Monday, August 26, 2019

Video៖ សម រង្ស៊ី រាំខុសចង្វាក់ភ្លេង!

កម្ពុជា ស្នើដល់អ្នកវិនិយោគិនចិន សិក្សាពីលទ្ធភាពគាំទ្រលើវិស័យវិនិយោគពីសក្តានុពលក្នុងខេត្តប៉ៃលិន

ប៉ៃលិន ៖ មានប្រសាសន៍ក្នុងឱកាសសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រតិភូក្រុង Lenfin ខេត្ត Shanxi នៃសាធារណៈរដ្ឋប្រជាមានិតចិន ក្នុងដំណើរបេសកកម្មផ្លូវការនៅខេត្តប៉ៃលិន ដែលដឹកនាំដោយ លោក Zhao Hua អគ្គលេខាធិការរងរដ្ឋបាលប្រជាជនក្រុង Lenfin នាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩ លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានស្នើរដល់សមភាគីសម្ព័ន្ធមេត្រីភាព ធ្វើការសិក្សា ពីលទ្ធភាព វិនិយោគលើសក្តានុពលរបស់ខេត្តប៉ៃលិន ជាពិសេស វិស័យកសិកម្ម និងទេសចរណ៍។
អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា ក្នុងដំណើរបេសកកម្មផ្លូវការនៅខេត្តប៉ៃលិនរបស់ប្រតិភូក្រុង Lenfinខេត្ត Shanxi នៃសាធារណៈរដ្ឋប្រជាមានិតចិន នាពេលនេះ គឺជាការបោះជំហ៊ានទៅមុខបន្ទាប់ពីរដ្ឋបាល ក្រុងប៉ៃលិន បានចងសម្ព័ន្ធភាពលើកិច្ចសហប្រតិបត្តិកា ជាមួយទីក្រុងដ៏ធំរបស់មិត្តចិនក្នុង គោលបំណងដើម្បីពង្រឹង និងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍ ទីក្រុងឲ្យកាន់តែវិវឌ្ឍន៍ រីកចម្រើនស្របតាមគោលនយោបាយនៃកិច្ចសហប្រតិបត្តិការ គ្រប់ ជ្រុងជ្រោយដែលដាក់ចេញដោយប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និង លោកប្រធានាធិបតី ចិន ស៊ី ជិន ពីង ។
លោក ផាន់ ចាន់ធុល បានមានប្រសាសន៍បញ្ជាក់ថា ផ្តើមចេញពីទំនាក់ទំនងការទូតដ៏យូរលង់និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំង២កាន់តែមានភាពស៊ីជម្រៅស្អិតរមួតលើ គ្រប់វិស័យចាប់តាំងពីកិច្ចសហប្រតិបត្តិការទ្វេភាគីរហូតជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ក្នុងឆ្នាំ ២០១០ ជាពិសេសបន្ទាប់ពីជំនួបថ្នាក់ដឹកនាំកំពូលរវាង លោកនាយករដ្ឋមន្រី្ត ហ៊ុន សែន និងលោកស៊ី ជិន ពីង ប្រធានាធិបតី នៃ សាធារណរដ្ឋប្រជាមានិតចិន ។
ជាការឆ្លើយតប លោក Zhao Hua អគ្គលេខាធិការរងរដ្ឋបាលប្រជាជនក្រុង Lenfin បានសន្យាថា នឹងខិតខំពង្រឹង និងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អប្រសើរឡើង ដើម្បីផ្តល់ឱកាសឱ្យក្រុមហ៊ុនចិន មកធ្វើការវិនិយោគនៅក្នុងខេត្តប៉ៃលិនឱ្យបានច្រើន ហើយថ្ងៃនេះគឺជាថ្ងៃប្រវត្តិសាស្ត្រដែលប្រតិភូក្រុង Lenfin បានមកទស្សនកិច្ចនៅខេត្តប៉ៃលិន។ ក្នុងឱកាសនោះផងដែរ លោកអគ្គលេខារង ក៏បានថ្លែងអំណរគុណដល់កម្ពុជា ក៏ដូចជាខេត្តប៉ៃលិនផ្ទាល់ ដែលបានបង្ហាញជំហ៊យ៉ាងម៉ឺងម៉ាត់ ក្នុងការគាំទ្រគោលនយោបាយចិនតែ១ និងចូលរួមយ៉ាងសកម្មសម្រាប់ផែនការផ្លូវ១ ខ្សែរក្រវ៉ាត់១ របស់លោក ស៊ី ជិនពីង ប្រធានាធិបតីនៃសាធារណៈរដ្ឋប្រជាមានិតចិន ហើយបានចាត់ទុក មិត្តភាពកម្ពុជា-ចិន គឺជាមិត្តដ៏ល្អជាដៃគូរួមសុខទុក្ខជាមួយគ្នាជួយគ្នា ទៅវិញទៅមកអស់ រយៈពេលជាង ៦០ ឆ្នាំមកហើយ ។

