Friday, January 30, 2015

គណបក្សប្រជាជនកម្ពុជា បើកមហាសន្និបាត ក្រោមប្រធានបទ "ការកែទម្រង់ គឺជាអាយុជីវិតរបស់ជាតិ និងរបស់គណបក្សប្រជាជនកម្ពុជា"


នៅ​ព្រឹក​ថ្ងៃទី៣០​ ខែមករា​ ឆ្នាំ២០១៥​នេះ ​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​បើក​មហាសន្និបាត​វិសាមញ្ញ​ទូ​ទាំង​ប្រទេស​ រយៈពេល​ ៣ថ្ងៃ ​នៅ​មណ្ឌល​សន្និបាត​កោះពេជ្រ​ ដោយមាន​អ្នកចូល​រួម​ប្រមាណ ​១.៣០០នាក់ ​ក្រោម​អធិបតីភាព ​សម្តេច​ពញ្ញាចក្រី ​ហេង​ សំរិន​ ប្រធាន​កិត្តិយស​ និង​ សម្តេច​តេជោ ​ហ៊ុន​ សែន​ អនុប្រធាន​។ ​របៀបវារៈ​ នៃ​មហាសន្និបាត​រយៈពេល​៣ថ្ងៃនេះ ​នឹង​លើក​ឡើង​ពី​របាយការណ៍ ​ស្តីពីស្ថានការ​ទូទៅ​ឆ្នាំ២០១៣​-២០១៤​ ការបោះឆ្នោត​ អាណត្តិទី៥​ និង​ការ​លើក​ទិសដៅ ​និងផែនការ​បន្ត​ ២០១៣​-២០១៨​។
សម្តេច​ពញ្ញា​ចក្រី ​ហេង​ សំរិន​ បានឡើង​អាន​សន្ទរកថា ​បើក​មហាសន្និបាត​វិសាមញ្ញ​តំណាង​ទូទាំងប្រទេស ​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា ដោយបានបង្ហាញថា "​ជាការពិតណាស់ថា​ ចូលដល់​នីតិកាល​ទី៥ នៃ​រដ្ឋសភា ​គណបក្ស​ប្រជាជន​កម្ពុជា ​ត្រូវ​ឋិត​នៅក្នុង​បរិបទ​នយោបាយ​ថ្មី​មួយ ព្រោះថា ថ្វីបើ​គណបក្ស​យើង​នៅ​ទទួល​បានកា​រគាំទ្រ ​ពី​ប្រជាពលរដ្ឋ ដោយ​សំឡេង​ភាគច្រើន​ដាច់ខាត ​នៅ​ទូទាំងប្រទេស​ក៏ដោយ ក៏​យើង​ទទួលស្គាល់ថា គណបក្ស​យើង​បាន​ថយ​អាសនៈ​មួយចំនួន​នៅក្នុង​រដ្ឋសភា ទន្ទឹមនឹង​អាសនៈ​គណបក្ស ប្រឆាំងមានការ​កើនឡើង​។ ប្រការនេះ តម្រូវ​ឲ្យ​យើង​ត្រូវ​សិក្សា​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​អំពី​មូលហេតុ ដែល​នាំ​ឲ្យ​កើតមាន​ស្ថានភាព​ដូច្នេះ ទន្ទឹមនឹង​ការវាយតម្លៃ​ឲ្យ​បាន​ម៉ត់ចត់​ពី​ចំណុចខ្លាំង ចំណុចខ្សោយ និង​មេរៀន​ពិសោធន៍​ថ្មីៗ របស់​គណបក្ស សំដៅ​ជំរុញ​ការធ្វើកំណែទម្រង់​ឲ្យ​បាន​ខ្លាំងក្លា​ទាន់ពេលវេលា និង​មាន​ប្រសិទ្ធភាព​។ គណបក្ស​យើង ត្រូវតែ​ប្តូរផ្តាច់ ដើម្បី​ធ្វើ​ការងារ​នេះ ហើយ​ជាក់ស្តែង​យើង​បាន​ធ្វើជា​បន្តបន្ទាប់​រួចមក​ហើយ  ហើយក៏​ទទួលបាន​លទ្ធផល​ជា​វិជ្ជមាន​ផងដែរ​"​។​
