Friday, February 08, 2019

ខេត្តប៉ៃលិនមានភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ មកលេងកំសាន្តកើនឡើងជាង ១០% បើប្រៀប ធៀបទៅនឹងឆ្នាំមុន

ប៉ៃលិន៖ ខេត្តប៉ៃលិនជាខេត្តមួយដែលមានសក្តានុពលខាងវិស័យទេសចរណ៍បែបអេកូធម្មជាតិដ៏ល្បីល្បាញ បន្ទាប់ពីត្បូងថ្មធម្មជាតិដ៏មានតម្លៃ និងល្អប្រណិតដែលទទួលស្គាល់ពីសំណាក់ភ្ញៀវជាតិ និងអន្តរជាតិ ហើយបច្ចុប្បន្ននេះនៅខេត្តប៉ៃលិនមានរម្មណីយ៍ទេសចរណ៍ជាច្រើនកន្លែង ដែលមានភ្ញៀវជាតិ និងអន្តរជាតិមកកំសាន្តជារៀងរាល់ថ្ងៃដូចជា៖ រម្មណីយ៍ដ្ឋានទឹកធ្លាក់ភ្នំខៀវអូរតាវ៉ៅ រម្មណីយ៍ដ្ឋានភ្នំយ៉ាត រម្មណីយ៍ដ្ឋានស្ទឹងភ្នំដំបង រម្មណីយ៍ដ្ឋានអូរឈើក្រំ រម្មណីយ៍ដ្ឋានទឹកធ្លាក់ក្បាលដំរី រម្មណីយ៍ដ្ឋានចំការខ្នុរ រម្មណីយ៍ដ្ឋានម្លប់សាវម៉ាវ រម្មណីយ៍ដ្ឋានស្ទឹងត្រជាក់ចិត្ត រម្មណីយ៍ដ្ឋានស្ទឹងតារៀប រម្មណីយ៍ដ្ឋានកូលាបប៉ៃលិន រម្មណីយ៍ដ្ឋានស្ទឹងតារាប រម្មណីយ៍ដ្ឋានភ្នំកុយ និងរីសតមែម៉ូរីយ៉ាជាដើម។
ជាក់ស្តែងនៅក្នុងឱកាសបុណ្យចូលឆ្នាំចិន-វៀតណាម ឆ្នាំនេះ គឺបងប្អូនប្រជាពលរដ្ឋ ទាំងនៅក្នុងខេត្តប៉ៃលិន និងមកពីបណ្តាខេត្តផ្សេងៗ បាននាំគ្នាមកលេងកំសាន្ត ជាលក្ខណៈគ្រួសារ ជាលក្ខណៈមិត្តភក្តិ នៅតាមរម្មណីយដ្ឋាននានា ក្នុងខេត្តប៉ៃលិន យ៉ាងច្រើនកុះករ ហើយពួកគាត់បានសម្តែងនូវការសប្បាយរីករាយ ជាមួយនឹងទេសភាពតំបន់ខ្ពង់រាប មានព្រៃភ្នំជ្រលងដងអូរ ធ្វើឱ្យពួកគាត់ មានអារម្មណ៍ស្រស់ស្រាយ ល្ហែល្ហើយពីទុក្ខកង្វល់ និងការនឿយហត់នានា ក្នុងការប្រកបការងារចិញ្ចឹមជីវិតកន្លងមក។
ម្ចាស់រម្មនីយដ្ឋានធម្មជាតិបែបកែឆ្នៃ នៅតាមមាត់ស្ទឹងបរយ៉ាខា បានឱ្យដឹងថា៖ ដោយសារឆ្នាំនេះអាកាសធាតុក្តៅខ្លាំង នៅក្នុងឱកាសបុណ្យចូលឆ្នាំចិនឆ្នាំនេះ ភ្ញៀវទេសចរណ៍មកពីគ្រប់ទិសទី បានមកកំសាន្តនៅរម្មណីយដ្ឋានរបស់ពួកគាត់ ច្រើនជាងឆ្នាំកន្លងទៅ។
