Tuesday, November 24, 2020

លិខិតមិត្តអ្នកអាន៖ ក្រុមឧទ្ទាមក្រៅច្បាប់ធ្លាក់ខ្លួនអស់ក្រឡា អន់ជាងស្វាលេងប៉ាហ៊ី (Video inside)

 (ភ្នំពេញ)៖ កាលពីព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ ម៉ោងនៅសហរដ្ឋអាមេរិក ខ្ញុំបានឃើញរូបភាព បង្ហោះដោយក្រុមឧទ្ទាមក្រៅច្បាប់ដឹកនាំដោយ មួរ សុខហួរ ដែលបាននាំគ្នាទៅចុចកណ្តឹង ស្ថានទូតខ្មែរប្រចាំសហរដ្ឋអាមេរិកដើម្បីដាក់សំណើរសុំឲ្យក្រសួងមហាផ្ទៃកម្ពុជា ផ្តល់សុពលភាពលើលិខិតឆ្លងដែនរបស់ខ្លួនឡើងវិញ។

សកម្មភាពនេះពិតជាបានធ្វើឲ្យមហាជនទូទៅផ្ទុះសំណើចចំពោះនយោបាយវិលក្បុង មុជមិនជ្រៅ ទៅមិនឆ្ងាយរបស់ក្រុមឧទ្ទាមក្រៅច្បាប់នេះដែលនៅទីបំផុតអស់ក្បាច់លោត អស់ក្រឡាដើរក៏ងាកមកប្រើនយោបាយ «ស្វាលេងប៉ាហ៊ី» នៅមុខស្ថានទូតខ្មែរដើម្បីសុំរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលខ្លួនចោទកប់ៗមាត់ថា ផ្តាច់ការហើយប៉ុនប៉ងផ្តួលរំលំនោះ ឲ្យផ្តល់សុពលភាពលិខិតឆ្លងដែន របស់ពួកខ្លួនទៅវិញ។

មានអ្នកលេងបណ្តាញសង្គមជាច្រើនក៏ដូចជាមហាជនខ្មែរជាទូទៅដែរ បាននាំគ្នាផ្ទុះសំណើចដោយហួសចិត្តនៅពេលឃើញក្រុមនេះធ្វើសកម្មភាពរបៀបបាយបិណ្ឌជាបាយបាត្រ គ្មានគោលដៅនិងមិនដឹងទិសតំបន់ទាល់តែសោះបែបនេះ។ អ្វីដែលធ្វើឲ្យមហាជនហួសចិត្តនៅត្រង់ថា៖

ទី១៖ ជាទិដ្ឋភាពច្បាប់ការលុបលិខិតឆ្លងដែនរបស់ឧក្រិដ្ឋជន ដែលមានដីកាចាប់ខ្លួនគឺជាមធ្យោបាយស្របច្បាប់ដើម្បី

កុំឲ្យឧក្រិដ្ឋជនអាចធ្វើដំណើរឆ្លងពីប្រទេសមួយទៅប្រទេសមួយទៀតបាន ហើយនេះក៏ជាស្តង់ដារនៃការអនុវត្តជាទូទៅសម្រាប់បណ្តាប្រទេសនានាក្នុងពិភពលោកដែរ។

ទី២៖ ការស្នើសុំសុពលភាពលិខិតឆ្លងដែនរបស់ក្រុមឧក្រិដ្ឋជននៅក្រៅប្រទេសដោយអះអាងថា ដើម្បីខ្លួនអាចវិលត្រឡប់មកឡើងតុលាការនៅកម្ពុជា គឺជារឿងកំប្លុកកំប្លែងគួរឲ្យអស់សំណើច ដោយហេតុថា អ្នកទាំងនោះបានទៅរស់នៅក្រៅប្រទេសតាមរយៈការស្នើសុំសិទ្ធិជ្រកកោននយោបាយ។ ដូចនេះបើក្រុម មួរ សុខហួរ ពិតជាចង់ត្រឡប់មកកម្ពុជាវិញមែន វាគឺជារឿងដ៏សាមញ្ញបំផុត ដោយពួកគេគ្រាន់តែសុំទៅរដ្ឋបរទេសនោះឲ្យលុបចោលសិទ្ធិស្នាក់នៅ ឬ សិទ្ធិជ្រកកោន នយោបាយដើម្បីក្លាយជាជនអន្តោប្រវេសន៍ខុសច្បាប់នោះសហរដ្ឋអាមេរិក ឬរដ្ឋបរទេស នោះនឹងច្បាស់ជាចាប់បញ្ជូនមកកម្ពុជាវិញទាំងអស់ជាក់ជាមិនខានឡើយ។

ករណីបែបនេះធ្លាប់ត្រូវបានសហរដ្ឋអាមេរិកធ្វើមកលើពលរដ្ឋខ្មែរមួយចំនួន ដែលរស់នៅខុសច្បាប់នៅអាមេរិករួចទៅហើយដោយគេបានតម្រូវឲ្យធ្វើមាតុភូមិ និវត្តន៍ជាបន្តបន្ទាប់មកកម្ពុជាវិញ។ ជាពិសេសបំផុតនោះគឺក្រុម មួរ សុខហួរ អាចទទួលផលចំណេញនៅលើគោកដោយ មិនបាច់ខ្វល់ខ្វាយទាល់តែសោះអំពីថ្លៃយន្តហោះ ពីព្រោះរដ្ឋនៃប្រទេសដែលពួកគេស្នាក់នៅនោះជាអ្នកចេញអោយទាំងស្រុង។

