Friday, February 08, 2019

ខេត្តប៉ៃលិនមានភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ មកលេងកំសាន្តកើនឡើងជាង ១០% បើប្រៀប ធៀបទៅនឹងឆ្នាំមុន

ប៉ៃលិន៖ ខេត្តប៉ៃលិនជាខេត្តមួយដែលមានសក្តានុពលខាងវិស័យទេសចរណ៍បែបអេកូធម្មជាតិដ៏ល្បីល្បាញ បន្ទាប់ពីត្បូងថ្មធម្មជាតិដ៏មានតម្លៃ និងល្អប្រណិតដែលទទួលស្គាល់ពីសំណាក់ភ្ញៀវជាតិ និងអន្តរជាតិ ហើយបច្ចុប្បន្ននេះនៅខេត្តប៉ៃលិនមានរម្មណីយ៍ទេសចរណ៍ជាច្រើនកន្លែង ដែលមានភ្ញៀវជាតិ និងអន្តរជាតិមកកំសាន្តជារៀងរាល់ថ្ងៃដូចជា៖ រម្មណីយ៍ដ្ឋានទឹកធ្លាក់ភ្នំខៀវអូរតាវ៉ៅ រម្មណីយ៍ដ្ឋានភ្នំយ៉ាត រម្មណីយ៍ដ្ឋានស្ទឹងភ្នំដំបង រម្មណីយ៍ដ្ឋានអូរឈើក្រំ រម្មណីយ៍ដ្ឋានទឹកធ្លាក់ក្បាលដំរី រម្មណីយ៍ដ្ឋានចំការខ្នុរ រម្មណីយ៍ដ្ឋានម្លប់សាវម៉ាវ រម្មណីយ៍ដ្ឋានស្ទឹងត្រជាក់ចិត្ត រម្មណីយ៍ដ្ឋានស្ទឹងតារៀប រម្មណីយ៍ដ្ឋានកូលាបប៉ៃលិន រម្មណីយ៍ដ្ឋានស្ទឹងតារាប រម្មណីយ៍ដ្ឋានភ្នំកុយ និងរីសតមែម៉ូរីយ៉ាជាដើម។
ជាក់ស្តែងនៅក្នុងឱកាសបុណ្យចូលឆ្នាំចិន-វៀតណាម ឆ្នាំនេះ គឺបងប្អូនប្រជាពលរដ្ឋ ទាំងនៅក្នុងខេត្តប៉ៃលិន និងមកពីបណ្តាខេត្តផ្សេងៗ បាននាំគ្នាមកលេងកំសាន្ត ជាលក្ខណៈគ្រួសារ ជាលក្ខណៈមិត្តភក្តិ នៅតាមរម្មណីយដ្ឋាននានា ក្នុងខេត្តប៉ៃលិន យ៉ាងច្រើនកុះករ ហើយពួកគាត់បានសម្តែងនូវការសប្បាយរីករាយ ជាមួយនឹងទេសភាពតំបន់ខ្ពង់រាប មានព្រៃភ្នំជ្រលងដងអូរ ធ្វើឱ្យពួកគាត់ មានអារម្មណ៍ស្រស់ស្រាយ ល្ហែល្ហើយពីទុក្ខកង្វល់ និងការនឿយហត់នានា ក្នុងការប្រកបការងារចិញ្ចឹមជីវិតកន្លងមក។
ម្ចាស់រម្មនីយដ្ឋានធម្មជាតិបែបកែឆ្នៃ នៅតាមមាត់ស្ទឹងបរយ៉ាខា បានឱ្យដឹងថា៖ ដោយសារឆ្នាំនេះអាកាសធាតុក្តៅខ្លាំង នៅក្នុងឱកាសបុណ្យចូលឆ្នាំចិនឆ្នាំនេះ ភ្ញៀវទេសចរណ៍មកពីគ្រប់ទិសទី បានមកកំសាន្តនៅរម្មណីយដ្ឋានរបស់ពួកគាត់ ច្រើនជាងឆ្នាំកន្លងទៅ។
