Monday, October 24, 2016

អាជ្ញាធរជាតិអប្សរាចុះអនុស្សរណៈយោគយល់គ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយមហាវិទ្យាល័យDong-Pusan College និងក្រុមហ៊ុន Dream Airline Tour

អនុស្សរណៈរវាង៣ភាគី គឺអាជ្ញាធរជាតិអប្សរា មហាវិទ្យាល័យដុងប៊ូសាន និងក្រុមហ៊ុនDream Airline Tour ត្រូវបានធ្វើឡើងនៅរសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦ នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា។ គោលបំណងចម្បងនៃអនុស្សរណៈនេះគឺ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ បណ្តុះបណ្តាលវិជ្ជាជីវៈ និងការអភិវឌ្ឍវិស័យទេសចរណ៍។

  តាមខ្លឹមសារនៃអនុស្សរណៈនេះ អាជ្ញាធរជាតិអប្សរា និងភាគីសហប្រតិបត្តិការនឹងបន្តពិភាក្សាលម្អិតអំពីគម្រោងអប់រំបណ្តុះបណ្តាល ក្នុងន័យអភិវឌ្ឍធនធានមនុស្ស និងធនធានទេសចរណ៍ ដើម្បីជាប្រយោជន៍ដល់សហគមន៍មូលដ្ឋានក្នុងរមណីយដ្ឋានអង្គរ។ អនុស្សរណៈនេះមានរយៈពេល៥ឆ្នាំ ដើម្បីបំពេញបេសកកម្មរបស់ខ្លួនឲ្យបានជោគជ័យ។

   ឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ក្នុងពិធីចុះហត្ថលេខានេះថា អាជ្ញាធរជាតិអប្សរាសូមវាយតម្លៃខ្ពស់ចំពោះកិច្ចសហការនេះ ហើយយើងសង្ឃឹមថា កិច្ចព្រមព្រៀងនេះនឹងជំរុញឲ្យមានការបណ្តុះបណ្តាល ការស្រាវជ្រាវ សិក្ខាសាលា សន្និសីទ ឬសកម្មភាពផ្សេងៗដែលពាក់ព័ន្ធនឹងវិស័យអប់រំ។កិច្ចព្រមព្រៀងនេះនឹងផ្តល់ឱកាសដល់មន្ត្រីជំនាញនៃអាជ្ញាធរជាតិអប្សរា បានដោះដូរបទពិសោធន៍ពីគ្នាទៅវិញទៅមកជាមួយសាកលវិទ្យាល័យDong Pusan។ ជាមួយគ្នានេះ ឯកឧត្តមអគ្គនាយក៏បានថ្លែងអំណរគុណចំពោះក្រុមហ៊ុន Dream Airline ដែលបានរួមចំណែកគាំទ្រមជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរ និងគម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក។

  លោក Choi Hwan Eon សាកលវិទ្យាធិការនៃសាកលវិទ្យាល័យDong Pusan បញ្ជាក់ថា លោកមានមោទនភាពដែលបានធ្វើកិច្ចសហការនៅពេលនេះ។ “យើងមានគម្រោងល្អជាច្រើនដែលបានជជែកគ្នា និងដែលមានសរសេរទុកក្នុងខ្លឹមសារនៃអនុស្សរណៈនេះ។ យើងនឹងព្យាយាមឲ្យអស់ពីលទ្ធភាព ដើម្បីបំពេញការងារទាំងនេះឲ្យបានសម្រេចជោគជ័យ”៕







គ្រួសារកងទ័ព និងប្រជាពលរដ្ឋ ចំនួនជាង១០០០គ្រួសារ បានទទួលពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺពីក្រុម​វេជ្ជសាស្ត្រសម្តេចតេជោ​ដោយឥតគិតថ្លៃ

នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅក្នុងបរិវេណកងពលតូចអន្តរាគមន៍លេខ៨ ចំណុះឲ្យកងពលធំលេខ៣ ភូមិមរតកសម្តេចតេជោ ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ
មុនពិធីពិនិត្យ និងព្យាបាលជំងឺ ក្រុមការងារក្រុមវេជ្ជសាស្ត្រសម្តេចតេជោបានផ្តល់អាហារពេលព្រឹក មាននំបញ្ចុក នំបុ័ង និងភេសជ្ជ: ផ្តល់ជូនប្រជាពលរដ្ឋ ទទួលទានយ៉ាងឆ្ងាញ់ពិសារ ។
ពីធីពិនិត្យជំងឺដោយឥតគិតថ្លៃនេះរួមមាន៖វះកាត់ជំងឺតូច, ពិនិត្យរោគស្ត្រី, ជំងឺទូទៅ, សម្ភព, អេកូសាស្ត្រ, ពិនិត្យ និងព្យាបាលធ្មេញ, ផ្តល់ថ្នាំទម្លាក់ដង្កូវពោះវៀន និងអប់រំសុខភាពសហគមន៍ ជូនប្រជាពលរដ្ឋ ដែលរង់ចាំការពិនិត្យ និងព្យាបាលជំងឺ ព្រមទាំងចែកជូនសម្ភារ:ប្រើប្រាស់ និងចែកជូនវែនតាជូនលោកយាយ លោកតា, រទេះរុញសម្រាប់អតីតយុទ្ធជនពិការជាច្រើននាក់។
សូមជម្រាបថា :
ក្នុងពិធីនេះ មានការចូលរួមពីនាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង និងនាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ, នាយឧត្តមសេនីយ៍ ជា តារា អគ្គបញ្ជាការរង, មេបញ្ជាការតាមកងពល, មេបញ្ជាការសមរភូមិទិសនីមួយៗ, ឯកឧត្តម សួស យ៉ារ៉ា តំណាងរាស្ត្រខេត្តព្រះវិហារ, និងឯកឧត្តម អុន ចាន់ដា អភិបាលខេត្តចូលរួមផងដែរ។





ឯកឧត្ដម សាយ សំអាល់បានអញ្ជើញ​សំណេះសំណាល និងពិសាអាហារសាមគ្គី​ជាមួយបងប្អូន​អាជីវករក្រុងព្រះសីហនុ

នៅល្ងាចថ្ងៃអាទិត្យទី២៣ ខែតុលា ឆ្នាំ២០១៦ ឯកឧត្ដម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានអញ្ជើញសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយបងប្អូនអាជីវករក្រុងព្រះសីហនុ ដែលប្រកបមុខរបរផែ្នកផ្តល់សេវាកម្ម ដូចជា ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន ប្រតិបត្តិករទេសចរណ៍ ម្ចាស់ខារាអូខេ និងរោងចក្រមួយចំនួន ក្នុងគោលបំណងស្វែងរកការគាំទ្រនិងការចូលរួមពីសំណាក់មហាជនគ្រប់មជ្ឈដ្ឋាន ក្នុងកិច្ចគាំពារបរិស្ថាន។ ឯកឧត្តមរដ្ឋមន្រ្តីបានស្នើឲ្យអាជីវករទាំងអស់បន្តចូលរួមការពារបរិស្ថាន គ្រប់គ្រងសំណល់រឹង សំណល់រាវ និងទឹកកខ្វក់ឱ្យបានផុលផុស ដើម្បីឱ្យទីក្រុងព្រះសីហនុក្លាយជាគោលដៅទាក់ទាញភ្ញៀវទេសចរ ប្រកបដោយសក្តានុពល។ ឯកឧត្ដមរដ្ឋមន្ត្រីក៏បានចលនាឲ្យអាជីវករ និងអ្នកពាក់ព័ន្ធទាំងអស់ចូលរួមគាំទ្រនិងទ្រទ្រង់សកម្មភាពថែទាំប្រភពទឹកក្បាលឆាយ ដើម្បីធានាដល់ការផ្គត់ផ្គង់ទឹកស្អាតសម្រាប់ទីក្រុងព្រះសីហនុទាំងមូល ជាពិសេសគឺដើម្បីរួមចំណែកដល់ការលើកកម្ពស់វិស័យទេសចរណ៍តំបន់ឆ្នេរសមុទ្រក្នុងខេត្តព្រះសីហនុ៕






វិចារណកថាៈ វិបត្តិផ្ទៃក្នុងគណបក្សសង្គ្រោះជាតិ

រយៈពេលមួយសប្តាហ៍កន្លងទៅនេះ បញ្ហាផ្ទៃក្នុងគណបក្សសង្គ្រោះជាតិ បានឈានដល់ដំណាក់កាល គួរឲ្យព្រួយបារម្ភ ក្រោយពេលកូនស្រីលោក កឹម សុខា ឈ្មោះ កឹម មនោវិទ្យា បានបើកការវាយប្រហារខ្លាំងៗ ទៅលើលោក សម រង្ស៊ី ដែលជាប្រធានគណបក្ស ។ ទង្វើរបស់កូនស្រី លោក កឹម សុខា គឺជាមូលហេតុ ដែលធ្វើឲ្យមានការប្រទាំងប្រទើសយ៉ាងខ្លាំង រវាងក្រុមមន្ត្រីមកពីអតីតគណបក្សសិទ្ធិមនុស្ស និងក្រុមមន្ត្រីមកពី អតីតគណបក្ស សម រង្ស៊ី ។

មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិមួយចំនួន បានលើកឡើងថា រយៈពេលប៉ុន្មាន ខែកន្លងទៅនេះ កូនស្រីលោក កឹម សុខា ដែលធ្លាប់រៀនសូត្រខ្លះៗនៅក្រៅប្រទេស បានបង្ហាញនូវចរិតក្រអើត ក្រទមច្រឡោងខាមយ៉ាងខ្លាំង ។ កូនស្រី លោក កឹម សុខា ឈ្មោះ កឹម មនោវិទ្យា ហ៊ានប្រមាថមើលស្រាលមន្ត្រី ចាស់ទុំក្នុងគណបក្សស្រេចតែអំពើចិត្ត ហើយចុងក្រោយហ៊ានប្រមាថមើលងាយ និងបើកការវាយប្រហារលោក សម រង្ស៊ី ដែលជាប្រធានគណបក្សយ៉ាងទទឹងទិស រហូតដល់មន្ត្រីចាស់ទុំមកពីអតីតគណបក្ស សម រង្ស៊ី បញ្ចេញប្រតិកម្មខ្លាំងៗតបតវិញ ។

ប្រភពពីមន្ត្រីជាន់ខ្ពស់ គណបក្សសង្គ្រោះជាតិ ដែលមិនពេញចិត្តនឹងចរិតក្រអើតក្រទមរបស់កូនស្រី លោក កឹម សុខា បានឲ្យដឹងថា នៅទីបំផុតសារជាតិជាក់ស្ដែងរបស់ លោក កឹម សុខា និងកូនស្រី ត្រូវបានលាតត្រដាង ចេញមកឲ្យសកម្មជន និងអ្នកគាំទ្រដឹងឮជាសាធារណៈតែម្ដង ។ ទង្វើរបស់នាង កឹម មនោវិទ្យា គឺជាការទាញ់ ទម្លាក់ប្រជាប្រិយភាព លោក កឹម សុខា ជាឪពុកឲ្យបាត់បង់ការគាំទ្រ ពីសកម្មជននៅថ្នាក់មូលដ្ឋាន ក្នុងប្រទេស កម្ពុជា និងនៅបរទេសជាបន្តបន្ទាប់ ។ នាង កឹម មនោវិទ្យា កំពុងតាំងខ្លួនខ្ពស់ហួសមេឃ ហ៊ានមើលស្រាល ចាស់ទុំ នៅក្នុងគណបក្ស ដោយអាងខ្លួនបានរៀនសូត្រខ្ពង់ខ្ពស់ពីក្រៅប្រទេស ហើយទង្វើបែបនេះ គឺធ្វើឲ្យនាង កឹម មនោវិទ្យា ខ្លួនឯង ប្រឈមនឹងការរិះគន់យ៉ាងខ្លាំងក្លាពីមន្ត្រីចាស់ៗ និងមានបទពិសោធន៍នយោបាយយូរឆ្នាំ។ ចំណែកលោក កឹម សុខាខ្លួនឯង មិនបានណែនាំកូនស្រីឲ្យប្រព្រឹត្តអំពើល្អនោះទេ ហើយបែរជាបណ្ដោយ ឲ្យកូនស្រីបង្ករឿងហែកហួរក្នុងគណបក្សជាបន្តបន្ទាប់ ដោយគ្មានញញើតអ្វីទាំងអស់ ។

មន្ត្រីចាស់ៗមកពីអតីតគណបក្សសិទ្ធិមនុស្សមួយចំនួន ក៏មិនពេញចិត្តនឹងទង្វើរបស់នាង កឹម មនោវិទ្យា ដែលជាកូនស្រីរបស់ លោក កឹម សុខានោះដែរ ព្រោះមួយរយៈពេលកន្លងទៅនេះ នាងកឹម មនោវិទ្យា តាំងខ្លួនខ្ពស់ ហួសគេឯង ហើយចង់ឲ្យមន្ត្រីចាស់ៗស្ដាប់ខ្លួនទៅវិញ។ ទន្ទឹមនឹងនេះ រឿងអាស្រូវស្រីញីរបស់លោក កឹម សុខា ដែលធ្វើឲ្យលោក កឹម សុខា ប្រឈមនឹងការជាប់ឃុំក្នុងពន្ធនាគារចៀសមិនផុតនោះ គឺមិនបានធ្វើឲ្យលោក កឹម សុខា ភ្ញាក់ខ្លួននោះទេ ។ លោក កឹម សុខា នៅតែមានចរិតលោភលន់ ចង់មានចង់បានហួសហេតុ ហើយចង់ លើកតម្កើងកូនស្រីរបស់ខ្លួន និងប្រពន្ធរបស់ខ្លួនឲ្យធ្វើធំ នៅក្នុងគណបក្សសង្គ្រោះជាតិ ដើម្បីងាយស្រួលគ្រប់គ្រងគេឯងតាមអំពើចិត្ត ។ ចរិតលោភលន់ហួសហេតុរបស់លោក កឹម សុខា ដែលគិតតែប្រយោជន៍ផ្ទាល់ខ្លួន កំពុងធ្វើឲ្យគណបក្សសង្គ្រោះជាតិ មានបញ្ហាផ្ទៃក្នុង ហើយវិបត្តិលើកនេះ ប្រហែលចៀសមិនផុតពីការបែកបាក រវាងលោក សម រង្ស៊ី និងលោក កឹម សុខានោះឡើយ ។

