Thursday, August 22, 2019

សារលិខិតលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងឱកាសប្រារព្ធទិវាអក្ខរកម្មជាតិ ៨ កញ្ញា ២០១៩

ក្នុងឱកាសទិវាអក្ខរកម្មជាតិ ៨ កញ្ញា ២០១៩ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានផ្ញើសារលិខិតសម្តែងនូវក្តីសោមនស្សរីករាយយ៉ាងក្រៃលែងនិងសូមចូលរួមប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនជនរួមជាតិ ស្របពេលប្រជាជនកម្ពុជានៅទូទាំងប្រទេសកំពុងរស់នៅក្នុងបរិយាកាសនៃសុខសន្តិភាព និងការអភិវឌ្ឍ បន្ទាប់ពីរាជរដ្ឋាភិបាលនីតិកាលទី៦នៃរដ្ឋសភាទទួលបាននូវការទុកចិត្តនិងគាំទ្រពីប្រជាពលរដ្ឋឱ្យបន្តបេសកកម្មដ៏ឧត្តុង្គឧត្តមជាប្រវត្តិសាស្រ្តរបស់ខ្លួនជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងមុតមាំឥតរាថយ និងកាន់តែស្វាហាប់ជាងពេលណាៗទាំងអស់ក្នុងការបម្រើប្រជាពលរដ្ឋក៏ដូចជាការពន្លឿនកិច្ចអភិវឌ្ឍនិងជំរុញអនុវត្តកំណែទម្រង់កាន់តែស៊ីជម្រៅនិងទូលំទូលាយលើគ្រប់វិស័យឆ្ពោះទៅរកការកសាងអនាគតដ៏រុងរឿងមួយស្របតាមឆន្ទៈនិងបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជននៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

សូមអានសារលិខិតខាងក្រោម៖




សហព័ន្ធស្រូវអង្ករកម្ពុជា ស្នើសហគមន៍អឺរ៉ុបលើកកម្ពស់ជីវភាពរបស់ប្រជាកសិករ

នៅដើមឆមាសទី១ ក្នុងឆ្នាំ២០១៩ ប្រទេសកម្ពុជា បាននាំចេញអង្ករបានជិត ៩៣,០០០តោន ទៅកាន់ទីផ្សារសហគមន៍អឺរ៉ុប (EU) ដែលវាជាចំនួនដ៏ច្រើនមួយ ប៉ុន្តែបរិមាណនេះ គឺបានត្រឹមតែពាក់កណ្តាលតែប៉ុណ្ណោះ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៨ ដោយសារវាជាឆ្នាំទីមួយ ដែលសហគមន៍អឺរ៉ុប បានកំណត់យកពន្ធលើការនាំចូល ដើម្បីជួយដល់អ្នកផលិត ក្នុងសហគមន៍អឺរ៉ុប។
តាមសេចក្ដីប្រកាសព័ត៌មានរបស់ សហព័ន្ធស្រូវអង្ករកម្ពុជា នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩នេះ បានបញ្ជាក់ថា ការកំណត់ពន្ធនេះ បានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់កសិករកម្ពុជាជាង ៥០០,០០០គ្រួសារ ដែលប្រឹងប្រែងចិញ្ចឹមជីវិតដោយ ការដាំដុះ ស្រូវក្រអូបផ្កាម្លិះ ស្រូវក្រអូបគ្រាប់វែង ដែលប្រភេទពូជស្រូវទាំងនេះ បានដាំដុះ នៅក្នុងតំបន់ភូមិសាស្ត្រ ជាក់លាក់មួយ ហើយមិនប្រកួតប្រជែងដោយផ្ទាល់ ជាមួយផលិតផល បានដាំដុះនៅក្នុងសហគមន៍អឺរ៉ុបនោះឡើយ។
សហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ទៀតថា «បញ្ហាទាំងនេះធ្វើឲ្យយើងឈឺចាប់ មិនទាន់គ្រប់គ្រាន់នៅឡើយទេ តែឥឡូវសហគមន៍អឺរ៉ុប កំពុងពិចារណា ដកនូវប្រព័ន្ធកម្មវិធីអនុគ្រោះពន្ធ អ្វីៗទាំងអស់លើកលែងតែអាវុធ (EBA)។ កិច្ចព្រមព្រៀងពាណិជ្ជកម្មនេះ គឺបានអនុញ្ញាតឲ្យទំនិញពីកម្ពុជា ក៏ដូចជាប្រទេសកំពុងអភិវឌ្ឍន៍ផ្សេងទៀត បាននាំចូលទៅកាន់ទីផ្សារសហគមន៍អឺរ៉ុប ដោយរួចពន្ធនាំចូល និងអាករណ៍ផ្សេងៗ។ អ្នកតាក់តែងច្បាប់របស់ សហគមន៍អ៊ឺរ៉ុប កំពុងគំរាមកំហែង ឈានដល់ការបញ្ចប់នូវការអនុគ្រោះនេះ ដើម្បីដាក់សម្ពាធឲ្យមានការកែទម្រង់ នយោបាយនៅកម្ពុជា។ ការវាយបំផ្លាញមួយដែលនាំឲ្យ ឧស្សាហកម្ម ស្រូវអង្ករ ត្រូវខ្ទេចខ្ចី និងប៉ះពាល់ដល់ជីវភាពគ្រួសារកសិករ»។

ចាប់តាំងពីឆ្នាំ២០០១មក ប្រព័ន្ធអនុគ្រោះពន្ធ អ្វីៗលើកលែងតែអាវុធ EBA មិនត្រឹមតែបានជួយសម្រួលនូវចរន្តទំនិញ សម្រាប់កម្ពុជាប៉ុណ្ណោះទេ តែវាក៏បានផ្តល់គោលនយោបាយ ធានាសុវត្ថិភាពមួយលើសេដ្ឋកិច្ចទាំងមូល ដែលអាចផ្តល់លទ្ធភាពឲ្យមានកំណើន ដ៏ខ្លាំងក្លា និងឧត្តមភាព នៃកំណើនតម្រូវការពី ទីផ្សារពិភពលោកផងដែរ។
អង្ករកម្ពុជា ត្រូវបានផលិតឡើងស្របតាមបទដ្ឋានអន្តរជាតិ ហើយសហព័ន្ធស្រូវអង្ករកម្ពុជា ជួយដល់អ្នកផលិតឲ្យអនុវត្ត ស្របតាមកម្មវិធីដែលរៀបចំឡើង ដោយជំរុញឲ្យគោរពគោលការណ៍ បង្កបង្កើនផលប្រកបដោយសីលធម៌ ការទទួលខុសត្រូវ និងមានចីរភាព។ វាជាគោលដៅសម្រាប់លើកកម្ពស់នូវប្រព័ន្ធមួយ ដែលមានសមធម៌ ហើយផ្តល់ផលប្រយោជន៍ជាក់លាក់ដល់ប្រជាកសិករ។
នៅក្នុងបរិបទដ៏ជាក់លាក់នេះ ការពង្រីកការដាំដុះកំពុងកើនឡើងនៅកម្ពុជា ក្រោមបទដ្ឋានគោលនយោបាយ និរន្តភាពស្រូវ (Sustainable Rice platform- SRP)។ ប្រភេទពូជស្រូវ ត្រូវបានដាំដុះក្រោមលក្ខខណ្ឌតាមដានយ៉ាងជាក់លាក់ ស្របតាមបទដ្ឋានផលិតផល និងគោលការទទួលស្គាល់សមធម៌ពាណិជ្ជកម្ម។
ស្រូវសរីរាង្គ (SRP) ដែលទទួលស្គាល់ដោយ អង្គការសហប្រជាជាតិ ផ្នែកបរិដ្ឋាន (UNEP) និងវិទ្យាស្ថានស្រាវជ្រាវស្រូវអន្តរជាតិ (IRRI) បានបញ្ជាក់ថា មិនមានជាតិពុល ចេញពីជីគីមី និងថ្នាំពុលកសិកម្ម ហើយស្របតាមគោលការណ៍អនុវត្តន៍បរិដ្ឋានស្អាត និងសមធម៌ពលកម្ម។ ផលប្រយោជន៍ត្រូវបានធ្លាក់ទៅលើសហគមន៍សកិសកម្ម ដែលចូលរួមជំរុញលើតម្កើងផ្តល់ឱកាសដល់ស្ត្រី ហើយស្របតាមយុទ្ធសាស្ត្របម្រែបម្រួលបរិយាកាស។
បើគ្មាន EBA នោះការប្រឹងប្រែងទាំងប៉ុន្មានក្លាយជាអសាបង់។ ហេតុនេះ សហព័ន្ធស្រូវអង្ករ សូមទទូចស្នើសុំដល់សហគមន៍អឺរ៉ុប ឲ្យជួយលើកកម្ពស់ជីវភាព ប្រជាកសិករ កម្ពុជាជាងកន្លះលានគ្រួសារ និងបន្តជួយរក្សាការងារ ដែលបាននិងកំពុងធ្វើកន្លងមក៕