ទី៣៖ ចំពោះរឿងចង់ចូលរួមសវនការ ក៏ជារឿងដែលកាន់តែងាយស្រួលថែមទៀត ដោយសារតែពេលនេះតុលាការរាជធានីភ្នំពេញកំពុងតាមរកមុខអ្នកទាំងនោះ ដោយមានទាំងដីកាបង្គាប់ឲ្យចាប់ខ្លួនរួចស្រេចទៅហើយ។ ដូចនេះបើពួកគេប្រកាសខ្លួនថា ជាជនអន្តោប្រវេសន៍ខុសច្បាប់ហើយជាឧក្រិដ្ឋជនថែមទៀតនោះ ប្រទេសដែលពួកគេកំពុងស្នាក់នៅច្បាស់ជាសហការណ៍ ចាប់ខ្លួនបញ្ជូនមកកម្ពុជាដើម្បីឡើងសវនាការភ្លាម ហើយភាគីកម្ពុជាច្បាស់ជានឹងត្រៀមឡាន របស់ពន្ធនាគារចាំដឹកអ្នកទាំង នោះមកសវនាការដោយមិនបាច់បង់ថ្លៃអ្វីឡើយ។ មិនតែប៉ុណ្ណោះអាជ្ញាធរកម្ពុជាថែមទាំងចាត់កម្លាំងមន្រ្តីអនុវត្តច្បាប់ចាំការពារសុវត្ថិភាពអមដំណើរ

មួរ សុខហួរ និងគូកន ចូលសវនាការថែមទៀតផង។

ទី៤៖ បើនិយាយបែបម្យ៉ាងទៀត ក្រុមអ្នកនយោបាយពនេចរមួយក្រុមនេះបានប្រកាសផ្តួលរំលំរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា និងបាន ប្រើប្រាស់មធ្យោបាយនិងល្បិចកិច្ចកលគ្រប់បែបយ៉ាងដើម្បីធ្វើឲ្យរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន បច្ចុប្បន្នដួលរលំ។ ពួកគេបានប្រើចលនាតាមទំរង់នៃបដិវត្តន៍ពណ៌ ដើម្បីដណ្តើមអំណាចដោយបានប្រកាសអំពាវនាវឲ្យកងកម្លាំងប្រដាប់អាវុធបង្វែរចុងកាណុងដាក់រដ្ឋាភិបាល និងបានដើរញុះញង់ឲ្យបរទេសឲ្យដាក់ទណ្ឌកម្ម មកលើកម្ពុជាដើម្បីឲ្យរដ្ឋាភិបាលដឹកនាំដោយនាយករដ្ឋមន្រ្តី ហ៊ុន សែន រលំរលាយ។

ប៉ុន្តែទីបំផុតស្រាប់តែក្រុមដដែលនេះដង្ហែរគ្នាទៅចុចកណ្តឹងស្ថានទូតដែលជាតំណាងរបស់រដ្ឋាភិបាល ដើម្បីស្នើសុំឲ្យទទួលស្គាល់លិខិតឆ្លងដែនរបស់ខ្លួនឡើងវិញ។

ចំពោះទង្វើនេះយើងអាចទាញការសន្និដ្ឋានបានថា ពួកគេពិតជាអស់តម្រិះ និងទាល់ច្រកក្នុងការផ្តួលរដ្ឋាភិបាលនាយករដ្ឋមន្រ្តី ហ៊ុន សែន ហើយ។ ដូច្នេះដើម្បីកុំឲ្យស្ងាត់ពេក ពួកគេយករឿងសុំពន្យារសុពលភាពលិខិតឆ្លងដែននេះធ្វើជាឆាកល្ខោនមួយឈុត ដើម្បីបានថតរូបមកបង្ហោះក្នុងគោលដៅបោកប្រាស់អ្នកគាំទ្ររបស់ខ្លួនផង និងបង្កើតជាហេតុផលប្រមូលលុយចាយផងក្នុងស្ថានភាពដែលមេរោគកូវីដ១៩ កំពុងបិទជីពចរហិរញ្ញវត្ថុរបស់អ្នក ដែលធ្លាប់ផ្តល់លុយឲ្យពួកខ្លួនកន្លងមក។

ទី៥៖ ប្រជាជនកម្ពុជានៅចងចាំយ៉ាងច្បាស់ណាស់ថា កាលពីថ្ងៃទី៩ វិច្ឆិកា ឆ្នាំ ២០១៩ ក្រុមដដែលនេះបានប្រកាសវិលចូលស្រុកវិញដើម្បីចាប់សម្តេចតេជោ ហ៊ុន សែន និងផ្តួលរំលំរដ្ឋាភិបាលភ្នំពេញ និងផ្លាស់ប្តូររបប។ ប៉ុន្តែផែនការនោះក៏ត្រូវទទួលរងការបរាជ័យយ៉ាងអាម៉ាស់បំផុត។