លោក លឹម វាសនា ប្រធានមន្ទីរទេសចរណ៍ខេត្តប៉ៃលិនបានលើកឡើងថា៖ ដោយខេត្តប៉ៃលិន មានសក្តានុពលផ្នែកអេកូទេសចរណ៍ សម្រាប់ស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ នៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាមឆ្នាំនេះ គឺមានភ្ញៀវទេសចរណ៍យ៉ាងច្រើន បានជ្រើសរើស មកកំសាន្តតាមរម្មណីយដ្ឋាននានាក្នុងខេត្តប៉ៃលិន ហើយបើប្រៀបធៀបពីឆ្នាំមុន គឺឆ្នាំនេះកើនឡើង ប្រហែល ជាង ១០%។
លោកប្រធានបានបន្តថា៖ ការកើនឡើងភ្ញៀវទេសចរណ៍នៅឆ្នាំនេះ គឺដោយសារផ្លូវគមនាគមន៍ ទៅកាន់រម្មណីយ៍ដ្ឋាននានស្រួលធ្វើដំណើរ មានសន្តិសុខសណ្តាប់ធ្នាប់ល្អ និងម៉្យាងទៀតនៅឆ្នាំនេះអាកាសធាតុក្តៅ ដូច្នេះភ្ញៀវទេសចរណ៍បានជ្រើសរើសយកតំបន់ព្រៃភ្នំ ជ្រោះជ្រងជ្រលងដងអូរ ក្នុងការធ្វើដំណើរកំសាន្តរបស់ពួកគាត់។
លោក លឹម វាសនា ក៍បានសំនូមពរដល់ប្រជាពលរដ្ឋ ក៍ដូចជាភ្ញៀវទេសចរណ៍ទាំងអស់ ចូលរួមថែរក្សាអនាម័យបរិស្ថានឱ្យបានល្អ ដើម្បី ទីក្រុងស្អាត រម្មណីយដ្ឋានស្អាត សេវ៉ាល្អចំពោះសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ លោកឧត្តមសេនីយ៍ត្រី អ៊ុន សេរីរ័ត្ន ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានឱ្យដឹងថា៖ ដោយអនុវត្តតាមសេចក្តីណែនាំរបស់អគ្គស្នងការនគរបាលជាតិ និងគណៈបញ្ជាការឯកភាពខេត្ត ស្នងការដ្ឋាននគរបាលនគរបាលខេត្តប៉ៃលិន បានប្រើប្រាស់កម្លាំងសរុបចំនួន ២៦៨នាក់ ចែកជា ៣តំបន់ គឺ A,B,C រួមទាំងកម្លាំងអន្តរាគមន៍ផងដែរ ហើយជាលទ្ធផល ក្នុងឱកាសបុណ្យចូលឆ្នាំចិនឆ្នាំនេះ សភាពការណ៍សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ មានភាពល្អប្រសើរ។
បើតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តប៉ៃលិន បានឱ្យដឹងថា៖ ក្នុងរយៈពេល ០៣ថ្ងៃ ចាប់ពីថ្ងៃទី០៥-០៧/០២/២០១៩៖ -ចំនួនភ្ញៀវជាតិសរុប មានចំនួន ១៧,១៨១នាក់ បើប្រៀបធៀបទៅនឹងឆ្នាំ២០១៨ ដែលមានចំនួនភ្ញៀវជាតិសរុប១៥,២១៩ មានការកើនឡើង ១២,៨៩% -ចំនួនភ្ញៀវអន្តរជាតិសរុប មានចំនួន ៩៤នាក់ បើប្រៀបធៀបទៅនិងឆ្នាំ២០១៨ ដែលមានចំនួនភ្ញៀវអន្តរជាតិសរុប ៦៨នាក់ មានការកើនឡើង ៣៨,២៣%។



