Friday, January 21, 2022

សម្តេចតេជោ ហ៊ុន សែន ផ្ញើសារតាមប្រធានាធិបតីឥណ្ឌូនេស៊ី ដោយហៅរដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ីថា «ជាអ្នកការទូតព្រហើន មិនយល់ពីសិល្បៈការទូត»

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ាន បានបង្ហាញការប្រតិកម្មខ្លាំងៗចំពោះសម្តីរដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី ដោយហ៊ានវាយប្រហារចំពោះដំណើរទស្សនកិច្ចរបស់សម្តេចទៅកាន់ប្រទេសមីយ៉ាន់ម៉ា។ សម្តេចតេជោ ហ៊ុន សែន បានហៅលោក Saifuddin Abdullah រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី ជាអ្នកការទូតមិនយល់ពីសិល្បៈការទូត ហើយព្រហើនហ៊ានប្រើសម្តីវាយប្រហារលើប្រធានអាស៊ាន។


ប្រតិកម្មរបស់សម្តេចតេជោ ហ៊ុន សែន បានកើតមានឡើង បន្ទាប់ពីលោក Saifuddin Abdullah បានផ្តល់បទសម្ភាសន៍ជាមួយព័ត៌មាន Aljazeera ដោយបានវាយប្រហារទៅលើដំណើរទស្សនកិច្ចរបស់ម្តេចតេជោ ទៅកាន់ប្រទេសមីយ៉ាន់ម៉ា នាពេលកន្លងទៅនេះ។

ក្នុងជំនួបពិភាក្សាការងារតាមទូរស័ព្ទជាមួយលោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូនេស៊ី នាព្រឹកថ្ងៃសុក្រ ទី២១ ខែមករា ឆ្នាំ២០២២នេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានផ្ញើសារទៅរដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី ដោយស្នើរដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី បញ្ជូនសារប្រតិកម្មរបស់សម្តេចបន្តទៅរដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី។ នេះបើតាមលោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅក្រោយជំនួប។

លោក កៅ គឹមហួន បានគូសបញ្ជាក់ដូច្នេះ «សម្តេចតេជោនាយរកដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ថ្វីត្បិតរដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី ធ្លាប់ធ្វើការងារក្នុងក្របខណ្ឌគណបក្សប្រឆាំងនាពេលកន្លងទៅនេះក៏ដោយ ប៉ុន្តែគាត់មិនគួរណាក្នុងនាមជារដ្ឋមន្ត្រីការបរទេស និងជាអ្នកការទូតមួយរូប បែរជាប្រើពាក្យសំដីព្រហើនជាមួយប្រធានអាស៊ាន ក៏ដូចជាប្រមុខរដ្ឋាភិបាលអាស៊ាន ដែលពុំមានប្រើប្រាស់ភាសាការទូតសោះឡើយ»។

លោក កៅ គឹមហួន បានដកស្រង់ប្រសាសន៍សម្តេចតេជោ ដែលបានជជែកជាមួយប្រធានាធិបតីឥណ្ឌូនេស៊ី មកបញ្ជាក់ទៀតថា «ទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ទៅប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃទី៧-៨ ខែមករា កន្លងទៅនេះ គឺដើម្បីដាំដើមឈើ មិនមែនទៅកាប់ឈើទេ។ ហើយការដាំដើមឈើនេះ មិនមែនដាំមួយថ្ងៃហើយរំពឹងថាបានផ្លែផ្កាភ្លាមនេះទេ ព្រោះទាមទារពេលវេលា ដំណោះស្រាយនយោបាយដែលមានលក្ខណៈយូរអង្វែង គឺទាមទារពេលវេលា និងធ្វើការឱ្យបានគ្រប់ជ្រុងជ្រោយ»។

បើតាមលោក កៅ គឹមហួន ក្នុងជំនួបនេះ សម្តេចតេជោ បានប្រាប់ប្រធានាធិបតីឥណ្ឌូនេស៊ីថា រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី មិនយល់ពីសិល្បៈនៃការទូតនោះឡើយ៕





សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសវៀតណាម


នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយនឹងឯកឧត្តម ប៊ូយ ថាញ់សឺន (Bùi Thanh Sơn) រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលជំនួបនេះ ត្រូវបានធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ។ 



នៅក្នុងជំនួបនោះសម្តេចតេជោនាយករដ្ឋមន្ត្រី ពិតជារីករាយដែលបន្តឃើញវឌ្ឍនភាព និងការរីកចម្រើននៃទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា-វៀតណាម។ ឯកឧត្តមប៊ូយ ថាញ់សឺន (Bùi Thanh Sơn) ក៏បានពាំនាំនូវការផ្តាំសួរសុខទុក្ខពីប្រមុខដឹកនាំរបស់ប្រទេសវៀតណាម ជូនចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រីផងដែរ។ ឯកឧត្តមបានកោតសរសើរ និងស្ញប់ស្ញែងចំពោះការប្រែប្រួលក៏ដូចជាការអភិវឌ្ឍក្នុងរយៈពេលខ្លី និងការរីកចម្រើននៅប្រទេសកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលមានការរីកចម្រើនស្ទើរលើគ្រប់វិស័យ។ ឯកឧត្តមបន្តថា បច្ចុប្បន្នកម្ពុជានៅតែបន្តរីកលូតលាស់ទៅមុខ ជាពិសេសការពង្រឹងតួនាទីរបស់ខ្លួន និងកិត្តិនាមរបស់កម្ពុជានៅក្នុងតំបន់ក៏ដូចជាអន្តរជាតិផងដែរ។ ឯកឧត្តមបានមានប្រសាសន៍ថា ឯកឧត្តមបានមើលឃើញពីការរីកចម្រើនរបស់កម្ពុជា។ 

ឯកឧត្តមក៏បានជូនពរចំពោះការបោះឆ្នោតនៅកម្ពុជានៅពេលខាងមុខ ជាពិសេសការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នៅខែមិថុនា ឆ្នាំ២០២២ខាងមុខ។ ឯកឧត្តមមានប្រសាសន៍ថា វៀតណាមគាំទ្រចំពោះកម្ពុជាដែលធ្វើប្រធានអាស៊ាននៅឆ្នាំ២០២២នេះ ។ ឯកឧត្តមបានមានប្រសាសន៍ថា ទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរនៅមានទំនាក់ទងល្អប្រសើរជាពិសេសតាមរយៈការទស្សនកិច្ចនៃការដឹកនាំកំពូលនៃប្រទេសទាំងពីរនាពេលកន្លងមក ដែលបានធ្វើឲ្យចំណងមិត្តភាពរវាងកម្ពុជា និងវៀតណាមកាន់តែមានភាពល្អប្រសើរឡើង។ ឯកឧត្តមបានមានប្រសាសន៍បន្ថែមទៀតថាឆ្នាំនេះជាខួបលើកទី៥៥នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ បច្ចុប្បន្ន កំណើនពាណិជ្ជកម្មប្រទេសទាំងពីរមានកើនឡើងយ៉ាងខ្ពស់រហូតដល់ដប់ជិត១០ពាន់លាន បើប្រៀបធៀបទៅឆ្នាំមុន។ ដូច្នេះឯកឧត្តមសង្ឃឹមថា វៀតណាម-កម្ពុជា នឹងបន្តពង្រឹងនៃការតភ្ជាប់សេដ្ឋកិច្ច និងបន្តធ្វើការជាមួយគ្នា ធ្វើយ៉ាងណាឱ្យឆ្នាំនេះ កំណើនសេដ្ឋកិច្ចមានការឡើងជាបន្តទៀត ជាពិសេសការជំរុញកិច្ចសហការលើគ្រប់វិស័យ ដូចជា វិស័យកសិកម្ម  វិស័យឧស្សាហកម្ម និងវិស័យផ្សេងផ្សេងទៀត។ 

