Wednesday, March 09, 2022

វិភាគអន្តរជាតិ៖ តើសង្រ្គាមអ៊ុយក្រែន គឺជាការចាប់ផ្ដើមនៃទីបញ្ចប់របស់បុរសខ្លាំង ពូទីន ឬ?


(ប៊ែរឡាំង)៖ សង្រ្គាមរបស់រស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែនបានឈានចូលដល់សប្ដាហ៍ទី៣ហើយ រីឯលោកប្រធានាធិបតី ពូទីន ក៏មិនទាន់អាច ធ្វើឱ្យអ៊ុយក្រែនចុះញ៉ម ឬសុំចុះចាញ់បាននៅឡើយដែរ។ ខណៈអាមេរិក និងសម្ពន្ធមិត្តលោកខាងលិចកំពុងរិះរកវិធីបញ្ជូនអាវុធ អ៊ុយក្រែនត្រូវ បានគេមើលឃើញថានឹងមិនអាចតស៊ូប្រយុទ្ធជាមួយកងទ័ពរុស្ស៊ីបានយូរតទៅទៀតនោះទេ។


ប៉ុន្តែក្រុមអ្នកជំនាញខ្លះក៏បានព្រមានដែរថាទោះជាលោក ពូទីន ឈ្នះក្នុងសង្រ្គាមនេះក៏ដោយ, រុស្ស៊ីអាចនឹងប្រឈមមុខជាមួយសង្រ្គាមឈ្លបនៅ អ៊ុយក្រែន ដែលអាចនឹងបង្កការខាតបង់ធ្ងន់ធ្ងរបន្ថែមពីលើការ ដាក់ទណ្ឌកម្មពីសំណាក់លោកខាងលិច ហើយនេះក៏កំពុងបង្កឱ្យមានការចោទសួរ ឡើងនូវសំណួរមួយផងដែរថា «តើសង្រ្គាមអ៊ុយក្រែន គឺជាការចាប់ផ្ដើមនៃទីបញ្ចប់របស់លោក វ្ល៉ាឌីមៀ ពូទីន ឬ»?


មែនទែនទៅ, នៅមុនប្រកាសបើកប្រតិបត្តិការយោធា កាលពីថ្ងៃទី២៤ ខែកុម្ភៈ, លោក ពូទីន បានស្ទាបស្ទង់ទឹកចិត្តរបស់ប្រជាជនរុស្ស៊ីរួចទៅ ហើយ ដោយការស្ទង់មតិមួយបង្ហាញថា ប្រជាជនរុស្ស៊ីភាគច្រើនគាំទ្រសង្រ្គាមនៅអ៊ុយក្រែន។ ការស្ទង់មតិនេះធ្វើឡើងដោយមជ្ឈមណ្ឌលស្រាវជ្រាវមតិសាធារណៈ និងមូលនិធិមតិសាធារណៈរបស់រុស្ស៊ី ដែលបញ្ជាក់ថាប្រជាជនរុស្ស៊ីច្រើនជាង ៦០ភាគរយឯណោះគាំទ្រ ប្រតិបត្តិការយោធារបស់លោក។


តែលោកខាងលិចចោទថាការស្ទង់មតិនេះមិនមានភាពត្រឹមត្រូវ ព្រោះវិទ្យាស្ថានទាំង២ខាងលើស្ថិតនៅក្រោមការគ្រប់គ្រងរបស់វិមានក្រឹមឡាំង ហើយអ្វីដែលសំខាន់ នោះគឺថាតើប្រជាជនរុស្ស៊ីភាគច្រើនទាំងនោះអាចនឹងគាំទ្រ សង្រ្គាមនេះបានយូរដល់ពេលណា? ស្របពេលលោកខាងលិចកំពុងបង្កើនការដាក់ទណ្ឌកម្មស្ទើរគ្រប់វិស័យប្រឆាំងប្រទេសរបស់ពួកគេ។


*ការចាប់ផ្ដើមនៃទីបញ្ចប់របស់លោក ពូទីន?


