Saturday, February 22, 2020

បើកកិច្ចប្រជុំស្ដីពីគម្រោងសិក្សារៀបចំ និងកែលម្អផ្លូវថ្មើរជើងតាមបណ្ដោយមហាវិថីម៉ៅសេទុង

ភ្នំពេញ៖ នារសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ រដ្ឋបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំស្ដីពីគម្រោងសិក្សារៀបចំ និងកែលម្អផ្លូវថ្មើរជើងតាមបណ្ដោយមហាវិថីម៉ៅសេទុង ក្នុងភូមិសាស្រ្តខណ្ឌទួលគោក ខណ្ឌបឹងកេងកង ខណ្ឌ ចំការមន រាជធានីភ្នំពេញ។

រដ្ឋបាលរាជធានីភ្នំពេញ បានតម្រូវឱ្យមន្ទីរដែនដី នគរូ បនីយកម្ម និងសំណង់ មន្ទីរសាធារណៈការ និងដឹក ជញ្ជូន និងទីចាត់ការរៀបចំក្រុង ចុះសិក្សារួមគ្នាដល់ទីតាំងជាក់ស្ដែង ដើម្បីធានាឱ្យបានក្នុងការកែលម្អមហាវិថីម៉ៅសេទុង ឱ្យទៅជាមហាវិថីដែលអមដោយផ្លូវថ្មើរជើងថ្មីមួយខ្សែបន្ថែមទៀតសម្រាប់បងប្អូនប្រជាពលរដ្ឋ និងសិស្សានុសិស្សធ្វើដំណើរ៕








TOP NEWS: ជនជាតិអាមេរិកចេញពីកប៉ាល់ Westerdam នៅកម្ពុជាលើកឡើងថា ការធ្វើតេស្តមិនច្បាស់ការរបស់ម៉ាឡេស៊ី បង្កផលប៉ះពាល់ដល់ពួកគេជាខ្លាំង

