Thursday, August 22, 2019

ដំណើរទស្សនកិច្ចសិក្សាការពង្រឹងអង្គភាពឱ្យកាន់តែរឹងមាំលើគ្រប់វិស័យរបស់វរសេនាតូចលេខ១ តំបន់ប្រតិបត្តិការសឹករងបាត់ដំបង

បាត់ដំបង៖ ពិធីទស្សនកិច្ចសិក្សាការកសាងពង្រឹងអង្គភាពរឹងមាំលើគ្រប់វិស័យ របស់វរសេនាតូចលេខ១ តំបន់ប្រតិបត្តិការសឹករងបាត់ដំបង ត្រូវបានប្រារព្ធធ្វើឡើង ក្រោមអធិបតីភាព ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៥ នៅទីបញ្ជាការវរសេនាតូចលេខ១ តំបន់ប្រតិបត្តិការសឹករងបាត់ដំបង ស្ថិតក្នុងភូមិអូរកណ្ដាល ឃុំសន្តិភាព ស្រុកសំពៅលូន ខេង្តបាត់ដំបង។ ដំណើរទស្សនកិច្ចសិក្សាការកសាងពង្រឹងអង្គភាពរឹងមាំលើគ្រប់វិស័យ របស់វរសេនាតូចលេខ១ តំបន់ប្រតិបត្តិការសឹករងបាត់ដំបងនាពេលនេះ ក៏មានការអញ្ជើញចូលរួមពី មេបញ្ជាការ មេបញ្ជាការរង តំបន់ប្រតិបត្តិការសឹករងបាត់ដំបង, បន្ទាយមានជ័យ, ពោធិ៍សាត់, មេបញ្ជការ មេបញ្ជាការរង កងពលតូចថ្មើរជើងលេខ៥១, ៥២, ៥៣, កងការពារព្រំដែនលេខ៥០១, ៥០២, ៥០៣, និងអង្គភាពចំណុះយោធភូមិភាគទី៥ ជាច្រើនទៀត។
កម្មវិធីទស្សនកិច្ចសិក្សាការកសាងពង្រឹងអង្គភាពរឹងមាំលើគ្រប់វិស័យ ត្រូវបានដំណើរការ ទៅតាមលំដាប់លំដោយ ដែលបានគ្រោងទុក ជាដំបូងគឺ គណៈអធិបតី ព្រមទាំងប្រតិភូភ្ញៀវកិត្តិយស ចូលរួមបានទៅទស្សនាការសម្ដែងកម្មវិធីគោរពទង់ជាតិ របស់វរសេនាតូចលេខ១ បន្ទាប់មកក៏ត្រូវបានអញ្ជើញទស្សនា អគារជាកន្លែងធ្វើការងារ អគារស្នាក់នៅ គិលានដ្ឋាន ផ្ទះបាយរួម សួនដាំបន្លែ កន្លែងចិញ្ចឹមសត្វ ផងដែរ។
បន្ទាប់ពីបានទស្សនាតាមបណ្តាគោលដៅខាងក្រៅរួចមក កម្មវិធីបន្តគណៈអធិបតី ព្រមទាំងប្រតិភូ ភ្ញៀវកិត្តិយស ចូលរួមបានចូលក្នុងសាលប្រជុំដើម្បីទស្សនាវីដេអូឃ្លីប ដែលបានរៀបរាប់អំពីប្រវត្តិអង្គភាព ព្រមជាមួយនឹងរបាយការណ៍លទ្ធផលការងារប្រចាំឆ្នាំ២០១៩ ដែលអង្គភាពវរសេនាតូចលេខ១ សំរេចបានកន្លងមក ដែលស្តែងចេញពីការខិតខំប្រឹងប្រែង នៅក្នុងសកម្មភាព នៃការអនុវត្ត តាមផែនការការងារកសាងពង្រឹងអង្គភាពរឹងមាំលើគ្រប់វិស័យចំនួន៤ខ្លឹមសារ ដែលយោធភូមិភាគទី៥ បានជំរុញ និងដាក់ចេញ។
ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក ឯក សំអូន បានកោតសរសើរដល់ការខិតខំប្រឹងប្រែងកសាងពង្រឹងអង្គភាពរឹងមាំលើគ្រប់វិស័យ របស់អង្គភាពវរសេនាតូចលេខ១ មានភាពរីកចម្រើនដូចឃើញស្រាប់ ដែលអង្គភាពបានអនុវត្តតាមផែនការរបស់យោធភូមិភាគ៥ បានដាក់ចុះ។
លោក បានស្នើដល់អង្គភាពវរសេនាតូចលេខ១ ត្រូវតែខិតខំច្នៃប្រឌិត កសាងអង្គភាពខ្លួនបន្ថែមទៀត ត្រូវចេះប្រកួតប្រជែងជាមួយបណ្តាអង្គភាពដទៃទៀត និងត្រូវបណ្តុះបណ្តាលកម្លាំងឲ្យរៀនធ្វើការងារសំណង់សំរាប់ការសាងសង់តូចៗ ដែលយើងត្រូវម្ចាស់ការខ្លួនឯង ដើម្បីឲ្យកម្លាំងចេះជំនាញក្នុងការកាត់បន្ថយបានការចំណាយលើពលកម្ម។ ត្រូវមានផែនការគ្រប់គ្រងកម្លាំងជាប្រចាំ បែងចែកការងារប្រចាំថ្ងៃច្បាស់លាស់ ក្រោយពេលគោរពទង់ជាតិ ដើម្បីអោយក្លាយជាទម្លាប់ល្អ ក្នុងការរស់នៅក្នុងអង្គភាព និងក្លាយខ្លួនជាកងទ័ពល្អ។ ត្រូវប្រឹងប្រែង ហ្វឹកហ្វឺនរៀនសូត្រ និងអប់រំចិត្តសាស្ត្រជាប្រចាំលើកកម្ពស់សមត្ថភាព និងគុណភាពក្នុងជួរកងទ័ព។ បន្តជំរុញលើការងារបង្កបង្កើនផលចិញ្ចឹមសត្វ លើកកម្ពស់ជីវភាពរស់នៅ មានសុខមាលភាពល្អ។

ជាទីបញ្ចប់ លោក បានសំណូមពរដល់អង្គភាពត្រូវបន្តនិរន្តរភាព ស្ដីពីការកសាងពង្រឹងអង្គភាពរឹងមាំលើគ្រប់វិស័យបន្តទៀត ហើយលោកបានឧបត្ថម្ភដល់អង្គភាពវរសេនាតូចលេខ១ ថវិកាចំនួន២លាន ផងដែរ៕







No comments:

Post a Comment