Friday, December 10, 2021

សម្តេចតេជោ ហ៊ុន សែន ដាក់ចេញបទបញ្ជាឱ្យធ្វើការត្រួតពិនិត្យឡើងវិញជាបន្ទាន់អំពីអាវុធ និងសម្ភារៈយោធាអាមេរិក ហើយបើមានត្រូវយកទៅរក្សាទុកក្នុងឃ្លាំង ឬយកទៅកំទេចចោល

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បញ្ជាដល់អង្គភាពប្រដាប់អាវុធទាំងអស់ ឱ្យធ្វើការត្រួតពិនិត្យឡើងវិញជាបន្ទាន់អំពីអាវុធ និងសម្ភារៈយោធាអាមេរិក ហើយបើមានត្រូវយកទៅរក្សាទុកក្នុងឃ្លាំង ឬយកទៅកំទេចចោលតាមការជាក់ស្តែង។

ក្នុងសារមួយតាមបណ្តាញសង្គម Facebook នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន បានសរសេរថា «កាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ សហរដ្ឋអាមេរិកបានសម្រេចអំពីការរឹតត្បិតការលក់ដូរអាវុធ និងសម្ភារៈយោធាដល់កម្ពុជា។ ខ្ញុំឆ្លៀតយកឱកាសនេះ សូមអរគុណចំពោះសហរដ្ឋអាមេរិក ដោយសារការសម្រេចរបស់សហរដ្ឋអាមេរិកលើបម្រាមការលក់ដូរអាវុធ និង សម្ភារៈយោធាមកកម្ពុជានាពេលនេះ គឺបានឆ្លុះបញ្ចាំងពីភាពត្រឹមត្រូវនៃការសម្រេចចិត្តរបស់ខ្ញុំ កាលពីឆ្នាំ ១៩៩៤ ដែលនៅពេលនោះ ខ្ញុំបានធ្វើការសម្រេចចិត្ត ដោយមិនធ្វើការផ្លាស់ប្តូរប្រព័ន្ធអាវុធកម្ពុជាដែលមានពេលនោះ ទៅទិញប្រព័ន្ធអាវុធអាមេរិក។ ទន្ទឹមនឹងនេះ ខ្ញុំសូមដាក់ចេញបទបញ្ជាដល់អង្គភាពប្រដាប់អាវុធទាំងអស់ ឱ្យធ្វើការត្រួតពិនិត្យឡើងវិញជាបន្ទាន់អំពីអាវុធ និងសម្ភារៈយោធា ដែលកម្ពុជាមានបច្ចុប្បន្ន ហើយត្រូវប្រមូលអាវុធ និងសម្ភារៈយោធាអាមេរិកទាំងអស់ ប្រសិនបើមាន យកទៅរក្សាទុកក្នុងឃ្លាំង ឬយកទៅកំទេចចោល តាមការជាក់ស្តែង»។

សម្តេចបានបន្តថា «តាមចំណាំរបស់ខ្ញុំ អ្នកដែលធ្លាប់ប្រើប្រព័ន្ធអាវុធអាមេរិកជាច្រើន បានចាញ់សង្រ្គាម ដូចជាក្នុងរបបសាធារណខ្មែររបស់ លន់ នល់ ដែលពេលនោះបានប្រើប្រព័ន្ធអាវុធអាមេរិក និងបាននាំចូលអាវុធជាច្រើនមកកម្ពុជា ហើយធ្វើឱ្យកម្ពុជាជាប់បំណុលខ្មៅនេះ រហូតមកដល់បច្ចុប្បន្ននេះ។ ថ្មីៗនេះ ទៀតសោត គឺ អ្នកប្រើប្រព័ន្ធអាវុធអាមេរិក ក៏បានចាញ់សង្រ្គាមនៅអាហ្គានីស្ថាន។ ខ្ញុំមានជំនឿលើភាពក្លាហាន ព្រមទាំងស្មារតី និងទឹកចិត្តប្រយុទ្ធរបស់យុទ្ធជនក្នុងសមរភូមិ ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា ជាជាងលើអាវុធតែមួយមុខ»។

«ជាថ្មីម្តងទៀតខ្ញុំសូមអរគុណសហរដ្ឋអាមេរិក ដែលបានជួយបញ្ជាក់ថាការសម្រេចចិត្តរបស់ខ្ញុំ មិនយល់ព្រមទិញអាវុធពីអាមេរិកពិតជាត្រឹមត្រូវ សម្រាប់នយោបាយការពារជាតិរបស់កម្ពុជាហើយវាក៍ជាសារព្រមានមួយប្រាប់ទៅខ្មែរ ដែលគ្រប់គ្រងរាជរដ្ឋាភិបាលជំនាន់ក្រោយ ឱយបានជ្រាបថាបើចង់មានឯករាជ្យភាពលើវិស័យការពារជាតិសូមកុំប្រើប្រាស់អាវុធ របស់អាមេរិក»។