សូមបញ្ជាក់ថា កាលពីពេលកន្លងទៅថ្មីៗនេះ ក្រុងប៉ៃលិន និងក្រុង Lenfin បានចុះកិច្ចព្រមព្រៀង ចងសម្ព័ន្ធមេត្រីភាពជាមួយគ្នា មានដូចជា ៖ ១-ផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម សិក្សាអប់រំ វប្បធម៌ កសិកម្ម ទេសចរណ៍ សុខាភិបាល បណ្តុះបណ្តាលផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដើម្បីជំរុញឱ្យមានការរីកចម្រើនរួមគ្នា។ ២-សម្របសម្រួលឱ្យមានការផ្លាស់ប្តូរទស្សនកិច្ចរបស់តំណាងរបស់ខ្លួនទៅវិញទៅមក។ ៣-ភាគីទាំង២រក្សាទំនាក់ទំនងជាប្រចាំ ដើម្បីនិរន្តរភាពនៃការសងម្ព័ន្ធមេត្រី និងជំរុញឱ្យមានកិច្ចពិភាគ្សារវាងថ្នាក់ដឹកនាំរដ្ឋបាល និងមន្ទីរវិស័យពាក់ព័ន្ធ ដើម្បីធ្វើកិច្ចសហប្រតិបត្តិការ ផ្លាស់ប្តូរជាទ្វេរភាគី ក្នុងករណីដែលភាគីទាំង២ មានចំណាប់អារម្មណ៍ ដោយគោរពតាមច្បាប់នៃប្រទេសទាំង២។ ៤-ភាគីទាំង២ បានត្រៀមខ្លួនជាស្រេច ដើម្បីអនុវត្តន៍ការផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការ ដោយផ្អែកលើមូលដ្ឋាន សមភាព និងផលប្រយោជន៍របស់ភាគីទាំង២៕





សល់៤ខែទៀត បុណ្យសមុទ្រនៅកំពតនឹងមកដល់! លោក ថោង ខុន និងអភិបាលខេត្ត ជំរុញឱ្យអនុវត្តការងារពាក់ព័ន្ធបន្តទៀត