ថ្មីៗនេះក្រុមដដែលនេះក៏បាន ប្រកាសដំណើរវិលចូលស្រុកជាលើកទី២ ក្នុងគោលបំណងដូចគ្នាគឺចង់មកផ្តួលរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និងប្តូររបបដឹកនាំនៅកម្ពុជា។ ដូច្នេះសំណួរ សួរថា បើក្រុមនេះមានគំរោងមកផ្តួលរដ្ឋាភិបាលដដែល ចុះចាំបាច់អីទៅសុំឲ្យរដ្ឋាភិបាលមួយនេះផ្តល់សុពលភាព លិខិតឆ្លងដែនឲ្យខ្លួនធ្វើអ្វី? ម្តេចមិនរង់ចាំដល់ពេលខ្លួនឡើងកាន់អំណាច ចាំធ្វើលិខិតឆ្លងដែនខ្លួនឯងទៅ? តើនេះមិនមែនជានយោបាយវិលក្បុងជាន់កែងខ្លួនឯងទេឬ?

ទី៦៖ ក្រុមឧទ្ទាមក្រៅច្បាប់មួយដំបរស្វានេះតែងតែប្រកាសក្តែងៗថា សហគមន៍អន្តរជាតិនឹងជួយក្រុមខ្លួនឲ្យបានវិលចូលស្រុកវិញ តាមរយៈការដាក់ទណ្ឌកម្មឬគំនាបផ្សេងៗ ទៅលើរដ្ឋាភិបាលក្រុងភ្នំពេញ។ ពួកនេះតែងធ្វើនយោបាយពឹងលើបរទេសទាំងស្រុង ប៉ុន្តែទីបំផុតគ្មានបរទេសណាយកចិត្តទុកដាក់ជួយក្រុមឧទ្ទាមក្រៅច្បាប់នេះឡើយ។

តាមមើលទៅក្រុមនេះចៀសមិនផុតពីត្រូវផ្ញើវាសនាលើនាយករដ្ឋមន្រ្តី ហ៊ុន សែន ឡើយ ហើយមានតែសម្តេចតេជោ ហ៊ុន សែន ម្នាក់គត់ដែលជាអ្នកកំណត់ជោគវាសនារបស់ពួកគេ។

សរុបមកវិញ សកម្មភាពរបស់ក្រុមឧទ្ទាមក្រៅច្បាប់ចុងក្រោយនេះ បានបង្ហាញយ៉ាងច្បាស់ថា ពួកគេកំពុងវិលក្បុងជាមួយនឹងនយោបាយជាន់កែងខ្លួនឯង។ ពួកគេកំពុងវង្វេងលែងដឹងទិសតំបន់ដោយសារតែនយោបាយគ្មានយុទ្ធសាស្ត្រ និងគ្មានគោលដៅរបស់ខ្លួន។ ពួកគេកំពុង តែអស់ក្បាច់ អស់ក្រឡាដើរ ពីព្រោះតែដើរចុះដើរឡើង កូនចៅរបស់ខ្លួន ទាំងត្រី ទាំងសេះ ទាំងទូក ត្រូវគេព័ទ្ធស៊ីស្ទើរ តែអស់ពីក្តារអុកបាត់ទៅហើយ។ ដូច្នេះការចេញមកសម្តែងល្ខោនសុំសុពលភាពលិខិតឆ្លងដែន របស់ក្រុម មួរ សុខហួរនេះ ពិតជាគ្មានអ្វីក្រៅពីការលេងល្បែងស្វាលេងប៉ាហ៊ី ដើម្បីទូងស្គរឲ្យអ្នកស្រុកបែរភ្នែកក្រឡេកមើល មកខ្លួនខ្លះកុំឲ្យគេបំភ្លេចចោលតែប៉ុណ្ណោះ ក្នុងខណៈដែល កូវីដ-១៩ កំពុងធ្វើឲ្យប្រជាជន នៅលើពិភពលោកក៏ដូចជានៅកម្ពុជាដែរផ្តោតការយកចិត្តទុកដាក់លើការ ថែរក្សាការពារសុខភាពនិងជីវភាពរស់នៅរបស់ខ្លួន និងក្រុមគ្រួសារជាអាទិភាព សំខាន់បំផុត។

ប៉ុន្តែល្បែងស្វាលេងប៉ាហ៊ីរបស់ក្រុម មួរ សុខ ហួរ មិនទទួលបាននូវសមានចិត្តពីអ្នកស្រុកនោះឡើយ ពីព្រោះប្រជាជនខ្មែរយល់ច្បាស់ណាស់ថា នេះជាល្បែង នយោបាយអស់លក្ខ៍ណ ដោយមានតួសម្តែងមុខដដែលៗ រីឯអ្នកដឹកនាំរឿងនិងការរៀបចំឈុតឆាកសម្តែងក៏នៅតែដដែលៗគ្មានអ្វីថ្មីគួរឲ្យទាក់ទាញការចាប់អារម្មណ៍ ទាល់តែសោះ។ និយាយឲ្យចំការសម្តែងរបស់ពួកគេនេះអន់ជាងស្វាលេងប៉ាហ៊ីទៅទៀត ដែលគ្មានតម្លៃសម្រាប់ពលរដ្ឋខ្មែរ តែនៅមានតម្លៃសម្រាប់ការអនុវត្តច្បាប់៕

