ទៅអ្នកវិភាគរឿង២៣តុលា កុំចេះតែបកស្រាយបំពានលើស្ថាប័នជាតិ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មកដល់ម៉ោងនេះហើយ នៅមានមនុស្សភ្លើមិនយល់រឿងកិច្ចព្រមព្រៀងសន្តិភាព ២៣ តុលា ១៩៩១។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាមានឯករាជ្យភាពរបស់ខ្លួន ហើយប្រទេសនានាត្រូវគោរពឯករាជ្យ និងអធិបតេយ្យរបស់កម្ពុជា។

* សម្តេចតេជោ ហ៊ុន សែន ផ្តាំផ្ញើដល់ជនប្រឆាំងកុំឱ្យតាំងខ្លួនជាត្រីបក លើក្តារអុកអាស៊ាន។ សម្តេចតេជោ បានបញ្ជាក់ទោះត្រូវប្រើទូក ក៏តាមស៊ីត្រីឱ្យទាល់តែបាន។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កិច្ចការរបស់កម្ពុជា គឺកម្ពុជាជាអ្នកចាត់ចែង កុំយកអាស៊ានមកលូកលាន់។

* សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យពិចារណាចំពោះជនលើកឡើងថា ការធ្វើវិសោធនកម្ម ២/៣ មក ៥០ បូក១ ជាការរំលោភរដ្ឋធម្មនុញ្ញ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជនចោទសម្តេចមានសញ្ជាតិពីរ ជាឱកាសឱ្យសម្តេចផ្តួចផ្តើមបង្កើតច្បាប់កំណត់សញ្ជាតិខ្មែរតែមួយ សម្រាប់មេដឹកនាំស្ថាប័នកំពូលរបស់ជាតិ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមានសញ្ជាតិខ្មែរតែមួយតាំងពីកំណើត ហើយមិនដែលយល់សប្តិចង់បានសញ្ជាតិនេះ ឬសញ្ជាតិនោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានផ្តាំផ្ញើការងារចំនួន៣ ជូនទៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឱ្យខិតខំបំពេញបន្ថែម។ ការងារទាំង៣នោះរួមមាន៖ បន្តខិតខំដោះស្រាយការចេញបណ្ណកម្មសិទ្ធជូនប្រជាពលរដ្ឋ, ខិតខំដោះស្រាយជម្លោះដីធ្លីដែលនៅសេសសល់ ឬទើបកើតដោយប្រើយន្តការសម្របសម្រួល ក្រៅប្រព័ន្ធតុលាការ និងត្រូវមានសុចរិតភាព, ខិតខំដោះស្រាយបញ្ហាដីសង្គមកិច្ច។ សម្តេចតេជោ ចាត់ទុកកិច្ចការដីសម្បទានសង្គមកិច្ច ជាការងារអាទិភាពរបស់រាជរដ្ឋាភិបាល។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមានមោទនភាពចំពោះប្រជាពលរដ្ឋខ្មែរ ដែលបានប្រកាន់ខ្ជាប់វិធានការការពារជំងឺកូវីដ១៩ ដោយបានពាក់ម៉ាស់។ សម្តេចតេជោ បានសង្កេតឃើញថា តាមផ្លូវពីផ្ទះ មកទីតាំងប្រារព្ធពិធីឃើញមនុស្ស ៣នាក់ប៉ុណ្ណោះ អត់ពាក់ម៉ាស់។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការបើក ឌីស្កូ និង KTV ត្រូវរង់ចាំពិនិត្យក្រោយថ្ងៃទី៣០ ខែវិច្ឆិកា។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពិធីមង្គលការអនុញ្ញាតឱ្យមានអ្នកចូលរួមច្រើនបំផុត២០០នាក់ ដោយមិនរាប់បញ្ចូលអ្នកផ្តល់សេវានានា។

* សម្តេចតេជោ ហ៊ុន សែន ណែនាំកុំឱ្យទាន់បើកមត្តេយ្យសិក្សា។

* សម្តេចតេជោ ហ៊ុន សែន បញ្ចប់ប្រសាសន៍នៅវេលាម៉ោង៩៖៥៣នាទី










សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី

នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី៨ ខែ វិច្ឆិកា ឆ្នាំ ២០២១ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបលោកជំទាវ ម៉ារីស ផេន (Marise Payne) រដ្ឋមន្ត្រីការបរទេស និងជារដ្ឋមន្ត្រីកិច្ចការនារី នៃប្រទេសអូស្ត្រាលី ។