កំពត៖ ខណៈនៅសល់ពេលតែ៤ខែទៀត ពិធីរៀបចំបុណ្យសមុទ្រលើកទី៨ ជុំទី២ នៅខេត្តកំពត នឹងឈានចូលមកដល់ហើយនោះ ក្រសួងទេសចរណ៍ រដ្ឋបាលខេត្តកំពត តំណាងក្រសួង ស្ថាប័ន មន្ទីរ អង្គភាព រួមជាមួយវិស័យឯកជនពាក់ព័ន្ធ បានជួបប្រជុំគ្នាសាជាថ្មីនៅសាលាខេត្តកំពត នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩នេះ ក្រោមអធិបតីភាពលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក ជាវ តាយ អភិបាលខេត្តកំពត។
ដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍ទេសចរណ៍នេះ ប្រកបដោយភាពរលូន រាជរដ្ឋាភិបាលបានសម្រេចបង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីត្រៀមរៀបចំពិធីបុណ្យសមុទ្រ ក្នុងនោះមានលោក ថោង ខុន ជាប្រធាន លោក ជាវ តាយ ជាអនុប្រធានអចិន្ត្រៃយ៍ និងស្ថាប័នពាក់ព័ន្ធជាសមាជិក។ ជាមួយនឹងគោលបំណងដើម្បីធ្វើឱ្យខេត្តកំពតមានសក្ដានុពលកាន់តែមានភាពទាក់ទាញផងនោះ លោក ថោង ខុន បានណែនាំនូវអនុសាសន៍មួយចំនួនដល់ក្រុមការងារតាមអនុគណៈកម្មការនិមួយៗ អនុវត្តបន្ត ក្នុងនោះរួមមាន៖
* ដើម្បីកំណត់យកខេត្តកំពតជាខេត្តគំរូក្នុងការរៀបចំវិថីម្ហូបអាហារ (Food Sreet) លោក ថោង ខុន បានណែនាំទៅក្រុមការងារត្រូវពន្លឿនការរៀបចំ Food Street នេះឱ្យបានទាន់ពិធីបុណ្យសមុទ្រខាងមុខ ដោយត្រូវរៀបចំហេដ្ឋារចនាសម្ពន្ធក្នុងតំបន់វិថីម្ហូបអាហារ។ ត្រូវរៀបចំសណ្តាប់ធ្នាប់ សោភ័ណភាពទីក្រុង រៀបចំឲ្យមានផ្លូវថ្មើរជើង សោភ័ណភាពសំយាបផ្ទះ ពិសេសតំបន់ដែលមានលំនៅស្ថានពីជំនាន់បារាំងដែលនៅក្បែរវិថីម្ហូបអាហារ។
* ខណៈការកសាងកំពង់ផែទេសចរណ៍ខេត្តកំពត កំពុងដំណើរការទៅតាមផែនការនោះ លោករដ្ឋមន្ត្រី បានជំរុញឱ្យកសាងផ្លូវ ដាក់ភ្លើងបំភ្លឺទៅកាន់កំពង់ផែទេសចរណ៍ថ្មីនេះ ដើម្បីត្រៀមបម្រើដល់ការដឹកជញ្ជូនភ្ញៀវទេសចរ។
* ចំពោះផែនការបង្កើតឆ្នេរកំពតថ្មី លោក ថោង ខុន បានណែនាំឱ្យគិតគូរលើការរៀបចំចាក់ខ្សាច់ឱ្យបានច្រើន ត្រូវរៀបចំឱ្យមានសេវាកម្មមួយចំនួន ស្តង់ បង្គន់អនាម័យ ការពង្រឹងសុវត្ថិភាព ពិសេសត្រូវធានាបាននិរន្តរភាព។
* ត្រូវពង្រឹងគុណភាពសេវាដឹកជញ្ជូនទេសចរតាមផ្លូវទឹក ដូចជាត្រូវរៀបចំកំពង់ផែជិះទូកតាមព្រែកកំពតនេះប្រកបដោយសុវត្ថិភាព ត្រូវមានពោងសុវត្ថិភាពសម្រាប់ឱ្យទេសចរពាក់ពេលជិះទូកទេសចរណ៍។ ចំណែកកម្លាំងនគរបាលចរាចរណ៍ផ្លូវទឹកត្រូវពង្រឹងការងារនេះផងដែរ។
* លោកបានដាក់អនុសាសន៍ដល់អាជ្ញាធរ ត្រូវចុះពន្យល់ប្រាប់ម្ចាស់ភោជនីយដ្ឋាន-អាហារដ្ឋាន ឱ្យត្រូវដាក់បញ្ជីរាយនាមមុខម្ហូបអាហារ និងតារាងតម្លៃសេវារបស់ខ្លួន ត្រូវបន្តពង្រឹងអនាម័យ សេវាម្ហូបអាហារ ត្រូវគិតគូរដល់ការរៀបចំឱ្យមានបង្គន់អនាម័យស្អាត។ ចំណែកឯបញ្ហាក្រដាសធ្លាក់ក្រោមតុ គឺដាច់ខាតមិនត្រូវឱ្យមានតទៅទៀតឡើយ ត្រូវតែបន្តអនុវត្តយុទ្ធនាការ «គ្មានសំរាមក្រោមតុនៅតាមភោជនីយដ្ឋាន-អាហារដ្ឋាន» តទៅទៀត។
* ត្រូវបង្កើនការបណ្ដុះបណ្ដាលមគ្គុទ្ទេសក៍ទេសចរណ៍ និងត្រូវពង្រឹងសមត្ថភាពរបស់ពួកគេបន្ថែម ដើម្បីឆ្លើយតបនឹងកំណើនភ្ញៀវទេសចរ ដែលកំពុងងាកមកទស្សនាខេត្តកំពតកាន់តែច្រើន។
* រមណីយដ្ឋានទេសចរណ៍នានានៅក្នុងខេត្តកំពត ត្រូវពង្រឹងសេវាកម្មឱ្យបានល្អប្រសើរឡើងវិញ ត្រូវមានការគ្រប់គ្រងសំរាម សេវាលក់ដូរ ចំណតយានយន្តឱ្យបានត្រឹមត្រូវ។ លោក បានលើកឡើងថា ទីតាំងណាដែលពាក់ព័ន្ធប្រវត្តិសាស្ត្រ ឬរមណីយដ្ឋានប្រវត្តិសាស្ត្រ ស្នើខេត្តរៀបចំកំណត់ទីតាំងភូមិសាស្ត្រឡើងវិញ ដើម្បីការពារអភិរក្ស និងអភិវឌ្ឍន៍ឲ្យបានល្អ ដើម្បីស្នើសុំរាជរដ្ឋាភិបាលជាថ្មី តាមរយៈក្រសួងមានសមត្ថកិច្ច។
* ត្រូវបង្កើនការកសាងផ្លូវទៅកាន់រមណីយដ្ឋានសំខាន់មួយចំនួនក្នុងខេត្ត ដូចជារមណីយដ្ឋានភ្នំកំពង់ត្រាត ភ្នំឈ្ងោក រមណីយដ្ឋានចម្ការម្រេច នៅតំបន់កូនសត្វជាដើម។
* ត្រូវរៀបចំឱ្យមានសេវាកម្សាន្តឱ្យបានច្រើននៅលើភ្នំបូកគោ ពិសេសគឺការបោះតង់ទស្សនាកាឡាក់ស៊ីមីលគីវ៉េ (Galaxy Milki way) ពីព្រោះបូកគោជាគោលដៅទេសចរណ៍ដ៏ទាក់ទាញប្រចាំខេត្តកំពត ក៏ដូចជាប្រទេសកម្ពុជាផងដែរ។
* ត្រូវរៀបចំគោលដៅទេសចរណ៍ថ្មីនៅលើកោះសេះ ដែលមានវិសាលភាពជាង ៥០០ហិកតា ដោយត្រូវរៀបចំឱ្យមានការដឹកជញ្ជូនភ្ញៀវទេសចរ ការពារសុវត្ថិភាពជូនភ្ញៀវទេសចរ ត្រូវកៀរគរឱ្យមានការវិនិយោគលើកោះសេះនេះដើម្បីរៀបចំឱ្យមានកញ្ចប់ទស្សនកិច្ចថ្មីសម្រាប់ខេត្តកំពត។ លោកបានកោតសរសើរពីសក្ដានុពលទេសចរណ៍ដែលមាននៅលើកោះនេះ ពីព្រោះនៅជិតកោះត្រល់ ក្បែរព្រំដែនសមុទ្រជាមួយវៀតណាម។
* ត្រូវត្រួតពិនិត្យលើការការពារសន្តិសុខ សណ្ដាប់ធ្នាប់ ការបញ្ជៀសចរាចរណ៍នៅពេលបុណ្យសមុទ្រមកដល់ទីតាំងចំណតរបស់ភ្ញៀវ ហើយត្រូវត្រៀមកម្លាំងការពារសន្តិសុខ សណ្ដាប់ធ្នាប់ ពិសេសត្រូវគិតគូរពីការធ្វើដំណើររបស់ភ្ញៀវទេសចរឡើងទៅភ្នំបូកគោ។