ឯកឧត្តមបានថ្លែងអំណរគុណសម្តេចតេជោក្នុងការជំរុញឲ្យបើកឡើងវិញនៃជើងយន្តហោះ ដោយផ្ទាល់រវាងកម្ពុជា និងវៀតណាមដែលបានដំណើរការទៅថ្មីៗនេះធ្វើឲ្យការធ្វើដំណើរកាន់តែងាយស្រួលជាងមុន ជាពិសេសទៀតនោះការជំរុញឲ្យមានការទទួលស្គាល់នៃលិខិតឆ្លងដែលហៅថាប៉ាស្ព័រវ៉ាក់សាំងនោះ។ ឯកឧត្តមក៏បានរាយការណ៍ជូនសម្តេចតេជោនាយករដ្ឋមន្ត្រីផងដែរថា កាលពីពេលកន្លងទៅនេះ ឯកឧត្តមបានជួបពិភាក្សាការងារទៅក្នុងកិច្ចប្រជុំគណៈកម្មការចម្រុះ លើកទី១៩ មានការចូលរួមពីឯកឧត្តមរដ្ឋមន្ត្រីការបរទេសកម្ពុជា ឯកឧត្តម ប្រាក់ សុខុន ដែលលទ្ធផលនៃកិច្ចប្រជុំនោះគឺទទួលបាននូវភាពជោគជ័យ។ ក្រៅពីកិច្ចការទ្វេភាគី ក៏មានការផ្លាស់ប្តូរមតិជុំវិញបញ្ហាតំបន់ និងអន្តរជាតិផងដែរ លើសពីនេះទៀតឧត្តមក៏បានមានប្រសាសន៍ពាក់ព័ន្ធនឹងការងារអាស៊ាន ក៏ដូចជាវៀតណាមផងដែរ ហើយគាត់ក៏បានគូសបញ្ជាក់ថា ប្រទេសវៀតណាម នឹងធ្វើអ្វីតាមដែលខ្លួនអាចធ្វើទៅបាន

ដើម្បីគាំទ្រឲ្យកិច្ចប្រជុំកំពូលអាស៊ានដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះទទួលបានភាពជោគជ័យ។ឯកឧត្តម ក៏បានអរគុណសម្តេចតេជោមន្ត្រី ដែលបន្តការគាំទ្រទៅដល់ពាណិជ្ជកររបស់វៀតណាមដែលធ្វើធុរកិច្ចនៃប្រទេសកម្ពុជាផងដែរ។ ឯកឧត្តមបានគូសបញ្ជាក់ផងដែរថា កម្ពុជា និងវៀតណាមនឹងបន្តជំរុញកិច្ចសហការជាពិសេសព្រំដែនរវាងប្រទេសទាំងពីរឲ្យក្លាយជាព្រំដែននៃសន្តិភាព។ ទាក់ទងទៅនឹងដំណើរបំពេញទស្សនកិច្ចទៅកាន់ប្រទេសមីយ៉ាន់ម៉ានាពេលកន្លងទៅនេះ ឯកឧត្តមប៊ូយ ថាញ់សឺន (Bùi Thanh Sơn) បានអបអរសាទរចំពោះដំណើរបំពេញទស្សនកិច្ចរបស់សម្តេចតេជោទៅកាន់ប្រទេសមីយ៉ាន់ម៉ា ឯកឧត្តមចាត់ទុកថាទស្សនកិច្ចនេះ គឺមានសារៈសំខាន់សម្រាប់ការងារអាស៊ាន ហើយឯកឧត្តមមានការគាំទ្រចំពោះសកម្មភាពដែលសម្ដេចតេជោបានចូលរួមចំណែកជួយដល់មីយ៉ាន់ម៉ានោះ។ 

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា អ្វីដែលប្រជាជននៃប្រទេសទាំងពីរបានទទួលផលពីគ្នាទៅវិញទៅមក គឺយើងមានព្រំដែនប្រកបដោយសុខសន្តិភាព។ សម្ដេចតេជោបានមានប្រសាសន៍ពីការងារចាក់វ៉ាក់សាំងនៅក្នុងប្រទេសកម្ពុជាក៏ដូចជានៅក្នុងតំបន់អាស៊ានផងដែរ ដែលសកម្មភាពនេះជាឱកាសដែលយើងអាចបើកប្រទេសឡើងវិញ ក៏ដូចជាបើវិស័យទេសចរណ៍ឡើងវិញផងដែរ។ សម្ដេចតេជោមានជំនឿថា ទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរ នឹងបន្តកើនឡើងបន្ថែមទៀត លើសពី ១០ពាន់លានទៅទៀត។ សម្ដេចតេជោបានមានប្រសាសន៍ថាការបើកសាលារៀនឡើងវិញនេះ ឃើញថាសិស្សជាច្រើនបានត្រឡប់ចូលរៀនវិញហើយ ប៉ុន្តែយើងមិនមានករណីឆ្លងច្រើនដែលគួរឲ្យកត់សម្គាល់នោះទេ ។ ពាក់ព័ន្ធទៅនឹងកិច្ចសហប្រតិបត្តិការទ្វេភាគីសម្តេចតេជោ បានគូសបញ្ជាក់ថាយើងត្រូវតែ ខិតខំបន្តជំរុញ លើការវិនិយោគពាណិជ្ជកម្មទេសចរណ៍ ដើម្បីឲ្យសេដ្ឋកិច្ចមានការតភ្ជាប់គ្នា។ សម្ដេចតេជោក៏បានមានប្រសាសន៍ពីគម្រោងនៃការតភ្ជាប់ ផ្លូវដែកកម្ពុជា និងវៀតណាមដោយសម្ដេចចង់ឃើញជំរុញការតភ្ជាប់ផ្លូវដែកនេះ ដែលនឹងអាចជួយសម្រួលដល់ ការតភ្ជាប់សេដ្ឋកិច្ចរវាងប្រទេសទាំងពីរផងដែរ។ ពាក់ព័ន្ធទៅនឹងរឿងអាស៊ានសម្ដេចតេជោបានមានប្រសាសន៍ថា អាស៊ានមានការងារធ្វើជាច្រើនមិនមែនមានតែរឿងមីយ៉ាន់ម៉ានោះទេ។ អាស៊ានមិនមែនជាចំណាប់ខ្មាំងនៃមីយ៉ាន់ម៉ាឡើយ តែយើងនៅតែបន្តខិតខំជួយដល់មីយ៉ាន់ម៉ា តែការងារដែលអាស៊ានត្រូវធ្វើគឺមានជាច្រើនទៀត ។ 

