Friday, April 01, 2022

បទវិភាគ៖ ករណីវិវាទការងារនៅក្រុមហ៊ុន NAGA WORLD និងការបន្តអូសបន្លាយធ្វើបាតុកម្មដោយក្រុមមេដឹកនាំសហជីព

វិវាទការងាររវាងអតីតបុគ្គលិក ជាមួយក្រុមហ៊ុន NAGA WORLD បានអូសបន្លាយពេលជាង៩ខែមកហើយ គឺចាប់តាំងពីខែមិថុនា ឆ្នាំ2021មក ដែលករណីវិវាទនេះ គឺកើតឡើងបន្ទាប់ពីក្រុមហ៊ុន NAGA WORLD ដែលរងផលប៉ះពាល់ពីវិបត្តិជំងឺ Covid-19 បានសម្រេចកាត់បន្ថយបុគ្គលិករបស់ខ្លួន ជាមួយនឹងការផ្តល់សំណងត្រឹមត្រូវតាមច្បាប់ការងារ។ វិបត្តិជំងឺ Covid-19 ត្រូវបានគេដឹងថា ជះឥទ្ធិពលខ្លាំងជាងគេ លើវិស័យទេសចរណ៍ និងសេវាកម្សាន្ត។ បើយោងតាមប្រភពពីក្រុមហ៊ុន NAGA WORLD ដោយសារការបន្តធ្លាក់ចុះនៃភ្ញៀវ ព្រមទាំងការកែសម្រួលរចនាសម្ព័ន្ធផ្ទៃក្នុងនៃក្រុមហ៊ុន ឱ្យស្របតាមការរក្សាគម្លាតសង្គម និងវិធានការសុខាភិបាលផ្សេងទៀត នៅខែមេសា ឆ្នាំ2021  ក្រុមហ៊ុនបានជូនដំណឹងដល់សហជីព និងតំណាងនិយោជិតអំពីគម្រោងកាត់បន្ថយបុគ្គលិក នៅខណៈនោះ ក្រុមហ៊ុនបានបញ្ជាក់ថា ខ្លួននឹងធ្វើការកាត់បន្ថយបុគ្គលិកក្នុង12ផ្នែក ដែលមានចំនួន ជាង1300នាក់ ហើយនឹងអនុវត្តសំណងឱ្យស្របតាមនីតិវិធីច្បាប់។ ទន្ទឹមនឹងនេះ ក៏មានបុគ្គលិកចំនួន ជិត300នាក់ ផ្សេងទៀត បានស្ម័គ្រចិត្តមកសុំលាឈប់ពីការងារដោយខ្លួនឯង ដែលធ្វើឱ្យចំនួនបុគ្គលិក ដែលត្រូវកាត់បន្ថយបានកើនដល់ ជាង1600នាក់។ ក្រុមហ៊ុនបានទូទាត់ប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារ ជូនអតីតបុគ្គលិកទាំងជាង 1600នាក់ ដែលក្នុងនោះជាង1200នាក់ បានយល់ព្រមទទួលយក និងជាង 300នាក់ទៀត មិនព្រមទទួលយកនោះឡើយ ទោះបីក្រុមហ៊ុនបានផ្ទេរប្រាក់ចូលគណនីធនាគារ របស់អតីតបុគ្គលិកម្នាក់ៗរួចហើយក្តី។ ដោយពួកគេបានទាមទារដាក់លក្ខខណ្ឌផ្សេងៗ ដូចជាតម្រូវឱ្យក្រុមហ៊ុនទទួលយកពួកគេចូលធ្វើការវិញ ទាមទារដំឡើងប្រាក់ខែ 7% និងទាមទារបន្ថែមលក្ខខណ្ឌផ្សេងៗដែលមិនសមរម្យ និងមិនស្របតាមគោលការណ៍ច្បាប់ការងារ។ ការទាមទារបែបនេះ ត្រូវបានភាគីនិយោជកបដិសេដ ដែលបង្កនូវបាតុកម្មតវ៉ាអូសបន្លាយមកដល់បច្ចុប្បន្ននេះ។ 


តើចំណុចសំខាន់អ្វីខ្លះ ដែលយើងគួរស្វែងយល់ និងចាប់អារម្មណ៍ជុំវិញករណីវិវាទការងារមួយនេះ? 