គណបក្សប្រជាជនកម្ពុជា ប្រកាសបដិសេធ និងទាត់ចោលទាំងស្រុងនូវឯកសារក្លែងក្លាយដែលចែកចាយដោយទណ្ឌិត សម រង្ស៊ី

នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៩ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ប្រកាសបដិសេធ និងទាត់ចោលទាំងស្រុងនូវឯកសារក្លែងក្លាយដោយប្រើរូបភាពជា «សេចក្តីថ្លែងការណ៍របស់គណបក្សប្រជាជនកម្ពុជា» ចុះថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៩ ដែលត្រូវបានបង្កើតឡើងដោយជនទុច្ចរិត ប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ «អ្នកសេ្នហាជា​តិ គណបក្សប្រជាជនកម្ពុជា» និងគេហទំព័រហ្វេសប៊ុកឈ្មោះ «Ar Kambang Knong Ar Kambang» ហើយត្រូវបានចែកចាយដោយទណ្ឌិត សម រង្ស៊ី នៅក្នុងគេហទំព័ររបស់ខ្លួន នៅថ្ងៃ​ទី៨ ខែកុម្ភៈ ឆ្នាំ២០១៩ ក្នុងគោលបំណងញុះញង់បំបែកបំបាក់គណបក្សប្រជាជនកម្ពុជា ប​ង្កភាពវឹកវរក្នុងសង្គម និងបំផ្លាញដំណើរការអភិវឌ្ឍប្រទេសជាតិ។
នៅក្នុងសេចក្តីថ្លែងការណ៍ដដែលនេះ គណបក្សប្រជាជនកម្ពុជា បានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើឧក្រិដ្ឋដ៏ធ្ងន់ធ្ងរនេះ និងសូមប្តឹងដល់ស្ថាប័នមានសមត្ថកិច្ចចាត់វិធានការជាបន្ទាន់ដើម្បីវែកមុខរកជនដែលពាក់ព័ន្ធនឹងបទល្មើសខាងលើយកមកផ្តន្ទាទោសឱ្យបានម៉ឺងម៉ាត់បំផុតតាមច្បាប់ជាធរមាន។
សេចក្តីថ្លែងការណ៍ ក៏បានគូសបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា ស្ថិតនៅជានិច្ចជាមួយប្រជាជន ដើម្បីបន្តថែរក្សាសន្តិភាព និងការអភិវឌ្ឍ។ គណបក្សប្រជាជនកម្ពុជាទាំងមូលមានសាមគ្គីភាព ឯកភាពផ្ទៃក្នុងខ្ពស់ និងគោរពនូវតួនាទីជាប្រវត្តិសាស្រ្តដ៏ឧត្តុង្គឧត្តមបំផុតរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលជាស្នូលនៃគណបក្សប្រជាជនកម្ពុជា និងជាអគ្គមគ្គុទេសក៏ដ៏ឆ្នើមរបស់ប្រជាជនកម្ពុជា៕

ហ្វេសប៊ុកចៅចាក់ស្មុគ៖ ទណ្ឌិតសម រង្ស៊ី អស់អីលេងហើយ បែរមកស៊ែរព័ត៌មានក្លែងក្លាយ!