លោក ថោង ខុន បានលើកឡើងថា រាល់ការវិនិយោគនៅតំបន់ទេសចរណ៍ទាំងអស់ ត្រូវមានប្លងគោល និងប្លង់មេអភិវឌ្ឍន៍ឱ្យបានច្បាស់លាស់ មិនអាចធ្វើដោយគ្មានការឆ្លងកាត់ការត្រួតពិនិត្យពីសំណាក់អាជ្ញាធរខេត្ត ឬរាជរដ្ឋាភិបាលនោះឡើយ ៕



លិខិតមិត្តអ្នកអាន៖ ចុងចោទសម រង្ស៊ី ច្បាស់ជាចាញ់យ៉ាងអាម៉ាស់នៅតុលាការបារាំង!

ក្នុងពេលថ្មីៗនេះ គេសង្កេតឃើញថា មជ្ឈដ្ឋានសាធារណជនមួយចំនួន បានផ្តោតការចាប់អារម្មណ៍ទៅលើសំណុំរឿងដែលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្តឹងចុងចោទសម រង្ស៊ី ទៅតុលាការបារាំងពាក់ព័ន្ធនឹងករណីដែលលោក សម រង្ស៊ី បានចោទលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថាបានសម្លាប់លោក ហុក ឡង់ឌី តាមរយៈការដាក់គ្រាប់បែកបំផ្ទុះឧទ្ធម្ភាគចក្រដែលលោក ហុក ឡង់ឌី បានធ្វើដំណើរនាពេលនោះ។

បើតាមផ្លូវច្បាប់ ការចោទប្រកាន់របស់លោក សម រង្ស៊ី ត្រូវតែមានភស្តុតាងច្បាស់លាស់ដើម្បីដោះបន្ទុក ឬដាក់បន្ទុក ពោលគឺលោក សម រង្ស៊ី ត្រូវតែស្វែងរកភស្តុងតាងដើម្បីទៅបង្ហាញតុលាការប្រទេសបារាំង ហើយប្រសិនបើលោក សម រង្ស៊ី ពុំមានភស្តុតាងនោះទេ គឺច្បាស់ណាស់ថាលោកពិតជាចាញ់ក្តីនៅតុលាការបារាំង ហើយពេលនោះដែរ ក៏គាត់មិនអាចប្រកែកបាន និងចោទប្រកាន់ថាតុលាការបារាំងលំអៀង ឬជាតុលាការអាយ៉ងដូចដែលគាត់ធ្លាប់បានចោទប្រកាន់មកលើសមត្ថកិច្ចតុលាការកម្ពុជាកន្លងមក ហើយពេលនោះលោក សម រង្ស៊ី ពិតជារងការអាម៉ាស់មុខជាក់ជាមិនខាន ហើយក៏ធ្វើឱ្យអ្នកគាំទ្ររបស់ខ្លួនមួយដំបរស្វាកាន់តែអស់ជំនឿលើខ្លួនខ្លាំងឡើងថែមទៀត។

