Sunday, March 15, 2020

ពិធីបុណ្យខួបគម្រប់៣ឆ្នាំ និងតម្កល់អដ្ឋិធាតុ សម្តេចវិបុលបញ្ញា សុខ អាន ត្រូវបញ្ចប់ដែលដឹកនាំដោយសម្តេច សាយ ឈុំ និងសម្តេច គង់ សំអុល

(ភ្នំពេញ)៖ ពិធីបុណ្យខួបគម្រប់៣ឆ្នាំ និងតម្កល់អដ្ឋិធាតុ សម្តេចវិបុលបញ្ញា សុខ អាន ដង្ហែរដោយថ្មើជើង ត្រូវបានបញ្ចប់ នៅរសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០នេះ ដែលដឹកនាំដោយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចចៅហ្វាវាំងវរវៀងជ័យ អធិបតីស្រីង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជរាំង។

ពិធីនេះ ក៏មានការរួមពីសំណាក់លោក លោកស្រី ដែលជាឥស្សរជនជាន់ខ្ពស់របស់ជាតិ លោកឧកញ៉ា ភ្ញៀវជាតិ-អន្តរជាតិ មន្ត្រីរាជការតាមក្រសួង-ស្ថាប័ន និងមន្ត្រីរាជការអញ្ជើញមកពីតាមបណ្តាស្រុក-ក្រុង នៃខេត្តតាកែវ ជាពិសេសស្រុកគិរីវង់ និងស្រុកទ្រាំង ដែលជាស្រុកកំណើតរបស់សម្តេចវិបុលបញ្ញាជាច្រើនរូប ដើម្បីយកអដិ្ឋធាតុសម្តេចវិបុលបញ្ញា ទៅតម្កល់នៅប្រាង្គចេតិយក្នុងវត្តសារ៉ាវ័នតេជោ រាជធានីភ្នំពេញ តាមគន្លងព្រះពុទ្ធសាសនា។

កម្មវិធីបុណ្យបានចាប់ផ្តើមនៅម៉ោង៦ព្រឹក ជួបជុំភ្ញៀវកិត្តិយស និងសាច់ញាតិទាំងអស់ ធ្វើពិធីខមាទោសអដ្ឋិធាតុ សម្តេចវិបុលបញ្ញា និងព្រះសង្ឈស្វាធ្យា នូវព្រះសត្កប្បករណាធិធម្ម (បង្សុកូល) មុននឹងចាប់ផ្តើមពិធីដង្ហែអដ្ឋិធាតុ សម្តេចវិបុលបញ្ញា សុខ អាន ឆ្ពោះទៅកាន់វត្តសារ៉ាវ័នតេជោ រាជធានីភ្នំពេញ ដោយថ្មើជើង។

ដើម្បីឱ្យសាកសមទៅនឹងស្នាដៃ ការលះបង់ដ៏ធំធេង និងកិត្តិយសដ៏ឧត្តុង្គឧត្តមរបស់សម្តេចវិបុលបញ្ញា សុខ អាន រដ្ឋបាលរាជធានីភ្នំពេញ និងគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានសហការរៀបចំក្បួនដង្ហែអដ្ឋិធាតុ សម្តេចវិបុលបញ្ញា សុខ អាន យ៉ាងអធិកអធម ដោយឱ្យមានក្បួនដង្ហែ រួមមាន៖ ក្បួនទី១ រថយន្តកូរោនរូបថត, ក្បួនទី២ រថយន្តព្រះពុទ្ធរូប និងព្រះអភិធម្ម១ព្រះអង្គ និងក្បួនទី៣ រថយន្តបុស្សុក តម្កល់អដ្ឋិធាតុ ដោយបានរៀបចំជាផែនៗរួមមាន៖ ផែនមន្ត្រីរាជការទីស្តីការគណៈរដ្ឋមន្ត្រី ផែនយុវជនកាយរឹទ្ធិ ផែនយុវជនកាកបាទក្រហម ផែនយុវជន ស.ស.យ.ក ផែនភ្លេងក្លងឆ្នៈ អាចារ្យ ក្រុមគ្រួសារ និងញាតិមិត្តជិតឆ្ងាយ សរុបប្រមាណ ៨០០នាក់។