នៅក្នុងជំនួបនោះ ម៉ារីស ផេន (Marise Payne) បានគោរពពាំនាំនូវការផ្ដាំផ្ញើរសួរសុខទុក្ខ ពីឯកឧត្តមនាយករដ្ឋមន្ត្រីអូស្ត្រាលី គោរពជូនសម្ដេចតេជោនាយករដ្ឋមន្ត្រី ហើយលោកជំទាវបានជម្រាបជូនថា លោកជំទាវបានមកកាន់ព្រះរាជាណាចក្រកម្ពុជាចំនួន២លើកកន្លងមកហើយ ដែលលើកទី១ គឺនៅក្នុងឆ្នាំ២០០២ និងលើកទី២នៅក្នុងឆ្នាំ២០០៥ ។ ក្នុងដំណើរទស្សនកិច្ចរបស់លោកជំទាវមកកាន់កម្ពុជានៅពេលនេះ លោកជំទាវបានសង្កេតឃើញថា កម្ពុជាមានការអភិវឌ្ឍន៍យ៉ាងខ្លាំង លោកជំទាវបានសម្ដែងនូវការអបអរសាទរជូនដល់សម្ដេចតេជោ។ ជាមួយគ្នានោះផងដែរលោកជំទាវក៏បានគោរពវាយតម្លៃខ្ពស់ចំពោះ វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា តាមរយៈការចាក់ស្រោចវ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋ និងការចាប់ផ្ដើមឲ្យសិស្សចូលរៀនវិញ និងបើកប្រទេសឲ្យប្រជាពលរដ្ឋរស់នៅតាមបែបកន្លងថ្មី។
លោកជំទាវក៏បានសម្ដែងនូវក្តីរីករាយ នូវកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាទាំងក្នុងក្របខណ្ឌទ្វេភាគី ទាំងក្នុងក្របខណ្ឌពហុភាគី។ ក្នុងក្របខណ្ឌទ្វេភាគី លោកជំទាវបានសម្ដែងនូវក្តីរីករាយចំពោះផ្លែផ្កាដែលទទួលបានពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម វិស័យយោធា វិស័យអប់រំ និងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ។ លោកជំទាវបានគោរពជម្រាបជូនសម្ដេចតេជោថា រដ្ឋាភិបាលអូស្ត្រាលីបានសម្រេចផ្ដល់ជូនកម្ពុជានៅវ៉ាក់ចាក់សាំងប្រឆាំងកូវីដ-១៩ ចំនួន៣លាន២សែន៥ម៉ឺនដូសដែលក្នុងនោះចំនួន១លានដូស នឹងត្រូវប្រគល់ជូនកម្ពុជាមុនបំណាច់ឆ្នាំនេះ ។ ក្នុងក្របខណ្ឌពហុភាគីលោកជំទាវបានសម្ដែងនូវអំណរសាទរចំពោះកម្ពុជាដែលបានទទួលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ាន ហើយលោកជំទាវពិតជារីករាយយ៉ាងខ្លាំងចំពោះកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងអូស្ត្រាលី ហើយលោកជំទាវក៏បានជម្រាបជូនសម្តេចតេជោថា អូស្ត្រាលីនឹងជួយដល់កម្ពុជាធ្វើយ៉ាងណាឱ្យកម្ពុជាក្នុងនាមជាប្រធានអាស៊ានឲ្យទទួលបាននូវភាពជោគជ័យ។
ឆ្លៀតនៅក្នុងឱកាសនោះផងដែរលោកជំទាវ ក៏បានជម្រាបជូនសម្ដេចតេជោនាយករដ្ឋមន្ត្រី ដោយសង្ខេបអំពីមេត្រីភាពរវាងអូស្ត្រាលី ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក ដែលហៅថា AUKUS។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានឯកភាពចំពោះការវាយតម្លៃរបស់លោកជំទាវ ម៉ារីស ផេន (Marise Payne) អំពីទំនាក់ទំនងរវាងកម្ពុជា និងអូស្ត្រាលី ទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី ។ សម្ដេចតេជោបានមានប្រសាសន៍ថា អូស្ត្រាលី បានជួយកម្ពុជាច្រើន ជាពិសេសលើវិស័យកសិកម្ម តាមរយៈការបង្កើតវិទ្យាស្ថានស្រាវជ្រាវ បង្កាត់ពូជស្រូវ ដែលហៅកាត់ថា Cadi លើវិស័យយោធា លើវិស័យអប់រំ តាមរយៈការបើកសាលាភាសានៅកម្ពុជា និងការបើកឲ្យសិស្សកម្ពុជាទៅរៀននៅប្រទេសអូស្ត្រាលី លើវិស័យសុខាភិបាល តាមរយៈការផ្ដល់ជំនួយវ៉ាក់សាំងដល់កម្ពុជា ហើយសម្ដេចបានថ្លែងអំណរគុណចំពោះអូស្ត្រាលីដែលនឹងផ្ដល់អំណោយវ៉ាក់សាំងកូវីដ-១៩ នៅពេលខាងមុខដល់កម្ពុជា។ សម្ដេចបានមានប្រសាសន៍បន្តថា សម្ដេចមានសុទិដ្ឋិនិយម ក្នុងការបើកប្រទេសដល់ប្រជាពលរដ្ឋរស់នៅតាមគន្លងថ្មី ។
ក្នុងក្របខ័ណ្ឌអាស៊ានសម្ដេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា សម្ដេចសង្ឃឹមថាអូស្ត្រាលីនឹងចូលរួមជាមួយបណ្ដាប្រទេសអាស៊ាន ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដើម្បីឈានឆ្ពោះទៅកាន់ការតភ្ជាប់អាស៊ានឡើងវិញ បន្ទាប់ពីមានការកាត់ផ្ដាច់ដោយកូវីត-១៩ ។ ជាទីបញ្ចប់ សម្ដេចតេជោ បានថ្លែងអំណរគុណចំពោះលោកជំទាវ ម៉ារីស ផេន (Marise Payne) ដែលបានចែករំលែកព័ត៌មានពាក់ព័ន្ធ AUKUS និងជូនពរលោកជំទាវឱ្យទទួលបាននូវភាពជោគជ័យជាបន្តបន្ទាប់ទៀត៕




















សម្តេចតេជោ ហ៊ុន សែន បកអាក្រាតពីចរិតពួកប្រឆាំងដែលចោទប្រកាន់សម្តេចថាមានសញ្ជាតិពីរ

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា នៅពេលនេះការពិតត្រូវបានលាតត្រដាងហើយពីសញ្ជាតិរបស់សម្តេចនោះ ហើយបើឱ្យសម្តេចលាលែងសញ្ជាតិមួយទៀតនោះគឺមានតែលាលែងពីសញ្ជាតិខ្យល់។ សម្តេចបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធទីស្តីការក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់។

 

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា អ្នកដែលចង់ទាត់សម្តេចមួយជើងពីរឿងសញ្ជាតិនោះ ពេលនេះគឺបាក់កខ្លួនឯងហើយ ហើយសម្តេចប្រៀបធៀបការចោទប្រកាន់ថាសម្តេចតេជោមានសញ្ជាតិពីរនេះគឺជារឿងដំបៅមិនឈឺ យកឈើរុក ដូចនេះហើយទើបសម្តេចស្នើសុំការធ្វើវិសោធនកម្មច្បាប់ឱ្យបានលឿនដើម្បីបញ្ជាក់ការពិត។

 

សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់បន្ថែមថា នៅពេលដែលច្បាប់ស្តីពីការកំណត់សញ្ជាតិខ្មែរតែមួយនេះត្រូវបានពិនិត្យនិងអនុម័តហើយ ក្រុមប្រឆាំងបាននាំគ្នាឃោសនាថា ព្រះមហាក្សត្រនឹងមិនឡាយព្រះហស្ថលេខាទេ ដល់ពេលនេះព្រះអង្គទ្រង់ឡាយព្រះហស្ថលេខារួចហើយ។ សម្តេចតេជោ បានបន្តថា ដល់ពេលធ្វើអ្វីមិនកើត បែរជាចោទប្រកាន់ថា កាសែតនោះ ស៊ីលុយសម្តេចថែមទៀតផង។

 

សម្តេចតេជោ ហ៊ុន សែន ក៏បានសង្កត់ធ្ងន់សារជាថ្មីម្តងទៀតថា ច្បាប់ស្តីពីការកំណត់សញ្ជាតិខ្មែរតែមួយ គឺមានគោលបំណងដើម្បីបញ្ចៀសការជ្រៀតជ្រែកពីបរទេសនិងដើម្បីការពារផលប្រយោជន៍ប្រទេសកម្ពុជា។ សម្តេចតេជោបានបន្តថា នៅប្រទេសគេ ក៏គេមានច្បាប់ប្រឆាំងការជ្រៀតជ្រែកពីបរទេសនេះផងដែរ តួយ៉ាងប្រទេសសិង្ហបុរីជាដើម៕






ពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពីការសរសេរព័ត៌មាន បណ្ដាញផ្សព្វផ្សាយសង្គមជូនដល់ក្រុមការងារយុវជនគណបក្សខេត្ត

ក្រចេះ ÷ នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២១ លោក វ៉ា ថន ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តក្រចេះ និងជាប្រធានក្រុមការងារយុវជនគណបក្សខេត្ត បានចូលរួមជាអធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពីការយករូបភាព និងការសរសេរព័ត៌មានជូនដល់ក្រុមជំនួយការ ផែនព័ត៌មាន និងបណ្ដាញផ្សព្វផ្សាយសង្គម នៃក្រុមការងារយុវជនគណបក្សខេត្ត ដោយមានសមាសភាពចូលរួមប្រមាណ ៧៦នាក់ នៅសាលប្រជុំមន្ទីរគណបក្សខេត្ត។


ក្នុងឱកាសនោះដែរ លោកបានមានមតិផ្ដាំផ្ញើរដល់ក្រុមការងារ ត្រូវប្រើប្រាស់បណ្ដាញផ្សព្វផ្សាយឲ្យមានប្រយោជន៍ដល់សង្គម រូបភាពល្អៗ អត្ថបទអប់រំ និងធ្វើការវាយបករហ័សចំពោះព័ត៌មានដែលមិនពិត បំពុលសង្គម៕







សម្តេចតេជោ ហ៊ុន សែន ព្រមានចំពោះអ្នកបកស្រាយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសទាំងបំពាន

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សុំអ្នកនិយាយកុំនិយាយខុសច្បាប់ដោយចោទប្រកាន់ថារាជរដ្ឋាភិបាលមិនបានធ្វើតាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលការនិយាយដូចនេះអាចនឹងរងការចោទប្រកាន់និងចាប់ដាក់ពន្ធនាគារនៅថ្ងៃណាមួយមិនខាន។ សម្តេចបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធទីស្តីការក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់។


សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ចាប់តាំងពីកម្ពុជាបានបង្កើតរាជរដ្ឋាភិបាលអាណត្តិទី១មក និងមានរដ្ឋធម្មនុញ្ញមក ភារកិច្ចរបស់អ៊ុនតាក់ និងអង្គការសហប្រជាជាតិ ក៏ត្រូវបានបញ្ចប់អស់ហើយ ពុំត្រូវការហៅពួកគាត់ត្រឡប់មកវិញនោះទេ។ សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា អ្នកដែលបានចោទប្រកាន់មកលើស្ថាប័នរដ្ឋសភាថាអនុវត្តខុសច្បាប់ក្នុងការកែប្រែរដ្ឋធម្មនុញ្ញនោះ ក៏ជាអំពើខុសច្បាប់ផងដែរ ដែលគេអាចទៅចាប់ឃាត់ខ្លួនគ្រប់ពេលវេលា។


សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់បន្ថែមថា បើអនុវត្តតាមកិច្ចព្រមព្រៀងទីក្រុងប៉ារីស ក៏ពុំចាំបាច់ត្រូវមានតុលាការអន្តរជាតិកាត់ទោសពួកខ្មែរក្រហមដែរ ព្រោះចំណុចនេះមិនបានចែងនៅក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនោះទេ៕








សម្តេចតេជោ ហ៊ុន សែន ៖ យុទ្ធសាស្ត្រចតុកោណអនុវត្តបានល្អ គឺអាស្រ័យលើប្រសិទ្ធភាពការងាររបស់មន្ត្រី

សម្តេចតេជោ ហ៊ុន សែន ថ្លែងថា មានកន្លែងការងារ(ទីស្តីការក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ថ្មី)ល្អហើយ តែបើយើងជាមន្ត្រីខិតខំប្រឹងប្រែងធ្វើការថែមទៀតនោះ ជាការប្រសើរណាស់។ សម្តេចតេជោ បានរំលឹកថា យុទ្ធសាស្ត្រចតុកោណអនុវត្តបានល្អ គឺអាស្រ័យលើប្រសិទ្ធភាពការងាររបស់មន្ត្រីខិតខំប្រឹងប្រែងធ្វើការងារឱ្យអស់ពីសមត្ថភាពរបស់ខ្លួន។

សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ នៅព្រឹកថ្ងៃ ច័ន្ទ ទី៨ ខែវិច្ឆិការ ឆ្នាំ២០២១ ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធអគារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ស្ថិតនៅខណ្ឌសែនសុខ រាជធានីភ្នំពេញ ខាងមុខហ្រ្គេនស៊ីធី

សម្តេចតេជោ ហ៊ុន សែន បានលើកឧទាហរណ៍ការបូកដកលេខថា ដើម្បីគណនាផលចំណេញ និងខាត គឺទីកន្លែងធ្វើការល្អហើយគ្មានប្រសិទ្ធភាពការងារ នាំឲ្យលទ្ធផលទទួលបានស្មើនឹងសូន្យ តែបើទីកន្លែងធ្វើការល្អ ហើយធ្វើការមានប្រសិទ្ធភាព នាំឲ្យលទ្ធផលទទួលបាន គឺមានប្រយោជន៍ដល់សង្គមជាតិ៕




