Tuesday, September 09, 2014

ឯកឧត្តម​​ឧបនាយក​​រដ្ឋមន្ត្រី​ សុខ អាន​ ប្រជុំ​​ត្រួត​​ពិនិត្យ​​ការងារ​​ថ្នាក់​​ជាតិ ចុះ​ជួយ​​ខេត្ត​​តាកែវ​​ រយៈពេល​​១ឆ្នាំ កន្លង​​មក​នេះ​​



តាកែវ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ អាន រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទី​ស្តីការ​គណៈ​រដ្ឋមន្ត្រី​ និង​ជា​ប្រធាន​ក្រុម​ការរងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ខេត្ត​តាកែវ បាន​ជម្រុញ​ឲ្យ​ក្រុម​ការងារ​ថ្នាក់​ជាតិ  និង​ថ្នាក់​ក្រោមជាតិ​ទាំង​អស់​ ត្រូវ​ចុះជួយ​ដោះ​ស្រាយ​បញ្ហា​ទាំង​ឡាយ​ជូន​ប្រជា​ពល​រដ្ឋឲ្យ​ដល់​មូល​ដ្ឋាន​ ស​បាន​ឆាប់​រហ័ស និង​ប្រកប​ដោយ​ប្រសិទ្ធភាព។

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ បាន​មាន​ប្រសាសន៍បែ​បនេះ ក្នុង​ឱកាស​ដឹក​នាំ​ប្រជុំ​ត្រួត​ពិនិត្យ​ និង​គាំ​ទ្រ​ការ​អនុវត្តកម្ម​វិធី​នយោបាយ​ និង​យុទ្ធ​សាស្ត្រ​ចតុកោណ​ដំ​ណាក់​កាលទី​៣ របស់​រាជរដ្ឋាភិបាល​រយៈពេល​១ឆ្នាំ​កន្លង​មក​ នៅ​ខេត្ត​តាកែវ​ នាព្រឹក​ថ្ងៃ​ទី​៩ ខែ​កញ្ញា ឆ្នាំ​២០១៤ នេះ ដែល​មាន​ការរ​ចូល​រួម​ពី​ក្រុម​ការងារ​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ​ប្រមាណ​៣៦០​នាក់។

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ សុខ​ អាន បាន​ដាស់​តឿន​ដល់​ក្រុមការងារទាំង​អស់ ត្រូវ​មាន​ភាព​សកម្មក្នុង​ការ​ចុះ​ជួប​ប្រជាពលរដ្ឋដោយ​ផ្ទាល់នៅ​តាម​ផ្ទះ​ ទើប​មើល​ឃើញ​បញ្ហា និង​ត្រូវ​សិក្សា ស្វែង​រក​គន្លឹះ​ដើម្បី​ដោះ​ស្រាយ​ ជា​ពិសេស​ ត្រូវ​ពន្លត់នូវ​គ្រប់​ទំ​នាស់​នានា ដែល​កើត​មាន​ឡើងប៉ះ​ពាល់​ដល់​ការ​រស់​នៅ​របស់​ប្រជា​ពលរដ្ឋ ក្នុង​ន័យ​ថា ក្រុម​ការងារ​ទាំង​អស់​ត្រូវ​ចុះ​ធ្វើ​ការងារ  និង​ជំ​រុញ​ចលនា​ឲ្យ​ខ្លាំង​ក្លា​ ដោយ​មិន​ត្រូវ​​​ដេក​លក់​នោះ​ទេ។

ឯកឧត្តម​ ក៏បានឲ្យ​ក្រុមការងារ​​លើក​ឡើងអំពី​ ជោគ​ជ័យ​មួយ​ចំ​នួន​នៅ​តាម​មូលដ្ឋាន​ ដើម្បី​ធ្វើ​ជា​បទ​ពិសោធន៍​ក្នុង​ការសម្រប​សម្រួល​ដោះ​ស្រាយ​បញ្ហា​ជូន​ប្រជា​ពលរដ្ឋនៅ​តាម​​ទីកន្លែង​ដទៃ​ទៀត​ក្នុង​ខេត្ត​តាកែវ​ ក្នុង​នោះ​ដូចជា​ ការ​លុប​កិច្ច​សន្យា​ពី​ក្រុម​ហ៊ុន បាទី​ ទួរីសឹម របស់​លោកស្រី​ សុខ សារឿន ដែល​បាន​រំ​លោភ​លើកិច្ច​សន្យា និង​គាប​សង្កត់​លើ​ប្រជា​ពលរដ្ឋ​ យក​មក​ប្រគល់​ជូន​ប្រជា​សហគមន៍​គ្រប់​គ្រង​វិញ​ ការ​សម្រួល​លើ​ទំនាស់​នៅផ្សារ​ព្រៃ​ល្វា ស្រុក​ព្រៃ​កប្បាស់​ និង​ការ​ធ្វើ​ប័ណ្ណ​កម្ម​សិទ្ធិ​ជូនប្រជា​ពលរដ្ឋ​ និង​បញ្ចប់​ទំ​នាស់​១ចំ​នួន​ដែល​បាន​កើត​ឡើង​នៅ​ស្រុក​ត្រាំ​កក់ វត្តឧត្តម​សូរិយា ជា​ដើម​។

