Thursday, June 27, 2019

មន្ត្រីយុត្តិធម៌ណាដែលនៅពីក្រោយខ្នងការចរាចរណ៍ និងប្រើប្រាស់គ្រឿងញៀន មិនត្រូវបានលើកលែងជាដាច់ខាត

បន្ទាយមានជ័យ៖ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ បានថ្លែងថា គ្រឿងញៀន គឺជាបញ្ហាសង្គមដ៏ស្មុគស្មាញមួយសម្រាប់សង្គមមនុស្សជាតិទាំងមូល ស្ថានភាព នៃការផលិត ការចរាចរណ៍ និងការប្រើបំពានគ្រឿងញៀន វិវត្តន៍ ស្របតាមចរន្ត នៃភាពរីកចម្រើនបច្ចេកវិទ្យា វិទ្យាសាស្រ្ត សង្គម និងសេដ្ឋកិច្ចដែលនិន្នាការបែបនេះ គឺជាបញ្ហាប្រឈមដ៏លំបាកមួយសម្រាប់ការអនុវត្តច្បាប់ចំពោះបណ្តាប្រទេសនានា។
ការថ្លែងបែបនេះក្នុងឱកាសដែលនាយឧត្តមសេនីយ៍ ជួន សុវណ្ណ អនុប្រធានអាជ្ញាធរជាតិគ្រឿងញៀនតំណាងដ៏ខ្ពង់ខ្ពស់នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអញ្ជើញជាអធិបតីភាពក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ឆ្នាំ២០១៩ក្រោមប្រធានបទ «សុខភាពដើម្បីយុត្តិធម៌ យុត្តិធម៌ ដើម្បីសុខភាព» ដែលប្រារព្ធធ្វើនៅបរិវេណសួនមានជ័យ ក្រុងសិរីសោភ័ណ ដែលមានការអញ្ជើញពចូលរួម លោក ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត លោក អ៊ុ រាត្រីគណៈអភិបាលខេត្ត លោក លោកស្រី ប្រជាពលរដ្ឋ សិស្សានុសិស្ស ចូលរួមជាង៣០០០នាក់ នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩។
នាយឧត្តមសេនីយ៍ បានលើកឡើងថា ជាមួយនឹងការអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿង ដែលយើងបានអនុវត្ត គឺទទួលបានការបង្ក្រាបបានជាបន្តបន្ទាប់ក្នុងនោះក៏មានមន្ត្រី យុត្តិធម៌មួយចំនួនដែលមានបុណ្យសក្តិធំ គឺជាអ្នកនៅពីក្រោយខ្នង សម្រួលដល់ការការចរាចរណ៍ និងជួញដូរគ្រឿងញៀន កាងបទល្មើស ដើម្បីទទួលបានផលប្រយោជន៍ពីជនទុច្ចរិតដែលប្រព្រឹត្តបទល្មើសហើយបើសិនជារកឃើញថា មន្ត្រីយុត្តិធម៌ណាដែលជាអ្នកកាងនៅពីក្រោយខ្នងក្នុងបទល្មើសផ្សេងៗ ពិសេសគ្រឿងញៀន និងជាប់ពាក់ព័ន្ធសារធាតុញៀន មិនត្រូវបានលើកលែងទោសឡើយ គឺអនុវត្តទៅតាមច្បាប់យ៉ាងម៉ឹងម៉ាត់។
នាយឧត្តមសេនីយ៍ បានបន្តថា មន្ត្រីយុត្តិធម៌ដែលនៅពីក្រោយខ្នងនៃការជួញដូរ ចរាចរណ៍ គ្រឿងញៀន ពេលចាប់បានជនល្មើសគ្រឿងញៀនតែងតែតែធ្វើការកែប្រែវត្ថុតាង និងកែប្រែរបាយការណ៍ដើម្បីឲ្យជនល្មើសបានសម្រាលទោសជាដើម ដើម្បីបានផលប្រយោជន៍ពីជនល្មើស។
ជាមួយគ្នានោះ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ក៏ណែនាំដល់សមត្ថកិច្ចពាក់ព័ន្ធ ដែលឈរជើងតាមបន្ទាត់ព្រំដែន ត្រូវរៀបចំបង្កើតគណៈកម្មាការ ត្រួតពិនិត្យ ដើម្បីទប់ស្កាត់ឲ្យបាននូវការចរាចរណ៍គ្រឿងញៀន ដែលហូរចូលមកពីបណ្តាប្រទេសជិតខាង ពិសេសយើងត្រូវបង្កើនកិច្ចសហការគ្នាជាមួយបណ្តារប្រទេសជិតខាង ដើម្បីរួមគ្នាលុបបំបាត់ការចរាចរណ៍ និងប្រើប្រាស់គ្រឿងញៀនឲ្យអស់ពីប្រទេសកម្ពុជាយើង៕




No comments:

Post a Comment