Thursday, August 22, 2019

បញ្ជាការដ្ឋានបញ្ជូនសារកងទ័ពជើងគោកប្រារព្ធពិធីបិទវគ្គហ្វឹកហ្វឺនរៀបរយជំនាញបញ្ជូនសារ

បន្ទាប់ពីបានដំណើរការបើកវគ្គអស់រយៈពេល៣ខែរួចមក នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ បញ្ជាការដ្ឋានបញ្ជូនសារកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ បន្ទាយព្រែកហូរ ក្រុងតាខ្មៅ បានប្រារព្ធពិធីបិទវគ្គហ្វឹកហ្វឺនរៀបរយជំនាញបញ្ជូនសារ កងទ័ពជើងគោក ប្រចាំឆ្នាំ២០១៩ ដែលពិធីបិទវគ្កនេះបានប្រព្រឹត្តទៅស្ថិតក្រោមអធិបតីភាព ឧត្តមសេនីយ៏ឯក ប្រាក់ សុវណ្ណា មេបញ្ជាការរងកងទ័ពជើងគោក។
នៅក្នុងមតិស្វាគមន៏ និងរបាយការណ៍បិទវគ្គ ដែលអានដោយឧត្តមសេនីយ៏ទោ ប៊ូ វណ្ណារក្ស នាយរងសេនាធិការ មេបញ្ជាការ បញ្ជាការដ្ឋានបញ្ជូនសារកងទ័ពជើងគោក បានឲ្យដឹងថា វគ្គហ្វឹកហ្វឺនរៀបរយជំនាញបញ្ជូនសារកងទ័ពជើងគោក ប្រចាំឆ្នាំ២០១៩ ដែលបានដំណើរការបិទនាពេលនេះ មានសិក្ខាកាមសរុបចំនួន២០០នាក់ ដោយចែកចេញជាពីរវគ្គ វគ្គទី១ មានសិក្ខាកាមសរុបចំនួន១០០នាក់ មកពីកងឯកភាព ស្ថាប័នចំណុះកងទ័ពជើងគោក មានគ្រូយោធាចារ្យចំនួន ២០នាក់ ហ្វឹកហ្វឺនរយៈពេលចំនួន៣ខែ ស្មើ៩១ថ្ងៃ លើខ្លឹមសារ មេរៀនរួមមាន៖ យោធារួម, អប់រំចិត្តសាស្ត្រ និងជំនាញបញ្ជូនសារ។ រីឯលទ្ធផលក្រោយពេលបញ្ចប់វគ្គសិក្ខាកាមទទួលបាននិទ្ទេសល្អមធ្យម ជាទូទៅ។
អញ្ជើញមានប្រសាសន៍ក្នុងឱកាសនោះ លោក ប្រាក់ សុវណ្ណា ក្នុងនាម មេបញ្ជាការកងទ័ពជើងគោក បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រសួងការពារជាតិ អគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ថ្នាក់ដឹកនាំ និងគ្រប់ស្ថាប័នចំណុះកងទ័ពជើងគោក ដែលបានជួយឧបត្ថម្ភទាំងស្មារតី សម្ភារៈ ថវិកាតាំងពីដើមរៀងមក រហូតធ្វើឲ្យវគ្គហ្វឹកហ្វឺននេះ ទទួលបានលទ្ធផលជោគជ័យ និងវិជ្ជមាននាថ្ងៃនេះ។ លោក ក៏បានកោតសរសើរចំពោះលោក ប៊ូ វណ្ណារក្ស នាយទាហាន នាយទាហានរង និងពលទាហានចំណុះបញ្ជាការដ្ឋានបញ្ជូនសារ កងទ័ពជើងគោក គ្រូយោធាចារ្យ គណៈគ្រប់គ្រងវគ្គ រួមនឹងសិក្ខាកាមទាំងអស់បានខិតខំបំពេញភារកិច្ចប្រកបដោយកិច្ចសហការខ្ពស់រហូតធ្វើឲ្យវគ្គនេះបានបញ្ចប់ទៅតាមការគ្រោងទុក្ខ។

លោក ប្រាក់ សុវណ្ណា បានបញ្ជាក់បន្ថែមទៀតថា វគ្គរៀបរយជំនាញបញ្ជូនសារ កងទ័ពជើងគោក ឆ្នាំ២០១៩ ដែលបានប្រារព្ធពិធីបិទនាពេលនេះ ពិតជាបានចូលរួមចំណែកបណ្តុះបណ្តាលធនធានមនុស្សពង្រឹងសមត្ថភាព ចំណេះដឹង ចំណេះធ្វើ ស្របតាមភារកិច្ចចំពោះមុខរបស់កងយោធពលខេមរភូមិន្ទ ទាំងបរិមាណ និងគុណភាព។ លោក ក៏បានគូសបញ្ជាក់ពីគោលបំណង រួមទាំងតួនាទីភារកិច្ច ជំនាញបញ្ជូនសារ ជាជំនាញមួយ មានសារៈសំខាន់នៅក្នុងចំណោមប្រភេទជំនាញដ៏ទៃផ្សេងទៀត ហើយវាក៏ជាតម្រូវការចាំបាច់សម្រាប់ធ្វើការទាក់ទងតភ្ជាប់គ្នាជាអចិន្ត្រៃយ៏ ពីស្ថាប័នមួយទៅស្ថាប័ន មួយបម្រើឲ្យការទាក់ទង ផ្តល់ពត៍មាន ក៏ដូចជាសហប្រតិបត្តិការដឹកនាំបញ្ជាក្នុងពេលប្រយុទ្ធ ត្រៀមប្រយុទ្ធ និងរាល់ករណីធ្វើសកម្មភាពផ្សេងៗទៀត ក្នុងវិស័យកងទ័ព ក៏ដូចជាវិស័យសង្គម ដោយប្រើប្រាស់មធ្យោបាយ តាមប្រព័ន្ធរលកធាតុអាកាស វែង ខ្លី គេហទំព័រ ហ្វេសបុក សារអេឡិចត្រូនិច អ៊ិនធឺណែត ប្រកបដោយសមត្ថភាព និងគុណភាព៕







No comments:

Post a Comment