បញ្ជាការដ្ឋានបញ្ជូនសារកងទ័ពជើងគោកប្រារព្ធពិធីបិទវគ្គហ្វឹកហ្វឺនរៀបរយជំនាញបញ្ជូនសារ

បន្ទាប់ពីបានដំណើរការបើកវគ្គអស់រយៈពេល៣ខែរួចមក នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ បញ្ជាការដ្ឋានបញ្ជូនសារកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ បន្ទាយព្រែកហូរ ក្រុងតាខ្មៅ បានប្រារព្ធពិធីបិទវគ្គហ្វឹកហ្វឺនរៀបរយជំនាញបញ្ជូនសារ កងទ័ពជើងគោក ប្រចាំឆ្នាំ២០១៩ ដែលពិធីបិទវគ្កនេះបានប្រព្រឹត្តទៅស្ថិតក្រោមអធិបតីភាព ឧត្តមសេនីយ៏ឯក ប្រាក់ សុវណ្ណា មេបញ្ជាការរងកងទ័ពជើងគោក។
នៅក្នុងមតិស្វាគមន៏ និងរបាយការណ៍បិទវគ្គ ដែលអានដោយឧត្តមសេនីយ៏ទោ ប៊ូ វណ្ណារក្ស នាយរងសេនាធិការ មេបញ្ជាការ បញ្ជាការដ្ឋានបញ្ជូនសារកងទ័ពជើងគោក បានឲ្យដឹងថា វគ្គហ្វឹកហ្វឺនរៀបរយជំនាញបញ្ជូនសារកងទ័ពជើងគោក ប្រចាំឆ្នាំ២០១៩ ដែលបានដំណើរការបិទនាពេលនេះ មានសិក្ខាកាមសរុបចំនួន២០០នាក់ ដោយចែកចេញជាពីរវគ្គ វគ្គទី១ មានសិក្ខាកាមសរុបចំនួន១០០នាក់ មកពីកងឯកភាព ស្ថាប័នចំណុះកងទ័ពជើងគោក មានគ្រូយោធាចារ្យចំនួន ២០នាក់ ហ្វឹកហ្វឺនរយៈពេលចំនួន៣ខែ ស្មើ៩១ថ្ងៃ លើខ្លឹមសារ មេរៀនរួមមាន៖ យោធារួម, អប់រំចិត្តសាស្ត្រ និងជំនាញបញ្ជូនសារ។ រីឯលទ្ធផលក្រោយពេលបញ្ចប់វគ្គសិក្ខាកាមទទួលបាននិទ្ទេសល្អមធ្យម ជាទូទៅ។
អញ្ជើញមានប្រសាសន៍ក្នុងឱកាសនោះ លោក ប្រាក់ សុវណ្ណា ក្នុងនាម មេបញ្ជាការកងទ័ពជើងគោក បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រសួងការពារជាតិ អគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ថ្នាក់ដឹកនាំ និងគ្រប់ស្ថាប័នចំណុះកងទ័ពជើងគោក ដែលបានជួយឧបត្ថម្ភទាំងស្មារតី សម្ភារៈ ថវិកាតាំងពីដើមរៀងមក រហូតធ្វើឲ្យវគ្គហ្វឹកហ្វឺននេះ ទទួលបានលទ្ធផលជោគជ័យ និងវិជ្ជមាននាថ្ងៃនេះ។ លោក ក៏បានកោតសរសើរចំពោះលោក ប៊ូ វណ្ណារក្ស នាយទាហាន នាយទាហានរង និងពលទាហានចំណុះបញ្ជាការដ្ឋានបញ្ជូនសារ កងទ័ពជើងគោក គ្រូយោធាចារ្យ គណៈគ្រប់គ្រងវគ្គ រួមនឹងសិក្ខាកាមទាំងអស់បានខិតខំបំពេញភារកិច្ចប្រកបដោយកិច្ចសហការខ្ពស់រហូតធ្វើឲ្យវគ្គនេះបានបញ្ចប់ទៅតាមការគ្រោងទុក្ខ។

លោក ប្រាក់ សុវណ្ណា បានបញ្ជាក់បន្ថែមទៀតថា វគ្គរៀបរយជំនាញបញ្ជូនសារ កងទ័ពជើងគោក ឆ្នាំ២០១៩ ដែលបានប្រារព្ធពិធីបិទនាពេលនេះ ពិតជាបានចូលរួមចំណែកបណ្តុះបណ្តាលធនធានមនុស្សពង្រឹងសមត្ថភាព ចំណេះដឹង ចំណេះធ្វើ ស្របតាមភារកិច្ចចំពោះមុខរបស់កងយោធពលខេមរភូមិន្ទ ទាំងបរិមាណ និងគុណភាព។ លោក ក៏បានគូសបញ្ជាក់ពីគោលបំណង រួមទាំងតួនាទីភារកិច្ច ជំនាញបញ្ជូនសារ ជាជំនាញមួយ មានសារៈសំខាន់នៅក្នុងចំណោមប្រភេទជំនាញដ៏ទៃផ្សេងទៀត ហើយវាក៏ជាតម្រូវការចាំបាច់សម្រាប់ធ្វើការទាក់ទងតភ្ជាប់គ្នាជាអចិន្ត្រៃយ៏ ពីស្ថាប័នមួយទៅស្ថាប័ន មួយបម្រើឲ្យការទាក់ទង ផ្តល់ពត៍មាន ក៏ដូចជាសហប្រតិបត្តិការដឹកនាំបញ្ជាក្នុងពេលប្រយុទ្ធ ត្រៀមប្រយុទ្ធ និងរាល់ករណីធ្វើសកម្មភាពផ្សេងៗទៀត ក្នុងវិស័យកងទ័ព ក៏ដូចជាវិស័យសង្គម ដោយប្រើប្រាស់មធ្យោបាយ តាមប្រព័ន្ធរលកធាតុអាកាស វែង ខ្លី គេហទំព័រ ហ្វេសបុក សារអេឡិចត្រូនិច អ៊ិនធឺណែត ប្រកបដោយសមត្ថភាព និងគុណភាព៕







Video៖ «ភ្លើងបានឆាបឆេះដល់ចិញ្ចើមភ្នែក សម រង្ស៊ី ហើយ!»

ទស្សនៈមតិ៖ តើហេតុអ្វីបានជាបុរសខ្លាំង ហ៊ុន សែន សម្រេចប្តឹងទណ្ឌិត សម រង្ស៊ី ទៅតុលាការបារាំង?

