Tuesday, September 09, 2014

ទស្សនៈ​ ការ​វាយ​តម្លៃ​​​របៀប​ខ្មៅ​ងងឹត ចំពោះ​កំណែទម្រង់​លើ​វិស័យ​អប់​រំ ​នៅ​កម្ពុជា​​​​ គឺ​ជា​គំនិត​ ទុទិដ្ឋិនិយម​​


ដោយ​ សួន​ ចំរើន

ចាប់​ពី​ថ្ងៃ​បើក​កិច្ច​​ប្រជុំ​ដំបូង​នៃគណៈរដ្ឋ​មន្ត្រី អាណត្តិ​ទី​៥​មក​​ ប្រមុខ​រាជ​រដ្ឋាភិបាល​ លោក​នាយករដ្ឋ​មន្ត្រី​ ហ៊ុន សែន​ បាន​ដាក់​​ចេញ​នូវ​វិធាន​ការ​​កំណែ​ទម្រង់​ស៊ី​ជម្រៅ ជាច្រើន​ ជាពិសេស​លើ​វិស័យ​ សុខាភិបាល​ និង​វិស័យ​អប់​រំ​ ដើម្បី​បន្ត​អភិវឌ្ឍ​​ប្រទេស​ឲ្យ​កាន់​តែ​រីក​ចម្រើន​​ និង​ក្លាយ​ជា​ប្រទេស​អភិវឌ្ឍ​ ដូច​ប្រទេស​ជិត​ខាង និង​ក្នុង​តំបន់។
​​
ក្នុង​នោះ​ រាជ​រដ្ឋាភិបាល​​បាន​ដាក់​ចេញនូវ​​វិធានការ​លើក​កម្ពស់​វិស័យ​អប់រំ​មួយ​ចំនួន រួម​មាន ការ​រៀបចំ​​ផែនការ​យុទ្ធសាស្ត្រ​អប់រំ​រយៈពេល ៥​ឆ្នាំ​ម្តង គោល​នយោបាយ​ស្ដីពី​ការ​អប់រំ​​បច្ចេកទេស គោល​នយោបាយ​ស្ដីពី​ធនធាន​មនុស្ស​ក្នុង​វិស័យ​អប់រំ គោល​នយោបាយ​ស្ដីពី​គ្រូបង្រៀន និង​គោល​នយោបាយ​ជាតិ​ស្ដីពី​ ការ​អភិវឌ្ឍ​យុវជន ជាដើម។ មិន​តែ​ប៉ុណ្ណោះ រាជ​រដ្ឋាភិបាល ក៏​ថែម​ទាំង​បង្កើន​ចំនួន​ថវិកា​ជាតិលើ​​វិស័យ​អប់រំ​ឲ្យ​ច្រើន​លើស​ក្រសួង​ណាៗ​ទាំងអស់។ នៅ​ឆ្នាំ​២០១៤ នេះ ថវិកា​ជាតិ​ដែល​ក្រសួង​អប់រំ គ្រោង​ចំណាយ​មាន​ចំនួន​ជាង ៣០០​លាន​​ដុល្លារ​សហរដ្ឋ​អាមេរិក។ បន្ថែម​ពី​នេះ ការ​ផ្តល់​ឱកាស​ឲ្យ​វិស័យ​ឯកជន​បើក​គ្រឹះស្ថាន​អប់រំ ក៏ជាការ​រួម​ចំណែក​មួយ​ផង​ដែរ​ក្នុង​ការ​ជំរុញ​គុណភាព​អប់រំ​​ នៅប្រទេស​កម្ពុជា​​។

 ​ជាក់​ស្តែង​ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​​អនុវត្ត​នូវ​គោល​នយោបាយ​កំណែ​​ទម្រង់​ស៊ី​ជម្រៅលើ​វិស័យ​អប់​រំ​ចាប់​ពី​ឆ្នាំ​នេះ​តទៅ ​​ ដើម្បី​ធានា​​គុណភាព​អប់រំ​ឲ្យ​កាន់​តែ​ប្រសើរឡើង​។ ​កំណែ​ទម្រង់​ដំបូង​បំផុត​របស់​ក្រសួង​អប់រំ គឺ​​ការ​ប្រឆាំង​អំពើ​ពុក​រលួយ​ពេល​ប្រឡង​ ដោយ​​អនុវត្ត​​​ពាក្យ​​ស្លោក «​អ្នក​ចេះ គឺ​ជាប់»​ ហើយ​យើង​ទាំង​អស់​គ្នា​​ក៏​មាន​សុទិ​ដ្ឋិ​និយម​​ចំពោះ​កំណែទម្រង់​នេះ​ផង​ដែរ​។

