Thursday, August 22, 2019

ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា បើកកិច្ចប្រជុំដើម្បីតាមដានអនុសាសន៍គណៈកម្មាធិការ អាយស៊ីស៊ី-អង្គរ

សៀមរាប៖ ព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩នេះ លោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ដឹកនាំកិច្ចប្រជុំតាមដានអនុសាសន៍ដែលទទួលបានជាផ្លូវការតាមរយៈកិច្ចប្រជុំបច្ចេក​ទេស​លើកទី៣២ នៃគណៈកម្មាធិការ អាយស៊ីស៊ី-អង្គរ កន្លងមក លើគោលដៅអនុវត្តការងារនៅតាមការដ្ឋានក្នុងតំបន់អង្គរទាំងផ្នែកអភិរក្ស និងអភិវឌ្ឍន៍។
គោលបំណងសំខាន់នៃអង្គប្រជុំនេះ ដើម្បីតាមដានរាល់អនុសាសន៍ដែលបានកំណត់ជំរុញការអនុវត្តការងារកាន់តែមានប្រសិទ្ធភាព។ លើសពីនេះទៀត ក៏បានជជែកវែកញែកអំពីអនុសាសន៍នីមួយៗ ដើម្បីស្វែងយល់ពីបញ្ហាភាពខ្វះខាត ចម្ងល់ លទ្ធភាពក្នុងការអនុវត្ត និងដោះស្រាយបញ្ហាប្រឈមនានា ដែលបានកើតឡើងនៅតាមការដ្ឋានរួមគ្នា។
ក្រោយពីកិច្ចប្រជុំ អ្នកជំនាញការអាជ្ញាធរជាតិអប្សរា រួមទាំងសមាជិកតំណាងលេខាធិការដ្ឋាន​អាយស៊ីស៊ី-អង្គរ នឹងចុះតាមដានផ្ទាល់តាមការដ្ឋានទាំងក្នុង និងក្រៅតំបន់អង្គរ ដើម្បីមើលស្ថាន​ភាពជាក់ស្តែង ងាយស្រួលរាយការណ៍ជូនអង្គប្រជុំបច្ចេកទេសនៃអាយស៊ីស៊ី-អង្គរ លើកទី៣៣ ដែល​នឹងប្រព្រឹត្តទៅនាខែធ្នូខាងមុខនេះ។

សូមបញ្ជាក់ថា កិច្ចប្រជុំនេះ ធ្វើឡើងជាប្រចាំដើម្បីតាមដានរាល់ការអនុវត្តកិច្ចការអភិរក្ស ជួស​ជុល និងអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងរមណីយដ្ឋានអង្គរ ជាពិសេសផ្ទៀងផ្ទាត់ភាពសមស្រប​ទាំងលក្ខណៈបច្ចេកទេស ទាំងការអនុវត្តគម្រោង និងទាំងសម្ភារៈ៕


No comments:

Post a Comment