(បរទេស)៖ អ្នកដំណើរមួយចំនួននៃកប៉ាល់ទេសចរណ៍ វែស្ទឺដាម (MS Westerdam) បានបង្ហាញមន្ទិលសង្ស័យចំពោះភាពគួរឲ្យទុកចិត្តបាន នៃការធ្វើតេស្តរកមើលមេរោគ COVID-19 របស់ម៉ាឡេស៊ី ដែលកន្លងមកបានអះអាងអំពីការរកឃើញមេរោគនេះ (វិជ្ជមាន) ក្នុងខ្លួនស្រ្តីជនជាតិអាមេរិកម្នាក់ ដែលជាអ្នកដំណើរបានចាកចេញពីនាវា Westerdam ប៉ុន្តែមិនដល់មួយសប្តាហ៍ផង ស្រាប់ប្រកាសថា គាត់លែងមានផ្ទុក COVID-19 ទៀតហើយ (អវិជ្ជមាន)។ ជុំវិញរឿងរ៉ាវនេះ អ្នកដំណើរផ្សេងៗទៀតនៃនាវា Westerdam បានលើកថា «ការធ្វើតេស្តមិនច្បាស់ការរបស់ម៉ាឡេស៊ី បានបង្កផលប៉ះពាល់ដល់ពួកគេជាខ្លាំង»។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មានល្បីរបស់អាមេរិក USA Today នៅព្រឹកថ្ងៃសៅរ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០២០។
លោក ស្ទេវ មូតស៍ (Steve Muth) រស់នៅរដ្ឋមីឈីហ្គែន (Michigan) សហរដ្ឋអាមេរិក ដែលជាអ្នកបានធ្វើដំណើរលើកប៉ាល់ Westerdam ជាមួយគ្រួសារលោក ក៏មានមន្ទិលសង្ស័យផ្ទាល់ខ្លួន ចំពោះការធ្វើតេស្តឃើញវិជ្ជមាននៃមេរោគ COVID-19 ក្នុងខ្លួនស្រ្តីជនជាតិអាមេរិកវ័យ ៨៣ឆ្នាំ ដោយអាជ្ញាធរម៉ាឡេស៊ីផងដែរ គឺមិនខុសពីការសង្ស័យរបស់កម្ពុជាទេ។ ក្នុងសារអ៊ីម៉ែលមួយផ្ញើទៅកាន់សារព័ត៌មាន USA Today លោក Muth បានរៀបរាប់យ៉ាងដូច្នេះថា «អ្នកដំណើរភាគច្រើនរួមទាំងរូបខ្ញុំដែរ មានការសង្ស័យជាខ្លាំង ចំពោះការធ្វើតេស្តពីរលើកដំបូងដែលបង្ហាញថា ស្រ្តីម្នាក់នោះមានផ្ទុកមេរោគ COVID-19»។
លោក Muth បានបន្តថា «ការធ្វើតេស្តមិនច្បាស់ការ ឬអាចនិយាយបានថា ការធ្វើតេស្តចេញលទ្ធផលខុសនេះ បានបង្កការប៉ះពាល់ជាខ្លាំង ដល់អ្នកដំណើរស្លូតត្រង់រាប់រយនាក់របស់កប៉ាល់ Westerdam ដែលរួមមានការត្រូវគេហាមមិនធ្វើដំណើរ តាមជើងយន្តហោះត្រឡប់ទៅផ្ទះវិញ និងការត្រូវប្រឈមនឹងភាពរើសអើងនានាជាដើម»
