Thursday, March 31, 2022

វិភាគអន្តរជាតិ៖ នៅក្រោយសង្រ្គាមអ៊ុយក្រែន, រុស្ស៊ីនឹងកាន់តែបែរមករកអាស៊ី


(វ៉ាស៊ីនតោន)៖ សង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែនហាក់ដូចជាមិនមានភាពធូរស្រាលគួរឱ្យកត់សម្គាល់នោះទេ បើទោះជារុស្ស៊ីបានសន្យាកាត់បន្ថយ សកម្មភាពយោធារបស់ខ្លួនដើម្បីបង្កើនទំនុកចិត្ត និងសម្រួលដល់កិច្ចចរចាសន្តិភាពជាមួយទីក្រុងកៀវក៏ដោយ។ ខណៈសង្រ្គាមនៅតែបន្ត អាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិចក៏កាន់តែបង្កើនការដាក់សម្ពាធលើរុស្ស៊ី តាមរយៈការដាក់ទណ្ឌកម្មសេដ្ឋកិច្ចដែលនេះបាន និងកំពុងរុញឱ្យទំនាក់ទំនង រវាងរុស្ស៊ី និងលោកខាងលិចកាន់តែជិតដើរដល់ផ្លូវបំបែក ពិបាកនឹងបកក្រោយមកវិញ បើទោះជាសង្រ្គាមអ៊ុយក្រែនបិទបញ្ចប់ក៏ដោយ។


ដោយសារតែសង្រ្គាមអ៊ុយក្រែន ប្រទេសអឺរ៉ុបរួមមានទាំងអាល្លឺម៉ង់បានចាប់ផ្ដើមពិចារណា និងសន្យាដាក់ចេញនូវយុទ្ធសាស្ត្រថ្មីៗរបស់ខ្លួន ក្នុងការកាត់បន្ថយការពឹងផ្អែកលើការទិញថាមពលពីមូស្គូ ដើម្បីកុំឱ្យវិមានក្រឹមឡាំងយកវាមកប្រើជាអាវុធគំរាមពួកគេទៅថ្ងៃក្រោយ។ ប៉ុន្តែបើតាម ក្រុមអ្នកជំនាញ ក្នុងរយៈពេលខ្លី ឬមធ្យម អឺរ៉ុបមិនអាចរកអ្នកផ្គត់ផ្គង់ឧស្ម័នជំនួសរុស្ស៊ីបានឡើយ រីឯរុស្ស៊ីវិញ ក៏ដឹងច្បាស់ដែរថាអំណេះតទៅ ខ្លួនមិន អាចផ្តោតតែទៅលើការនាំចេញថាមពលទៅកាន់តែទីផ្សារអឺរ៉ុបនោះទេ ដោយមូស្គូត្រូវ «ធ្វើពិពិធកម្មទីផ្សារ» របស់ខ្លួន ហើយទីផ្សារមួយដ៏មាន សក្ដានុពលនោះគឺ «តំបន់អាស៊ី» តែម្ដង។


មែនទែនទៅ រុស្ស៊ីបានងាកមកផ្តោតខ្លាំងលើតំបន់អាស៊ី ក្នុងរយៈពេលប៉ុន្មានចុងក្រោយនេះរួចស្រេចទៅហើយ ពោលគឺទោះជាមិនមានសង្រ្គាម នៅអ៊ុយក្រែន ក៏រុស្ស៊ីនៅតែបែរមករកទីផ្សារអាស៊ីដែរ។ បច្ចុប្បន្ន រុស្ស៊ីបានប្រកាសដកខ្លួនចេញពី «ក្រុមប្រឹក្សាអឺរ៉ុប» ក្រោយពេលអឺរ៉ុបចូលរួមជាមួយ អាមេរិកដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងខ្លួន។ តែគួរឱ្យភ្ញាក់ផ្អើល នៅឯការបោះឆ្នោតនៃមហាសន្និបាតអង្គការសហប្រជាជាតិ គេសង្កេតឃើញថា ប្រទេសអាស៊ីភាគច្រើន, មជ្ឈិមបូព៌ា និងនៅអាហ្រ្វិកមិនបានថ្កោលទោស ឬចូលរួមដាក់ទណ្ឌកម្មលើរុស្ស៊ីនោះឡើយ ស្របពេលជប៉ុន និងអូស្ត្រាលី បានថ្កោលទោស និងចូលរួមក្នុងការដាក់ទណ្ឌកម្ម។


ផ្ទុយទៅវិញ មហាយក្សអាស៊ីដូចជា ចិន និងឥណ្ឌា បានបោះឆ្នោតអនុបវាទដោយមិនថ្កោលទោស ហើយក៏មិនដាក់ទណ្ឌកម្មលើរុស្ស៊ីដែរ។ ចិន និងឥណ្ឌា គឺជាសត្រូវជម្លោះព្រំដែននឹងគ្នា ហើយការមានជំហរដូចគ្នានេះមិនមែនមានន័យថាពួកគេត្រូវរ៉ូវគ្នានោះទេ តែគឺដោយសារមាន​ផលប្រយោជន៍ និងហេតុផលផ្ទាល់ខ្លួនដែលត្រូវធ្វើដូច្នេះ។


ក្រៅតែពីទំនាក់ទំនងយោធា, ចិន និងឥណ្ឌា គឺសុទ្ធសឹងតែត្រូវការប្រេង និងឧស្ម័នពីរុស្ស៊ី ហើយគួបផ្សំរុស្ស៊ីកំពុងជាប់ទណ្ឌកម្ម ប្រទេសទាំង២ នេះអាចនឹងចាប់យកឱកាសទិញប្រេង ឬឧស្ម័នពីរុស្ស៊ីក្នុងតម្លៃថោក ក្រោមការលក់បញ្ចុះតម្លៃ។ ដោយឡែក សូម្បីតែថ្នាក់ដឹកនាំអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ មហាំម៉ាត់ ប៊ិន សាល់ម៉ាន ក៏បានបដិសេធលើកការហៅទូរស័ព្ទជាមួយលោក ចូ បៃដិនដែរ តែបែរជាបានពិភាក្សាគ្នាជាច្រើនលើក ជាមួយលោក ពូទីន ជុំវិញការកំណត់តម្លៃនាំចេញប្រេងទៅកាន់ប្រទេសចិន ដោយគិតជាប្រាក់យ័នទៀតផង។


នៅមុនរុស្ស៊ីសម្រេចចិត្តឈ្លានពានអ៊ុយក្រែន, ពាណិជ្ជកម្មរបស់រុស្ស៊ីជាមួយអាស៊ីបានកើនឡើងរួចទៅហើយ ដូច្នេះនៅក្នុងបរិបទដែលអឺរ៉ុប កំពុងបង្កើនការដាក់សម្ពាធ និងទណ្ឌកម្ម ហើយលុយរូប្លិ៍របស់រុស្ស៊ីលែងត្រូវបានទទួលស្វាគមន៍ដោយប្រទេសលោកខាងលិច វានឹងកាន់តែធ្វើឱ្យរុស្ស៊ី ពង្រឹងការធ្វើសមារណកម្មជាមួយអាស៊ី ជាពិសេសគឺបង្កើនទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីជាមួយចិន។ តែព្រមពេលជាមួយគ្នា រុស្ស៊ីនឹងកាន់តែ ពឹងផ្អែកលើទីផ្សារចិនរឹតតែខ្លាំង ហើយក្នុងនោះទៀតសោត ប្រព័ន្ធទូទាត់ថវិកាចិន UnionPay ATM រួមទាំងការធ្វើសមាហរណកម្មនៃប្រព័ន្ធទូទាត់ អន្តរធនាគារ Chinese Cross-Border Interbank Payment System ក៏នឹងកាន់តែត្រូវបានពន្លឿនផងដែរ។


បើនិយាយពីវិស័យថាមពលវិញ, រុស្ស៊ីបានបង្កើនការនាំចេញថាមពលទៅកាន់ប្រទេសចិន ចាប់តាំងពីការក្រសោបយកតំបន់គ្រមៀពីអ៊ុយក្រែន កាលពីឆ្នាំ២០១៤ មកម្ល៉េះ និងបានឯកភាពលើការសាងសង់បំពង់បង្ហូរឧស្ម័នដោយផ្ទាល់ឆ្ពោះទៅកាន់ប្រទេសចិន ហើយខណៈអាល្លឺម៉ង់ផ្អាកគម្រោង បំពង់ឧស្ម័ន Nord Stream 2 ផងនោះ មូស្គូនឹងពន្លឿនការបញ្ចប់ការសាងសង់បំពង់ឧស្ម័នជាមួយចិនដែលទើបតែបានព្រមព្រៀងបង្កើនការទិញ ប្រេងពីក្រុមហ៊ុនរុស្ស៊ី Rosneft។


គួរបញ្ជាក់ថា បើតាមក្រុមអ្នកជំនាញ ការបង្កើនទំនាក់ទំនងពាណិជកម្មទ្វេភាគីជាមួយចិន នឹងក្លាយជាការត្រួសត្រាយផ្លូវមួយសម្រាប់រុស្ស៊ីក្នុងការធ្វើ សមាហរណកម្មជាមួយអាស៊ី។ តែទោះជាបែបនេះក្ដី ប្រជាជនរុស្ស៊ីប្រហែលជានឹងនៅតែចាត់ទុកខ្លួនជាមហាអំណាចអឺរ៉ុប គ្រាន់តែរដ្ឋរបស់ពួកគេ នឹងដើរតួនាទីដូចជាមហាអំណាចអាស៊ីដែរ ហើយភូមិសាស្ត្ររបស់ពួកគេនឹងកាន់តែមានទំនាក់ទំនងខ្លាំងជាមួយអនាគតអាស៊ី៕


ប្រភព៖ Foreign Policy (ថ្ងៃព្រហស្បតិ៍ ទី៣១ ខែមីនា ឆ្នាំ២០២២)

ដោយៈ Fresh News



បទវិភាគ ៖ អតីតបុគ្គលិកណាហ្កាវើលទាំង១១រូបដែលត្រូវបានដោះលែងឲ្យនៅក្រៅឃុំ មិនអនុវត្តតាមការសន្យាក្នុងចេតនាបង្ករឿងឲ្យកាន់តែធំ និងស្មុគស្មាញ (Video)

 

បទវិភាគ "អតីតបុគ្គលិកណាហ្កាវើលទាំង១១រូបដែលត្រូវបានដោះលែងឲ្យនៅក្រៅឃុំ មិនអនុវត្តតាមការសន្យាក្នុងចេតនាបង្ករឿងឲ្យកាន់តែធំ និងស្មុគស្មាញ"

វិវាទការងាររវាងអតីតបុគ្គលិកក្រុមហ៊ុនណាហ្កាវើលដ៏ និងក្រុមហ៊ុនណាហ្កាវើលដ៏ នៅមិនទាន់បានបិទបញ្ចប់នៅឡើយ គឺចាប់តាំងពីខែឧសភា ឆ្នាំ២០២១ រហូតមកដល់បច្ចុប្បន្នទោះបីជាមានការព្យាយាមដោះស្រាយតាមនីតិវិធីពីអាជ្ញាធរគ្រប់ជាន់ថ្នាក់ក៏ដោយ។ វិវាទការងារដ៏រាំរ៉ៃនេះចេះតែឡើងកម្តៅពីមួយថ្ងៃទៅមួយថ្ងៃរហូតឈានដល់ការចាប់ខ្លួនមេដឹកនាំបាតុករចំនួន១១នាក់ដោយរាប់ពីចុងខែធ្នូ ឆ្នាំ២០២១មក ក្រោមបទចោទញុះញង់បង្កឲ្យមានភាពវឹកវរដល់សន្តិសុខសង្គម។


សកម្មភាពបាតុកម្ម ដែលបាតុករហៅខ្លួនឯងថាជាកូដករនោះគឺបានឆ្លងផុតបន្ទាត់ក្រហមទៅជាអំពើល្មើសនឹងច្បាប់រួចស្រេចទៅហើយ នេះក៏ជាមូលហេតុដែលនាំឲ្យមានការចាប់ខ្លួនផងដែរ។ សកម្មភាពល្មើសច្បាប់មានជាអាថ៌៖ 

 ទី១.សកម្មភាពតវ៉ានេះមិនមែនជាកូដកម្មនោះទេ ព្រោះតាមន័យច្បាប់ កូដកម្មគឺការតវ៉ារបស់បុគ្គលិកមួយក្រុមដែលព្រមព្រៀងគ្នាតវ៉ាក្នុងសហគ្រាស រឺក្រុមហ៊ុនដែលខ្លួនកំពុងបំពេញការងារ តែជាក់ស្តែងការតវ៉ារបស់អតីតបុគ្គលិកណាហ្កាវើលគឺធ្វើនៅតាមទីសាធារណៈ ដោយគ្មានការអនុញ្ញាតិពីអាជ្ញាធរ។


 ទី២ បាតុកម្មខុសបានវិវត្តខ្លួនរហូតមានការប្រើវោហាសាសន៍វាយប្រហារ ប្រមាថមកលើអាជ្ញាធរ ញុះញង់ឲ្យបាតុករចូលរួមកាន់តែមានកំហឹង។

ទី៣ បាតុកម្មនេះមានការរៀបចំយុទ្ធសាស្ត្រទុកជាមុនដើម្បីប្រឆាំងនឹងអាជ្ញាធរ រួមមានការរុញឲ្យស្រ្តីមានផ្ទៃពោះ និងកុមារឲ្យមកនៅជួរមុខប្រឈមនឹងអាជ្ញាធរ ការប្រកាសរបស់មេបាតុករចង់ឲ្យសមត្ថកិច្ចចាប់ខ្លួន។

ទី៤ ការរៀបចំផែនការបិទផ្លូវចូលអគារឯកជនរំខានដល់អាជីវកម្ម មិនឲ្យបុគ្គលិកផ្សេងទៀតចូលធ្វើការងារ ជាពិសេសគម្រោងរំខានដល់ប្រជាពលរដ្ឋដែលកំពុងអបអរសាទពិធីបុណ្យឆ្លងឆ្នាំសកលក្នុងខែធ្នូឆ្នាំ២០២១។

ទី៥ ការល្មើសនឹងវិធានសុខាភិបាលដោយមិនសហការយកសំណាកជំងឺកូវីដ19


រហូតមកដល់ថ្ងៃទី១២ និងទី១៥ ខែមិនាឆ្នាំ២០២១ អតីតបុគ្គលិកណាហ្កាវើលមួយចំនួន ដែលកំពុងឃុំខ្លួន បានសរសេរលិខិតមករដ្ឋមន្ត្រីក្រសួងការងារដោយសន្យា និងអំពាវនាវថា៖

-បុគ្គលិក និងកម្មករដែលកំពុងធ្វើបាតុកម្មមិនទាន់ចូលធ្វើការងារវិញ សូមចូលធ្វើការងារទាំងអស់គ្នាដើម្បីការពារផលប្រយោជន៍នៅកន្លែងធ្វើការងារ និងបង្កបរិយាកាសសម្រាប់ដោះស្រាយវិវាទតាមផ្លូវច្បាប់។

-ចំពោះបុគ្គលិកដែលក្រុមហ៊ុនណាហ្កាវើលដ៏បានបញ្ឈប់ សូមនៅផ្ទះរក្សាភាពស្ងប់ស្ងាត់ដើម្បីបង្កបរិយាកាសឲ្យយើងខ្ញុំចរចាជាមួយក្រុមហ៊ុនណាហ្កាវើលដ៏និងក្រសួងការងារ ដើម្បីស្វែងរកដំណោះស្រាយនិងទូទាត់សំណងតាមផ្លូវច្បាប់ជូនបងប្អូន។

-ដើម្បីឈានទៅបញ្ចប់បញ្ហាទាំងនេះ ជាពិសេសការដោះស្រាយនិងទូទាត់សំណងតាមផ្លូវច្បាប់ជូនកម្មករដែលក្រុមហ៊ុនណាហ្កាវើលបានបញ្ឈប់ពីការងារ យើងខ្ញុំសំណូមពរដល់ក្រសួងមានសមត្ថកិច្ច ជាពិសេសក្រសួងការងារសូមមេត្តាជួយអន្តរាគមន៍តាមផ្លូវច្បាប់ដើម្បីឲ្យពួកយើងខ្ញុំបាននៅក្រៅឃុំជាបណ្តោះអាសន្នចូលរួមទៅដោះស្រាយវិវាទខាងលើ ដោយយើងខ្ញុំសន្យាថាសហការជាមួយអាជ្ញាធរ ក្នុងការអនុវត្តឲ្យបានម៉ឹងម៉ាត់នូវវិធានការសុខាភិបាល មិនរារាំងការយកសំណាក មិនប្រមូលផ្តុំការតវ៉ា រឺដឹកនាំការតវ៉ាណាមួយដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈនិងសន្តិសុខជាតិឡើយ។


បន្ទាប់ពីមានការសន្យាជាលាយលក្ខណ៍អក្សរ និងផ្តិតមេដៃខាងលើ នៅថ្ងៃទី១៦មិនា ឆ្នាំ២០២២ អតីតបុគ្គលិកណាហ្កាវើលដ៏មួយចំនួនដែលបានឃុំខ្លួនត្រូវបានដោះលែងឲ្យនៅក្រៅឃុំ ដើម្បីឲ្យពួកគេធ្វើតាមការសន្យាដើម្បីបញ្ចប់វិវាទការងារដ៏រាំរ៉ៃរវាងក្រុមហ៊ុនណាហ្កាវើលដ៏ និងអតីតបុគ្គលិកដែលតវ៉ាទាំងអស់។ 


ជាលទ្ធផល មិនបានដូចការគិតទុករបស់អាជ្ញាធរក្នុងចេតនាដោះស្រាយវិវាទការងារនេះទេ មេដឹកនាំសហជីពដែលបានដោះលែងឲ្យនៅក្រៅឃុំទាំងនោះមិនបានចូលខ្លួនមកដោះស្រាយតាមការអញ្ជើញជាបន្តបន្ទាប់របស់អាជ្ញាធរនោះឡើយ ជាងនេះទៅទៀតមេសហជីពទាំងនោះថែមទាំងប្រមូលគ្នីគ្នាធ្វើបាតុកម្មដដែល បើទោះជាមានការហាមធ្វើបាតុកម្មពីរដ្ឋបាលរាជធានីភ្នំពេញក៏ដោយ។ 


ក្រោយបានដោះលែងឲ្យនៅក្រៅឃុំ មេដឹកនាំសហជីពទាំងនោះបានញុះញង់បំភិតបំភ័យបុគ្គលិកដែលកំពុងនៅធ្វើការងារដោយផ្សព្វផ្សាយព័ត៌មានមិនពិតថា នឹងមានការបញ្ឈប់បុគ្គលិកជាង៦០០នាក់បន្ថែមទៀត។ នៅក្នុងចេតនាបង្ករឿងឲ្យកាន់តែស្មុកស្មាញ មេសហជីពដែលទទួលការបណ្តុះបណ្តាលពីក្រៅប្រទេសទាំងនេះបានបន្ថែមលក្ខខណ្ឌដែលក្រុមហ៊ុនណាហ្កាវើលដ៏មិនអាចទទួលយកបាន គឺការទាមទារឲ្យបុគ្គលិកជាង២០០នាក់ដែលក្រុមហ៊ុនបញ្ឈប់ចូលធ្វើការងារវិញ ជាថ្នូរនឹងបុគ្គលិក៣០០នាក់កំពុងធ្វើការងារនឹងឈប់។


នៅក្នុងវិវាទការងារបែបនេះ បើនិយាយឲ្យសាមញ្ញ បើថៅកែមិនពេញចិត្តបុគ្គលិកណាម្នាក់ ថៅកែមានសិទ្ធិបញ្ឈប់ដោយមិនបាច់ជូនដំណឹងជាមុនដោយគ្រាន់តែបង់លុយអត្ថប្រយោជន៍ផ្សាងៗដែលច្បាប់កំណត់បូករួមនិងប្រាក់ខែ។ បុគ្គលិកដែលថៅកែដេញចេញពីការងារគ្មានសិទ្ធិដាក់លក្ខខណ្ឌទៅថៅកែវិញនោះទេ។ ដូចគ្នាដែរក្នុងករណីវិវាទការងារក្រមហ៊ុនណាហ្កាវើលដ៍នេះ សហជីព ឬបុគ្គលិកក្រុមហ៊ុនគ្មាន សិទ្ធិ ឬអភ័យឯកសិទ្ធិទៅដាក់លក្ខខណ្ឌជាមួយថៅកែក្រុមហ៊ុននោះទេ។


ដោយ យ៉ង វិសេស មន្ត្រីអង្គការក្រៅរដ្ឋាភិបាល



លិខិតរបស់មន្ត្រីសហជីព៖ ហេតុអ្វីអតីតបុគ្គលិក NAGAWORLD ១១នាក់ ត្រូវបានតុលាការសម្រេចដាក់ឱ្យនៅក្រៅឃុំជាបណ្តោះអាសន្ន?