នេះជាលើកដំបូងហើយ ដែលបុរសខ្លាំង ហ៊ុន សែន បានដាក់ពាក្យបណ្តឹងជាផ្លូវការ ប្តឹងទណ្ឌិត សម រង្ស៉ី ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈចំពោះបុគ្គល» ទៅកាន់តុលាការបារាំង នៅថ្ងៃទី២០ សីហា ឆ្នាំ២០១៩។ កន្លងមកទណ្ឌិតរូបនេះ បានធ្វើការចោទប្រកាន់និងមូលបង្កាច់លោក ហ៊ុន សែន ព្រមទាំងក្រុមគ្រួសារ និងមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ជាច្រើនលើកច្រើនសារមកហើយ ដែលបុគ្គលនេះឯង ក៏ធ្លាប់បានចាញ់ក្តី ជាបន្តបន្ទាប់ផងដែរ។
តើហេតុអ្វី បានជាបុរសខ្លាំង ហ៊ុន សែន សម្រេចប្តឹងទណ្ឌិត សម រង្ស៊ី ទៅតុលាការបារាំង? ខាងក្រោមនេះគឺជាមូលហេតុចំនួន៧យ៉ាង នៅពីក្រោយបណ្តឹងរបស់បុរសខ្លាំង ហ៊ុន សែន ទៅតុលាការបារាំង ដែលទណ្ឌិត សម រង្ស៊ី និងក្រុមផ្កាប់មុខចាំបាច់ត្រូវតែដឹង!
ទី១/ អស់ការអត់ធ្មត់ ជុំវិញទង្វើអសីលធម៌ដដែលៗ និងការចោទប្រកាន់កាន់តែធ្ងន់ធ្ងរឡើង និងអាក្រក់ឡើងៗ៖ ភាពគឃ្លើនល្មើសច្បាប់ មួលបង្កាច់ បរិយារកេរ្តិ៍ ផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ និងចោទប្រកាន់ដោយគ្មានមូលដ្ឋានច្បាស់លាស់របស់ទណ្ឌិត សម រង្ស៊ី បានធ្វើឱ្យបុរសខ្លាំង អស់ការអត់ធ្មត់តទៅទៀត។ ការឈានដល់ការសម្រេចចិត្តប្តឹងប្តល់នេះ ក៏ព្រោះតែអស់ភាពអត់ធ្មត់របស់លោក ហ៊ុន សែន ដែលតែងតែមាន បានឆ្លងហួសបន្ទាត់ក្រហមហើយ។ ពាក្យចាស់ពោលថា «កុកអាចភ្លេចជុង តែជុងមិនដែលភ្លេចកុកឡើយ»។ យ៉ាងណាមិញ ទណ្ឌិត សម រង្ស៊ី អាចភ្លេចសម្តីមួលបង្កាច់របស់ខ្លួន ព្រោះតែខ្លួនបាននិយាយបែបនេះច្រើនដងពេក។ ប៉ុន្តែជនរងគ្រោះដោយការមួលបង្កាច់របស់ សម រង្ស៊ី គឺមិនដែលភ្លេចនូវការបំពានដ៏អាក្រក់នេះឡើយ។
ទី២/ ដើម្បីបញ្ជាក់ពីភាពស្អាតស្អំ កុំឱ្យទណ្ឌិត សម រង្ស៊ី បានចិត្ត និងការពារការយល់ច្រឡំរបស់មនុស្សមួយចំនួនលើរូបលោក ហ៊ុន សែន ៖ ជនដែលគ្មានកំហុស មិនខ្លាចការពិតឡើយ។ លោក ហ៊ុន សែន ចាំបាច់ណាស់ ត្រូវតែទាមទាររកយុត្តិធម៌សម្រាប់ខ្លួនឯង។ លោកពិតជាត្រូវការ បញ្ជាក់ពីភាពស្អាតស្អំរបស់លោក ចំពោះការចោទប្រកាន់ដោយកំរោល របស់ទណ្ឌិត សម រង្ស៊ី គឺបានធ្វើឱ្យប៉ះពាល់ដល់កិត្តិយសរបស់លោក ព្រមទាំងក្រុមគ្រួសារយ៉ាងធ្ងន់ធ្ងរ។ បណ្តឹងរបស់ លោក ហ៊ុន សែន ក៏ដើម្បីបង្ហាញប្រាប់សាធារណៈមតិជាតិ និងអន្តរជាតិថាលោកមិនដែលរួញរាឡើយ ក្នុងការតស៊ូដើម្បីការពារយុត្តិធម៌ និងការពារសេចក្តីសុខសាន្ត របស់ប្រទេសជាតិ និងប្រជាជនរបស់ខ្លួន។ លោកធ្លាប់បានយកជីវិតធ្វើជាដើមទុន រំដោះប្រទេសជាតិ និងប្រជាជនចេញពីរបបខ្មែរក្រហម។ ដូច្នេះ ត្រឹមការតស៊ូខាងផ្លូវច្បាប់ ដើម្បីការពារយុត្តិធម៌សម្រាប់ខ្លួនឯង គ្មានអ្វីត្រូវខ្លាចឡើយក្នុងនាមជា «មាសសុទ្ធមិនខ្លាចភ្លើង»។
ទី៣/ ប្រើច្បាប់ចាត់ការទណ្ឌិត ដែលប្រព្រឹត្តល្មើសច្បាប់ គឺបង្ហាញពីការប្រកាន់ខ្ជាប់នូវគោលការណ៍នីតិរដ្ឋ យកច្បាប់ជាធំ៖ បុរសខ្លាំង ហ៊ុន សែន បានសម្រេចជ្រើសរើសយកផ្លូវច្បាប់ ក្នុងការទាមទារយុ​ត្តិធម៌ ដោយប្តឹងបុគ្គល សម រង្ស៊ី ទៅកាន់តុលាការបារាំង។ ការនិយាយបរិហារ និងការប្រមាថកាតទានដោយអសីលធម៌ និងគ្មានការទទួលខុសត្រូវ គឺមិនមែនជាសិទ្ធិសេ​រីភាពឡើយ។ ករណីបែបនេះ មិនថានៅកម្ពុជា បារាំង អង់គ្លេស ឬអាមេរិកទេ គឺជាអំពើអសីលធម៌ ដែលមិនអាចអត់ឱនបានឡើយ។ បណ្តឹងនេះ គឺជាសារមួយបញ្ជាក់ថា មនុស្សទាំងអស់ត្រូវតែនៅក្រោមច្បាប់ ហើយត្រូវមានសីលធម៌ក្នុងជីវិត។ តម្លៃសីលធម៌តាមផ្លូវតុលាការនេះ បានញែកទិដ្ឋភាពនយោបាយ ហើយបានលាតត្រដាងថា «សម រង្ស៊ី ជាជនអសីលធម៌ និងទាបថោកបាតសង្គម»។ នេះក៏ជាការព្រមាន សម រង្ស៊ី និងគូកនថា អ្នកអាចរត់គេចពីប្រព័ន្ធច្បាប់ក្នុងស្រុកបាន តែអ្នកមិនអាចរួចខ្លួនពីអំពើបំពានលើអ្នកដទៃនោះទេ ពីព្រោះប្រព័ន្ធច្បាប់មាននៅគ្រប់ទិសទី គ្រប់ប្រទេស និងមានភាពប្រទាក់ក្រឡាគ្នាដូចសំណាញ់ពីងពាង។
ទី៤/ការពារ ការចោទប្រកាន់ពីទណ្ឌិត សម រង្ស៊ី និងពួកផ្កាប់មុខថា ប្រើប្រាស់តុលាការអាយ៉ង៖ដោយ​សារ​​តែកន្លងមក នៅពេលចាញ់ក្តីម្តងៗទណ្ឌិត សម រង្ស៊ី តែងតែចោទប្រកាន់តុលាការស្រុកខ្មែរថា ជាអាយ៉ង ទើបពេលនេះ បុរសខ្លាំងសម្រេចប្តឹងទៅតុលាការបារាំងតែម្តង។ លោក ហ៊ុន សែន មិនខ្លាចនឹងភាពយុត្តិធម៌ទេ។ ប្រសិនបើពាក្យបណ្តឹងនេះ ដាក់ចូលតុលាការក្នុងស្រុក សម រង្ស៊ី ច្បាស់ជាប្រើលេសដដែលៗថា តុលាការមិនឯករាជ្យ ឬតុលាការតេឡេ ហើយបដិសេធមិនទទួលស្គាល់សាលក្រមតុលាការដូចដែលខ្លួនធ្លាប់បានធ្វើរាប់ដងមិនអស់។ ដោយសារធ្លាប់តែអួតក្អេងក្អាងប្រមាថ វាយប្រហារប្រព័ន្ធតុលាការកម្ពុជា តាមអំពើចិត្ត ប៉ុន្តែឥឡូវនេះ បណ្តឹងបានមកដល់មាត់ទ្វារផ្ទះសម រង្ស៊ី នៅស្រុកបារាំង។ តើសម រង្ស៊ី នឹងមានលេសអ្វីតវ៉ាទៀត។