នៅព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៩នេះ នៅក្នុងទំព័រហ្វេសប៊ុកចៅចាក់ស្មុគ បានបង្ហោះសាររិះគន់ធ្ងន់ៗចំពោះទណ្ឌិត សម រង្ស៊ី ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស ដោយសារគេចពីសំណាញ់ច្បាប់ ថា ទណ្ឌិតសម រង្ស៊ី នៅពេលនេះអស់អ្វីលេងតទៅទៀត បែរមកស៊ែរព័ត៌មានក្លែងក្លាយដែលក្រុមរបស់ខ្លួនផលិតឡើង ដើម្បីបម្រើមហិច្ឆតាអំណាចរបស់ខ្លួនតែប៉ុណ្ណោះ។
នៅក្នុងហ្វេសប៊ុកចៅចាក់ស្មុគដដែលនេះដែរ ក៏បានរិះគន់ថា ទណ្ឌិតសម រង្ស៊ី ជាជនក្បត់ជាតិ គ្មានតម្លៃឡើយសម្រាប់ជាតិ ធ្វើតែនយោបាយញុះញង់ បំបែកបំបាក់ជាតិ បង្កចលាចលតែប៉ុណ្ណោះ។
ខ្លឹមសារនៅក្នុងហ្វេសប៊ុកចៅចាក់ស្មុគបានសរសេរថា «ធ្លាប់ជាអ្នកដែលមនុស្សមួយចំនួនផ្តល់ក្តីសង្ឃឹម អន្តរជាតិផ្តល់សេចក្តីទុកចិត្ត ឥឡូវនេះ សម រង្ស៊ី គ្រាន់តែជាទណ្ឌិត ម្នាក់ដ៏គ្មានតម្លៃ និងជាជនក្បត់ជាតិ ក្បត់ប្រជាជន ហើយ គ្មានរបៀបវារៈនយោបាយជួយជាតិឡើយ គឺមានតែការញុះញង់ បំបែកបំបាក់ជាតិ បង្កចលាចលតែប៉ុណ្ណោះ។ ដោយសារតែចាញ់គ្រប់សមរភូមិទាំងការទូត នយោបាយ និងប្រជាប្រិយភាព ទណ្ឌិត សម រង្ស៊ី ដែលក្រុម កឹម សុខា ហៅថាជាមេបក្សប្រហារ អស់អ្វីលេងហើយ បានធ្លាក់ខ្លួនស៊ែរព័ត៌មានក្លែងក្លាយដែលក្រុមខ្លួនផលិតឡើងដើម្បីបម្រើមហិច្ឆតាអំណាចដ៏ឆ្កួតលីលារបស់ខ្លួន។ ឱ! រង្ស៊ីអើយ ខ្មាស់ក្មេងបៀមដៃ!»៕

អ្នកវិភាគ ជេម សុខ ពន្យល់អំពីដំណោះស្រាយបញ្ហាអយុត្តិធម៌សង្គម និងអះអាងថា សម រង្ស៊ី កំពុងបំផ្លាញសេចក្តីសុខរាស្រ្តខ្មែររាប់លាននាក់

«លោក សម រង្ស៊ី ជាអ្នកនយោបាយដែលមិនយល់អំពីបញ្ហាពិតរបស់សង្គមកម្ពុជា មិនខ្វល់អំពីប្រយោជន៍ជាតិ និងកំពុងបំផ្លាញសេចក្តីសុខរបស់ប្រជារាស្រ្តខ្មែររាប់លាននាក់» នេះជាការលើក ឡើងរបស់អ្នកវិភាគ សុខ សុគន្ធ ឬ ជេម សុខ នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៩ នៅឯសហរដ្ឋអាមេរិក។
លោក ជេម សុខ បានលើកឡើងតាមរយៈវីដេអូអត្ថាធិប្បាយរបស់លោកដែលមានរយៈពេលជាង១ម៉ោង ពន្យល់អំពីដំណោះស្រាយបញ្ហាអយុត្តិធម៌សង្គមរវាងរាជការ និងរាស្រ្ត។
ការធ្វើអត្ថាធិប្បាយបកស្រាយរបស់លោក ជេម សុខ ជាញឹកញាប់នាពេលកន្លងមកនេះ បន្ទាប់ពីលោកបានមើលឃើញថា ទណ្ឌិត សម រង្ស៊ី និងបក្ខពួករបស់ខ្លួន កំពុងចង់បំផ្លាញសន្តិភាពនៅកម្ពុជា។
បង្កើតរឿងញុះញង់បបួលខ្មែរនៅក្រៅឲ្យទៅជល់គ្នាជាមួយខ្មែរក្នុងស្រុក ដើម្បីប្រយោជន៍អាត្មានិយមរបស់ទណ្ឌិត សម រង្ស៊ី ព្រមទាំងរឿងរ៉ាវចង់បំផ្លាញកម្ពុជាជាច្រើនទៀត។
សូមស្តាប់ការធ្វើអត្ថាធិប្បាយពន្យល់របស់អ្នកវិភាគឯករាជ្យ ជេម សុខ៖