គិតចាប់ពីខែមិថុនា ឆ្នាំ២០២១ រហូតដល់បច្ចប្បន្ននេះ គឺជិតមួយឆ្នាំហើយដែលក្រុមបាតុករអតីតបុគ្គលិកក្រុមហ៊ុន NAGAWORLD នៅតែបន្តដឹកនាំធ្វើបាតុកម្ម ទាមទារលក្ខខណ្ឌការងារផ្សេងៗពីក្រុមហ៊ុន។ បើតាមព័ត៌មានដែលបានផ្សព្វផ្សាយជាបន្តបន្ទាប់កន្លងមកនេះបង្ហាញថា ការដោះស្រាយវិវាទការងារដែលកើតចេញពីការកាត់បន្ថយបុគ្គលិកចំនួនជាង១៣០០នាក់ ត្រូវបានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអាជ្ញាធរមានសមត្ថកិច្ច បានជួបពិភាក្សាដើម្បីស្វែងរកដំណោះស្រាយ និងព្យាយាមផ្សះផ្សារភាគីទាំងពីរសរុប ៩លើករួចមកហើយ បន្ថែមពីលើនេះក្រុមប្រឹក្សាអាជ្ញាកណ្តាលក៏បានចេញសេចក្តីសម្រេច ផងដែរក៏ប៉ុន្តែក្រុមបាតុករនៅតែមិនព្រមទទួលយកដំណោះស្រាយតាមផ្លូវច្បាប់ គឺយកបាតុកម្មជាត្រីមុខ រហូតដល់មានការចាប់ខ្លួន និងដោះលែងជាបណ្តោះអាសន្ន មេសហជីពឈ្មោះ ឈឹម ស៊ីថរ និងក្រុមរបស់ពួកគេសរុប ១១នាក់ ជាមួយលក្ខខណ្ឌដែលពួកគេបានធ្វើកិច្ចសន្យាដើម្បីចូលរួមដោះស្រាយវិវាទការងារក្នុងក្រុមហ៊ុន NAGAWORLD ដើម្បីបញ្ចប់ជម្លោះ។ 


បើបញ្ហាវិវាទការងារនេះបានកើតឡើងដោយសារការកាត់បន្ថយបុគ្គលិកជាង ១៣០០នាក់ តើបុគ្គលិកក្រុមហ៊ុន NAGAWORLD ទាំងនោះមានជំហរយ៉ាងណារហូតដល់បច្ចុប្បន្ននេះ? នៅថ្ងៃក្រុមហ៊ុនរំសាយបុគ្គលិក គឺបុគ្គលិកភាគច្រើនមិនតវ៉ាអ្វីឡើយ ដោយយល់ព្រមទទួលយកប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារស្របតាមច្បាប់ ដោយមើលឃើញថាក្រុមហ៊ុនពិតជាជួបវិបត្តិគ្មានភ្ញៀវ ដោយសារជំងឺកូវីដ១៩ មែន គឺមានតែអតីតបុគ្គលិកចំនួនជាង ៣០០នាក់ប៉ុណ្ណោះដែលធ្វើបាតុកម្មតវ៉ានៅមុខក្រុមហ៊ុន ហើយបន្ទាប់ពីមានការទទួលយកសំណងជាបន្តបន្ទាប់ គឺចំនួនបាតុករបានថយចុះ ដែលចំនួនចុងក្រោយថ្មីៗនេះគឺនៅសល់ប្រមាណតែជាង ២០០នាក់ប៉ុណ្ណោះដែលនៅបន្តធ្វើបាតុកម្ម។ អ្នកតវ៉ា ២០០នាក់នេះក៏ក្រុមហ៊ុនបានផ្ញើប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារចូលក្នុងកុងធនាគាររបស់ពួកគេរួចរាល់ផងដែរ។

 

និយាយពីអតីតបុគ្គលិកដែលបានធ្វើបាតុកម្មតវ៉ាចំនួនជាង ៣០០នាក់នោះវិញ ឃើញថាចាប់ពីថ្ងៃដំបូងនៃការតវ៉ា គឺចាប់ផ្តើមពីការឈរស្រែកកាន់បដានៅមុខក្រុមហ៊ុន រហូតដល់បិទផ្លូវដឹកទំនិញចេញចូលរបស់ក្រុមហ៊ុន រារាំងបុគ្គលិកដែលនៅសេសសល់ជាង ៦ពាន់នាក់មិនឱ្យចូលធ្វើការ និងរារាំងអតិថិជនក្រុមហ៊ុន។ ដោយសារក្រុមហ៊ុនមានសិទ្ធិក្នុងការកាត់បន្ថយបុគ្គលិកស្របតាមច្បាប់ មិនអាចបំពេញលក្ខខណ្ឌរបស់បុគ្គលិកដែលទាមទារឱ្យពួកគេចូលធ្វើការវិញនោះ ក្រុមបាតុករបានបង្កើនសកម្មភាពតវ៉ារបស់ខ្លួន ដោយនាំគ្នាស្រែកវាយប្រហារប្រមាថលើសមត្ថកិច្ច ប្រើប្រាស់ស្ត្រីមានផ្ទៃពោះ និងកុមារឈរនៅជួរមុខបាតុកម្ម ហើយមេបាតុករបានប្រកាសត្រៀមខ្លួនឱ្យអាជ្ញាធរមានសមត្ថកិច្ចចាប់ខ្លួនទៀតផង។ ក្នុងយប់ថ្ងៃឆ្លងឆ្នាំសាកល ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ជាពេលដែលប្រជាពលរដ្ឋខ្មែរទៅដើរលេងកំសាន្តនៅតំបន់នោះ ពួកគេកាន់តែពង្រីកសកម្មភាពតវ៉ាឱ្យកាន់តែធំថែមទៀត។


ការតវ៉ានេះក្លាយជាការបាតុកម្មខុសច្បាប់ នៅពេលដែលភាគីទាំងសងខាងចូលខ្លួនទៅចរចារជាមួយក្រុមប្រឹក្សាអាជ្ញាកណ្តាល ហើយក្នុងអំឡុងពេលនោះច្បាប់មិនអនុញ្ញាតិឱ្យមានការតវ៉ាតាមទីធ្លាសាធារណៈទៀតឡើយ គឺរង់ចាំដំណោះស្រាយពីក្រុមប្រឹក្សាអាជ្ញាកណ្តាល។ តុលាការក៏បានសម្រេចហាមឃាត់ការធ្វើបាតុកម្មរបស់កម្មករនយោជិតទាំងនោះផងដែរ ដោយបានកំណត់ថា កម្មករនយោជិតដែលបន្តធ្វើបាតុកម្មផ្ទុយនឹងខ្លឹមសារនៃសេចក្តីសម្រេចនេះ ត្រូវកំណត់ថាជាបាតុកម្មខុសច្បាប់ និងត្រូវចាត់ទុកថាជាកំហុសធ្ងន់ធ្ងរ។ ប៉ុន្តែក្រុមបាតុករ នៅតែបន្តធ្វើបាតុកម្មតវ៉ាដដែល។ 


សមត្ថកិច្ចថែមទាំងបានយកដីការសម្រេចស្តីពីការហាមឃាត់ការធ្វើបាតុកម្ម ទៅអានបញ្ជាក់ជូនដល់មុខក្រុមបាតុករ ហើយមេដឹកនាំក៏បានចុះហត្ថលេខាទទួលដីកាសម្រេចនោះផងដែរ ក៏ប៉ុន្តែក្រុមបាតុករនៅតែបន្តធ្វើបាតុកម្មខុសច្បាប់ដដែល។ ដោយការពិនិត្យផ្លូវច្បាប់យ៉ាងល្អិតល្អន់ បូករួមនឹងភ័ស្តុតាងជាក់ស្តែងមានគ្រប់គ្រាន់ បាតុករមួយចំនួនត្រូវបានចាប់ខ្លួន ហើយនៅរសៀលថ្ងៃទី៤ ខែមករា ឆ្នាំ២០២២ សមត្ថកិច្ចក៏បានចាត់វិធានការតាមច្បាប់ចំពោះមេសហជីពឈ្មោះ ឈឹម ស៊ីថរ និងក្រុមរបស់ពួកគេ ដោយត្រូវបានសាលាដំបូងរាជាធានីភ្នំពេញ សម្រេចឃុំខ្លួន ពីបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។ 


ចុះហេតុអ្វីបានជាតុលាការ សម្រេចដោះលែងមេក្លោងដឹកនាំបាតុកម្មខុសច្បាប់ទាំង ១១នាក់ ដែលជាអតីតបុគ្គលិកក្រុមហ៊ុន NAGAWORLD ដាក់ឱ្យនៅក្រៅឃុំបណ្តោះអាសន្ននោះទៅវិញ?


បន្ទាប់ពីការចាប់ខ្លួនក្រុមមេដឹកនាំបាតុកម្មខុសច្បាប់ហើយ ដើម្បីបើកច្រកដល់ការដោះស្រាយបញ្ចប់វិវាទការងារនូវក្នុងក្រុមហ៊ុន NAGAWORLD និងដោយមើលឃើញពីឆន្ទៈរបស់មេសហជីពមានចេតនាចង់សម្របសម្រួលដោះស្រាយបញ្ហា ដោយបានធ្វើកិច្ចសន្យាបញ្ជាក់ផង ទើបតុលាការបានសម្រេចដោះលែងបុគ្គលទាំងនោះជាបណ្តោះអាសន្ន។ ក្នុងកិច្ចសន្យាធ្វើឡើងនៅថ្ងៃទី១២ និងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ ដោយមានស្នាមមេដៃមេសហជីពឈ្មោះ ឈឹម ស៊ីថរ និងក្រុមខ្លួនដទៃទៀត មួយច្បាប់ម្នាក់ បានសំណូមពរដល់ក្រសួងមានសមត្ថកិច្ច ជាពិសេសក្រសួងការងារ មេត្តាជួយអន្តរាគមន៍តាមផ្លូវច្បាប់ដើម្បីឱ្យនាង និងក្រុមរបស់នាង បាននៅក្រៅឃុំជាបណ្តោះអាសន្នដើម្បីធ្វើជាប្រតិភូតំណាងបុគ្គលិកកម្មករនៃក្រុមហ៊ុនណាហ្គាវើលដ៍ ដោះស្រាយបញ្ហាដែលនោះសេសសល់ទាំងនោះ ដោយមានខ្លឹមសារថា៖

•  មិនធ្វើការប្រមូលផ្តុំតវ៉ា ឬដឹកនាំការតវ៉ាណាមួយដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខសង្គមជាតិទៀតឡើយ

•  អំពាវនាវដល់បុគ្គលិកដែលក្រុមហ៊ុនមិនបានកាត់បន្ថយ ហើយកំពុងធ្វើកូដកម្មមិនទាន់បានចូលធ្វើការវិញ សូមចូលធ្វើការវិញទាំងអស់គ្នា ដើម្បីការពារផលប្រយោជន៍នៅកន្លែងការងារ និងបង្កបរិយាកាសសម្រាប់ដោះស្រាយវិវាទតាមផ្លូវច្បាប់។

•  ចំពោះបុគ្គលិកដែលក្រុមហ៊ុនណាហ្គាវើលដ៍ បញ្ឈប់ពីការងារ សូមសម្រាកនៅផ្ទះ ឬរក្សាភាពស្ងប់ស្ងាត់ដើម្បីបង្កបរិយាកាសសម្រាប់យើងខ្ញុំចរចារជាមួយក្រុមហ៊ុនណាហ្គាវើលដ៍ និងក្រសួងការងារ ដើម្បីស្វែងរកដំណោះស្រាយ និងទូរទាត់សំណងតាមផ្លូវច្បាប់ជូនដល់បងប្អូន។


ប៉ុន្តែជាការគួរឱ្យសោកស្តាយបន្ទាប់ពីតុលាការសម្រេចឱ្យមានការដោះលែងឱ្យនៅក្រៅឃុំជាបណ្តោះអាសន្ន នៅថ្ងៃទី១៦ ខែមីនា បែជាមេសហជីពមិនគោរពតាមកិច្ចសន្យា ដោយអះអាងតាមបណ្តាសាព័ត៌មានក្រៅស្រុកថា ពួកគេមិនចូលតុចរចាដើម្បីរកដំណោះស្រាយវិវាទទេ ដរាបណាតុលាការមិនដោះលែងសមាជិកសហជីព ៣នាក់ទៀត ហើយក្រុមនេះនៅតែចិញ្ចឹមចិត្តញុះញង់កម្មករដែលនៅសេសសល់ប្រមាណ ១០០ ទៅ ២០០នាក់ ឱ្យបន្តធ្វើបាតុកម្មអណាធិបតេយ្យខុសច្បាប់ដដែល ជាមួយនឹងការទាមទារលក្ខខណ្ឌដែលខុសពីគោលការណ៍ច្បាប់ និងមិនអាចទទួលយកបានពីសំណាក់ភាគីក្រុមហ៊ុន ជាពិសេសគឺសកម្មភាពរបស់ពួកគេបានប្រាស់ចាកពីកិច្ចសន្យាទាំងស្រុង ដែលបានធានាអះអាងជូនទៅតុលាការដើម្បីសុំសិទ្ធិនៅក្រៅឃុំជាបណ្តោះអាសន្ន។


ការទាមទារលក្ខខណ្ឌថ្មីៗជាបន្តបន្ទាប់ ក្រោយចេញពីពន្ធនាគារបែបនេះ នឹងមិនអាចដោះស្រាយបញ្ហាបានទេ ផ្ទុយទៅវិញវាគឺជាការដុតកំដៅបញ្ហាឱ្យឆេះក្តៅឡើងវិញ។ បញ្ហាវិវាទការងារក្រុមហ៊ុន NAGAWORLD នេះគប្បីមានការយោគយល់គ្នា ដោយសុច្ចរិតពីគ្រប់ភាគីពាក់ព័ន្ធ ចូលរួមដោះស្រាយ។ ប្រសិនជាមេដឹកនាំសហជីពគោរពទៅតាមកិច្ចសន្យារបស់ពួកគេខាងលើ បូកជាមួយការយល់ព្រមដោះស្រាយជាបន្តបន្ទាប់ពីក្រុមហ៊ុន NAGAWORLD ដោយការសម្របសម្រួលពីក្រុមប្រឹក្សាអាជ្ញាកណ្តាល យើងរំពឹងថាវិវាទក្នុងក្រុមហ៊ុននេះ នឹងដោះស្រាយដោយរលូន មិនមានភាពអាណាធិបតេយ្យដូចសព្វថ្ងៃនេះទេ។ ប៉ុន្តែយើងបានមើលឃើញថាឬសគល់ដែលនាំឱ្យមានដល់សព្វថ្ងៃនេះ គឺការបំពានកិច្ចសន្យាពីសំណាក់ក្រុមបាតុករ និងការមិនព្រមអនុវត្តតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាលពីសំណាក់ក្រុមបាតុករខុសច្បាប់៕


ដោយ៖ លោក ជុំ សុភ័គ មន្ត្រីសហជីព



វីដេអូ÷ ទស្សនៈមិត្តអ្នកអាន÷ តើជម្រើសល្អបែបណាតាមគោលការណ៍ច្បាប់ដែលឈានដល់ការបញ្ចប់ជម្លោះនៅក្រុមហ៊ុនណាហ្គាវើលដ៍

 

ផ្សាយបន្តផ្ទាល់៖ ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ ក្រោមអធិបតីភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា

 

សមិទ្ធផលថ្មីក្នុងដែនដីរាជធានីភ្នំពេញកើតចេញពីម្លប់សុខសន្តិភាពនេះ ត្រូវបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣១ ខែមីនា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។



ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ ជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ហើយទទួលម៉ៅការសាងសង់ដោយ ក្រុមហ៊ុនវិនិយោគទុនអានិកជនកម្ពុជា (OCIC)។ គម្រោងស្ពានអាកាស និងផ្លូវក្រោមដីនេះ បានបើកការដ្ឋានសាងសង់ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨។ គម្រោងនេះប្រើប្រាស់ពេលវេលាសាងសង់ ៣០ខែ និងចំណាយថវិកាសាងសង់ប្រមាណ ២២លានដុល្លារ។

ផ្អែកតាមលក្ខណៈបច្ចេកទេសរបស់មន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ការដ្ឋាននេះត្រូវសាងសង់ដោយបែងចែកជា៣ផ្នែក រួមមាន៖

* ស្ពានទី១៖ ជាស្ពានអាកាសមេតភ្ជាប់ចរាចរ ពីមហាវិថីសហព័ន្ធរុស្ស៉ី មកផ្លូវជាតិលេខ៣ មានប្រវែងសរុប ៤០៨ម៉ែត្រ ទទឹង ១៥.៨ម៉ែត្រ ដែលមានចរាចរពីរគន្លងទៅនឹងពីរគន្លងមកជម្រាលស្ពាន ៤.៥ម៉ែត្រ និងមានកម្ពស់អតិបរមាដែលអាចចរាចរក្រោមស្ពានមាន ៥.៥ម៉ែត្រ។

* ស្ពានទី២៖ បំបែកចេញពីស្ពានអាកាសមេ បត់ឆ្វេងតភ្ជាប់ចរាចរពីមហាវិថីសហព័ន្ធរុស្ស៉ី ឆ្ពោះទៅផ្លូវវេងស្រេង សម្រាប់ចរាចរមួយទិស ដែលមានមួយគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត មានប្រវែងសរុប ២០២ម៉ែត្រ (ស្ពានអាកាស ប្រវែង ៤០ម៉ែត្រ ផ្លូវក្រោមដីប្រវែង ១១៨ម៉ែត្រនិងផ្លូវលើដីប្រវែង ៤៤ម៉ែត្រ) ទទឹង ៥.២៥ម៉ែត្រ។

* ស្ពានទី៣៖ ជាស្ពានកោងបត់ឆ្វេងតភ្ជាប់ចរាចរពីផ្លូវវេងស្រេង មកផ្លូវជាតិលេខ៣ មានប្រវែងសរុប ២០៦ម៉ែត្រ (ស្ពានអាកាសប្រវែង ៦០ម៉ែត្រ ផ្លូវក្រោមដីប្រវែង ១១៨ម៉ែត្រ និងផ្លូវលើដីប្រវែង ២៨ម៉ែត្រ) ទទឹង ៥.២៥ម៉ែត្រ សម្រាប់ចរាចរមួយទិស ដែលមានមួយគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត។

បន្ថែមពីលើនេះ គម្រោងក៏បានសាងសង់ផ្លូវ និងផ្លូវក្រោមដីមួយខ្សែទៀត ជាផ្លូវកោងតភ្ជាប់ចរាចរពីផ្លូវវេងស្រេង មកផ្លូវជាតិលេខ៤ មានប្រវែងសរុប ១៣០ម៉ែត្រ (ផ្លូវក្រោមដី ប្រវែង ១៣ម៉ែត្រ និងផ្លូវលើដីប្រវែង ១១៧ម៉ែត្រ) ទទឹង ៨.៥ម៉ែត្រ សម្រាប់ចរាចរមួយទិស ដែលមានពីរគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត។ ផ្លូវលើផ្ទៃដី ជាផ្លូវមេតភ្ជាប់ចរាចរពីផ្លូវជាតិលេខ៤ មកផ្លូវវេងស្រេង មានប្រវែងសរុប ២៣៥ម៉ែត្រ ទទឹង ៨.៥ម៉ែត្រ សម្រាប់ចរាចរមួយទិស ដែលមានពីរគន្លងរថយន្ត និងមួយគន្លង ទោចក្រយានយន្ត។

គម្រោងក៏បានសាងសង់ផ្លូវក្រោមដីមួយខ្សែ ដែលជាផ្លូវតភ្ជាប់ចរាចរពីផ្លូវជាតិលេខ៤ មកមហាវិថីសហព័ន្ធរុស្ស៉ី ដែលមានប្រវែងសរុប ៤៧០ម៉ែត្រ ទទឹង ៨.៥ម៉ែត្រ សម្រាប់ចរាចរមួយទិស ដែលមានពីរគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត។

សម្រាប់ការបើកបរលើស្ពានអាកាស និងផ្លូវក្រោមដីចោមចៅនេះ បានកំណត់ល្បឿនសុវត្ថិភាព ៤០គីឡូម៉ែត្រ ក្នុងមួយម៉ោង សម្រាប់ផ្លូវទទឹងទំហំ ៨.៥ម៉ែត្រ និងល្បឿនសុវត្ថិភាព ២៥គីឡូម៉ែត្រ ក្នុងមួយម៉ោង សម្រាប់ផ្លូវទទឹងទំហំ ៥.២៥ម៉ែត្រ និងទំហំ ៥.៥ម៉ែត្រ ។ ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ មានអាយុកាលប្រើប្រាស់រហូតដល់ទៅ ១០០ឆ្នាំ ហើយមានបំពាក់បង្គោលភ្លើងបំភ្លឺផ្លូវ រៀបចំបណ្តាញជុំវិញបរិវេណស្ពានអាកាស និងអាងស្តុកទឹកក្រោមដី មានទាំងបំពាក់ម៉ូទ័របូមទឹកស្វ័យប្រវត្តិផងដែរ។

រាជធានីភ្នំពេញ ដែលត្រូវបានប្រសិទ្ធនាមជាទីក្រុងខ្មោចក្នុងរបបកម្ពុជាប្រជាធិបតេយ្យរបស់ ប៉ុល ពត និងជាទីក្រុងដ៏ស្ងប់ស្ងាត់បំផុតក្រោយថ្ងៃរំដោះ៧ មករា ឆ្នាំ១៩៧៩នោះ បានប្រែក្លាយជាទីក្រុងដ៏រស់រវើក និងមមាញឹកបំផុតនាពេលបច្ចុប្បន្ន។ ក្នុងរយៈពេលជាង ៤០ឆ្នាំមកនេះ រាជធានីភ្នំពេញ ត្រូវបានពង្រីកផ្ទៃដីជាបន្តបន្ទាប់់ ខណៈប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធត្រូវបានកែលំអ និងលើកកម្ពស់កាន់តែល្អប្រសើរ ជាមួយសំណង់អគារពាណិជ្ជកម្ម លំនៅឋានផុសឡើងយ៉ាងព្រោតព្រាតសមជាទីក្រុងដ៏ស៊ីវិល័យ។

ជំរឿនស្ថិតិប្រជាពលរដ្ឋកាលពីឆ្នាំ២០១៩ បានបង្ហាញថា រាជធានីភ្នំពេញ មានប្រជាពលរដ្ឋរស់នៅ ធ្វើការ និងបំពេញការសិក្សារៀនសូត្រសរុបជាង ២លាននាក់។ របាយការណ៍ ក៏បានបង្ហាញដែរថា កំណើនយានយន្តក្នុងរាជធានីភ្នំពេញ បានកើនឡើងយ៉ាងឆាប់រហ័សផងដែរ។ បច្ចុប្បន្នចំនួនយានយន្តចរាចរណ៍ក្នុងរាជធានីភ្នំពេញ មានជាង ២លានគ្រឿង។ ក្នុងនោះរថយន្តមានជាង ៥០ម៉ឺនគ្រឿង និងទោចក្រយានយន្តមានប្រមាណ ២លានគ្រឿង។

កំណើនយានយន្ត កំណើនចរាចរណ៍នេះ បានធ្វើឱ្យរាជធានីភ្នំពេញ ជួបបញ្ហាកកស្ទះខ្លាំងលើការធ្វើដំណើរ។ ឆ្លើយតបនឹងបញ្ហានេះ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋបាលរាជធានីភ្នំពេញ បានប្រឹងប្រែងកែសម្រួលហេដ្ឋារចនាសម្ព័ន្ធ សាងសង់ស្ពានអាកាស និងផ្លូវក្រោមដីជាដើមនៅចំណុចប្រសព្វ ដែលមានការកកស្ទះចរាចរណ៍ខ្លាំង។

បច្ចុប្បន្ននៅក្នុងរាជធានីភ្នំពេញ មានស្ពានអាកាសចំនួន៦ ដែលបានសាងសង់រួចរាល់ និងកំពុងប្រើប្រាស់ រួមមាន៖ ស្ពានអាកាសក្បាលថ្នល់ (២៤ មិថុនា ២០១០), ស្ពានអាកាស៧មករា (៦ មករា ២០១២), ស្ពានអាកាសស្ទឹងមានជ័យ (៣១ កក្កដា ២០១៤), ស្ពានអាកាស៥មករា (៥ មករា ២០១៦), ស្ពានអាកាសមិត្តភាពកម្ពុជា-ចិន សែនសុខ ឬហៅថា «ស្ពានអាកាសផ្សារដីហ៊ុយ» (២ កក្កដា ២០១៨), ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅសម្ពោធដាក់ឱ្យប្រើប្រាស់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២។

បច្ចុប្បន្នរាជរដ្ឋាភិបាល ក៏កំពុងដំណើរការសាងសង់ស្ពានអាកាសស្ថិតនៅលើបណ្តោយផ្លូវជាតិលេខ៥ ចំណុចប្រសព្វនៃផ្លូវតភ្ជាប់ពីស្ពានខ្សែកាបឫស្សីកែវ ឆ្លងកាត់ទន្លេសាប ដែលតភ្ជាប់រវាងផ្លូវជាតិលេខ៥ និងទីក្រុងរណបជ្រោយចង្វា។

តាមរយៈស្ពានអាកាស និងផ្លូវក្រោមដី បានជួយសម្រួលការធ្វើដំណើរ កាត់បន្ថយការកកស្ទះចរាចរណ៍ ចំណេញពេលវេលា និងថវិកាផងដែរ។ សមិទ្ធផលទាំងអស់នេះ បានបង្ហាញនូវការប្តេជ្ញាចិត្តមុតមាំ ការប្រឹងប្រែង និងយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ក្នុងការដោះស្រាយបញ្ហារស់នៅរបស់ប្រជាពលរដ្ឋ ក៏ដូចជាកិច្ចការអភិវឌ្ឍប្រទេសជាតិ៕













Wednesday, March 30, 2022

វីដេអូ៖ រដ្ឋបាលរាជធានីភ្នំពេញបង្ហាញការសោកស្តាយយ៉ាងខ្លាំងចំពោះក្រុមបាតុករជាអតីតបុគ្គលិកនិងបុគ្គលិកក្រុមហ៊ុន ណាហ្គាវើលដ៏ដែលនៅតែបន្តប្រមូលផ្តុំធ្វើបាតុកម្មខុសច្បាប់

 


សេចក្តីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បង្ហាញការសោកស្តាយយ៉ាងខ្លាំងចំពោះក្រុមបាតុករជាអតីតបុគ្គលិក និងបុគ្គលិកក្រុមហ៊ុន ណាហ្គាវើលដ៏ ដែលនៅតែបន្តប្រមូលផ្តុំធ្វើបាតុកម្មខុសច្បាប់នៅតាមទីសាធារណៈ (ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២)

 

ទស្សនៈមិត្តអ្នកអាន៖ តើជម្រើសល្អបែបណាតាមគោលការណ៍ច្បាប់​ដែលឈាន​ដល់​ការ​បញ្ចប់​ជម្លោះ​នៅក្រុមហ៊ុន​ណាហ្គាវើលដ៍?

បាតុករអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ គប្បី​ទទួលយកសំណងពីក្រុមហ៊ុន!

បន្ទាប់​ពី​បាន​តាមដាន​យ៉ាងយកចិត្ត​ទុក​ដាក់​ជុំវិញ​វិវាទការងារ​នៅក្រុមហ៊ុន​ណាហ្គាវើលដ៍ ដែល​បន្ត​អូស​បន្លាយ​មក​ដល់​ពេល​នេះ សង្កេតឃើញ​ថា​​ អតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ នៅតែបន្ត​​ប្រមូលគ្នីគ្នាធ្វើបាតុកម្ម​នៅតាមទីសាធារណៈ ដោយអះអាងថា ក្រុម​ហ៊ុនបានបញ្ឈប់ពួកគេពីការងារដោយគ្មានហេតុផលនិង​តវ៉ាទាមទារលក្ខខណ្ឌការងារមួយ​ចំនួន​ទៀត​។ ក៏ប៉ុន្តែ ភាគី​ខាង​ក្រុម​​​ហ៊ុន​ណាហ្គាវើល​ដ៍បានបញ្ជា​ក់​​ថា ការបញ្ឈប់បុគ្គលិកមួយចំនួន​ ​​ដោ​យ​សារ​តែក្រុមហ៊ុនត្រូវ​កែសម្រួលរចនាសម្ព័ន្ធកាត់បន្ថយបុគ្គ​លិក​ ដើម្បី​ក្រុមហ៊ុនអាចរស់បានអំឡុងពេលដែល​កម្ពុជា ក៏ដូចជាបណ្តាប្រទេសដទៃ​ទៀ​ត​លើសក​ល​លោកបាននិងកំពុង​រងវិបត្តិ​ជំងឺឆ្លងសាកលកូវីដ១៩។ ការបញ្ឈប់នេះ​ ក្រុមហ៊ុនមានហេតុផលសមរម្យ និងបានទូទាត់​សំណងជូន​បុគ្គ​លិក​​​​ត្រឹម​ត្រូវ​​ស្របតាមនីតិវិធី​​ច្បាប់​។

យោងតាម​របាយការណ៍ដែលក្រុមហ៊ុន​ណាហ្គាវើលដ៍​ឲ្យ​ដឹង ​បាន​បញ្ជាក់​ថា ដោយ​សារ​ការ​បន្ត​ធ្លាក់​ចុះ​ភ្ញៀវ ការ​បន្ត​រីក​រាល​ដាល​នៃជំងឺកូវីដ១៩ ការ​រៀប​ចំ​សកម្មភាព​អាជីវកម្មឡើង​វិញ និង​ការ​កែសម្រួល​រចនា​សម្ព័ន្ធ​ផ្ទៃក្នុង​ឲ្យ​សម​ស្របតាមការ​រក្សា​គម្លាតសង្គម និង​វិធានការ​សុខាភិបាល​ផ្សេងៗទៀត នៅ​អំឡុងខែមេសា ឆ្នាំ​២០២១ ក្រុមហ៊ុន​បាន​ជូន​ដំណឹង​ដល់​សហជីព និង​ប្រជុំ​ជា​មួយ​​តំណា​ង​កម្មករនិយោជិត ​អំពីគម្រោង​កាត់​បន្ថយ​បុគ្គលិកនៅផ្នែក​ផ្សេងៗដែល​មាន​ចំនួន ១៣២៩​នាក់ ទន្ទឹមគ្នា​នេះ​ក៏មាន​បុគ្គលិកចំនួន ២៩២នាក់ ​ផ្សេងទៀត ​បាន​ស្ម័គ្រចិត្ត​​​សុំ​លាឈប់ពីការងារ​ដោយ​ខ្លួន​ឯង ដែល​ធ្វើ​ឲ្យ​ចំនួនកម្មករនិយោជិត​ត្រូវ​កាត់​បន្ថយ​បានកើន​ឡើង​ដល់ ១៦២១នាក់។ ក្រុមហ៊ុន​ណាហ្គាវើលដ៍ បាន​ទូទាត់ប្រាក់​បំណាច់​បញ្ចប់​កិច្ចសន្យា​​​ការងារ​ជូន​កម្មករនិយោជិតចំនួន ១៦២១នាក់ ក្នុង​​​នោះមាន​និយោជិតចំនួន ១២៤៨នាក់ បាន​យល់​ព្រម​ទទួល​យក និង​ចំនួន ៣៧៣នាក់ មិន​ព្រម​ទទួល​យក​ ទោះ​បី​ជា​ក្រុម​ហ៊ុន​បានផ្ទេរលុយ​ចូល​គណនី​ធនា​គារ​​របស់​កម្មករ​និយោជិត​ម្នាក់​ៗរួច​ហើយ​ក្តី។

ពាក់ព័ន្ធករណីនេះ ​ក្រសួងការងារនិង​បណ្តុះបណ្តាល​វិជ្ជាជីវៈបាន​សម្រប​សម្រួល និង​បញ្ជូន​ករណី​វិវាទការងារនេះទៅ​ក្រុម​ប្រឹក្សា​អាជ្ញាកណ្តាល។ ក្រុមប្រឹក្សាអាជ្ញាកណ្តាល​បានបើកសវនាការកាលពីថ្ងៃទី១៥ ខែកក្កដា និង​នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ លើ​សំណុំរឿងនេះទៅតាម​ច្បាប់​ជាធរមាន។ ​នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ ក្រុមប្រឹក្សាអាជ្ញាកណ្តាល​បានចេញសេចក្តី​សម្រេច​ ដោយបង្គាប់ឲ្យភាគីនិយោជក​អនុវត្តរបៀបគណនាប្រាក់បំណាច់អតីតភាព​​ការ​ងារ, សោហ៊ុយជំងឺចិត្ត, ប្រាក់​រំលឹក​អតីតភាពការងារមុន​ឆ្នាំ​២០១៩, ប្រាក់បំណាច់ជួសការ​ឈប់សម្រាកប្រចាំឆ្នាំ, និង​ប្រាក់​បំណាច់ជួសការ​ជូន​ដំណឹងមុន​ជូនកម្មករនិយោជិតឲ្យបាន​ត្រឹម​ត្រូវ​តាម​ច្បាប់ ​ពេលបញ្ចប់កិច្ចសន្យា​ការងារនៅចុងឆ្នាំ២០២០ និង​ដើម​ឆ្នាំ​២០២១។ បង្គាប់ឲ្យនិយោជកបន្ត​បើកប្រាក់​បំណាច់​អតីតភាពការងារឆ្នាំ​២០២០ និង​ឆ្នាំ​​២០២១ ជូនកម្មករនយោជិត​នៅក្នុង​ឆ្នាំ​២០២១ បន្ត​ទៀត។

ក្រោយការបង្គាប់របស់ក្រុមប្រឹក្សា​អាជ្ញាកណ្តាលបែបនេះ ក្នុង​ចំណោមអតីតបុគ្គលិកណាហ្គាវើលដ៍ចំនួន ៣៧៣នាក់ ​មាន​បុគ្គ​លិក​​​ចំនួន​ជាង ១០០នាក់បន្ថែមទៀត ​បានយល់​​​ព្រម​ទទួល​យក​សំណង​ពីក្រុមហ៊ុន និង​នៅសេសសល់​​ចំនួនប្រមាណជា ២០០​នាក់ប៉ុណ្ណោះ​។​

ជាការកត់សម្គាល់ ទោះ​ជាមាន​ដំណោះស្រាយ​ពីក្រសួង​ការងារនិង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ និង​ស្ថាប័ន​ពាក់​​ព័ន្ធ​ជា​ច្រើន​​លើក​រួច​មក​ហើយ​ក្តី ក៏អតីតបុគ្គលិកក្រុម​ហ៊ុន​ណា​ហ្គាវើលដ៍ដែល​នៅសេសសល់ទាំងនេះ ​​នៅ​តែ​បន្ត​ធ្វើ​បាតុ​កម្ម​​តវ៉ា​ទាម​ទារ​ចង់​ចូល​ធ្វើ​ការវិញ ​និង​ភ្ជាប់​លក្ខខណ្ឌកាន់​តែច្រើនឡើង ក្នុង​ចេតនា​បង្កការាំង​ស្ទះ​ដល់​ដំណើរការស្វែង​រក​ដំណោះស្រាយ​ដើម្បី​បញ្ចប់​វិវាទ​នេះ​​។​ មិនត្រឹម​តែប៉ុណ្ណោះ​ទេ មេខ្លោង​សហជីពដែល​ជា​អ្នក​​បញ្ជា​ ដឹកនាំ​ធ្វើ​បាតុកម្ម​ខុស​ច្បាប់ ​ថែម​ទាំង​បាន​បន្ត​ញុះ​ញង់​ និង​បំ​ពុល​ បំ​ភ័ន្ត​ព័ត៌មាន​ជាបន្ត​បន្ទាប់​ក្នុង​ចេទនាទុច្ចរិត​មកលើ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ថាបាន​ប្រើ​អំ​ពើហិង្សា​លើ​បាតុករ​ និង​ពួក​គេបាន​ប្រឌិត​ព័ត៌មាន​ថា បុគ្គលិក​ក្រុម​ហ៊ុន​ណា​ហ្គាវើល​ដ៏ដែល​បាន​និង​កំពុង​ធ្វើ​ការ​នឹង​សុំ​ឈប់​ពី​ការ​ជា​ច្រើន​នាក់​បន្ថែម​ទៀត​ ជា​មួយ​នឹង​ល្បិចកល​លួចបន្លំ​យក​អ្នក​ផ្សេង​ ឱ្យ​មក​ចូល​រួមធ្វើ​បាតុកម្ម​ បន្លំ​ធ្វើ​ជាអតី​ត​បុគ្គលិកណា​ហ្គាវើលដ៏ មក​ដោះ​ដូរ​ជា​មួយ​នឹង​អតី​តបុគ្គលិក​ដែល​បាន​បញ្ឈប់​ពី​ការងារ​ ក្នុង​ចេតនាអូសបន្លាយ​ការតវ៉ា ប្រមូលផ្តុំធ្វើ​បាតុកម្មខុស​ច្បាប់​ និង​ទាម​ទារ​លក្ខខណ្ឌផ្សេង​ៗ។​

តាមច្បាប់​ការងារ កាលណា​មាន​សេចក្តី​សម្រេច​ពី​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្តាល ហើយក្នុង​ករណី​ដែល​ខាងភាគី​​ក្រុម​​ហ៊ុន ​សុខ​ចិត្ត​ផ្តល់​សំណ​ង​ជូន​ពួកគេ​ទាំងនោះ​ មានន័យ​ថា ក្រុមហ៊ុន​ដាច់​ខាតមិន​ទទួលយក​​ពួកគេ​ឲ្យ​ចូល​ធ្វើ​ការ​​វិញឡើយ ហើយ​បុគ្គលិក​ទាំងនោះទៀតសោតក៏គ្មាន​សិទ្ធិណា​មួយទៅបង្គាប់​​បញ្ជា ឬក៏ចាប់​បង្ខំ​ឲ្យ​ក្រុមហ៊ុន​​ត្រូវ​តែ​ទទួល​​យក​លក្ខខណ្ឌ​របស់​​ខ្លួននោះ​ដែរ។

បើ​ផ្អែកតាម​ទិដ្ឋភាព​ច្បាប់ អតីតបុគ្គលិក​​ណា​ហ្គាវើលដ៍​​​ គ្មាន​ជម្រើស​ណា​ផ្សេង​ក្រៅ​ពីទទួលយក​សំណង​​ដែល​​ក្រុមហ៊ុនណាហ្គាវើលដ៍​ផ្តល់​ឲ្យស្រប​តាម​ច្បាប់​ការងារនោះ​ទេ ពីព្រោះ​ថា ការ​ធ្វើ​បាតុកម្ម​តវ៉ា​អនា​​​ធិបតេយ្យ​បែប​នេះ មិន​មែនជា​ដំណោះស្រាយ​ និងក៏គ្មាន​ប្រសិទ្ធភាព​ក្នុង​ការ​ដាក់​គំនាប​លើក្រុមហ៊ុន​ណាហ្គាវើលដ៍បានឡើយ​ ដោយ​​សារ​​ក្រុមហ៊ុន​បាន​អនុវត្ត​ត្រឹម​ត្រូវ​តាមនីតិវិធី​​ច្បាប់​។

​​លោក ទូច គង្គា អតីត​បុគ្គលិកក្រុម​ណាហ្គាវើលដ៍ ក្នុង​ចំ​ណោម​បុគ្គលិក​ដទៃទៀត​ ដែល​យល់​ព្រម​ទទួល​យក​សំណង​ពីក្រុមហ៊ុន បានអំពាវនាវ​ឲ្យ​អតីត​បុគ្គលិកក្រុមហ៊ុន​ណាហ្គាវើលដ៍ដែលនៅសេសសល់ គប្បី​​ទទួល​យក​សំណង ដើម្បី​បញ្ចប់​វិវាទនេះ​ដោយ​សន្តិវិធី។ លោក ទូច​ គង្គា ​អះ​អាង​​ថា លោក​បាន​​ទៅក្រសួងការងារ​និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ បាន​​ស្តាប់​ការ​បកស្រាយ​ពន្យ​ល់​​របស់​ក្រសួង​ អំពីការ​​ទូទាត់​ប្រាក់​បំណាច់​បញ្ចប់​កិច្ច​សន្យាការងារតាម​គោលការណ៍ច្បាប់​នៅទីស្តីការក្រសួង កាល​ពី​ថ្ងៃទី​៧ ខែមក​រា ឆ្នាំ​២០២២ និង​បាន​បញ្ជាក់​ថា ជាក់​ស្តែង​ គោល​ការ​ណ៍ទូទាត់ តាម​ការ​សម្រប​សម្រួល​របស់​ក្រសួង គឺមានភាពច្បាស់លាស់ តម្លាភាព និងត្រឹម​ត្រូវតាម​ច្បាប់ ដែលងាយស្រួលក្នុងការយល់ និងធ្វើឲ្យរូបលោកឯកភាពក្នុងការទទួលយកការទូទាត់ដោយពេញ​ចិត្ត​។

​ទន្ទឹមគ្នានេះ ការមិន​ទទួលយក​ប្រាក់សំណងរបស់​អតីតបុគ្គលិកណាហ្គាវើលដ៍ដែល​នៅ​សេសសល់​​នេះ ​បានដើរ​ប្រាសចាកពីគោលការណ៍ច្បាប់ និង​ប្រាសចាកទាំង​ស្រុង​ពីសេចក្តី​សម្រេច​​របស់ក្រុម​ប្រឹក្សាអាជ្ញាកណ្តាល និងក៏បង្ហាញឲ្យឃើញ​ពីភាព​ទុច្ចរិត​របស់​ក្រុម​អ្នក​តវ៉ា​ដែល​មិន​ចង់​មាន​ដំណោះស្រាយ​បញ្ចប់​វិវាទការងារ​។ តាមរយៈសកម្មភាពនេះ គេ​អាច​សន្និ​ដ្ឋាន​បាន​ថា បាតុ​កម្មនេះ គឺមាន​ផែនការ រចនាសម្ព័ន្ធដឹកនាំ និងការ​បណ្តុះបណ្តាល​ច្បាស់លាស់ ដោយ​ក្រៅពីកម្លាំងបាតុករនិង​មេបាតុករដែលអនុវត្ត​ផ្ទាល់ គឺនៅមានការ​ដឹកនាំបញ្ជាច្បាស់លាស់ពីខាងក្រៅ​ថែមទៀតផង។ ទន្ទឹម​នឹង​បាតុកម្ម​ខាង​ក្នុង ក៏មាន​បាតុកម្មគាំទ្រពី​តាម​បណ្តាប្រទេសនានា ដោយ​បណ្តាញ​សហជីពអន្តរជាតិ។

ក្នុង​នាម​ជា​មន្ត្រីជំនាញ​សិទ្ធិ​ការងារ ខ្ញុំ​សូម​លើក​ទឹក​ចិត្ត​ឲ្យ​អតីត​បុគ្គលិក​ណាហ្គាវើលដ៍ដែលនៅសេសសល់ទាំងអស់​ ព្រម​ទទួល​យក​ការ​ដោះ​ស្រាយ​ជាសំណងដែល​ស្រប​តាម​គោលការណ៍ច្បាប់ នោះ​ជា​ការល្អ​ប្រសើរ ក្នុង​ន័យថា ​អ្នក​ដែលព្រម​ទទួល​យក​សំណង ​គឺមានហេតុផល​គ្រប់ជ្រុងជ្រោយគិតពីប្រយោជន៍ឆ្នាំងបាយរបស់​ខ្លួនតទៅមុខ​ទៀត ពោលគឺយើង​មិន​អាចទៅធ្វើសកម្ម​ភាពបែប​អនាធិបតេយ្យ​ ឬក៏ចូល​ទៅក្នុង​សកម្មភាពណា​មួយ​​បំពាន​ច្បាប់នោះទេ ដែលអាច​ប្រឈម​នឹងនីតិវិធី ឬការចាត់វិធានការ​ផ្លូវ​ច្បាប់​ណា​មួយ​របស់អាជ្ញាធរបើ​សិនជាសកម្មភាពនោះ​ហួសព្រំដែន​នៃច្បាប់។

ជា​រួម​មក​វិញ ប្រសិន​បើ​បាតុករជាអតីតបុគ្គលិក​ក្រុមហ៊ុន​ណា​ហ្គាវើលដ៍ដែលនៅសេសសល់​ប្រមាណជា ២០០នាក់ មាន​សុច្ឆន្ទៈពិត​ប្រាកដ ​ក្នុង​ការ​ស្វែង​រក​ដំណោះ​ស្រាយជាមួយ​នឹង​ក្រុមហ៊ុន​ណាហ្គាវើលដ៍ ពួកគេគួរ​តែចូល​ខ្លួន​ទៅ​ដោះស្រាយតាមការ​អំពាវនាវរបស់​ក្រសួ​ង​​ការងារនិង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ ក៏ដូច​ជា​ស្ថាប័ន​ពាក់​ព័ន្ធ និង​ដូច​អ្វី​ដែល​ពួក​គេបាន​សន្យា​មុន​ពេលតុលាការ​​ដោះ​លែង​ឱ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្តោះ​អាសន្ន​ដើម្បី​​បញ្ចប់​​ជម្លោះ​នេះ។

​ផ្ទុយ​ទៅ​វិញ​ ក្នុងករណី​វិវាទនេះ ​​មិន​​បញ្ចប់ អ្វី​ដែល​ត្រូវ​ធ្វើ​បន្ត​ទៀត គឺនឹង​បន្ត​នីតិវិធីទៅតុលាការ។ ផ្អែក​តាម​​ច្បាប់​ ​​ថៅកែក្រុម​ហ៊ុនមាន​សិទ្ធិ​បញ្ឈប់​បុគ្កលិក​​បាន ឲ្យ​តែខាង​ក្រុម​ហ៊ុន​យល់​ព្រម​ដោះស្រាយ​តាម​គោលការណ៍កំណត់​ដោយ​ច្បាប់ ក៏ប៉ុន្តែ​បើ​បុគ្គលិក​កម្មករ​​​មិន​សុខ​ចិត្តចំពោះ​ការ​បញ្ឈប់​ ឬការ​បណ្តេញ​ចេញ​នោះ​ទេ ​​ពួកគេ​មាន​សិទ្ធិ​ប្តឹង​ទៅ​តុលាការ ដើម្បី​ស្វែង​រក​ដំណោះ​​ស្រាយ។ ទោះយ៉ាង​ណា​ ក្នុងករណី​ដែល​ថៅកែបញ្ឈប់​ពីការងារហើយ គឺគ្មានទេ ​ការអនុញ្ញាត​ឲ្យ​ចូល​ធ្វើ​ការ​វិញ គឺមាន​តែយល់​ព្រម​​​ទទួល​​​យក​សំណងតែ​ប៉ុណ្ណោះ។ នេះ​ជាគោល​ការណ៍ច្បាប់ ដែលពុំ​គប្បីអតីតបុគ្គលិក និ​ងបុគ្គលិក​ណាហ្គាវើលដ៍បន្តញុះញង់​ ឬធ្វើសកម្មភាពដឹកនាំបាតុកម្ម​បំពាន​ច្បាប់ណា​មួយ​ដែល​អាច​នឹង​ប៉ះពាល់​ដល់​សន្តិសុខ​ សណ្តាប់​ធ្នាប់​ សាធារណៈសង្គម​នោះ​ឡើយ៕