ផ្សាយបន្តផ្ទាល់ពិសេស៖ ពិធីសម្ពោធជាផ្លូវការ អគារទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

ពិធីសម្ពោធជាផ្លូវការ អគារទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ថ្ងៃចន្ទ ៤កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១



អគារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលជាសមិទ្ធផលថ្មីដ៏ពិសិដ្ឋនៃស្ថាបត្យកម្មរបស់ជាតិកម្ពុជា តម្លៃជាង២៨លានដុល្លារអាមេរិក បើកសម្ពោធជាផ្លូវការនៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។ ពិធីប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

អគារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាសមិទ្ធផលមួយដែលបង្ហាញពីគុណតម្លៃនៃការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកម្ពស់តម្លៃស្ថាបត្យកម្ម ដែលជាស្នាដៃផ្ទាល់របស់កូនខ្មែរ ហើយក៏បានបង្ហាញនូវសមត្ថភាពរបស់រាជរដ្ឋាភិបាលលើការគ្រប់គ្រង និងប្រើប្រាស់ថវិកាជាតិ ដើម្បីបង្កើតនូវសមិទ្ធផលជាទីមោទនភាពសម្រាប់ជាតិផងដែរ។

អគារទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានទីតាំងស្ថិតនៅ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ នាប៉ែកខាងជើងឆៀងខាងលិច រាជធានីភ្នំពេញ ត្រូវបានប្រារព្ធពិធីបើការដ្ឋានសាងសង់នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០។ អគារនេះត្រូវបានបញ្ចប់ការសាងសង់ទាំងស្រុងនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ ដោយចំណាយពេលសាងសង់ ១ឆ្នាំ ១ខែ និង២០ថ្ងៃ។

អគារទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ សាងសង់នៅលើផ្ទៃដីទំហំ ៤.៥ហិកតា មានទំហំតួអគារបណ្ដោយប្រវែង ១៣២.៧ ម៉ែត្រ និងទទឹងប្រវែង ៩៤.៧ម៉ែត្រ មានចំនួន៨ជាន់ កម្ពស់សរុបពីទ្រនាប់ខ្សាច់ ដល់ចុងកំពូលបុស្បុក ៨៨.៥ម៉ែត្រ។ ក្នុងនោះមានកម្ពស់បុស្បុក ៣៣.២៨ម៉ែត្រ។ មានចំណតរថយន្តប្រមាណ ៤៥០គ្រឿង និងចំណតទោចក្រយានយន្តជាច្រើនគ្រឿងទៀត។

ការរៀបចំការិយាល័យធ្វើការផ្អែកទៅតាមមុខងារ និងតួនាទីប្រើប្រាស់។ ក្នុងនោះនៅជាន់ផ្ទាល់ដី មានសាលបដិសណ្ឋារកិច្ច អាហារដ្ឋាន ឃ្លាំង បណ្ណាល័យ មជ្ឈមណ្ឌលបណ្ឌុះបណ្តាល ការិយាល័យច្រកចេញចូលតែមួយ និងសួនផ្ការំដួលជាដើម។

ជាន់ទី១ មានសាលានុសាល ពោលគឺសាលប្រជុំខ្នាតតូច និងមធ្យមចំណុះ ៣៨៦នាក់ ឃ្លាំង និងបណ្តុំនៃនាយកដ្ឋានទាំងឡាយរបស់ក្រសួង។ ជាន់ទី២ មានសាលប្រជុំខ្នាតធំចំណុះ ២,០២១កៅអី បណ្តុំនៃអគ្គនាយកដ្ឋាន គណៈស្ថាបត្យករ ឃ្លាំងជាដើម។ នៅជាន់ទី៣ មានបណ្តុំនៃអគ្គនាយកដ្ឋាន និងនាយកដ្ឋាន ឃ្លាំងជាដើម។ ជាន់ទី៤ មានការិយាល័យរដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ សាលសវនាការអន្តរជាតិ សាលចុះពិធីសារ បន្ទប់ប្រជុំ បន្ទប់ពិធីការ ការិយាល័យខុទ្ទកាល័យ អគាធិការដ្ឋានជាដើម។

ជាន់ទី៥ មានសាលប្រជុំអន្តរក្រសួង និង ចំណែកជាន់ទី៥ ស្លាបស្តាំ និងឆ្វេង ជាន់ទី៦ និងជាន់ទី៧ ជាការិយាល័យសម្រាប់ជួលដល់វិស័យឯកជន។

អគារទីស្តីការក្រសួងដែន គឺជាអគារដែលបាននាំមកនូវមោទនភាព និងការចាប់អារម្មណ៍យ៉ាងខ្លាំងលើក្បូក្បាច់រចនាបថរបស់ជាតិ រួមផ្សំជាមួយរចនាបែបសម័យទំនើប និងរបស់បរទេសផង ហើយត្រូវបានរំលេចឡើងយ៉ាងត្រដែតត្រដឹមទាំងផ្ទៃខាងក្រៅ និងខាងក្នុងអគារ។ អគារនេះរចនាឡើងតាមបែបស្ថាបត្យកម្មរួមសម័យ គឺសម័យអង្គរ សម័យកណ្តាល ក្លាសសិកសាកល បែបរ៉ូម៉ាំង និងបែបបុរាណខ្មែរ បូកនឹងសម័យទំនើប មានរចនាបថស្ថាបត្យកកម្មអគារមុខដាច់ ឬហៅថាអគារមុខធំ មានដំបូលកិងត្រួតស្លាបពីរជាន់ លម្អដោយជហ្វាក្បាលនាគ និងគ្រឿងលម្អស្ថាបត្យកម្មបុរាណប្រពៃណីខ្មែរនិយមបែបលក្ខណៈអត្តសញ្ញាណជាតិ។