ដោយ៖ អ្នកនយោបាយតុកាហ្វេ

រដ្ឋបាលខេត្តកោះកុង ចូលរួមកិច្ចប្រជុំប្រចាំឆ្នាំរបស់បណ្តាញរដ្ឋបាលមូលដ្ឋាន ដើម្បីការអភិវឌ្ឍតំបន់ឆ្នេរប្រកបដោយចីរភាព

កោះកុង៖ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ លោក អ៊ុក ភ័ក្ត្រា អភិបាលរងខេត្តកោះកុង និងជាតំណាងលោកស្រីអភិបាលខេត្ត បានចូលរួមកិច្ចប្រជុំប្រចាំឆ្នាំរបស់បណ្តាញរដ្ឋបាលមូលដ្ឋាន ដើម្បីការអភិវឌ្ឍតំបន់ឆ្នេរប្រកបដោយចីរភាព (PNLG Forum 2020) តាមរយៈវីដេអូអនឡាញ។


នៅក្នុងកិច្ចប្រជុំនេះ មានការចូលរួមពីបណ្តាប្រទេសអាស៊ីបូព៌ា ដែលជាសមាជិក អ្នកសិក្សាស្រាវជ្រាវ និងអង្គការដៃគូផ្នែកបរិស្ថាន ដើម្បីបង្ហាញ និងចែករំលែកបទពិសោធន៍ជោគជ័យនៃការគ្រប់គ្រងតំបន់ឆ្នេរ និងសមុទ្រ ក្នុងគោលដៅចូលរួមអនុវត្តចក្ខុវិស័យរួមមួយ "សុខុមាលភាពសមុទ្រ និងប្រជាពលរដ្ឋ"។


សូមជម្រាបថា រដ្ឋបាលខេត្តកោះកុង បានចូលជាសមាជិក PNLG នេះ នៅឆ្នាំ២០១៦ និងបានពង្រឹង និងពង្រីកការគ្រប់គ្រងតំបន់ឆ្នេរតាមបែបសមាហរណកម្ម (Integrated Coastal Management) របស់ខ្លួន យ៉ាងល្អប្រសើរ តាមរយៈការដាក់ចេញនូវយុទ្ធសាស្ត្រតំបន់ឆ្នេរខេត្តកោះកុង សេចក្តីព្រាងរបាយការណ៍ស្ថានភាពតំបន់ឆ្នេរខេត្តកោះកុង ការបញ្ជ្រាបការយ់ដឹងអំពីគណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជាខេត្តកោះកុង និងការអភិវឌ្ឍសមត្ថភាពមន្ត្រីបច្ចេកទេស និងប្រជាពលរដ្ឋនៅមូលដ្ឋានជាដើម៕










មន្ត្រីចូលនិវត្តន៍ក្រសួងមហាផ្ទៃ ផ្ញើលិខិតចំហដែលមានខ្លឹមសារគួរឱ្យជក់ចិត្តអាន ជូនទៅឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា!




 

កម្ពុជា ផ្តល់ម៉ាសចំនួន២លាន និងសម្ភារវេជ្ជសាស្ត្រជូនរដ្ឋាភិបាល និងប្រជាជនមីយ៉ាន់ម៉ា

 នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្ញើលិខិតជូនលោកស្រី អោង សានស៊ូជី ទីប្រឹក្សារដ្ឋសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ដោយលោកនាយករដ្ឋមន្ត្រី សម្រេចផ្តល់នូវអំណោយម៉ាសចំនួន២លាន និងសម្ភារវេជ្ជសាស្ត្រមួយចំនួនទៀត ជូនដល់រដ្ឋាភិបាល និងប្រជាជនមីយ៉ាន់ម៉ា។

នេះបើយោងតាមលិខិតផ្លូវការរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្ញើជូនលោកស្រី អោង សានស៊ូជី ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានចាត់តាំងឲ្យលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា នាំយកអំណោយម៉ាស និងសម្ភារវេជ្ជសាស្ត្រទាំងនេះ ទៅប្រគល់ជូនរដ្ឋាភិបាលមីយ៉ាន់ម៉ា តាមរយៈយន្តហោះពិសេស នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខនេះ។