ទី៥/ដើម្បីព្រមានពីអំពើទុច្ចរិតរបស់ទណ្ឌិត សម រង្ស៊ី លោក ហ៊ុន សែន បានប្រើយុទ្ធសាស្ត្រ តាមវ៉ៃដល់ផ្ទះតែម្តង៖ បណ្តឹងរបស់លោក ហ៊ុន សែន គឺជាការបំបាក់យ៉ាងទាន់ហន់ចំពោះអំនួត និងភាពក្រអឺតក្រទមរបស់ សម រង្ស៊ី ដែលអះអាងថា ហ៊ុន សែន មិនហ៊ានប្តឹងគាត់ទៅតុលាការបារាំងទេ។ ការមួលបង្កាច់ ចោទប្រកាន់ដោយគ្មានការពិត និងការប្រឌិតរឿងលាបពណ៌ គឺជាបទល្មើសជាសាកល ដែលទោះក្នុងប្រទេសណាក៏ដោយ ក៏មានច្បាប់សម្រាប់ដាក់ទោសជនប្រព្រឹត្តិល្មើសដែរ។ តាមរយៈសំណុំរឿងនេះ លោក សម រង្ស៊ី នឹងបានភ្លឺភ្នែក និងយល់ច្បាស់នូវអ្វីដែលគេហៅថា សេរីភាពបញ្ចេញមតិ និងការរំលោភបំពានលើសិទ្ធិអ្នកដទៃ។ បណ្តឹងរបស់លោក ហ៊ុន សែន ធ្វើឲ្យ សម រង្ស៊ី ភ្ញាក់ផ្អើលមិននឹកស្មានដល់ថា លោក ហ៊ុន សែន មានភាពម៉ឺងមាត់ និយាយពិត ធ្វើមែន ហើយតាមវ៉ៃ សម រង្ស៊ី តាមផ្លូវច្បាប់រហូតដល់ផ្ទះនៅស្រុកបារាំង។
ទី៦/លែងមានទៀតហើយ វប្បធម៌សណ្តោសប្រណីជាមួយទណ្ឌិត សម រង្ស៊ី៖ កន្លងមក សម រង្ស៊ី បានសុំទោសលោក ហ៊ុន សែន ជាច្រើន​លើក និងទទួលស្គាល់ថា ខ្លួនបានចោទប្រកាន់លោក ហ៊ុន សែន ដោយគ្មានភស្តុតាង ប៉ុន្តែជនទុច្ចរិត សម រង្ស៊ី បានលេបពាក្យសម្តីរបស់ខ្លួន ដោយគ្មានអៀន​ខ្មាស បំពាននូវសម្តីសារភាពរបស់ខ្លួន និងថែមទាំងបន្តប្រមាថ ដោយគ្មានគុណធម៌ចំពោះលោក ហ៊ុន សែន។ តាមមនសិការ និងបុគ្គលិកលក្ខណៈផ្ទាល់ខ្លួន និងនយោបាយរបស់លោក ហ៊ុន សែន ដែលតែងតែអន់ឱន និងអនុគ្រោះសណ្តោសប្រណី ចំពោះជនរួមជាតិរបស់លោកនោះ បុរសខ្លាំង ហ៊ុន សែន មិនចង់ប្តឹងបុគ្គល សម រង្ស៉ី នោះទេ ប៉ុន្តែការចោទប្រកាន់ខាងលើនេះ គឺមិនអាចអត់ឱនឲ្យបានជាដាច់ខាត។ ទណ្ឌិត សម រង្ស៊ី ដែលតែងតែព្យាយាមវាយប្រហារលោក ហ៊ុន សែន គ្រប់កាលៈទេសៈ ហើយតែងទទួលបាននូវការសណ្តោសប្រណៃពីលោក ហ៊ុន សែន ជាច្រើនលើករួចមកហើយ។ លោក ហ៊ុន​ សែន បានបង្កើតវប្បធម៌សន្ទនា ដើម្បីលុបបំបាត់ ទ្រឹស្តី «ទឹកឡើងត្រីស៊ីស្រមោច ទឹកហោចស្រមោចស៊ីត្រី» ហើយរហូតដល់លោកបានបង្កើតវប្បធម៌សន្ទនា រវាងគ្រួសារត្រកូលហ៊ុន និងត្រកូលសម ថែមទៀត។ ប៉ុន្តែ សម រង្ស៊ី បានបំផ្លាញវប្បធម៌សន្ទនាដ៏ក្មេងខ្ចី ដោយប្រើប្រាស់វិធីសាស្ត្រ​ចាប់ដៃជាន់ជើង មិនដែលឱ្យតម្លៃចំពោះគុណធម៌របស់លោក ហ៊ុន សែន ចំពោះខ្លួនឡើយ។ ដូច្នេះពេលនេះ សម រង្ស៊ី គ្មានឱកាសទទួលបានការលើកលែងទោសទៀតនោះទេ។
ទី៧/បញ្ចប់ជីវិតនយោបាយ និងបកអាក្រាតទង្វើទុច្ចរិតរបស់ទណ្ឌិត សម រង្ស៊ី៖ សម រង្ស៊ី នឹងអាម៉ាស់មុខកាន់តែខ្លាំង ចំពោះទង្វើខ្វះសីលធម៌ និងល្មើសច្បាប់របស់ខ្លួន ហើយសម រង្ស៊ី នឹងចាញ់ក្តីនៅចំពោះមុខតុលា​ការបារាំង ដោយសារតែការចោទប្រកាន់គ្មានមូលដ្ឋានលើលោក ហ៊ុន សែន។​ ជីវិតនយោបាយចុងក្រោយ របស់ទណ្ឌិត សម រង្ស៊ី នឹងត្រូវបញ្ចប់ទៅដោយភាពអាម៉ាស់បំផុត ខណៈការចងចាំពីឈ្មោះ សម រង្ស៊ី គឺជាជនដែលចោទប្រកាន់គេដោយគ្មានការពិត និងជាជនដែលបំភ្លៃព័ត៌មានដ៏អាក្រក់បំផុត ក្នុងប្រវត្ថិសាស្ត្រ។ ការចាញ់ក្តីនៅតុលាការបារាំងលើកនេះ គឺវាល្មមដល់ពេលដែល សម រង្ស៊ី នឹងត្រូវធ្វើអត្តឃាតជីវិតនយោយបាយរបស់ខ្លួនហើយ។ សម រង្ស៊ី នឹងត្រូវចប់ដោយគ្មានពាក្យថ្លែង ព្រោះតែទង្វើដ៏ល្ងង់ខ្លៅរបស់ខ្លួន។
អ្វីដែលទណ្ឌិត សម រង្ស៊ី បានប្រព្រឹត្តដោ​យបំពានច្បាប់ ក្បត់គុណធម៌ ចំពោះអ្នកដែលធ្លាប់សណ្តោសប្រណីដល់ខ្លួន និងប្រមាថចំពោះបុគ្គលដែលតែងតែអន់ឱន និងអនុគ្រោះឱ្យខ្លួននោះ គឺដល់ពេល ដែលបុគ្គលរូបនេះត្រូវទទួលបាបកម្មហើយ។ ការអត់ធ្មត់របស់មនុស្សគឺមានដែនកំណត់ ទង្វើជ្រុលហួសហេតុពេក របស់ទណ្ឌិត សម រង្ស៊ី គឺមិនអាចលើកលែងឱ្យបានជាដាច់ខាត។ សម រង្ស៊ី គឺជាអ្នករុញលោក ហ៊ុន សែន ឱ្យប្តឹង ដូច្នេះត្រូវតែហ៊ានទទួលយកសាលក្រមរបស់តុលាការបារាំង។ អ្នកផ្កាប់មុខ ដែលធ្លាប់ជឿលើការបោកប្រាស់របស់ សម រង្ស៊ី ក៏ត្រូវតែយល់ពីហេតុផលពិតប្រាកដនៃការសម្រេចចិត្តប្តឹងរបស់លោក ហ៊ុន សែន ផងដែរ។ ជៀសវាងចោទប្រកាន់ថាលោក ហ៊ុន សែន អាងអីប្តឹងៗ ខណៈដែលពួកខ្លួនមិនព្រមបើកភ្នែកមើលពីការពិតនោះ។ នេះគេហៅថា «ឃើញគេមិនមាត់ៗ រឹតតែបានដៃ» ចុងក្រោយគឺបាបកម្ម នឹងធ្លាក់លើអ្នកប្រព្រឹត្ត ដោយជៀសមិនផុតឡើយ៕