ភាពជោគជ័យដ៏ធំធេងលើការងារបម្រើប្រជាជាតិ និងមាតុភូមិ និងភាពជោគជ័យលើការកសាងជីវិតគ្រួសារប្រកបដោយសុខដុមភាព ជាសក្ខីកម្មបញ្ជាក់យ៉ាងច្បាស់ថា សម្តេចវិបុលបញ្ញា សុខ អាន ពិតជាបុគ្គលមួយរូបដែលទទួលបានជោគជ័យយ៉ាងពិតប្រាកដ ក្នុងដំណើរជីវិតរបស់លោក។

គួរបញ្ជាក់ផងដែរថា ប្រាង្គចេតិយតម្កល់អដិ្ឋធាតុ សម្តេចវិបុលបញ្ញា សុខ អាន ត្រូវបានសាងសង់ឡើងដោយគោរពតាមរចនាបថ និងក្បួនខ្នាតនៃសំណង់ ក្នុងវិស័យព្រះពុទ្ធសាសនា និងក្រឹត្យក្រមស្ថាបត្យកម្មបុរាណខ្មែរសុទ្ធសាធ ដោយត្រូវបានគូសប្លង់រចនាទាំងស្រុង ស្ថាបត្យករកូនខ្មែរ ប្រកបដោយភាពផ្ចិតផ្ចង់បំផុត។

បន្ថែមពីលើក្បាច់រចនាដ៏ស្រស់ស្អាត និងលក្ខណៈខ្មែរ ប្រាង្គចេតិយនេះក៏មានបិទនូវបន្ទះម៉ូសេអិកពណ៌ទឹកមាសភ្លឺស្រស់ ដែលរឹតតែរំលេចនូវវិចិត្រភាព និងប្រណីតភាពនៃសំណង់ ប្រកបរចនាបថស្អាតប្លែកសមស្របតាមការវិវឌ្ឍនៃសង្គមបច្ចុប្បន្ន។ ប្រាង្គចេតិយ ត្រូវបានរៀបចំពិធីលើកឆ័ត្ររួត និងអភិសេកឆ្លង កាលពីព្រឹកថ្ងៃអាទិត្យ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២០ កន្លងទៅនេះ។

គួរបញ្ជាក់ថា សម្ដេចវិបុលបញ្ញា សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី បានទទួលមរណភាព កាលពីវេលាម៉ោង០៦៖៣២នាទីល្ងាច ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧ នៅមន្ទីរពេទ្យទីក្រុងប៉េកាំង ប្រទេសចិន ដោយរោគាពាធ ក្នុងជន្មាយុ៦៦ឆ្នាំ៕