 

ដោយ៖ សុខ វាសនា ​មន្ត្រីជំនាញ​ផ្នែកសិទ្ធិការងារនៅអង្គការ​ក្រៅរដ្ឋាភិបាល​




 

រដ្ឋបាលរាជធានីភ្នំពេញ បង្ហាញការសោកស្តាយយ៉ាងខ្លាំងចំពោះក្រុមបាតុករជាអតីតបុគ្គលិក និងបុគ្គលិកក្រុមហ៊ុន ណាហ្គាវើលដ៏ ដែលនៅតែបន្តប្រមូលផ្តុំធ្វើបាតុកម្មខុសច្បាប់នៅតាមទីសាធារណៈ

 (ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ មានការសោកស្តាយយ៉ាងខ្លាំងចំពោះក្រុមបាតុករជាអតីតបុគ្គលិក និងបុគ្គលិកក្រុមហ៊ុន ណាហ្គាវើលដ៏ ដែលនៅតែបន្តប្រមូលផ្តុំ​ធ្វើបាតុកម្មខុសច្បាប់នៅតាមទីសាធារណៈនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១២នេះ ដោយពុំគោរពតាមគោលការណ៍ណែនាំរបស់រដ្ឋ​បាលរាជធានីភ្នំពេញ។ 

អ្នកនាំពាក្យសាលារាជរាជធានីភ្នំពេញ បានបញ្ជាក់ថា អ្វីដែលកាន់តែនឹកស្មានមិនដល់ថែមទៀតនោះគឺ ក្រុមបាតុករបានត្រៀមលក្ខណៈក្រោម​ផែនការដែលបានរៀបចំ​ទុកជាមុន ដើម្បីធ្វើសកម្មភាពផ្សេងៗតាមតួនាទីរៀងៗខ្លួន ដើម្បីបង្កើតព្រឹត្តិការណ៍ចាំទម្លាក់កំហុសមកលើអាជ្ញាធរមានសមត្ថកិច្ច។

ជាមួយគ្នានេះដែរ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានបញ្ជាក់ថា ដោយនៅរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២នេះ ពួកគេបានសម្តែងឈុតឆាកទៅតាមការរៀបចំ និងចាត់តាំងតួអនុវត្ដទុកជាមុន រួមមាន៖ អ្នកសម្តែងធ្វើជាតួកំសត់ ដោយរៀបចំឱ្យមានការលុតជង្គង់ សំពះ យំ អង្វរ និងតួជនរងគ្រោះធ្វើជាដួលសន្លប់ ហើយអ្នកខ្លះទៀតប្រើអំពើហិង្សាមកលើសមត្ថកិច្ចធ្វើឱ្យមានរូបភាពប្រតាយប្រតប់ ក្រញាំឱ្យមានរបួសស្រាល បញ្ចុះកំហឹង ជេរប្រមាថ មាក់ងាយមើលថោក ប្រើពាក្យសម្ដីអសុរោះ កាយវិការអសីលធម៌គ្រប់បែបយ៉ាងមកលើសមត្ថកិច្ច ដើម្បីត្រៀមកេងចំណេញប្រសិនបើអាជ្ញាធរមានសមត្ថកិច្ចពុំអាចអត់ទ្រាំនឹងទង្វើទាំងអស់នោះ ហើយធ្វើសកម្មភាពមិនប្រក្រតីណាមួយដែលនឹងក្លាយទៅជាចំណីរបស់តួដែល ត្រៀមចាំប្រមាញ់យករូបភាពដូចដែលធ្លាប់បានធ្វើកន្លងមក។

ជាក់ស្តែងមកដល់ពេលបច្ចុប្បន្ននេះ រាល់ការចោទប្រកាន់ថាសមត្ថកិច្ចបានប្រើអំពើហិង្សា និងបៀតបៀនផ្លូវភេទលើស្រ្តីជាក្រុមបាតុករ មិនទាន់មានជនរងគ្រោះណាម្នាក់បានដាក់ពាក្យបណ្តឹងទៅស្ថាប័នតុលាកាំរ ឬសមត្ថកិច្ចពាក់ព័ន្ធណាមួយដើម្បីស្វែងរកអ្នកប្រព្រឹត្ត មកទទួលខុសត្រូវនៅឡើយទេ។ នេះសរបញ្ជាក់ឱ្យឃើញថាគឺជាការចោទប្រកាន់ដែលប្រាសចាកពីការពិត។

អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ សូមបញ្ជាក់ជូនថា ទោះស្ថិតក្នុងឧបាយកលដ៏អាក្រក់របស់មនុស្សមួយក្តាប់តូច ដែលកំពុងប្រើប្រាស់ក្រុមបាតុករធ្វើជា​ឈ្នាន់យ៉ាងណា​ក៏ដោយ ក៏អាជ្ញាធរមានសមត្ថកិច្ចដែលកំពុងឈរជើងការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសង្គមបន្តការខិតខំ អត់ធ្មត់ និងបំពេញតួនាទីយ៉ាង​ហ្មត់ចត់ជាទីបំផុត ដើម្បីកុំឱ្យធ្លាក់ចូលក្នុងឧបាយកលដ៏ខ្មៅកង្វក់មួយនេះ បើទោះជាត្រូវស៊ូទ្រាំ រងការប្រមាថមើលងាយ រហូតឈានដល់ទទួលរងការប្រើអំពើហិង្សា​បង្ករបួសស្នាមពីសំណាក់ក្រុមបាតុករសារជាថ្មីនៅថ្ងៃនេះយ៉ាងណាក៏ដោយ៕




សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយអគ្គលេខាធិការអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី

នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី ២៩ ខែមីនា ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយលោកជំទាវ ល្វីស មូស៊ីគីវ៉ាបូ (Louise Mushikiwabo) អគ្គលេខាធិការ អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី។ 



ក្នុងជំនួបនេះ លោកជំទាវ ល្វីស មូស៊ីគីវ៉ាបូ បានគោរពថ្លែងអរគុណចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រី ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានរៀបចំទទួលដំណើរទស្សនកិច្ចរបស់អង្គការអន្តរជាតិ ហ្វ្រង់កូហ្វូនី។ លោកជំទាវបានមានប្រសាសន៍ថា សេដ្ឋកិច្ចកម្ពុជាគឺមានការទាក់ទាញយ៉ាងខ្លាំង ដែលអាចជាគំរូនៃការអភិវឌ្ឍវិស័យពាណិជ្ជកម្មសម្រាប់ប្រទេសនិយាយភាសាបារាំង។ លោកជំទាវបានលើកឡើងថា ក្នុងជំនួបរវាងអ្នកវិនិយោគមកពី២៤ប្រទេសជាមួយនឹងអ្នកវិនិយោគកម្ពុជាកន្លងទៅនេះ លោកជំទាវបានជម្រាបជូនសម្តេចតេជោថា ជំនួបនោះគឺបានទទួលលទ្ធផលល្អប្រសើរណាស់ ដែលមានការចាប់អារម្មណ៍ខ្លាំង ហើយក៏មានការចុះហត្ថលេខាលើអនុស្សារណៈដើម្បីបន្តកិច្ចសហប្រតិបត្តិការផងដែរ។ 

លោកជំទាវ ល្វីស មូស៊ីគីវ៉ាបូ ក៏បានជម្រាបជូនសម្ដេចតេជោបន្តទៀតថា គោលបំណងរបស់លោកជំទាវ និងប្រតិភូមកកាន់ប្រទេសកម្ពុជានាពេលនេះ គឺចង់បានកិច្ចសហប្រតិបត្តិការលើវិស័យវិនិយោគ សេដ្ឋកិច្ចពាណិជ្ជកម្ម ដែលមានដំណើរការរីកធំធាត់ និងជានិរន្តតទៅ ហើយដំណើរទស្សនកិច្ចរបស់លោកជំទាវ ក៏ជាចំណុចចាប់ផ្ដើមសម្រាប់កិច្ចសហប្រតិបត្តិការតទៅអនាគតផងដែរ។ 

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានសំដែងនូវការអបអរសាទរចំពោះជំនួបជ័យ នៃជំនួបរវាងអ្នកវិនិយោគមកពីបណ្ដាប្រទេសនិយាយភាសាបារាំង និងអ្នកវិនិយោគកម្ពុជា។ សម្ដេចតេជោបានមានប្រសាសន៍ថា សេដ្ឋកិច្ចពាណិជ្ជកម្ម និងការវិនិយោគ ជាចំណុចស្នូលនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសយើង និងតំបន់ ដែលប្រទេសយើង និងតំបន់មានសក្តានុពល គ្រាន់តែយើងមិនទាន់មានឱកាសនៅឡើយប៉ុណ្ណោះ ។ សម្ដេចតេជោបានមានប្រសាសន៍ថា យើងគប្បីណារួមគ្នាបង្កើតជាឱកាសដើម្បីចាប់យកសក្តានុពលទាំងឡាយណាដែលយើងមាន មិនត្រឹមតែដើម្បីពង្រីក ពង្រឹង កិច្ចសហប្រតិបត្តិការរវាងប្រទេស និងតំបន់យើងទាំងពីរប៉ុណ្ណោះនោះទេ តែសម្រាប់ជាទំនាក់ទំនងនយោបាយដ៏ល្អរវាងប្រទេសយើងទាំងពីរផង និងតំបន់ផង ព្រោះថាទំនាក់ទំនងល្អលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិការយោគ នឹងនាំទៅដល់ភាពជិតស្និទ្ធផ្នែកនយោបាយ។ 

ឆ្លៀតនៅក្នុងឱកាសនោះផងដែរ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនលោកជំទាវថា ក្នុងនាមជាប្រធានអាស៊ាន អ្វីដែលសម្តេចចង់បានគឺជំរុញការអនុវត្ត នៅកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី(AFTA) និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(RCEP) ឲ្យចលនាសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ និងរបៀងដំណើរទេសចរណ៍ក្នុងតំបន់អាស៊ានដំណើរការប្រក្រតីភាពឡើងវិញ៕








Tuesday, March 29, 2022

វិភាគអន្តរជាតិ៖ តើលោក ចូ បៃដិន មានផែនការប្ដូររបបដឹកនាំរបស់លោក ពូទីន ឬ?


(វ៉ាស៊ីនតោន)៖ ការអត្ថាធិប្បាយរបស់លោកប្រធានាធិបតីអាមេរិក ចូ បៃដិន កាលពីពេលថ្មីៗនេះដែលថាប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន មិនអាចបន្តកាន់អំណាចតទៅទៀត គឺជាឧទាហរណ៍មួយបង្ហាញឱ្យឃើញថាតើទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងរុស្ស៊ី ដើរដល់ចំណុចណា នៅក្នុង បរិបទទីក្រុងមូស្គូ នៅតែបន្តវាយប្រហារលើអ៊ុយក្រែន។


សម្ព័ន្ធមិត្តអឺរ៉ុបខាងលិច ជាពិសេស អឺរ៉ុបខាងកើតកំពុងចោទសួរថាតើនេះជាគោលនយោបាយការបរទេសផ្លូវការរបស់សហរដ្ឋអាមេរិក ដែលជាប់ឈ្មោះ ជាជើងឯកខាងប្ដូររបបដឹកនាំនៅឯបរទេសច្រើនជាងគេនៅលើពិភពលោក ដើម្បីបណ្ដេញលោក ពូទីនចេញពីអំណាច ឬផ្លាស់ប្ដូររបបដឹកនាំនៅរុស្ស៊ី មែនដែរឬទេ? ពីព្រោះថាពួកគេបារម្ភខ្លាចក្រែងថា លោក ពូទីនទប់កំហឹងមិនបាន ហើយអាចនឹងធ្វើឱ្យសង្រ្គាមរាលដាលកាន់តែខ្លាំង។


* ខឹងពេកទើបធ្លោយមាត់?


នៅពីក្រោយការសម្រេចចិត្តមិនបញ្ជូនកងទ័ពឱ្យទៅជួយអ៊ុយក្រែន, លោក បៃដិន បានធ្វើសង្រ្គាមពាក្យសម្ដីដោយរិះគន់ធ្ងន់ៗលើលោក ពូទីន ក្នុងនោះ រួមមានទាំងការធ្លោយមាត់ហៅប្រធានាធិបតីរូបនេះជា «ឧក្រិដ្ឋជនសង្រ្គាម, ឃាតក និងជនផ្ដាច់ការ» ជាដើម រហូតធ្វើឱ្យវិមានក្រឹមឡាំងផ្ទុះកំហឹង ដល់ថ្នាក់ព្រមានថាទំនាក់ទំនងទ្វេភាគីរវាងអាមេរិក និងរុស្ស៊ី កាន់តែជិតដល់ទីបញ្ចប់។


តែទោះជាបែបនេះក្ដី សេតវិមាន និងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានចេញមុខបញ្ជាក់ជាបន្តបន្ទាប់ថាការអត្ថាធិប្បាយរបស់ លោក បៃដិន មិនមែនចង់សំដៅ ឬក៏ជំរុញឱ្យមានការផ្លាស់ប្ដូររបបដឹកនាំនៅក្នុងប្រទេសរុស្ស៊ីទេ ពោលគឺអំណាចដែលលោក បៃដិនចង់និយាយ នោះគឺ លោក ពូទីន មិនអាចត្រូវបានអនុញាតឱ្យប្រើអំណាចគាបសង្កត់ប្រទេសក្បែរខាង ឬតំបន់បានឡើយ។ បន្ថែមពីលើនេះសូម្បីតែ លោក បៃដិនផ្ទាល់ ក៏បានអះអាងកាលពីថ្ងៃចន្ទ ទី២៨ ខែមីនានេះដែរថាអ្វីដែលលោកបានលើកឡើងពីលោក ពូទីន គឺជាការនិយាយដោយកំហឹងផ្ទាល់ខ្លួនតែប៉ុណ្ណោះ មិនមែនតំណាងឱ្យគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិក តែលោកក៏នឹងមិនសុំទោសចំពោះពាក្យសម្ដីទាំងនេះនោះដែរ។


បើតាមក្រុមអ្នកជំនាញ វោហារសាស្ត្ររបស់លោក បៃដិន គឺលោកចង់បញ្ជាក់ពីជំហរដាច់ណាត់របស់សហរដ្ឋអាមេរិកប្រឆាំងនឹងការឈ្លានពានរបស់ រុស្ស៊ីនៅអ៊ុយក្រែន ព្រមទាំងបង្ហាញពីសីលធម៌ជាមេដឹកនាំពិភពលោកក្នុងការការពារ «សភាវៈល្អ» ប្រឆាំងនឹងអ្វីដែលអាមេរិកតែងតែចាត់ទុកថាជា «សភាវៈអាក្រក់» និងប្រមូលសាមគ្គីភាពរវាងបណ្ដាប្រទេសលោកខាងលិច។ ប៉ុន្តែជាការពិត នៅពេលប្រឈមមុខជាមួយមហាអំណាចនុយក្លេអែរ ដូចជារុស្ស៊ី សហរដ្ឋអាមេរិកតែងតែជាជួបឧបសគ្គ និងបញ្ហាប្រឈមដ៏គ្រោះថ្នាក់ គឺហានិភ័យនៃសង្រ្គាមនុយក្លេអ៊ែរ។ ម្យ៉ាងវិញទៀត ការលើកឡើង របស់លោក បៃដិន អាចជាអំណោយមួយដែលទំនងជានឹងត្រូវបានលោក ពូទីន យកទៅប្រើប្រាស់ជាការឃោសនានយោបាយនៅក្នុងស្រុក ដោយ ចោទថាអាមេរិកកំពុងលូកលាន់កិច្ចការផ្ទៃក្នុងរុស្ស៊ី និងភ្ជាប់ក្រុមប្រឆាំងនឹងរូបលោកថាជា «អាយ៉ង» របស់អាមេរិក។


* អ្វីៗអាស្រ័យលើអ៊ុយក្រែន


រុស្ស៊ីកំពុងជាប់ទណ្ឌកម្មស្ទើរជុំទិសពីសំណាក់សហរដ្ឋអាមេរិក និងបណ្ដាប្រទេសលោកខាងលិច ពាក់ព័ន្ធនឹងសង្រ្គាមនៅអ៊ុយក្រែនដែលបានឈានចូល ដល់ខែទី២ហើយ។ សង្រ្គាមនេះបានបង្ខំឱ្យប្រជាជនអ៊ុយក្រែនច្រើនជាង ៣.៨លាននាក់ រត់ភៀសខ្លួនចេញពីប្រទេស រីឯជនស៊ីវិលច្រើនជាង១,១០០នាក់ ត្រូវបានសម្លាប់ចាប់តាំងពីលោក ពូទីន ប្រកាសប្រើកម្លាំងយោធាកាលពីថ្ងៃទី២៤ ខែកុម្ភៈមក។ នេះបើតាមអង្គការសហប្រជាជាតិដែលរំពឹងថាចំនួន អ្នកស្លាប់អាចនឹងបន្តកើនឡើង។


លោក អូឡិច អ៉ីញ៉ាតូវ (Oleg Ignatov) ជាអ្នកវិភាគជាន់ខ្ពស់ម្នាក់ស្ដីពីរុស្ស៊ី មកពីអង្គការ International Crisis Group បាននិយាយថាទំនាក់ទំនងការទូត រវាងសហរដ្ឋអាមេរិក និងរុស្ស៊ី អាចនឹង «ជាប់គាំង» មួយផ្នែកធំ ដរាបណាសង្រ្គាមនៅអ៊ុយក្រែននៅតែបន្ត។ លោកបញ្ជាក់ដូច្នេះថា «អ្វីគ្រប់យ៉ាង គឺអាស្រ័យលើអ្វីដែលកំពុង ឬនឹងកើតឡើងនៅក្នុងប្រទេសអ៊ុយក្រែន ហើយទំនាក់ទំនងរវាងរុស្ស៊ី និងលោកខាងលិចនឹងមិនត្រូវបានស្ដារឡើងវិញ នោះទេ ប្រសិនបើរុស្ស៊ីកាន់កាប់ទឹកដីមួយផ្នែករបស់អ៊ុយក្រែន បើទោះជារុស្ស៊ីបញ្ឈប់សកម្មភាពក្នុងតំបន់ដុនបាស់ក៏ដោយ»។


គួរបញ្ជាក់ថា បច្ចុប្បន្ន រុស្ស៊ីបានផ្លាស់ប្ដូរយុទ្ធសាស្ត្រយោធា ដោយងាកចេញពីការវាយយកទីក្រុងកៀវ ទៅផ្តោតជាសំខាន់ទៅលើការរំដោះទាំងស្រុង

តំបន់ដុនបាស់ នៃភាគខាងកើតប្រទេសអ៊ុយក្រែន ខណៈមន្ត្រីអ៊ុយក្រែនចោទថាលោក ពូទីន មានផែនការពុះចែកអ៊ុយក្រែនជាពីរដូចជា កូរ៉េខាងត្បូង និងកូរ៉េខាងជើង៕

ដោយៈ Fresh News






សម្រង់ប្រសាសន៍ដើមទាំងស្រុង សម្តេចតេជោ ហ៊ុន សែន, ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់​អគារមិត្តភាព កម្ពុជា-កូរ៉េ នៃមន្ទីរពេទ្យអង្គឌួង មន្ទីរពេទ្យសម្រាប់ការព្យាបាលត្រចៀក ច្រមុះ និងបំពង់ក

 CNV: 28 ខែ​មីនា, 2022

ឯកឧត្ដម Park Heung-Kyeong អគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋកូរ៉េ

ប្រចាំនៃព្រះរាជាណាចក្រកម្ពុជា

ឯកឧត្ដម លោកជំទាវ អស់លោក លោកស្រី

អស់លោក លោកស្រី វេជ្ជបណ្ឌិត គ្រូពេទ្យ និងបងប្អូនជនរួមជាតិ ជាទីគោរពស្រឡាញ់!