​ក្រោយ​ពេល​ទទួល​បាន​លទ្ធផល អំពី​ការ​កែ​ទម្រង់​នេះ​ លោក នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​​ បាន​​យក​ចិត្ត​ទុក​ដាក់​ និង​ផ្តល់​ការ​លើកទឹក​ចិត្ត​ ​ទៅ​លើ​ធន​ធាន​មនុស្ស​ ដែល​ផលិត​បាន​ពី​ការ​កែ​ទម្រង់​នេះ​ ដោយ​បាន​ផ្តល់​ជារង្វាន់​លើក​ទឹក​ចិត្ត​​ដល់​សិស្ស​ ដែល​ជាជ័យ​លាភី​កំពូល​ទាំង​១១​រូប​ ​​​​ និង​បន្ត​ឧបត្ថម្ភ​ដល់​សិស្ស​មួយ​ចំនួន​ ដែល​បន្ត​ការ​សិក្សា​នៅ​ថ្នាក់​ឧត្តម​សិក្សា​ ថែម​ទៀត​។​

ទន្ទឹម​នេះ​ ​មន្ត្រី​សង្គម​ស៊ី​វិល​ ក៏​បាន​ចូល​រួម​សាទរ​​ និង​សរសើរ​ រាជ​រដ្ឋាភិបាល​ ​ចំពោះ​ការធ្វើកំណែទម្រង់​វិស័យ​អប់រំនេះ​ផង​ដែរ​។​

សូម្បី​តែ ​លោក កែម ឡី អ្នកវិភាគ​​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា ក៏បាន​សរសើរ​ចំពោះ​វិធានការ និង​ការកែទម្រង់​របស់​ក្រសួង​អប់រំ ក្រោម​ការគ្រប់គ្រង​រប​ស់លោក ហង់ ជួន ណា​រ៉ុ​ន ​​ផងដែរ។ លោក​លើកឡើង​ថា​៖ «​ការចាប់ផ្តើម​កំណែទម្រង់​របស់​ស្ថាប័ន​នេះ មិនមែន​ធ្វើឡើង​លឿន​ហួសហេតុ​ពេក​នោះទេ  ពោលគឺ​ត្រូវតែ​ចាប់ផ្តើម​ពី​ពេលនេះ​តទៅ»​។ 

ផ្ទុយ​ទៅ​វិញ​ ក្រុម​ប្រឆាំង​ផ្កាប់​មុខ​ ដែល​តែង​តែ​ធ្វើ​ការ​រិៈគន់​ជាប្រចាំ​ បាន​ប្រើ​ប្រាស់​គ្រប់​​មធ្យោបាយ​ ដើម្បី​បំភ្លៃ​ការ​ពិត​ ហើយ​តែង​តែ​ធ្វើ​ការ​វាយ​តម្លៃ​តាម​របៀប​ខ្មៅ​ងងឹត​ មើល​ឃើញ​តែ​ជ្រុង​មួយ​​នៃកំហុស​តែ ប៉ុណ្ណោះ​។

ការ​ធ្វើ​កំណែ​ទម្រង់​ដំបូង​បំផុត​របស់​ក្រសួង​អប់រំនៅនាពេល​នេះ​​ បែរ​ជាមិន​ទទួល​​បាន​​ការ​ស្វាគមន៍​ ដោយ​បុគ្គលិក​​​ម្នាក់របស់​​​​​វិទ្យុបរទេស​​មួយ​ ផ្សាយ​ជាខេមរៈភាសា នៅ​ក្នុង​បទវិភាគ​​របស់​ខ្លួន​ ដែល​បាន​ផ្សាយ​នៅ​យប់​ថ្ងៃ​ទី​៣១ ខែ​សីហា​ ឆ្នាំ​២០១៤ ទៅវិញ​។​​ បុគ្គលិក​នោះ​ បាន​លើក​ឡើង​​ថា​​ « ទោះ​ជា​យ៉ាង​ណា​ក្តី យុទ្ធសាស្ត្រ គោល​នយោបាយ និង​បរិមាណ​ថវិកា(របស់​រាជរដ្ឋាភិបាល លើ​វិស័យ​អប់​រំ​​)​​​នេះ ទំនង​ជា​មិន​ធ្វើ​ឲ្យ​ការ​អប់រំ​នៅ​កម្ពុជា មាន​​គុណភាព​​ខ្ពស់​នោះ​​ឡើយ​» ។ ការ​លើក​​ឡើង​របស់​បុគ្គលិក​ម្នាក់​នេះ​ គឺ​ហាក់​បី​ដូច​ជា​​បុគ្គល​​ម្នាក់​ដែល​មាន​​គំនិត​ទុទិដ្ឋិនិយម​​បំផុត​​សម្រាប់​វិស័យ​អប់​រំ​នៅកម្ពុជា​​​ បើ​ទោះ​បី​ជា​ក្រសួង​​អប់​រំ​ និង​រាជរដ្ឋាភិបាល​ បាន​ឈាន​មួយ​ជំហ៊ាន​រួច​ទៅ​ហើយ​ ដើម្បី​ធ្វើ​កំណែទម្រង់​លើ​វិស័យ​នេះ​​​។​ និយាយ​​នេះ​ មិនមាន​ន័យ​ថា​ជាការ​រារាំង​សិទ្ធិ​បញ្ចេញមតិ​​របស់​បុគ្គល​នោះ​ទេ​ ប៉ុន្តែ​ការ​យល់​ឃើញ​របៀប​ឆ្វេង​និយម​ហួស​ហេតុ​ ក៏​ជាការ​បន្ទុច​បង្អាក់​ចំពោះ​អ្នក​ដែល​ខិតខំ​​ប្រឹងប្រែង​ ​ធ្វើ​ផង​ដែរ​។​