ក្នុងលិខិតលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងយ៉ាងដូច្នេះថា «ក្នុងស្មារតីមិត្តភាព និងសាមគ្គីភាពដ៏យូរអង្វែង ក៏ដូចជាការរួមដៃគ្នាជាមួយ លោកជំទាវ [អោង សានស៊ូជី] ក្នុងកិច្ចខិតខំប្រឹងប្រែងបង្ការការរីករាលដាលជំងឺកូវីដ១៩ តាងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំសូមធ្វើការបរិច្ចាគនូវម៉ាសចំនួន ២ ០០០ ០០០ (ពីរលាន) និងសម្ភារវេជ្ជសាស្ត្រមួយចំនួនទៀត ដូចមានក្នុងបញ្ជីរាយនាម ជូនដល់រដ្ឋាភិបាល និងប្រជាជនមីយ៉ាន់ម៉ា។ ទន្ទឹមនេះ ខ្ញុំចាត់តាំងឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នាំយកអំណោយទាំងនេះ ទៅកាន់រដ្ឋធានីណៃពិដោរ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ តាមយន្តហោះពិសេស។ ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរួមនេះ ខ្ញុំមានជំនឿយ៉ាងមុតមាំថា យើងនឹងទទួលបាននូវជោគជ័យ ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ហើយយើងនឹងងើបឡើងវិញយ៉ាងរឹងមាំជាមួយគ្នា»។
ជាមួយគ្នានេះដែរ លោកនាយករដ្ឋមន្ត្រីនៃកម្ពុជា ជាថ្មីម្តងទៀត បានចូលរួមអបអរសាទរដ៏ស្មោះស្ម័គ្រចំពោះលោកស្រី អោង សានស៊ូជី ចំពោះជ័យជម្នះយ៉ាងភ្លូកទឹកភ្លូកដីរបស់គណបក្សសម្ព័ន្ធជាតិ ដើម្បីលទ្ធិប្រជាធិបតេយ្យ ក្នុងការបោះឆ្នោងសកលនៅមីយ៉ាន់ម៉ា នាពេលថ្មីៗនេះ។

សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ ទើបបានផ្តល់នូវអំណោយរួមមានម៉ាសចំនួន២លាន១សែន និងបរិក្ខារពេទ្យ សរុបចំនួន១២មុខជូនរដ្ឋាភិបាល និងប្រជាជនឡាវ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩៕






វគ្គបណ្ដុះបណ្ដាលស្តីពីការពង្រឹងសមត្ថភាពមន្រ្តីអនុវត្តច្បាប់ជួរមុខសម្រាប់មន្ត្រីអនុវត្តច្បាប់ខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ

 បន្ទាយមានជ័យ៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានរៀបចំបើកវគ្គបណ្ដុះបណ្ដាលស្តីពីការពង្រឹងសមត្ថភាពមន្រ្តីអនុវត្តច្បាប់ជួរមុខសម្រាប់មន្ត្រីអនុវត្តច្បាប់ខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឧត្តមសេនីយ៍ឯក នាក់ យុន្ធា អគ្គលេខាធិការស្តីទីនៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន (អ.ជ.ប.គ.ញ) លោក អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យនាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ធ្វើនៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ។

ជាមួយគ្នានោះ ឧត្តមសេនីយ៍ឯក នាក់ យុន្ធា អគ្គលេខាធិការស្តីទីនៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន(អ.ជ.ប.គ.ញ) បានធ្វើការកោធសរសើចំពោះមន្រ្តីជំនាញរបស់នាយកដ្ឋានពាក់ព័ន្ធ ចំណុះអគ្គលេខាធិការដ្ឋាន អាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រុមប្រឹក្សាត្រួតពិនិត្យគ្រឿងញៀនថៃ(ONCB) និងគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តបន្ទាយមានជ័យ ក្នុងការរៀបចំវគ្គបណ្តុះបណ្តាលនេះឡើង ដែលមានរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី២៣ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០។

ឧត្តមសេនីយ៍ឯក នាក់ យុន្ធា បានមានប្រសាសន៍បញ្ជាក់ថា វគ្គបណ្តុះបណ្តាលនាថ្ងៃនេះមានគោលបំណងដើម្បីពង្រឹងសមត្ថភាពដល់មន្រ្តីអនុវត្តច្បាប់ជួរមុខ សំដៅរួមមាន៖
១- លើកកម្ពស់ចំណេះដឹង និងបង្កើនសមត្ថភាពជូនដល់មន្រ្តីអនុវត្តច្បាប់ជួរមុខដើម្បីចូលរួមសកម្មភាពក្នុងការបង្ការ ទប់ស្កាត់ និងបង្រ្កាប ការចរាចរគ្រឿងញៀនខុសច្បាប់ ពិសេសពង្រឹងការត្រួតពិនិត្យនៅព្រំដែន ដែលជាចុះណុចចេញ.ចូលនិងឆ្លងកាត់។
២- ត្រូវបង្កើនកិច្ចសហការគ្នាអោយបានជិតស្និទថែមទៀតជាមួយសមត្ថកិច្ចពាក់ព័ន្ធ។
៣- ពង្រឹងយន្តការនិងប្រសិទ្ធភាពការងាររបស់ការិយាល័យទំនាក់ទំនងព្រំដែន(BLO)ពិសេសលើការផ្លាស់ប្តូរព័ត៌មាន ជាប្រចាំនិងទាន់ពេលវេលាស្តីពីមុខសញ្ញាឧក្រិដ្ឋជន និងសកម្មភាពរបស់គេសំដៅបង្កើនប្រៀឈ្នះក្នុងការបង្ការ និងទប់ស្កាត់បទល្មើស។

