Sunday, June 23, 2019

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកនាយករដ្ឋមន្រ្តីសឹង្ហបុរី ជួបគ្នានៅបាងកក ដើម្បីដោះស្រាយរឿង នាយករដ្ឋមន្រ្តីសឹង្ហបុរីបានលើកឡើងរឿងអតីតកាលរបស់កម្ពុជាកាលពីចុងខែឧសភា ឆ្នាំ២០១៩

ឆ្លៀតក្នុងឱកាស នៃការអញ្ជើញចូលរួមកិច្ចប្រជុំអាស៊ាន លើកទី៣៤ នៅទីក្រុងបាងកក ប្រទេសថៃ នាវេលាថ្ងៃត្រង់ ទី២៣ មិថុនា ២០១៩នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក លី ស៊ានឡុង នាយករដ្ឋមន្រ្តីសឹង្ហបុរីបានជួបពិភាក្សាទ្វេភាគីដើម្បីដោះស្រាយបញ្ហាដែលកើតឡើងកាលពីថ្ងៃទី៣១ ខែឧសភា កន្លងទៅ ដែលនាយករដ្ឋមន្រ្តីសឹង្ហបុរីបានលើកឡើងរឿងអតីតកាលរបស់កម្ពុជា។
នៅក្នុងជំនូបរវាងនាយករដ្ឋមន្រ្តីកម្ពុជា និងនាយករដ្ឋមន្រ្តីសឹង្ហបុរី នៅក្នុងទីក្រុងបាងកក ប្រទេសថៃនេះ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងកាបរទេសកម្ពុជា បានមានប្រសាសន៍អោយដឹងក្រោយជំនូបថា នៅក្នុងជំនួបនេះថ្នាក់ដឹកនាំទាំងពីរ ពោលគឺលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោក លី ស៊ាងឡុង នាយករដ្ឋមន្រ្តីសឹង្ហបុរី បានយល់ឃើញថាជាការយល់សប្តិអាក្រក់មួយភ្លែត ក្នុងទំនាក់ទំនងយើងទាំងពីរ ដែលពីដើមមកប្រទេសយើងទាំងពីរគឺមានទំនាក់ទំនងគ្នាល្អពីដើមមកហើយ។ ហើយទំនាក់ទំនងនេះក្រោយតែរយ:ពេល១ថ្ងៃទេក្រោយសឹង្ហបុរីទទួលបានឯករាជ្យ គឺកម្ពុជាបានទទួលស្គាល់ឯករាជ្យរបស់សឹង្ហបុរី ដូច្នេះហើយយើងគួរតែបន្តទំនាក់ទំនងល្អនឹងគ្នាបន្តទៀត។
លោក ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងកាបរទេសកម្ពុជាបានបន្តអោយដឹងថា ថ្នាក់ដឹកនាំទាំងពីរបានពិភាក្សាគ្នាថា បញ្ហាអតីតកាលគឺទទួលស្គាល់ថា មានទស្សនៈខុសគ្នា ម្នាក់យល់ឃើញផ្សេង ម្នាក់ទៀតយល់ឃើញផ្សេង ដូច្នេះហើយគ្មានអ្នកណាអាចទៅកែអតីតកាល ឬទស្សនៈអតីតកាលបាននោះទេ ប៉ុន្តែអ្វីដែលសំខាន់ យើងទុកអតីតកាលជារបួសចាស់ ហើយមិនត្រូវទៅឆ្កឹះអោយឈឺឡើងវិញនោះទេ។
លោក ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងកាបរទេសកម្ពុជា បានបញ្ជាក់អោយដឹងបន្តថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោកនាយករដ្ឋមន្រ្តីសឹង្ហបុរីបានឯកភាពក្នុងការបន្តចាប់ដៃគ្នាឆ្ពោះទៅមុខ ។
ក្នុងជំនួបនេះភាគីទាំងពីរក៏បានបង្ហាញការរីករាយជាមួយគ្នា និងបន្តសហប្រតិបត្តិការរួមគ្នាទៅមុខទៀត។
សូមរំលឹកថា ជំនួបនេះក្រោយពេលដែលលោកនាយករដ្ឋមន្ត្រីសឹង្ហបុរី លី ស៊ានឡុង បានបង្ហោះតាមទំព័រហ្វេសប៊ុក កាលពីថ្ងៃទី៣១ ខែឧសភា កន្លងទៅ ដោយលើកឡើងថា ពេលដែលគាត់ (ឧត្តមសេនីយ៍ ព្រេម ) ធ្វើជានាយករដ្ឋមន្ត្រី (ថៃ) គាប់ជួននឹងពេលដែលសមាជិក ASEAN (កាលនោះគ្នា យើង៥ប្រទេស) រួមគ្នាប្រឆាំងការឈ្លានពានរបស់វៀតណាមមកលើកម្ពុជា និងប្រឆាំងរដ្ឋាភិបាលកម្ពុជា ដែលបានជំនួស ខ្មែរក្រហម”  ដែលការលើកឡើងនេះបង្ហាញថា កាលនោះសឹង្ហបុរី បានគាំទ្ររបបប្រល័យពូជសាសន៍ និងចង់ឲ្យរបបប្រល័យពូជសាសន៍វិលត្រឡប់មកកម្ពុជាវិញដែរ។
ក្រោយមកក៏មានការប្រតិកម្មពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថាការលើកឡើងរបស់លោក លី ស៊ាន ឡុង នាយករដ្ឋមន្រ្តីសឹង្ហបុរី កន្លងមក គឺជាការប្រមាថដល់ពលិកម្មសាច់ស្រស់ឈាមស្រស់របស់កងទ័ពស្ម័គ្រចិត្ត វៀតណាម ដែលបានជួយរំដោះកម្ពុជាឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ ៕