Thursday, June 27, 2019

មន្ត្រីយុត្តិធម៌ណាដែលនៅពីក្រោយខ្នងការចរាចរណ៍ និងប្រើប្រាស់គ្រឿងញៀន មិនត្រូវបានលើកលែងជាដាច់ខាត

បន្ទាយមានជ័យ៖ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ បានថ្លែងថា គ្រឿងញៀន គឺជាបញ្ហាសង្គមដ៏ស្មុគស្មាញមួយសម្រាប់សង្គមមនុស្សជាតិទាំងមូល ស្ថានភាព នៃការផលិត ការចរាចរណ៍ និងការប្រើបំពានគ្រឿងញៀន វិវត្តន៍ ស្របតាមចរន្ត នៃភាពរីកចម្រើនបច្ចេកវិទ្យា វិទ្យាសាស្រ្ត សង្គម និងសេដ្ឋកិច្ចដែលនិន្នាការបែបនេះ គឺជាបញ្ហាប្រឈមដ៏លំបាកមួយសម្រាប់ការអនុវត្តច្បាប់ចំពោះបណ្តាប្រទេសនានា។
ការថ្លែងបែបនេះក្នុងឱកាសដែលនាយឧត្តមសេនីយ៍ ជួន សុវណ្ណ អនុប្រធានអាជ្ញាធរជាតិគ្រឿងញៀនតំណាងដ៏ខ្ពង់ខ្ពស់នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអញ្ជើញជាអធិបតីភាពក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ឆ្នាំ២០១៩ក្រោមប្រធានបទ «សុខភាពដើម្បីយុត្តិធម៌ យុត្តិធម៌ ដើម្បីសុខភាព» ដែលប្រារព្ធធ្វើនៅបរិវេណសួនមានជ័យ ក្រុងសិរីសោភ័ណ ដែលមានការអញ្ជើញពចូលរួម លោក ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត លោក អ៊ុ រាត្រីគណៈអភិបាលខេត្ត លោក លោកស្រី ប្រជាពលរដ្ឋ សិស្សានុសិស្ស ចូលរួមជាង៣០០០នាក់ នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩។
នាយឧត្តមសេនីយ៍ បានលើកឡើងថា ជាមួយនឹងការអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿង ដែលយើងបានអនុវត្ត គឺទទួលបានការបង្ក្រាបបានជាបន្តបន្ទាប់ក្នុងនោះក៏មានមន្ត្រី យុត្តិធម៌មួយចំនួនដែលមានបុណ្យសក្តិធំ គឺជាអ្នកនៅពីក្រោយខ្នង សម្រួលដល់ការការចរាចរណ៍ និងជួញដូរគ្រឿងញៀន កាងបទល្មើស ដើម្បីទទួលបានផលប្រយោជន៍ពីជនទុច្ចរិតដែលប្រព្រឹត្តបទល្មើសហើយបើសិនជារកឃើញថា មន្ត្រីយុត្តិធម៌ណាដែលជាអ្នកកាងនៅពីក្រោយខ្នងក្នុងបទល្មើសផ្សេងៗ ពិសេសគ្រឿងញៀន និងជាប់ពាក់ព័ន្ធសារធាតុញៀន មិនត្រូវបានលើកលែងទោសឡើយ គឺអនុវត្តទៅតាមច្បាប់យ៉ាងម៉ឹងម៉ាត់។
នាយឧត្តមសេនីយ៍ បានបន្តថា មន្ត្រីយុត្តិធម៌ដែលនៅពីក្រោយខ្នងនៃការជួញដូរ ចរាចរណ៍ គ្រឿងញៀន ពេលចាប់បានជនល្មើសគ្រឿងញៀនតែងតែតែធ្វើការកែប្រែវត្ថុតាង និងកែប្រែរបាយការណ៍ដើម្បីឲ្យជនល្មើសបានសម្រាលទោសជាដើម ដើម្បីបានផលប្រយោជន៍ពីជនល្មើស។
ជាមួយគ្នានោះ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ក៏ណែនាំដល់សមត្ថកិច្ចពាក់ព័ន្ធ ដែលឈរជើងតាមបន្ទាត់ព្រំដែន ត្រូវរៀបចំបង្កើតគណៈកម្មាការ ត្រួតពិនិត្យ ដើម្បីទប់ស្កាត់ឲ្យបាននូវការចរាចរណ៍គ្រឿងញៀន ដែលហូរចូលមកពីបណ្តាប្រទេសជិតខាង ពិសេសយើងត្រូវបង្កើនកិច្ចសហការគ្នាជាមួយបណ្តារប្រទេសជិតខាង ដើម្បីរួមគ្នាលុបបំបាត់ការចរាចរណ៍ និងប្រើប្រាស់គ្រឿងញៀនឲ្យអស់ពីប្រទេសកម្ពុជាយើង៕