ទាក់ទងទៅនឹងការជំរុញ COC សម្ដេចតេជោបានបញ្ជាក់ថា នៅក្នុងជំនួបជាមួយនឹងឯកឧត្តមអគ្គលេខាធិការអាស៊ាន ឯកឧត្តមអគ្គលេខាធិការអាស៊ានបានផ្ដល់ មន្ទីអគ្គលេខាធិការដ្ឋានអាស៊ានក្នុងការចចារ និងការប្រជុំសម្រាប់ការងារ COC ហើយកន្លងមកសម្ដេចក៏ធ្លាប់បានផ្ដល់នូវសណ្ឋាគារហាយ៉ាត់រីជិនស៊ីភ្នំពេញ សម្រាប់ជាកន្លែងចរចាផងដែរ ក្នុងការជំរុញការងារនេះ។ ជាចុងក្រោយ សម្ដេចតេជោ ក៏បានជូនពរឲ្យឯកឧត្តមរដ្ឋមន្ត្រីការបរទេសវៀតណាម ទទួលបាននៅសុខភាពល្អ និងជោគជ័យជាបន្តបន្ទាប់ទៀត៕









មនុស្សជំនិតរបស់ កឹម សុខា ប្រកាសប្រាប់មហាជនថា សម រង្ស៉ី កំពុងចងអាឃាត!

យោងតាមទំព័រហ្វេសប៊ុករបស់លោក មុត ចន្ថា ដែលបានបង្ហោះនៅថ្ងៃទី ២១ ខែ មករា ឆ្នាំ២០២២ បានប្រកាសប្រាប់ដល់មហាជនឱ្យបានដឹងថា សម រង្ស៊ី កំពុងតែចងអាឃាតជាមួយ កឹម សុខា។ លោក មុត ចន្ថា បានរៀបរាប់តាមរយៈបណ្តាញសង្គមហ្វេសប៊ុកយ៉ាងដូច្នេះថា៖

ជាថ្មីម្តងទៀត សម រង្ស៉ី បន្ពព្យាយាមអនុវត្តនយោបាយទុច្ចរិតរបស់ខ្លួនមកលើ កឹម សុខា តាមរយៈ ការប្រឌិតសាច់រឿង និងការចោទមួលបង្កាច់។ ម្តង សម រង្ស៉ី ប្រកាសសុំចូលខ្លួន ឱ្យតុលាការកាត់ទោស ជំនួស ម្តងថា ការរំលាយគណបក្សសង្រ្គោះជាតិ បណ្តាលមកពីការចាប់ខ្លួន កឹម សុខា។ បន្ទាប់ពីត្រូវបាន បកស្បែកមុខ ចំពោះអំពើទុច្ចរិតដូចខាងលើរួច សម រង្ស៉ី បន្តបង្កើតរឿងប្រឌិត នូវអ្វីដែលគាត់អះអាងថា ជាសេណារីយោ នៃសវនាការ នាថ្ងៃទី១៩ ខែមករា។ 

សម រង្ស៉ី បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុក នៅរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ ដោយបានប្រឌិតថា «នៅពេលចាប់ផ្តើមការកាត់ទោស តុលាការ នឹងស្នើឲ្យ កឹម សុខា សារភាពទង្វើឧក្រិដ្ឋ" របស់លោក គឺការប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាល តាមរយៈបដិវត្តន៍ពណ៌ ដោយមានការគាំទ្រពីសហរដ្ឋអាមេរិក ជាថ្នូរ នៃការសារភាពនេះ កឹម សុខា នឹងត្រូវបានព្រះមហាក្សត្រលើកលែងទោស ដែលជាការចៀសវាង មិនឲ្យលោកជាប់ពន្ធនាគារ ហើយធ្វើឲ្យលោកទទួលបានឡើងវិញ នូវសិទ្ធិនយោបាយរបស់លោក។ 

ក្នុងសេណារីយ៉ូនេះ កឹម សុខា នឹងអាចប្រើប្រាស់សិទ្ធិនេះ ដើម្បីដឹកនាំគណបក្សនយោបាយណាមួយ ក្នុងគោលបំណងចូលប្រកួតប្រជែង ក្នុងការបោះឆ្នោតថ្នាក់ឃុំ ក្នុងខែមិថុនា ២០២២ និងការបោះឆ្នោតថ្នាក់ជាតិក្នុងខែកក្កដា ២០២៣»។ 

យើងចាត់ទុកថាអ្វីដែល សម រង្ស៉ី បានលើកឡើងខាងលើនេះ គឺជាការប្រឌិតសុទ្ធសាធដែលបង្កប់ដោយចេតនាទុច្ចរិតបង្ខូច និងមួលបង្កាច់ កឹម សុខា ជាពិសេស ដើម្បីបង្កើតឱ្យមានការភ័ន្តច្រឡំ អុចអាល ញុះញង់ និងបញ្ឆេះឱ្យមានកំហឹង។ កន្លងមក សម រង្ស៉ី បានប្រព្រឹត្តអំពើទុច្ចរិតមកលើ កឹម សុខា ជាបន្តបន្ទាប់ ដូចជាៈ ១) យកសិរីភាពរបស់ កឹម សុខា ដើម្បីធ្វើជាល្បែងភ្នាល់, ២) បង្កើតពាក្យស្លោកដោយអត្តនោម័តិៈ «សម រង្ស៉ី - កឹម សុខា ជាមនុស្សតែមួយ» និង ៣) ប៉ុនប៉ងភ្ជាប់ កឹម សុខា ជាមួយអំពើខុសច្បាប់របស់ខ្លួន(សមរង្ស៉ី)ជាដើម។

ក្រុមមេធាវីការពារក្តីរបស់ កឹម សុខា បានចេញសេចក្តីថ្លែងការណ៍បដិសេធជាបន្តបន្ទាប់ ដោយបញ្ជាក់យ៉ាងច្បាស់ថា « កឹម សុខា មិនដែលបានចូលរួម និងមិនដែលបានគាំទ្រ អំពើ និងសកម្មភាពខុសច្បាប់របស់ សម រង្ស៉ី និងគូកន ហើយថែមទាំងបានទាមទារឱ្យ សម រង្ស៉ី និងក្រុមរបស់គាត់បញ្ឈប់ប្រើប្រាស់ឈ្មោះ និងរូបថតរបស់ កឹម សុខា»។ ប៉ុន្តែទាំង សម រង្ស៉ី និងទាំងគូកននៅតែមុខរឹង និងចចេសដោយបំពារបំពាន មិនចេះអៀនខ្មាស់ និងបាត់បង់នូវសេចក្តីថ្លៃថ្នូរជាមនុស្សមានមនសិការ។ 

នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ កឹម សុខា បានសេចក្តីថ្លែងការណ៍ជាសាធារណៈដែលត្រូវបានបង្ហោះនៅលើទំព័រហ្វេសប៊ុកផ្លូវការណ៍របស់លោក។ ខ្លឹមសារនៃសេចក្តីថ្លែងការណ៍នេះបានសរសេរថាៈ