វាពុំមែនជាលើកទី១ឡើយដែលលោកសម រង្ស៊ី ចាញ់ក្តីនៅបារាំងហើយបែរជាបំភ្លៃថាខ្លួនឈ្នះក្តីទៅវិញតួយ៉ាងរឿងក្តីជាមួយលោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ពាក់ព័ន្ធនឹងការបរិហាកេរ្តិ៍លោក ហោ ណាំហុង ជាដើមដែលត្រូវតុលាការបារាំងសម្រេចកាត់ក្តីឱ្យលោក ហោ ណាំហុង ឈ្នះ។ បច្ចុប្បន្ន លោក សម រង្ស៊ី កំពុងតែវិលមុខដោយសាររឿងក្តីជុំជិត បែកកម្មដ្ឋានសូម្បីតែលោកឧបនាយករដ្ឋមន្រ្តី ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក៏សម្រេចប្តឹងលោកសម រង្ស៊ី ផងដែរចំពោះការចោទប្រកាន់ថា លោក ស ខេង គាំទ្រលោកឌី វិជ្ជា ក្នុងការសងសឹកជូនឪពុករបស់លោកគឺលោក ហុក ឡង់ឌី។ ការសម្រេចចិត្តប្តឹងជាលើកដំបូងរបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃរូបនេះត្រូវបានលោកអះអាងថាដោយសារលោកចង់ដាស់តឿនអ្នកនយោបាយឱ្យមានក្រមសីលធម៌ និងចៀសវាងការប្រឌិត ព័ត៌មានញុះញង់ និងបរិហាកេរ្តិ៍ជាដើម។

ពាក់ព័ន្ធនឹងរឿងលោក ហុក ឡង់ឌីនេះដែរ កន្លងមក លោក សម រង្ស៊ី ធ្លាប់បានផ្តល់បទសម្ភាសន៍ជាមួយវិទ្យុ VOA ដោយបានបង្ហាញរូបថតកម្ទេចឧទ្ធម្ភាគចក្រដែលគាត់បានយកពីកាសែតដែលត្រូវបានគាត់អះអាងថា កើតឡើងដោយសារផ្ទុះគ្រាប់បែក។ ប្រសិនបើលោក សម រង្ស៊ី យកភស្តុតាងនោះទៅបង្ហាញនៅតុលាការបារាំង គឺច្បាស់ណាស់តុលាការបារាំងពិតជាអស់សំណើចហួសចិត្តនឹងទណ្ឌិតប្រាសអាយុចោលស្រុក រត់ចោលគុករូបនេះជាមិនខានដោយសារភស្តុតាងនោះពុំសមស្រប សមហេតុសមផលទៅការពារខ្លួនបានឡើយ ហើយរឹតតែឆ្លុះបង្ហាញថាសម រង្ស៊ី គឺជាមនុស្សដែលស្ទើរភ្លើង មិនគ្រប់ទឹកតែប៉ុណ្ណោះ។

បន្ទាប់ពីការប្រកាសរបស់មេធាវីជនជាតិបារាំងដែលការពារក្តីឱ្យលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោកឌី វិជ្ជា ក្នុងការដាក់ពាក្យបណ្តឹងទៅតុលាការបារាំងកាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ បានធ្វើឱ្យមនុស្សជំនិតរបស់លោក សម រង្ស៊ី ជាច្រើន បង្ហាញការភ័យខ្លាចថា លោក សម រង្ស៊ី នឹងចាញ់ក្តីនោះមិនខានឡើយដោយសារតែមាត់ឥតគម្រប ចរិតក្រឡិចក្រឡុចរបស់គាត់ជាពិសេសគឺការចោទប្រកាន់ដោយពុំមានភស្តុតាងនេះឯង។

ការអស់សង្ឃឹមរបស់ចុងចោទ សម រង្ស៊ី ដែលដឹងខ្លួនថា មិនអាចឈ្នះក្តីរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានធ្វើឱ្យខ្លួនដេកមិនលក់បក់មិនល្ហើយ រសាប់រសល់ រកកលចង់ឆ្គួត ក្រឡកខួរក្បាល ហើយក៏កំពុងតែព្យាយាមទាញរឿងក្តីបរិហាកេរ្តិ៍នេះទៅជារឿងនយោបាយដើម្បីបង្កចលាចលសង្គម អសន្តិសុខជាតិ រំខានដល់ការអភិវឌ្ឍរបស់សង្គមជាតិដែលនេះជាការប្រាសចាកពីកម្មវត្ថុនៃពាក្យបណ្តឹង។ ការភ្ជាប់បទល្មើសរបស់ខ្លួនទៅនឹងរឿងនយោបាយនេះហើយ ដែលធ្វើឱ្យតុលាការបារាំង និងអង្គចៅក្រមឃើញច្បាប់ពីភាពក្រឡិចក្រឡុច ហើយតុលាការបារាំងនឹងសម្រេចធ្វើសុភវិនិច្ឆ័យដោយផ្អែកទៅលើអង្គហេតុ អង្គច្បាប់ត្រឹមត្រូវ ដូចនេះ កាតព្វកិច្ចរបស់សម រង្ស៊ី ដែលចោទប្រកាន់នោះ ច្បាស់ជាពុំមានភស្តុតាងឡើយ ដែលជាហេតុធ្វើឱ្យខ្លួននឹងចាញ់យ៉ាងពិតប្រាកដនៅតុលាការបារាំងពិតប្រាកដ។

