Wednesday, November 16, 2016

លោក ថោង ខុន៖ មានប្រជាពលរដ្ឋប្រមាណបីលាននាក់ចូលរួមក្នុងព្រះរាជពិធីបុណ្យអុំទូកឆ្នាំ២០១៦នេះ

លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា បីថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូកឆ្នាំ២០១៦នេះ មានភ្ញៀវទេសចរណ៍ប្រមាណបីលាននាក់ ដែលក្នុងនោះភ្ញៀវទេសចរណ៍អន្តរជាតិមានប្រមាណបីម៉ឺននាក់ អញ្ជើញមកទស្សនាអុំទូកឆ្នាំនេះ។ នេះបើយោងតាមការបញ្ជាក់ពីរដ្ឋមន្រ្តីក្រសួងទេសចរណ៍។
លោករដ្ឋមន្រ្តីទេសចរណ៍ បានបញ្ជាក់ថា ប្រជាពលរដ្ឋជាមធ្យមក្នុងម្នាក់ៗចំណាយប្រាក់ប្រមាណ១០ដុល្លារដោយមិនរាប់បញ្ចូលថ្លៃស្នាក់នៅ ដែលសរុបប្រមាណ៣០លានដុល្លារ នៅក្នុងពិធីបុណ្យអុំទូកនៅរាជធានីភ្នំពេញ ដែលទាំងអស់នេះកើតឡើងដោយសារឆ្នាំនេះ មានបរិយាកាសរីករាយ មានការរឹតបន្តឹងផ្នែកសន្តិសុខ និងអនាម័យល្អប្រសើរ។ លោករដ្ឋមន្រ្តី ក៏បានបញ្ជាក់ថា ព្រះរាជពិធីបុណ្យអុំទូកនៅប្រទេសកម្ពុជាមានលក្ខណៈពិសេស ពោលគឺទូកងខ្មែរ អាចផ្ទុកចំណុះទូកបានច្រើនរហូតដល់ជាង ៧០នាក់ បើគ្រាន់តែសរុបចំណុះទូកទាំងអស់ឆ្នាំនេះ មានចំនួនជិត២ម៉ឺននាក់។
លោករដ្ឋមន្រ្តី ថោង ខុន ក៏បានបង្ហើបឱ្យដឹងថា ក្រសួងទេសចរណ៍ គ្រោងស្នើសុំវេទិកាចំនួន៣ សម្រាប់ឆ្នាំក្រោយ ដែលសម្រាប់ឆ្នាំនេះមានតែ១ទេ ពីព្រោះ លោករំពឹងថា នឹងមានការកើនឡើងនៃចំនួនភ្ញៀវទេសចរណ៍ជាបន្តទៀត៕













សម្ដេចតេជោ ហ៊ុន​ សែន ៖ ការប្រារព្វពិធីបុណ្យអុំទូកបានបញ្ចប់ដោយជោគជ័យ

នៅថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ ២០១៦ បន្ទាប់ពីព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ មានរយៈពេល៣ថ្ងៃបានបញ្ចប់ដោយជោគជ័យរួចមក នៅក្នុងផេក  Samdech Hun Sen, Cambodian Prime Minister បញ្ជាក់ថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ មានរយៈពេល៣ថ្ងៃ បានបញ្ចប់ ដោយជោគជ័យកាលពីម្សិលមិញគឺ (១៣វិច្ឆិកា -១៥វិច្ឆិកា ២០១៦) គឺបានបង្ហាញអោយយុវជនកម្ពុជាក៏ដូចជាទេសចរណ៍បរទេសបានស្គាល់នូវវប្បធម៍ ទំនៀមទម្លាប់ប្រពៃណីដ៏ល្អផូរផង់របស់ជាតិយើង។
ប្រជាពលរដ្ឋមកពីគ្រប់ទិសទីបានសប្បាយរីករាយ និងមានមោទនៈភាពបំផុតចំពោះការរីកចម្រើនរបស់ ប្រទេសយើងសព្វថ្ងៃនៅក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងជោគជ័យរបស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងនៅក្រោមម្លប់ដ៏ត្រជាក់ត្រជុំបំផុតនៃ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
មានសន្តិភាពទើបមានការអភិវឌ្ឍ ហើយមានការអភិវឌ្ឍទើបធ្វើអោយប្រទេសជាតិយើងរីកចម្រើនជឿនលឿនទៅមុខដែលផ្តល់ឱកាសគ្រប់យ៉ាងដល់ប្រជាពលរដ្ឋបានកសាងសង្គមគ្រួសារ អោយកាន់តែរីកចម្រើនទៅព្រមគ្នា កម្ពុជាត្រូវតែមានសន្តិភាពជានិច្ចនិរន្តរ៍៕






គ.ជ.ប៖ ប្រជាពលរដ្ឋខ្មែរ ៧៣.៨៧% ហើយ បានទៅចុះឈ្មោះបោះឆ្នោត គិតត្រឹមថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៦នេះថា គិតត្រឹមម៉ោង៦ល្ងាច ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៦ មានប្រជាពលរដ្ឋខ្មែរចំនួន ៧,១៣៩,៣៤២នាក់ហើយត្រូវនឹង ៧៣.៨៧% បានទៅចុះឈ្មោះបោះឆ្នោត។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន លទ្ធផលបណ្តោះអាសន្ន នៃការចុះឈ្មោះបោះឆ្នោតរបស់ គ.ជ.ប។
សូមជម្រាបថា ដំណើរការចុះឈ្មោះបោះឆ្នោតថ្មី ចាប់ផ្តើមពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦។ គ.ជ.ប បញ្ជាក់ថា ប្រជាពលរដ្ឋដែលមានអាយុ១៨ឆ្នាំឡើង ហើយមានសិទ្ធិ ចុះឈ្មោះបោះឆ្នោត មានចំនួនជាង៩.៦លាននាក់៕