រីឯអ្នកដំណើរអាមេរិកម្នាក់ទៀតឈ្មោះថា អ៊ែលលី ឈីបូវស្គី (Elly Chybowski) ដែលបានធ្វើដំណើរលើកប៉ាល់ Westerdam ជាមួយស្វាមីឈ្មោះ ធីម៉ូស៊ី (Timothy) បានប្រាប់ថា ពួកគេទាំងពីរដែលត្រូវធ្វើដំណើរចេញពីកម្ពុជា ក្រោយចុះពីលើកប៉ាល់ ឆ្លងកាត់ទីក្រុងតូក្យូរបស់ជប៉ុន និងទីក្រុង ដាលឡាស់ (Dallas) នៃរដ្ឋតិចសាស់ ដើម្បីឆ្ពោះទៅផ្ទះនៅទីក្រុង ម៉ាឌីសុន (Madison) នៃរដ្ឋ វីស្កុនស៊ីន (Wisconsin) ស្រាប់ត្រូវគេលុបសំបុត្រចោលវិញ។ ប្តី-ប្រពន្ធទាំងពីរនាក់ក៏បាន ចំណាយថវិកាផ្ទាល់ខ្លួនរហូតដល់ជាង ៥,០០០ដុល្លារ ដើម្បីកក់ជើងហោះហើរថ្មី ហើយពួកគាត់ទាំងពីរនាក់ក៏បានមកដល់ផ្ទះវិញ កាលពីថ្ងៃពុធសប្តាហ៍នេះ។
ពេលមកដល់ផ្ទះហើយនោះ ពួកគាត់ត្រូវអាជ្ញាធរសុខាភិបាលប្រចាំមូលដ្ឋានទាក់ទងមកថា ពួកគាត់បានរួមតុអាហារជាមួយស្រ្តីអាមេរិកវ័យ ៨៣ឆ្នាំ ដែលម៉ាឡេស៊ីធ្វើតេស្តរកឃើញ COVID-19 ជាហេតុតម្រូវឲ្យអ្នកតាំងពីរបង្ខាំងខ្លួនឯង នៅក្នុងផ្ទះយ៉ាងតិចមួយសប្តាហ៍ ដើម្បីកាត់បន្ថយលទ្ធភាពនៃការចម្លងមេរោគដល់អ្នកដទៃ ប្រសិនបើពួកគេបានឆ្លង COVID-19។ ប្រការនេះធ្វើឲ្យពួកគាត់មិនអាចទៅបំពេញការងារបានឡើយ ហើយត្រូវធ្វើឲ្យកូនៗគាត់រវល់ នាំយកម្ហូបអាហារមកឲ្យពួកគាត់រាល់ថ្ងៃ។
លោកស្រី Chybowski បានសង្កត់ធ្ងន់ទៀតថា «ការរំខាន ដល់ជីវិតអ្នកដំណើរជាច្រើនមកពីកប៉ាល់ Westerdam ជាពិសេសនោះ គឺដល់ផ្លូវអារម្មណ៍ពួកគេកំឡុងភាពមិនច្បាស់ការ មុនពេលពួកគេបានត្រឡប់មកដល់ផ្ទះវិញនោះ គឺពិតជាមិនអាចវាស់ស្ទង់បាននោះទេ»។
គួរជម្រាបថា យោងតាមការបញ្ជាក់កាលពីយប់ថ្ងៃសុក្រ ពីអ្នកនាំពាក្យមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺរបស់សហរដ្ឋអាមេរិក CDC លោក រីឆាដ ក្វាថារ៉ុន (Richard Quartarone) អ្នកដំណើរទាំងអស់នៃកប៉ាល់ទេសចរណ៍ MS Westerdam គឺត្រូវបានធ្វើតេស្តយ៉ាងល្អិតល្អន់រកមេរោគ COVID-19 ហើយលទ្ធផលពិតជាបានបង្ហាញថា «អវិជ្ជមាន» ដោយក្នុងនោះរួមមានទាំងស្រ្តីអាមេរិកវ័យ ៨៣ឆ្នាំផងដែរ៕