ដំណើរឆ្ពោះទៅការលុបបំបាត់ជំងឺគ្រុនចាញ់ឲ្យអស់ត្រឹមឆ្នាំ២០២០ និងការលុបបាត់ជំងឺគ្រុនចាញ់គ្រប់ប្រភេទមេរោគទាំងអស់

កែប៖ លោក អ៊ឹង ឆាយ អភិបាលខេត្តកែប ស្តីទីនិងជាប្រធានក្រុមការងារពិសេសសម្រាប់លុបបំបាត់ជំងឺគ្រុនចាញ់នៅខេត្តកែប បានដឹកនាំកិច្ចប្រជុំប្រចាំត្រីមាសទី២ របស់ក្រុមការងារពិសេសសម្រាប់លុបបំបាត់ជំងឺគ្រុនចាញ់ ដែលប្រព្រឹត្តិទៅនៅមន្ទីរសុខាភិបាលខេត្តកែប ។
កិច្ចប្រជុំនេះមានរយៈពេល១ថ្ងៃ គឺនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ ហើយក៏មានការអញ្ជើញចូលរួមដោយ លោក ម៉ែន សុធីរ ប្រធានមន្ទីរសុខាភិបាលខេត្តកែប លោក លោកស្រីដែលជាសមាជិកសមាជិកាក្រុមការងារ និងមានការចូលរួមដោយ មន្រ្តីជំនាញជំងឺគ្រុនចាញ់ជាច្រើនរូប ផងដែរ។
លោក ម៉ែន សុធីរ បានលើកឡើងថា ច្រើនឆ្នាំមកនេះការប្រយុទ្ធនឹងជំងឺគ្រុនចាញ់ នៅប្រទេសកម្ពុជា ក៏ដូចជានៅខេត្តកែប ទទួលបានជោគជ័យគួរឲ្យគត់សម្គាល់ គឺកាត់បន្ថយបន្ទុកនៃជំងឺដោយបានធ្វើឲ្យអត្រាឈឺ និងស្លាប់ដោយសារជំងឺគ្រុនចាញ់ធ្លាក់ចុះ ។
លោកក៏បានបន្ថែមទៀតថា ខេត្តកែបយើង ដែលមានមន្ទីរសុខាភិបាល ជាសេនាធិការបច្ចេកទេស បាននិងចាប់ផ្ដើមបង្កើតប្រព័ន្ធការងារដ៏ចាំបាច់មួយ ដើម្បីការលុបបំបាត់ជំងឺនេះជាដំណាក់កាលៗ ដើម្បីសម្រេចគោលដៅនៃការលុបបំបាត់ជំងឺគ្រុនចាញ់ ប្រភេទមេរាគ ផ្លាស់ស្មូមដ្យូម ហ្វាល់ស៊ីប៉ារ៉ូម ឲ្យអស់ត្រឹមឆ្នាំ២០២០ និងការលុបបាត់ជំងឺគ្រុនចាញ់គ្រប់ប្រភេទមេរោគទាំងអស់ ត្រឹមឆ្នាំ២០២៥។
លោក អ៊ឹង ឆាយ អភិបាលខេត្តស្តីទី និងជាប្រធានក្រុមការងារពិសេសបានលើកឡើងថា «ការប្ដេជ្ញាចិត្ដលុបបំបាត់ជំងឺគ្រុនចាញ់នេះ» ត្រូវបានជំរុញលើកទឹកចិត្ដ ដោយ ថ្នាក់ដឹកនាំខេត្ត ថ្នាក់ដឹកនាំក្រសួង និងថ្នាក់ដឹកនាំប្រទេសកំពូលដែលមានលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ។ ការលុបបំបាត់នេះ ទាមទារឲ្យមានការរៀបចំ មានលក្ខណៈច្បាស់លាស់ ជាក់លាក់ និងចាំបាច់ ត្រូវមានការសម្របសម្រួលរវាងមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ដ្រ និងបាណកសាស្ដ្រ ជាមួយនឹង ដៃគូអភិវឌ្ឍន៍នានា ព្រមទាំងមានមន្ទីរសុខាភិបាល ជាអ្នកបច្ចេកទេស និងចូលរួមមានការចូលរួមពីអ្នកពាក់ពន្ធគ្រប់រូបផងដែរ។