១- ការពិតនៅពីក្រោយសកម្មភាពបាតុកម្មនៅ NAGA WORLD ៖

ដើម្បីដឹងពីចេតនា និងគោលដៅពិតប្រាកដ ដែលក្រុមបាតុករបាននិងកំពុងធ្វើ យើងត្រូវចាប់ផ្តើមពីសំណួរថា តើហេតុអ្វីក្រុមបាតុករទាំងនេះ អាចបន្តធ្វើបាតុកម្មអូសបន្លាយរយៈពេលយូរបែបនេះបាន? តើពួកគេបានប្រភពថវិកាមកពីណា? និងតើគោលដៅពិតប្រាកដនៃបាតុកម្មនេះ គឺជាអ្វី? បាតុកម្មនៅក្រុមហ៊ុន NAGA WORLD ត្រូវបានគេដឹងថា ដឹកនាំដោយឈ្មោះ ឈឹម ស៊ីថរ ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុន NAGA WORLD និងបក្ខពួក។ យោងតាមក្រុមមន្ត្រីសហជីពឯករាជ្យ ដែលបានដឹងយ៉ាងច្បាស់ពីឧបាយកល និងយុទ្ធវិធី របស់មេដឹកនាំបាតុកម្ម បានគូសបញ្ជាក់ថា បច្ចុប្បន្នបាតុកម្មនេះ គឺបានដើរហួសបន្ទាត់ក្រហម នៃការទាមទារសិទ្ធិការងារ និងអត្ថប្រយោជន៍របស់អតីតបុគ្គលិក នៃក្រុមហ៊ុន NAGA WORLD ដែលត្រូវបានបញ្ឈប់ពីការងារហើយ។ ក្រុមបាតុករបានធ្វើសកម្មភាពខុសច្បាប់ជាបន្តបន្ទាប់ ដោយមានការរៀបចំពីអ្នកដឹកនាំ ដើម្បីកេងចំណេញ តាមគ្រប់រូបភាព បម្រើមហិច្ឆតារបស់ក្រុមខ្លួន រហូតឈានដល់ការបង្កើតឈុតឆាកសម្តែងជាជនរងគ្រោះ ក្រោមរូបភាពផ្សេងៗ។ ជាក់ស្តែងខណៈពេលដែលអាជ្ញាធរមានសមត្ថកិច្ច អញ្ជើញពួកគេឱ្យឡើងរថយន្ត ទៅសម្ដែងមតិនៅទីលានប្រជាធិបតេយ្យ ពួកគេបែរជាចោទប្រកាន់ថា អាជ្ញាធរមានសមត្ថកិច្ចប្រើអំពើហិង្សាលើពួកគេទៅវិញ។ នេះជាចេតនា បំភ័ន្តសាធារណមតិលើយន្តការច្បាប់ ខណៈដែលវិវាទនេះ ត្រូវបានក្រុមប្រឹក្សាអាជ្ញាកណ្តាលសម្រេចរួចហើយ។ តាមប្រភពដដែលខាងលើ គឺបាតុកម្មនេះ មានផែនការ រចនាសម្ព័ន្ធដឹកនាំ និងការបណ្តុះបណ្តាលច្បាស់លាស់ ដោយក្រៅពីកម្លាំងបាតុករ និងមេបាតុករ ដែលអនុវត្តផ្ទាល់ គឺនៅមានការដឹកនាំបញ្ជាច្បាស់លាស់ ពីខាងក្រៅថែមទៀត។ ជាក់ស្តែងទន្ទឹមនឹងបាតុកម្មខាងក្នុងក៏មានបាតុកម្មគាំទ្រពីតាមបណ្តាប្រទេសនានា ដោយបណ្តាញសហជីពអន្តរជាតិទៀតផង។ ក្រៅពីរៀបចំផែនការយ៉ាងច្បាស់លាស់ បាតុកម្មនេះ ថែមទាំងមានការគាំទ្រថវិកាពីក្រៅប្រទេសជាបន្តបន្ទាប់ ដើម្បីចិញ្ចឹមសកម្មភាពបាតុកម្មខុស ច្បាប់នេះបន្តទៅមុខទៀត។ ពួកក្រុមបាតុករ បានធ្វើសកម្មភាពបំពានច្បាប់ម្តងហើយម្តងទៀត ហើយបានយករាជរដ្ឋាភិបាល ធ្វើជាចំណាប់ខ្មាំង ក្រោមលេសទាមទារសិទ្ធិការងារ និងការពារផលប្រយោជន៍បុគ្គលិក។ ប៉ុន្តែទង្វើជាក់ស្តែង ពួកគេមិនស្តាប់ការសម្របសម្រួល របស់ស្ថាប័នមានសមត្ថកិច្ចដោះស្រាយជម្លោះឡើយ។ មួយវិញទៀត របៀបនៃការធ្វើបាតុកម្ម និងសញ្ញាផ្សេងៗ ដែលពួកគេប្រើប្រាស់ សុទ្ធសឹងតែមានការទាក់ទងនឹងបណ្តាញនៅបរទេស ដែលធ្លាប់បានប្រើប្រាស់ក្នុងការតវ៉ា និងផ្តួលរំលំរបបដឹកនាំនៅបណ្តាប្រទេសមួយចំនួន។ ជាមួយគ្នានេះ ពួកគេបានបន្តលាបពណ៌រាជរដ្ឋាភិបាល ក៏ដូចជាក្រសួង-ស្ថាប័នពាក់ព័ន្ធ ថាបំបិទសិទ្ធិសេរីភាពរបស់ពួកគេ និងមិនគិតពីផលប្រយោជន៍របស់កម្មករនិយោជិត ដើម្បីញុះញង់ឱ្យសាធារណមតិយល់ច្រឡំ លើរាជរដ្ឋាភិបាល បង្កើតកំហឹងប្រឆាំងរដ្ឋាភិបាល តែធាតុពិតគឺពួកគេបាននិងកំពុងប្រើប្រាស់ អតីតបុគ្គលិកក្រុមហ៊ុន NAGA WORLD ជាលេសនយោបាយសុទ្ធសាធ។ អ្នកចូលរួមបាតុកម្មខ្លះ ត្រូវបានបោកប្រាស់ដោយក្រុមជនខិលខូច និងមេដឹកនាំសហជីព ដែលអះអាងថា ការពារផលប្រយោជន៍របស់អតីតបុគ្គលិក ប៉ុន្តែបានគេងចំណេញពីការចូលរួមបាតុកម្មរបស់អតីតបុគ្គលិក ដើម្បីផលប្រយោជន៍ក្រុមបក្ខពួកខ្លួន និងបម្រើនយោបាយបរទេសទៅវិញ។ បើសិនជាពួកគេពិតជាមានឆន្ទៈការពារសិទ្ធិ និងផលប្រយោជន៍អតីតបុគ្គលិក NAGA WORLD ពិតប្រាកដ ពួកគេនឹងយកច្បាប់ប្រទេសមកដោះស្រាយ មិនមែនបន្តប្រមាថច្បាប់ និងទាមទារទាំងបំពាន រហូតដល់រៀបចំផែនការរុញបាតុកម្ម ឱ្យជល់នឹងកម្លាំងសមត្ថកិច្ច តាមរយៈវិធីសាស្ត្រសាច់កម្ម ឱ្យសមត្ថកិច្ចចាប់ខ្លួនបាតុករ ដើម្បីពួកគេងាយស្រួល នឹងអនុវត្តផែនការបន្តបន្ទាប់ទៀត របស់ចៅហ្វាយនាយរបស់ពួកគេ។ តាមប្រភពពីក្រុមមន្ត្រីសហជីពឯករាជ្យ បានបន្តឱ្យដឹងថា សកម្មជន និងសមាជិកសហជីព ដែលដឹកនាំបាតុកម្ម បានគម្រាមបាតុករផ្សេងទៀត មិនឱ្យទទួលយកដំណោះស្រាយដែលស្របតាមច្បាប់ មិនត្រឹមតែប៉ុណ្ណោះ ពួកគេក៏បានរៀបចំផែនការផ្សេងៗដើម្បីបន្តបាតុកម្មនេះ។ ទាំងអស់នេះច្បាស់ណាស់ថា ពួកគេមិនអាចធ្វើអ្វីបានដោយខ្លួនឯងឡើយ តែមានការជួយជ្រោមជ្រែងពីក្រៅប្រទេស។ ក្រុមមេដឹកនាំបាតុកម្ម ធ្លាប់បានទទួលការបណ្តុះបណ្តាលជំនាញច្បាស់លាស់ លើការធ្វើបាតុកម្ម និងអ្នកដែលបណ្តុះបណ្តាលនោះ គឺជាបណ្តាញបរទេស ដែលជាតួអង្គសំខាន់មួយដែលតែងតែធ្វើសកម្មភាពនៅតាមបណ្តាប្រទេសនានា ក្នុងការផ្តួលរំលំរបបដឹកនាំ ដែលពួកគេមិនពេញចិត្ត ឬមិនបានដើរតាមបន្ទាត់នយោបាយរបស់ពួកគេ។