«ខ្ញុំសង្កេតឃើញថា រហូតមកដល់ពេលនេះ លោក សម រង្ស៊ី និង សហការីនៅតែបន្តយកឈ្មោះ និងរូបថតខ្ញុំទៅប្រើប្រាស់ភ្ជាប់ជាមួយនឹងសកម្មភាពនានា ដែលពុំមានការអនុញ្ញតិ ឬ គាំទ្រពីខ្ញុំ។ លើសពីនេះទៅទៀត ជាក់ស្តែង សម រង្ស៊ី និង សហការីបានដើរចេញពីគោលការណ៍ និង ស្មារតីដើមនៃការរួបរួម ដោយទៅបង្កើតចលនានយោបាយផ្សេងៗ និងមុខតំណែងខ្លួនឯង ជាពិសេសថ្មីៗនេះគឺការត្រលប់ទៅគាំទ្រដោយចំហរ ឬ នៅពីក្រោយការដឹកនាំគណបក្សនយោបាយចាស់របស់ពួកគេ គឺគណបក្សភ្លើងទៀន។ ទង្វើរបស់ពួកគេសបញ្ជាក់ឲ្យឃើញថា សម រង្ស៊ី និង កឹម សុខា មិនមែនជាមនុស្សតែមួយទេ ព្រោះសកម្មភាពទាំងអស់នេះ មិនមានការគាំទ្រ ឬ ជាជំហររបស់ខ្ញុំឡើយ។

អាស្រ័យហេតុនេះ ខ្ញុំសូមអំពាវនាវឲ្យ សម រង្ស៊ី និង ក្រុមខាងលើ ឈប់បំពានមកលើរូបខ្ញុំដោយការយកឈ្មោះនិងរូបថតខ្ញុំ ទៅប្រើប្រាសភ្ជាប់ជាមួយសកម្មភាពមហិច្ឆិតានយោបាយរបស់ខ្លួន ដែលធ្វើឲ្យសាធារណមតិជាតិ និង អន្តរជាតិមានការភ័ន្តច្រឡំ។ ខ្ញុំសូមបញ្ជាក់ផងដែរថា ខ្ញុំមិនពាក់ព័ន្ធ និង មិនទទួលខុសត្រូវចំពោះសកម្មភាពរបស់លោក សម រង្ស៊ី និង ក្រុមនោះឡើយ»។

បន្ទាប់ពី កឹម សុខា បានចេញសេចក្តីថ្លែងការណ៍នេះរួច សម រង្ស៉ី បានប្រើឧបាយកលពុតត្បុតធ្វើជាច្រានចោលដោយសន្និដ្ឋានប្រឌិតថាសេចក្តីថ្លែងការណ៍ខាងលើ គឺជាលទ្ធផលនៃអំពើគំរាមកំហែង។ ដើម្បីបិទបញ្ចប់នៃឧបាយកលពុតត្បុតប្រឌិតរបស់ សម រង្ស៉ី, នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ កឹម សុខា បានចេញសេចក្តីបំភ្លឺជាសាធារណៈជាការឆ្លើយតបដោយលោកបញ្ជាក់ថា៖«ខ្ញុំធ្វើអ្វីដែលខ្ញុំអាចធ្វើបានទៅតាមលទ្ធភាពកាលៈទេសៈ និងដោយឆន្ទៈពិតរបស់ខ្ញុំ មិនធ្វើតាមអ្នកណាគំរាមបង្ខំខ្ញុំឡើយ ជាពិសេសអ្វីដែលខ្ញុំផ្សព្វផ្សាយក្នុងផេកផ្លូវការរបស់ខ្ញុំ»។

យើងយល់ថា សម រង្ស៉ី កំពុងមានចេតនាចងអាឃាតនឹង កឹម សុខា ដូចដែលគាត់ធ្លាប់មានជាមួយនឹង សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ហើយក៏ដូចឪពុករបស់គាត់ សម សារី មានអាឃាតនឹង ព្រះករុណា សម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដូច្នេះដែរ។ យើងដឹងយ៉ាងប្រាកដថា កឹម សុខា មិនដែលបានពឹងពាក់ ឬមិនដែលបានចាត់តាំងឱ្យ សម រង្ស៉ី ធ្វើជាអ្នកនាំពាក្យឱ្យលោកនោះទេ ចុះហេតុអ្វីបានជាគាត់ (សម រង្ស៉ី) ចេញមុខមកធ្វើការរបកស្រាយក្រឡៃ ប្រឌិត បំភ្លៃ និងបំភ័ន្តអង្គហេតុពិតនៃសវនាការ។ សម រង្ស៉ី គួរប្រកាសផ្លាស់ប្តូរមុខរបរ ឬឋានៈរបស់គាត់ពីអ្នកនយោបាយទៅជាអ្នកវិភាគតាមអារម្មណ៍ និងទំនើងចិត្តវិញទើបស័ក្តិសមជាង៕




លោក ម៉ែន វិបុល អនុញ្ញាតឲ្យលោកស្រីនាយិកា USAID ប្រចាំកម្ពុជាចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ

ស្វាយរៀង៖នៅព្រឹកថ្ងៃទី២០  ខែមករា  ឆ្នាំ២០២១   លោក ម៉ែន  វិបុល  អភិបាលខេត្តស្វាយរៀង  បានអនុញ្ញាតឲ្យលោកស្រី ណែនស៊ី ជែ អ៊ីសលិក (Nancy J. Eslick) នាយិកាបេសកកម្មនៃទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍអន្តរជាតិ (USAID) ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួសម និងពិភាក្សាការងារអំពីការគាំទ្រដល់គម្រោងអភិវឌ្ឍនានា នៅក្នុងខេត្តស្វាយរៀង។ 


អញ្ជើញចូលរួមក្នុងជំនួបនេះ រួមមាន លោកនាយករដ្ឋបាលសាលាខេត្ត មន្ត្រីគ្រប់គ្រងគម្រោង នៃទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍអន្តរជាតិ លោកប្រធានមន្ទីរកសិកម្ម  រុក្ខា ប្រម៉ាញ់  និង នេសាទ  លោកប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត លោកប្រធានមន្ទីរអប់រំយុវជន និង កីឡា និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។


មានប្រសាសន៍ក្នុងឱកាសនោះ លោកអភិបាលខេត្ត បានចូលរួមសម្ដែងនូវការអបអរសាទរចំពោះលោកស្រី ណែនស៊ី ជែ អ៊ីសលិក ដែលត្រូវបានចាត់តាំងឲ្យមកបំពេញការងារជានាយិកាបេសកកម្មនៃទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីការអភិវឌ្ឍអន្តរជាតិ(USAID) ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងអរគុណដែលលោកស្រី មានការចាប់អារម្មណ៍អញ្ជើញមកទស្សនកិច្ចការងារនៅក្នុងខេត្តស្វាយរៀងនាពេលនេះ ព្រមទាំងបានជម្រាបជូនខ្លះៗអំពីស្ថានភាពភូមិសាស្ត្រ ការអភិវឌ្ឍខេត្ត ការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក៏ដូចជាការងារធានានូវប្រក្រតីភាពជីវភាពសង្គមនៅក្នុងបរិបទកូវីដជាដើម។ 