ពេលនេះមានយើងមានយុទ្ធសាស្ដ្រមួយដែលត្រូវបានរំពឹងទុកថា នឹងជំរុញឲ្យយើងឆ្ពោះទៅរក ការលុបបំបាត់ជំងឺគ្រុនចាញ់ នៅក្នុងដំណាក់កាលនេះវាជាការចាំបាច់ណាស់ រដ្ឋបាលខេត្តកែបត្រូវធ្វើជាម្ចាស់ក្នុងភាពជាអ្នកដឹកនាំ និងមន្ទីរសុខាភិបាលជាអ្នកបច្ចេកទេស និងអនុវត្ដសកម្មភាព លើយុទ្ធសាស្ដ្រនេះ ដោយធ្វើការសហការជាមួយដៃគូអភិវឌ្ឍន៍នានាដែលនាំឲ្យមានលទ្ធផល ប្រកបដោយប្រសិទ្ធិភាព តម្លាភាព និងឈាន ឆ្ពោះទៅសម្រេចនូវគោលដៅឆ្ពោះទៅការលុបបំបាត់ជំងឺគ្រុនចាញ់ ប្រភេទ មេរាគ ផ្លាស់ស្មូដ្យូមហ្វាល់ស៊ីប៉ារ៉ូម ឲ្យអស់ត្រឹមឆ្នាំ២០២០ និងការលុបបាត់ជំងឺគ្រុនចាញ់គ្រប់ប្រភេទមេរោគទាំងអស់ត្រឹមឆ្នាំ២០២៥ ។

គ.ជ.ប រៀបចំសន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា នៅដើមខែកក្កដា

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងរៀបចំសន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៣ និងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៩ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៩ ខាងមុខនេះ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ គ.ជ.ប ដែលទទួលបាននៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩នេះ។
តាមសេចក្តីជូនដំណឹងរបស់ គ.ជ.ប បានឱ្យដឹងថា សន្និបាតបូកសរុបការងារបោះឆ្នោត នឹងធ្វើឡើងនៅសាលមហោស្រពស្ទឹងសង្កែ ខេត្តបាត់ដំបង។ អង្គសន្និបាតនឹងពិភាក្សាលើប្រធានបទជំនាញ ចំនួន២ រួមមាន៖
ទី១៖ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៣
*ការរៀបចំបញ្ជីបោះឆ្នោត
*ការចុះបញ្ជីគណបក្សនយោបាយ និងបញ្ជីបេក្ខជន
*ការឃោសនាបោះឆ្នោត
*ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការបូកសរុបលទ្ធផលនៃការបោះឆ្នោត
ទី២៖ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៩
*ការបំពេញភារកិច្ចរបស់ក្រុមប្រឹក្សាឃុំ-សង្កាត់
*ការបំពេញភារកិច្ចរបស់ក្រមចុះឈ្មោះបោះឆ្នោត
*ការស្រង់ស្ថិតិប្រជាពលរដ្ឋ
*ការកំណត់ចំនួនប្រជាពលរដ្ឋប៉ាន់ស្មានសម្រាប់ការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ
*ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត៕
ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់ គ.ជ.ប៖