2- ការធ្វើសកម្មភាពបំពានកិច្ចសន្យា និងចចេសរឹងរូសមិនទទួលយកការសម្របសម្រួលតាមផ្លូវច្បាប់ ៖

ក្រសួងការងារ និងអាជ្ញាធរមានសមត្ថកិច្ច បានខិតខំរិះរកគ្រប់លទ្ធភាព និងបានសម្របសម្រួលជាច្រើនលើកច្រើនសារ ដើម្បីដោះស្រាយបញ្ហាវិវាទការងារនៅក្រុមហ៊ុន NAGA WORLD ប៉ុន្តែក្រុមបាតុករ មិនមានឆន្ទៈដោះស្រាយបញ្ចប់បញ្ហានោះឡើយ។ ពួកគេបានបន្តចេញធ្វើបាតុកម្មទាំងបំពានច្បាប់ និងមិនគោរពតាមកិច្ចសន្យា ដែលបានអះអាងក្នុងការសុំឱ្យដោះលែងនៅក្រៅឃុំជាបណ្តោះអាសន្ន ដែលពួកគេទាំង11នាក់ បានស្នើសុំទៅសមត្ថកិច្ច។ តាមលិខិតសុំសិទ្ធិនៅក្រៅឃុំជាបណ្តោះអាសន្ន ពួកមេក្លោងបាតុកម្ម បានសន្យាថា រក្សាភាពស្ងប់ស្ងាត់ ដើម្បីបង្កឱកាសល្អក្នុងការចរចាជាមួយក្រុមហ៊ុន និងក្រសួង ឈានទៅស្វែងរកដំណោះស្រាយ និងការទូទាត់សំណងតាមផ្លូវច្បាប់។ ប៉ុន្តែពួកគេមិនបានគោរពតាមកិច្ចសន្យាទេ ដោយនៅតែបន្តដឹកនាំធ្វើបាតុកម្មខុសច្បាប់ដដែល បន្ទាប់ពីត្រូវបានដោះលែង។ ក្រុមបាតុករ នៅតែរក្សាការទាមទារ ដូចមុនការស្នើសុំនៅក្រៅឃុំដដែល ដែលជាការអនុវត្តផ្ទុយពីកិច្ចសន្យា ហើយអ្វីដែលគួរឱ្យសោកស្តាយ គឺពួកគេបែរជានៅតែទាមទារយកបុគ្គលិកចំនួន ជាង300នាក់ ឱ្យចូលធ្វើការវិញដដែល ជាមួយនឹងការបញ្ជាក់ថា បើក្រុមហ៊ុនមិនទទួលទេ ពួកគេមិនសុខចិត្តជាដាច់ខាត។ នេះជាការដើរត្រឡប់ថយក្រោយវិញ ដែលការទាមទារនេះ គឺខាងនិយោជក មិនសុខចិត្តទទួលយក បុគ្កលិកទាំងនោះជាដាច់ខាត។ ក្រសួងការងារបានបញ្ជាក់ថា តាមច្បាប់ការងារ សិទ្ធិរបស់ថៅកែក្រុមហ៊ុន គឺអាចបញ្ឈប់បុគ្គលិកបាន ឱ្យតែដោះស្រាយតាមគោលការណ៍កំណត់ដោយច្បាប់ ហើយបើបុគ្គលិកកម្មករ មិនសុខចិត្តនឹងការបញ្ឈប់ ឬបណ្តេញចេញនោះ ពួកគេអាចមានសិទ្ធិប្តឹងទៅតុលាការ។ ករណីថៅកែបញ្ឈប់ពីការងារហើយ គឺគ្មានទេការអនុញ្ញាតឱ្យចូលធ្វើការងារវិញ គឺមានតែយល់ព្រមទទួលយកសំណងតែប៉ុណ្ណោះ ហើយបន្ទាប់ពីបញ្ឈប់ពីការងារ ពួកគេក៏គ្មានសិទ្ធិយកអ្នកថ្មីមកប្តូរជំនួសបានដែរ។ កន្លងមកពួកបាតុករ បានព្យាយាមលាបពណ៌ដើម្បីបញ្ឆេះកំហឹងសាធារណៈ ដោយចោទប្រកាន់ថា អាជ្ញាធរលំអៀងទៅរកក្រុមហ៊ុន ហើយពួកគេបានបំផុសព័ត៌មានបំពុលថា ក្រុមហ៊ុននឹងបញ្ឈប់បុគ្គលិកជាង 600នាក់ទៀត ដែលនឹងនាំឱ្យមានភាពច្របូលច្របល់។ ក្រៅពីបន្តធ្វើបាតុកម្មដោយខុសច្បាប់ លើសពីនេះពួកបាតុករ បានប្រើពាក្យសំដីអសីលធម៌ ញុះញង់បង្កហេតុ និងថែមទាំងបង្កហិង្សាមកលើសមត្ថកិច្ចទៀតផង។