លោក សុខ សុគន្ធ៖ សារនយោបាយកៀរគរមនុស្សទម្លាក់សម្តេចតេជោពីអំណាច របស់ទណ្ឌិត សម រង្ស៉ី គឺគ្រាន់តែដើម្បីប្រមូលលុយ ៣០ម៉ឺនដុល្លារប៉ុណ្ណោះ

អ្នកអត្ថាធិប្បាយពីបញ្ហាសង្គម និងនយោបាយនៅឯនាយសមុទ្រដ៏មានប្រជាប្រិយភាពមួយរូបលើបណ្តាញ សង្គមនាពេលបច្ចុប្បន្ន លោក សុខ សុគន្ធ នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៩ បានចេញមកធ្វើនូវ បទអត្ថាធិប្បាយនិយាយពីបញ្ហាអយុត្តិធម៌នៅក្នុងប្រទេសកម្ពុជា ជាមួយនឹងការបង្ហាញនូវដំណោះស្រាយមួយ ចំនួនចំពោះបញ្ហាអយុត្តិធម៌ទាំងនេះ។
លោក សុខ សុគន្ធ បានអះអាងថា បញ្ហាអយុត្តិធម៌កើតមាននៅកម្ពុជា គឺអាចដោះស្រាយឲ្យរាជរដ្ឋាភិបាល មានឆន្ទៈក្នុងការដោះស្រាយបញ្ហា។
ក្នុងបទអត្ថាធិប្បាយនេះ លោក សុខ សុគន្ធ ហៅ ជេម សុខ ក៏បានឆ្លៀតនិយាយពីបញ្ហានយោបាយពិសពុល មួយចំនួនរបស់ទណ្ឌិត សម រង្ស៉ី ដែលប៉ុនប៉ងបង្កវិនាសកម្មនៅកម្ពុជា តាមរយៈការកៀរគរមនុស្ស ដើម្បីទម្លាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចេញពីអំណាចផងដែរ។
លោក សុខ សុគន្ធ បានចាត់ទុកសារនយោបាយរបស់ទណ្ឌិត សម រង្ស៉ី បង្ហាញការប្តេជ្ញាកៀរគរមនុស្ស ដើម្បីទម្លាក់សម្តេចតេជោ ហ៊ុន សែន ចេញពីអំណាចនេះគ្រាន់តែជាការនិយាយ ដើម្បីប្រមូលលុយប្រមាណ ៣០ម៉ឺនដុល្លារដាក់ហោប៉ៅរបស់ខ្លួនតែប៉ុណ្ណោះ។
លោក សុខ សុគន្ធ បានអះអាងថា អ្វីដែលទណ្ឌិត សម រង្ស៉ី និយាយជារឿងមិនអាចទៅរួច ហើយអាមេរិក និងអឺរ៉ុប នឹងមិនជឿតាមការអូសទាញរបស់ទណ្ឌិត សម រង្ស៉ី ក្នុងការបញ្ជូនទ័ពមកកម្ពុជា ដូចដែលពួកគេ ធ្វើនៅវេណេស៊ុយអេឡានោះឡើយ។ អ្នកអត្ថាធិប្បាយលើបញ្ហាសង្គម និងនយោបាយរូបនេះ បានអះអាងទៀតថា អាមេរិក និងអឺរ៉ុប បានស្គាល់យ៉ាងច្បាស់ពីបញ្ហារបស់កម្ពុជា។
លោក សុខ សុគន្ធ បានហៅគំនិតទណ្ឌិត សម រង្ស៉ី ចងអូសទាញបរទេសមកបង្កវិនាសកម្មនៅកម្ពុជា ជាគំនិតមួយដ៏ខ្មៅងងឹត។ ដើម្បីបានជ្រាបច្បាស់លើបញ្ហាទាំងអស់នេះ សូមទស្សនានូវការ អត្ថាធិប្បាយលើកហេតុ និងផលមកបញ្ជាក់ដូចតទៅ៖

អ្នកវិភាគ ជេម សុខ៖ ទណ្ឌិត សម រង្ស៊ី គ្មានផ្លូវចូលស្រុកខ្មែរទេ បើ EBA ត្រូវបានដកពីកម្ពុជាមែននោះ