ដោយ ៖ ស ជាតិ

ដំណើរទស្សនកិច្ចសិក្សាការពង្រឹងអង្គភាពឱ្យកាន់តែរឹងមាំលើគ្រប់វិស័យរបស់វរសេនាតូចលេខ១ តំបន់ប្រតិបត្តិការសឹករងបាត់ដំបង

បាត់ដំបង៖ ពិធីទស្សនកិច្ចសិក្សាការកសាងពង្រឹងអង្គភាពរឹងមាំលើគ្រប់វិស័យ របស់វរសេនាតូចលេខ១ តំបន់ប្រតិបត្តិការសឹករងបាត់ដំបង ត្រូវបានប្រារព្ធធ្វើឡើង ក្រោមអធិបតីភាព ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៥ នៅទីបញ្ជាការវរសេនាតូចលេខ១ តំបន់ប្រតិបត្តិការសឹករងបាត់ដំបង ស្ថិតក្នុងភូមិអូរកណ្ដាល ឃុំសន្តិភាព ស្រុកសំពៅលូន ខេង្តបាត់ដំបង។ ដំណើរទស្សនកិច្ចសិក្សាការកសាងពង្រឹងអង្គភាពរឹងមាំលើគ្រប់វិស័យ របស់វរសេនាតូចលេខ១ តំបន់ប្រតិបត្តិការសឹករងបាត់ដំបងនាពេលនេះ ក៏មានការអញ្ជើញចូលរួមពី មេបញ្ជាការ មេបញ្ជាការរង តំបន់ប្រតិបត្តិការសឹករងបាត់ដំបង, បន្ទាយមានជ័យ, ពោធិ៍សាត់, មេបញ្ជការ មេបញ្ជាការរង កងពលតូចថ្មើរជើងលេខ៥១, ៥២, ៥៣, កងការពារព្រំដែនលេខ៥០១, ៥០២, ៥០៣, និងអង្គភាពចំណុះយោធភូមិភាគទី៥ ជាច្រើនទៀត។
កម្មវិធីទស្សនកិច្ចសិក្សាការកសាងពង្រឹងអង្គភាពរឹងមាំលើគ្រប់វិស័យ ត្រូវបានដំណើរការ ទៅតាមលំដាប់លំដោយ ដែលបានគ្រោងទុក ជាដំបូងគឺ គណៈអធិបតី ព្រមទាំងប្រតិភូភ្ញៀវកិត្តិយស ចូលរួមបានទៅទស្សនាការសម្ដែងកម្មវិធីគោរពទង់ជាតិ របស់វរសេនាតូចលេខ១ បន្ទាប់មកក៏ត្រូវបានអញ្ជើញទស្សនា អគារជាកន្លែងធ្វើការងារ អគារស្នាក់នៅ គិលានដ្ឋាន ផ្ទះបាយរួម សួនដាំបន្លែ កន្លែងចិញ្ចឹមសត្វ ផងដែរ។
បន្ទាប់ពីបានទស្សនាតាមបណ្តាគោលដៅខាងក្រៅរួចមក កម្មវិធីបន្តគណៈអធិបតី ព្រមទាំងប្រតិភូ ភ្ញៀវកិត្តិយស ចូលរួមបានចូលក្នុងសាលប្រជុំដើម្បីទស្សនាវីដេអូឃ្លីប ដែលបានរៀបរាប់អំពីប្រវត្តិអង្គភាព ព្រមជាមួយនឹងរបាយការណ៍លទ្ធផលការងារប្រចាំឆ្នាំ២០១៩ ដែលអង្គភាពវរសេនាតូចលេខ១ សំរេចបានកន្លងមក ដែលស្តែងចេញពីការខិតខំប្រឹងប្រែង នៅក្នុងសកម្មភាព នៃការអនុវត្ត តាមផែនការការងារកសាងពង្រឹងអង្គភាពរឹងមាំលើគ្រប់វិស័យចំនួន៤ខ្លឹមសារ ដែលយោធភូមិភាគទី៥ បានជំរុញ និងដាក់ចេញ។
ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក ឯក សំអូន បានកោតសរសើរដល់ការខិតខំប្រឹងប្រែងកសាងពង្រឹងអង្គភាពរឹងមាំលើគ្រប់វិស័យ របស់អង្គភាពវរសេនាតូចលេខ១ មានភាពរីកចម្រើនដូចឃើញស្រាប់ ដែលអង្គភាពបានអនុវត្តតាមផែនការរបស់យោធភូមិភាគ៥ បានដាក់ចុះ។
លោក បានស្នើដល់អង្គភាពវរសេនាតូចលេខ១ ត្រូវតែខិតខំច្នៃប្រឌិត កសាងអង្គភាពខ្លួនបន្ថែមទៀត ត្រូវចេះប្រកួតប្រជែងជាមួយបណ្តាអង្គភាពដទៃទៀត និងត្រូវបណ្តុះបណ្តាលកម្លាំងឲ្យរៀនធ្វើការងារសំណង់សំរាប់ការសាងសង់តូចៗ ដែលយើងត្រូវម្ចាស់ការខ្លួនឯង ដើម្បីឲ្យកម្លាំងចេះជំនាញក្នុងការកាត់បន្ថយបានការចំណាយលើពលកម្ម។ ត្រូវមានផែនការគ្រប់គ្រងកម្លាំងជាប្រចាំ បែងចែកការងារប្រចាំថ្ងៃច្បាស់លាស់ ក្រោយពេលគោរពទង់ជាតិ ដើម្បីអោយក្លាយជាទម្លាប់ល្អ ក្នុងការរស់នៅក្នុងអង្គភាព និងក្លាយខ្លួនជាកងទ័ពល្អ។ ត្រូវប្រឹងប្រែង ហ្វឹកហ្វឺនរៀនសូត្រ និងអប់រំចិត្តសាស្ត្រជាប្រចាំលើកកម្ពស់សមត្ថភាព និងគុណភាពក្នុងជួរកងទ័ព។ បន្តជំរុញលើការងារបង្កបង្កើនផលចិញ្ចឹមសត្វ លើកកម្ពស់ជីវភាពរស់នៅ មានសុខមាលភាពល្អ។

ជាទីបញ្ចប់ លោក បានសំណូមពរដល់អង្គភាពត្រូវបន្តនិរន្តរភាព ស្ដីពីការកសាងពង្រឹងអង្គភាពរឹងមាំលើគ្រប់វិស័យបន្តទៀត ហើយលោកបានឧបត្ថម្ភដល់អង្គភាពវរសេនាតូចលេខ១ ថវិកាចំនួន២លាន ផងដែរ៕







ឧបនាយករដ្ឋមន្រ្ដី ទៀ បាញ់ អនុញ្ញាតលោក ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុន ចូលជួបសម្តែងការគួរសម និងជម្រាបលា

នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ នៅទីស្តីការគណៈរដ្ឋមន្ត្រី លោកឧបនាយករដ្ឋមន្រ្ដី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអនុញ្ញាតជូន លោក Hidehisa HORINOUCHI ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុន ចូលជួបសម្តែងការគួរសម និងជម្រាបលា ក្នុងឱកាសដែលលោក បានបញ្ចប់បេសកកម្មការទូត នៅព្រះរាជាណាចក្រកម្ពុជា។
នៅក្នុងជំនួបសវនកានេះ លោក Hidehisa HORINOUCHI សម្តែងការសប្បាយរីករាយ ចំពោះការបំពេញការងារនៅកម្ពុជា រយៈពេល៣ឆ្នាំកន្លងមកនេះ ដោយឃើញកម្ពុជាមានការរីកចម្រើនលើគ្រប់វិស័យ ទាំងស្ថេរភាពនយោបាយ សន្តិសុខ សេដ្ឋកិច្ច វិនិយោគ ពាណិជ្ជកម្ម ទេសចរណ៍ ពីមួយឆ្នាំទៅមួយឆ្នាំ មានការកើនឡើង និងបានធ្វើការជួសជុលបញ្ចប់ជាស្ថាពរនូវស្ពានមិត្តភាព កម្ពុជា-ជប៉ុន។ នៅក្នុងពេលបំពេញបេសកកម្មការទូតនៅកម្ពុជា លោក Hidehisa HORINOUCHI មានមោទនភាពជាខ្លាំង ដោយបានពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគី ប្រទេសទាំងពីរកាន់តែជិតស្និទ្ធថែមទៀត ព្រមទាំងបានរៀបចំជូន លោកនាយករដ្ឋមន្ត្រី អញ្ជើញទៅបំពេញទស្សនកិច្ច និងចូលរួមប្រជុំចំនួន៣លើក នៅប្រទេសជប៉ុន។
ពាក់ព័ន្ធនឹងវិស័យការពារជាតិ ភាគីជប៉ុនក៏បានទទួលដំណើររបស់ លោកឧបនាយករដ្ឋមន្រ្ដី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ ទៅបំពេញទស្សនកិច្ចនៅជប៉ុន នៅឆ្នាំ២០១៧ និងទទួលទស្សនកិច្ចរបស់ នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការ ក្រសួងការពារជាតិ ទៅចូលរួមប្រជុំ និងវេទិកានានានៅជប៉ុន ជារៀងរាល់ឆ្នាំ។ ជាមួយគ្នានេះ ជប៉ុនបានជួយបណ្តុះបណ្តាលលើវិស័យរក្សាសន្តិភាព សំដៅលើកកម្ពស់សមត្ថភាពធនធានមនុស្ស ការចូលចតនាវាជប៉ុននៅកំពង់ផែខេត្តព្រះសីហនុ និងការផ្លាស់ប្តូរដំណើរទស្សនកិច្ចរវាងថ្នាក់ដឹកនាំ នាយទាហាន ប្រទេសទាំងពីរ កម្ពុជា-ជប៉ុនផងដែរ។
ជាការឆ្លើយតបទៅនឹងប្រសាសន៍លើកឡើងរបស់លោក Hidehisa HORINOUCHI លោកឧបនាយករដ្ឋមន្រ្ដី ទៀ បាញ់ បានអបអរសាទរដល់លោក ឯកអគ្គរាជទូត ដែលបានបញ្ចប់បេសកកម្មការទូតប្រកបដោយជោគជ័យ ដ៏ធំធេងនៅកម្ពុជា និងសូមសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោកផ្ទាល់ ក្នុងការរួមចំណែកពង្រឹង និងលើកកម្ពស់ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរកម្ពុជា ជប៉ុន មានភាពរីកចម្រើនលើគ្រប់វិស័យ ពិសេសវិស័យរក្សាសន្តិភាព អោយកាន់តែប្រសើរឡើងថែមទៀត ឈានដល់កម្រិតភាពជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ តាមការប្តេជ្ញាចិត្តដ៏មុតមាំរបស់រាជរដ្ឋាភិបាល ប្រទេសទាំងពីរ កម្ពុជា ជប៉ុន។
ជាក់ស្តែងក្រសួងការពារជប៉ុន បានជួយបង្កើនសមត្ថភាពដល់កងរក្សាសន្តិភាពកម្ពុជា លើវិស័យអប់រំ និងហ្វឹកហ្វឺន នៅក្នុងក្របខណ្ឌនៃប្រតិបត្តិការរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ ដូចជាជំនាញបច្ចេកទេសវិស្វកម្មជំនាញរក្សាសន្តិភាព។ល។ ធ្វើអោយកងរក្សាសន្តិភាពកម្ពុជា ទៅបំពេញបេសកកម្មរបស់អង្គការសហប្រជាជាតិ ផ្នែកជំនាញវិស្វកម្ម ទទួលជោគជ័យជាបន្តបន្ទាប់ និងទទួលបានការកោតសរសើរពីសំណាក់មន្ត្រីអង្គការសហប្រជាជាតិ និងបណ្តាប្រទេសរួមបេសកកម្ម នៅក្នុងតំបន់ជាមួយគ្នា។
ឆ្លៀតក្នុងឱកាសនេះ លោកឧបនាយករដ្ឋមន្រ្ដី ទៀ បាញ់ បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល កងទ័ព និងប្រជាជនជប៉ុន ដែលបានផ្តល់ជំនួយដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា។ ពិជ័យសេនា ទៀង បាញ់ មានជំនឿយ៉ាងមុតមាំថា ទោះបីលោក Hidehisa HORINOUCHI បានបញ្ចប់បេសកកម្មការទូតនៅកម្ពុជានាពេលនេះក៏ពិតមែន ប៉ុន្តែលោក នឹងពាំនាំដល់រដ្ឋាភិបាល ក្រសួងការពារប្រទេសជប៉ុន នឹងបន្តជួយឧបត្ថម្ភគាំទ្រដល់កងរក្សាសន្តិភាពទៅតាមសំណូមពរចាំបាច់ជាពុំខានឡើយ សំដៅលើកកម្ពស់សមត្ថភាពធនធានមនុស្ស ដើម្បីអភិវឌ្ឍប្រទេសកម្ពុជា អោយកាន់តែរីកចម្រើនថែមទៀត។ ក្នុងនាមថ្នាក់ដឹកនាំក្រសួងការពារជាតិកម្ពុជា នៅតែលើកកម្ពស់ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងឲ្យកាន់តែជិតស្និទ្ធថែមទៀតជាមួយលោក ឯកអគ្គរាជទូតថ្មី ដែលមកបំពេញបេសកកម្មការទូតនៅកម្ពុជា ជំនួសលោក។