ពិធីបុណ្យខួប៣ឆ្នាំ៖ សម្តេចវិបុលបញ្ញា សុខ អាន ជីវិតពោរពេញដោយការប្តេជ្ញាចិត្ត

(ភ្នំពេញ)៖ ថ្ងៃទី១៥ ខែមីនា ឆ្នាំ ២០២០នេះគឺជាគម្រប់ខួប៣ឆ្នាំ នៃមរណភាពរបស់សម្តេចវិបុលបញ្ញា សុខ អាន។ រយៈពេល៣ឆ្នាំមកហើយ ដែលប្រទេស ជាតិនិងប្រជាជនកម្ពុជាបានបាត់បង់កុលបុត្រដ៏ឆ្នើមរបស់ខ្លួន គឺសម្តេចវិបុលបញ្ញា សុខ អាន ដែលជាឥស្សរជននិងជាមេដឹកនាំដ៏ឆ្នើមមួយរូប ដែលបានចូលរួមយ៉ាងសកម្មក្នុងបុព្វហេតុជាតិ សាសនា ព្រះមហាក្សត្រ និងបានបូជាកម្លាំងកាយចិត្តបញ្ញាស្មារតីពុះពារជម្នះរាល់ឧបសគ្គទាំងឡាយ ក្នុងការចូលរួមស្តារនិងកសាងប្រទេសជាតិរហូតទទួលបានសុខសន្តិភាព ស្ថិរភាព ការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។
ក្នុងក្របខណ្ឌនៃពិធីបុណ្យគម្រប់ខួប ៣ ឆ្នាំនេះ សៀវភៅមានចំណងជើងថា «សម្តេចវិបុលបញ្ញា សុខ អាន ជីវិតពោរពេញដោយការប្តេជ្ញាចិត្ត» ត្រូវបានរៀបចំនិងបោះពុម្ពចែក ផ្សព្វផ្សាយជូនដល់អ្នកចូលរួមរួមក្នុងពិធីបុណ្យ។
ផ្តួចផ្តើមគំនិតនិងចងក្រងដោយលោក សុខ សូកាន ជា កូនប្រុសរបស់សម្តេចវិបុលបញ្ញា សុខ អាននិងលោកជំទាវ ថេង អាយអាន្នី បច្ចុប្បន្នមានតួនាទីជាតំណាងរាស្ត្រមណ្ឌលតាកែវ សៀវភៅនេះមានកម្រាស់ជាង ២០០ ទំព័រដែលលោក សុខ សូកាន បានសរសេរថា «ដោយក្តីចងចាំជានិច្ចចំពោះលោកឪពុកជាទីគោរពស្រឡាញ់ ដែលជាវីរៈបុរសនៃគ្រួសារ និងមាតុភូមិ»
សៀវភៅនេះបានលើកឡើងពីកម្រងជីវិតរបស់សម្តេចវិបុលបញ្ញា សុខ អាន ចាប់ពីបឋមវ័យ ការឆ្លងកាត់ របបអន្ធកាលខ្មែរក្រហមការកសាងជីវិតសារជាថ្មីក្រោយពីប្រទេសជាតិនិងប្រជាជនកម្ពុជាត្រូវបានសង្គ្រោះ ឱ្យរួចរស់រានមានជីវិត និងដំណើរការស្វែងរកសន្តិភាពនិងបង្រួបបង្រួមជាតិ និងសមិទ្ធផលជាច្រើនដែល សម្តេចវិបុលបញ្ញាបានចូលរួមដឹកនាំ និងសម្រេចបាន។
ក្រុមគ្រួសារសម្តេចវិបុលបញ្ញា សុខ អាន បានឧទ្ទិសសៀវភៅនេះដល់ដួងវិញ្ញាណក្ខន្ធសម្តេចវិបុល បញ្ញាដែលជាឧត្តមស្វាមី លោកឪពុក លោកឪពុកក្មេក ជីតាប្រកបដោយព្រហ្មវិហារធម៌ដ៏ប្រពៃ និងគុណូប ការៈដ៏ធំមហិមាមិនអាចកាត់ថ្លៃបាន។ ក្រុមគ្រួសារសម្តេចវិបុលបញ្ញាបានលើកឡើងក្នុងអារម្ភកថាថា «ការចងក្រងសៀវភៅនេះឡើងដើម្បីរំឭកដល់ពលិកម្មដ៏ធំធេងរបស់ សម្តេចវិបុលបញ្ញា ដែលស្ទើរតែពេញមួយជីវិត សម្តេចបានបំពេញបេសកកម្មជូនជាតិមាតុភូមិប្រកបដោយ ការប្តេជ្ញាចិត្តដ៏មោះមុត និងការលះបង់ខ្ពស់ទាំងកម្លាំងកាយកម្លាំងចិត្តក្នុងស្មារតីទទួលខុសត្រូវខ្ពស់ដែល វីរៈភាពនេះយើងខ្ញុំចងចាំជានិច្ចមិនអាចបំភ្លេចបានឡើយ» ។