អ្នកវិភាគដ៏មានប្រជាប្រិយភាពមួយរូបនៅសហរដ្ឋអាមេរិក លោក ជេម សុខ បានលើកឡើងថា បើអឺរ៉ុបដកប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជានោះ នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដាច់ខាតមិនឲ្យទណ្ឌិត សម រង្ស៉ី បានវិលចូលស្រុកវិញនោះឡើយ ព្រោះ សម រង្ស៊ី បានកម្ទេចសេដ្ឋកិច្ចកម្ពុជា តាមរយៈទៅលូនក្រាបអង្វរឲ្យសហភាពអឺរ៉ុបសម្លាប់ខ្មែរ។
តាមរយៈវិដេអូអត្ថាធិប្បាយដែលមានរយៈពេលប្រមាណ៤០នាទី របស់លោក សុខ សុគន្ធ ឬ ជេម សុខ បានអះអាងថា គំនិតដែលទណ្ឌិត សម រង្ស៉ី អូសទាញបរទេសមកបង្កវិនាសកម្មនៅកម្ពុជា ជាគំនិតមួយដ៏ខ្មៅងងឹត ហើយគំនិតនេះមិនបានខ្វល់ទុក្ខលំបាករាស្រ្តទេ គិតថាខ្លួនឯងត្រូវ និងចេះដឹងជាងគេ តែការពិតអាត្មានិយម គិតតែពីការចង់ដណ្តើមអំណាចពីគេ។
អ្នកអត្ថាធិប្បាយបញ្ហាសង្គម និងនយោបាយរូបនេះ ក៏បានមើលឃើញថា ការដកប្រព័ន្ធអនុគ្រោះលើ​ទំនិញកម្ពុជា និងមីយ៉ាន់ម៉ា មិនមែនជាការខាតបង់សម្រាប់តែកម្ពុជា និងមីយ៉ាន់ម៉ានោះទេ តែអឺរ៉ុបក៏ខាតបង់​ផងដែរ។ បើតាមលោក សុខ សុគន្ធ ការខាតបង់របស់អឺរ៉ុប គឺបាត់បង់ការផ្គត់ផ្គង់ទំនិញដែលមានតម្លៃថោក។
លោក សុខ សុគន្ធ បានមើលឃើញទៀតថា អឺរ៉ុប ក៏ដូចជាអាមេរិក កំពុងមានបញ្ហាធំៗរបស់ពិភពលោកជា​ច្រើន​ត្រូវដោះស្រាយ ដូច្នេះបញ្ហានៅកម្ពុជាជារឿងតូចតាចប៉ុណ្ណោះ។ លោក សុខ សុគន្ធ បានគូសបញ្ជាក់​ទៀតថា ប្រសិនបើទណ្ឌិត សម រង្ស៉ី ចង់ឲ្យអន្តរជាតិធ្វើអន្តរាគមន៍លើកម្ពុជាដរាបណាកម្ពុជា​មានការបង្ហូរឈាម​តាមដងផ្លូវ។ តែបើស្ថិតក្នុងស្ថានភាពដូចពេលបច្ចុប្បន្នមិនមានអន្តរជាតិណា មកធ្វើអន្តរាគមន៍លើ​រាជរដ្ឋាភិបាលកម្ពុជា តាមការអំពាវនាវរបស់ទណ្ឌិត សម រង្ស៉ី នោះឡើយ។
តើការធ្វើអត្ថាធិប្បាយរបស់លោក ជេម សុខ មានខ្លឹមសារយ៉ាងណានោះសូមស្តាប់វិដេអូដូចតទៅ៖