​ចំណុច​សំខាន់​ នៃ​កំណែទម្រង់​លើ​វិស័យ​អប់​រំ​ នៅក្នុង​ជំហ៊ាន​ដំបូង​នេះ​ គឺជា​ការ​ពញ្ញាក់​​ស្មារតី​ ក៏​ដូច​ជាការ​ជម្រុញ​ឲ្យ​សិស្ស​ខិត​ខំ​ប្រឹង​ប្រែង​រៀន​សូត្រ​ដោយ​ខ្លួន​​ឯង​ ដើម្បី​​ទទួល​​បាន​ចំណេះ​ដឹង​ពិត​ៗ ​​​សក្តិសម​​ជាទំពាំង​ស្នង​ឬស្សី​​ សម្រាប់​អនាគត​ប្រទេស​ជាតិ​។ ​ទី​២​ ក៏​ជាការ​ដាស់​តឿន​ដល់​អាណាព្យាបាល​សិស្ស​ទាំង​អស់​ ឲ្យ​មាន​ការ​ទទួល​​ស្គាល់​ និង​ជម្រុញ​ពួក​គេ​​ឲ្យ​ចូល​រួម​ក្នុង​ការ​លុប​បំបាត់​អំពើ​ពុក​រលួយ​ក្នុង​សង្គម​​ និង​ទី​៣​​ លោក​គ្រូ​ អ្នក​គ្រូ​ ដែល​បាន​បំពេញ​ភារៈកិច្ច​នៅក្នុង​ពេល​ប្រលង​ បាន​ព្រម​ទទួល​យក​នូវ​ការ​កែ​ទម្រង់​នេះ​​ ដើម្បី​ឲ្យ​មាន​យុត្តិធម៌​នៅក្នុង​សង្គម​ផង​ដែរ​។​

កំណែ​ទម្រ​ង់​លើ​វិស័យ​អប់​រំ​លើក​នេះ ត្រូវ​គេ​ចាត់ទុកថា ជា​កំណែទម្រង់​ប្រវត្តិសាស្ត្រ​​​ក្នុង​​វិស័យ​អប់រំនៅ​​កម្ពុជា។​តើ​ហេតុ​អ្វី​បាន​ជាបុគ្គលិក​វិទ្យុ​បរទេ​ស​មួយ​​នោះ មិន​ទទួល​ស្គាល់​​ទៅ​វិញ​?​​ ឬមួយ​នេះ​ជាចរិត​ របស់​វិទ្យុ​ក្រុម​ប្រឆាំង​?​ ប៉ុន្តែ​ កន្លង​មក​ គេតែង​តែ​ប្រកាស​ថា​​ ជាវិទ្យុ​​​ឯក​រាជ្យ​ ឬ​មិន​ប្រកាន់​និន្នាការ​នយោបាយ​ តើ​នេះ​ជាការ​ពិត​ឬយ៉ាង​ណា​?​

