Wednesday, November 16, 2016

លោក ថោង ខុន៖ មានប្រជាពលរដ្ឋប្រមាណបីលាននាក់ចូលរួមក្នុងព្រះរាជពិធីបុណ្យអុំទូកឆ្នាំ២០១៦នេះ

លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា បីថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូកឆ្នាំ២០១៦នេះ មានភ្ញៀវទេសចរណ៍ប្រមាណបីលាននាក់ ដែលក្នុងនោះភ្ញៀវទេសចរណ៍អន្តរជាតិមានប្រមាណបីម៉ឺននាក់ អញ្ជើញមកទស្សនាអុំទូកឆ្នាំនេះ។ នេះបើយោងតាមការបញ្ជាក់ពីរដ្ឋមន្រ្តីក្រសួងទេសចរណ៍។
លោករដ្ឋមន្រ្តីទេសចរណ៍ បានបញ្ជាក់ថា ប្រជាពលរដ្ឋជាមធ្យមក្នុងម្នាក់ៗចំណាយប្រាក់ប្រមាណ១០ដុល្លារដោយមិនរាប់បញ្ចូលថ្លៃស្នាក់នៅ ដែលសរុបប្រមាណ៣០លានដុល្លារ នៅក្នុងពិធីបុណ្យអុំទូកនៅរាជធានីភ្នំពេញ ដែលទាំងអស់នេះកើតឡើងដោយសារឆ្នាំនេះ មានបរិយាកាសរីករាយ មានការរឹតបន្តឹងផ្នែកសន្តិសុខ និងអនាម័យល្អប្រសើរ។ លោករដ្ឋមន្រ្តី ក៏បានបញ្ជាក់ថា ព្រះរាជពិធីបុណ្យអុំទូកនៅប្រទេសកម្ពុជាមានលក្ខណៈពិសេស ពោលគឺទូកងខ្មែរ អាចផ្ទុកចំណុះទូកបានច្រើនរហូតដល់ជាង ៧០នាក់ បើគ្រាន់តែសរុបចំណុះទូកទាំងអស់ឆ្នាំនេះ មានចំនួនជិត២ម៉ឺននាក់។
លោករដ្ឋមន្រ្តី ថោង ខុន ក៏បានបង្ហើបឱ្យដឹងថា ក្រសួងទេសចរណ៍ គ្រោងស្នើសុំវេទិកាចំនួន៣ សម្រាប់ឆ្នាំក្រោយ ដែលសម្រាប់ឆ្នាំនេះមានតែ១ទេ ពីព្រោះ លោករំពឹងថា នឹងមានការកើនឡើងនៃចំនួនភ្ញៀវទេសចរណ៍ជាបន្តទៀត៕













No comments:

Post a Comment