លោកទេសរដ្ឋមន្ដ្រី គន់ គីម ប្រកាសចូលកាន់តំណែង ជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ

លោក គន់ គីម ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស ត្រូវបានប្រកាសឲ្យចូលកាន់តំណែង ជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ជាផ្លូវការនៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩នេះ ក្រោមអធិបតីភាពលោកឧបនាយករដ្ឋមន្ដ្រីប្រចាំការ ប៊ិន ឈិន រដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រី។

សូមរំលឹកថា លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ បានចេញសេចក្តីសម្រេចមួយ តែងតាំងលោក គន់ គីម ជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ជំនួសលោក ញឹម វណ្ណដា ដែលត្រូវបានដកចេញពីតំណែង។

តាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ដែលទទួលបានបញ្ជាក់ថា លោក គន់ គីម ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស ត្រូវបានតែងតាំងជា អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បន្ថែមលើតួនាទីនានា នាពេលបច្ចុប្បន្ន។ សេចក្តីសម្រេចនេះក៏បានបញ្ចប់តំណែង លោក ញឹម វណ្ណដា ពីអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយផងដែរ។

មូលហេតុដែលដកតំណែង លោក ញឹម វណ្ណដា ត្រូវបានលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បញ្ជាក់ថា ដោយសារតែខ្វះការទទួលខុសត្រូវ និងភូតភរ ក្រោយឧបទ្ទហេតុ រំលំបាក់អគារ៧ជាន់ ដែលបណ្តាលឲ្យមនុស្សស្លាប់ និងរបួសរាប់សិបនាក់។

គួរជម្រាបថា បច្ចុប្បន្នលោកទេសរដ្ឋមន្ដ្រី គន់ គីម មានតួនាទីជា អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ដែលមានលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ជាប្រធានសមាគម។ ក្នុងតួនាទីជា អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា គេងសង្កេតឃើញថា លោក គន់ គីម បានបំពេញការងារយ៉ាងសស្រាក់សស្រាំដើម្បីចុះទៅដល់មូលដ្ឋាន ក្នុងគោលបំណងស្វែងយល់ពីជីវភាព និងការរស់នៅប្រចាំថ្ងៃរបស់សមាជិក សមាគមអតីតយុទ្ធជនកម្ពុជា ព្រមទាំងដោះស្រាយនូវបញ្ហាប្រឈមមួយចំនួនទៀតផងដែរ ៕