ជា​មួយ​​គ្នា​នេះ​ ឯកឧត្តមឧបនាយក​រដ្ឋមន្ត្រី​ សុខ អាន ក៏​បាន​ជម្រុញ​ផង​ដែរឲ្យ​មាន​ការ​បង្កើត​ក្រុម​ទី​ប្រឹក្សា​ការងារ​បញ្ញាតិករផ្សារ ដោយ​មាន​ការ​ចូល​រួម​ពី​មន្ត្រី​ថ្នាក់​ស្រុក និង​ខាង​តំ​ណាង​​អ្នក​គ្រប់​គ្រង​ផ្សារ​ធំ​ៗទាំង​៤០ នៅ​ទូ​ទាំង​ខេត្ត​តាកែវ​ និង​ត្រូវ​យក​រូបមន្តល្អ​ៗពី​បណ្តា​ផ្សារ​មួយ​ចំ​នួន​​ដែល​ដំ​ណើរការល្អ ​ធ្វើ​ជា​យន្ត​ការសម្រាប់​ដោះ​ស្រាយ​សម្រួល​ដល់​អាជី​វករ និង​ប្រជាពល​រដ្ឋឲ្យ​ទទួល​បាន​នូវ​ការ​សុខចិត្ត​ ហើយ​នឹង​បញ្ចៀស​​បាន​នូវ​ទំ​នាស់​កុំ​ឲ្យ​កើត​មាន​ឡើង​ ក្នុង​នោះ​មាន​ដំ​ណោះ​ស្រាយ​ពាក់​ព័ន្ធនឹង​បញ្ហា​សត្តឃាដផង​ដែរ។

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ក៏​បានជម្រុញ​ជា​អាទិភាព​ផងដែរ ឲ្យ​រៀប​ចំ​បង្កើត​សហគមន៍​កសិកម្ម​ តាម​រយៈសហករដែល​មាន​ស្រាប់​ ដើម្បី​បង្កើត​ជា​សហគមន៍​ថ្មី​ ឲ្យ​មាន​ដំ​ណើរការ​ល្អ​ទៅ​មុខ និង​ធ្វើ​ការងារ​ឲ្យសកម្ម និង​ឲ្យ​បាន​ហ្មត់​ចត់​ បន្ទាប់​ពី​មាន​ការ​សិក្សា​ស្រាវ​ជ្រាវ​ ដោយ​ក្រុម​អ្នក​ជំ​នាញ​១រយៈមក​នេះ​។

គួរបញ្ជាក់​ថា​ នៅ​ក្នុង​ខេត្ត​តាកែវ​ មាន​សហគមន៍​កសិកម្ម​ និង​នេសាទ​តូច​ៗ​ប្រមាណ​៥៨ ប៉ុន្តែ សហគមន៍​ទាំង​នោះ​ បង្កើត​ឡើង​​លក្ខណៈជាក្រុម​តូច​ៗ និង​បាន​សហការ​ជា​មួយ​អង្គការ​១ចំ​នួន​ ប៉ុន្តែ មិន​ទាន់​ត្រូវ​បាន​រៀប​ចំឲ្យ​ស្ថិត​នៅ​ក្នុង​ការ​​គ្រប់​គ្រងច្បាស់​លាស់​ពី​ក្រុម​ការងារ​ថ្នាក់​ជាតិ​ ដោយ​ការ​ទទួល​ខុសត្រូវ​ខ្ពស់​នៅ​ឡើយ​។

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ​សុខ អាន​ ក៏​បាន​អំ​ពាវ​នាវ​ផងដែរឲ្យប្រធាន​​ក្រុម​ការងារ​ថ្នាក់​ស្រុក​នីមួយៗចុះ​ជួយ​​ខេត្ត​តាកែវ​ ត្រូវ​សហការ​ជា​មួយ​អ្នក​ជំ​នាញ​ដែល​មាន​បទ​ពិសោធន៍​ និង​គាំ​ទ្រ​ហិរញ្ញវត្ថុ ដើម្បី​រៀប​ចំ​សហគមន៍​កសិកម្ម​ នៅ​ក្នុង​ខេត្ត​តាកែវ​ ដោយ​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​សន្យា​ថា នឹង​ជួយ​ពូ​ជស្រូវ និង​ផ្គត់​ផ្គង់​ជី​ដល់​កសិករ ដើម្បី​លើក​កម្ពស់ជី​វភាព​រស់​នៅ​របស់​ប្រជា​ពលរដ្ឋ៕

No comments:

Post a Comment