លោកឧបនាយករដ្ឋមន្រ្ដី ទៀ បាញ់ បានលើកជាសំណូមពរចំពោះលោក Hidehisa HORINOUCHI ពេលទៅបំពេញបេសកកម្មការទូតនៅប្រទេសហូឡង់ សូមជួយជម្រាបជូនដល់ប្រទេសមួយចំនួន នៅក្នុងសហគមន៍អឺរ៉ុបបានយល់ពីស្ថានការណ៍ពិតនៅកម្ពុជា ពីព្រោះមានតែមិត្តជប៉ុនទេ ដែលបានយល់អំពីស្ថានភាពនៅកម្ពុជាតាំងពីជំនាន់អ៊ុនតាក់ ក្នុងឆ្នាំ១៩៩៣ និងសភាពការណ៍ពិតនាពេលបច្ចុប្បន្នដែលកម្ពុជា មានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ខុសពីការចោទប្រកាន់របស់ជនអគតិមួយចំនួន ដែលបានលើកឡើងថា កម្ពុជាសម្លាប់លទ្ធិប្រជាធិបតេយ្យ និងមិនគោរពសិទ្ធិមនុស្ស។ល។ លោកឧបនាយករដ្ឋមន្រ្ដី ទៀ បាញ់ បានជូនពរលោក Hidehisa HORINOUCHI ដែលត្រូវទៅបំពេញបេសកកម្មការទូតនៅប្រទេសហូឡង់ សូមទទួលបានជោគជ័យជាបន្តបន្ទាប់ថែមទៀត ៕



លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា


នៅព្រឹកថ្ងៃព្រហស្បតិ៍ ៧រោច ទី២២ ខែសីហា ឆ្នាំ២០១៩នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន  ប្រធានគណបក្សប្រជាជនកម្ពុជាបានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
កិច្ចប្រជុំនេះ មានការចូលរួមពីសមាជិកគណៈកម្មាធិការកណ្តាលទាំងអស់ រួមទាំងតំណាងគណបក្ស មកពីក្រសួងស្ថាប័ន និងមូលដ្ឋានមួយចំនួនផងដែរហើយកិច្ចប្រជុំនេះ នឹងកំណត់ទិសដៅគណៈកម្មាធិការសម្រាប់រយៈពេល ៦ខែ ហើយនឹងត្រួតពិនិត្យវាយតម្លៃលើអ្វីដែល គណបក្សបានអនុវត្តរយៈពេល ៦ខែកន្លងមក៕







អភិបាលខេត្តបន្ទាយមានជ័យ ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត ដើម្បីពង្រឹងសន្តិសុខ សុវត្ថិភាព ស្ថេរភាពនយោបាយ ក្នុងភូមិសាស្ត្រខេត្ត និងតាមបណ្តោយព្រំដែនកម្ពុជា-ថៃ

បន្ទាយមានជ័យ៖ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ លោក អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត ដើម្បីពង្រឹងសន្តិសុខ សុវត្ថិភាព ស្ថេរភាពនយោបាយ ក្នុងភូមិសាស្ត្រខេត្ត និងតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងពិនិត្យមើលបញ្ហានានានៅមូលដ្ឋាន ដើម្បីយកមកពិភាក្សា ដោះស្រាយ ដែលមានការចូលរួមពី អភិបាលរងខេត្ត មេបញ្ជាការយោធាខេត្ត ស្នងការរងនគរបាលខេត្ត មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត មន្ទីរ-អង្គភាព មេបញ្ជាការគ្រប់កងឯកភាព ជុំវិញខេត្ត។
ក្រោយស្តាប់មតិចូលរួម និងរបាយការណ៍ របស់ជំនាញពាក់ព័ន្ធ និងអាជ្ញាធរក្រុង-ស្រុករួមមក។
មានប្រសាសន៍ថ្លែងក្នុងកិច្ចប្រជុំនោះដែរ លោកអភិបាលខេត្ត បានជំរុញដល់គ្រប់បណ្តាកងឯកភាព មេបញ្ជាការកងកម្លាំងប្រដាប់អាវុធគ្រប់ថ្នាក់ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ ក្នុងការរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធរណៈ និងស្ថេរភាពនយោបាយទាំងក្នុងភូមិសាស្ត្រខេត្ត និងតាមបណ្តោយបន្ទាត់ព្រំដែនកម្ពុជា-ថៃ ឲ្យកាន់តែល្អ រឹងមាំថែមទៀត ដើម្បីបន្តកិច្ចការអភិវឌ្ឍខេត្ត និងសេចក្តីសប្បាយរបស់ប្រជាពលរដ្ឋ ។
ជាមួយគ្នានោះ លោកក៏បានថ្លែងការអរគុណដល់មន្ទីរ អង្គភាព អាជ្ញាធរក្រុង-ស្រុក និងកងកម្លាំងដែលបានខិតខំបំពេញតួនាទី ភារកិច្ច ក្នុងការបម្រើសេវាសាធារណៈ និងដោះស្រាយបញ្ហានានា នៅមូលដ្ឋានជូនប្រជាពលរដ្ឋ។ សូមឲ្យបន្តខិតខំប្រឹងប្រែងឲ្យសកម្មភាពថែម ចំពោះបញ្ហា សំណូមពរនានា ដែលប្រជាពលរដ្ឋជួបប្រឈមដូចជាបញ្ហាគ្រោះរាំងស្ងួត ប្រឈមខ្វះខាតទកស្រោចស្របស្រូវ បញ្ហាទំនាស់ដីធ្លី និងបញ្ហផ្សេងៗទៀតជាដើម។