ឯគ្រឿងប្រកបផ្នែកដំបូល ប្រតិស្ឋាននូវព្រះមណ្ឌបបុស្បុកកម្ពស់ ៣៣.២៨ម៉ែត្រ តំណាងឲ្យភ្នំព្រះសុមេរុ ដែលមានរួត ៧ជាន់ តំណាងឲ្យភ្នំសត្តបរិភណ្ឌ គឺភ្នំទាំង៧សង្កាត់ នៅជុំវិញភ្នំព្រះសុមេរុ គឺភ្នំយុគន្ធរ ភ្នំឥសិន្ធរ ភ្នំករវិក ភ្នំសុទស្ស នៈ ភ្នំនេមិន្ធរ ភ្នំវិនតកៈ និងភ្នំអស្សកណ្ណៈ។

រួតបុស្បុកទាំង៧ជាន់នេះ រៀបដេញរៀងតាមលំដាប់ទំហំប៉ែតតារាងពីធំឡើងទៅតូច ដែលជាន់រួតនីមួយៗ ប្រកបលម្អដោយបាំងខ្លែងធំតូច និងមាននាគរួត ឬនាគសំបកទំពាំង លម្អតាមជ្រុងសារពើសូត្រតាមជាន់តាមថ្នាក់។ ចាប់ពីរួតបុស្បុកថ្នាក់ទី៧ មានតួកណ្តឹងលម្អដោយក្បាច់សំបកទំពាំង និងតទៅផ្នែកខាងលើរៀងទៅមានបល្លង្កសារពើសូត្រទ្រកន្សោមតាឱ ដោយមានឈូកមូល ឬឈូករួតប្រាំជាន់ភ្ជាប់ដោយកំពូលមណ្ឌបបុស្បុក ឆ្ពោះទៅចុងកំពូលបុស្បុក ពិពិធរចនា លម្អដោយ ក្បាច់ក្រពុំបិណ្ឌនៅកំពូលជាទីបំផុតនៃបុស្បុក។

ចំណែកហោជាងធំផ្នែកកណ្ដាល ប្រតិស្ឋានទេវរូបព្រះវិស្សកម្មទេវបុត្រធ្វើពីស្ពាន់ មានព្រះហស្ដ៨ ជាទេពអ្នកមានចំណេះជំនាញកំពូលផ្នែកខាងវិជ្ជាជាង និងសិល្បៈ និងជាព្រះបរមគ្រូលើជាង និងសិល្បៈទាំងឡាយ គង់លើបល្ល័ង្កមានព្រះហស្តនីមួយៗកាន់ដោយសម្ភារៈប្រដាប់ជាង រំលេចដោយចង្វាយក្បាច់វង់ហៀនភ្ញីអង្គរទាំងមេដំបូលនិងហោជាងច្រៀក រួមនឹងអង្គប្រកបផ្សេងៗដទៃទៀតដូចជា ជាអាទិ ជហ្វា ដងក្ដារ ប៉ៃរកា នាគសន្លឹក ឬនាគដងក្ដារ កញ្ចាំង សារាយ សសរគូ និងគ្រឿងទម្រទែនទយជាដើម។

ចំណែកហោជាងផ្នែកខាងឆ្វេង និងខាងស្តាំ រចនាលម្អដោយសហស្សនេត្ត ឬព្រះឥន្ទគង់ដំរីអៃរាវ័ណលើឋានជើងសិង្ហដែលជាចតុលោកបាលមួយប្រចាំទិសខាងកើត តុបតែងរំលេចពិពិធលម្អដោយក្បាច់វង់ហៀនចង្វាយប្រទាក់ភ្ញីទេសដែលមានទេពប្រណម្យ មុខនាគ មុខខាបជាលម្អផងដែរ តំណាងឲ្យភាពសុខដុមនីយកម្មរវាងជំនឿ មនុស្ស និងធម្មជាតិ ដែលបង្កើតបាននូវសេចក្តីសុខ និងភាពចម្រើនរុងរឿង។

តួអគារមានរាងជាចតុកោណកែង មានទម្រង់ស្មើនឹង ១ ភាគ២ នៃតួបាកាណប្រាសាទអង្គរវត្ត ដែលផ្នែកខាងមុខ និងខាងក្រោយចែកចេញជា ៣សង្កាត់ ចំណែកផ្នែកខាងឆ្វេង និងខាងស្តាំចែកជា ២សង្កាត់ និងមាន ទម្រង់ ដំបូលមានរាងជាអក្សរអ៊ុយ «U» លាតសន្ធឹងត្រួតស៊ីគ្នាលើតួអគារទាំង ៣ទិស។

តួអគារលម្អដោយច្រកចេញចូលទាំង ៤ទិស ចំណែកច្រកចូលធំ ឬខ្លោងទ្វារអគារលម្អដោយក្បាច់ផ្តែររចនាបថព្រៃក្មេង វិចិត្ររចនាដោយនិមិត្តសញ្ញាក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងឈ្មោះទីស្តីការក្រសួងនៅលើឋានផ្តែរ ថ្មម៉ាបកំពង់ស្ពឺពណ៌មរកត ទ្រដោយសសរម៉ាបកំពង់ស្ពឺពណ៌ក្រហមទុំចំនួន ៦ដើម ជាទម្រ តំណាងឲ្យនាយកធម៌ ទាំង៦យ៉ាងគឺ ធម៌របស់នាយក ឬធម៌សម្រាប់ថ្នាក់ដឹកនាំទាំងគ្រហស្ថ និងបព្វជិត គប្បីមានធម៌ ៦ យ៉ាងជាប្រចាំនៅក្នុងសន្តានជានិច្ចគឺ (១) ខមា សេចក្តីអត់ធន់ (២) ជាគរិយៈ សេចក្តីភ្ញាក់រឭករឿយៗ (៣) ឧដ្ឋានៈ សេចក្តីឧស្សាហ៍ខ្នះខ្នែង (៤) សំវិភាគៈ ការបែងចែករំលែក ឬការចែករំលែកឲ្យនូវវត្ថុផ្សេងៗ (៥) ទយា សេចក្តីអាណិតអាសូរ ត្រាប្រណីគេ (៦) ឥក្ខណា ការរំពៃរមើលការខុសត្រូវ។ ធម៌ទាំង៦នេះ រមែងលើកស្ទួយនាយក ឬអ្នកដឹកនាំឲ្យមានតម្លៃជានិច្ច។