សូមបញ្ជាក់ថា កាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១ សហរដ្ឋអាមេរិក តាមរយៈការិយាល័យ ឧស្សាហកម្ម និង សន្តិសុខរបស់ខ្លួន បានប្រកាសជាឯកតោភាគីដាក់ទណ្ឌកម្មបន្ថែមទៀតមកលើរដ្ឋាភិបាលកម្ពុជា តាមរយៈវិធានរឹតត្បិតការលក់អាវុធ និងសម្ភារយោធាឱ្យកម្ពុជា ក្រោមហេតុផលភូមិសាស្រ្តនយោបាយ៕





មហាអំណាចចិនចេញមុខប្រឆាំងដាច់ខាតចំពោះការកៀបសង្កត់របស់អាមេរិកលើកម្ពុជា ហើយថ្លែងថាគំនិតអាក្រក់នេះនឹងបរាជ័យ

(ភ្នំពេញ)៖ រដ្ឋាភិបាលនៃមហាអំណាចចិន បានចេញមុខប្រឆាំងដាច់ខាត លើការកៀបសង្កត់មកលើរាជរដ្ឋាភិបាលកម្ពុជា ដោយចិនលើកឡើងថា គំនិតអាក្រក់របស់អាមេរិកចំពោះទំនាក់ទំនងចិន និងកម្ពុជា នឹងត្រូវទទួលបរាជ័យ។ នេះបើតាមលោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិន ថ្លែងក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ និងផ្សព្វផ្សាយបន្ត ដោយស្ថានទូតចិនប្រចាំកម្ពុជានៅថ្ងៃនេះ។

ការចេញមុខការពារកម្ពុជារបស់ចិន បានធ្វើឡើងបន្ទាប់ពី ក្រសួងពាណិជ្ជកម្មអាមេរិក នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ បានប្រកាសថា អាមេរិកនឹងបន្ថែមវិធានការកំណត់ថ្មី ដោយហាមឃាត់លក់អាវុធ និងសម្ភារៈយោធាដល់កម្ពុជា ក្រោមហេតុផលសិទ្ធិមនុស្ស និងនយោបាយ។

លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិន បានបញ្ជាក់ថា «ថ្មីៗនេះ អាមេរិកបន្តបង្ខូចឈ្មោះ និងលាបពណ៌លើទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងចិននិងកម្ពុជា គំរាមកំហែង ដាក់សម្ពាធ និងការដាក់ទណ្ឌកម្មមកលើកម្ពុជា។ នេះគឺជាទង្វើ ដែលប្រើអំណាចគៀបសង្កត់លើអ្នកដទៃយ៉ាងពិតប្រាកដ និងច្បាស់លាស់ នេះបានល្មើសនឹងក្រមប្រតិបត្តិមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិផងដែរ។ ភាគីចិន ប្រឆាំងជាដាច់ខាតចំពោះទង្វើបែបនេះ»។

បើតាមលោក Wang Wenbin, ចិននិងកម្ពុជា គឺជាដៃគូកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ជាមិត្តដែកថែបនិងជាសហគមន៍វាសនារួម។ ចំណងមិត្តភាពជាប្រពៃណីនៃប្រទេសទាំងពីរឆ្លងកាត់ការសាកល្បងតាមគ្រប់រូបភាព ធ្វើឱ្យកាន់តែរឹងមាំមិនអាចបំបែកបាន។

លោកបន្តថា «គំនិតអាក្រក់ប៉ុនប៉ងរបស់អាមេរិកលើ ទំនាក់ទំនង ចិន និង កម្ពុជា នឹងទទួលបរាជ័យ ។ ភាគីចិនគាំទ្រកម្ពុជាយ៉ាងម៉ឺងម៉ាត់ ក្នុងការការពារអធិបតេយ្យភាពជាតិ និងសេចក្តីថ្លៃថ្នូរនៃជាតិ នឹងគាំទ្រឈរជាមួយប្រជាជនកម្ពុជាជារៀងរហូត»។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១នេះ ក៏ប្រតិកម្មខ្លាំងទៅផងដែរ ដោយសម្តេចបានបញ្ជាដល់អង្គភាពប្រដាប់អាវុធទាំងអស់ ឱ្យធ្វើការត្រួតពិនិត្យឡើងវិញជាបន្ទាន់អំពីអាវុធ និងសម្ភារៈយោធាអាមេរិក ហើយបើមានត្រូវយកទៅរក្សាទុកក្នុងឃ្លាំង ឬយកទៅកំទេចចោលតាមការជាក់ស្តែង។

សម្រាប់សម្តេចតេជោ ហ៊ុន សែន បានផ្តាំកូនខ្មែរ ដែលគ្រប់គ្រងរាជរដ្ឋាភិបាលជំនាន់ក្រោយថា បើចង់មានឯករាជ្យភាពលើវិស័យការពារជាតិ សូមកុំប្រើប្រាស់អាវុធ របស់អាមេរិក៕

ដោយ៖ Fresh News