លោកអភិបាលខេត្តបានបញ្ជាក់ទៀតថា លើការងារផ្តល់សេវាជូនពលរដ្ឋ សូមឲ្យអាជ្ញាធរ ក្រុង-ស្រុកត្រូវតែខិតខំប្រើសេវាឲ្យកាន់តែលឿនរហ័ស និងមានការជឿទុកចិត្ត លុបបំបាតនូវអំពើអសកម្មនានា កុំធ្វើឲ្យមានការថ្នាំងថ្នាក់ចិត្ត ឬទារលុយកាក់ពីពលរដ្ឋ ជាដើមនោះ៕




លោក ត្រាំ អុីវតឹក អញ្ជើញជាអធិបតីក្នុងពិធីប្រកាសក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​មូល​ដ្ឋាន​នៅ​ឃុំ​ទាំង​០៩ នៃ​ស្រុក​ទឹកផុស

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ លោក ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃស​ណីយ៍ និងទូរគមនាគមន៍ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកទឹកផុស និងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់នីតិកាលទី៦ នៃរដ្ឋសភា នៅឃុំទាំង០៩ នៃស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង និងវេទិកាសាធារណៈថ្នាក់ជាតិលើកទី២ ឆ្នាំ២០១៩។ ពិធីនេះបា្ររព្ធនៅបរិវេណវត្តមហាកុសលចេតនារាម ស្ថិតនៅឃុំទួលខ្ពស់ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី សមាជិក សមាជិកាក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកទឹកផុស និងប្រជាពលរដ្ឋ សរុបប្រមាណ ៣៣៩នាក់។
មានប្រសាសន៍នាឱកាសនោះ លោកប្រធានបានលើកឡើងថា ដើម្បីគាំទ្រ និងរួមចំណែកជំរុញការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ គោលនយោបាយ និងកម្មវិធីកំណែទម្រង់នានា របស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់នីតិកាលទី៦ នៃរដ្ឋសភា រាជរដ្ឋាភិបាលបានសម្រេចបន្តចាត់តាំងក្រុមការងារថ្នាក់ជាតិដើម្បីចុះបេសកកម្មតាមមូលដ្ឋានរាជធានី-ខេត្ត ក្រុង ស្រុក ខណ្ឌ សំដៅបន្តអនុវត្តកម្មវិធីនយោបាយប្រកបដោយប្រសិទ្ធភាពនៅគ្រប់មូលដ្ឋាននៅទូទាំងប្រទេស។ លោកបានបន្តទៀតថា ក្រុមការងារថ្នាក់ជាតិ មានតួនាទីលើកកម្ពស់ការដឹកនាំសម្របសម្រួល គាំទ្រដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការលើកកម្ពស់ការផ្តល់សេវា ការអភិវឌ្ឍមូលដ្ឋាន និងការដោះស្រាយបញ្ហានានាដើម្បីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

ឆ្លៀតក្នុងឱកាសនោះ លោកប្រធាន បានបើកវេទិកាសាធារណៈថ្នាក់ជាតិលើកទី២ ឆ្នាំ២០១៩ ដើម្បីបកស្រាយចម្ងល់ និងឆ្លើយតបទៅនឹងសំណូមពរចាំបាច់នានាក្នុងមូលដ្ឋាន ជាពិសេស គឺដើម្បីអនុវត្តគោលនយោបាយក្នុងការអភិវឌ្ឍភូមិ ឃុំ និងគោលនយោបាយ យុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ហើយបានលើកនូវវិធានការដើម្បីដោះស្រាយសម្រាប់អនុវត្តអោយមានប្រសិទ្ធភាពផងដែរ ៕


ទំនាក់ទំនងកម្ពុជា-វៀតណាម កំពុងមានភាពស្វាហាប់ រឹងមាំ និងទទួលបានលទ្ធផលផ្លែផ្កា

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងថា ទំនាក់ទំនងកម្ពុជា-វៀតណាម កំពុងមានភាពស្វាហាប់ រឹងមាំ និងទទួលបានលទ្ធផលផ្លែផ្កា ហើយកាន់តែស៊ី ជម្រៅប្រកបដោយប្រសិទ្ធភាពខ្ពស់។ លោក បានលើក ឡើងបែបនេះនៅក្នុងកិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-វៀតណាម លើកទី១៧ស្តីពី «កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា» ជាមួយលោក ផាម ប៊ិញមិញ (Pham Binh Minh) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម និងជាសហប្រធាន នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩។
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់ថា ដោយសង្កេតឃើញថា ទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ បាននិងកំពុងបន្តរីកចម្រើនទៅមុខប្រកបដោយភាពស្វាហាប់ រឹងមាំ និងទទួលបានលទ្ធផលផ្លែផ្កា ដូចបានឆ្លុះបញ្ចាំង តាមរយៈការផ្លាស់ប្តូរទស្សនកិច្ច របស់ថ្នាក់ដឹកនាំជាន់ខ្ពស់ និងគ្រប់កម្រិតនៃប្រទេសទាំងពីរ។ ជាក់ស្ដែងក្នុងរយៈពេល១ឆ្នាំកន្លងទៅនេះ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានយាង និងអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម។
លោក បានបន្តថា ទន្ទឹមនេះ កម្ពុជាបានទទួលដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ លោក ង្វៀន ហ្វ៊ុជុង អគ្គលេខា ធិការបក្សកុម្មុយនីស្ត និងជាប្រធានរដ្ឋវៀតណាម មកបំពេញទស្សនកិច្ច និងការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី២ ក៏ដូច ជាកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គលើកទី៣ របស់នាយករដ្ឋមន្ត្រី ង្វៀន ស៊ួនហ្វ៊ុក និងទទួលលោកស្រី ង្វៀន ធីគីមងិន ប្រធានរដ្ឋសភាវៀតណាមដែលបានអញ្ជើញមកបំពេញទស្សនកិច្ច និងចូលរួមវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី២៧ នៅទីក្រុងសៀមរាប ផងដែរ។
រដ្ឋមន្ត្រីក្រសួងការបរទេស បានបន្ថែមទៀតថា ជាការកត់សម្គាល់ ការផ្លាស់ប្តូរទស្សនកិច្ច និងជំនួបកំពូលរវាងថ្នាក់ដឹកនាំជាន់ខ្ពស់ នៃប្រទេសទាំងពីរក្នុងឆ្នាំកន្លងទៅ និងថ្មីៗនេះ បានបង្កើនទំនុកចិត្ត ការយោគយល់រវាងគ្នា និងការគាំទ្រគ្នាទៅវិញទៅមកកាន់តែខ្លាំងក្លាថែមទៀត ទាំងក្នុងកម្រិតទ្វេភាគី ទាំងនៅគ្រប់វេទិកាតំបន់ និងអន្តរជាតិ ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំក្នុងការបន្តថែរក្សាពូនជ្រុំ និងលើកកម្ពស់ទំនាក់ទំនងដែលមិនអាចបំបែកបំបាក់បានរវាងប្រទេសទាំងពីរ។

លោក បានបញ្ជាក់ទៀតថា ជាមួយគ្នានេះ ប្រទេសយើងទាំងពីរ បានបន្តជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដោយឆ្នាំទៅមិញ ទំហំពាណិជ្ជកម្មបានកើនឡើង ដល់៤,៧ពាន់លានដុល្លារ ហើយ៦ ខែដើមឆ្នាំនេះ បាន សម្រេចជិត ៣ពាន់លានដុល្លារ។ ជាមួយនេះ ការប្រា ស្រ័យទាក់ទងរវាងប្រជាជន និងប្រជាជន និងរវាងយុវជនជំនាន់ក្រោយ សំដៅផ្លាស់ប្តូរវប្បធម៌ ទេសចរណ៍ និងបង្កើនការស្វែងយល់ពីគ្នាទៅវិញទៅមក ឱ្យកាន់តែប្រសើរឡើងថែមទៀត៕






អាមេរិក ផ្ដល់ថវិកាជាង៤២ម៉ឺនដុល្លារសម្រាប់គម្រោងស្រាវជ្រាវសំណល់គ្រាប់បែកចង្កោមនៅកម្ពុជា