សកម្មជន និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ នៅសហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី និងបារាំងជាដើម បានអះអាងថា មកដល់ពេលនេះ ពួកគេបានមើលឃើញយ៉ាងច្បាស់ក្រឡែត ពីចរិតលោភលន់របស់លោក កឹម សុខា ដែលគិតតែប្រយោជន៍ផ្ទាល់ខ្លួន និងក្រុមគ្រួសារខ្លួន ។ សកម្មជននៅក្រៅប្រទេសមួយចំនួន បានបញ្ជាក់ថា ពួកគេមិនស្វាគមន៍លោក កឹម សុខា តទៅទៀតទេប្រសិនបើលោក កឹម សុខា មកក្រៅប្រទេស ព្រោះពួកគេស្អប់ មនុស្ស ដែលមានចរិតលោភលន់ និងមានរឿងអាស្រូវស្រីញី អាវាសែ ខ្វះសេចក្តីថ្លៃថ្នូរ ។ ជាពិសេសទង្វើអាក្រក់ របស់នាង កឹម មនោវិទ្យា កូនស្រីលោក កឹម សុខា កាលពីប៉ុន្មានថ្ងៃមុននេះ ដែលបានបើកការវាយប្រហារ ទៅលើលោក សម រង្ស៊ី គឺជាទង្វើដែលគួរឲ្យស្អប់ខ្ពើម ។ ដោយហេតុថា កូនស្រីលោក កឹម សុខា នៅក្មេងសោះ បែរជាមានចរិតមិនល្អ បើកការវាយប្រហារលើប្រធានគណបក្សយ៉ាងគឃ្លើនតាមគំនិតខ្មៅងងឹតរបស់ខ្លួន ។

សរុបសេចក្តីមក វិបត្តិផ្ទៃក្នុងគណបក្សសង្គ្រោះជាតិ នៅពេលនេះ អាចឈានដល់ការបាក់បែកចែកផ្លូវគ្នា រវាងលោក សម រង្ស៊ី និងលោក កឹម សុខា ចៀសមិនផុតឡើយ ព្រោះអំពើអាក្រក់របស់លោក កឹម សុខា និងកូនស្រី ធ្វើឲ្យមន្ត្រីជាន់ខ្ពស់មកពីអតីតគណបក្ស សម រង្ស៊ី អត់ធ្មត់តទៅទៀតលែងបាន ។ ការសម្របសម្រួលណាមួយ នៅក្នុងគណបក្សប្រហែលជាលែងមានន័យទៀតហើយ ក្រោយពេលកូនស្រីលោក កឹម សុខា បានបើកការវាយប្រហារលើលោក សម រង្ស៊ី យ៉ាងកំរោលនាពេលថ្មីៗនេះ ។ មានការវាយតម្លៃថា ចរិតរបស់កូន ស្រីលោក កឹម សុខា អាចធ្វើឲ្យឪពុករបស់ខ្លួន ត្រូវប្រឈមនឹងសេចក្តីអាម៉ាសផងដែរ ដោយសារតែលោក កឹម សុខា មិនចេះណែនាំកូនស្រីឲ្យគោរពអ្នកនយោបាយចាស់ទុំក្នុងគណបក្ស ។ មានន័យថា រវាងលោក សម រង្ស៊ី និងលោក កឹម សុខា ឈានដល់ដំណាក់កាលទូកទៅដោយទូក ទន្លេទៅដោយទន្លេ ព្រោះអ្វីៗមិនអាចនៅជាមួយ គ្នាតទៅទៀតបាន ៕

ប្រភព៖ គេហទំព័រដើមអម្ពិល (២៤ តុលា ឆ្នាំ២០១៦)