សម្ពោធអគារមិត្តភាពកម្ពុជា–កូរ៉េ ឯកទេសច្រមុះ បំពង់ក ត្រចៀក និងកំពុងសាងសង់មជ្ឈមណ្ឌលចក្ខុរោគ


ថ្ងៃនេះខ្ញុំពិតជារីករាយ ដែលបានចូលរួមជាមួយឯកឧត្ដមអគ្គរដ្ឋទូត Park Heung-Kyeong​ នៃសាធារណរដ្ឋកូរ៉េ តំណាង KOICA ក៏ដូចជាឯកឧត្ដម លោកជំទាវ អស់លោក លោកស្រី ដើម្បីធ្វើពិធីសម្ពោធដាក់ឲ្យប្រើប្រាស់នូវអគារមិត្តភាពកម្ពុជា-កូរ៉េ នៃមន្ទីរពេទ្យអង្គឌួង ដែលជាមន្ទីរពេទ្យសម្រាប់ការព្យាបាលត្រចៀក ច្រមុះ និងបំពង់ក។ ដូចដែលឯកឧត្ដមអគ្គរដ្ឋទូតកូរ៉េបានបញ្ជាក់អម្បាញ់មិញ ឆ្នាំនេះ គឺជាខួបលើកទី ២៥ នៃការបង្កើតទំនាក់ទំនងការទូតឡើងវិញ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ។ ឆ្នាំនេះ ក៏ជាឆ្នាំដែលកម្ពុជានិងកូរ៉េ ធ្វើពិធីសម្ពោធបើកការដ្ឋាននិងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់នូវសមិទ្ធផលមួយចំនួន ដូចជាការបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ ៤៨ ផ្សារភ្ជាប់ពីផ្លូវជាតិលេខ ៤ ទៅកាន់ទីរួមខេត្តកោះកុង ការសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវជាតិលេខ ២១ ដែលតភ្ជាប់ពីទីរួមខេត្តកណ្ដាលទៅកាន់ព្រំដែនវៀតណាមកាលពីអា​ទិត្យ​មុន ហើយនៅសប្ដាហ៍នេះ ថ្ងៃនេះយើងកំពុងធ្វើពិធីសម្ពោធដាក់ឲ្យប្រើប្រាស់នូវអគារព្យាបាលត្រចៀក ច្រមុះ និងបំពង់ក ដែលហៅថា អគារមិត្តភាពកម្ពុជា-កូរ៉េ នៃមន្ទីរពេទ្យព្រះអង្គឌួង រាជធានីភ្នំពេញរបស់យើង។


ខ្ញុំសូមយកឱកាសនេះ ដើម្បីថ្លែងជូននូវការអរគុណជាមួយនឹងការចូលរួមរបស់ឯកឧត្ដមអគ្គរដ្ឋទូត តំណាងរបស់ KOICA ក៏ដូចជាឯកឧត្ដម លោកជំទាវ អស់លោក លោកស្រី និងក្រុមគ្រូពេទ្យទាំងអស់ដែលបម្រើការនៅទីនេះ។ នេះគឺជាសមិទ្ធផលថ្មីមួយទៀត ដែលជាផ្លែផ្កានៃចំណងទាក់ទងរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ ហើយយើងពិតជាបានដំណើរការឈានទៅរកឯកទេសកម្ម ដូចជានៅទីនេះ ការរៀបចំដាក់ឲ្យប្រើប្រាស់នូវ(អគារ)នៃមន្ទីរពេទ្យនេះ បញ្ជាក់ឲ្យឃើញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការទំនាក់ទំនងជាមួយដៃគូអភិវឌ្ឍន៍របស់យើង ដើម្បីនាំមកនូវឯកទេសនានា​សម្រាប់បម្រើនូវសេចក្ដីត្រូវការរបស់ប្រជាជន។ ថ្ងៃនេះយើងមានឯកទេសខាងច្រមុះ បំពង់ក ព្រមទាំងត្រចៀក ហើយថ្ងៃខាងមុខ ក៏បាននិងកំពុងសាងសង់អំពីមជ្ឈ​មណ្ឌល​ចក្ខុរោគមិត្តភាពកម្ពុជា-កូរ៉េ នៅមន្ទីរពេទ្យអង្គឌួងនេះផងដែរ។ ដូច្នេះ យើងមាន ៤ ឯកទេសបន្ថែម សម្រាប់ការព្យាបាលនៅក្នុងប្រទេសរបស់យើង នៅទីនេះ។


៨១ គំរោងសុខាភិបាល អប់រំ ដឹកជញ្ជូន វប្បធម៌ បច្ចេកវិទ្យាព័ត៌មាន … ផ្លែផ្កាទំនាក់ទំនងកម្ពុជា និងកូរ៉េ


អ្នកដែលមានថវិកា គេអាចស្វះស្វែងរកនូវការព្យាបាលនៅតាមកន្លែងផ្សេងៗ ក៏ប៉ុន្តែអ្នកដែលគ្មានប្រាក់កាសច្រើន គឺអាចមានការព្យាបាលនៅទីនេះ ដែលយើងមានទាំងមន្ទីរពេទ្យ មានផ្នែកឯកទេសនេះ ហើយក៏មានអ្នកជំនាញនៃឯកទេសផងដែរ។ ខ្ញុំមានមោទនភាពដែលបានរួមចំណែកជាមួយនឹងសាធារណរដ្ឋកូរ៉េក្នុងដំណើរ ២៥ ឆ្នាំ នៃទំនាក់ទំនងការទូតឡើងវិញ ដែលនាំទៅដល់ការអនុវត្តគម្រោងជាច្រើន រាប់ទាំងគម្រោងដែលត្រូវបន្ត ដូចដែលឯកឧត្ដមអគ្គរដ្ឋទូតបានលើកឡើងអម្បាញ់មិញ គឺមានរហូតដល់ ៨១ គម្រោងបន្ថែមទៀត ដែលមានក្នុងវិស័យសុខាភិបាល អប់រំ ដឹកជញ្ជូន វប្បធម៌ បច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង។ នោះហើយដែលហៅថា ផ្លែផ្កានៃទំនាក់ទំនងរវាងកម្ពុជា និងកូរ៉េ។ ក្នុងឋានៈជាអ្នកនាំមុខ និងជាស្ថាបនិកនៃទំនាក់ទំនងកម្ពុជា និងសាធារណរដ្ឋកូរ៉េ ខ្ញុំមានមោទនភាព ដោយសារតែយើងបានចាប់ជ្រើសរើសយកនយោបាយការទូតរបស់យើង​បានត្រឹមត្រូវ ហើយយើងបានថែរក្សានូវទំនាក់ទំនងនេះរហូតមកដល់ពេលនេះ។


មិនមែនគ្រាន់តែបញ្ហាជំនួយ និងកម្ចីនោះទេ ក៏ប៉ុន្តែវាពាក់ព័ន្ធនឹងគ្រប់វិស័យទាំងអស់ ទាំងនយោបាយការទូត សេដ្ឋកិច្ច សង្គម វប្បធម៌ ដែលយើងត្រូវធ្វើជាមួយគ្រប់ប្រទេស ដោយគ្មានការរើសអើងរបបនយោបាយ។ ខ្ញុំសប្បាយរីករាយ ដោយសារតែអ្វីដែលយើងបាននិងកំពុងមាននៅទីនេះ វាបានបម្រើផលប្រយោជន៍ផ្ទាល់របស់ប្រជាជន។ ជនជាតិកូរ៉េពិតជាមិនមកព្យាបាលនៅក្នុងប្រទេសយើងនោះទេ លើកលែងតែករណីចាំបាច់សំរាប់អ្នកវិនិយោគ ឬក៏ជនជាតិកូរ៉េដែលធ្វើការនៅកម្ពុជាតែប៉ុណ្ណោះ ដែលអាចនឹងមកពិនិត្យព្យាបាលនៅទីនេះ។ ប៉ុន្តែអ្នកដែលទទួលផលប្រយោជន៍ពិតប្រាកដពីអគារកន្លែងព្យាបាលរបស់យើងនៅទីនេះ គឺជនជាតិកម្ពុជារបស់យើងតែម្ដង។


ក្រៅពីជំនាញឯកទេស កម្ពុជាទទួលបានដំណើរការប្រព័ន្ធឌីជីថល ផ្នែកសំខាន់នៃដំណើរការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមលើពិភពលោក


ខ្ញុំអំពាវនាវឲ្យមានការយកចិត្តទុកដាក់ទៅលើការផ្ទេរនូវបច្ចេកវិទ្យាទាំងឡាយ ដែលកូរ៉េមាន សម្រាប់គ្រូពេទ្យកម្ពុជារបស់យើង ដើម្បីទទួលបាននូវចំណេះដឹងបន្ថែមទៀត។ ខ្ញុំមានការរីករាយដោយឃើញថា ឯកឧត្ដម ម៉ម ប៊ុនហេង បានធ្វើរបាយការណ៍ទាក់ទងជាមួយនឹងដំណើរការដំបូងបំផុតសម្រាប់មន្ទីរពេទ្យមួយដែលដាក់ឲ្យដំណើរការតាមប្រព័ន្ធឌីជីថល។ សាធារណរដ្ឋកូរ៉េគឺជាប្រទេសមួយដែលជឿនលឿនក្នុងបច្ចេកវិទ្យាព័ត៌មាន។ ដូច្នេះ ដំណើរការតាមប្រព័ន្ធឌីជីថលនៅក្នុងមន្ទីរពេទ្យនេះ វាមិនមែនជារឿងចម្លែកសម្រាប់កូរ៉េទេ ប៉ុន្តែវាជារឿងថ្មីសម្រាប់កម្ពុជារបស់យើង ដែលយើងបានទទួលក្រៅពីជំនាញឯកទេស ក៏មានដំណើរការតាមប្រព័ន្ធឌីជីថល ដែលជាផ្នែកសំខាន់មួយនៃកិច្ចដំណើរការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមសម្រាប់ពិភពលោកបច្ចុប្បន្ននេះ។ កម្ពុជាមានបែបនេះ គឺដោយសារយើងខិតខំស្វះស្វែងរកដៃគូដែលមានលទ្ធភាពសម្រាប់ផ្ដល់ឲ្យយើង បើសិនជាគ្រាន់តែមានមន្ទីរពេទ្យសាងសង់ហើយ ប៉ុន្តែប្រសិនជាមិនផ្ទេរបច្ចេកវិទ្យាសម្រាប់ការចេះដឹង និងទទួលយកចំណេះដឹងពីសំណាក់ក្រុមគ្រូពេទ្យរបស់យើងនោះទេ ការពិនិត្យនិងព្យាបាលរបស់យើងក៏នៅតែមានកម្រិត។


ខ្ញុំក៏មានតម្រូវការ។ គ្រាន់តែ ៤ ផ្នែកដែលនៅទីនេះ សម្រាប់មន្ទីរពេទ្យនេះ គឺត្រចៀក​ ច្រមុះ បំពង់ក និងភ្នែក ដែលនឹងត្រូវ(ធ្វើហើយ)នៅពេលខាងមុខនេះ ខ្លួនខ្ញុំត្រូវការ ២ ឯកទេស សម្រាប់ការព្យាបាល។ កន្លងទៅ ក៏បានអញ្ជើញវេជ្ជបណ្ឌិតពីមន្ទីរពេទ្យនេះ ដើម្បីទៅជួយពិនិត្យជំងឺរបស់ខ្ញុំដែរ។ គេបានដឹងហើយ ខ្ញុំមានបញ្ហាភ្នែក ដោយសារតែការត្រូវរបួស ហើយឥឡូវវាជិតខួបទី ៤៧ នៃថ្ងៃដែលខ្ញុំរបួសភ្នែក និងពិការភ្នែក។ នៅពេលជាមួយគ្នានោះដែរ ខ្ញុំឧស្សាហ៍ហៅគ្រូពេទ្យឯកទេសខាងត្រចៀក ដោយសារតែនៅថ្ងៃដែលខ្ញុំត្រូវរបួសនោះ គឺជាថ្ងៃដែលខ្ញុំប្រើប្រាស់នូវប្រភេទអាវុធ ដែលគេមិនអាចឲ្យបាញ់លើស ៥ គ្រាប់ ប៉ុន្តែខ្ញុំបាញ់រហូតដល់ទៅ ១២ គ្រាប់ក្នុងរយៈពេល ៥ នាទី ដែលធ្វើឲ្យត្រចៀកខាងស្ដាំមានភាពខ្សោយបន្តិច ប្រៀបទៅនឹងត្រចៀកឆ្វេង។


អញ្ចឹងទេ ប្រហែលជាថ្ងៃក្រោយខ្ញុំមានតម្រូវការមកកាន់មន្ទីរពេទ្យអង្គឌួងនេះ មិនមែនម្ដងទៀត គឺនឹងច្រើនដង សម្រាប់ភ្នែកផង ហើយក៏សម្រាប់ត្រចៀកផងដែរ … ឥឡូវវាមិនមានបញ្ហាអីនោះទេ ប៉ុន្តែយើងត្រៀមទុកថា ទីកន្លែងណាដែលយើងត្រូវពឹងពាក់សម្រាប់ខ្លួនខ្ញុំនៅក្នុងការពិនិត្យព្យាបាលនោះឯង។ អញ្ចឹងទេបានជាខ្ញុំស្នើដោយទទូច សូមឲ្យផ្នែកគ្រូពេទ្យរបស់យើងទាញយកនូវចំណេះដឹង បច្ចេកវិទ្យាទាំងឡាយ ដែលកូរ៉េបានផ្ទេរឲ្យ​យើង ហើយខិតខំពង្រឹងនូវសមត្ថភាពនៃការពិនិត្យព្យាបាលរបស់យើងឲ្យកាន់តែកើនឡើងថែមទៀត។


បង្កើនថវិកាជាតិនិងរកដៃគូអភិវឌ្ឍ … ដើម្បីកសាង បង្កើនសមត្ថភាព ការពិនិត្យ និងព្យាបាលជំងឺ


ខ្ញុំរីករាយជាមួយនឹងការខិតខំសម្រាប់យើងទាំងអស់គ្នា។ ប៉ុន្មានឆ្នាំកន្លងទៅ ក្នុងរយៈពេលប្រមាណជាង ២ ទសវត្សរ៍នេះ យើងបានប្រឹងប្រែង​បង្កើនថវិកាសម្រាប់វិស័យសង្គមកិច្ច ដែលក្នុងនោះផ្ដល់អាទិភាពទៅលើវិស័យ​អប់រំនិងវិស័យសុខាភិបាល។ ឥឡូវនេះ សមិទ្ធផលបានកើតឡើងពិតប្រាកដមែន សម្រាប់ប្រទេសរបស់យើងទៅលើផ្នែកទាំងពីរនេះ។ នៅក្នុងជ្រើសរើសក្របខណ្ឌទៀតសោត គឺមានតែវិស័យអប់រំ និងវិស័យសុខាភិបាលប៉ុណ្ណោះដែលរាជរដ្ឋាភិបាលអនុញ្ញាតឲ្យរើសបំពេញបន្ថែមនូវគ្រូបង្រៀននិងគ្រូពេទ្យ។ ឆ្នាំកន្លងផុតទៅនេះ យើងបានអនុញ្ញាតឲ្យរើសគ្រូពេទ្យប្រមាណ ៤០០០ នាក់ សម្រាប់បំពេញឲ្យតម្រូវការនៃការព្យាបាលជំងឺប្រជាជនផង ហើយនៅក្នុងការរួមចំណែកប្រយុទ្ធជាមួយនឹងកូវីដ-១៩ ផងដែរ។ ដូច្នេះទន្ទឹមជាមួយនឹងការបង្កើននូវថវិកាជាតិ យើងក៏បានរកដៃគូអភិវឌ្ឍតាមរយៈជំនួយឥតសំណង តាមរយៈហិរញ្ញប្បទានដើម្បីកសាង បង្កើនសមត្ថភាព ការពិនិត្យ និងព្យាបាលជំងឺសម្រាប់ប្រជាជនរបស់យើង។


មិនទុកឲ្យពលរដ្ឋស្លាប់ដោយគ្មានការពិនិត្យនិងព្យាបាល គ្មានពលរដ្ឋមានជំងឺដេកតាមចិញ្ចើមថ្នល់


ខ្ញុំពិតជាមានមោទនភាព ហើយសូមយកឱកាសនេះថ្លែងនូវការកោតសរសើរចំពោះ ក្រសួងសុខាភិបាល ចំ​ពោះក្រុមគ្រូពេទ្យទាំងអស់នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ដែលក្នុងរយៈកាលជាង ២ ឆ្នាំកន្លងផុតទៅនេះបានប្រឹងប្រែងយ៉ាងខ្លាំងដើម្បីជម្នះនូវការលំបាកទាំងឡាយបង្កឡើងដោយជំងឺរាតត្បាតសកល កូវីដ-១៩។ បើយើងពិនិត្យអ្វីដែលយើងមានមូលដ្ឋានរយៈពេលកន្លងទៅនេះ ហើយដែលយើងជម្នះបានបញ្ហានេះ វាបានបង្ហាញនូវជោគជ័យនៃការខិតខំប្រឹងប្រែងរបស់ក្រុមគ្រូពេទ្យរបស់យើង ជាមួយនឹងការចូលរួមរបស់ប្រជាជន ដើម្បីដោះស្រាយបញ្ហាដ៏លំបាក។ ឆ្នាំទៅ ពេលនេះ ម៉ោងនេះ ជាពេលវេលាដ៏លំបាករបស់យើង ក្រោយពេលព្រឹត្តិការណ៍ ២០ កុម្ភៈ បានចាប់ផ្តើម។ ពេលវេលានេះ យើងបានចាប់ផ្តើមមានមនុស្សស្លាប់។ មានមនុស្សរាប់រយនាក់ក្នុងមួយថ្ងៃៗ ដែលឆ្លងជំងឺ ហើយមានអ្នកដែលនៅក្នុងមន្ទីរពេទ្យយ៉ាងកកកុញ។ ប៉ុន្តែយើងមិនដែលបណ្តោយឲ្យប្រជាពលរដ្ឋរបស់យើងណាម្នាក់ស្លាប់ ដោយគ្មានការពិនិត្យ និងគ្មានការព្យាបាល ហើយក៏គ្មានប្រជាពលរដ្ឋមានជំងឺដេកតាមចិញ្ចើមថ្នល់នោះដែរ។ យើងបានខិតខំធ្វើកិច្ចការងារនេះបានយ៉ាងល្អ តាមរយៈនៃការជួយគ្រប់គ្រងនៃអាជ្ញាធរថ្នាក់ក្រោមជាតិរបស់យើង ដោយយកចិត្តទុកដាក់បំពេញនូវភារកិច្ច ដែលមិនអាចចៀសវាងបាន។


ថ្ងៃនេះ ខុសពីឆ្នាំទៅ។ ឆ្នាំទៅ ម៉ោងនេះ ពេលនេះ យើងមានមនុស្សរាប់ម៉ឺននាក់ដែលកំពុងស្ថិតនៅក្នុងការព្យា​បាលជំងឺ ទៅតាមមណ្ឌលនានាដែលយើងមាន។ ពេលនោះយើងបានខ្ចីទៅដល់ទីកន្លែងនានារហូតទៅដល់មជ្ឈមណ្ឌលកម្សាន្ត កោះពេជ្រ និងមជ្ឈមណ្ឌលកម្សាន្តនានាផ្សេងទៀត បង្កើតឡើងនូវមន្ទីរពេទ្យយ៉ាងឆាប់រហ័ស ដើម្បីទទួលពិនិត្យនិងព្យាបាលអ្នកជំងឺ។ យើងមានអ្នកជំងឺរាប់ពាន់នាក់នៅក្នុងមជ្ឈមណ្ឌលសង្គ្រោះបន្ទាន់រហូតទៅដល់យើងខ្វះកន្លែងសង្គ្រោះបន្ទាន់ទៀតផង។ ប៉ុន្តែឆ្នាំនេះ យើងមានតែប៉ុន្មានរយនាក់តែប៉ុណ្ណោះដែលកំពុងព្យាបាល ហើយជាជំងឺធុនស្រាល។ មានតែ ៤៤ នាក់ តែប៉ុណ្ណោះ បើតាមស្ថិតិពីម្សិលមិញមាននៅក្នុង ICU គឺមជ្ឈមណ្ឌលសង្គ្រោះបន្ទាន់។ សង្ឃឹមថាទាំង ៤៤ នាក់ នេះនឹងអាចជាសះស្បើយ ហើយប្រសិនបើមានការស្លាប់ណាមួយនោះក៏មានចំនួនតិចតួចនោះដែរ។


ប្រៀបធៀបឆ្នាំទៅ និងឆ្នាំនេះគឺមានស្ថានភាពខុសគ្នា ប៉ុន្តែខ្ញុំក៏នៅតែបញ្ជាក់ថា យើងមិនអត្តនោម័តិជាមួយនឹង កូវីដ-១៩ នេះទេ ព្រោះថាវាអត់រើសមុខនោះទេ។ ពិតមែនហើយ ថ្ងៃនេះយោងតាមតួលេខអ្នកដែលឆ្លង កូវីដ-១៩ ដែលមានពីម្សិល យើងយកតួលេខត្រឹមក្រោយម៉ោង ៦ ល្ងាច គឺមានមិនដល់ ៦០ នាក់ទេ។ តួលេខចំនួនអ្នកស្លាប់ក៏មិនទាន់បានបញ្ជាក់ ថាតើមានអ្នកស្លាប់ ឬអត់? គឺក្រសួងសុខាភិបាលត្រូវការបញ្ជាក់ក្រោយម៉ោង ៩ ក្នុងចន្លោះម៉ោង ៩ ឬម៉ោង ១០ ទៅម៉ោង ១០ កន្លះ។


ភាពស៊ាំសហគមន៍ កាត់បន្ថយការឆ្លង ឬឆ្លងតែមិននាំដល់ភាពធ្ងន់ធ្ងរ


បើយើងប្រៀបធៀបកាលពីឆ្នាំមុន យើងលំបាកណាស់ ហត់នឿយណាស់ ហើយត្រូវតាមដានជាប់នូវសភាពការណ៍នៅពេលនោះ ក្នុងមួយថ្ងៃៗ ក្នុងពេលដែលអត់ទាន់មានវ៉ាក់សាំងចាក់ទេ។ យើងទើបនឹងចាប់ផ្តើមដំ​ណើរការវ៉ាក់សាំងតិចតួចក្នុងពេលដែលមកដល់ដំបូង គឺវ៉ាក់សាំងដែលមកតាមរយៈ COVAX នៃអង្គការសុខភាពពិភពលោក យើងមានចំនួនតិចតួច។ យើងមាន Sinopharm មកពីចិនក្នុងចំនួនតិចតួច។ ក៏ប៉ុន្តែឥឡូវនេះ យើងចាក់វ៉ាក់សាំងសម្រាប់ប្រជាពលរដ្ឋរបស់យើងដល់ទៅជាង ៩២% នៃចំនួនដែលយើងត្រូវចាក់គឺ ១៤ លាន ៨ សែននាក់ជាង ក្នុងចំណោមមនុស្ស ១៦ លាននាក់ ដែលត្រូវចាក់វ៉ាក់សាំង។ ភាពសុំាសហគមន៍នេះបានកាត់បន្ថយការឆ្លង ឬឆ្លងហើយតែវាមិននាំទៅដល់ភាពធ្ងន់ធ្ងរនោះទេ។ តើនេះចេញមកពីអ្វី?