ជាក់ស្តែងតាមរយៈលទ្ធផលដែលបង្រ្កាបដោយសមត្ថកិច្ចកម្ពុជាក្នុងរយៈពេល៦ខែដើមឆ្នាំ២០២០នេះ សមត្ថកិច្ចយើងបានបានបង្រ្កាបបទល្មើសគ្រឿងញៀន បានចំនួន៥,៤៦៣ករណី និងចាប់ខ្លួនជនសង្ស័យចំនួន១០.៨៧៨នាក់ ក្នុងនោះមានជនបរទេសចំនួន១៥សញ្ជាតិ(ស្មើនិង១៧៧នាក់) និងចាប់ខ្លួនយកសាធាតុញៀនប្រមាណជាង២៦០គីឡូក្រាមហើយក្នុងនោះក៏មានទីតាំង កែច្នៃ ផលិត មួយចំនួនត្រូវបានយើងបង្រាបបានទាន់ពេលវេលាទោះបីក្នុងរូបភាពតូចក្តី។

ថ្លែងក្នុងពិធីបើកវគ្គបណ្តុះបណ្តាលនាឱកាសនោះលោក អ៊ុ រាត្រី អភិបាលខេត្ត បានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលនេះបិតជាមានសារៈសំខាន់ណាស់ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍សមត្ថភាពជូនដល់មន្រ្តីអនុវត្តច្បាប់គ្រឿងញៀនតាមរយៈការចែករំលែកនូវចំណេះដឹងនិងបទពិសោធន៍បន្ថែមទៀតលើចំណេះដឹងរបស់ខ្លួនដែលមានស្រាប់ ពិសេសមន្រ្តីជួរមុខ។លោក ក៏បានធ្វើការផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់គ្នាត្រូវខិតខំយកចិត្តទុកដាក់រៀនសូត្រនិងសួរដេញដោលនូវចំណុចមន្ទិលសង្ស័យដើម្បីក្រេបយកចំណេះដឹងពីគ្រូឧទ្ទេសនាមទាំងអស់ ពីព្រោះពេលនេះជាឱកាសដែលយើងបានទទួលយកនិងបំពេញបន្ថែមនូវកង្វះខាតដើម្បីត្រៀមលក្ខណៈចូលរួមក្នុងសកម្មភាពប្រយុទ្ធប្រឆាំងគ្រឿងញៀនតាមអោយទាន់សភាពការណ៍វិវត្តនៃនិន្នាការគ្រឿងញៀននាពេលបច្ចុប្បន្ន៕







លោក ឆាយ ថន អនុញ្ញាតឱ្យលោក យ៉ាង ប៉ាយហ្វុង ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនSEAPAY ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាទីស្តីការក្រសួង

 នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ បានអនុញ្ញាតឱ្យលោក យ៉ាង ប៉ាយហ្វុង ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន SEAPAY ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារលើការងារប្រមូលព័ត៌មាន និងទិន្នន័យ ដោយការប្រើប្រាស់បច្ចេកវិទ្យាថ្មី តាមប្រព័ន្ធ Satellite។ ក្នុងជំនួបពិភាក្សា លោក យ៉ាង ប៉ាយហ្វុង បានមានប្រសាសន៍ថា ក្រុមហ៊ុន Sea Pay ជាក្រុមហ៊ុនចុះបញ្ជីក្នុងប្រទេសកម្ពុជាដែលផ្ដល់សេវាកម្មផ្នែក ទិន្ន័យ និងព័ត៌មាន ការប្រមូលទិន្ន័យ ការបង្កើតបច្ចកវិទ្យាថ្មីក្នុងការប្រមូលព័ត៌មាននិងទិន្ន័យ ការវិភាគទិន្ន័យ និងផ្ដល់សេវាកម្មប្រព័ន្ធ Satellite System ។

លោក យ៉ាង ប៉ាយហ្វុង បានបន្តថា បន្ទាប់ពីបានចុះហត្ថលេខាលើអនុសារណៈយោគយល់សម្រាប់កិច្ចសហប្រតិបត្តិការនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ រវាងក្រសួងផែនការ និងការិយាល័យគម្រោងអង្គការសហប្រជាជាតិសម្រាប់រដ្ឋបាលជាតិនៃការអង្កេត ផែនទី និងព័ត៌មានភូមិសាស្រ្តរបស់ប្រទេសចិន (China-UN Cooperation Center for Geographic Information Technology and Management) រួចមក ស្ថានភាពការងារត្រូវបានអាក់ខាន ដោយសារមានការផ្លាស់ប្តូរសមាសភាពក្រុមការងារនៅខាងភាគីចិន។ មកដល់បច្ចុប្បន្ននេះ ក្រុមហ៊ុន Sea Pay នឹងជាក្រុមហ៊ុនទទួលខុសត្រូវបន្តពីក្រុមហ៊ុន Tian Di Tu, ដែលបានចុះហត្ថលេខាជាមួយក្រសួងផែនការ កាលពីឆ្នាំ២០១៧ ហើយក្រុមហ៊ុនរៀបចំដំណើការឡើងវិញ រួមទាំងផ្តល់ការបណ្តុះបណ្តាលផ្នែកបច្ហេកវិទ្យាថ្មីដល់មន្ត្រីក្រសួងផែនការសម្រាប់បម្រើការការងារសង្កេតទីតាំងភូមិសាស្ត្រ ព័ត៌មានភូមិសាស្ត្រ និងទិន្នន័យដែលភាគីចិនផ្តល់តាមរយៈផ្កាយរណប។

