Saturday, June 06, 2020

លិខិតមិត្តអ្នកអាន៖ «សូមមើលមុខសារព័ត៌មាននិងអង្គការសិទ្ធិមនុស្សលាក់ពុត! »

ប្រភព៖ អ្នកនយោបាយតុកាហ្វេ

បណ្តាញផ្សាយព័ត៌មានដែលទទួលលុយពីបរទេសលោកខាងលិច ហើយដែលតែងអួតអាងថា ជាស្ថាប័នឯករាជ និងហ៊ាននិយាយការពិត ហើយតែងតែចោទបណ្តាញសារព័ត៌មានក្នុងស្រុកថា លម្អៀង និងគាំទ្ររដ្ឋាភិបាលនោះ ឥឡូវនេះដល់ពេលតម្រិះជិះកឯងហើយ។ កន្លងទៅ ក្រុមសារព័ត៌មានទាំងនោះតែងតែចង្អុលចោទប្រកាន់គេឯងថា មិនឯករាជ ទ្រនេះទ្រនោះ ថាគេនិយាយការពារមិននិយាយការពិត។ល។ ប៉ុន្តែ ពួកគេភ្លេចគិតថា នៅពេលដែលម្រាមមួយចង្អុលទៅគេ មានម្រាម៤ទៀតដែលកំពុងង្អុលមកខ្លួនឯង។

ឆ្លងកាត់ព្រឹត្តិការណ៍ប៉ុន្មានខែចុងក្រោយនេះ ពោល គឺចាប់តាំងពីមេរោគកូវីដ១៩ រាតត្បាតពេញពិភពលោកមក ជាពិសេសព្រឹត្តិការណ៍ហិង្សានៅសហរដ្ឋអាមេរិកចុងក្រោយនេះ ប្រៀបបាននឹងសាជូរដែលដាក់ក្នុងទឹកល្អក់ឲ្យរងថ្លាអាចមើលឃើញដល់បាតពាង។ សារព័ត៌មានដែលលាក់ពុតពីមុនក៏លាក់លែងជិតដែរ។ ជាក់ស្តែង ជុន ច័ន្ទបុត្រ នៃវិទ្យុអាស៊ីសេរី និងប្រេដ អាដាម មេអង្គការសិទ្ធិមនុស្សមួយ ដែលជាគូកននឹងគ្នា បាននិយាយការពារអំពើហិង្សារបស់ប៉ូលិសអាមេរិកដែលបានដាក់ខ្នោះដៃ ហើយយកជើងសង្កត់កបុរសជនជាតិស្បែកខ្មៅរហូតដល់ស្លាប់នោះថា គ្មានភស្តុតាងដែលបញ្ជាក់ថា ជាបទបញ្ជាពីថ្នាក់លើទេ។ ការនិយាយបែបនេះ គឺដើម្បីការពាររូបភាពប៉ូលិសអាមេរិកកុំឲ្យពាក់ព័ន្ធនឹងអំពើព្រៃផ្សៃនេះ។

បើនៅកម្ពុជាវិញ ព្រឹត្តិការណ៍អ្វីមួយកើតឡើង វិទ្យុអាស៊ីសេរី និងប្រេដអាដាមតែងតែចោទទម្លាក់កំហុសទៅលើសមត្ថកិច្ចទាំងមូល ឬទៅលើនាយករដ្ឋមន្ត្រី ហ៊ុន សែន តែម្តងថា ជាអ្នកនៅពីក្រោយខ្នងជាដរាប។  ហេតុអ្វីបានជាពួកគេប្រើភាសាខុសគ្នា? គឺមកពីម្ខាងពួកគេចង់ការពារប៉ូលិសអាមេរិក និងម្ខាងទៀតចង់មួលបង្កាច់ទម្លាក់កំហុសលើរដ្ឋាភិបាលកម្ពុជា។ នេះបានឆ្លុះបញ្ចាំងឲ្យឃើញពីចេតនាទុច្ចរិតរបស់ពួកលាក់ពុត។