ចេញមកពីការខិតខំរបស់យើងទាំងអស់គ្នា ក្រុមគ្រូពេទ្យរបស់យើងត្រូវបានប្រសិទ្ធនាមថា ជាកងទ័ពអាវស ដែលមុននេះគេមិនបានមើលឃើញនូវគុណតម្លៃគ្រូពេទ្យរបស់យើងនោះទេ ក៏ប៉ុន្តែឥឡូវនេះទូទាំងប្រទេសបានទទួលស្គាល់រួចហើយ។ ពិតមែនតែគ្រូពេទ្យរបស់យើងមួយចំនួននៅទីនេះមិនបានចូលរួមប្រយុទ្ធជាមួយនឹង កូវីដ-១៩ ក៏ដោយក៏ប៉ុន្តែត្រូវដឹងថា យើងមិនមែនមានតែអ្នកជំងឺ កូវីដ-១៩ ទេ យើងមានអ្នកជំងឺផ្សេងទៀត ដូច្នេះត្រូវចែករំលែកបន្ទុកអ្នកដែលនៅទទួលខុសត្រូវក្នុងការព្យាបាលជំងឺសម្រាប់ជំងឺផ្សេងៗរបស់ប្រជាជនយើង និងបែងចែកមួយផ្នែកទៅប្រយុទ្ធជាមួយនឹងជំងឺ កូវីដ-១៩ ដោយផ្ទាល់។


ការទទួលខុសត្រូវរបស់រាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ រួមនឹងការចូលរួមរបស់ប្រជាពលរដ្ឋរបស់យើងធ្វើឲ្យយើងគ្រប់គ្រងបានជំងឺ កូវីដ-១៩


ដូច្នេះ បន្ទុកនៃការព្យាបាលជំងឺនៅតាមមន្ទីរពេទ្យនានាជាបន្ទុករបស់គ្រូពេទ្យ។​​ គ្រូពេទ្យបានប្រឹងប្រែងជាមួយនឹងការទទួលខុសត្រូវរបស់រាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ រួមនឹងការចូលរួមរបស់ប្រជាពលរដ្ឋរបស់យើង ធ្វើឲ្យយើងគ្រប់គ្រងបានជំងឺ កូវីដ-១៩។ ខ្ញុំអាចនិយាយដោយមោទនភាពថា ឆ្នាំនេះចូលឆ្នាំនឹងមានឱកាសសម្រាប់ប្រជាពលរដ្ឋរបស់យើងដើរលេង។ យើងបានខកខានក្នុងរយៈពេល ២ ឆ្នាំរួចហើយ។ គ្រាន់តែជាអកុសលឆ្នាំនេះ ពេលដែលបងប្អូនជនរួមជាតិរបស់យើងធ្វើដំណើរដើរលេង គឺសាំងវាឡើងថ្លៃ បណ្ដាលមកធំជាងគេមិនមែន កូវីដ-១៩ ទេ តែធំជាងគេគឺសង្គ្រាម រុស្សី និងអ៊ុយក្រែន ឯណោះទៅវិញ។ ប៉ុន្តែយ៉ាងណាក៏ដោយ បងប្អូនរបស់យើងពិតជាមានឱកាសដើរលេង ហើយខ្ញុំក៏ដើរលេងនឹងគេដែរ។


ឥឡូវតាមលឺថាខេត្តព្រះសីហនុបានកក់ Hotel អស់ទៅហើយ ហើយលឺថា ខេត្តសៀមរាប ពេលដែលខ្ញុំទៅសម្ពោធផ្លូវនៅសៀមរាបថ្ងៃទី ៤ នេះ លឺថា ចង់អស់ Hotel ទៀតទៅហើយ។ គេចង់ទៅមើលផ្លូវ។ ឥឡូវគឺថា ប៉ូលទាំង ៣ ភំ្នពេញក៏មានផ្លូវល្អ ប៉ូលខេត្តព្រះសីហនុ ដែលជាប៉ូលទី ២ នៃសេដ្ឋកិច្ចរបស់កម្ពុជាក៏ផ្លូវល្អ ខេត្តសៀមរាបក៏ផ្លូវល្អ។ ខ្ញុំនឹងទៅសម្ពោធផ្លូវ ៣៨ ខ្សែ នៅខេត្តសៀមរាប ដែលយើងប្រើទុនប្រមាណជាង ២០០លានដុល្លារសហរដ្ឋអាមេរិក ដើម្បធ្វើឲ្យប្រសើរឡើងនូវហេដ្ឋារចនាសម័្ពន្ធនៅខេត្តសៀមរាប ដែលជាខេត្តទេសចរណ៍ដ៏សំខាន់។ ខ្ញុំក៏នឹងទៅត្រួតពិនិត្យផងដែរនូវព្រលានយន្តហោះថ្មីមួយដែលកំពុងបានសាងសង់ ហើយដែលមិនយូរប៉ុន្មានទេ ព្រលានយន្តហោះនោះនឹងត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ ដែលទទួលយន្តហោះធុនធំមកពីចម្ងាយចុះចតនៅសៀមរាបតែម្តង។ ព្រលានយន្តហោះសៀមរាបបច្ចុប្បន្ននេះ ចុះចតបានយន្តហោះប្រភេទធុនតូចតែប៉ុណ្ណោះ មិនអាចទទួលបានយន្តហោះធុនធំនោះទេ។


នោះហើយជាអ្វី ដែលជាសមិទ្ធផល។ កាលដែលខ្ញុំទៅសៀមរាបបើកការដ្ឋាននោះ ក៏ជាការផ្ទុះឡើងនៃគេហៅថា ព្រឹត្តិការណ៍ ២៨ វិច្ឆិកា ផ្ទុះឡើងនូវព្រឹត្តិការណ៍នោះ។ គ្រាន់តែធ្វើការប្រជុំជួបជុំគ្នានៅពេលនោះ ក៏យើងកាត់បន្ថយពីចំនួនដែលត្រូវចូលរួមប្រមាណជាង ១០០០ នាក់ មកនៅត្រឹមតែ ៣០០ នាក់ តែប៉ុណ្ណោះ។ សភាពការណ៍ពេលនោះមើលមិនឃើញ ពិបាកនៅក្នុងការគ្រប់គ្រង។ ឥឡូវនេះ យើងដឹងរបៀប ដោយសារអ្វីដែលសំខាន់គឺប្រជាពលរដ្ឋទទួលយកនូវវិធានការសុខាភិបាល ដែលបានប្រើប្រាស់នូវវិធានការ ៣កុំ និង ៣ការពារ។ ខ្ញុំនិយាយយ៉ាងដូច្នេះ មិនមែនលើកទឹកចិត្តសម្រាប់ប្រជាពលរដ្ឋរបស់យើងភ្លេចខ្លួននោះទេ។


ការកសាងមន្ទីរពេទ្យព្យាបាល កូវីដ-១៩ នៅតែបន្ត … បើអស់ កូវីដ-១៩ ប្រើជាមន្ទីរពេទ្យជំងឺធម្មតា


មន្ទីរពេទ្យដែលសាលាក្រុង(ភ្នំពេញ)កំពុងសាងសង់ អាចទទួលអ្នកជំងឺ កូវីដ-១៩ ជាង ១ ម៉ឺននាក់ នឹងត្រូវតែបន្តការសាងសង់ ទោះបីពេលនេះយើងមានមនុស្សប្រមាណជា ៦០០ នាក់តែប៉ុណ្ណោះនៅទូទាំងប្រទេស កំ​ពុងតែសម្រាកព្យាបាល(ជំងឺកូវីដ-១៩) នៅតាមមន្ទីរពេទ្យនិងតាមមជ្ឈមណ្ឌលនានា។ ការកសាងមន្ទីរពេទ្យដែលមានចំណុះជាង ១ ម៉ឺននាក់ នៅតែបន្តកសាងដដែល ហើយប្រសិនបើពេលណាមួយអស់ កូវីដ-១៩ គឺយើងនឹងប្រើប្រាស់អាគារទាំងនោះ ទៅជាការពិនិត្យព្យាបាលជំងឺធម្មតាវិញ ព្រោះនៅទីនោះ​ក៏មានកន្លែងវះកាត់ សម្ភព ហើយយើងអាចមានដាក់ជំងឺដទៃទៀតដែលប្រើប្រាស់អាគារច្រើន ប្រើប្រាស់ដីច្រើន ហើយថវិកាក៏ច្រើនសម្រាប់សាងសង់មន្ទីរពេទ្យមួយនេះ។ ពេលនោះយើងនឹងបំពាក់សម្ភារបរិក្ខារបស់យើងបន្ថែមទៀតដើម្បីឱ្យមន្ទីរពេទ្យទាំងនេះមកដំណើរការ។


ចំណងទាក់ទងកម្ពុជា-កូរ៉េ ដើរដល់កម្រិតមួយដែលមិនធ្លាប់មាន


តាមរយៈឯកឧត្តមឯកអគ្គរដ្ឋទូត Park Heung-Kyeong អនុញ្ញាតឱ្យខ្ញុំផ្ដាំផ្ញើថ្លែងអំណរគុណចំពោះរដ្ឋាភិបាលនិងប្រជាជនកូរ៉េដែលបានផ្ដល់ជំនួយជាបន្ទាប់ សម្រាប់ការអភិវឌ្ឍនៃព្រះរាជាណាចក្រកម្ពុជា និយាយជារួមនិងនិយាយដោយឡែក គឺវិស័យសុខាភិបាលនិងមន្ទីរពេទ្យនៅថ្ងៃនេះ។ ចំណងទាក់ទងរបស់យើងគឺបានដើរដល់កម្រិតមួយដែលមិនធ្លាប់មាន។ ឥឡូវកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងកម្ពុជានិងកូរ៉េនៅសេសសល់តែការបំពេញបែបបទផ្ទៃក្នុងរបស់កូរ៉េ តាមរយៈការពន្លឿននៃការប្រជុំរវាងខាងសភាកូរ៉េតែប៉ុណ្ណោះ។ ខ្ញុំបាន(ហូប)បាយជាមួយឯកឧត្តមប្រធានសភាកូរ៉េ … ប្រធានធិបតីកូរ៉េ Moon Jae-In ក៏បានបញ្ជាក់ជូនថា​បញ្ជូនទៅកាន់សភា ហើយនៅពេលខាងមុខទស្សនកិច្ចរបស់សម្ដេច សាយ ឈុំ ទៅកាន់កូរ៉េ ក៏អាចជាផ្នែកមួយនៃការធ្វើសកម្មភាព​រំលឹកទៅដល់អនុស្សាវរីរយ៍ បង្កើតចំណងទាក់ទងការទូតឡើងវិញក្នុងខួប ២៥ ឆ្នាំ។ ថ្ងៃនេះយើងធ្វើសកម្មភាពក៏ផ្នែកមួយនៃការរំលឹកអនុស្សាវរីយ៍នៃខួប ២៥ឆ្នាំ នៃទំនាក់ទំនងការទូតឡើងវិញផងដែរ។


ខ្ញុំបាននិយាយហើយ ពាក់ព័ន្ធជាមួយការខិតខំរបស់យើង ជាមួយនឹងការពង្រឹងសមត្ថភាពការពិនិត្យនិងព្យាបាលជំងឺ ហើយខ្ញុំនៅតែបន្តការអំពាវនាវសម្រាប់ក្រុមគ្រូពេទ្យរបស់យើងបន្តការយកចិត្តទុកដាក់អំពីសុខុមាលភាពរបស់ប្រជាជន។ យើងមានមន្ទីរពេទ្យល្អ យើងមានសម្ភារបច្ចេកទេសល្អ … ប៉ុន្តែអ្វីដែលល្អ(ជាង)នេះទៅទៀតគឺខិតខំបម្រើប្រជាជនដោយស្មោះត្រង់​។ ត្រូវគិតគូរអំពីសីលធម៌វិជ្ជាជីវៈគ្រូពេទ្យរបស់យើងជាចំណុចសំខាន់ ជាចំណុចគន្លឹះនៃការអភិវឌ្ឍវិស័យសុខាភិបាល។ ការបណ្ដុះបណ្ដាលគឺជាផ្នែកមួយដ៏សំ​ខាន់ដែលខ្ញុំចាប់ផ្ដើមនិយាយដំបូង គឺសុំឱ្យមិត្តកូរ៉េផ្ទេរបច្ចេកវិជ្ជាទាំងឡាយដែលមាន ជូនមមកដល់គ្រូពេទ្យរបស់យើងសម្រាប់ដំណើរការនៅទីនេះ ហើយអ្នកដែលនៅទីនេះក៏ផ្ទេរបច្ចេកវិជ្ជានេះទៅកាន់ក្រុមគ្រូពេទ្យដទៃទៀតដែលទទួលបន្ទុកពិនិត្យព្យាបាល ព្រោះមិនមែនគ្រាន់តែមានកន្លែងនេះមួយទេដែលត្រូវការពិនិត្យបំពង់ក ច្រមុះ ត្រចៀក​ ភ្នែកជាដើម …។


មិនមានអ្នកស្លាប់ដោយកូវីដ-១៩ តែមានអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍


… អ្វីដែលគួរឱ្យស្ដាយ ថ្ងៃនេះមានឧបទ្ទវហេតុថ្មីទៀត។ ម្សិលមិញយើងមានអ្នកឆ្លងកូវីដ-១៩ ជាង ៥០ នាក់ ហើយអត់មានអ្នកស្លាប់ទេ។ ប៉ុន្តែមើលតួលេខព្រឹកមិញដែលសម្ដេចក្រឡាហោម ស ខេង ផ្ដល់ឱ្យខ្ញុំម្សិលមិញគ្រោះថ្នាក់ចរាចរណ៍មាន ១២ ករណី ស្លាប់ ៦ នាក់ និងរបួស ១៥ នាក់ កើតឡើងនៅ ៦ រាជធានី/ខេត្ត។ បើអញ្ចឹងថ្ងៃណាក៏ថ្ងៃស្លាប់។ យើងគិតជាមធ្យមគឺស្លាប់ ៥ នាក់ ក្នុងមួយថ្ងៃ។ ចុះបើស្លាប់ ៥ នាក់ ក្នុងមួយថ្ងៃ ១០០ ថ្ងៃ វាហ្នឹងស្លាប់អស់ ៥០០ នាក់។ មួយឆ្នាំគឺស្លាប់អស់ ១ ៥០០ នាក់។ ជិត ២ ០០០ នាក់ បាត់ទៅហើយក្នុងមួយឆ្នាំ។ ជាការគួរឱ្យសោកស្ដាយ ហើយវាបង្កើតជាបញ្ហាធ្ងន់ធ្ងរសម្រាប់បន្ទុកអ្នកដែលនៅរស់។ បើសិនជាអ្នកស្លាប់គឺជាបង្គោលគ្រួសារអ្នកដែលនៅរស់គឺជួបការលំបាក ដែលនាំទៅដល់ទាញទម្លាក់ចុះទៅរកស្ថានភាពក្រីក្រសម្រាប់ប្រជាជនយើង។ ថ្ងៃនេះមិនមែនមែនថ្ងៃសម្ពោធផ្លូវទេ។ សម្ពោធផ្លូវត្រូវនិយាយអំពីគ្រោះថ្នាក់ចរាចរណ៍ ក៏ប៉ុន្តែយើងប្រៀបធៀបជាមួយនិងជំងឺកូវីដ-១៩ រាតត្បាតពេញពិភពលោក ចំនួនអ្នកស្លាប់ពីម្សិលអត់មានទេ ប៉ុន្តែបែរជាអ្នកស្លាប់ ៦ នាក់ តួលេខពីម្សិល របួស១៥នាក់(ដោយសារគ្រោះថ្នាក់ចរាចរណ៍) អញ្ចឹងទេគឺជារឿងគួរឱ្យសោកស្ដាយ​ដែលយើងត្រូវ​យកចិត្តទុកដាក់ទាំងអស់គ្នា។ វិធានការទាំងឡាយដែលយើងបានដាក់ចេញសម្រាប់ការពារជីវិតនិងផលប្រយោជន៍ប្រជាជនយើង ត្រូវតែបន្តទៅមុខដោយមិនអាចធ្វេសប្រហែសបានឡើយ ក្នុងនោះរាប់ទាំងកូវីដ-១៩ ដែលត្រូវយកចិត្តទុកដាក់ការពារ។


យកវិធានការការពារ ទទួលចាក់វ៉ាក់សាំងមូលដ្ឋាននិងដូសជម្រុញ និងកូនក្មេង


ការលើកឡើងណាមួយទាក់ទិននឹងការឃោសនាអកុសល វាជារឿងឥតប្រយោជន៍។ ដូចជាលើកឡើងថាចាក់វ៉ាក់សាំងវានឹងបង្កើត(ឲ្យមានបញ្ហា)ស្អីទៅថ្ងៃក្រោយទៀត។ ថ្ងៃមុនលោកជំទាវ ​ឱ វណ្ណឌីន ប្រតិកម្ម … ខ្ញុំមិន​នឹកស្មានថាមានមនុស្សប្រភេទដែលនិយាយបែបនេះ​។ នៅលើពិភពលោកចាក់រាប់ពាន់លាននាក់ អញ្ចឹង រាប់ពាន់លាននាក់ហ្នឹង វាមិនមែនទៅតែប្រជាជន ១៤ លាន ៨ សែននាក់ ដែលបានចាក់វ៉ាក់សាំងនៅកម្ពុជាទេ។ វាទៅទូទាំងពិភពលោក។ បើនៅកូរ៉េមានប្រមាណជា ៤០ លាននាក់បានចាក់(វ៉ាក់សាំង) ព្រោះប្រជាជនកូរ៉េ​ជិត ៥០លាន(នាក់) យ៉ាងហោចណាស់ក៏ជិត ៤០ លាននាក់ ដែលបានចាក់។ អញ្ចឹងប្រជាជនកូរ៉េក៏ទៅដែរ​។ បើចិនវិញគាត់ចាក់(វ៉ាក់សាំង)រហូតទៅដល់ ១ ពាន់ ៣ រយលាននាក់ជាង ក្នុងចំណោម ១ ពាន់ ៤ រយលាននាក់ជាង។ ឥណ្ឌា អាមេរិកក៏ចាក់ច្រើន។ អញ្ចឹងទៅទូទាំងពិភពលោក។ ទាំងអាអ្នកនិយាយហ្នឹងដែរព្រោះអាអ្នកនិយាយក៏ចាក់ដែរ។ នេះជាការបំភ័យ។ ប៉ុន្តែយើងធ្លាប់បានទទួលការបំភ័យតាំងពីដូសទី ១ រហូតទៅដល់ ១៤ លាន ៨ សែននាក់ជាង ​នៅតែបន្តតាមបំភ័យ។ ខ្ញុំស្នើឱ្យប្រជាពលរដ្ឋរបស់យើងនឹងន​ ហើយទទួលយកនូវវិធានការការពារជាមួយនិងការទទួលយក(ការចាក់)វ៉ាក់សាំង ដែលពេលនេះយើងកំពុងបន្ត(ការចាក់វ៉ាក់សាំងដូសជម្រុញទី ៣, ទី ៤​ ហើយនិងការចាក់ឱ្យកូនក្មេង។


លោកជំទាវ ឱ វណ្ណឌីន ខ្ញុំកំពុងសង្ស័យណាស់ថា ប្រហែលជានៅឯមូលដ្ឋាន មាតាបិតា មានការភាន់ច្រឡំរឿងបញ្ហាអាយុរបស់កុមារនេះ។ ហេតុអីបានជាមានរឿងហ្នឹង។ ខ្ញុំបានពិនិត្យចុះ/ឡើង ចេះតែពិនិត្យរពឹសដៃព្រោះយើងអត់ទៅណា … ខ្ញុំគិតថាប្រហែលជាមានការភាន់ច្រឡំនូវតួលេខណាមួយ។ ឥឡូវយើងគិតអញ្ចេះ ក្មេងអាយុ ៣ ឆ្នាំទៅ ៤ ឆ្នាំ យើងចាក់បាន ៤៨,៩៩% ប៉ុន្តែក្មេងដែលអាយុ ៥ ឆ្នាំ ចាក់បានដល់ទៅ ១២៣% តើបានក្មេងមកពីណា បើក្មេង(អាយុ) ៥ ឆ្នាំ យើងមានតែ ៣០៤ ៣១៧ នាក់។ ឥឡូវយើងចាក់ដល់ទៅ ១២៣% អញ្ចឹងក្មេងហ្នឹងមកពីណា? ក្រែងលោច្រឡំអាយុ ៣​ ឆ្នាំ, ៤ ឆ្នាំ វាទៅចាក់ដែរ។ ខ្មែរយើងគិតក្បាលឆ្នាំ អត់គិតថ្ងៃទេ។ អញ្ចឹង បានជាខ្ញុំសង្ស័យអាហ្នឹង។


ចំនួនក្មេងអាយុ ៦-១២ ឆ្នាំ យើងចាក់បាន ១០៧% ក្នុងចំ​ណោមក្មេង ១ ៨៩៧ ២៨២ នាក់។ ឯចំពោះមនុស្សចាស់ យើងចាក់ដល់ទៅជាង ១០០% អាហ្នឹងសម្រាប់ ១០ លាននាក់។ អញ្ចឹងទេ ក្នុងចំនួននេះ ខ្ញុំកំពុងតែគិតថា ចំនួនដែលមិនទាន់គ្រប់នេះ ជួនកាល(ក្មេងអាយុ) ៤ ឆ្នាំ វាទៅចាក់រួចស្រេចទៅហើយ ព្រោះឪពុកម្តាយគិតក្បាលឆ្នាំ អត់គិតថ្ងៃខែទេ។ អញ្ចឹង​ បានជាល្បឿនចាក់ដំបូងលឿន ដល់ឥឡូវវាចាប់ផ្តើមចូលយឺត។ ចូលយឺតវាទៅណា? ក្រែងលោវាមកអា ១២៣% លើសចំនួននេះ។ វាមកពីណា? មនុស្សវាមានប៉ុណ្ណឹង។ អញ្ចឹងទេ គួរធ្វើការពិនិត្យតួលេខហ្នឹងឡើងវិញបន្តិច។


យ៉ាងណាក៏ដោយ យើងឃើញថា កុមាររបស់យើង គឺហ៊ានមកចាក់។ ម៉េចបានជាគេហ៊ានមកចាក់? គេ(ហ៊ាន)ចាក់ ដោយសារជីដូន/តាគេចាក់ ឪពុកម្តាយគេចាក់ បងៗរបស់គេចាក់ អញ្ចឹង អាប្អូនៗ ជាពិសេស អា(យុ) ៥ ឆ្នាំ ហ្នឹងតែម្តង អានេះក្លាហាន មកដល់ចាក់យកបណ្តោយ។ អញ្ចឹង ក្រែងលោអា ៤ ឆ្នាំ វាទៅចាក់ហ្នឹងគេដែរ ឥឡូវនេះ ចាក់ជាង ១ ខែហើយ គឺយើងទើបហ្នឹងចាក់មិនទាន់ដល់ ៥០%។ អញ្ចឹង ខ្ញុំគិតថា អា ២ ឆ្នាំ វាទៅចាក់រួចស្រេចទៅហើយ ក្រែងលោវារាប់ក្បាលឆ្នាំទៅ ថាអាហ្នឹងដល់ក្បាល ៣ ឆ្នាំហើយ វាទៅចាក់បាត់ទៅ។ អញ្ចឹងទេ អាហ្នឹងវាអត់ទៅណាទេ វានៅក្នុងចំណោមអ្នកដែលហ៊ានចាក់។


តើមេរោគបំប្លែងថ្មីអូមីក្រុង នឹងប្រែខ្លួនទៅជាអ្វីទៀត?