ក្នុងនាមជាអ្នកនយោបាយដែលស្ទើរភ្លើង ខ្វះភាពចាស់ទុំ មិនមានបទពិសោធន៍ អ្នកនយោបាយរត់ចោលគុក ត្រូវតែបរាជ័យ១០០% មិនថានៅតុលាការកម្ពុជា សូម្បីតែនៅតុលាការបារាំងក៏នឹងត្រូវចាញ់ដែរ ដែលនេះហើយគឺជាលទ្ធផលរបស់ជនដែលដើរសាបព្រោះនូវអំពើទុច្ចរឹត ញុះញង់ អុចអាលគឺនឹងត្រូវបរាជ័យជារៀងរហូត៕

ដោយ៖ សារ៉ាដា



អាជ្ញាធរជាតិអប្សរារួមគ្នាសម្អាតបរិស្ថានតាមដងផ្លូវសម្តេចវិបុលបញ្ញាសុខ អាន

នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ អាជ្ញាធរជាតិអប្សរាដែលមាននាយកដ្ឋានគ្រប់គ្រងទឹក នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន នាយកដ្ឋានទ្រទ្រង់បច្ចេកទេសនិងអន្តរវិស័យ រួមនឹងនិស្សិតមកពីប្រទេសជប៉ុន សរុបប្រមាណជាង២០០នាក់ បានរួមគ្នាសម្អាតបរិស្ថានតាមដងផ្លូវសម្តេចវិបុលបញ្ញា សុខ អាន។

កិច្ចការសម្អាតបរិស្ថាននេះធ្វើឡើងចំនួន២ទីតាំង គឺពីរង្វង់មូលអប្សរាទៅផ្លូវជាតិលេខ៦ និងពីរង្វង់មូលអប្សរាទៅស្ពាននាគ ដោយផ្តោតទៅលើការជួសជុលផ្លូវថ្នល់ ការកាត់ក្រីមែកឈើ ការកាត់សម្អាតស្មៅ និងការស្តារកំប្លោកចេញពីប្រឡាយទឹក។

ជានិច្ចកាលអាជ្ញាធរជាតិអប្សរាតែងតែបណ្តុះបណ្តាលដល់មន្ត្រី បុគ្គលិកនៃស្ថាប័នខ្លួនជាប្រចាំ ដើម្បីលើកកម្ពស់ការយល់ដឹង ការថែរក្សាបរិស្ថាន ព្រមទាំងធ្វើការផ្សព្វផ្សាយអំពីផលប៉ះពាល់នៃការទុកដាក់សំរាមមិនបានត្រឹមត្រូវដល់ប្រជាជនក្នុងតំបន់អង្គរជាប្រចាំ។

លើសពីនោះស្ថាប័នអាជ្ញាធរជាតិអប្សរាក៏ទទួលបានវិញ្ញាបនបត្រធានាគុណភាពបរិស្ថានពីប្រទេសជប៉ុនជាច្រើនលើកសម្រាប់រមណីយដ្ឋានអង្គរ ថែមទាំងបានចូលរួមដោយផ្ទាល់ក្នុងការសម្អាតបរិស្ថាននៅតាមសហគមន៍និងទីសាធារណៈ៕




អភិបាលខេត្តព្រះសីហនុ ណែនាំដល់មន្ត្រីអនុវត្តច្បាប់ ត្រូវយកចិត្តទុកដាក់ ពង្រឹងការពារសន្តិសុខ និងសុវត្ថិភាពសាធារណៈ

ព្រះសីហនុ ៖ លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ  បើកកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារប្រចាំខែសីហា និងលើកទិសដៅអនុវត្តបន្ត ដោយផ្តោតសំខាន់លើការងារសន្តិសុខ សុវត្ថិភាពសាធារណៈ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩  មានការចូលរួមពីប្រធានមន្ទីរអង្គភាព អភិបាល អភិបាលរងក្រុង ស្រុក និងកងកម្លាំងប្រដាប់អាវុធ ។