អង្គភាពស៊ីម៉ាក់ និងអង្គការ NPA នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការជាដៃគូ លើគម្រោងស្រាវជ្រាវសំណល់គ្រាប់បែកចង្កោម នៅភាគខាងកើត នៃប្រទេសកម្ពុជា ដែលមានទឹកប្រាក់ចំនួន៤២៥,០០០ដុល្លារអាមេរិក។ ការចុះហត្ថលេខាខាងលើនេះ ដោយមានការចូលរួមពីលោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក អគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) និងលោក Rune Kristian Dale-Andresen ប្រធានអង្គការ NPA ប្រចាំនៅកម្ពុជា។
លោក ហេង រតនា បានបញ្ជាក់ថា គម្រោងនេះ គាំទ្រដោយក្រសួងការបរទេសសហរដ្ឋអាមេរិក តាមរយៈអង្គការ NPA ពង្រីកបន្ថែមលើគំរោងជំនួយ ដែលបានទទួលក្នុងឆ្នាំ២០១៩ មានចំនួន១.៦លានដុល្លារ ដែលនាំឲ្យជំនួយសរុបមានចំនួនជាង២លាន ១សែនដុល្លារ។
លោក ហេង រតនា បានបន្ដថា គម្រោងថវិកាបន្ថែមនេះ មានរយៈពេលពេល៧ខែ (០៥ សីហា ២០១៩ ដល់២៩ កុម្ភៈ ២០២០) ហើយនិងចុះស្រាវជ្រាវ ក្នុងភូមិចំនួន ៧៤៤ភូមិ នៅតាមបណ្តាខេត្តចំនួន៧ ដូចជា៖ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀងជាដើម។

ជាមួយគ្នានោះ អគ្គនាយកស៊ីម៉ាក់ បានបន្ថែមទៀតថា ក្រោយពេលស្រាវជ្រាវព័ត៌មាន ពីទីតាំងបញ្ហាចំការគ្រាប់បែកចង្កោមរួចហើយ និងរៀបចំផែនការបោស សម្អាតទីតាំងទាំងនោះ តាមតំរូវការជាអាទិភាពរបស់ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន៕





កិច្ចប្រជុំវាយតម្លៃដំណើរការសំណេរ និងបែងចែកភារកិច្ចដំណើរការកំណែ

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ ក្រសួង អប់រំ យុវជន និង កីឡា បានរៀបចំកិច្ចប្រជុំវាយតម្លៃដំណើរការសំណេរ ការ ប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិសម័យប្រឡង ១៩ សីហា ២០១៩ ដែលបានប្រព្រឹត្តទៅរយៈ ពេល ២ថ្ងៃ ក្រោមការចូលរួមពីគណៈ មេប្រយោគ ទូទាំង ប្រទេស គណៈកម្មការ អប្បមាទ ទូទាំងប្រទេសប្រចាំ មណ្ឌល រាជធានី ខេត្ត ទាំង ២៥ ក្រោមការដឹកនាំដោយលោកបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រី ក្រសួង អប់រំ យុវជន និង កីឡា។
ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណសម្រាប់ការចូលរួមពីសំណាក់គ្រប់ភាគីពាក់ព័ន្ធ រួមមាន អាជ្ញាធរ ដែនដី អង្គភាពប្រឆាំងអំពើពុករលួយ យុវជនស្ម័គ្រចិត្ត កងកម្លាំងសមត្ថកិច្ច មន្ត្រី សុខាភិបាល គរុ សិស្ស តាម សាលា គរុកោសល្យ រាជធានី ខេត្តនិង អ្នក ពាក់ព័ន្ធ ទាំងឡាយ ព្រមទាំង ស្នើ បន្តការចូលរួម សហការជាបន្តទៀត ហើយកង្វះខាតមួយចំនួនក្រសួង នឹងស្វែងរកដំណោះស្រាយដើម្បីធ្វើឱ្យដំណើរការឆ្នាំក្រោយ កាន់តែប្រសើរ។
ក្នុង ឱកាសនោះ កិច្ច ប្រជុំ ក៏បាន ណែនាំ បច្ចេកទេស អំពីដំណើរការកំណែ ដែលនឹងចាប់ផ្ដើមនៅថ្ងៃស្អែក ដោយ ស្នើ សុំ ឱ្យ ប្រធាន មណ្ឌល កំណែ គ្រប់ មុខ វិជ្ជា អនុវត្តតាមគោលការណ៍ ព្រមទាំងណែនាំដល់ គណៈកម្មការកំណែព្រមទាំង ធ្វើ ការ ហាម ឃាត់ចំពោះ ការប្រើប្រាស់ ទូរសព្ទដៃ និងឧបករណ៍បច្ចេកវិទ្យា មួយ ចំនួន ក្នុង ពេល បំពេញ ភារកិច្ច។

គួរបញ្ជាក់ ថា គណ:កម្មការអប្បមាទ ទូទាំង ប្រទេស នឹង ប្រគល់ ដុំកិច្ចការ បេក្ខជនជូន ប្រធាន អនុប្រធាន មណ្ឌល កំណែ និង គណៈកម្មការ កណ្ដាលនៅថ្ងៃស្អែក នេះ ដើម្បីដឹកទៅកាន់មណ្ឌលកំណែទាំង ១០ និង ចាប់ ផ្ដើម ការងារ ត្រួត ពិនិត្យ ផ្ទៀងផ្ទាត់ កាត់ ក្បាល សន្លឹកកិច្ចការ និងចុះអក្សរ សម្ងាត់ ជាបន្តទៀត៕



លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើក្រុមហ៊ុនជប៉ុនចូលវិនិយោគលើប្រព័ន្ធដឹកជញ្ជូនក្នុងរាជធានីភ្នំពេញដើម្បីដោះស្រាយការកកស្ទះចរាចរណ៍

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើឱ្យក្រុមហ៊ុនជប៉ុនចូលមកវិនិយោគលើប្រព័ន្ធដឹកជញ្ជូនក្នុងរាជធានីភ្នំពេញ ដើម្បីជួយដោះស្រាយការកកស្ទះចរាចរណ៍ដែលជាចំណោទបញ្ហាមួយសម្រាប់រាជធានីភ្នំពេញនាពេលបច្ចុប្បន្ន។ លោកបានលើកឡើងដូចនេះនៅចំពោះមុខអនុរដ្ឋមន្ត្រីការបរទេសជប៉ុន លោក Norikazu Suzuki ក្នុងជំនួបពិភាក្សាការងារនៅរសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ នៅវិមានសន្តិភាព។
ក្នុងជំនួបនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរំលឹកថា កន្លងទៅនេះជប៉ុនបានសិក្សាជាច្រើនដើម្បីដោះ ស្រាយលើការដឹកជញ្ជូន ក្នុងរាជធានីភ្នំពេញកើតមានការកកស្ទះចរាចរណ៍។ លោក បានស្នើសុំឲ្យក្រុមហ៊ុនជប៉ុនមកមកធ្វើការអភិវឌ្ឍទៅលើប្រព័ន្ធដឹកជញ្ជូនក្នុងទីក្រុងភ្នំពេញនេះឱ្យឆាប់ដើម្បីបម្រើសេចក្តីត្រូវការ និងការរស់នៅរបស់ប្រជាពលរដ្ឋក្នុងទីក្រុងភ្នំពេញកាន់តែមានភាពល្អប្រសើរ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានថ្លែងអំណរគុណទៅដល់អនុរដ្ឋមន្ត្រីការបរទេសជប៉ុន ក៏ដូចជាប្រទេសជប៉ុនដែលកន្លងមកតែងជួយដល់ប្រទេសកម្ពុជាជាពិ សេសតាំងពីដំណើរការនៃការស្វែងរកសន្តិភាព ហើយប្រទេសជប៉ុនជាប្រទេសបានផ្ដល់ជំនួយច្រើនដល់ប្រ ទេសកម្ពុជា។ លោក បានមានប្រសាសន៍ប្រាប់អនុរដ្ឋមន្ត្រីការបរទេសផងដែរពីការអភិវឌ្ឍនៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ។ លោក បានលើកឡើងថា មានកត្តាពីរសំខាន់ក្នុងការអភិវឌ្ឍកម្ពុជា ទីមួយកត្តាស្ថិរភាពនយោបាយ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានមានប្រសាសន៍បង្ហាញពីការធ្វើកំណែទម្រង់របស់កម្ពុជានាពេលកន្លង មក ហើយកំណែទម្រង់ទាំងអស់នោះធ្វើឱ្យកម្ពុជាមាន ការរីកចម្រើន។ តាមរយៈអនុរដ្ឋមន្ត្រីការបរទេសជប៉ុន, លោកនាយករដ្ឋមន្ត្រី ក៏បានសម្តែងការអបអរ សាទ រចំពោះលោក Abe Shinzo ដែលបានឈ្នះឆ្នោតជាបន្តទៀត។ ពាក់ព័ន្ធជំនួយរបស់ប្រទេសជប៉ុន លោក ហ៊ុន សែន បានរំលឹកថា មិនត្រឹមតែការកសាងអភិវឌ្ឍន៍ផ្លូវជាតិលេខ១ ផ្លូវជាតិលេខ៥ នោះទេ ជប៉ុនបានចូលរួមការអភិវឌ្ឍកំពង់ផែខេត្តព្រះសីហនុ។ កំពង់ផែនេះបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបម្រើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្មរបស់ប្រទេសកម្ពុជា៕