នៅផ្នែកខាងឆ្វេងដៃនៃខ្លោងទ្វារអគារ មានចម្លាក់លោតអសុរទ្វារបាល និងនៅខាងស្តាំដៃមានរូបទេពទ្វារបាល រចនាបថព្រះគោ។ សភាវៈទាំងពីរនេះតំណាងឲ្យសភាវៈល្អ និងសភាវៈអាក្រក់ (យក្ស=ជារូបភាពកម្លា, ទេវតា=រូបភាពស្វាគមន៍)។ ជាទូទៅមនុស្សតែងមានអ្នកល្អ អ្នកអាក្រក់ មានធាតុជាកុសល និងអកុសល បុណ្យ និងបាប ជាធាតុទ្រទ្រង់។ ដូច្នោះដូនតាលោកឆ្លាក់ក្នុងហេតុផលយ៉ាងនេះ ឬយ៉ាងណាមួយនៃគំនិតទស្សនៈខាងលើ តែសុទ្ធសឹងតែមានអត្ថន័យច្បាស់លាស់ និងបង្ហាញពីលក្ខណៈច្បាស់លាស់នៃភាពជាគូនឹងគ្នាក្នុងធម្មជាតិលោកធាតុវិទ្យា។

នៅជាន់ផ្ទាល់ដីមានច្រកទ្វារធំដែលលម្អដោយផ្តែរប្រតិស្ឋានរូបព្រះពិស្ណុការ ឬវិស្សកម្មទេវបុត្រ ទ្រង់កាន់កូនប្រយោល តាក់តែងដោយ ក្បាច់កញ្ចាំងភ្ញីទេស មានសសរពេជ្រជាទម្រ រំលេចដោយសន្លឹកទ្វារធំក្បាច់ភ្ញីទេសវិចិត្ររចនាជាមួយនឹងគ្រឿងប្រដាប់ជាងផ្សេងៗ ចំណែកនៅខាងខ្នងទ្វារលម្អដោយក្បាច់គោមទេពប្រណម្យ ប្រថាប់ដោយទឹបមាស នៅលើជញ្ជាំងសាលបដិសណ្ឋារកិច្ចតាំងលម្អដោយចម្លាក់ទងប្រាសាទអង្គរវត្តធ្វើពីស្ពាន់ទំហំ ៥ម៉ែត្រ គុណនឹង៩ម៉ែត្រ។

អគារត្រូវបានស្ថាបនាសិលាចារឹកកំណត់កាលបរិច្ឆេទ នៃការសម្ពោធឆ្លងឡើងអគារជាផ្លូវការ នាថ្ងៃទី៨ ខែវិច្ឆកា ឆ្នាំ២០២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា។

អគាររបស់ជាតិកម្ពុជាមួយនេះ ទទួលបានការស្ញប់ស្ញែង និងការពេញចិត្តជាខ្លាំងរបស់ប្រជាពលរដ្ឋខ្មែរ។ មោទនភាពជាពិសេសនោះ គឺស្ថាបត្យកម្មដ៏ល្អវិចិត្រនេះតែម្តង៕

អត្ថបទ៖ Fresh News

អគារក្រសួងដែនដីសមិទ្ធផលថ្មីដ៏ពិសិដ្ឋនៃស្ថាបត្យកម្មកម្ពុជា សម្ពោធនៅថ្ងៃចន្ទនេះ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន

(ភ្នំពេញ)៖ អគារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលជាសមិទ្ធផលថ្មីដ៏ពិសិដ្ឋនៃស្ថាបត្យកម្មរបស់ជាតិកម្ពុជា តម្លៃជាង២៨លានដុល្លារអាមេរិក បើកសម្ពោធជាផ្លូវការនៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។ ពិធីនឹងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។
អគារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាសមិទ្ធផលមួយដែលបង្ហាញពីគុណតម្លៃនៃការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកម្ពស់តម្លៃស្ថាបត្យកម្ម ដែលជាស្នាដៃផ្ទាល់របស់កូនខ្មែរ ហើយក៏បានបង្ហាញនូវសមត្ថភាពរបស់រាជរដ្ឋាភិបាលលើការគ្រប់គ្រង និងប្រើប្រាស់ថវិកាជាតិ ដើម្បីបង្កើតនូវសមិទ្ធផលជាទីមោទនភាពសម្រាប់ជាតិផងដែរ។ អគារទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានទីតាំងស្ថិតនៅ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ នាប៉ែកខាងជើងឆៀងខាងលិច រាជធានីភ្នំពេញ ត្រូវបានប្រារព្ធពិធីបើការដ្ឋានសាងសង់នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០។ អគារនេះត្រូវបានបញ្ចប់ការសាងសង់ទាំងស្រុងនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ ដោយចំណាយពេលសាងសង់ ១ឆ្នាំ ១ខែ និង២០ថ្ងៃ។ អគារទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ សាងសង់នៅលើផ្ទៃដីទំហំ ៤.៥ហិកតា មានទំហំតួអគារបណ្ដោយប្រវែង ១៣២.៧ ម៉ែត្រ និងទទឹងប្រវែង ៩៤.៧ម៉ែត្រ មានចំនួន៨ជាន់ កម្ពស់សរុបពីទ្រនាប់ខ្សាច់ ដល់ចុងកំពូលបុស្បុក ៨៨.៥ម៉ែត្រ។ ក្នុងនោះមានកម្ពស់បុស្បុក ៣៣.២៨ម៉ែត្រ។ មានចំណតរថយន្តប្រមាណ ៤៥០គ្រឿង និងចំណតទោចក្រយានយន្តជាច្រើនគ្រឿងទៀត។ ការរៀបចំការិយាល័យធ្វើការផ្អែកទៅតាមមុខងារ និងតួនាទីប្រើប្រាស់។ ក្នុងនោះនៅជាន់ផ្ទាល់ដី មានសាលបដិសណ្ឋារកិច្ច អាហារដ្ឋាន ឃ្លាំង បណ្ណាល័យ មជ្ឈមណ្ឌលបណ្ឌុះបណ្តាល ការិយាល័យច្រកចេញចូលតែមួយ និងសួនផ្ការំដួលជាដើម។ ជាន់ទី១ មានសាលានុសាល ពោលគឺសាលប្រជុំខ្នាតតូច និងមធ្យមចំណុះ ៣៨៦នាក់ ឃ្លាំង និងបណ្តុំនៃនាយកដ្ឋានទាំងឡាយរបស់ក្រសួង។ ជាន់ទី២ មានសាលប្រជុំខ្នាតធំចំណុះ ២,០២១កៅអី បណ្តុំនៃអគ្គនាយកដ្ឋាន គណៈស្ថាបត្យករ ឃ្លាំងជាដើម។ នៅជាន់ទី៣ មានបណ្តុំនៃអគ្គនាយកដ្ឋាន និងនាយកដ្ឋាន ឃ្លាំងជាដើម។ ជាន់ទី៤ មានការិយាល័យរដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ សាលសវនាការអន្តរជាតិ សាលចុះពិធីសារ បន្ទប់ប្រជុំ បន្ទប់ពិធីការ ការិយាល័យខុទ្ទកាល័យ អគាធិការដ្ឋានជាដើម។ ជាន់ទី៥ មានសាលប្រជុំអន្តរក្រសួង និង ចំណែកជាន់ទី៥ ស្លាបស្តាំ និងឆ្វេង ជាន់ទី៦ និងជាន់ទី៧ ជាការិយាល័យសម្រាប់ជួលដល់វិស័យឯកជន។ អគារទីស្តីការក្រសួងដែន គឺជាអគារដែលបាននាំមកនូវមោទនភាព និងការចាប់អារម្មណ៍យ៉ាងខ្លាំងលើក្បូក្បាច់រចនាបថរបស់ជាតិ រួមផ្សំជាមួយរចនាបែបសម័យទំនើប និងរបស់បរទេសផង ហើយត្រូវបានរំលេចឡើងយ៉ាងត្រដែតត្រដឹមទាំងផ្ទៃខាងក្រៅ និងខាងក្នុងអគារ។ អគារនេះរចនាឡើងតាមបែបស្ថាបត្យកម្មរួមសម័យ គឺសម័យអង្គរ សម័យកណ្តាល ក្លាសសិកសាកល បែបរ៉ូម៉ាំង និងបែបបុរាណខ្មែរ បូកនឹងសម័យទំនើប មានរចនាបថស្ថាបត្យកកម្មអគារមុខដាច់ ឬហៅថាអគារមុខធំ មានដំបូលកិងត្រួតស្លាបពីរជាន់ លម្អដោយជហ្វាក្បាលនាគ និងគ្រឿងលម្អស្ថាបត្យកម្មបុរាណប្រពៃណីខ្មែរនិយមបែបលក្ខណៈអត្តសញ្ញាណជាតិ។ ឯគ្រឿងប្រកបផ្នែកដំបូល ប្រតិស្ឋាននូវព្រះមណ្ឌបបុស្បុកកម្ពស់ ៣៣.