Thursday, June 27, 2019

អាជ្ញាធរស្រុករលាប្អៀរ ចុះពិនិត្យដំណើរការសាងសង់ផ្លូវបេតុងជុំវិញផ្សារព្រៃខ្មែរ

កំពង់ឆ្នាំង៖ អាជ្ញាធរស្រុករលាប្អៀរ និងអាជ្ញាធរឃុំ អណ្តូងស្នាយ នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩នេះ ដឹកនាំដោយលោក យង់ សៅវុឌ្ឍី អភិបាលស្រុក និងលោក សេន សារ៉េត មេឃុំអណ្តួងស្នាយ បានដឹកនាំក្រុមការងារចុះត្រួតពនិត្យអំពីដំណើររការសាងសង់ផ្លូវបេតុងជុំវិញផ្សារព្រៃខ្មែរ។ លោក សេន សារ៉េត ប្រធានក្រុមប្រឹក្សាឃុំអណ្តូងស្នាយ បានអោយដឹងថា គម្រោងសាងសង់ផ្លូវបេតុងជុំវិញផ្សារនេះ មានប្រវែង ២៩០ម៉ែត្រ ជាថវិកាមូលនិធិឃុំដើម្បីអោយស្ថាន ភាពផ្លូវនៅជុំវិញផ្សារនេះ មានភាពកាន់តែល្អប្រសើរឡើង មិនលិចទឹកធានាបាននូវបរិស្ថាន និងអនាម័យល្អ។
លោកមេឃុំ បានអោយដឹងទៀតថា នៅតាមជុំវិញផ្សារ ព្រៃខ្មែរនេះ មានលក្ខណៈ តូចចង្អៀត ពុំមានអនាម័យល្អនោះទេដោយសារតែប្រជាពលរដ្ឋនិងអាជីវករមួយចំនួនតួបានពង្រីកតូប លយចូលមកផ្សារដែលធ្វើអោយផ្លូវព័ទ្ធជុំវិញផ្សារ មានការពិបាកសម្រាប់ប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវនេះ ។
មានប្រសាសន៍នៅក្នុងឱកាសនោះលោក យង់ សៅវុឌ្ឍី អភិបាលស្រុករលាប្អៀរ បានអោយដឹងថា ដើម្បីអោយផ្សារព្រៃខ្មែរកាន់តែមានសោភ័ណភាពនោះ គឺអាជ្ញាធរស្រុក ឃុំ បានរៀបចំកសាងនូវផែការអភិវឌ្ឍន៍មួយច្បាស់លាស់ ធ្វើយ៉ាងណាអោយចំណុចនៃទីប្រជុំជនផ្សារព្រៃខ្មែរ កាន់តែមានភាពទាក់ទាញ និងមានចំណាប់អារម្មណ៍ពីភ្ញៀវជាតិនិងអន្តរជាតិចូលមកលេងផ្សារព្រៃខ្មែរនេះ។
លោកអភិបាលស្រុករលាប្អៀរ បានអោយដឹងបន្តទៀតថា នៅចំពោះមុខនេះ អាជ្ញាធរស្រុកឃុំនឹងធ្វើការរៀបចំសណ្តាប់ធ្នាប់ផ្សារព្រៃខ្មែរនេះ អោយមានរបៀបរៀបរយ ទាំងការលក់ដូរ ដាក់ភាស៊ីមិនអនុញ្ញាតអោយមានភាពរញ៉េរញ៉ៃ លក់មកលើថ្នល់កៅស៊ូទៀតទេ ចំពោះបរិស្ថាននៅជុំវិញផ្សារនិង ក្នុងផ្សារ អាជីវកត្រូវចូលរួមទាំងអស់គ្នា។
លោកអភិបាលស្រុក បានសំណូមពរដល់ម្ចាស់អាជីវក និងប្រជាពលរដ្ឋដែលមានផ្ទះនៅតាមផ្លូវបេតុងនេះ សូមចូលរួមតាមការណែនាំរបស់អាជ្ញាធរទាំងអស់គ្នា ដូចជាកាកាត់សំយ៉ាបដែលលយមកលើផ្លូវ ដើម្បីអោយ ដំណើរការនៃការ សាងសង់ផ្លូវបេតុងជុំវិញផ្សារនេះបានឆាប់រួចរាល់ សម្រាប់ប្រើប្រាស់ទាំងអស់គ្នាដោយធានាបានសោភ័ណភាព បរិស្ថាន និងអនាម័យ៕




No comments:

Post a Comment