សៀវភៅនេះត្រូវបានរៀបចំបោះពុម្ពជាពិសេសសម្រាប់គម្រប់ខួប ៣ ឆ្នាំនៃការធ្វើមរ ណកាលរបស់សម្តេចវិបុលបញ្ញា និងដើម្បីសម្តែងនូវកតញ្ញូតានិងកតវេទិតាធម៌ដ៏ជ្រៀលជ្រៅរបស់ក្រុមគ្រួសារព្រមទាំងសហសេវិក និងសហការិទាំងអស់ដែលធ្លាប់បំពេញការងារក្រោមការដឹកនាំរបស់សម្តេច។
សៀវភៅដែលចងក្រងនេះគឺជាកម្រងអនុស្សាវរីយ៍នៃដំណើរជីវិតរបស់សម្តេចវិបុលបញ្ញា សុខ អាន ដែលពោរពេញទៅដោយប្រវត្តិតស៊ូដ៏អស្ចារ្យ គំរូវីរភាពដ៏ថ្លៃថ្លា ស្នាដៃដ៏វិសេសវិសាល និងកេរ្តិ៍ឈ្មោះដ៏ឧត្តុង្គឧត្តម ក្នុងបុព្វហេតុនៃការកសាង ការការពារជាតិមាតុភូមិរយៈពេល ៥ ទសវត្សរ៍ ហើយបានចូលរួមចំណែកយ៉ាង សំខាន់ក្នុងការនាំមកនូវសន្តិភាព ស្ថិរភាពវឌ្ឍនភាព មោទនភាពជាតិ ជាពិសេសបានលើកកិត្យានុភាពកម្ពុជាលើឆាកអន្តរជាតិ។ សៀវភៅនេះក៏អាចជាឯកសារមួយដែលជាប្រភពសម្រាប់ការសិក្សាស្វែងយល់ដើម្បី ឈ្វេងយល់ពីទិដ្ឋភាពវិជ្ជមានមួយនៃសង្គមខ្មែរ។
សៀវភៅ «សម្តេចវិបុលបញ្ញា សុខ អាន ជីវិតពោរពេញដោយការប្តេជ្ញាចិត្ត» ក៏បានរំលេចឡើងនូវបសំសកថា ដែលដកស្រង់ចេញពីលិខិតចូលរួមរំលែកទុក្ខ ក្នុងពិធីបុណ្យសពសម្តេចវិបុលបញ្ញា សុខ អាន ពីសំណាក់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រ កម្ពុជាដែលព្រះអង្គមានបន្ទូលថា «…មរណភាពរបស់សម្តេចវិបុលបញ្ញា សុខ អាន គឺជាការបាត់បង់កុលបុត្រដ៏ឆ្នើមនៃប្រទេស ជាតិ និងប្រជាជនកម្ពុជាដែលបានចូលរួមយ៉ាងសកម្ម នៅក្នុងបុព្វហេតុជាតិ សាសនា ព្រះមហាក្សត្រ រហូតដល់ប្រទេសជាតិទទួលបាននូវសន្តិភាព ស្ថិរភាព ឯកភាពជាតិ ការអភិវឌ្ឍ ជាតិលើគ្រប់វិស័យ ការពារលទ្ធិប្រជាធិបតេយ្យ និងមានកិច្ចសហប្រតិបត្តិការអន្តរជាតិល្អព្រមទាំងរក្សាបានឯករាជ្យជាតិ និងបូរណភាពទឹកដី»
បសំសកថាដែលដកស្រង់ចេញពីសាររំលែកទុក្ខរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា «យើងបានបាត់បង់នូវឥស្សរជនដ៏ឆ្នើមមួយរូបដែលជាសហការីផង និងមិត្តភ័ក្តិគួរជាទីរាប់អានផង។ យើងខ្ញុំសូមចងក្រងទុកនៅ ក្នុងចិត្តនូវគុណបំណាច់ទាំងឡាយរបស់សម្តេចបានបន្សល់ទុកចំពោះប្រទេសជាតិហើយដែលត្រូវចរិកទុក នៅក្នុងទំព័រប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា»
ឥស្សរជនជាតិនិងអន្តរជាតិជាច្រើនរូបទៀតក៏បានបង្ហាញនូវ សមានចិត្តគោរពស្រឡាញ់ និងចង់ចាំហើយវាយតម្លៃខ្ពស់ចំពោះការលះបង់របស់សម្តេចវិបុលបញ្ញា សុខ អាន ក្នុងបុព្វហេតុជាតិ សាសនា និងព្រះមហាក្សត្រ។
សូមអញ្ជើញអានកម្រងជីវិតរបស់សម្តេចវិបុលបញ្ញា សុខ អាន៖