ដោយសារចរិតមិនកែប្រែក្នុងការទម្លាក់កំហុសទៅលើមេដឹកនាំកម្ពុជា និងការពារមេដឹកនាំអាមេរិកដែលជាចៅហ្វាយរបស់ខ្លួន  ជុន ច័ន្ទបុត្រ និងប្រេដ អាដាម និយាយទៀតថា មេដឹកនាំអាមេរិកមិនបានបញ្ជាឲ្យប្រើហិង្សាដូចនៅកម្ពុជាទេ។

ប៉ុន្តែ ជុន ច័ន្ទបុត្រ និងប្រេដ អាដាម បានឃើញទេ បានស្តាប់ទេ អ្វីដែលប្រធានាធិបតី ដូណាល់ត្រាំ បានប្រកាសជាសាធារណៈថា អ្នកបង្កអំពើហិង្សានឹងត្រូវបាញ់សម្លាប់។  
អ្វីដែលគួរឲ្យអស់សំណើចជាងនេះ ជុន ច័ន្ទបុត្រ និង ប្រេដ អាដាម បានអះអាងថា ប៉ូលលិសអាមេរិក​មិនបានប្រើហិង្សាលើបាតុករទេ ផ្ទុយទៅវិញ ប៉ូលិសថែមទាំងជួយសម្រួលដល់ក្រុមបាតុករទៅវិញទេតើ។

ប៉ុន្តែ សួរថា តើជុន ច័ន្ទបុត្រ និង ប្រេដ អាដាម មិនបានឃើញទេឬអំពើហិង្សាដែលប៉ូលិសអាមេរិកប្រើទៅលើក្រុមបាតករ។ ប៉ូលិសបានចាប់ចងស្លាកសេកមនុស្សរណូករណែលពេញផ្លូវ, ប៉ូលិសវាយទៅលើបាតុករ មានទាំងបាតុករជាស្ត្រីផងឲ្យដួលក្រឡាប់ផ្កាប់ផ្ងារទៅលើដី, ប៉ូលិសបើកឡានបុកក្រុមបាតុករប៉ើងដូចក្រដាស់, ប៉ូលិសបាញ់គ្រាប់ជ័រ ម្រេច និងឧស្ម័នបង្ហៀរទឹកភ្នែកទៅលើក្រុមបាតុករដែលគេផ្សាយពេញពិភពលោក។

នេះឬដែលហៅថា អ្នកសារព័ត៌មានឯករាជ និងអង្គការសិទ្ធិមនុស្សឯករាជ ដែលនិយាយការពិត មិននិយាយការពារ? មិនត្រឹមតែ និយាយការពារអំពើហិង្សាប៉ុណ្ណោះទេ ប៉ុន្តែ ជុន ច័ន្ទបុត្រ និងប្រេដ អាដាម ថែមទាំងបាននិយាយភូតកុហកទាំងភ្នែកស្រស់ទៀតផង។ តើឯណាទៅវិជ្ជាជីវៈអ្នកសារព័ត៌​មាន និងវិជ្ជាជីវៈអ្នកការពារសិទ្ធិមនុស្ស?

ងាកទៅមើល ខេមបូឌា ដេលី ដែលធ្លាប់លួចពន្ធរដ្ឋរាប់សែនដុល្លារ ហើយដែលបច្ចុប្បន្នកំពុងផ្សាយលើអនឡាញដោយចាយលុយអាមេរិកដែរនោះ កាសែតនេះក៏ជាអ្នកនិយាយកុហក និងនិយាយការពារ មិនហ៊ាននិយាយការពិតយ៉ាងជំនាញណាស់ដែរ។ ដោយសារតែខ្លាចគេរិះគន់ថា មិនផ្សាយរឿងនៅអាមេរិក កាសែតនេះពិតជាបានលើកយកព្រឹត្តិការណ៍ខ្លះៗមកផ្សាយដែរ ប៉ុន្តែ ផ្សាយត្រឹមព្រឹត្តិការណ៍សុទ្ធសាធដោយមិនហ៊ានថែមថយ បញ្ចេញបញ្ចូលដូចដែលពួកគេផ្សាយអំពីកម្ពុជានោះឡើយ។ ដើម្បីអួតអាងបន្លំភ្នែកអ្នកស្តាប់របស់ខ្លួន កាសែតអនឡាញមួយនេះខំប្រកាសក្តែងៗថា ខ្លួនជាស្ថាប័នឯករាជ ឥតលម្អៀង ដែលផ្សាយ និយាយតែការពិតដោយឥតភ័យខ្លាច និងឥតយោគយល់​។