អាជ្ញាធរស្រុករលាប្អៀរ ចុះពិនិត្យដំណើរការសាងសង់ផ្លូវបេតុងជុំវិញផ្សារព្រៃខ្មែរ

កំពង់ឆ្នាំង៖ អាជ្ញាធរស្រុករលាប្អៀរ និងអាជ្ញាធរឃុំ អណ្តូងស្នាយ នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩នេះ ដឹកនាំដោយលោក យង់ សៅវុឌ្ឍី អភិបាលស្រុក និងលោក សេន សារ៉េត មេឃុំអណ្តួងស្នាយ បានដឹកនាំក្រុមការងារចុះត្រួតពនិត្យអំពីដំណើររការសាងសង់ផ្លូវបេតុងជុំវិញផ្សារព្រៃខ្មែរ។ លោក សេន សារ៉េត ប្រធានក្រុមប្រឹក្សាឃុំអណ្តូងស្នាយ បានអោយដឹងថា គម្រោងសាងសង់ផ្លូវបេតុងជុំវិញផ្សារនេះ មានប្រវែង ២៩០ម៉ែត្រ ជាថវិកាមូលនិធិឃុំដើម្បីអោយស្ថាន ភាពផ្លូវនៅជុំវិញផ្សារនេះ មានភាពកាន់តែល្អប្រសើរឡើង មិនលិចទឹកធានាបាននូវបរិស្ថាន និងអនាម័យល្អ។
លោកមេឃុំ បានអោយដឹងទៀតថា នៅតាមជុំវិញផ្សារ ព្រៃខ្មែរនេះ មានលក្ខណៈ តូចចង្អៀត ពុំមានអនាម័យល្អនោះទេដោយសារតែប្រជាពលរដ្ឋនិងអាជីវករមួយចំនួនតួបានពង្រីកតូប លយចូលមកផ្សារដែលធ្វើអោយផ្លូវព័ទ្ធជុំវិញផ្សារ មានការពិបាកសម្រាប់ប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវនេះ ។
មានប្រសាសន៍នៅក្នុងឱកាសនោះលោក យង់ សៅវុឌ្ឍី អភិបាលស្រុករលាប្អៀរ បានអោយដឹងថា ដើម្បីអោយផ្សារព្រៃខ្មែរកាន់តែមានសោភ័ណភាពនោះ គឺអាជ្ញាធរស្រុក ឃុំ បានរៀបចំកសាងនូវផែការអភិវឌ្ឍន៍មួយច្បាស់លាស់ ធ្វើយ៉ាងណាអោយចំណុចនៃទីប្រជុំជនផ្សារព្រៃខ្មែរ កាន់តែមានភាពទាក់ទាញ និងមានចំណាប់អារម្មណ៍ពីភ្ញៀវជាតិនិងអន្តរជាតិចូលមកលេងផ្សារព្រៃខ្មែរនេះ។
លោកអភិបាលស្រុករលាប្អៀរ បានអោយដឹងបន្តទៀតថា នៅចំពោះមុខនេះ អាជ្ញាធរស្រុកឃុំនឹងធ្វើការរៀបចំសណ្តាប់ធ្នាប់ផ្សារព្រៃខ្មែរនេះ អោយមានរបៀបរៀបរយ ទាំងការលក់ដូរ ដាក់ភាស៊ីមិនអនុញ្ញាតអោយមានភាពរញ៉េរញ៉ៃ លក់មកលើថ្នល់កៅស៊ូទៀតទេ ចំពោះបរិស្ថាននៅជុំវិញផ្សារនិង ក្នុងផ្សារ អាជីវកត្រូវចូលរួមទាំងអស់គ្នា។
លោកអភិបាលស្រុក បានសំណូមពរដល់ម្ចាស់អាជីវក និងប្រជាពលរដ្ឋដែលមានផ្ទះនៅតាមផ្លូវបេតុងនេះ សូមចូលរួមតាមការណែនាំរបស់អាជ្ញាធរទាំងអស់គ្នា ដូចជាកាកាត់សំយ៉ាបដែលលយមកលើផ្លូវ ដើម្បីអោយ ដំណើរការនៃការ សាងសង់ផ្លូវបេតុងជុំវិញផ្សារនេះបានឆាប់រួចរាល់ សម្រាប់ប្រើប្រាស់ទាំងអស់គ្នាដោយធានាបានសោភ័ណភាព បរិស្ថាន និងអនាម័យ៕




អគ្គិសនីខេត្តស្វាយរៀងជូនដំណឹងពីការទទួលពាក្យបន្តចរន្តថ្មី

ស្វាយរៀង៖ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ អគ្គិសនីខេត្តស្វាយរៀង បានចេញសេចក្តីជូនដំណឹងស្តីពីការទទួលពាក្យបន្តចរន្តថ្មី នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចខាងក្រោម៖