3- ការបង្កអសន្តិសុខ ធ្វើឱ្យខូចសណ្តាប់ធ្នាប់សាធារណៈ ៖

តាមការបញ្ជាក់ពីមន្ត្រីមានសមត្ថកិច្ច ការប្រមូលផ្តុំមនុស្សធ្វើបាតុកម្ម បំពានវិធានការរបស់អាជ្ញាធរ ព្រមទាំងផ្សព្វផ្សាយព័ត៌មានមិនពិត គឺជាទង្វើខុសច្បាប់ ហើយបាននឹងកំពុងបង្កផលប៉ះពាល់ដល់សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ក៏ដូចជាបំពាននូវវិធានការសុខាភិបាលស្តីពីការចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺ Covid-19។ រដ្ឋបាលសាលារាជធានីភ្នំពេញ ធ្លាប់បានជូនដំណឹងឱ្យក្រុមបាតុករ ទៅបញ្ចេញមតិនៅទីលានប្រជាធិបតេយ្យ ដើម្បីចៀសវាងការបង្កអសន្តិសុខ និងខូចសណ្តាប់ធ្នាប់សាធារណៈ។ ប៉ុន្តែក្រុមបាតុករ មិនត្រឹមតែមិនធ្វើតាមការណែនាំ ថែមទាំងជេរប្រមាថលើកងកម្លាំងមានសមត្ថកិច្ច ដែលចុះរៀបចំសណ្តាប់ធ្នាប់ និងផ្សព្វផ្សាយព័ត៌មានបំភ្លៃចោទប្រកាន់ថា សមត្ថកិច្ចបានប្រើអំពើហិង្សាលើក្រុមបាតុករ ដែលនាំទៅរកការយល់ច្រឡំពីសាធារណៈមតិ អំពីស្ថានការណ៍ពិតប្រាកដនៃបាតុកម្ម ព្រមទាំងអាចនាំទៅរកការចលាចលណាមួយ ជាពិសេសគឺគៀកនឹងពេលវេលា ដែលកម្ពុជាកំពុងខិតជិតការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ នៅខែដើមមិថុនា ឆ្នាំ2022 ខាងមុខនេះ។ ការដឹកនាំ ធ្វើបាតុកម្ម ដោយនិយាយថា ជាការធ្វើកូដកម្ម និងបានយកផ្លូវសាធារណៈ និងសួន ធ្វើជាចំណាប់ខ្មាំង គឺជាចេទនាបំភ័ន្តសាធារណមតិ។ ជាងនេះទៅទៀត ក្រុមអ្នកតវ៉ា បានចោទប្រកាន់ថា ក្រុមហ៊ុនលុបបំបាត់សហជីព ដែលនោះជាការចោទប្រកាន់ដោយគ្មានភស្តុតាងទាល់តែសោះ។ ជាការពិតការសម្តែងមតិ ឬការទាមទារសិទ្ធិណាមួយ ត្រូវស្ថិតនៅក្រោមច្បាប់ជាធរមាន មិនអាចចេះតែទាមទារស្រេចតែចិត្តនោះទេ។ ជាមួយគ្នានេះដែរ មេសហជីពមិនមានអភ័យឯកសិទ្ធិទេ ប៉ុន្តែបច្ចុប្បន្នពួកគេបាននឹងកំពុងធ្វើការតវ៉ា ដោយប្រើសិទ្ធិជាប្រធានសហជីពក្អេងក្អាង និងបំពានលើច្បាប់ការងារ។


4- ក្រសួង-ស្ថាប័ន ដែលពាក់ព័ន្ធ នៅតែរក្សាជំហរបន្តដោះស្រាយដោយសន្តិភាពវិធី ជាមួយក្រុមបាតុករ ៖