 សូមជម្រាបផងដែរថា បន្ទាប់ពីស្ដាប់របាយការណ៍របស់មន្ទីរ អង្គភាពនានា និងកងកម្លាំងប្រដាប់អាវុធ  រួចមក លោក គួច ចំរើន អភិបាល  នៃគណៈអភិបាលខេត្តព្រះសីហនុ បានធ្វើការណែនាំដល់មន្ត្រីអនុវត្តច្បាប់ទាំងអស់ ត្រូវយកចិត្តទុកដាក់ ពង្រឹងការងារត្រូវពិនិត្យរដ្ឋបាលចំហរ នៅតាមកន្លែងស្នាក់នៅអចិន្ត្រៃយ៏របស់ជនបរទេស ត្រួតពិនិត្យអាវុធ ជាតិផ្ទុះ និងត្រួតពិនិត្យជាតិអាកុល ចំពោះអ្នកបើកបរគ្រប់ប្រភេទ ចាប់ពីទោចចក្រយានយន្ត និងយានយន្តគ្រប់ប្រភេទនៅតាមចំណុចគោលដៅ ដើម្បីធានាសន្តិសុខ សុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិ។ 


ជាពិសេសអ្នកវិនិយោគគិនក្នុងខេត្តព្រះសីហនុ អោយមានជំនឿ និងទំនុកចិត្តមករកស៊ីបណ្តាក់ទុននៅខេត្តព្រះសីហនុ កាន់តែច្រើនបន្ថែមទៀត ។ លោកអភិបាលខេត្ត ក៏បានណែនាំឱ្យមន្ត្រីចរាចរណ៍ផ្លូវគោក ត្រូវពិនិត្យលើយានយន្តដែលគ្មានស្លាកលេខ  គ្រប់ភេទ ត្រូវធ្វើការឃាត់ទុក  ហើយបញ្ជូនទៅឱ្យជំនាញ  នៃមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តព្រះសីហនុ យកទៅរក្សាទុក ។ 

នៅពេលម្ចាស់យកស្លាកលេខបំពាក់រួចរាល់ ទើបឱ្យធ្វើចរាចរណ៍នៅលើដងផ្លូវសាធារណៈ  ដើម្បីឱ្យសមត្តកិច្ចរបស់យើងមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការគ្រប់គ្រងយានយន្ត  ដែលធ្វើចរាចរណ៍ក្នុងក្រុង ខេត្តព្រះសីហនុ និងចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅក្នុងខេត្តព្រះសីហនុ ។  ព្រោះគ្រោះថ្នាក់ចរាចរណ៍ ជាបញ្ហាប្រឈមមួយខ្លាំង  សម្រាប់ខេត្តព្រះសីហនុ  នាពេលបច្ចុប្បន្ន  ដោយសារតែកំណើន នៃការដឹកជញ្ជូនពីមួយថ្ងៃទៅមួយថ្ងៃ  មានការកើនឡើងយ៉ាងខ្លាំង  គួរឱ្យកត់សម្គាល់ ស្របពេលដែលខេត្តព្រះសីហនុ  កំពុងមានសកម្មភាពអភិវឌ្ឍន៍យ៉ាងលឿន នូវអគារពាណិជ្ជកម្ម សណ្ឋាគារ និងផ្ទះសំណាក់ ជាច្រើនសន្ធឹកសន្ធាប់  នាពេលបច្ចុប្បន្ននេះ ៕





គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ កំណត់របៀបវារះសំខាន់៣ចំណុច ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងដាក់ចេញផែនការអនុវត្តថ្មីៗ

កំពង់ឆ្នាំង៖ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩នេះ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ (គ.ក.ស.ក) ខេត្តកំពង់ឆ្នាំង បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា ឆ្នាំ២០១៩ និងលើកទិសដៅសម្រាប់អនុវត្តបន្ត ដើម្បីត្រួតពិនិត្យសកម្មភាពការងារកន្លងមក និងដាក់ចេញផែនការអនុវត្តថ្មីៗសម្រាប់អនុវត្តជាបន្តទៀត។
កិច្ចប្រជុំនេះ ធ្វើឡើងក្រោមអធិបតីភាពលោកស្រី តុង ណារី ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត និងជាសមាជិកក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង លោកស្រី ប៉ាល់ យឿន អនុប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត និងជាសមាជិកក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង ព្រមទាំងមានការចូលរួមពីកញ្ញា ជួន វឌ្ឍនារី អនុប្រធានមន្ទីរកិច្ចការនារីខេត្ត សមាជិក សមាជិកា និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត មកពីមន្ទីរ អង្គភាព ការិយាល័យជំនាញពាក់ព័ន្ធ អង្គការដៃគូ ដែលមានកិច្ចសហប្រតិបត្តិការចូលរួមផងដែរ។
របៀបវារៈនៃកិច្ចប្រជុំរួមមាន៖
១. មតិស្វាគមន៍របស់ប្រធានអង្គប្រជុំ
២. អានសេចក្តីព្រាង និងកំណត់ហេតុ កិច្ចប្រជុំ ពិនិត្យ និងអនុម័តសេចក្ដីព្រាងកំណត់ហេតុកិច្ចប្រជុំប្រចាំខែ ពិនិត្យ និងអនុម័តផែនការសកម្មភាព
៣. ពិនិត្យ និងស្ដាប់របាយការណ៍លទ្ធផលការងារពាក់ព័ន្ធបញ្ហាស្ត្រី កុមារ យុវវ័យ និងជនងាយរងគ្រោះ របស់មន្ទីរ អង្គភាព ការិយាល័យជំនាញ អង្គការដៃគូពាក់ព័ន្ធផ្សេងៗ។