លោក លឹម វាសនា ប្រធានមន្ទីរទេសចរណ៍ខេត្តប៉ៃលិនបានលើកឡើងថា៖ ដោយខេត្តប៉ៃលិន មានសក្តានុពលផ្នែកអេកូទេសចរណ៍ សម្រាប់ស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ នៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាមឆ្នាំនេះ គឺមានភ្ញៀវទេសចរណ៍យ៉ាងច្រើន បានជ្រើសរើស មកកំសាន្តតាមរម្មណីយដ្ឋាននានាក្នុងខេត្តប៉ៃលិន ហើយបើប្រៀបធៀបពីឆ្នាំមុន គឺឆ្នាំនេះកើនឡើង ប្រហែល ជាង ១០%។
លោកប្រធានបានបន្តថា៖ ការកើនឡើងភ្ញៀវទេសចរណ៍នៅឆ្នាំនេះ គឺដោយសារផ្លូវគមនាគមន៍ ទៅកាន់រម្មណីយ៍ដ្ឋាននានស្រួលធ្វើដំណើរ មានសន្តិសុខសណ្តាប់ធ្នាប់ល្អ និងម៉្យាងទៀតនៅឆ្នាំនេះអាកាសធាតុក្តៅ ដូច្នេះភ្ញៀវទេសចរណ៍បានជ្រើសរើសយកតំបន់ព្រៃភ្នំ ជ្រោះជ្រងជ្រលងដងអូរ ក្នុងការធ្វើដំណើរកំសាន្តរបស់ពួកគាត់។
លោក លឹម វាសនា ក៍បានសំនូមពរដល់ប្រជាពលរដ្ឋ ក៍ដូចជាភ្ញៀវទេសចរណ៍ទាំងអស់ ចូលរួមថែរក្សាអនាម័យបរិស្ថានឱ្យបានល្អ ដើម្បី ទីក្រុងស្អាត រម្មណីយដ្ឋានស្អាត សេវ៉ាល្អចំពោះសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ លោកឧត្តមសេនីយ៍ត្រី អ៊ុន សេរីរ័ត្ន ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានឱ្យដឹងថា៖ ដោយអនុវត្តតាមសេចក្តីណែនាំរបស់អគ្គស្នងការនគរបាលជាតិ និងគណៈបញ្ជាការឯកភាពខេត្ត ស្នងការដ្ឋាននគរបាលនគរបាលខេត្តប៉ៃលិន បានប្រើប្រាស់កម្លាំងសរុបចំនួន ២៦៨នាក់ ចែកជា ៣តំបន់ គឺ A,B,C រួមទាំងកម្លាំងអន្តរាគមន៍ផងដែរ ហើយជាលទ្ធផល ក្នុងឱកាសបុណ្យចូលឆ្នាំចិនឆ្នាំនេះ សភាពការណ៍សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ មានភាពល្អប្រសើរ។
បើតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តប៉ៃលិន បានឱ្យដឹងថា៖ ក្នុងរយៈពេល ០៣ថ្ងៃ ចាប់ពីថ្ងៃទី០៥-០៧/០២/២០១៩៖ -ចំនួនភ្ញៀវជាតិសរុប មានចំនួន ១៧,១៨១នាក់ បើប្រៀបធៀបទៅនឹងឆ្នាំ២០១៨ ដែលមានចំនួនភ្ញៀវជាតិសរុប១៥,២១៩ មានការកើនឡើង ១២,៨៩% -ចំនួនភ្ញៀវអន្តរជាតិសរុប មានចំនួន ៩៤នាក់ បើប្រៀបធៀបទៅនិងឆ្នាំ២០១៨ ដែលមានចំនួនភ្ញៀវអន្តរជាតិសរុប ៦៨នាក់ មានការកើនឡើង ៣៨,២៣%។



No comments:

Post a Comment