ក្រសួងការងារបានបញ្ជាក់ឱ្យដឹងថា កន្លងមក ក្រសួងបានខិតខំដោះស្រាយវិវាទនេះ ស្របតាមនីតិវីធីច្បាប់ ចាប់តាំងពីដំបូង រហូតដល់ពេលនេះ ដោយបានផ្សះផ្សាចំនួន៩លើករួចមកហើយ។ ក្រសួងបានបន្តនីតិវិធីនៃការចរចាសម្របសម្រួលដោយអញ្ជើញភាគីនិយោជិត និងភាគីនិយោជកមកប្រជុំដោះស្រាយបន្ត ប៉ុន្តែត្រូវបានភាគីនិយោជិតបដិសេដ។ ក្រសួងក៏បានអំពាវនាវដល់ថ្នាក់ដឹកនាំសហជីព និងអតីតបុគ្គលិក ឱ្យឈប់ធ្វើបាតុកម្ម ហើយងាកមករកការដោះស្រាយវិវាទរួមគ្នា ដោយបញ្ជូនរឿងនេះទៅតុលាការ។ ក្រសួងក៏បានសម្របសម្រួលជាមួយក្រុមហ៊ុន ក្នុងការគណនាប្រាក់សំណងស្របតាមច្បាប់ និងតាមសេចក្តីបង្គាប់របស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល ដើម្បីបន្ថែមអត្ថប្រយោជន៍ខ្លះទៀត ដល់កម្មករនិយោជិតដែលត្រូវបានបញ្ឈប់។ ជាលទ្ធផល គឺក្រុមហ៊ុនបានឯកភាព និងបានអនុវត្តការទូទាត់សំណងថ្មី និងផ្តើមទូទាត់ប្រាក់បំណាច់អតីតភាពការងារក្នុង ឆ្នាំ2021 ឡើងវិញ។ បើតាមក្រសួងការងារ គិតត្រឹមថ្ងៃទី15មីនា 2022 មានអតីតបុគ្គលិកចំនួន ជាង150នាក់ ក្នុងចំណោម ជាង300នាក់ បានយល់ព្រមទទួលយកសំណង។ នៅសល់ត្រឹម ជាង200នាក់ប៉ុណ្ណោះ ដែលបន្តចចេសរឹងរូស។ ជាក់ស្តែង ក្រសួង និងអាជ្ញាធរមានសមត្ថកិច្ច បានខិតខំដោះស្រាយវិវាទនេះ តាមនីតិវិធីច្បាប់ ដោយឈរលើស្មារតី អត់ធ្មត់ និងយោគយល់ខ្ពស់បំផុត។  ប៉ុន្តែគួរឱ្យសោកស្តាយ ដែលវឌ្ឍនភាពថ្មីៗនៃកិច្ចចរចា មិនត្រូវបានក្រុមបាតុករ ទទួលយកនោះឡើយ ព្រោះតែការញុះញង់ពីមេដឹកនាំសហជីពរបស់ពួកគេ។ 


គួរបញ្ជាក់ថា ការខិតខំប្រឹងប្រែងសម្របសម្រួលកន្លងមក គឺដើម្បីផ្តល់ឱកាសឱ្យក្រុមបាតុករធ្វើការពិចារណា និងភ្ញាក់រលឹក ព្រោះថាអ្វីដែលល្អសម្រាប់ក្រុមអតីតបុគ្គលិក NAGA WORLD នៅពេលនេះ គឺវិលទៅរកការចរចា ពិភាក្សាដោះស្រាយជម្លោះដោយសន្តិវិធី។ ពួកគេមិនគួរបន្តចាញ់បោកក្រុមសហជីពទៀតឡើយ។ ពួកមេក្លោងបាតុកម្ម គឺទទួលបានជំនួយសម្រាប់ចាយវាយពេញៗដៃ ប៉ុន្តែបងប្អូនអតីតបុគ្គលិកដែលកំពុងធ្វើបាតុកម្មតាមការរុញរបស់មេសហជីពវិញ គឺត្រូវជួបការលំបាក និងខាតបង់ទាំងពេលវេលា ដូច្នេះសូមទុកចិត្តលើស្ថាប័នមានសមត្ថកិច្ច ដើម្បីដោះស្រាយបញ្ហានេះ ហើយយកពេលវេលា និងថវិកា ទៅប្រកបមុខរបរចិញ្ចឹមជីវិតតទៅមុខទៀត៕


ពីអតីតអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី







លិខិតចំហជូនចំពោះបុគ្គលិកណាហ្គាវើល៖ «យើងត្រូវធ្វើការនៅកន្លែងណាដែលគេត្រូវការយើង!»

ក្រោយពីបានតាមដានបញ្ហាបងប្អូនកម្មករណាហ្គាវើលអស់ជា​ច្រើនខែមកនេះ ក្នុងនាមជា ជាងអគ្គិសនីម្នាក់ ខ្ញុំចង់ចូលរួមមតិយោបល់មួយចំនួនចំពោះបងប្អូន។ 

បច្ចុប្បន្ន ខ្ញុំមានអាយុជិ ៥០ឆ្នាំហើយ និងបានប្រឡូកក្នុងការងារជិត ៣០ឆ្នាំ។ ខ្ញុំធ្លាប់បានផ្លាស់ប្តូរការងារជាច្រើនកន្លែងតែមិនមែន ដោយការបណ្តេញចេញនោះទេ គឺដោយសារខ្ញុំមានទីផ្សារការងារ ច្រើនដែលត្រូវការខ្ញុំ។ ខ្ញុំពិតជាគ្មានអ្វីបន្ទោសបងប្អូនបុគ្គលិកណាហ្គាវើលទេ ហើយខ្ញុំគោរព សិទ្ធិទាមទាររបស់បងប្អូន។ 

