Sunday, July 26, 2015

ក្រុម​​ការ​ងារ​​ថ្នាក់​​ជាតិ​​បន្ត​​នាំ​យក​​ឃីត​​របស់​សាខា​កាក​បាទ​ក្រហម​​ខេត្ត​​តាកែវ​​ចែកជូន​​សម្រាប់​​ស្ត្រី​ដែល​​ទើ​ប​​សម្រាល​​កូន​​នៅ​ឃុំ​​កុមាររាជា

យោង​តាម​មតិណែ​នាំ​ដ៏​ខ្ពង់​ខ្ពស់​របស់​ឯកឧត្តមបណ្ឌិត​សភា​ចារ្យ សុខ អាន ឧបនាយករដ្ឋ​មន្ត្រី​ និង​ជា​ប្រធាន​ក្រុម​ការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​ខេត្ត​តាកែវ​ ក្រុម​ការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​ឃុំ​​កុមាររាជា​ ឯកឧត្តម​ ទិត សុធា​ និង​ឯកឧត្តម ស្វាយ សុវណ្ណ​រិទ្ធ តំ​ណាង​របស់​ឯកឧត្តម ស្វាយ ស៊ីថា រដ្ឋលេខាធិការ និង​ជា​ប្រធាន​អង្គភាព​ព័ត៌មាន​ និង​ប្រតិកម្ម​រហ័ស​នៃ​​ទី​ស្តីគណៈ​រដ្ឋ​មន្ត្រី​​ បាន​នាំ​យក​កញ្ចប់​ឃីត ​ជា​សម្ភារៈសម្រាប់​ស្ត្រី​ និង​ទារក​ទើបសម្រាល​ យកទៅ​ចែក​ជូន​ដល់ប្រជា​ពលរដ្ឋ​ប្រមាណ​២០គ្រួសារ នៅ​ក្នុង​ឃុំ​កុមាររាជា​ ស្រុក​បាទី​ ខេត្ត​តាកែវ​។

សកម្មភាព​លើក​ទី​២ នៃ​ការ​ចុះ​ចែក​ឃីតជាសម្ភារៈជូន​ដល់​ស្ត្រី​ និងទារក បាន​ធ្វើ​ឡើង​កាល​ពី​ចុង​សប្តាហ៍​កន្លង​ទៅ​  ដែល​ជា​អំ​ណោយ​សប្បុរសធម៌របស់​សាខាកាកបាទ​ក្រហម​កម្ពុជា​​ខេត្ត​​តាកែវ​​ ដោយ​មាន​ការ​ចូល​រួម​ពី​ឯកឧត្តម លោក​ជំ​ទាវ ក្រុម​ការងារ​ថ្នាក់​ជាតិ​ចុះ​មូល​ដ្ឋាន តំ​ណាង​អនុសាខាកាកបាទ​ក្រហម​ស្រុក‑ ឃុំ  ក្រុម​ប្រឹក្សាឃុំ ប្រធាន​ភូមិ​ ​យុវជន​កាយរីទ្ធ​កម្ពុជា និង​ក៏មាន​ការ​ចូល​រួមផង​ដែរពី​ក្រុម​សម្ព័ន្ធ​យុវជន​កម្ពុជា ដែល​បាន​បង្ហាញ​ពី​ការអនុវត្ត​នូវ​វប្ប​ធម៌​​​ចែក​រំ​លែក​ ​ការ​យក​ចិត្ត​ទុកដាក់​ខ្ពស់​របស់​រាជ​រដ្ឋាភិបាល​ ក្នុង​ការ​ជួយ​សម្រួល និង​លើកកម្ពស់​នូវ​ជីវភាព​រស់​នៅ ក៏ដូចចជាការចែក​ឃីតជូនប្រជា​ពលរដ្ឋ​ដោយមិន​ប្រកាន់​និន្នាការ​ឡើយ​។

ឯកឧត្តម​ ទិត សុធា រួម​ទាំង​ឯកឧត្តម ស្វាយ សុវណ្ណ​រិទ្ធ​ បាន​ពាំនាំនូវ​ពាក្យ​ផ្តាំ​ផ្ញើ​​សួរ​សុខទុក្ខពី​សំ​ណាក់​​ថ្នាក់​ដឹក​នាំ​ចំ​ពោះ​ស្ត្រី​ជា​ម្តាយ​ និង​ឪពុក ដែល​ទើប​សម្រាល​កូន​ ជា​មួយ​នឹង​ការ​រំ​លឹក​ដល់​ពួក​គាត់​ឲ្យ​យក​ចិត្ត​ទុកដាក់​ខ្ពស់​ក្នុង​ការ​ថែទាំ​សុខភាពជា​ប្រចាំ​ និង​ត្រូវ​នាំកូន​យក​ទៅ​ចាក់​ថ្នាំ​បង្កានានា ហើយ​បានជូន​ពរឲ្យ​គ្រួសារ​ពួក​គាត់​នីមួយៗ មាន​ជីវភាព​កាន់​តែ​ប្រសើរ និងសូម​ឲ្យ​ទទួល​បាន​នូវ​សុខភាព​ល្អ និង​សុភមង្គល​។

នៅ​ថ្ងៃ​ដដែល​នោះ​ដែរ ក្រុម​ការងារ​ថ្នាក់​ជាតិ​ ក៏​បាន​ពាំ​នាំ​យក​ទៅ​ជា​មួយ​នូវ​ទានព្រះ​វស្សា និង​ថវិកាប្រមាណ​ជាង​៥០ម៉ឺន​រៀល រួម​ទាំង​ទ័យវត្ថុ​មួយ​ចំ​នួន​ រួម​មាន ​អង្ក​រ  ភេសជ្ជៈ ទឹក​ត្រី​ អំ​បិល​ ស្កសរ ទឹក​ស៊ីអ៊ីវ ត្រី​ងៀត ឆៃ​ប៉ូវ​​​​​ ប្រគេនចំ​ពោះ​ព្រះ​សង្ឃនៅ​ក្នុង​វត្ត​ក្រាំង​ពង្រ ក្នុង​ឃុំ​កុមាររាជា  ​ក្នុ​ង​​​ឱកាស ដែល​នឹង​ចូល​ព្រះ​វស្សានៅ​ពេល​ខាង​មុខ សម្រាប់ជាការ​រួម​ចំ​ណែកដ៏​មានសារៈសំ​ខាន់​ ក្នុង​ការ​គោរព​ប្រតិបត្តិ និង​ទ្រទ្រង់​ព្រះ​ពុទ្ធសាសនាដែល​ជា​សាសនារបស់​រដ្ឋ​ផងដែរ៕

អត្ថបទ៖ ក្រុម​ការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​ ឃុំកុមាររាជា​​ 











សម្ព័ន្ធយុវជនកម្ពុជា បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍ ប្រតិកម្មតបនិងសេចក្តីថ្លែងការណ៍​របស់ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅកម្ពុជា​ ថ្ងៃទី​២៥ កក្កដា ២០១៥



សហព័ន្ធ​សិទ្ធិមនុស្ស​ និងអភិវឌ្ឍន៍កម្ពុជា ប្រតិកម្ម​តប​និង​ប្រកាស​ព័ត៌មានរបស់ស្ថាន​ទូតសហ​រដ្ឋអា​មេរិក នៅរាជ​ធានីភ្នំពេញ ចេញ​ផ្សាយ​នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៥