២៨ម៉ែត្រ តំណាងឲ្យភ្នំព្រះសុមេរុ ដែលមានរួត ៧ជាន់ តំណាងឲ្យភ្នំសត្តបរិភណ្ឌ គឺភ្នំទាំង៧សង្កាត់ នៅជុំវិញភ្នំព្រះសុមេរុ គឺភ្នំយុគន្ធរ ភ្នំឥសិន្ធរ ភ្នំករវិក ភ្នំសុទស្ស នៈ ភ្នំនេមិន្ធរ ភ្នំវិនតកៈ និងភ្នំអស្សកណ្ណៈ។ រួតបុស្បុកទាំង៧ជាន់នេះ រៀបដេញរៀងតាមលំដាប់ទំហំប៉ែតតារាងពីធំឡើងទៅតូច ដែលជាន់រួតនីមួយៗ ប្រកបលម្អដោយបាំងខ្លែងធំតូច និងមាននាគរួត ឬនាគសំបកទំពាំង លម្អតាមជ្រុងសារពើសូត្រតាមជាន់តាមថ្នាក់។ ចាប់ពីរួតបុស្បុកថ្នាក់ទី៧ មានតួកណ្តឹងលម្អដោយក្បាច់សំបកទំពាំង និងតទៅផ្នែកខាងលើរៀងទៅមានបល្លង្កសារពើសូត្រទ្រកន្សោមតាឱ ដោយមានឈូកមូល ឬឈូករួតប្រាំជាន់ភ្ជាប់ដោយកំពូលមណ្ឌបបុស្បុក ឆ្ពោះទៅចុងកំពូលបុស្បុក ពិពិធរចនា លម្អដោយ ក្បាច់ក្រពុំបិណ្ឌនៅកំពូលជាទីបំផុតនៃបុស្បុក។ ចំណែកហោជាងធំផ្នែកកណ្ដាល ប្រតិស្ឋានទេវរូបព្រះវិស្សកម្មទេវបុត្រធ្វើពីស្ពាន់ មានព្រះហស្ដ៨ ជាទេពអ្នកមានចំណេះជំនាញកំពូលផ្នែកខាងវិជ្ជាជាង និងសិល្បៈ និងជាព្រះបរមគ្រូលើជាង និងសិល្បៈទាំងឡាយ គង់លើបល្ល័ង្កមានព្រះហស្តនីមួយៗកាន់ដោយសម្ភារៈប្រដាប់ជាង រំលេចដោយចង្វាយក្បាច់វង់ហៀនភ្ញីអង្គរទាំងមេដំបូលនិងហោជាងច្រៀក រួមនឹងអង្គប្រកបផ្សេងៗដទៃទៀតដូចជា ជាអាទិ ជហ្វា ដងក្ដារ ប៉ៃរកា នាគសន្លឹក ឬនាគដងក្ដារ កញ្ចាំង សារាយ សសរគូ និងគ្រឿងទម្រទែនទយជាដើម។ ចំណែកហោជាងផ្នែកខាងឆ្វេង និងខាងស្តាំ រចនាលម្អដោយសហស្សនេត្ត ឬព្រះឥន្ទគង់ដំរីអៃរាវ័ណលើឋានជើងសិង្ហដែលជាចតុលោកបាលមួយប្រចាំទិសខាងកើត តុបតែងរំលេចពិពិធលម្អដោយក្បាច់វង់ហៀនចង្វាយប្រទាក់ភ្ញីទេសដែលមានទេពប្រណម្យ មុខនាគ មុខខាបជាលម្អផងដែរ តំណាងឲ្យភាពសុខដុមនីយកម្មរវាងជំនឿ មនុស្ស និងធម្មជាតិ ដែលបង្កើតបាននូវសេចក្តីសុខ និងភាពចម្រើនរុងរឿង។ តួអគារមានរាងជាចតុកោណកែង មានទម្រង់ស្មើនឹង ១ ភាគ២ នៃតួបាកាណប្រាសាទអង្គរវត្ត ដែលផ្នែកខាងមុខ និងខាងក្រោយចែកចេញជា ៣សង្កាត់ ចំណែកផ្នែកខាងឆ្វេង និងខាងស្តាំចែកជា ២សង្កាត់ និងមាន ទម្រង់ ដំបូលមានរាងជាអក្សរអ៊ុយ «U» លាតសន្ធឹងត្រួតស៊ីគ្នាលើតួអគារទាំង ៣ទិស។ តួអគារលម្អដោយច្រកចេញចូលទាំង ៤ទិស ចំណែកច្រកចូលធំ ឬខ្លោងទ្វារអគារលម្អដោយក្បាច់ផ្តែររចនាបថព្រៃក្មេង វិចិត្ររចនាដោយនិមិត្តសញ្ញាក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងឈ្មោះទីស្តីការក្រសួងនៅលើឋានផ្តែរ ថ្មម៉ាបកំពង់ស្ពឺពណ៌មរកត ទ្រដោយសសរម៉ាបកំពង់ស្ពឺពណ៌ក្រហមទុំចំនួន ៦ដើម ជាទម្រ តំណាងឲ្យនាយកធម៌ ទាំង៦យ៉ាងគឺ ធម៌របស់នាយក ឬធម៌សម្រាប់ថ្នាក់ដឹកនាំទាំងគ្រហស្ថ និងបព្វជិត គប្បីមានធម៌ ៦ យ៉ាងជាប្រចាំនៅក្នុងសន្តានជានិច្ចគឺ (១) ខមា សេចក្តីអត់ធន់ (២) ជាគរិយៈ សេចក្តីភ្ញាក់រឭករឿយៗ (៣) ឧដ្ឋានៈ សេចក្តីឧស្សាហ៍ខ្នះខ្នែង (៤) សំវិភាគៈ ការបែងចែករំលែក ឬការចែករំលែកឲ្យនូវវត្ថុផ្សេងៗ (៥) ទយា សេចក្តីអាណិតអាសូរ ត្រាប្រណីគេ (៦) ឥក្ខណា ការរំពៃរមើលការខុសត្រូវ។ ធម៌ទាំង៦នេះ រមែងលើកស្ទួយនាយក ឬអ្នកដឹកនាំឲ្យមានតម្លៃជានិច្ច។ នៅផ្នែកខាងឆ្វេងដៃនៃខ្លោងទ្វារអគារ មានចម្លាក់លោតអសុរទ្វារបាល និងនៅខាងស្តាំដៃមានរូបទេពទ្វារបាល រចនាបថព្រះគោ។ សភាវៈទាំងពីរនេះតំណាងឲ្យសភាវៈល្អ និងសភាវៈអាក្រក់ (យក្ស=ជារូបភាពកម្លា, ទេវតា=រូបភាពស្វាគមន៍)។ ជាទូទៅមនុស្សតែងមានអ្នកល្អ អ្នកអាក្រក់ មានធាតុជាកុសល និងអកុសល បុណ្យ និងបាប ជាធាតុទ្រទ្រង់។ ដូច្នោះដូនតាលោកឆ្លាក់ក្នុងហេតុផលយ៉ាងនេះ ឬយ៉ាងណាមួយនៃគំនិតទស្សនៈខាងលើ តែសុទ្ធសឹងតែមានអត្ថន័យច្បាស់លាស់ និងបង្ហាញពីលក្ខណៈច្បាស់លាស់នៃភាពជាគូនឹងគ្នាក្នុងធម្មជាតិលោកធាតុវិទ្យា។ នៅជាន់ផ្ទាល់ដីមានច្រកទ្វារធំដែលលម្អដោយផ្តែរប្រតិស្ឋានរូបព្រះពិស្ណុការ ឬវិស្សកម្មទេវបុត្រ ទ្រង់កាន់កូនប្រយោល តាក់តែងដោយ ក្បាច់កញ្ចាំងភ្ញីទេស មានសសរពេជ្រជាទម្រ រំលេចដោយសន្លឹកទ្វារធំក្បាច់ភ្ញីទេសវិចិត្ររចនាជាមួយនឹងគ្រឿងប្រដាប់ជាងផ្សេងៗ ចំណែកនៅខាងខ្នងទ្វារលម្អដោយក្បាច់គោមទេពប្រណម្យ ប្រថាប់ដោយទឹបមាស នៅលើជញ្ជាំងសាលបដិសណ្ឋារកិច្ចតាំងលម្អដោយចម្លាក់ទងប្រាសាទអង្គរវត្តធ្វើពីស្ពាន់ទំហំ ៥ម៉ែត្រ គុណនឹង៩ម៉ែត្រ។ អគារត្រូវបានស្ថាបនាសិលាចារឹកកំណត់កាលបរិច្ឆេទ នៃការសម្ពោធឆ្លងឡើងអគារជាផ្លូវការ នាថ្ងៃទី៨ ខែវិច្ឆកា ឆ្នាំ២០២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា។ អគាររបស់ជាតិកម្ពុជាមួយនេះ ទទួលបានការស្ញប់ស្ញែង និងការពេញចិត្តជាខ្លាំងរបស់ប្រជាពលរដ្ឋខ្មែរ។ មោទនភាពជាពិសេសនោះ គឺស្ថាបត្យកម្មដ៏ល្អវិចិត្រនេះតែម្តង៕ ដោយ៖ Fresh News