ប្រសាសន៍ដើមទាំងស្រុង សម្តេចតេជោ ហ៊ុន សែន ពិធីបុណ្យទន្លេលើកទី៦ ក្រោមប្រធានបទ ” ទន្លេនៃសន្តិភាព ទន្លេនៃវិបុលភាព” នៅខេត្តបាត់ដំបង

ប្រសាសន៍ដើមទាំងស្រុង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ពិធីបុណ្យទន្លេលើកទី៦ ក្រោមប្រធានបទ ” ទន្លេនៃសន្តិភាព ទន្លេនៃវិបុលភាព” នៅខេត្តបាត់ដំបង
6th River Festival on “ River of Peace, River of Prosperity ” Battambang Province, 14 March 2020
រសៀលថ្ងៃសៅរ៍ ៦រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០

#ហ៊ុនសែន #បុណ្យទន្លេ​ #RiverFestival #ខេត្តបាត់ដំបង #សន្តិភាព #វិបុលភាព

សូមអញ្ជើញទស្សនាវីដេអូ​ស្តីពី រួមគ្នាប្រឆាំងវិរុសកូវិដ-១៩ ដើម្បីរក្សាលំនឹងសេដ្ឋកិច្ចជាតិនិងគ្រួសារ!




(ភ្នំពេញ)៖ រហូតមកដល់បច្ចុប្បន្ននេះ ជំងឺ Covid-19 បានរីករាលដាលដល់ជាង១០០ប្រទេស នៅលើពិភពលោក រួមទាំងកម្ពុជាផងដែរ។
បើទោះបីជាជំងឺនេះ មិនទាន់ត្រូវបានគេរកឃើញវ៉ាក់សាំង និងថ្នាំព្យាបាលក្តី ប៉ុន្តែអ្នកជំងឺរាប់ម៉ឺននាក់ ត្រូវបានព្យាបាលជាសះស្បើយ ហើយជំងឺនេះយើងអាចទប់ស្កាត់វា បានតាមរយៈ វិធានការអនាម័យរបស់ក្រសួងសុខាភិបាល។
អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្រ្តី បានបញ្ជេញ វីដេអូដែលមានចំណងជើងថា «រួមគ្នាប្រឆាំងជំងឺ Covid-19 ដើម្បីរក្សាលំនឹងសេដ្ឋកិច្ចជាតិ និងគ្រួសារ» ដែលមានរយៈពេលជាង១០នាទី បានបង្ហាញលម្អិតពាក់ព័ន្ធនឹងព័ត៌មានអំពីជំងឺ Covid-19 និងវិធានការការពារជំងឺនេះ៕

#Covid19 #វិរុសកូវិដ១៩ #កម្ពុជា #ហ៊ុនសែន #សេដ្ឋកិច្ចជាតិ #HunSen