អ្នកនាំពាក្យCPP ទាត់ចោលសេចក្តីថ្លែងការណ៍ក្លែងក្លាយដែលចែកចាយដោយទណ្ឌិត សម រង្ស៊ី

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សួស យ៉ារ៉ា បានទាត់ចោលនិងបានបដិសេធដាច់អហង្ការចំពោះផេកហ្វេសប៊ុកឈ្មោះ សម រង្ស៊ី ដែលបានប្រើអត្ថបទក្លែងក្លាយ ជាសេចក្តីថ្ងែងការណ៍របស់គណបក្សប្រជាជន។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានឲ្យដឹងនៅព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩នេះថា “សូមប្រកាសបន្ទាន់កាលពី ២៨​នាទី​មុននេះ ផេកហ្វេសប៊ុក សម រង្ស៊ីបានប្រើអត្ថបទក្លែងក្លាយ ជាសេចក្តីថ្ងែងការណ៍របស់គណបក្សប្រជាជន ។ សូមបដិសេធ និង​ទាត់ចោលទាំងស្រុង”។
ទន្ទឹមគ្នានេះ លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានថ្លែងថា ដោយអស់ក្បាច់លោត ពួកជនក្បត់​ជាតិ​ដឹក​នាំ​ដោយទណ្ឌិតសម រង្សីងាកមកប្រើឧបាយកលថ្មីក្នុងការបង្កើតព៏តមានក្លែងក្លាយដើម្បីបំភាន់មតិជាតិ អន្តរជាតិ ជាពិសេស​ចង់​បំបែកបំបាក់ផ្ទៃក្នុងគណបក្សប្រជាជនកម្ព្ជជា ។ រឿងនេះមិនជារឿងថ្មីទេ ដែលពួកអគតិធ្លាប់បានធ្វើតាំងពិច្រើនឆ្នាំមកហើយ តែគ្មានប្រសិទ្ធភាពទាល់តែសោះ។ ផ្ទុយទៅវិញ អ្នកដែលប្រើឧបាយកលបំបែកបំបាក់គណបក្សប្រជាជនកម្ពុជា ត្រូវបែក​បាក់ខ្លួន​ឯងនិងរលំរលាយដូចអបិលត្រូវទឹកដូចបានឃើញសព្វថ្ងៃនេះហើយ។
លោកបន្តថា “ដូច្នេះគ្រាន់តែពួកក្បត់ជាតិចាប់ច្រវ៉ា គណបក្សប្រជាជនកម្ពុជា ដឹងដល់ត្រើយរួចទៅហើយ គ្រាន់តែការប្រើ​ពាក្យ​ក្នុងរបស់ដែលហៅថាសេចក្តីថ្លែងការណ៏ស្អីនោះ គេដឹងថា គឺចេញពីពួកអាហ្អែងហ្នឹងហើយ អាភ្លើ”។
ទាក់ទិនករណីក្លែងបន្លំសេចក្តីថ្លែងការណ៍របស់គណបក្សប្រជាជនកម្ពុជា ហើយត្រូវបានទណ្ឌិត សម រង្ស៊ី ចែកចាយនេះ អ្នក​វិភាគ​ល្បីឈ្មោះចៅចាក់ស្មុកបានចំអកឲ្យទណ្ឌិតរូបនេះថា សម រង្ស៊ី អស់អីលេងហើយ។

អ្នកវិភាគចៅចាក់ស្មុកតាមទំព័រហ្វេសប៊ុកនាព្រឹកថ្ងៃទី៨កុម្ភៈនេះ បានបន្តឲ្យដឹងថា ធ្លាប់ជាអ្នកដែលមនុស្សមួយចំនួនផ្តល់ក្តីសង្ឃឹម អន្តរជាតិផ្តល់សេចក្តីទុកចិត្ត ឥឡូវនេះ សម រង្ស៊ី គ្រាន់តែជាទណ្ឌិត ម្នាក់ដ៏គ្មានតម្លៃ និងជាជនក្បត់ជាតិ ក្បត់ប្រជាជន ហើយ គ្មានរបៀបវារៈនយោបាយជួយជាតិឡើយ គឺមានតែការញុះញង់ បំបែកបំបាក់ជាតិ បង្កចលនាចលតែប៉ុណ្ណោះ។ ដោយ​សារ​តែ​ចាញ់គ្រប់សមរភូមិទាំងការទូត នយោបាយ និងប្រជាប្រិយភាព ទណ្ឌិត សម រង្ស៊ី ដែលក្រុម កឹម សុខា ហៅថាជាមេបក្សប្រហារ អស់អ្វីលេងហើយ បានធ្លាក់ខ្លួនស៊ែរព័ត៌មានក្លែងក្លាយដែលក្រុមខ្លួនផលិតឡើងដើម្បីបម្រើមហិច្ឆតាអំណាចដ៏ឆ្កួតលេលារបស់ខ្លួន។ ឱ! រង្ស៊ីអើយ ខ្មាសក្មេងបៀមដៃ!