ម្យ៉ាង​ទៀត​ វា​ដូច​ជា​ជួន​ពេល​គ្នា​ណាស់​​ ដែល​ពួក​គេ​រួម​កម្លាំង​​គ្នា ជាមួយ​បក្ស​ប្រឆាំង ដើម្បី​វាយ​ប្រហារ​មក​លើ​រាជ​រដ្ឋាភិបាល​ ដោយ​មន្ត្រី​គណបក្ស​ប្រឆាំង​ បាន​ធ្វើ​ជាលិខិត​កោះ​ហៅ​រដ្ឋ​មន្ត្រី​ក្រសួង​អប់​រំ​ ដើម្បី​ទៅ​ចោទ​សួរ​ផ្ទាល់​មាត់​នៅ​រដ្ឋ​សភា​ នាថ្ងៃ​ទី​១៧ ខែកញ្ញា​ ឆ្នាំ​២០១៤ ខាង​មុខ​នេះ​​​ ថែម​ទៀត​។ ចំណុច​នេះ​ បញ្ជាក់​ថា​ គណបក្ស​ប្រឆាំង​នៅកម្ពុជា​ គឺ​ពិត​ជាក្រុម​ប្រឆាំង​តែ​មួយ​ របស់​វិទ្យុ​បរទេស​ ផ្សាយ​ជា​ខេមរៈភាសា​មួយ​នេះ​ យ៉ាង​ពិត​ប្រាកដ​។ ក្រុម​នេះ​មិន​ដែល​បង្ហាញ​នូវ​ឆន្ទៈ​ចូល​រួម​អប​អរ​សាទរ​ចំពោះ​សមិទ្ធផល​ទាំង​ឡាយ ​ដែល​រាជរដ្ឋាភិបាល​ សម្រេច​បាន​នោះ​ទេ​​ ។ ដោយ​មាន​សុច្ឆន្ទៈពិតប្រាកដក្នុងការ​កែ​ទម្រង់​វិស័យ​អប់​រំ​នៅ​កម្ពុជា លោក រដ្ឋ​មន្ត្រី​ ហង់ ជួន​ ណារ៉ុន បាន​ប្រកាសថា លោក​នឹង​ទៅ​ឆ្លង​បំ​ភ្លឺ​ក្នុង​រដ្ឋសភា​តាម​ការ​កោះ​ហៅ​របស់​បក្ស​ប្រឆាំង​។ គេនៅ​រង់​ចាំ​មើល​ ថា​ តើអ្នក​តំ​ណាង​រាស្ត្រ​បក្ស​ប្រឆាំងដែល​ជា​អ្នក​ផ្តើម​ការ​ចោទ​សួរ​​ មាន​គំ​និត​ផ្ចាញ់​ផ្ចាលបែប​ណា​នៅ​លើ​បញ្ហា​ដែល​ពួក​ក្រុម​ខ្លួន​មាន​ចេត​នា​​បង្ក​ទំ​នាស់​ និង​ការ​រិះ​គន់​នានាលើវិស័យ​អប់​រំ​នោះ?  ទោះ​ជា​យ៉ាង​ណា​ រាជរដ្ឋាភិបាល​អាណត្តិ​ទី​៥​ នៅ​តែ​ខិត​ខំ​ប្រឹង​ប្រែង​បន្ត​​នូវ​កំណែទម្រង់​ស៊ី​ជម្រៅ​ជាបន្ត​ទៀត​ដោយ​អត់​ធ្មត់​ ហើយ​អ្នក​ដែល​មិន​បាន​ធ្វើ​ក៏​ចេះ​តែ​ បាន​ត្រឹម​តែ​រិៈគន់​ ជាបន្ត​ទៀត​ដែរ​ ប៉ុន្តែ​ ពួក​គេ​គួរ​យល់​នូវ​កំហុស​របស់​ខ្លួន​ ដូច​សុភាសិត​ខ្មែរ​ តែង​ពោល​ថា​ « បើ​មិន​ជួយ​ចូក​ ជួយ​ចែវ​ កុំ​យក​ជើង​រាទឹក​ » ។

ជារួម​ រាល់​ការងារ​ទាំង​អស់​មិន​អាច​សម្រេច​លទ្ធផល​បាន​តែ​ក្នុង​រយៈពេល​មួយ​​ខ្លី​​នោះ​​ទេ​។​ មាន​តែ​បុគ្គល​ដែល​មាន​គំនិត​ខ្លី​ ឬបុគ្គល​ដែល​មាន​គំនិត​ទុទ្ទិដ្ឋិនិយម​ប៉ុណ្ណោះ​ ដែល​​មើល​អំពើ​ល្អ​ និង​ការ​ខិតខំ​ប្រឹង​ប្រែង​ របស់​អ្នក​ដ៏ទៃ​ សុទ្ធ​តែ​ជា​បន្លា​នៅក្នុង​កែវ​ភ្នែក​របស់​​ខ្លួន​។ យ៉ាងណាមិញ​ អ្នក​គ្រប់​គ្រង​វិទ្យុ​បរទេស​មួយ គួរ​តែ​ធ្វើ​ការ​ត្រួត​ពិនិត្យ​នូវ​ខ្លឹម​សារ​នៃ​អត្ថបទ​ផ្សាយ​របស់​បុគ្គលិក​ខ្លួន​​ជាមុន​ មុន​នឹង​សម្រេច​ផ្សព្វ​ផ្សាយ​ ដើ​ម្បី​​ផ្ទៀង​ផ្ទាត់​នូវ​ផល​ប៉ះ​ពាល់​ក្នុង​សង្គម​ ថាតើ​ជាការ​ចូល​រួម​ចំណែក​ដល់​ការ​រីក​ចម្រើនរបស់​សង្គម​​ ឬជាការ​ទិតៀន​ដើម្បី​​តែ​​ប្រឆាំង​?​​


No comments:

Post a Comment