លោកអភិបាលខេត្ត បានថ្លែងនូវការអរគុណចំពោះ USAID ដែលកន្លងមកបានចូលរួមជួយគាំទ្រលើការអនុវត្តគម្រោងលើកកម្ពស់អនាម័យជនបទ ដែលជាផ្នែកមួយរួមចំណែកជាមួយសមាសភាពពាក់ព័ន្ធផ្សេងទៀត ធ្វើឲ្យខេត្តស្វាយរៀងសម្រេចបានជាខេត្តទី១ គំរូ ក្នុងប្រទេសកម្ពុជាក្នុងការសម្រេចបានបញ្ឈប់បន្ទោបង់ពាសវាលពាសកាល។ ក្នុងនាមអាជ្ញាធរខេត្ត លោកក៏បានបង្ហាញនូវការគាំទ្រចំពោះគម្រោងប្រតិបត្តិដែល USAID គ្រោងអនុវត្តនៅក្នុងខេត្តស្វាយរៀងនាពេលខាងមុខលើការងារសុខភាពនិងអនាម័យជនបទ ការងារអប់រំ ការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ជាដើម ដែលសុទ្ធសឹងជាការងារគាំទ្រដល់ការលើកម្ពស់គុណភាពជីវិត និងការរស់នៅរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ហើយឯកឧត្ដមបានស្នើបន្ថែមដល់ USAID ពិនិត្យលទ្ធភាពជួយគាំទ្រលើការងារសុខាភិបាល និងការងារអភិវឌ្ឍន៍សមត្ថភាពដល់មន្ត្រីរាជការនៅថ្នាក់ក្រុង ស្រុក ក៏ជាថ្នាក់ឃុំ សង្កាត់ ដែលជាតម្រូវការដ៏សំខាន់ក្នុងការចូលរួមអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅថ្នាក់ក្រោមជាតិឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ៕








លោក ជាវ តាយ បើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ដូសជំរុញ (ទី៤) ជូនមន្ត្រីរាជការជួរមុខ ចំនួន៣០មន្ទីរ អង្គភាព ក្នុងខេត្តពោធិ៍សាត់

ពោធិ៍សាត់ ៖ លោក ជាវ តាយ អភិបាលខេត្ត និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្របខណ្ឌទូទាំងខេត្តពោធិ៍សាត់ នាថ្ងៃទី២០ ខែមករា ឆ្នាំ២០២២នេះ បានបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ដូសជំរុញ (ទី៤) ប្រភេទ MODERNA ជូនមន្ត្រីរាជការជួរមុខ ចំនួន ១,៤៩៦នាក់ ស្មើនឹង ៣០មន្ទីរ អង្គភាព ក្នុងខេត្តពោធិ៍សាត់។


ថ្លែងក្នុងឱកាសនោះ ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្របខ័ណ្ឌទូទាំងខេត្តពោធិ៍សាត់ បានឲ្យដឹងថា ការចាក់វ៉ាក់សាំងដូសជំរុញ (ទី៤)នេះ គឺជាចំណុចសំខាន់ និងជាការបន្ស៉ាំខ្លួន ដើម្បីការពារខ្លួនពីជំងឺកូវីដ១៩ បំប្លែងថ្មី ប្រភេទថ្មីអូមីក្រុង ដែលកំពុងឆ្លងរាលដាលសព្វថ្ងៃ។ រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន បានគិតគូរខ្ពស់អំពីសុខទុក្ខ ថ្នាក់ដឹកនាំ មន្ត្រីរាជការជួរមុខ ដែលបម្រើការងារជូនដល់ប្រជាពលរដ្ឋ ពិសេសកងកម្លាំងប្រដាប់អាវុធ ក្រុមគ្រូពេទ្យ និងមន្ត្រីសាធារណៈ ធ្វើយ៉ាងណាឱ្យយុទ្ធនាការចាក់វ៉ាក់សាំងទូទាំងប្រទេស ឱ្យបានលឿន និងឆាប់រហ័សបំផុត។


ក្នុងនោះ លោកក៏បានអំពាវនាវដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ទាំងអស់ ត្រូវនាំគ្នាមកទទួលវ៉ាក់សាំងដូសជម្រុញ (ទី៣ និងទី៤) ឱ្យបានគ្រប់ៗគ្នា ស្របតាមការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដែលបានស្វែងរកវ៉ាក់សាំង មកចាក់ជូនទូទាំងប្រទេសនាពេលនេះ។


សូមបញ្ជាក់ថា តាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តពោធិ៍សាត់ មន្ត្រីជួរមុខ ដែលត្រូវមកទទួលវ៉ាក់សាំងដូសជំរុញ (ទី៤) នាថ្ងៃទី២០ ខែមករា ឆ្នាំ២០២២នេះ មានចំនួន១,៤៩៦នាក់ ស្មើនឹង៣០មន្ទីរ អង្គភាព។ ការជំរុញឱ្យមានការចាក់ជូនមន្ត្រីជួរមុខនេះឡើង គឺដើម្បីបង្ការការឆ្លងរាលដាល ក៏ដូចជាការវិវត្តទៅរកភាពធ្ងន់ធ្ងរ ក្រោយការឆ្លងនៃជំងឺកូវីដ១៩ បំប្លែងថ្មី ប្រភេទអូមីក្រុង ដែលកំពុងវាយលុកសព្វថ្ងៃ។


ចំពោះមន្ត្រីរាជការ ដែលអាចចាក់វ៉ាក់សាំងដូសជំរុញ (ទី៤)បាន គឺត្រូវមានគម្លាតរយៈពេលយ៉ាងតិច ៤ខែ គិតពីថ្ងៃចាក់ដូសទី៣ និងភ្ជាប់មកជាមួយនូវបណ្ណចាក់វ៉ាក់សាំងផងដែរ៕







លោក វ៉ា ថន ដឹកនាំគណៈប្រតិភូជូនពរថ្នាក់ដឹកនាំខេត្តប៊ិញភឿក និងប្រជាជនវៀតណាម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីវៀតណាម

ក្រចេះ ៖ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ នៅទីស្នាក់ការច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងស្រែ

លោក វ៉ា ថន អភិបាលខេត្តក្រចេះ បាន អញ្ជើញដឹកនាំគណៈប្រតិភូខេត្ត ចូលរួមអបអរសាទរ និងជូនពរលោកស្រី ត្រើន ទ្វេ ហៀន អនុលេខាធិការគណបក្សខេត្ត និងជាប្រធានគណៈកម្មាធិការប្រជាជនខេត្តប៊ិញភឿក លោក លោកស្រី និងបងប្អូនប្រជាជនវៀតណាម ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីវៀតណាមនាពេលខាងមុខ។


ក្នុងពិធីនោះក៏មានការចូលរួមពីសំណាក់ លោកអភិបាលខេត្តមណ្ឌលគិរី លោកអភិបាលខេត្តស្ទឹងត្រែង លោកអភិបាលរងខេត្តកំពង់ចាម លោកអភិបាលរងខេត្តត្បូងឃ្មុំ លោកអភិបាលរងខេត្តកំពង់ធំ កម្លាំងទាំងបីប្រភេទ នាយករដ្ឋបាលសាលាខេត្ត និងមន្ត្រីមួយចំនួនទៀត។