ប៉ុន្តែ នៅពេលសរសេរព័ត៌មានពីអំពើហិង្សានៅសហរដ្ឋអាមេរិក អ្នកសារព័ត៌មានទាំងពីររូបគឺ ហាស់ សាន និង តាំង សារ៉ាដា មិនដែលហ៊ានប្រើពាក្យធ្ងន់សូម្បីតែមួយម៉ាត់ ដោយគ្រាន់តែសរសេរតាមហេតុការណ៍ដែលកើតឡើង និងដកស្រង់សម្តីខ្លះៗមកនិយាយតែប៉ុណ្ណោះ។ ផ្ទុយទៅវិញ នៅពេលផ្សាយពីកម្ពុជា ស្ថាប័នកាសែតដែលមានគ្នាតែពីរនាក់គត់នេះ បានប្រើពាក្យពេចន៍ដែលចេញពីអារម្មណ៍របស់ខ្លួនលាយឡំជាមួយព័ត៌មានដែលខុសទាំងស្រុងទៅនឹងវិជ្ជាជីវៈសារព័ត៌មាន។ ពួកគេតែងប្រើគុណនាមធ្ងន់ៗដើម្បីដៀលត្មេះរដ្ឋាភិបាល ឬមន្ត្រីរដ្ឋាភិបាលដោយឥតញញើតតាមរយៈការប្រើពាក្យអាក្រក់ៗពេញៗមាត់ ដូចជាពាក្យថា ជនផ្តាច់ការ សាហាវ យង់ឃ្នង ព្រៃផ្សៃ អមនុស្សធម៌ និងពាក្យអាក្រក់ៗជាច្រើនទៀត ដែលវិជ្ជាជីវៈសារព័ត៌មានហាមប្រាមមិនឲ្យប្រើពេលសរសេរព័ត៌មានលើកលែងតែដកស្រង់សម្តីពីគេ។ ដូច្នេះ ឯណាទៅពាក្យថា ឯករាជ ឥតលម្អៀង និយាយតែការពិត ឥតភ័យខ្លាច និងឥតយោគយល់ដូចដែលពួកគេបានស្រែកក្តែងជារៀងរាល់ថ្ងៃនោះ?

ងាកទៅមើលឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សឯណោះវិញ ក្នុងសេចក្តីថ្លែងការណ៍គម្រប់កិច្ចរបស់ខ្លួន ក៏មិនហ៊ានស្តីបន្ទោសខ្លាំងៗទៅលើរដ្ឋាភិបាលអាមេរិកដូចដែលពួកគេធ្លាប់បានធ្វើមកលើកម្ពុជានិងបណ្តាប្រទេសតូចតាចផ្សេងទៀតនោះដែរ។ សេចក្តីថ្លែងការណ៍របស់លោកស្រី មីសែល បាសឺឡេ ឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ក្រៅពីបានលើកឡើងបែបស្រាលៗទៅលើអំពើហិង្សាទាំងនោះ ក៏ប្រញាប់ងាកមកផ្តោតលើអំពើរើសអើងជាតិសាសន៍ទៅវិញដើម្បីបង្វែរការចាប់អារម្មណ៍។

សរុបទៅ វាដល់ពេលហើយដែលយើងត្រូវនាំគ្នាបកស្បែកមុខក្រុមសារព័ត៌មាន និងក្រុមអង្គការសិទ្ធិមនុស្សលាក់ពុតទាំងអស់នោះ ដើម្បីកុំឲ្យបោកប្រាស់គេបន្តទៀត។ ក្រុមទាំងនេះតែងប្រើស្តង់ដារពីរខុសគ្នារវាងប្រទេសតូចៗដូចជាកម្ពុជា និងប្រទេសធំៗដែលជាម្ចាស់លុយរបស់ខ្លួន។ បញ្ហាងាយយល់ទេ បើហ៊ានប៉ះម្ចាស់លុយច្បាស់ជាដាច់បាយ។ បើដូច្នេះ តើអ្នកណាអាចជឿជាក់បានលើសារព័ត៌មាន និងអង្គការសិទ្ធិមនុស្សទាំងអស់នោះ?