នៅក្រោយរុស្ស៊ី បើកប្រតិបត្តិការវាយលុកចូលអ៊ុយក្រែន, បណ្ដាប្រទេសលោកខាងលិចនាំមុខដោយសហរដ្ឋអាមេរិក បានប្រកាសដាក់ទណ្ឌកម្ម ប្រឆាំងនឹងទីក្រុងម៉ូស្គូ រួមទាំងលោក ពូទីនផ្ទាល់ ហើយដកធនាគាររុស្ស៊ីជាច្រើនចេញពីប្រព័ន្ធទូទាត់សកលថវិកាសកល SWIFT ដែលនេះធ្វើឱ្យ ប្រាក់រូបរុស្ស៊ី (ruble) ធ្លាក់ថ្លៃជាង ៣០ភាគរយ ធៀបទៅនឹងប្រាក់ដុល្លារអាមេរិក។


រុស្ស៊ីបានជាប់ទណ្ឌកម្មរបស់លោកខាងលិច ចាប់តាំងពីឆ្នាំ២០១៤មកម្ល៉េះក្រោយក្រសោបយកតំបន់គ្រីមេពីអ៊ុយក្រែន។ ប៉ុន្តែ ទណ្ឌកម្មរបស់ លោកខាងលិចនៅពេលនេះ មានទម្ងន់ខុសគ្នាកាលពីឆ្នាំ២០១៤ ជាពិសេសគឺការដកធនាគាររុស្ស៊ីចេញពីប្រព័ន្ធទូទាត់ថវិកាសកល SWIFT តែម្ដង។


កន្លងមក ក្រុមអ្នកជំនាញជាច្រើនយល់ស្របដូចគ្នាថា ទណ្ឌកម្មមិនអាចមានប្រសិទ្ធភាពលើប្រទេសមួយ ដែលអំណាចស្ថិតនៅក្រោមកណ្ដាប់ដៃ មនុស្សតែម្នាក់ផ្ដាច់មុខនោះទេ។ ដូចជានៅកូរ៉េខាងជើង, វ៉េណេស៊ុយអេឡា ឬអ៉ីរ៉ង់ជាដើមសុទ្ធតែកំពុងជាប់ទណ្ឌកម្មរបស់លោកខាងលិច តែ មេដឹកនាំនៃប្រទេសទាំងនេះនៅតែបន្តកាន់អំណាច ហើយអំណាចរបស់ពួកគេកាន់តែរឹងមាំទៀតផង រីឯអ្នករងគ្រោះពិតប្រាកដនៃទណ្ឌកម្ម នៅតែជាប្រជាជនស៊ីវិល។


នៅក្នុងករណីលោក ពូទីន គេពិបាកស្មានណាស់ថាទណ្ឌកម្មលោកខាងលិច អាចនឹងបង្កចលាចលរហូតដល់ឈានទៅ រកការផ្ដួលរំលំទម្លាក់

រូបលោកចេញពីអំណាច ពីព្រោះថាក្រុមអ្នកប្រឆាំងនឹងរូបលោក រួមទាំងមេដឹកនាំបក្សប្រឆាំងត្រូវបានរូបលោកបង្រ្កាបរួចបាត់ទៅហើយ។ ម្យ៉ាងវិញទៀត លោកខាងលិច តួរយ៉ាងបណ្ដាប្រទេសអឺរ៉ុបនៅតែបន្តពឹងផ្អែកខ្លាំងលើឧស្ម័នរបស់រុស្ស៊ី ដូច្នេះគេក៏ពិបាកនឹងជឿដែរថាទណ្ឌកម្ម ប្រឆាំងរុស្ស៊ីអាចនឹងត្រូវបានអនុវត្តឱ្យពេញទំហឹង និងកាន់តែគ្រោះថ្នាក់ទៅទៀត នោះគឺការដាក់ទណ្ឌកម្មលើរុស្ស៊ីដែលជាមហាយក្សនុយក្លេអ៊ែរ វាអាចជាការប្រថុយប្រថាននៃហានិភ័យធ្វើឱ្យជម្លោះរាលដាលកាន់តែខ្លាំង ដែលនេះឯងអាចនឹងធ្វើឱ្យបណ្ដាប្រទេសអឺរ៉ុបស្ទាក់ស្ទើរ។

តែទោះជាយ៉ាងណាក៏ដោយ យ៉ាងហោចណាស់ ទណ្ឌកម្មរបស់លោកខាងលិច អាចបញ្ជាក់ប្រាប់ថាពួកគេមិនអនុញ្ញាតឱ្យរុស្ស៊ី ធ្វើអ្វីតាមតែអំពើចិត្តនោះទេ។


*អាចនឹងមានបទឈប់បាញ់ តាមសំណើរបស់រុស្ស៊ី?


ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថាលោកលែងមានអារម្មណ៍ត្រេកត្រអាល ចង់ឱ្យប្រទេសរបស់លោកចូលជា សមាជិកអង្គការ NATO ទៀតហើយ បន្ទាប់ពីទីក្រុងកៀវដឹងថាបក្សសម្ពន្ធយោធាមួយនេះមិនទាន់ត្រៀមលក្ខណៈទទួលយកអ៊ុយក្រែន។


ការលើកឡើងរបស់លោក ហ្សេលេនស្គី ធ្វើឡើងនៅក្នុងបទសម្ភាសន៍ផ្ដាច់មុខជាមួយទូរទស្សន៍អាមេរិក ABC News នៅថ្ងៃអង្គារសប្ដាហ៍នេះ និងជាការឆ្លើយតបទៅនឹងសំណួរស្ដីពីសំណើរបស់ទីក្រុងម៉ូស្គូ។ នៅក្នុងបទសម្ភាសន៍នោះ ប្រធានាធិបតីអ៊ុយក្រែនរូបនេះក៏បានបញ្ជាក់ដែរថា ទីក្រុងកៀវ អាចនឹងបើកកិច្ចពិភាក្សាជាមួយរុស្ស៊ីដើម្បីស្វែងរកដំណោះស្រាយ ពាក់ព័ន្ធនឹងតំបន់គ្រីមេ រួមទាំងតំបន់ដូណេត (Donetsk) និងលូហ្កាន់ (Lugansk)។


រុស្ស៊ី នៅថ្ងៃអង្គារសប្ដាហ៍នេះដែរ បានស្នើអ៊ុយក្រែនឱ្យបញ្ឈប់សកម្មភាពយោធា, ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឱ្យក្លាយជាប្រទេសអព្យាក្រឹត, ទទួលស្គាល់ ឧបទ្វីបគ្រីមេថាជាទឹកដីរុស្ស៊ី និងទទួលស្គាល់តំបន់ផ្ដាច់ខ្លួនពីរ នៅភាគខាងកើតនៃប្រទេសអ៊ុយក្រែន គឺ ដូណេត (Donetsk) និងលូហ្កាន់ (Lugansk) ជារដ្ឋឯករាជ្យ ហើយជាថ្នូរមកវិញ រុស្ស៊ីនឹងបញ្ចប់ប្រតិបត្តិការយោធាភ្លាមៗ។


ជុំវិញបញ្ហានេះដែរ ក្រុមអ្នកជំនាញយល់ថាទោះជារុស្ស៊ីមិនអាចគ្រប់គ្រងអ៊ុយក្រែនបានទាំងស្រុងក៏ដោយ តែទីក្រុងម៉ូស្គូអាចនឹងយកទឹកដី ឬទីក្រុងនៅអ៊ុយក្រែន ដែលកងទ័ពរុស្ស៊ីទើបតែវាយដណ្ដើមគ្រប់គ្រងប៉ុន្មានថ្ងៃមុននេះ ដើម្បីដាក់សម្ពាធឱ្យលោក ហ្សេលេនស្គី ទទួលយកបទឈប់បាញ់ដោយភ្ជាប់ជាមួយសំណើមួយចំនួនរបស់រុស្ស៊ី។


គួរបញ្ជាក់ថា លោក ហ្សេលេនស្គី ក៏ធ្លាប់បានបង្ហាញការសោកស្ដាយ និងខកចិត្តជាខ្លាំងផងដែរចំពោះ NATO ដែលទុកឱ្យអ៊ុយក្រែនតស៊ូប្រយុទ្ធ ជាមួយកងទ័ពរុស្ស៊ីតែម្នាក់ឯង និងការបដិសេធចំពោះសំណើរបស់លោកដែលចង់បង្កើត «តំបន់គ្មានការហោះហើរ» ដើម្បីទប់ស្កាត់ការទម្លាក់

គ្រាប់បែកពីសំណាក់យន្ដហោះចម្បាំងរុស្ស៊ី។ NATO រួមទាំងសហរដ្ឋអាមេរិកបានអះអាងជាច្រើនលើកមកហើយថា ពួកគេនឹងមិនបញ្ជូនកងទ័ព

ឱ្យទៅជួយអ៊ុយក្រែនប្រយុទ្ធជាមួយកងទ័ពរុស្ស៊ីដោយផ្ទាល់នោះទេ ជំនួសមកវិញនូវការសន្យាបញ្ជូនអាវុធ និងជំនួយជាច្រើនឱ្យអ៊ុយក្រែន៕


ប្រភព៖ DW, ABC News (ថ្ងៃអង្គារ ទី៩ ខែមីនា ឆ្នាំ២០២២)

ដោយៈ Fresh News