អ្នកវិភាគដ៏ល្បីល្បាញ៖ ភាពមិនច្បាស់លាស់របស់ម៉ាឡេស៊ីលើការពិនិត្យមេរោគ Covid 19 បង្កការភ័យខ្លាច បង្កើតការរើសអើង ធ្វើឱ្យខកខានដល់ដំណើរវិលត្រឡប់របស់អ្នកទេសចរ និងធ្ងន់បំផុតប៉ះពាល់ដល់ទឹកចិត្តមនុស្សធម៌

(ភ្នំពេញ)៖ ពិភពលោកមានការភ្ញាក់ផ្អើល នៅពេលដែលក្រសួងសុខាភិបាល ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី១៥ កុម្ភៈ ឆ្នាំ២០២០ តាមរយៈឧបនាយករដ្ឋមន្ត្រី របស់ខ្លួនឈ្មោះ Wan Azizah Wan Ismail ភរិយារបស់លោក អាន់វ៉ា អ៊ីប្រាហ៊ីម អតីតគណបក្សប្រឆាំងប្រកាសថា ស្ត្រីជនជាតិអាមេរិកាំងម្នាក់អាយុ៨៣ឆ្នាំ ដែលជាអ្នកដំណើរចាកចេញពីនាវាទេសចរណ៍ Westerdam ពីប្រទេសកម្ពុជា មានផ្ទុកជំងឺកូរ៉ូណាថ្មី ឬ Covid-19។ ប៉ុន្តែនៅថ្ងៃទី២១ ខែកុម្ភៈនេះ មិនដល់១សបា្តហ៍ផង ឧបនាយករដ្ឋមន្ត្រីដដែលបានប្រកាសថា ស្ត្រីជនជាតិអាមេរិកាំងដដែលនេះមិនមានផ្ទុកវីរ៉ុសនេះទេ។
ដំណឹងនេះក៏បានធ្វើឱ្យពិភពលោកភ្ញាក់ផ្អើលម្តងទៀតហើយចាប់ផ្តើមចោទសួរពីភាពត្រឹមត្រូវនៃការធ្វើតេស្តត្រួតពិនិត្យរបស់កម្ពុជាលើអ្នកដំណើរ។ ការភ្ញាក់ផ្អើលរបស់ពិភពលោកលើកនេះជាមួយអារម្មណ៍សោកស្តាយជាទីបំផុតថាហេតុអ្វីបានជាមន្ត្រីសុខាភិបាលម៉ាឡេស៊ីមានភាពមិនច្បាស់លាស់លើការគ្រប់គ្រងវីរ៉ុសកូរ៉ូណាថ្មីដែលពិភពលោកព្រួយបារម្ភខ្លាំង ហើយបាននិងកំពុងជះឥទ្ធិពល បង្កើតឱ្យមានផលប៉ះពាល់យ៉ាងខ្លាំងលើសណ្តាប់ធ្នាប់សង្គម សីលធម៌ ទេសចរណ៍ សេដ្ឋកិច្ចរបស់ពិភពលោក។
តាមពិតឥទ្ធិពលពិតប្រាកដនៃវីរ៉ុសកូរ៉ាណាមិនមានគ្រោះថ្នាក់ខ្លាំងឡើយ ប៉ុន្តែការភ័យខ្លាចនៃការឆ្លងវីរ៉ុសនេះ ទើបមានភាពធ្ងន់ធ្ងរជាង។ ការប្រកាសរបស់ ម៉ាឡេស៊ីប្រកបដោយភាពមិនប្រក្រតីនៃការរកឃើញជំងឺលើអ្នកទេសចរពីនាវា Westerdam ដែលកម្ពុជាបានទទួលឱ្យចូលចតនៅកំពង់ផែអន្តរជាតិខេត្ត ព្រះសីហនុ ក្រោយពីបរទេសចំនួន៤ កោះចំនួន២ បដិសេធមិនឱ្យចូលចតដោយភ័យខ្លាចការចម្លវីរ៉ុសកូរ៉ូណា គឺបានបង្កឱ្យមានផលវិបាកយ៉ាងច្រើន បន្ថែមលើការភ័យខ្លាចបន្ថែមទៀត បង្កើតការរើសអើងចំពោះអ្នកដំណើរ។
អ្នកដំណើររួមនឹងអ្នកបម្រើនៃនាវានេះចំនួនជាង២០០០ នាក់បានរងគ្រោះម្តងហើយម្តងទៀត។ រងគ្រោះពីការបដិសេធមិនមិនឱ្យចូលចត រងគ្រោះដោយការលាបពណ៌ថាមានផ្ទុកវីរ៉ុសកូរ៉ូណា និងរងគ្រោះ ដោយសារតែភាពមិនច្បាស់លាស់នៃការត្រួតពិនិត្យរបស់មន្ត្រីសុខាភិបាលម៉ាឡេស៊ី។ អ្នកដំណើរទាំងនេះ មានក្តីសង្ឃឹមឡើងវិញក្រោយកម្ពុជាបានទទួលឱ្យនាវាចូលចត ហើយបានផ្ទេរការធ្វើដំណើរតាមជើងយន្តហោះវិលត្រឡប់ទៅផ្ទះរបស់ពួកគេវិញ ប៉ុន្តែពួកគេត្រូវបានគេរើសអើងមួយរំពេចដោយសារតែការបញ្ចេញព័ត៌មានរបស់ម៉ាឡេស៊ីពីវត្តមាននៃវីរ៉ុសកូណា ឬ Covid-19។