ក្នុងនោះ លោក វ៉ា ថន សូមថ្លែងអំណរគុណដល់កិច្ចសហប្រតិបត្តិការកន្លងមក និងបន្តទៅមុខទៀតអំពីគុណបំណាច់ទាំងនេះជំរុញអោយប្រជាពលរដ្ឋកម្ពុជា មានឱកាសក្នុងការកសាងប្រទេស រហូតមានការអភិវឌ្ឍលើគ្រប់វិស័យព្រមទាំងសង្ឃឹមថាខេត្តក្រចេះ និងខេត្តប៊ិញភឿក ពិតជាបន្តកិច្ចសហការ ក្នុងគោលបំណងពង្រឹង និងពង្រីកទំនាក់ទំនង និងការរក្សាបាននូវសន្តិសុខ សណ្តាប់សាធារណៈនៅតាមតំបន់ព្រំដែនកាន់តែល្អរវាងខេត្ត និងខេត្ត ប្រជាពលរដ្ឋ និងប្រជាពលរដ្ឋ ក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ-១៩៕









អំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ត្រូវបានចែកជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត

ពោធិ៍សាត់៖ ប្រជាពលរដ្ឋ ដែលជាជនចាស់ជរាគ្មានទីពឹង អ្នកមានជំងឺរ៉ាំរ៉ៃ ជនពិការភាព កុមារកំព្រា ស្ត្រីមេម៉ាយក្រីក្រ មានកូនក្នុងបន្ទុកច្រើន និងអ្នក ធ្វើការងារ ដោយដោះដូរពលកម្ម ជួបការលំបាកទីទ័លក្រ ចំនួន៣២៩គ្រួសារ មកពីសង្កាត់រលាប សង្កាត់បន្ទាយដី សង្កាត់ចំរើនផល និងស្វាយអាត់ នៃក្រុងពោធិ៍សាត់ នាថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ បានមកទទួលយកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅស្នាក់ការសាខាកាកបាទក្រហម កម្ពុជាខេត្ត ស្ថិតក្រោមអធិបតីភាព លោក ជាវ តាយ ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ លោកស្រី លាង ហៃ ជាវតាយ អនុប្រធានកិត្តិយស និងជាប្រធានឥស្សរជនឆ្នើមថ្នាក់សាខា និងដោយមាន ការ ចូលរួមពីលោក លោកស្រី សមាជិក សមាជិកា ថ្នាក់កិត្តិយស គណៈកម្មាធិការ និងមន្ត្រីប្រតិបត្តិសាខាជាច្រើននាក់ទៀត។


មានប្រសាសន៍ក្នុងឱកាសនោះ លោក ជាវ តាយ បាននាំនូវការសាកសួរសុខទុក្ខ និងការផ្តាំផ្ញើ ពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិ ព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ព្រោះថាជានិច្ចកាល សម្តេចតែងតែគិតគូរ ព្រួយបារម្ភ ចំពោះប្រជាពលរដ្ឋជួបការលំបាកខ្វះខាត ពិសេសជនចាស់ ចាស់ជរាឥតទីពឹង កុមារកំព្រា អ្នកមានជំងឺរ៉ាំរ៉ៃ និងជនមានពិការភាព ព្រមទាំងបានផ្តល់អាទិភាព ក្នុងការចែកជូនអំណោយមនុស្សធម៌គ្រប់គ្រួសារ។ ទោះជាយ៉ាងនេះក៏ដោយ សម្តេចក៏មិនភ្លេចពីការ លំបាកខ្វះខាតរបស់បងប្អូន ដែលរងផលប៉ះពាល់ដោយកត្តាផ្សេងៗនោះដែរ ពោលគឺបានចែកជូនជាបន្តបន្ទាប់ ទៅតាមប្រភេទនៃការរងគ្រោះ  មិនបានប្រកាន់ឬរើសអើង ពីនិន្នាការ នយោបាយ បក្សពួក ជាតិសាសន៍ វណ្ណៈព័ណ៌សម្បុរអ្វីឡើយ ឱ្យតែទទួលរងគ្រោះ គឺសុទ្ធតែទទួលបាននូវការឧបត្ថម្ភស្មើៗគ្នា តាមទិសស្លោក «ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា»។


លោកបានថ្លែងឱ្យដឹងទៀតថា  នូវរាល់អំណោយដែលបានចែកជូន គឺសុទ្ធតែជាការបរិច្ឆាក ទាំងថវិកា និងសម្ភារៈ របស់សប្បុរសជន    ក្នុងនិងក្រៅប្រទេស ដែលមានជំនឿទុកចិត្ត ចំពោះសកម្មភាពមនុស្សធម៌ ក្រោមការ ដឹកនាំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន  សែន ប្រធានកាកបាទ ក្រហមកម្ពុជា សម្រាប់ជួយទៅដល់ជនរងគ្រោះគ្រប់មូលដ្ឋាន ប្រកបដោយប្រសិទ្ធិភាព និងតម្លាភាព។


លោកបានថ្លែងនូវការកោតសរសើរ ចំពោះអាជ្ញាធរដែនដី សាខា អនុសាខា និងអ្នកស្ម័គ្រចិត្ត ដែលបានខិតខំ ប្រឹងប្រែង និងទទួលខុសត្រូវខ្ពស់ចំពោះការងារមនុស្សធម៌ នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ក្នុងខណៈនោះដែរ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋ ឱ្យធ្វើការណែនាំ និងផ្សព្វផ្សាយបន្ត ដល់កុមារ និងយុវវ័យ ដែលមានអាយុចាប់ពី ១២ឆ្នាំ ទៅដល់១៨ឆ្នាំ និងចាប់ពីអាយុ១៨ឆ្នាំឡើងទៅ ត្រូវទៅទទួលវ៉ាក់សាំងដូសជំរុញ ដើម្បីបង្ការការឆ្លងរាលដាល ក៏ដូចជាការវិវត្តន៍ទៅរកភាពធ្ងន់ធ្ងរ នៃជំងឺកូវីដ១៩ បំប្លែងថ្មី ប្រភេទអូមីក្រុង និងត្រូវបន្តអនុវត្តន៍វិធានការ «៣ការពារ ៣កុំ» ក៏ដូចជាវិធានការនានារបស់ប្រសួងសុខាភិបាលឱ្យបានគ្រប់ៗគ្នា។


អំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនប្រជាពលរដ្ឋជួបកង្វះខាត ចំនួន៣២៩ គ្រួសារ មកពី៤សង្កាត់ នៃក្រុងពោធិ៍សាត់ ដោយ ក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ២៥គីទ្បូក្រាម, មី១កេសតូច, ត្រីខ១០កំប៉ុង, ទឹកត្រី១យួរ, ទឹក១ដប, នំប៉ុង១ដើម និងថវិកា២ម៉ឺន៕









ពិធីសំណេះសំណាលសំណេះសំណាល ផ្តល់ថវិកាលើកទឹកចិត្តដល់សិស្សានុសិស្សប្រឡងជាប់បាក់ឌុប សម័យប្រឡងឆ្នាំ២០២១

ត្បូងឃ្មុំ៖ នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងដែនដីនគររូបនីយកម្មនិងសំណង់ និងជាប្រធានក្រុមការងារចុះជួយស្រុកត្បូងឃ្មុំ មេមត់ ក្រូចឆ្មារ និងក្រុងសួង ខេត្តត្បូងឃ្មុំ អញ្ជើញសំណេះសំណាល ផ្តល់ថវិកាលើកទឹកចិត្តដល់សិស្សានុសិស្សប្រឡងជាប់បាក់ឌុប សម័យប្រឡងឆ្នាំ២០២១ មកពីស្រុកក្រុងចំនួន០៤គឺ ស្រុកត្បូងឃ្មុំ ស្រុកមេមត់ ស្រុកក្រូចឆ្មារ និងក្រុងសួង សរុបចំនួន ១៥៦០នាក់ នៅស្នាក់ការគណបក្សប្រជាជនស្រុកត្បូងឃ្មុំ។