ប៉ុន្តែ អ្វីដែលបានកើតមកជាច្រើនខែមកនេះ ខ្ញុំយល់ឃើញថា 

គឺជារឿងខាតពេលវេលា 

ខាតប្រយោជន៍ទាំងសងខាង ទាំងក្រុមហ៊ុន ទាំងបុគ្គលិក និងទាំងអាជ្ញាធរមានសមត្ថកិច្ច។ 

តាមការយល់ឃើញរបស់ខ្ញុំ គឺយើងត្រូវធ្វើការនៅកន្លែងដែលគេត្រូវការយើងនិងផ្តល់តម្លៃដល់ខ្លួនយើង។ យើងមិនត្រូវធ្វើការនៅកន្លែងដែលគេមិនត្រូវការយើងនោះទេ ហើយខ្ញុំនឹង

លាឈប់ភ្លាមប្រសិនបើកន្លែងធ្វើការមិនឲ្យតម្លៃខ្ញុំដោយមិន

ចាំបាច់ឲ្យគេបញ្ឈប់ឡើយ។ បងប្អូនអ្នកធ្វើការទាំងឡាយគួរ យល់ថា ធម្មតាយើងធ្វើការពឹងលើចំណេះជំនាញដែលយើងមានជាថ្នូរនឹងប្រាក់ខែដែល

ថៅកែឲ្យយើងតាមការ ព្រមព្រៀងគ្នា។ ចំណែកថៅកែជួលបុគ្គលិក កម្មករដើម្បីប្រើប្រាស់សមត្ថភាព ចំណេះជំនាញ របស់ពួកគេដើម្បីជាប្រយោជន៍ក្រុមហ៊ុន។ 

ពេលព្រមព្រៀងគ្នា ភាគីទាំងពីរត្រូវចុះកិច្ចសន្យាការងារជាមួយគ្នា។ ក្នុងកិច្ចសន្យា គ្មានប្រការណាចែងថា យើងមិនអាចឈប់ពីការងារនៅពេលដែលយើង

ចង់ឈប់នោះទេ។ ជាទូទៅ

គេគ្រាន់តែបញ្ជាក់ថា មុននឹងលាឈប់ត្រូវជូនដំណឹងមួយខែ, ២ខែ ឬ៣ខែមុន ឬខ្លីជាងនេះទៅតាមភាពចាំបាច់នៃមុខនាទីរបស់យើង។ 

ដូចគ្នានេះដែរ គ្មានប្រការណាដែលចែងថា ថៅកែត្រូវទទួល យកបុគ្គលិកឲ្យធ្វើការងារអស់មួយជីវិតដោយមិនអាចបញ្ឈប់ បាននោះដែរ។ អ្វីដែលច្បាប់ចែងគឺ ពេលបញ្ឈប់បុគ្គលិក ថៅកែត្រូវគិតគូរដោះស្រាយ

អត្ថប្រយោជន៍ជូនពួកគេ

តាមច្បាប់កំណត់។ នេះជាចំណុច សំខាន់ដែលត្រូវផ្តោតការយកចិត្តទុកដាក់។ 

ងាកមកនិយាយពីបុគ្គលិកណាហ្គាវើលវីញ! បើតាមអ្វីដែលខ្ញុំបានតាមដាន បញ្ហាចម្បងដែលជាឧបសគ្គដោះស្រាយមិនចេញគឺ បុគ្គលិកដែលថៅកែបញ្ឈប់ទាមទារឲ្យថៅកែយកទៅធ្វើការវិញ ប៉ុន្តែថៅកែមិនព្រមយកវិញឡើយ។ 

ត្រង់ចំណុចនេះ ខ្ញុំមិនដឹងបងប្អូនសហជីព និងកម្មករណាហ្គាវើល យល់យ៉ាងម៉េចទេ ប៉ុន្តែតាម

ធម្មតា ថៅកែជួលកម្មករបុគ្គលិក ដើម្បីធ្វើការឲ្យគេ ហើយថៅកែតែងពេញចិត្តហើយចង់រក្សាទុក បុគ្គលិកណាដែលល្អ ដែលពូកែ ដោយដំឡើងប្រាក់ខែឲ្យទៀត ផង។ ផ្ទុយទៅវិញ បុគ្គលិក កម្មករណាដែលថៅកែមិនពេញចិត្ត មុននិងក្រោយគេនឹងបញ្ឈប់ពីការងារហើយ។ ក្នុងករណីដែលក្រុមហ៊ុនជួបវិបត្តិដូចជាកូវីដ-១៩ ជាដើម ហើយដែលតម្រូវឲ្យ