អ្វីដែលជាកង្វល់របស់យើង ដែលត្រូវនៅតែគិតគូរទាក់ទិនជាមួយនឹងប្រការថា តើមេរោគបំប្លែងថ្មីក្រៅពីអាអូមីក្រុង ដែលគេហៅថា ជំងឺទំនើបទាន់សម័យនេះ តើវានឹងប្រែខ្លួនទៅជាអ្វីទៀត? នោះហើយជាបញ្ហា ដែលយើងត្រូវតាមដានឱ្យជាប់​នូវការប្រែប្រួលទាំងឡាយនៃជំងឺនៅក្នុងពិភពលោក និងនៅជុំវិញប្រទេសរបស់យើង។ នៅ វៀតណាម នៅថៃ និងនៅឡាវ លឺពាក្យចចាមអារ៉ាមចេញមកថា ប្រហែលជាប្រជាពលរដ្ឋឡាវមិនត្រូវបានអនុញ្ញាតឱ្យចូលឆ្នាំទេ។ គ្រាន់តែជាការប៉ាន់ស្មានទេ​ ព្រោះអត្រាឆ្លងនៅឡាវ គឺមានចំនួនកើនឡើង។ នៅវៀតណាមប៉ុន្មានថ្ងៃមុនឡើងដល់​ ១៨ ម៉ឺននាក់ ប៉ុន្តែម្សិលមិញធ្លាក់មកនៅពាក់កណ្តាល គឺនៅ ៩ ម៉ឺននាក់/ថ្ងៃ​។ នៅថៃក៏មានចំនួនកើនឡើង រហូតទៅដល់ជិត ៣ ម៉ឺននាក់/ថ្ងៃ ក្នុងពេលដែលកម្ពុជាកំពុងធ្លាក់ចុះ។


តាមច្រកព្រំដែនកម្ពុជា-ថៃ អ្នកមិនទាន់បានវ៉ាក់សាំងគ្រប់ ត្រូវធ្វើចត្តាឡីស័ក ១៤ ថ្ងៃ


យើងក៏នៅតែគ្រប់គ្រងស្ថានការណ៍ហ្មត់ចត់នៅឯច្រកព្រំដែនកម្ពុជា-ថៃ អ្នកដែលមិនទាន់បានចាក់វ៉ាក់សាំង គ្រប់គ្រាន់ដែលធ្វើដំណើរពីប្រទេសថៃមក។ យើងត្រូវឱ្យពួកគាត់ធ្វើចត្តាឡីស័ក ១៤ ថ្ងៃ ដែលមកដល់ពេលនេះ នៅសល់ជាង ១ ០០០ នាក់ នៅតាមព្រំដែនកម្ពុជា-ថៃ។ ជារៀងរាល់ព្រឹក លោកជំទាវ យក់ សម្បត្តិ បានវាយតួលេខនេះឱ្យខ្ញុំ។ ប៉ុន្តែ នៅពេលយប់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីម្នាក់តាមដានអំពីកិច្ចការងារនេះ វាយមកឱ្យខ្ញុំចំនួនអ្នកដែលកំពុងធ្វើចត្តាឡីស័កនៅតាមព្រំដែនកម្ពុជា-ថៃមានចំនួនប៉ុន្មានពិតប្រាកដ។ ​ព្រឹកឡើងខ្ញុំតែងតែ Forward នូវចំនួនអ្នក(ចត្តាឡីស័ក)នៅតាមព្រំដែនកម្ពុជា-ថៃនេះឱ្យទៅក្នុងក្រុមអ្នកប្រយុទ្ធជាមួយនឹងកូវីដ-១៩ បានដឹង។ អ្នកដែលមកពីក្រៅប្រទេសទាំងឡាយ គឺយើងបានលើកលែងអស់ហើយ ទាំងការធ្វើចត្តាឡីស័កក៏អត់មាន ទាំងការធ្វើតេស្តក៏អត់ដែរ។ អ្នកដែលមកតាមព្រលានយន្តហោះនានា យើងមិនត្រូវការវិញ្ញាបនបត្រ ៧២ ម៉ោង ហើយ Visa ក៏មិនចាំបាច់សុំពីកន្លែងណាដែរ មកដល់យើងផ្តល់ Visa ឱ្យតែម្តង។ (យើង)សម្រួលសម្រាប់ធុរកិច្ច/អ្នកការទូត/អ្នកទេសចរដែលមកកាន់កម្ពុជា … ប៉ុន្តែ យើងមិនមើលស្រាលនូវអ្វី ដែលបាននិងកំពុងកើតនៅក្នុងប្រទេសរបស់យើង។ (ទោះបីស្ថានការណ៍)ធូរស្រាល ក៏ប៉ុន្តែយើងនៅតែប្រឹងប្រែងតាមដានពិនិត្យអំពីបញ្ហានេះ ត្រូវតាមដានការវិវឌ្ឍនេះឱ្យជាប់។


ក្រៅពីព្រះមហាក្សត្រ មានតែនាយករដ្ឋមន្ត្រីនិងក្រសួងការបរទេស អាចនិយាយពីនយោបាយការបរទេសជាផ្លូវការ


មុននឹងឈានទៅដល់ការបញ្ចប់ អនុញ្ញាតឱ្យខ្ញុំយកឱកាសនេះនិយាយបន្តិច ដោយសារពីរបីថ្ងៃនេះបានកើត ឡើងនូវរឿងរ៉ាវមួយដែលខ្ញុំគួរតែត្រូវបញ្ជាក់ជាសាធារណៈ សម្រាប់ប្រជាពលរដ្ឋកម្ពុជារបស់យើង។ នោះគឺការដែលកម្ពុជាបានបោះឆ្នោតប្រឆាំងការឈ្លានពានរបស់រុស្ស៊ីនៅកាន់អ៊ុយក្រែន។ យើងបានបោះឆ្នោតពីរលើកហើយ មិនមែនគ្រាន់តែជាការបោះឆ្នោតទេ ក៏ប៉ុន្តែកម្ពុជាបានឈរក្នុងឋានៈជា Co-sponsor ឬសហស្ថាបនិក នៃសេចក្តីសម្រេចចិត្តមហាសន្និបាតអង្គការសហប្រជាជាតិ។ ប៉ុន្តែ ក្នុងរយៈពេលចុងក្រោយនេះ បែរជាមានអ្នកចេញមកអត្ថាធិប្បាយជំនួស ហើយខ្ញុំបញ្ជាក់ជូនត្រង់កន្លែងនេះបន្តិច។ អ្នកដែលមានសិទ្ធិនិយាយជាផ្លូវការបានអំពីនយោបាយការបរទេសតំណាងឱ្យកម្ពុជា ក្រៅពីព្រះមហាក្សត្រ គឺមាននាយករដ្ឋមន្ត្រី និងមានក្រសួងការបរទេស។ មិនអាចយកអ្នកណាផ្សេងមកធ្វើអត្ថាធិប្បាយជំនួសគោលជំហរបានទេ។


មានការលើកឡើងថា កម្ពុជាបោះឆ្នោតប្រឆាំងរុស្ស៊ី ដោយលើកឡើងថាមានហេតុផល ៤៖ ទី (១) កម្ពុជាមិនទាន់មាននាវាមុជទឹក។ ទី (២) កម្ពុជាមិនទាន់មានយន្តហោះ MiG សម្រាប់ទម្លាក់គ្រាប់បែក។ ទី (៣) មិនទាន់មានកាតព្វកិច្ចយោធា។ ទី (៤) កងទ័ពកម្ពុជាសម្បូរទៅដោយឧត្តមសេនីយ៍ និងមានក្បាលពោះធំ។ បើដូច្នោះមានន័យថា បើសិនកម្ពុជាមានអាវុធទំនើប កម្ពុជានឹងបោះឆ្នោតគាំទ្ររុស្ស៊ី? នេះជាចំណុចដែលត្រូវដាក់(ការចោទសួរ?)។


ខ្ញុំសូមបញ្ជាក់ កម្ពុជាប្រកាន់ជំហរជាគោលការណ៍ មិនថាតែរុស្ស៊ីទេ ប្រទេសណាក៏ដោយ ដែលឈ្លានពានទៅកាន់ប្រទេសមួយទៀត កម្ពុជាប្រឆាំងជានិច្ច។ រុស្ស៊ីជាមិត្តរបស់យើង ធ្លាប់ជួយយើង មានទំនាក់ទំនងជាមួយយើងតាំងពីទសវត្សរ៍ ៥០ រហូតមក។ ក៏ប៉ុន្តែ រុស្ស៊ីបានឈ្លានពានអ៊ុយក្រែន។ ​វាមិនមែនគ្រាន់តែជាការទៅជួយត្រឹមតែសាធារណរដ្ឋ Donetsk និង Luhansk ប៉ុណ្ណោះទេ។ វាយចូលទៅដល់ទីក្រុង Kyiv តែម្តង។ អញ្ចឹងទេ សកម្មភាពឈ្លានពានបែបនេះ កម្ពុជាមិនអាចទទួលយកបាន ហើយក៏មិនអាចអព្យាក្រឹត្យបានទេ។ ថ្ងៃក្រោយបើសិនជាប្រទេសណាមួយធ្វើឥរិយាបថបែបនេះមកលើកម្ពុជា តើកម្ពុជាត្រូវទៅពឹងពាក់អ្នកណា?


កម្ពុជាអនុវត្តគោលនយោបាយការបរទេសផ្អែកលើច្បាប់ធម្មនុញ្ញសហប្រជាជាតិ មិនប្រើប្រាស់កម្លាំង


យើងអនុវត្តនយោបាយការបរទេសផ្អែកលើច្បាប់ ផ្អែកលើធម្មនុញ្ញអង្គការសហប្រជាជាតិ យើងមិនអនុវត្តនយោ​បាយការបរទេសផ្អែកលើកម្លាំងទេ។ ការអត្ថាធិប្បាយថា មកពីកម្ពុជាមិនទាន់បានត្រៀមខ្លួន ដោយសារតែខ្លួនខ្វះនាវាមុជទឹក ខ្វះយន្តហោះ MiG ខ្វះកាតព្វកិច្ចយោធា កងទ័ពសម្បូរទៅដោយឧត្តមសេនីយ៍ក្បាលពោះធំ អញ្ចឹងបានសេចក្តីថា ជំហរបែបនេះគឺត្រៀមខ្លួនផ្លាស់នូវគំនិតពីការបោះឆ្នោតប្រឆាំងទៅជាការបោះឆ្នោតគាំទ្រមែនទេ? សុំអ្នកធ្វើអត្ថាធិប្បាយទាំងឡាយមានការប្រុង​ប្រយ័ត្នចំពោះការធ្វើអត្ថាធិប្បាយបែបនេះ។


នយោបាយការបរទេសរបស់កម្ពុជា ផ្អែកលើគោលការណ៍ច្បាប់/លើធម្មនុញ្ញអង្គការសហប្រជាជាតិ មិនប្រើប្រាស់កម្លាំង ឬគំរាមប្រើប្រាស់កម្លាំងក្នុងទំនាក់ទំនងអន្តរជាតិ។ យើងមិនអាចទទួលយកអាហ្នឹងបានទេ។ មិនថាតែប្រទេសរុស្ស៊ីទេ ប្រទេសណាក៏ដោយ លើកទ័ពពីប្រទេសមួយទៅឈ្លានពានប្រទេសមួយ(ទៀត) យើងត្រូវតែថ្កោលទោស។​ អាហ្នឹងខ្ញុំសូមបញ្ជាក់។ ជំហរផ្លូវការរបស់យើង គឺយើងប្រឆាំងដាច់ខាតជាមួយនឹងការប្រើប្រាស់កម្លាំង ឬការគម្រាមប្រើប្រាស់កម្លាំងប្រឆាំងនឹងប្រទេសមួយផ្សេងទៀត ក្នុងទំនាក់ទំនងអន្តរជាតិ​។ យើងត្រូវតែគោរពឯករាជ្យ និងអធិបតេយ្យភាពរបស់ប្រជាជាតិនានា។ ការគោរពឯករាជ្យ និងអធិតេយ្យភាពរបស់អ៊ុយក្រែន មានតម្លៃស្មើនឹងការ​គោរពឯករាជ្យនិងអធិបតេយ្យរបស់កម្ពុជាដូចគ្នា។


ទោះបីកម្ពុជាមានកម្លាំងប៉ុណ្ណាក៏ដោយ ទោះបីកម្ពុជាជា​មហាអំណាចលេខមួយលើពិភពលោក តែកម្ពុជាក៏មិនប្រើកម្លាំង(យោធា)ទេ។ កម្ពុជាមិនមែនជាមហាអំណាច​យោធាទេ ហើយកម្ពុជាក៏មិនត្រូវការយន្ដហោះ MiG ដែរ។ ខ្ញុំធ្លាប់ប្រើយន្ដហោះ។ ជំនាន់អតីតរដ្ឋកម្ពុជាយើងមានយន្ដ​ហោះ MiG ច្រើនណាស់ រាប់សិបគ្រឿង​។ តែមួយគ្រឿងត្រូវចំណាយប៉ុន្មានទេ? មួយគ្រឿងក្នុងមួយឆ្នាំត្រូវផ្ដល់ឲ្យវា ៣៦០ តោន។ គ្រាន់តែហ្វឹកហាត់ pilot ៣៦០ តោន។ អញ្ចឹងក្នុងមួយថ្ងៃត្រូវឲ្យវា ៣ តោន ព្រោះមួយឆ្នាំ ៣៦៥ ថ្ងៃ។ ខ្ញុំកាន់កាន់គ្រប់គ្រងប្រ​ទេសតាំងពីជំនាន់យើង(មានយន្ដហោះ)MiG ។ (ម៉ៅ ហា)វណ្ណាល់ បើកស្អីពីមុន? MiG ២១។ នែក! Pilot MiG ២១។ ឥលូវរដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិល។ ក្រុមបើក MiG ២១ ប៉ុន្ដែដែលយកទៅវ៉ៃឯ​ណា?


“សំណាញ់មេឃ” ឬ “១ លានគ្រាប់ ទាំងតូចទាំងធំទាំងប្រដេញ” យុទ្ធសាស្ដ្រការពារដែនអាកាស


ឥឡូវខ្ញុំមិនលេងទេ។ ទិញយន្ដហោះ MiG មួយគ្រឿង ស្មើនឹងកសាងមន្ទីរពេទ្យនេះមួយ។​ ថ្លៃជាងមន្ទីរពេទ្យនេះមួយ។ មន្ទីរពេទ្យសង់អស់តែ ៨ លានដុល្លារទេ។ MiG មួយគ្រឿង ២០ ទៅ ៣០ លានដុល្លារ។ ខ្ញុំមិនលេងទេ។ ខ្ញុំលេងត្រឹមតែ​ឧទ្ធម្ភាគចក្រសម្រាប់ការដឹកជញ្ជូនបានហើយ។ រឿង MiG រឿងអីអ្នកណាមានអីក៏មានទៅ។ ឯខ្ញុំគឺធ្វើសម្រាប់ឯងចូលដែន​អាកាសអញ គឺដាក់ពីក្រោមទៅតែម្ដង។ គេហៅថាសំណាញ់មេឃ។ លេងអញ្ចឹងទៅវិញ។ ចូលដែនអាកាសដោយ​គ្មានការសុំច្បាប់ រំលោភលើដែនអាកាស សំណាញ់មេឃគឺឡើងទៅពីក្រោមទៅវិញ។ មិនដឹងថាឡើងពីត្រង់ណាទៅត្រង់​ណាទេ។ បើថាគេរំលោភឈ្លានពានដែនអាកាសយើងហើយ ឬចូលមកទម្លាក់គ្រាប់បែកលើយើងហើយ យើងទៅពី​ខាងក្រោមវិញល្អជាង។ កុំយកយន្ដហោះទៅបាញ់គ្នាលើអាកាស។ គ្មានលទ្ធភាពទេ។


អញ្ចឹងខ្ញុំសូមបញ្ជាក់ពីកន្លែងហ្នឹង។ អ្នកដែលត្រូវយកគោលជំហរពិតប្រាកដនៅឯអង្គការសហប្រជាជាតិ គឺរាជរដ្ឋាភិបាល តាមរយៈក្រសួងការ​បរទេស តាមស្ថានតំណាងយើងនៅទីនោះ។ អ្នកដែលធ្វើអត្ថាធិប្បាយខុសពីនោះ គឺមិនអាចយកជាការបានទេ។ យើងចាត់ទុកថាគ្រាន់តែជាអ្នកសិក្សាតែប៉ុណ្ណោះ ដែលគេអាចមានសេរីភាពធ្វើអត្ថាធិប្បាយក្នុងរបៀបសិក្សា។ ក៏ប៉ុន្ដែកុំឲ្យភាន់ច្រឡំថានេះជានយោបាយការបរទេសរបស់កម្ពុជា ប្រែប្រួលពីជំហរប្រឆាំងការឈ្លាន​ពានទៅជាការគាំទ្រការឈា្លនពានក្នុងពេលវេលាដែលកម្ពុជាមានកម្លាំងយោធាគ្រប់គ្រាន់។ បើទោះបីជា​កម្ពុជាមានកម្លាំងយោធាខ្លាំងប៉ុណ្ណាក៏ដោយ កម្ពុជានៅតែបន្ដអនុវត្ដគោលនយោ​បាយ​ការបរទេសដោយផ្អែកលើ​ច្បាប់ ផ្អែកលើការគោរពធម្មនុញ្ញសហប្រជាជាតិ មិនប្រើប្រាស់កម្លាំងឬគំរាមប្រើប្រាស់កម្លាំងក្នុងទំនាក់ទំនង​អន្ដរជាតិ …។


ដើម្បីកុំឲ្យមានបញ្ហាកើតឡើងភាន់ច្រឡំទាន់ បាន(ជាខ្ញុំ)និយាយព្រឹកនេះឲ្យហើយតែម្ដង។ ខ្ញុំ​ឃើញ​ចេញ(មកបកស្រាយដូចនេះ) … ប៉ុន្ដែរឿងបញ្ហាកងទ័ព រឿងបញ្ហានាវាមុជទឹកស្អីៗ កម្ពុជាអត់មានតម្រូវការទាំងអស់ហ្នឹងទេ។ ទុកលុយកសាងមន្ទីរពេទ្យ ផ្លូវ ស្ពាន សាលារៀន អ្វីៗទៅវិញ។ ប្រទេសរបស់យើងតូចតែមួយ​ ហើយយក MiG មកធ្វើអី។ បើយើងទៅច្បាំងជាមួយវៀតណាម ថៃ ឡាវ ប្រើប្រាស់ MiG ទៅទៀត គេបាញ់ធ្លាក់ពេញទឹក​ពេញដី។ យើងគ្មានគោលនយោបាយអញ្ចឹងដែរ។ បើពេលគេចូលមក យើងយក MiG ទៅបាញ់គ្នាលើ​អា​កាស​អត់ផ្លូវទេ។ ជឿខ្ញុំទៅ។ យុទ្ធសាស្ដ្រសង្គ្រាមរបស់ ហ៊ុន សែន គឺសំណាញ់មេឃតែម្ដង រួមនឹងការប្រយុទ្ធជាមួយយន្ដហោះ។


ក្នុងព្រឹត្ដិការណ៍ព្រំដែនកម្ពុជា-ថៃ ខ្ញុំបានចេញបញ្ជាឲ្យនៅស្ងៀមស្ងាត់។ យើងត្រូវដឹងអំពីយន្ដហោះនេះ បើវានៅខ្ពស់ ​វាធ្វើអីមិនកើតទេ​។ ដល់ពេលវាចុះទាប អាហ្នឹងត្រូវរបស់យើងហើយ។ ពីក្រោមឡើងទៅ រាប់លានគ្រាប់ចេញ​ទៅតែម្ដង … អញសុខចិត្តចំណាយ ១​ លានគ្រាប់ចោលទាំងអាតូចទាំងអាធំ។ ​ត្រូវទាំងអស់។ ឲ្យតែចំទិតគូទមកហើយ ទាល់តែចុះទាបទើបទម្លាក់គ្រាប់បែកទៅរួច។ ពេលចុះទាបហ្នឹងហើយ​ត្រូវ​ដាក់សំណាញ់មេឃឡើងទៅលើ។ នេះជាយុទ្ធសាស្ដ្រសង្គ្រាមរបស់ ហ៊ុន សែន ក្នុងការការពារដែនអាកាស។ ទៅតាំង​ពីអាតូចអាធំ តាំងពីប្រដេញតាមយន្ដហោះ ទៅតាំងពីកាំជ្រួច។ លេងអញ្ចឹងវិញ។ កុំយកយន្ដហោះទៅបាញ់​គ្នាលើអាកាស។ នេះគ្រាន់តែជាផ្នែកមួយនៃយុទ្ធសាស្ដ្រសង្គ្រាមតែប៉ុណ្ណឹងទេ។


ឈរខាងអ៊ុយក្រែន សាមគ្គីជាមួយប្រជាជនអ៊ុយក្រែន ប្រឆាំងការឈ្លានពាន មិនថាចេញមកពីណាឡើយ


លើការជាក់ស្ដែង ម្សិលមិញ ខ្ញុំក៏មើលឃើញខាងអ្នកស្រាវជ្រាវប្រវត្ដិសាស្ដ្របាននិយាយថា ហេតុអីបានរុស្ស៊ីមិនវ៉ៃចូលក្រុង Kyiv? សម្រាប់ខ្ញុំ ខ្ញុំយល់ថាមិនមែនជារឿងងាយស្រួលដែលឲ្យរុស្ស៊ីវាយចូលអ៊ុយក្រែនទៅយកក្រុង Kyiv បានភ្លាមៗទេ។ ឥលូវជាងមួយខែហើយវាយកអត់បាន។ ខ្ញុំមិនជឿថាវាយយកបាន។ ខ្ញុំមិនជឿថា រុស្ស៊ីអាចរំលាយរដ្ឋបាលអ៊ុយក្រែនបានទេ។ បើទោះបីវាយចូលក្រុង Kyiv បានក៏ដោយក៏មិនអាចរំលាយរដ្ឋបាលអ៊ុយក្រែន និងប្រជាជាតិអ៊ុយក្រែនបានដែរ។ ព្រោះអី? ស្មានតែគេស្លាប់ប្រធានាធិបតីមួយ ឬស្លាប់នាយករដ្ឋមន្រ្តី អាចនឹងអស់មនុស្ស? អ៊ុយក្រែនមនុស្សជាង ៤០ លាននាក់។ មេទ័ពរបស់គេ មកដល់ពេលនេះ បើយើងពិនិត្យ កងទ័ពអ៊ុយក្រែនដែលជាកងកម្លាំងស្រួចរបស់អ៊ុយក្រែន កងទ័ពសកម្មប្រមាណ ២០ ម៉ឺននាក់ មិនទាន់មានកម្លាំងណាមួយបែកបាក់ធ្ងន់ធ្ងរទេ។ មិនទាន់គិតកម្លាំងបម្រុងដែលត្រូវបានបំពាក់អាវុធបន្ថែមនោះទេ។ ការវាយចេញពីទល់ដែនអាចនៅក្នុងល្បឿនមួយលឿន ប៉ុន្តែនៅពេលដែលកងទ័ពកាន់តែលាតសន្ធឹងកាន់តែវែង កងទ័ពកាន់តែស្តើង។ ពេលនោះហើយជាឱកាសដែលអ៊ុយក្រែនវាយកាត់ជាកង់ៗតែម្តង។ អ៊ុយក្រែនក៏មានរថក្រោះ អ៊ុយក្រែនក៏មានអាវុធប្រឆាំងជាមួយរថក្រោះ អ៊ុយក្រែនក៏មានកាំភ្លើងបាញ់ …