ក្នុងឳកាសនោះមានការអញ្ជើញចូលរួមពីសំណាក់ប្រតិភូក្រសួង ក្រុមការងារចុះជួយខេត្ត លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ លោក ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត នាយក-នាយករងសាលា លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សដែលប្រឡងជាប់។


សូមជម្រាបថាសិស្សនិទ្ទេសA ចំនួន៣៨នាក់ ដែលទទួលថវិកាជាកាដូលើកទឹកចិត្តនាពេលនេះ គឺមកពីចំនួន០៤ស្រុកប៉ុណ្ណោះ ខណៈទូទាំងខេត្តត្បូងឃ្មុំ ជាប់និទ្ទេសAមានចំនួន ៥៤នាក់ និងជាប់ជាស្ថាពរសរុប២៩៤៤នាក់។


មានប្រសាសន៍ទៅកាន់ប្អូនៗក្មួយៗ និងមាតាបិតា អាណាព្យាបាលសិស្ស លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត បានសាទរចំពោះជោគជ័យក្នុងការខិតខំសិក្សា នេះគឺជាកិត្តិយស ដ៏ធំធេង សម្រាប់ខ្លួនឯងផ្ទាល់ ក៏ដូចជា ក្រុមគ្រួសារ និងជាកិត្តិយស របស់អាជ្ញាធរ នៅក្នុងមូលដ្ឋាន ផងដែរ ដែលប្អូនៗក្មួយៗ បានខិតខំរៀនសូត្ររហូតប្រឡងជាប់ ពិសេសរហូតទទួលបាននិទ្ទេស A ។


នាឳកាសនោះ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានមានប្រសាសន៍ទៅកាន់ក្មួយៗទាំងអស់គ្នា ដោយកោតសរសើរក្នុងការខិតខំរៀនសូត្ររហូតទទួលបានលទ្ធផលផ្លែផ្កានាពេលនេះ ដែលជាការឆ្លងកាត់ការលំបាកជាច្រើន ជាពិសេសឧបសគ្គនៃការឆ្លងរាលដាល នៃជម្ងឺកូវីដ ១៩ នៅទូទាំងពិភពលោក ក៏ដូចជានៅកម្ពុជា។


ជាការឆ្លើយតបទៅនឹងកិច្ចខិតខំរបស់ក្មួយៗ ក្នុងនាមឯកឧត្តម ជាអ្នកទទួលខុសត្រូវ ក្នុងស្រុកក្រុងទាំង០៤នេះ ក៏សូមចូលរួមអបអរសាទរ និងចូលរួមផ្ដល់ការលើកទឹកចិត្ត នូវថវិកា មួយចំនួន ដើម្បីក្មួយៗប្រើប្រាស់ឲ្យចំគោលដៅ ក្នុងអំឡុងពេលបន្តការសិក្សា នៅកម្រិតឧត្ដមសិក្សា។


ជាមួយគ្នានោះ លោកឧបនាយករដ្ឋមន្ត្រី បានផ្តាំផ្ញើ ដល់ក្មួយៗទាំងអស់ ត្រូវខិតខំរៀនសូត្របន្តទៅមុខទៀត ជាពិសេស ក្រេបជញ្ជក់យកចំណេះដឹង ក្នុងអំឡុងពេលបន្តការសិក្សា នៅថ្នាក់កម្រិតឧត្ដម ដើម្បីក្លាយខ្លួនជាកូនល្អ យុវជនល្អ និងជាពលរដ្ឋល្អ ហើយយកចំណេះដឹង និងសមត្ថភាពនោះ ចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ ឲ្យកាន់តែរីកចំរើនទ្វេរឡើង។


ក្នុងឳកាសសំណេះសំណាល លោក ជា សុផារ៉ា បានផ្តល់ថវិកាលើកទឹកចិត្តដល់សិស្សានុសិស្សប្រឡងជាប់:

-និទ្ទេសAចំនួន៣៨នាក់ក្នុងម្នាក់ ៥០០ដុល្លា

-និទ្ទេស B C D E ១៥២២នាក់ក្នុងម្នាក់ ១០០,០០០រៀល

-ប្រធានការិយាល័យអប់រំស្រុក នាយក-នាយិកាវិទ្យាល័យ ចំនួន១៩នាក់ ក្នុងម្នាក់១០០ដុល្លា

-និងអនុប្រធានការិយាល័យអប់រំស្រុក នាយក-នាយករងវិទ្យាល័យ ៣៤នាក់ ក្នុងម្នាក់៥០ដុល្លា សរុបថវិកាទាំងអស់ ៥៩,៩៧២ដុល្លារ៕






បទវិភាគអន្តរជាតិ៖ អ្វីទៅជាជម្រើសយោធារបស់អាមេរិក ដើម្បីជួយអ៊ុយក្រែន?

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិនបានបញ្ជាក់ជំហរជាច្រើនលើកច្រើនសារថាទីក្រុងវ៉ាស៊ីនតោន នឹងមិនប្រើប្រាស់កម្លាំងយោធា ឬបញ្ជូនកងទ័ពឱ្យជួយអ៊ុយក្រែន ប្រយុទ្ធតតាំងជាមួយកងទ័ពរុស្ស៊ី នៅក្នុងករណីសង្រ្គាមផ្ទុះឡើងនោះទេ។ ប៉ុន្តែ លោកមានជម្រើសយោធាជាច្រើន ដែលមិនសូវបង្កហានិភ័យ ក្នុងនោះរួមមានទាំងការផ្ដល់ជំនួយនានាគាំទ្រអ៊ុយក្រែនជាដើម។

ពិតមែនទៅ ការមិនប្រឈមមុខជាមួយរុស្ស៊ីដោយកម្លាំងយោធា គឺជាហេតុផលសាមញ្ញមួយដ៏ត្រឹមត្រូវ។ សហរដ្ឋអាមេរិក មិនមានកាតព្វកិច្ចដែលមាន ចែងនៅក្រោមសន្ធិសញ្ញាណាមួយតម្រូវឱ្យការពារ ឬចូលជួយអ៊ុយក្រែនឡើយ ហើយម្យ៉ាងវិញទៀត ការធ្វើសង្រ្គាមជាមួយរុស្ស៊ីនឹងបង្កគ្រោះមហន្តរាយ ឬក៏បង្កទៅជាសង្រ្គាមនុយក្លេអ៊ែរ។

ត្រង់ន័យនេះ គេអាចនិយាយបានថាអាមេរិកកំពុងសិ្ថតនៅលើគោលជំហរមួយដ៏ពិបាក នោះគឺបើធ្វើឱ្យរុស្ស៊ីខឹង អាចនឹងបង្កទៅជារឿងធំ តែបើមិនធ្វើអ្វី សោះ វានឹងកាន់តែធ្វើឱ្យរុស្ស៊ីបានចិត្ត និងយល់ថាអាមេរិកទន់ខ្សោយ ហើយទៅថ្ងៃអនាគតសកម្មភាពដែលរុស្ស៊ីកំពុងធ្វើដាក់អ៊ុយក្រែនអាចនឹងកើតឡើងលើប្រទេសអឺរ៉ុបខាងកើត ដូចជាបណ្ដារដ្ឋនៅតំបន់បាល់ទិចរួមមាន អេស្ដូនី, ឡេតូនី និងលីទុយអានី ទោះបីជាប្រទេសទាំង៣នេះជាសមាជិក NATO ក៏ដោយ។ ដូច្នេះតើអាមេរិក និងសម្ពន្ធមិត្តអឺរ៉ុប គួរតែជួយអ៊ុយក្រែនដោយវិធីណា?