យុទ្ធនាការអប់រំផ្សព្វផ្សាយស្ដីអំពីជំងឺគ្រុនឈាម និងវិធីបង្ការនៅទូទាំងស្រុកបូទុមសាគរ ខេត្តកោះកុង

កោះកុង៖ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ មន្ទីរសុខាភិបាលខេត្តកោះកុង បានបន្តយុទ្ធនាការអប់រំផ្សព្វផ្សាយស្ដីអំពីជំងឺគ្រុនឈាម និងវិធីបង្ការនៅទូទាំងស្រុកបូទុមសាគរ ខេត្តកោះកុង ក្រោមអធិបតីភាព លោកស្រី ឈុន រ៉ាវុធ អភិបាលរង នៃគណៈអភិបាលខេត្ត កោះកុង ដោយមានការចូលរួមថ្នាក់ដឹកនាំ នៃមន្ទីរសុខាភិបាលខេត្ត ការិយាល័យ សុខាភិបាលស្រុកប្រតិបត្តិស្រែអំបិល មណ្ឌលសុខភាពអណ្ដូងទឹក សហការ ជាមួយសាលាស្រុកបុទុមសាគរ អាជ្ញាធរមូលដ្ឋាន ក្រុមយុវជនសហភាពសហព័ន្ធយុវជនកម្ពុជា ក្រុមយុវជនកាកបាតក្រហមកម្ពុជា ប្អូនៗសិស្សានុសិស្ស សរុបប្រមាណ១០០នាក់។
យុទ្ធនាការនេះអនុវត្តដូចសព្វមួយដង ផ្ដោតលើចំណុចសំខាន់ៗដូចជា៖ ការផ្សព្វផ្សាយអំពីជំងឺគ្រុនឈាម វិធីបង្ការការពារ បំបាត់ជំរកមូស ករណីសង្ស័យត្រូវបញ្ជូនអ្នកជំងឺទៅកាន់មូលដ្ឋានសុខាភិបាល ដែលនៅជិតបំផុត ការដាក់ថ្នាំអាបែតសម្លាប់ដង្កូវទឹកក្នុងពាងទឹក អាងទឹក ការបាញ់ថ្នាំសម្លាប់មូសខ្លានៅសាលារៀន មណ្ឌលសុខភាព លំនៅដ្ឋានប្រជាជន : គ្មានទឹកដក់ គ្មានដង្កូវទឹក គ្មានមូសខ្លា គ្មានជំងឺគ្រុនឈាម គ្រួសារមានសុខភាពល្អ៕






កិច្ចប្រជុំរបស់គណៈកម្មការពិនិត្យ និងតាមដានការសាងសង់អាកាសយានដ្ឋានអន្តរជាតិទាំងអស់នៅប្រទេសកម្ពុជា


នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ នៅទីស្តីការគណៈរដ្ឋមន្ត្រី មានការរៀបចំ​កិច្ចប្រជុំ​របស់​គណៈកម្មការពិនិត្យ និងតាមដានការសាងសង់​​អាកាសយានដ្ឋានអន្តរជាតិទាំងអស់​នៅ​ប្រទេស​​កម្ពុជា ជាមួយនិងក្រុមហ៊ុនសម្បទានបារាំង SCA និងក្រុមហ៊ុន វិស្វករឯករាជ្យ Egis ក្រោមអធិបតីភាពឯកឧត្តម តឹករ៉េត សំរេច រដ្ឋ​លេខា​ធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធាន គណៈកម្មការ ដោយមាន​វត្តមាន​ចូល​រួម​​​ពីឯកឧត្តម ជា វ៉ាន់ដេត ជាអនុប្រធានគណៈកម្មការ ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ជាអនុប្រធាន ឯកឧត្តម ងី តាយី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឯកឧត្តម សរ សុវណ្ណ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងឯកឧត្តម លោកជំទាវ លោក លោកស្រី មួយចំនួនទៀតផងដែរ  ដើម្បីពិនិត្យអំពីវឌ្ឍនភាពសំណង់នៃអាកាសយានដ្ឋាន​អន្តរ​ជាតិ​​ទាំងបី ដែលកំពុងដំណើរការនៅក្នុងប្រទេសកម្ពុជា ជាពិសេសគឺ​ដើម្បីឆ្លើយតបទៅ​នឹង​អនុសាសន៍​ណែនាំដ៏​ខ្ពង់ខ្ពស់​របស់​សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលឲ្យក្រុមហ៊ុន SCA រៀបចំ​រចនា​សម្ព័ន្ធ​ដើម្បីទទួលភ្ញៀវអន្តរជាតិមកចូលរួមក្នុងកិច្ចប្រជុំកំពូល ASEM ឆ្នាំ២០២០ នៅ​រាជធានី​ភ្នំពេញ និងកិច្ចប្រជុំកំពូល ASEAN ឆ្នាំ២០២២ នៅខេត្តព្រះសីហនុនាពេលខាងមុខ។
ក្នុងកិច្ចប្រជុំនេះ គណៈកម្មការបានអនុម័តយល់ព្រមអោយក្រុមហ៊ុន SCA  បន្តកិច្ចសន្យា​ជាមួយ​និងក្រុមហ៊ុនវិស្វករឯករាជ្យ Egis
គណៈកម្មាការក៏បានស្នើឲ្យក្រុមហ៊ុន SCA  បញ្ជូនគម្រោងវិនិយោគសម្រាប់​​ឆ្នាំ២០២០ នៃ​អាកាស​យានដ្ឋានអន្តរជាតិទាំងបី មកគណៈកម្មាការយ៉ាងយូរត្រឹមខែតុលា ឆ្នាំ២០១៩ ដើម្បីឲ្យ​គណៈកម្មការពិនិត្យនិងសម្រេច៕