ក្រុមហ៊ុនកាត់បន្ថយបុគ្គលិក និយោជកច្បាស់ជាបញ្ឈប់អ្នកដែលមិនសូវសំខាន់មុនគេហើយ។ ចំណែកឯអ្នកសំខាន់ៗគេព្យាយាមរក្សាទុកដល់ទីបំផុត។ 

ក្នុងន័យនេះ ខ្ញុំសូមផ្តល់មតិយោបល់ដល់បុគ្គលិក កម្មករ 

ទាំងអស់ថា យើងគួរតែខិតខំបង្កើនសមត្ថភាពការងារឲ្យបានកាន់តែល្អពីមួយថ្ងៃទៅមួយថ្ងៃដើម្បីធ្វើឲ្យខ្លួនយើងមានតម្លៃកាន់តែខ្លាំងនៅក្នុងក្រុមហ៊ុន

ទើបជាតម្លៃពិតប្រាកដ។ 

បើយើងអាចធ្វើដូច្នេះបាន 

ប្រាក់ខែយើងកាន់តែខ្ពស់ 

ហើយកន្លែងណាក៏ត្រូវការ 

យើងដែរ។ ដូច្នេះ យើងមិន

ចាំបាច់ទៅធ្វើបាតុកម្មទាមទារ

ឲ្យគេយកយើងទៅធ្វើការវិញ នោះទេ ពីព្រោះការងារច្រើនណាស់នៅរង់ចាំមនុស្សដែលមានសត្ថភាព ដោយមិនចាំបាច់ចំណាយពេលតវ៉ាឲ្យថៅកែដែលបញ្ឈប់យើងពីការងារហើយយកយើងទៅធ្វើការវិញ ទេ។ 

ម្យ៉ាងវីញទៀត ដូចបងប្អូនបបាន ដឹងស្រាប់ហើយថា វិបត្តិកូវីដ-១៩ ប៉ុន្មានឆ្នាំនេះបានធ្វើឲ្យមនុស្សរាប់រយលាននាក់បាត់បង់ការងារ នៅលើពិភពលោកដោយសារក្រុមហ៊ុនខាតបង់និងត្រូវកាត់ បន្ថយបុគ្គលិក។ តើបុគ្គលិក

ណាចង់បាត់បង់ការងារ ប៉ុន្តែក៏ គ្មាននរណាមានសិទ្ធិទាមទារ មិនឲ្យថៅកែបញ្ឈប់កិច្ចសន្យាការងារបានដែរ។ បើពិភពលោក ទាំងមូលធ្វើបាន កម្ពុជាក៏មិនខុសពីគេដែរ។ ក្នុងករណីនេះ ខ្ញុំចង់ឲ្យបងប្អូនងាកទៅគិតពីការគិតគូរ

ទូទាត់ប្រាក់សំណងតាមច្បាប់ការងារវិញទើបជាហេតុផលសមរម្យក្នុងការទាមទារ។ 

នៅលើលោកនេះ គ្មានថៅកែណាយកបុគ្គលិកដែលគេមិនពេញចិត្តទៅធ្វើការទេ។ ដូច្នេះ ដំណោះស្រាយគឺ បើគេមិន

ពេញចិត្ត យើងឈប់ធ្វើការហើយជជែករឿងផលប្រយោជន៍តាមច្បាប់កំណត់។ ការទាមទារឲ្យថៅកែយកយើងចូលធ្វើការវិញគឺមានន័យស្មើនឹងការទាមទារអ្វីដែលគេមិនឲ្យ។ លទ្ធផលគឺខាតពេលឥត

ប្រយោជន៍ និងធ្វើឲ្យមានបញ្ហា

រ៉ាំរ៉ៃក្នុងសង្គម។ 

សូមបងប្អូនបុគ្គលិក កម្មករ គ្រប់

ទីកន្លែង គិតគូរអំពីការពង្រឹង

សមត្ថភាពខ្លួនឲ្យបានរឹងមាំ 

ឲ្យពូកែដើម្បីឲ្យការងាររត់មករកយើង។ ការទៅអង្គុយទាមទារ រាប់ខែឲ្យថៅកែយកទៅធ្វើការវិញ ជាការទាមទារដែលមិនសមហេតុផលឡើយទាំង

សីលធម៌និងផ្លូវច្បាប់៕


ពីខ្ញុំ សាន គុនយ៉ាន  

ជាងអគ្គិសនី



វីដេអូមាន: ហេតុអ្វីអតីតបុគ្គលិក NAGAWORLD ១១នាក់ ត្រូវបានតុលាការសម្រេចដាក់ឱ្យនៅក្រៅឃុំជាបណ្តោះអាសន្ន?»