* ហេតុអ្វីអាមេរិក មិនប្រើកម្លាំងយោធា?

ដើម្បីធ្វើសង្រ្គាមជាមួយរុស្ស៊ី ច្បាស់ណាស់អាមេរិកត្រូវប្រមូលធនធានមកពីគ្រប់ទិសទី ហើយត្រូវពលីជីវិតកងទ័ពយ៉ាងច្រើនសន្ធឹកសន្ធាប់។ តែក្នុងពេល បច្ចុប្បន្ន ប្រទេសដែលអាមេរិកកំពុងផ្តោត មិនមែនរុស្ស៊ីទេ ផ្ទុយទៅវិញគឺចិនដែលត្រូវបានរដ្ឋបាលលោក ចូ បៃដិន ចាត់ទុកថាជាគូប្រជែងភូមិសាស្ត្រ នយោបាយដ៏ធំបំផុតរបស់សហរដ្ឋអាមេរិក ក្នុងស.វទី ២១នេះ។

កាលពីថ្ងៃពុធសប្ដាហ៍នេះ, លោក បៃដិនផ្ទាល់បានព្យាករថាប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន អាចនឹងបញ្ជាឱ្យកងទ័ពរុស្ស៊ីវាយលុកចូលអ៊ុយក្រែន បើទោះជាលោកយល់ថាលោក ពូទីន នឹងបង្កសង្រ្គាមទាំងស្រុងក៏ដោយ។ លោក បៃដិន មិនបានបញ្ជាក់ថាតើអាមេរិកនឹងបញ្ជូនកងទ័ពឱ្យទៅជួយ អ៊ុយក្រែន ឬក៏យ៉ាងណានោះទេ ប៉ុន្តែកន្លងមកប្រធានាធិបតីអាមេរិករូបនេះបានបដិសេធចំពោះការប្រើកម្លាំងយោធាប្រឆាំងរុស្ស៊ី។

លោក Philip Breedlove ជាឧត្តមសេនីយកងទ័ពអាកាសចូលនិវត្តន៍ម្នាក់ ដែលធ្លាប់បម្រើការងារជាមេបញ្ជាការជាន់ខ្ពស់របស់ NATO ប្រចាំតំបន់អឺរ៉ុប ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៦ បាននិយាយនៅក្នុងបទសម្ភាសន៍មួយកាលពីពេលថ្មីៗនេះថា លោកមិនរំពឹង ឬក៏ផ្ដល់អនុសាសន៍ឱ្យសហរដ្ឋអាមេរិកបញ្ជូន កងទ័ពប្រយុទ្ធទៅកាន់ប្រទេសអ៊ុយក្រែននោះទេ។ ជំនួសមកវិញ, ទីក្រុងវ៉ាស៊ីនតោន និងសម្ពន្ធមិត្តគួរតែផ្ដល់ជម្រើសយោធាដែលមិនសូវមានហានិភ័យ ខ្ពស់ នោះគឺការផ្ដល់ជំនួយយោធា ជួយឱ្យអ៊ុយក្រែនមានសមត្ថភាពការពារដែនអាកាស និងដែនទឹករបស់ខ្លួនឯង។

*អ្វីទៅជាជម្រើសរបស់លោក បៃដិន?

បើតាមក្រុមអ្នកជំនាញយោធាជាច្រើន, អ៊ុយក្រែនមិនមានសមត្ថភាពតទល់ជាមួយរុស្ស៊ីឡើយ។ ប៉ុន្តែ ដោយមានជំនួយពីសហរដ្ឋអាមេរិក និងបណ្ដា ប្រទេសដទៃ អ៊ុយក្រែនអាចធ្វើឱ្យលោក ពូទីន គិតយ៉ាងហោចពីរទៅបីដងដែរ មុននឹងសម្រេចចិត្តធ្វើសកម្មភាព នៅពេលដែលលោកយល់ថាសង្រ្គាម អាចបង្កឱ្យរុស្ស៊ីខាតបង់ធ្ងន់ ទោះជាឈ្នះក៏ដោយ។

អ្នកវិទ្យាសាស្ត្រនយោបាយ លោក Seth Jones បានលើកឡើងថាមធ្យោបាយដែលអាចទប់ស្កាត់រុស្ស៊ី នោះគឺធ្វើយ៉ាងណារារាំងមិនឱ្យទីក្រុងម៉ូស្គូ ទទួល បានជ័យជម្នះក្នុងរយៈពេលខ្លី ពោលគឺត្រូវតែធ្វើ ឱ្យរុស្ស៊ីដឹងខ្លួនថាអាចនឹងខាតបង់ធ្ងន់ធ្ងរទាំងសេដ្ឋកិច្ច នយោបាយ និងយោធា ប្រសិនបើហ៊ានបើកការវាយប្រហារណាមួយលើអ៊ុយក្រែន។ រដ្ឋបាលលោក បៃដិន ក៏បានព្រមានរួចហើយដែរថា ការវាយប្រហារលើអ៊ុយក្រែន អាចនឹងបង្កមហន្តរាយដូចគ្នា ដល់រុស្ស៊ី ដោយអាមេរិកនឹងដាក់ទណ្ឌកម្មសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ ក្នុងនោះរួមមានទាំងការផ្ដាច់សេដ្ឋកិច្ចរុស្ស៊ីពីប្រព័ន្ធលុយដុល្លារអាមេរិក និងការបង្កើន ការផ្ដល់ជំនួយដល់អ៊ុយក្រែន។

គួរបញ្ជាក់ថា រដ្ឋបាលលោកប្រធានាធិបតីអាមេរិក ចូ បៃដិន កាលពីថ្ងៃពុធសប្ដាហ៍នេះ បានប្រកាសថានឹងផ្ដល់ជំនួយយោធាបន្ថែមជាង ២០០លានដុល្លារ ដល់អ៊ុយក្រែន។ ចាប់តាំងពីឆ្នាំ២០១៤មក អាមេរិកបានផ្ដល់ជំនួយយ៉ាងច្រើន ដើម្បីជួយពង្រឹងសមត្ថភាពយោធាអ៊ុយក្រែន ដោយគិតជាទឹកប្រាក់ស្មើនឹង ២.៥ពាន់លានដុល្លារ ក្នុងនោះរួមមានទាំងមីស៊ីលប្រឆាំងរថក្រោះ និងប្រព័ន្ធរ៉ាដាជាដើម៕

ប្រភព៖ AP (ថ្ងៃព្រហស្បតិ៍ ទី២០ ខែមករា ឆ្នាំ២០២២)

ដោយ៖ Fresh News