កម្ពុជា-កូរ៉េ បើកកិច្ចប្រជុំពិភាក្សាការងារលើគម្រោងជំនួយវិស័យធនធានទឹក

ភ្នំពេញ៖ នៅទីស្តីការក្រសួង នារសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩នេះ លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានទទួលជួបពិភាក្សាការងារជាមួយលោក Oh Nak-Young ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សា​លើកិច្ចសហប្រតិបត្តិការគម្រោងជំនួយលើវិស័យធនធានទឹក។
នៅក្នុងមតិស្វាគមន៍ លោករដ្ឋមន្រ្តី តាងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមក្រសួងធនធានទឹក និងឧតុនិយម បានសំដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះប្រជាជន និងរដ្ឋា​ភិបាលនៃសាធារណរដ្ឋកូរ៉េ ដែលបានរួមចំណែកជួយជ្រោមជ្រែង ដល់ដំណើរការអភិវឌ្ឍកម្ពុជា ឲ្យមានការរីកចម្រើនជាបន្តបន្ទាប់ និងជាពិសេសលើវិស័យធនធានទឹកដែលបច្ចុប្បន្ននៅតែជាអាទិភាពមួយសំខាន់ ដើម្បីដើរតួនាទីកាន់តែសកម្មថែមទៀតក្នុងការជម្រុញកំណើន​លូត​លាស់​សេដ្ឋកិច្ចទាំងពេលបច្ចុប្បន្ន និងនាពេលអនាគត។
លោករដ្ឋមន្រ្តី បានជម្រាបអំពីសមិទ្ធផល និងការងារជាអាទិភាពនាពេលបច្ចុប្បន្ន និងចំពោះមុខក្នុងក្របខណ្ឌវិស័យធនធានទឹក និងឧតុនិយម ដើម្បីរួមចំណែកដោះស្រាយនូវបញ្ហាប្រឈមក្នុងបរិបទនៃបម្រែបម្រួលអាកាសធាតុ សំដៅធានានូវសន្តិសុខទឹកសម្រាប់បំពេញតម្រូវការប្រើប្រាស់ និងការអភិវឌ្ឍប្រកបដោយចីរភាព។
លោកឯកអគ្គរដ្ឋទូតកូរ៉េ បានបង្ហាញនូវសេចក្តីរីករាយដោយបានជួបពិភាក្សាការងារដោយផ្ទាល់ជាមួយលោករដ្ឋមន្រ្តីនាពេលនេះ និងបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងារលើវិស័យធនធានទឹក ដែលក្រសួងសម្រេចបានក៏ដូចជាកិច្ចការបន្តដែលត្រូវអនុវត្តក្នុងបេសកកម្មរួមចំណែកដល់ការអភិវឌ្ឍ និងការរីកលូតលាស់សេដ្ឋកិច្ចឲ្យបានកាន់តែប្រសើរថែមទៀត។ លោក បានជម្រាបជូនលោករដ្ឋមន្រ្តី នូវការប្តេជ្ញាចិត្តបន្តរួមចំណែកជួយរបស់សាធារណរដ្ឋកូរ៉េ ដើម្បីធ្វើឲ្យសេដ្ឋកិច្ចកម្ពុជា ក៏ដូចជាវិស័យធនធានទឹក មានការវិវត្តន៍រីកចម្រើនតទៅមុខទៀត។
ក្នុងកិច្ចពិភាក្សា លោករដ្ឋមន្រ្តី និងលោកឯកអគ្គរដ្ឋទូតកូរ៉េ បានផ្តោតលើវឌ្ឍនភាពការងារនៃគម្រោងលើវិស័យធនធានទឹក ដែលបានអនុវត្តក្រោមជំនួយឧបត្ថម្ភរបស់សាធារណរដ្ឋកូរ៉េ និងតម្រូវការលើគម្រោងបន្តចំពោះមុខ ដោយក្នុងនោះ សាធារណរដ្ឋកូរ៉េ នឹងបន្តរួមចំណែក​ជួយ​លើ​គម្រោងការគ្រប់គ្រងធនធានទឹកនៅតំបន់ដីសណ្តរទន្លេមេគង្គ ការធ្វើទំនើបកម្មប្រព័ន្ធតាម​ដាន​ស្វ័យប្រវត្តិផ្នែកឧតុនិយម និងការគ្រប់គ្រងទិន្នន័យធនធានទឹកជាបន្ថែមទៀត។
លោករដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះការបន្តគាំទ្រ និងជួយពីសាធារណរដ្ឋកូរ៉េ ដល់ការអភិវឌ្ឍកម្ពុជា និងដោយឡែកលើការជួយលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រង និងអភិវឌ្ឍធនធានទឹក នៅកម្ពុជាឲ្យបានកាន់តែប្រសើរថែមទៀត។ ទិសដៅបន្ត ក្រសួងធនធានទឹក និងឧតុនិយមកម្ពុជា និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) នឹងពិភាក្សាគ្នាលម្អិតបន្ថែមទៀត អំពីគម្រោងជាក់លាក់ ក្រោមជំនួយគាំទ្រពីសាធារណរដ្ឋកូរ៉េ សម្រាប់វិស័យធនធានទឹកនៅកម្ពុជា។
សូមជម្រាបថា ពាក់ព័ន្ធនឹងវិស័យធនធានទឹក រហូតមកដល់ពេលនេះ សាធារណរដ្ឋកូរ៉េ បាននិងកំពុងជួយដល់កម្ពុជាលើគម្រោង៖ ទី១) គម្រោងអភិវឌ្ឍន៍ទំនប់សាលាតាអន ស្ទឹងសង្កែ ខេត្តបាត់ដំបង ទី២) គម្រោងទំនប់ពហុបំណងដូនទ្រី ស្ទឹងមោងឬស្សី ខេត្តបាត់ដំបង និងទី៣) គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ និងកាត់បន្ថយគ្រោះទឹកជំនន់ ខេត្តបន្ទាយមានជ័យ៕