ពាក្យចាស់បូរាណពោលថា ដំរីស្លាប់មិនអាចយកចង្អេរបាំងបានឡើយ បើបាំងបានអាចបាំងបានតែមុខ ប៉ុន្តែ គូទនៅកណ្តាលវាល។ ពាក្យចាស់មួយទៀតពោលថា ភូតច្រើនចាញ់អាត្មា។ ពួកនេះភូតគេច្រើនពេកហើយ ដូច្នេះ គ្មានអ្នកណាជឿទៀតឡើយ។ នេះហើយជាមុខមាត់ពិតរបស់សារព័ត៌មាន និងអង្គការសិទ្ធិមនុស្សលាក់ពុត៕


លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បន្តដាស់តឿនដល់ជនរួមជាតិទូទាំងប្រទេសមានការប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺឆ្លងផ្លូវដង្ហើមកូវីដ១៩ដែលពុំទាន់មានថ្នាំព្យាបាល

នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២០ តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបន្តដាស់តឿនដល់បងប្អូនជនរួមជាតិទូទាំងប្រទេសសូមមានការប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ចចំពោះជំងឺឆ្លងផ្លូវដង្ហើមកូវីដ១៩ដែលជាជំងឺឆ្លងរាតត្បាតដ៏កាចសាហាវបំផុត ដែលពុំទាន់មានថ្នាំព្យាបាលនៅឡើយទេនិង បានបន្តឆ្លង និងសម្លាប់មនុស្សជារៀងរាល់ថ្ងៃ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់នៅក្នុងហ្វេសប៊ុកដែលមានខ្លឹមសារថា « សុខស​ប្បាយជាទេ បងប្អូនជនរួមជាតិជាទីនឹករឮក?
ខ្ញុំសូមរំឮកដាស់តឿនដល់បងប្អូនជនរួមជាតិទូទាំងប្រទេសសូមមានការប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ចចំពោះជំងឺឆ្លងផ្លូវដង្ហើមកូវីដ១៩ ដែលកំពុងរាតត្បាតនៅក្នុង២១៦ប្រទេសនៅទូទាំងពិ ភពលោក។ កូវីដ១៩ ជាជំងឺឆ្លងរាតត្បាតដ៏កាចសាហាវបំផុត ដែលពុំទាន់មានថ្នាំព្យាបាលនៅឡើយទេ។ កូវីដ១៩ បានបន្តឆ្លង និងសម្លាប់មនុស្សជារៀងរាល់ថ្ងៃ។ ទោះអត្រាឆ្លងរោគកូវីដ ១៩ នៅកម្ពុជាយើងមានកម្រិតទាប ហើយចំនួនអ្នកព្យាបាលបានជាសះស្បើយច្រើនមែន ក៏ប៉ុន្តែយើងមិនត្រូវបណ្តោយខ្លួនធ្វេសប្រហែសមើលស្រាលលើជំងឺឆ្លងរាតត្បាតមួយនេះជាដាច់ខាត។ សូមដាក់តាមខ្លួនជាប់ជាប្រចាំនូវម៉ាស់ និងលាងសម្អាតដៃជាមួយសាប៊ូ ទឹកអាល់កុល និងជែល»។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានអំពាវនាវដល់អាជ្ញាធរនិងសមត្ថកិច្ចទទួលខុសត្រូវបន្តពិនិត្យទៅតាមភោជនីយដ្ឋាន ផ្សារតូចធំ ទីកន្លែងប្រជុំជន និងកន្លែងបណ្តុំក្រុមមនុស្សច្រើន អំ​ពីការអនុវត្តន៍អនាម័យប្រចាំថ្ងៃ ដែលត្រូវតែមានទឹកអាល់កុល នឹងជែលលាងដៃសម្រាប់អតិថិជន ជាពិសេសគឺនៅតាមគ្លីនិកព្យាបាលជំងឺ និងមន្ទីរពេទ្យគឺត្រូវតែមានជែល ឬទឹកអាល់កុល និងម៉ាស់សម្រាប់មនុស្សចេញចូលក្នុងមន្ទីរពេទ្យប្រើប្រាស់ ដើម្បីការពារការឆ្លងរាលដាលមេរោគពីម្នាក់ទៅម្នាក់បានដោយសារតែការធ្វេសប្រហែសគ្មានការប្រុងប្រយ័ត្ន។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបន្តសំណូមពរដល់បងប្អូនជនរួមជាតិបន្តសហការជា​មួយក្រសួងសុខាភិ​បាល មន្ទីរពេទ្យ និងរាយការណ៍ជាបន្ទាន់មកលេខ ១១៥ ប្រសិនបើមានការសង្ស័យណាមួយអំពីជំងឺឆ្លងកូវីដ១៩ ហើយសូមតាមដាននិងស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាលជាប្រចាំអំពីវិធីទប់ស្កាត់ការឆ្លងជំងឺកូវីដ​១៩។ លោកក៏បានអរគុណដល់អ្នកសាព័ត៌មាន វិទ្យុ ទូរទស្សន៍ និងភ្នាក់ងារផ្សព្វផ្សាយអនឡាញដែលបានចូលរួមផ្សព្វផ្សាយព័ត៌មានកូវីដ១៩ទាន់ហេតុការណ៍ និងអំពីវិធីទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ នៅទូទាំងប្រទេសផងដែរ៕