(សូមទស្សនាវីដេអូ)៖ បងប្អូនរួមជាតិមានជំនឿជឿជាក់លើសន្តិភាព និងទំនុកចិត្តដ៏រឹងមាំក្រោមការដឹកនាំ​ដោយគណបក្សប្រជាជនកម្ពុជា

បងប្អូនរួមជាតិមានជំនឿជឿជាក់លើសន្តិភាព និងទំនុកចិត្តដ៏រឹងមាំក្រោមការដឹកនាំដោយគណបក្សប្រជាជនកម្ពុជា

នៅព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៩ នៅក្នុងបណ្តាញផ្សព្វផ្សាយសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា យើងពិតជាមានមោទនភាព ដែលបានឃើញប្រទេសជាតិកាន់តែរីកចម្រើនទៅមុខជារៀងរាល់ថ្ងៃ។ អ្វីដែលយើងសម្រេចបាន គឺដោយសារការចូលរួមចំណែកពីបងប្អូនជនរួមជាតិ និងដៃគូវិស័យឯកជននានាដែលមានជំនឿជឿជាក់លើសន្តិភាព និងទំនុកចិត្តដ៏រឹងមាំលើរាជរដ្ឋាភិបាលដែលដឹកនាំដោយ «គណបក្សប្រជាជនកម្ពុជា» ដែលជាគណបក្សដ៏ខ្លាំងតែមួយគត់ ដែលបានរំដោះប្រទេសជាតិរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុលពត។ គណបក្សប្រជាជន គឺធានាដាច់ខាតមិនឱ្យសង្រ្គាមវិលមកលើទឹកដីកម្ពុជាសារជាថ្មីទៀតឡើយ ទោះបីដោយទម្រង់រូបភាពណាក៏ដោយ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានអរគុណចំពោះការស្រឡាញ់រាប់អាន និងទំនុកចិត្ត ជាមួយនឹងភាពជឿជាក់ និងការគាំទ្រឥតងាករេពីបងប្អូនជនរួមជាតិចំពោះរូបលោក។ លោកបានបន្ថែមថា សុខទុក្ខរបស់បងប្អូន គឺជាសុខទុក្ខផ្ទាល់របស់លោក ដែលលោកត្រូវតែការពារ មើលថែ និងជំរុញការកសាងប្រទេសជាតិឱ្យកាន់តែរីកចម្រើនទៅមុខជានិច្ចដើម្បីជីវភាពរស់នៅរបស់បងប្អូនកាន់តែធូរធារល្អប្រសើរ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានជូនពរបងប្អូនជនរួមជាតិមានជីវិតរស់នៅកាន់តែរុងរឿង និងទទួលបាននូវលាភសំណាងល្អៗនៅក្នុងឆ្នាំថ្មីនេះ៕















(សូមទស្សនាវីដេអូ)៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ទាត់ចោលសេចក្តីថ្លែងការណ៍ក្លែងក្លាយមួយ ដែលចែកចាយដោយទណ្ឌិត សម រង្ស៉ី នៅលើ Facebook

លោក សួស យ៉ារ៉ា អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានប្រកាសតាមរយៈអង្គភាពព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានចេញមកទាត់ចោលនូវសេចក្តីថ្លែងការណ៍ក្លែងក្លាយមួយ ដែលចែកចាយដោយ ទណ្ឌិត សម រង្ស៉ី មេចលនាសង្រ្គោះជាតិ។