ភាពខ្ជីខ្ជារបស់ម៉ាឡេស៊ីបានបង្កើតឱ្យមានការរើសអើងយ៉ាងខ្លាំងប្រឆាំងចំពោះអ្នកដំណើរនៃនាវា Westerdam បង្កការភ័យខ្លាចក្នុងចំណោមអ្នកដំណើរ បង្កឱ្យមានការខកខានដល់ការធ្វើដំណើត្រឡប់ទៅប្រទេសកំណើតរបស់អ្នកដំណើរទាំងនោះ។ ជាងនេះទៅទៀត វាបានធ្វើឱ្បប៉ះពាល់ដល់ទឹកចិត្តមនុស្សធម៌របស់កម្ពុជា ចំពោះមនុស្សជាតិជាពិសេសអ្នកធ្វើដំណើរលើនានាដែលគេកំពុងឯកោមានអារម្មណ៍ភិតភ័យកាន់តែធ្លាក់ក្នុងវិបត្តិផ្លូវចិត្ត និងការភ័យខ្លាច។ តាមពិត អ្នកដំណើរទាំងអស់ត្រូវធ្វើដំណើរ បានលឿនជាងនេះ ប្រសិនបើគ្មានការប្រកាសរបស់ ម៉ាឡេស៊ីដោយខ្ជីខ្ជាទេនោះ។
អ្វីដែលម៉ាឡេស៊ីបានធ្វើ តាមរយៈលោកស្រី Wan Azizah Wan Ismail បានបង្កើតឱ្យមានការយល់ច្រឡំ និងបង្កើតឱ្យមានទីលានវាយប្រហារ និងរិះគន់លើសកម្មភាពមនុស្សធម៌ដ៏ស្មោះសរបស់សម្តេចតេជោ ហ៊ុន សែន និងប្រជាជនកម្ពុជាចំពោះជាតិសាសន៍ចំនួន៤១ ដែលនៅលើនាវា។ ប៉ុន្តែពេលនេះ អ្វីៗដែលម្ពុជាបានធ្វើគឺស្របតាមបច្ចេកទេសត្រឹមត្រូវ និងមានប្រសិទ្ធភាព។ នេះជាយុត្តិធម៌ ដែលកម្ពុជាទទួលបានមកវិញដោយមោទនកភាព និងប្រកបដោយបេះដូងមនុស្សធម៌ពិតប្រាកដក្រោយពី ម៉ាឡេស៊ីរកមិនឃើញថាមានវីរ៉ុសកូរ៉ូណាមាននៅលើខ្លួនស្ត្រីអាមេរិកាំងរូបនោះ។ ការបង្ហាញការធ្វើតេស្តនៅថ្ងៃនេះ បានផ្តល់នូវភាពយុត្តិធម៌សម្រាប់កម្ពុជា និងលើកកម្ពស់តម្លៃមនុស្សធម៌របស់ពិភពលោកឡើងវិញ។
នេះជាមេរៀនបទពិសោធមួយរបស់ម៉ាឡេស៊ីដែលមិនគួរធ្លោះធ្លោយលើរឿងវីរ៉ុសដ៏រសើបនេះឡើយ។ កម្ពុជា ជាប្រទេសតូច ប៉ុន្តែមានបេះដូងទូលាយ។ ក្នុងនាមជាមេដឹកនាំរបស់កម្ពុជា សម្តេចតេជោ ហ៊ុន សែន តែងតែតម្កល់ផលប្រយោជន៍ជាតិ និងប្រជាជនជាធំ ហើយលើកកម្ពស់តម្លៃមនុស្សធម៌ជានិច្ច។ អំពើល្អនេះបានដក់ ជាប់ក្នុងក្រអៅបេះដូងជនរួមជាតិខ្មែរ និងប្រជាជននៅ លើពិភពលោក។ ប៉ុន្តែទង្វើល្អមិនសាបសូន្យឡើយ! ទោះបីនរណាមានបំណងមិនល្អមកលើជាតិ និងប្រជាជនកម្ពុជា ក៏នឹងមិនអាចសម្រេចបានឡើយ ហើយទីបំផុតអំពើអាក្រក់ទាំងឡាយនឹងត្រូវបកអាក្រាត ហើយកម្ពុជានឹងឈ្នះ ហើយទទួលបានយុត្តិធម៌ជាអមតៈ៕
ដោយ៖ ចៅចាក់ស្មុក
រាជធានីភ្នំពេញ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០







វិដេអូបទយកការណ៍ស្តីពី «ការគោរពសិទ្ធិមនុស្សត្រូវផ្តើមពីសិទ្ធិរស់រានមានជីវិត» (Video inside)

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០នេះ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈ​រដ្ឋមន្រ្តី បានចេញផ្សព្វផ្សាយនូវបទយការណ៍ពិសេសមួយ ស្តីពីការគោរពសិទ្ធិមនុស្សត្រូវផ្តើមពីសិទ្ធិរស់រានមានជីវិត។ សូមទស្សនាវិដេអូទាំងស្រុងដោយមានរយៈពេល១៦៖៤៥នាទី។



#ហ៊ុនសែន #កម្ពុជា #សិទ្ធិរស់រានមានជីវិត #សិទ្ធិមនុស្ស