ជាការឆ្លើយតប លោក ឆាយ ថន បានថ្លែងនូវការស្វាគមន៍ និងថ្លែងអំណរគុណដល់ក្រុមហ៊ុនចិនដែលបានសហការ និងបានអនុវត្តសកម្មភាពកន្លងមក ហើយការងារនេះផងដែរ ក្រសួងផែនការ ក៏បានទទួលសិទ្ធប្រទានពីសម្តេចតេជោនាយករដ្ឋមន្ត្រីសម្រាប់ដំណើការអនុវត្តន៍ការងារនេះផងដែរ។ លោក ក៏បានលើកឡើងពីសារៈប្រយោជន៍អំពីទិន្នន័យទាំងនេះដែលទៅថ្ងៃមុខ អាចជួយអភិវឌ្ឍន៍ប្រទេសកម្ពុជា ជាពិសេសតាមតំបន់ទីក្រុងឱ្យក្លាយជាទីក្រុងឆ្លាតវៃផងដែរ។

ជាទីបញ្ចប់ភាគីទាំងពីរ បានឯកភាពគ្នា ក្នុងការបន្តកិច្ចសហការ និងរៀបចំយន្តការការងារមួយដើម្បីបន្តនិងអនុវត្តការងារនេះជាមួយគ្នាដើម្បីសម្រេចបាននូវភារកិច្ចដ៏មានសារៈសំខាន់មួយនេះ ជូនរាជរដ្ឋាភិបាលនៃប្រទេសយើងទាំងពីរ៕








សាលានគរបាលជាតិភូមិភាគ២ ខេត្តកំពង់ចាម ប្រារព្ធពិធីបិទ «វគ្គបណ្ដុះបណ្ដាល កម្រិតបឋមវិជ្ជាជីវៈនគរបាល» ជំនាន់ទី១៤ លើកទី២

 សាលានគរបាលជាតិភូមិភាគ២ ខេត្តកំពង់ចាម នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ បានប្រារព្ធពិធីបិទ «វគ្គបណ្ដុះបណ្ដាល កម្រិតបឋមវិជ្ជាជីវៈនគរបាល» ជំនាន់ទី១៤ លើកទី២ ក្រោមអធិបតី នាយឧត្តមសេនីយ៍ សាស្រ្តាចារ្យ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា និងលោក អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួម ពីនាយឧត្តមសេនីយ៍ គណៈគ្រប់គ្រងសាលា គ្រូនគរបាលជាតិ មន្ត្រី និងសិស្សនគរបាល ជ័យលាភី ២០៣នាក់ ផងដែរ ។