សម្តេច​ពញ្ញា​ចក្រី ​ហេង ​សំរិន​ បានមាន​ប្រសាសន៍​បន្តថា​ ស្ថិត​នៅក្នុង​បរិយាកាស​នយោ​បាយ​នៃ​សភាព​ការណ៍​ថ្មី គណបក្ស​ប្រជាជន​កម្ពុជា គ្មានអ្វី​ក្រៅពី​ការប្តេជ្ញាចិត្ត​ឲ្យ​កាន់តែ​ប្រសើរឡើង​នូវ​ការដឹកនាំ​ របស់ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ ​សម​ស្របតាម​លក្ខណៈពិសេស​របស់​កម្ពុជា ដើម្បី​ឲ្យ​គណបក្ស​នៅតែ​ជា​តំណាង​ផលប្រយោជន៍​របស់​ជាតិ និង​ប្រជាជន​នៅ​គ្រប់​កាលៈទេសៈ​។ តាម​ស្មារតី​នេះ អង្គ​មហា​សន្និបាទ​លើក​នេះ មាន​ប្រធានបទ​សំខាន់​គឺ "​ការកែទម្រង់ ​គឺជា​អាយុជីវិត​របស់​ជាតិ និង​របស់​គណបក្ស​ប្រជាជន​កម្ពុជា​" ហើយ​ជាក់ស្តែង មហាសន្និបាត​នឹងធ្វើ​នូវ​កិច្ចការ​មួយចំនួន ដូចតទៅ​៖
១/ ឆ្លង និង​អនុម័ត​លើ​សេចក្តីព្រាង ​របាយ​ការណ៍ ​ស្តីពីសភាព​ការណ៍​ទូទៅ ឆ្នាំ ២០១៣ - ឆ្នាំ២០១៤ ​សភាពការណ៍​ជ្រើសតាំង ​តំណាងរាស្ត្រ​នីតិកាល​ទី៥ និង​ទិសដៅ​ភារកិច្ច​របស់​គណបក្ស​រយៈពេល​បន្ត
២/ ​ស្តាប់របាយ​ការណ៍​ ស្តីពី​ កំណែ​ទម្រង់​នៃការ​បោះឆ្នោត
៣/​ បោះឆ្នោត​បំពេញ​បន្ថែម​ សមាជិក​គណៈកម្មា​ធិការ​ កណ្តាល​មួយចំនួន​។
នៅក្នុង​មហា​សន្និបាតនេះ​ ក៏បាន​រំលេច​ឡើង​នូវការ​ធ្វើកំណែ​ទម្រង់​ដ៏ស៊ីជម្រៅ ​គឺការជំរុញ​ឲ្យ​សមាជិក​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ ពង្រឹង​ប្រសិទ្ធភាព​ការងារ​ជូនប្រជា​ពលរដ្ឋ ​ជាម្ចាស់ឆ្នោត​ ក្រោម​ទិស​ស្លោក ​«ឆ្លុះកញ្ចក់​ ងូតទឹក ​ដុសក្អែល​ និងព្យាបាល» ​ជាទិសស្លោក​មួយ ​ដែល ​សម្តេច​តេជោ ​ហ៊ុន ​សែន​ នាយក​រដ្ឋមន្រ្តី ​នៃព្រះរាជា​ណាចក្រ​កម្ពុជា និង​ ជាអនុប្រធាន ​គណបក្ស​ប្រជាជនកម្ពុជា​ បានប្រើក្នុង​ការដាស់​តឿន​ក្រើន​រំលឹក​ មន្រ្តីរាជ​រដ្ឋាភិបាល​កម្ពុជា​នាអា​ណត្តិថ្មី​នេះ​ផងដែរ។