អញ្ចឹងខ្ញុំនៅតែមានជំនឿថា ជម្រើសចុងក្រោយរបស់រុស្ស៊ីនិងអ៊ុយក្រែន គឺការឈប់បាញ់និងមានកិច្ចព្រមព្រៀងមួយដែលភាគីទាំង ២ អាចទទួលយកបាន មិនអាចយកសង្រ្គាមបញ្ចប់សង្រ្គាមបានទេ។ ខ្ញុំនៅតែមានការជឿជាក់យ៉ាងដូច្នេះ ហើយខ្ញុំនៅតែរក្សាជំហររបស់ខ្ញុំ។ ទោះបីមានសេចក្តីសម្រេចចិត្តប៉ុន្មានទៀតក៏ដោយ ខ្ញុំនៅតែឈរខាងអ៊ុយក្រែន សាមគ្គីជាមួយនឹងប្រជាជនអ៊ុយក្រែនដើម្បីប្រឆាំងការឈ្លានពាន មិនថាការឈ្លានពានចេញមកពីរុស្ស៊ីទេ បើការឈ្លានពាននេះចេញមកពីអ្នកណាទៀត ខ្ញុំនៅតែថ្កោលទោសដូចគ្នា។ ខ្ញុំនៅតែប្រ​ឆាំងដូចគ្នា។ នេះជាជំហរ នេះជាគោលការណ៍។ មិត្តរុស្ស៊ីរបស់យើងនឹងយល់អំពីយើងថាហេតុអីទៅបានជាកម្ពុជាប្រឆាំង។ កម្ពុជាធ្លាប់ត្រូវគេឈ្លានពាន។ ដូច្នេះកម្ពុជាត្រូវតែថ្កោលទោសអ្នកដែលឈ្លានពានគេ។


ពិតហើយ មានពេលខ្លះកម្ពុជាត្រូវតែអព្យាក្រឹត្យដែរ ព្រោះវាជាជម្លោះធម្មតា។ ឧទាហរណ៍ រវាងឥណ្ឌា និងប៉ាគីស្ថាន ទៅលើតំបន់ Kashmir។ យើងស្ថិតក្នុងសភាពការណ៍ស្ងប់ស្ងាត់ ព្រោះយើងមិនដឹងអ្នកណាវាយលុកទៅលើអ្នកណា។ បើបាញ់គ្នាទាំងសងខាង។ ព្រំដែនឥណ្ឌា-ចិន ដែលប៉ុន្មានថ្ងៃនេះចរចាជាមួយរដ្ឋមន្រ្តីការបរទេស យើងក៏ស្ថិតនៅអព្យាក្រឹត្យ។ ពេលខ្លះយើងអព្យាក្រឹត្យលើបញ្ហាអ៊ីស្រាអែលនិងប៉ាលេស្ទីន ដោយសារអី? ដោយសារតែយើងបានឃើញពួកហ៉ាម៉ាស បាញ់ចេញពីតំបន់ហ្គាហ្សា ចូលទៅក្នុងទឹកដីអ៊ីស្រាអែល។ អញ្ចឹង អ៊ីស្រាអែលក៏ត្រូវបង្ខំចិត្តបាញ់ត្រឡប់ទៅវិញ។ អញ្ចឹង យើងត្រូវតែនៅភាពស្ងាត់ស្ងៀមដែរ។ នៅពេលដែលយើងឃើញថាអ៊ីស្រាអែលប្រើប្រាស់កម្លាំងខ្លាំងជ្រុលហួស ស​ម្លាប់ប្រជាជនស៊ីវិលនៅក្នុងតំបន់ Gaza ទឹកដីរបស់ប៉ាលេស្ទីន យើងក៏ថ្កោលទោសអ៊ីស្រាអែលដែរ។


ទោះបីជាខ្លាំងឬខ្សោយ កម្ពុជាអនុវត្តគោលនយោបាយការបរទេសដូចគ្នា


ជំហរបស់យើងគឺយ៉ាងដូច្នេះ។ អត់មានថាទេ ចាំដល់កម្លាំងខ្លាំងបានយើងគាំទ្រ បានយើងឈប់គាំទ្រ។ អត់ទេ។ ខ្លាំងខ្សោយរបស់កម្ពុជា គឺអនុវត្តនយោបាយដដែល។ យើងជាប្រទេសដែលធ្លាប់គេបំពានលើឯករាជ្យ អធិបតេយ្យភាព។ យើងជាប្រទេសដែលធ្លាប់គេឈ្លានពាន។​ អញ្ចឹងយើងក៏នឹកគិតទៅដល់ប្រទេសដែលត្រូវគេឈ្លានពាន។ ខ្ញុំនៅតែនិយាយដដែល។ យើងមិនអនុញ្ញាតឲ្យពលរដ្ឋកម្ពុជាណាមួយទៅធ្វើទាហានស្ម័គ្រចិត្តនៅប្រទេសអ៊ុយក្រែន ដូចប្រទេសមួយចំនួនបណ្តោយពលរដ្ឋរបស់ខ្លួនឲ្យទៅប្រទេសអ៊ុយក្រែននោះទេ។ យើងជាប្រទេសក្រីក្រមួយនៅឆ្ងាយណាស់ តែយើងបានបង្ហាញសមានចិត្តរបស់យើងជាមួយនឹងប្រជាពលរដ្ឋអ៊ុយក្រែន ដែលកំពុងភៀសខ្លួនរាប់លាននាក់នៅខាងក្រៅ និងកំពុងភៀសសឹកនៅរាប់លាននាក់នៅខាងក្នុង។


សង្ឃឹមថាគោលជំ​ហររបស់យើងនេះនឹងទទួលយកបាន ដោយប្រជាជនកម្ពុជារបស់យើង។ ជំហរណាផ្សេងក្រៅពីនេះគឺមិនអាច​យកជាការបានទេ។ នោះគ្រាន់តែជំហរនៃអ្នកសិក្សានិងអ្នកស្រាវជ្រាវតែប៉ុណ្ណោះ ដែលមិនអាចឡូកឡំជាមួយនឹងជំហររបស់រាជរដ្ឋាភិបាលបានទេ។ រាជរដ្ឋាភិបាលពេលនេះ ខ្ញុំត្រូវតែកាន់ចង្កូតនិងក្តាប់កូនសោរនូវបញ្ហានេះក្នុងដៃ។ ខ្ញុំត្រូវបញ្ជាទៅរដ្ឋមន្ត្រីការបរទេស ហើយខ្ញុំត្រូវតាមដានត្រួតពិនិត្យផ្ទាល់ជាមួយនឹងតំណាងរបស់យើងនៅអង្គការសហប្រជាជាតិ បោះឆ្នោតយ៉ាងម៉េចហើយ។ ដំណើរការដល់ណាហើយ។ ត្រូវឡើងធ្វើបទអន្តរាគមន៍យ៉ាងណា។ ខ្ញុំត្រូវទាក់ទងផ្ទាល់ ព្រោះ​មិនអាចធ្វេសប្រហែសបានក្នុងការអនុវត្តនយោបាយការបរទេសដ៏ក្តៅគគុកមួយបានទេ។ ខ្ញុំគួរតែបញ្ជាក់អំពីបញ្ហានេះ ព្រោះក្រែងលោប្រព័ន្ធហ្វេសប៊ុក និងបណ្តាញព័ត៌មានមួយចំនួនផ្សព្វផ្សាយចេញទៅ ថាជំហររបស់កម្ពុជាអញ្ចឹងតើ មិនទាន់ខ្លាំងបោះឆ្នោតគាំទ្រ បោះឆ្នោតប្រឆាំងការឈ្លានពាន អញ្ចឹងដល់ទៅខ្លួនខ្លាំង​ ច្បាស់ជាឈប់បោះឆ្នោតហើយ។


មិនមានអ្វីជាភាពច្របូកច្របល់នៃនយោបាយការបរទេសរបស់កម្ពុជាទេ


នេះជាការបញ្ជាក់។ សុំទោសឯកឧត្តម។ តែការបញ្ជាក់របស់ខ្ញុំក៏អាចជាផលប្រយោជន៍មួយសម្រាប់ឯកឧត្តមយល់ពីគោលជំហររបស់កម្ពុជា លើបញ្ហានយោបាយការបរទេសក្នុងបញ្ហាដែលកំពុងក្តៅនេះ។ ពិភពលោកកំ​ពុងតែមានបញ្ហាដោយសារតែរឿងនេះ។ សង្ឃឹមថា រុស្ស៊ីនិងអ៊ុយក្រែន នឹងខិតខំរកចំណុចរួមមួយ ដើម្បីបញ្ចប់ជម្លោះ កាត់បន្ថយចំនួនមនុស្សស្លាប់ និងបញ្ឈប់ទៅដល់ការមនុស្សស្លាប់។ វិបត្តិមនុស្សធម៌កំពុងតែកើតឡើងហើយជនភៀសខ្លួនរាប់លាននាក់ មកខាងក្រៅប្រទេស។ ជនភៀសសឹកនៅក្នុងប្រទេស។ យើងក៏ស្វាគមន៍អំពីការដែលរុស្ស៊ីនិងអ៊ុយក្រែនបានបើករបៀងមនុស្សធម៌ ដូចជា ១០ កន្លែង សម្រាប់ការជម្លៀសពលរដ្ឋស៊ីវិលចេញពីតំបន់សង្គ្រាម និងផ្គត់ផ្គង់ស្បៀងអាហារសម្រាប់ប្រជាពលរដ្ឋ។


អញ្ចឹងពួកគាត់នៅអាចនិយាយគ្នាបាន។ ឯចំពោះយើងអ្នកក្រៅ គឺយើងត្រូវគោរពនូវធម្មនុញ្ញសហប្រជាជាតិ ត្រូវគោរពទៅដល់គោលការណ៍សណ្តាប់ធ្នាប់អន្តរជាតិ ដែលមិនប្រើប្រាស់កម្លាំង ដើម្បីផ្លាស់ប្តូរស្ថានការណ៍។ យើងប្រឆាំងនឹងការប្រើប្រាស់ក​ម្លាំង ដើម្បីរំលំរដ្ឋាភិបាលមួយ។ ដូចជាយើងអញ្ចឹង យើងប្រឆាំងជាមួយនឹងបដិវត្តន៍ពណ៌។ យើងប្រឆាំងនឹងការប្រើប្រាស់កម្លាំងដែលមកគាំទ្រផ្នែកខាងក្នុងដើម្បីធ្វើការផ្តួលរំលំដូចគ្នា។ ករណីនេះកម្ពុជាត្រូវបន្តប្រកាន់យកតទៅទៀត។ ខ្ញុំនិយាយនេះ គឺដើម្បីកុំឲ្យមានការច្របូកច្របល់នៃការធ្វើអត្ថាធិប្បាយដោយវិទ្យុ ឬអ្នកកាសែតបរទេស ឬអ្នកបញ្ញវន្តក្នុងស្រុក ឬប្រជាជនក្នុងស្រុករបស់យើង ដែលថាភាពច្របូកច្របល់នៃនយោបាយការបរទេសរបស់កម្ពុជា។ អត់ទេ។


កម្ពុជាអត់មានភាពច្របូកច្របល់លាយឡំគ្នាទេ។ ប្រទេសណាក៏ដោយដែលឈ្លានពានប្រទេសមួយទៀត យើងត្រូវតែថ្កោលទោសអ្នកដែលឈ្លានពានគេ ហើយយើងត្រូវគាំទ្រទៅដល់អ្ន​កដែលគេឈ្លានពាន។ យើងធ្លាប់ជាជនរងគ្រោះនៃការឈ្លានពានពីបរទេស។ ពេលនោះ យើងបើកទ្វារក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ឯកឧត្តម ហោ ណាំហុង ពេលនោះត្រូវទៅក្រុមប្រឹក្សាសន្តិសុខ។ បើកទ្វារក្រុមប្រឹក្សាសន្តិសុខ រួចហើយបើកទ្វារតុលាការឡាអេ ដើម្បីដោះស្រាយបញ្ហា។ យើងដោះស្រាយជាមួយគ្នាបញ្ចប់រឿង។ ឥឡូវយើងមិត្តភាពជាមួយនឹងប្រទេសជិតខាងទាំងអស់។ តំបន់ណាដែលវាសុខ ឲ្យវាសុខទៅ កុំទៅបង្កើតរឿង។


នៅពេលការបោះឆ្នោតមកដល់ រដូវសន្យានិងដេញថ្លៃនឹងចាប់ផ្តើម


អ្នកខ្លះចូលមក comment សុំឲ្យលើកទ័ពទៅវាយយកកម្ពុជាក្រោម។ ខ្ញុំថាទៅវាយយកខ្លួនឯងទៅ។ កម្ពុជាក្រោមបាត់ទាំងពីជំនាន់ណាជំនាន់ណី ហើយទៅឲ្យ ហ៊ុន សែន ទៅវាយយក … អ្នកណាស្នេហាជាតិជាងព្រះករុណាបិតា ព្រះបរមរតនកោដ្ឋទៅទៀត។ ម៉េចក៏ព្រះអង្គមិន​យកពេលព្រះអង្គកាន់អំណាច (ទៅវាយយក)កម្ពុជាក្រោម។ ម៉េចចាំឲ្យ ហ៊ុន សែន កើតក្រោយ(ធ្វើរឿងហ្នឹង)។ ចោទសំណួរអញ្ចេះវិញ ម៉េចបានព្រះករុណាបិតា សម្តេចព្រះនរោត្តម សីហនុ ព្រះអង្គ​មិនទៅវាយយកក​ម្ពុជាក្រោមក្រោយពេលដែលព្រះអង្គកាន់អំណាចក្នុងចន្លោះឆ្នាំ ១៩៥៣ មកទល់ឆ្នាំ ១៩៧០? លន់ នល់ ម៉េចមិនទៅយកក្នុងចន្លោះឆ្នាំ ១៩៧០-១៩៧៥? មកចាំប្រើក្បាល ហ៊ុន សែន? ទៅយកខ្លួនឯងទៅ។


រឿងអតីតកាលពីណាពីណី ដែល ហ៊ុន សែន មិនទាន់ទាំងកើតផង មកដាក់ទោស ហ៊ុន សែន ដែរ។ កោះត្រល់ រឿងកម្ពុជាក្រោម រឿង Cochinchine ណា ហ៊ុន សែន អត់ទាន់ទាំងកើតផង។ ឥឡូវមកបន្ទោស ហ៊ុន សែន គ្រប់តែរឿង។ បន្តិចទៀតរដូវទារកម្ពុជាក្រោមមកដល់ហើយ។ ខែក្រោយ ជិតបោះឆ្នោតមកដល់ គេ(នឹងសន្យាថាបើ)ឈ្នះ គេនឹងទៅយកកម្ពុជាក្រោម គេឈ្នះគេនឹងទៅយកកោះត្រល់។ បន្តិចទៀតជារដូវដេញថ្លៃសាំង​។ បើខ្ញុំឈ្នះ​ ខ្ញុំនឹងធ្វើសាំងឲ្យនៅ ២០០០ រៀល។ បើខ្ញុំឈ្នះ ខ្ញុំនឹងធ្វើសាំងឲ្យនៅតែ ៣០០០ រៀល។ រដ្ឋាភិបាលបច្ចុប្បន្នអត់មានសមត្ថភាពដោះស្រាយថ្លៃសាំង។ នៅលើលោកនេះ ថ្លៃសាំងកំពុងកើន រាប់ទាំងប្រទេសផលិតប្រេងខ្លួនឯង។ បន្តិចទៀតគឺថារដូវអួតអាងមកដល់ ហើយយើងជារដ្ឋាភិបាលមិនអាចនិយាយបានទេ។


ថ្ងៃនេះ ខ្ញុំបាននាំមកសម្រាប់វេជ្ជបណ្ឌិត គ្រូពេទ្យ និងបុគ្គលិក ចំនួន ៤០៩ នាក់ ក្នុងម្នាក់ៗថវិកាចំនួន ១០ ម៉ឺនរៀល។ ក្រុមគ្រូពេទ្យប្រចាំការក្នុងអង្គពិធីចំនួន ៣ លានរៀល និងជូនមន្ទីរពេទ្យព្រះអង្គឌួង ៥ លានរៀល។


ពីមុនធ្វើ “អក្ខរកម្មកុំព្យូទ័រ” ឥឡូវ “ធ្វើអក្ខរកម្មព័ត៌មានវិទ្យា”


ឯណាគ្រូពេទ្យ ហុង បញ្ញា? ថតបញ្ជូនមកឲ្យខ្ញុំ។ ដូចអង្គុយខាងនេះ … ហ្នឹងអ្នកលេង messenger។ ខ្ញុំអត់ទាន់ស្គាល់មុខទេ។ បានហើយត្រឹមហ្នឹងបានហើយ … ព្រឹកមិញគេបញ្ជូនសារទៅឲ្យខ្ញុំតាម messenger ថាគេនឹងបានជួបមុខខ្ញុំថ្ងៃហ្នឹងហើយ។ ហ្នឹងពីមុនគ្រូពេទ្យ TYDA ក្រោយមកបង ម៉ម ប៊ុនហេង យក​មកធ្វើពេទ្យនៅនេះ។ “ព្រឹកនេះពិតជារីករាយណាស់ដែលបានចូលរួមទទួលសម្តេចតេជោ ក្នុងពិធីសម្ពោធអគារព្យាបាលជំងឺច្រមុះ ត្រចៀក បំពង់ក មិត្តភាពកម្ពុជា-កូរ៉េ នៃមន្ទីរពេទ្យព្រះអង្គឌួង” ហ្នឹងគេវ៉ៃមកឲ្យខ្ញុំចឹង។ សម័យនេះហើយ។ ចឹងបានថាអស់លោករដ្ឋមន្ត្រី អស់លោកឧបនាយករដ្ឋ​មន្ត្រីទាំងឡាយ ត្រូវតែរៀនសូត្រ។ ខ្ញុំមិនឲ្យអស់​លោកឬក៏ម​ន្ត្រីទាំងអស់នៅកម្ពុជា ពីមុនខ្ញុំប្រើពាក្យថាអក្ខរកម្មកុំព្យូទ័រ។ ប៉ុន្មានឆ្នាំកន្លងទៅខ្ញុំប្រើពាក្យអក្ខរកម្មព័ត៌មានវិទ្យា។ ថាឲ្យចេះតែមួយជុំវិញទូរស័ព្ទហ្នឹងបានហើយ មិនបាច់ចេះអីច្រើនទេ។ ចេះតែប្រើជុំវិញប្រព័ន្ធទូរស័ព្ទ។ អញ្ចឹងបើថាអ្នកឯងមិនចេះទេ ខ្ញុំមិនអាចតែងតាំងបានទេ ព្រោះឧទាហរណ៍ឲ្យធ្វើអភិបាលខេត្ត អត់ចេះប្រើ WhatsApp Telegram Viber Line Wechat ស្អីផង ឬក៏ប្រើ Zoom សម្រាប់ការប្រជុំផង តែងតាំងលោក លោកប្រជុំជាមួយគេយ៉ាង​ម៉េច។ អញ្ចឹងអត់តែងតាំងទេ។


អញ្ចឹងត្រូវរៀនអាហ្នឹងឲ្យចេះ។ សម័យនេះហើយ គេបញ្ជូនសារទៅវិញទៅមកមួយភ្លែត ហើយឯងនៅតែអាឡូៗ … អត់បានទេ។ អាឡូនៅស្រុកនេះ មិនប្រាកដថាសុវត្ថិភាពទេ។ បើអាឡូតាម Internet អត់អីទេ។ ទូរស័ព្ទតាម Telegram តាម WhatsApp តាម Line តាម Viber អាហ្នឹងអត់អីទេ ប៉ុន្តែតែលេងតាម Phone ហើយ ពិបាកទំនាក់ទំនង។ ជួនកាលហ្នឹងវាមិនសូវមានសេវា រអាក់រអួល។ សម័យនេះ សម័យ Internet ហើយ ។ មហាអំណាចខាងផ្នែកបច្ចេកវិទ្យាព័ត៌មានគឺកូរ៉េខាងត្បូង។ សព្វថ្ងៃនេះ ទៅត្រង់ណាក៏របស់កូរ៉េខាងត្បូងដែរ។ តាមមើលទៅ។ បើនិយាយពីទូរទស្សន៍វិញ ទៅអាមេរិកប្រើទូរទស្សន៍តាម Hotel ទូរទស្សន៍កូរ៉េ ទៅអឺរ៉ុបទូរទស្សន៍កូរ៉េ ទៅណាក៏ឃើញតែទូរទស្សន៍កូរ៉េដែរ។ កូរ៉េប៉ាវដាច់ហើយលើពិភពលោកបច្ចុប្បន្ន។ នៅមានទូរទស្សន៍ជប៉ុន ទូរទស្សន៍អាលឺម៉ង់តិចតួច ប៉ុន្តែទូរទស្សន៍កូរ៉េគឺប៉ាវដាច់តែម្តង។ កុំព្យូទ័រស្អីៗហ្នឹងគឺប្រើច្រើនយកតែមែនទែន។


ជាមួយនឹងពិធីសម្ពោធដាក់ឲ្យប្រាស់ជាផ្លូវការនូវអគារត្រចៀក ច្រមុះ និងបំពង់ក នៅក្នុងអគារមិត្តភាពកម្ពុជា-កូរ៉េ នៃមន្ទីរពេទ្យព្រះអង្គឌួង ខ្ញុំសុំជូនពរ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូន ជនរួមជាតិទាំងអស់ សូមប្រកបដោយពុទ្ធពរទាំង ៤ ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ សូមអរគុណ៕