តាកែវ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ អាន រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការរងារថ្នាក់ជាតិចុះជួយខេត្តតាកែវ បានជម្រុញឲ្យក្រុមការងារថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិទាំងអស់ ត្រូវចុះជួយដោះស្រាយបញ្ហាទាំងឡាយជូនប្រជាពលរដ្ឋឲ្យដល់មូលដ្ឋាន សបានឆាប់រហ័ស និងប្រកបដោយប្រសិទ្ធភាព។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍បែបនេះ ក្នុងឱកាសដឹកនាំប្រជុំត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលរយៈពេល១ឆ្នាំកន្លងមក នៅខេត្តតាកែវ នាព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៤ នេះ ដែលមានការរចូលរួមពីក្រុមការងារថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិប្រមាណ៣៦០នាក់។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ អាន បានដាស់តឿនដល់ក្រុមការងារទាំងអស់ ត្រូវមានភាពសកម្មក្នុងការចុះជួបប្រជាពលរដ្ឋដោយផ្ទាល់នៅតាមផ្ទះ ទើបមើលឃើញបញ្ហា និងត្រូវសិក្សា ស្វែងរកគន្លឹះដើម្បីដោះស្រាយ ជាពិសេស ត្រូវពន្លត់នូវគ្រប់ទំនាស់នានា ដែលកើតមានឡើងប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងន័យថា ក្រុមការងារទាំងអស់ត្រូវចុះធ្វើការងារ និងជំរុញចលនាឲ្យខ្លាំងក្លា ដោយមិនត្រូវដេកលក់នោះទេ។
ឯកឧត្តម ក៏បានឲ្យក្រុមការងារលើកឡើងអំពី ជោគជ័យមួយចំនួននៅតាមមូលដ្ឋាន ដើម្បីធ្វើជាបទពិសោធន៍ក្នុងការសម្របសម្រួលដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋនៅតាមទីកន្លែងដទៃទៀតក្នុងខេត្តតាកែវ ក្នុងនោះដូចជា ការលុបកិច្ចសន្យាពីក្រុមហ៊ុន បាទី ទួរីសឹម របស់លោកស្រី សុខ សារឿន ដែលបានរំលោភលើកិច្ចសន្យា និងគាបសង្កត់លើប្រជាពលរដ្ឋ យកមកប្រគល់ជូនប្រជាសហគមន៍គ្រប់គ្រងវិញ ការសម្រួលលើទំនាស់នៅផ្សារព្រៃល្វា ស្រុកព្រៃកប្បាស់ និងការធ្វើប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ និងបញ្ចប់ទំនាស់១ចំនួនដែលបានកើតឡើងនៅស្រុកត្រាំកក់ វត្តឧត្តមសូរិយា ជាដើម។
ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ អាន ក៏បានជម្រុញផងដែរឲ្យមានការបង្កើតក្រុមទីប្រឹក្សាការងារបញ្ញាតិករផ្សារ ដោយមានការចូលរួមពីមន្ត្រីថ្នាក់ស្រុក និងខាងតំណាងអ្នកគ្រប់គ្រងផ្សារធំៗទាំង៤០ នៅទូទាំងខេត្តតាកែវ និងត្រូវយករូបមន្តល្អៗពីបណ្តាផ្សារមួយចំនួនដែលដំណើរការល្អ ធ្វើជាយន្តការសម្រាប់ដោះស្រាយសម្រួលដល់អាជីវករ និងប្រជាពលរដ្ឋឲ្យទទួលបាននូវការសុខចិត្ត ហើយនឹងបញ្ចៀសបាននូវទំនាស់កុំឲ្យកើតមានឡើង ក្នុងនោះមានដំណោះស្រាយពាក់ព័ន្ធនឹងបញ្ហាសត្តឃាដផងដែរ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានជម្រុញជាអាទិភាពផងដែរ ឲ្យរៀបចំបង្កើតសហគមន៍កសិកម្ម តាមរយៈសហករដែលមានស្រាប់ ដើម្បីបង្កើតជាសហគមន៍ថ្មី ឲ្យមានដំណើរការល្អទៅមុខ និងធ្វើការងារឲ្យសកម្ម និងឲ្យបានហ្មត់ចត់ បន្ទាប់ពីមានការសិក្សាស្រាវជ្រាវ ដោយក្រុមអ្នកជំនាញ១រយៈមកនេះ។
គួរបញ្ជាក់ថា នៅក្នុងខេត្តតាកែវ មានសហគមន៍កសិកម្ម និងនេសាទតូចៗប្រមាណ៥៨ ប៉ុន្តែ សហគមន៍ទាំងនោះ បង្កើតឡើងលក្ខណៈជាក្រុមតូចៗ និងបានសហការជាមួយអង្គការ១ចំនួន ប៉ុន្តែ មិនទាន់ត្រូវបានរៀបចំឲ្យស្ថិតនៅក្នុងការគ្រប់គ្រងច្បាស់លាស់ពីក្រុមការងារថ្នាក់ជាតិ ដោយការទទួលខុសត្រូវខ្ពស់នៅឡើយ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ អាន ក៏បានអំពាវនាវផងដែរឲ្យប្រធានក្រុមការងារថ្នាក់ស្រុកនីមួយៗចុះជួយខេត្តតាកែវ ត្រូវសហការជាមួយអ្នកជំនាញដែលមានបទពិសោធន៍ និងគាំទ្រហិរញ្ញវត្ថុ ដើម្បីរៀបចំសហគមន៍កសិកម្ម នៅក្នុងខេត្តតាកែវ ដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រីសន្យាថា នឹងជួយពូជស្រូវ និងផ្គត់ផ្គង់ជីដល់កសិករ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ៕