លោក អ៊ុន ចាន់ដា អភិបាលខេត្ត បានមានប្រសាសន៍ថា ក្នុងយុគសម័យទំនើបនេះ នគរបាល មិនអាចបំពេញភារកិច្ចទទួលខុសត្រូវរបស់ខ្លួន ដោយគ្មានការឆ្លងកាត់ ការអប់រំបណ្ដុះបណ្ដាលនោះទេ ។ ការអប់រំបណ្តុះបណ្ដាល ពិតជាដើរតួនាទីសំខាន់ ក្នុងការអភិវឌ្ឍសមត្ថភាព និងកសាងធនធានមនុស្ស សម្រាប់ការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ។ ក្នុងនាមជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្នុងដែនសមត្ថកិច្ចខេត្ត មានភារកិច្ចសំខាន់ៗ ក្នុងការដឹកនាំបញ្ជាលើការងារថែរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់សង្គម លើកកម្ពស់ការយល់ដឹងអំពីច្បាប់ និងធានាឱ្យមានការអនុវត្ដច្បាប់ ប្រកបដោយប្រសិទ្ធភាព ព្រមទាំង ធានាឱ្យមានការការពារ និងគោរពសិទ្ធិមនុស្ស ចំពោះ ប្រជាពលរដ្ឋទាំងអស់ក្នុងខេត្ត។
លោកអភិបាល ខេត្តកំពង់ចាម ក៏បានថ្លែងអំណរគុណ ទៅដល់បណ្ឌិត្យសភានគរបាលកម្ពុជា ដែលបានបំពេញភារកិច្ចអប់រំបណ្តុះបណ្តាលមន្រ្តីនគរបាលជាតិ ឲ្យក្លាយជាធនធានមនុស្សប្រកបដោយគុណភាព និងមានសមត្ថភាព ប្រកប ដោយវិជ្ជាជីវៈពេញលេញ ដើម្បីបំពេញភារកិច្ចជូនអង្គភាព ប្រកបដោយប្រសិទ្ធភាព ស្របតាមផែនការអភិវឌ្ឍន៍ធនធានមនុស្ស របស់ក្រសួងមហាផ្ទៃ និងគោលនយោបាយកែទម្រង់កងកម្លាំងប្រដាប់អាវុធ របស់រាជរដ្ឋាភិបាល ។ ជាមួយគ្នានេះ លោក បានសម្តែងនូវការអបអរសាទរ និងកោតសរសើរដល់ប្អូនៗសិស្សនគរបាល ដែលខិតខំសិក្សា រហូតទទួលបានលទ្ធផលជោគជ័យ នាពេលនេះ ផងដែរ។
នាឱកាសនោះ នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានលើកឡើងអំពី វឌ្ឍនភាព កិត្យានុភាព និងឧត្តមភាព របស់បណ្ឌិត្យសភា ទាំងក្នុងក្របខណ្ឌជាតិ និងអន្តរជាតិ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងក្រោមការដឹកនាំបញ្ជាផ្ទាល់ របស់លោក ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។ បច្ចុប្បន្ននេះ បណ្ឌិត្យសភានគរបាលកម្ពុជា ទទួលបានជោគជ័យ ក្នុងការបំពេញភារកិច្ចរបស់ខ្លួន ជាបន្តបន្ទាប់ តាមរយៈ ការខិតខំប្រឹងប្រែងបំពេញភារកិច្ចរបស់ថ្នាក់ដឹកនាំ គ្រូនគរបាលជាតិ និងមន្ត្រីទាំងអស់ ផ្អែកលើកផែនការយុទ្ធសាស្ត្រ បទប្បញ្ញត្តិនានា កម្មវិធិកំណែទម្រង់ ការប្រកាន់ខ្ជាប់នូវគុណតម្លៃទាំង ៦ របស់ខ្លួន គឺ ៖ វិន័យ គុណភាព ក្រមសីលធម៌វិជ្ជាជីវៈ ការទទួលខុសត្រូវ ការប្តេជ្ញាចិត្ត និងនវានុវត្តន៍ ក្រោមទិសស្លោក «យើងរួមគ្នា កសាងវប្បធម៌គុណភាព» ។
ឆ្លៀតក្នុងឱកាសនោះដែរ លោក ប្រធានបណ្ឌិតសភានគរបាលកម្ពុជា ក៏បានផ្តាំផ្ញើ ដល់គណៈគ្រប់គ្រងសាលានគរបាលជាតិភូមិភាគ ២ ឲ្យខិតខំបំពេញភារកិច្ច ដើម្បី ទទួលបានជោគជ័យបន្ថែមទៀត តាមផែនការកំណត់ ។ ក្រៅពីនោះ ក៏សូមឲ្យសិស្សជ័យលាភីទាំងអស់ យកចំណេះដឹង និងជំនាញ ដែលបានសិក្សាកន្លងមក ទៅប្រើប្រាស់ឲ្យមានប្រយោជន៍ដល់សង្គម និងប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ ជាពិសេស ត្រូវមានអាកប្បកិរិយាល្អ មានស្មារតីទទួលខុសត្រូវ និងគោរពប្រតិបត្តិច្បាប់ ដើម្បី ក្លាយខ្លួនជាមន្ត្រីនគរបាលល្អ ផងដែរ ៕








ថ្ងៃនេះក្រសួងសុខាភិបាលប្រកាសពីការ ព្យាបាលជាសះស្បើយអ្នកជំងឺកូវីដ១៩ ម្នាក់ និងមិនមានអ្នកឆ្លងថ្មីនោះទេ

ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មានប្រកាសពីការព្យាបាលជាសះស្បើយ អ្នកជំងឺកូវីដ១៩ ម្នាក់ និងមិនមានរកឃើញអ្នកឆ្លងថ្មីនោះទេ។

អ្នកជាសះស្បើយជាបុរសជនជាតិឥណ្ឌា អាយុ៣៣ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ បានធ្វើដំណើរមកពីប្រទេសឥណ្ឌា ដោយឆ្លងកាត់ប្រទេសអារ៉ាប់ប៊ីសាអូឌីត និងបន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជា នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០ លទ្ធផលតេស្តវីរុសកូវីដ១៩ ចំនួន២ដង និងត្រូវបានអនុញ្ញាតឲ្យចេញពី មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

សូមជម្រាបថា គិតត្រឹមម៉ោង៧:០០នាទី ព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៣០៦ករណី ក្នុងនោះព្យាបាលជាសះស្បើយសុរបចំនួន ២៩៦នាក់ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ១០នាក់ ៕ឮ




ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកា ដល់ថ្ងៃទី០១ ខែធ្នូ

 ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាស នៅកម្ពុជា ចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកា ដល់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០។

ក្រសួងបញ្ជាក់ថា នៅរយៈពេលនេះ ស្ថានភាពធាតុអាកាស នៅកម្ពុជាមានដូចជា៖
១៖ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល
* សីតុណ្ហភាពអប្បបរមា មានពី២២-២៤អង្សាសេ
* សីតុណ្ហភាពអតិបរមា មានពី៣០-៣២អង្សាសេ

២៖ បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពស់រាបឦសាន
* សីតុណ្ហភាពអប្បបរមា មានពី១៩-២១អង្សាសេ
* សីតុណ្ហភាពអតិបរមា មានពី២៩-៣១អង្សាសេ

៣៖ បណ្តាខេត្តនៅតំបន់មាត់សមុទ្រ
* សីតុណ្ហភាពអប្បបរមា មានពី២៣-២៥អង្សាសេ
* សីតុណ្ហភាពអតិបរមា មានពី២៩-៣១អង្សាសេ ៕