រាជរដ្ឋាភិបាល សម្រេចបង្កើតគណៈ កម្មការដើម្បីត្រួតពិនិត្យការអភិវឌ្ឍន៍របស់ក្រុមហ៊ុនឯកជន នៅកោះកុងក្រៅ ខេត្តកោះកុង

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន បាន សម្រេចបង្កើតគណៈកម្មការត្រួតពិនិត្យការអភិវឌ្ឍន៍នៅកោះកុងក្រៅ ខេត្តកោះកុង ដែលមានលោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ជាប្រធាន និងលោក សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាអនុប្រធាន ព្រមទាំងសមាជិកចំនួន៨រូបផ្សេងទៀត។
គណៈកម្មការនេះមានភារកិច្ចត្រួតពិនិត្យលើគម្រោងអភិវឌ្ឍន៍កោះកុងក្រៅទាំងមូលរបស់ក្រុមហ៊ុនកោះកុង អេស អ៉ី ហ្សិត ខូអិលធីឌី ដែលរាជរដ្ឋាភិបាលប្រគល់ជូនឲ្យអភិវឌ្ឍន៍តាម សជណ ចុះថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ របស់ទីស្តីការគណៈរដ្ឋមន្រ្តី៕



លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្ញើសារលិខិតមរណទុក្ខជូនលោក សុខ ទូច ចំពោះមរណភាពរបស់ឧបាសក យ៉ុង សុខន

នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្ញើសារលិខិតមរណទុក្ខជូនលោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ក្រោយទទួលដំណឹងថា ឧបសក យ៉ុង សុខន ជាឪពុករបស់លោក សុខ ទូច ទទួលមរណភាព ក្នុងជន្មាយុ៨១ឆ្នាំ ដោយជរាពាធ។
សារលិខិតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរៀបរាប់ថា «នៅក្នុងឱកាសប្រកបដោយសមានទុក្ខនោះ ខ្ញុំនឹងភរិយាសូមសម្តែងនូវការសោកស្តាយ ស្រណោះអាឡោះអាល័យ សង្វេគស្ទើររកទីបំផុតគ្មាន ព្រោះថាការបាត់បង់ឧបាសក យ៉ុង សុខន គឺជាការបាត់បង់នូវ ឪពុក ឪពុកក្មេក ជីតា ប្រកបដោយព្រហ្មវិហារធម៌មិនចេះរីងស្ងួត ពិសេសគឺជាការបាត់បង់ឧបាសកដ៏ល្អឆ្នើមបំផុតមួយរូបក្នុងការលើកស្ទួយតម្លៃព្រះពុទ្ធសាសនា ដោយសទ្ធាជ្រះថ្លាបរិសុទ្ធទៀតផង»៕