បន្ទាប់ពីស្ដាប់របាយការណ៍របស់អង្គប្រជុំរួចមក លោកស្រី តុង ណារី បានមានប្រសាសន៍ថា ដើម្បីទទួលបានភាពជោគជ័យ និងប្រសិទ្ធភាពក្នុងការអនុវត្តការងារសម្រេចនូវភារកិច្ច និងផែនការថ្មីៗ ដែលគណៈកម្មាធិការបានប្រគល់ជូន សមាជិកទាំងអស់ត្រូវមានការសហការគ្នាឱ្យខ្លាំងជាងនេះបន្តទៀត ជាពិសេសសហការជាមួយមន្ត្រីជំនាញ អាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ សង្កាត់ ដែលជាអ្នករស់នៅជិតប្រជាពលរដ្ឋជាប្រចាំ ងាយស្រួលដោះស្រាយពេលជួបបញ្ហាផ្សេងៗផងដែរ៕


លោកស្រី Elena EDGAR កោតសរសើរពីការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សកម្ពុជាក្នុង ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន

លោកស្រី Elena EDGAR ភរិយាលោក George EDGAR ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជាដែល​ចប់អាណត្តិ បានថ្លែងនូវការកោតសរសើរ ជាពិសេសចំពោះការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់កម្ពុជាក្នុងរយៈពេល ២០ឆ្នាំកន្លងមកនេះ ដែលឆ្លុះបញ្ចាំងពីការរីកចម្រើនរប​ស់ប្រទេសជាតិ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។ លោកស្រី បានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ ក្នុងឱកាសចូលជួបសវនាការ និងសម្តែងការគួរសម ក្នុងឱកាសជម្រាបលា របស់ លោកស្រី Elena EDGAR ភរិយាលោក George EDGAR ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជាដែលចប់អាណត្តិ ជាមួ​យលោកស្រី ប៊ុន រ៉ានី ហ៊ុន សែន នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។
ទន្ទឹមនឹងនេះ លោកស្រី  Elena EDGAR បានថ្លែងនូវការកោតសរសើរចំពោះសកម្មភាពមនុ​ស្សធម៌ដ៏ថ្លៃថ្លារប​ស់លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ដែលបានលះបង់ពេលវេ​លា និងធន​ធា​នផ្ទាល់ខ្លួនចុះសួរសុ​ខទុក្ខដោយផ្ទាល់ និងជួយ​សម្រាលការលំបាកដល់ប្រជាពលរដ្ឋរងគ្រោះ និ​ងងាយរងគ្រោះបំផុតនៅគ្រប់ទីកន្លែង ដែលសកម្មភាពទាំងអស់នេះ លោកស្រី​ តែងតែ​តាមដានជាប់ជានិច្ចតាមរយៈ​សារព័ត៌មាននានា ឬគេហទំព័ររបស់កាកបាទក្រហមកម្ពុជា​។
ក្នុងបរិយាកាសដ៏សោមនស្សរីករាយនោះ លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន បានសម្តែងនូវកិច្ចស្វា​គមន៍យ៉ាងកក់ក្តៅចំពោះលោកស្រី Elena EDGAR និងបានរំលឹកពីអនុស្សាវរីយ៍ជាច្រើនក្នុងកំឡុងពេលបំពេញបេសកកម្មការទូតរបស់លោក George EDGAR អស់រយៈពេល ៤ឆ្នាំ នៅក្នុងប្រទេសកម្ពុជា។ លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន បានផ្តាំផ្ញើតាមរយៈលោកស្រី Elena EDGAR សូមថ្លែងអំណរគុណចំពោះលោក George EDGAR ដែលបានជួយជ្រោមជ្រែង និងសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្នុងនាម លោកដែលជាមន្ត្រីការទូតរបស់ស​ហភាពអឺរ៉ុប បានបង្ហាញពីភាពច្បាស់លាស់ និងតថភាពរបស់ប្រទេសកម្ពុជាថា ពិតជាមានការអភិវឌ្ឍគួរឱ្យ​កត់សម្គាល់ និងសូមជូនពរលោកអគ្គរដ្ឋទូតនិងភរិយា ឱ្យទទួលបានជោ​គជ័យក្នុងដំណើរទស្សនកិច្ច និងក្នុងពេលបំពេញបេសកម្មការទូតនៅប្រទេសដទៃទៀត។

សូមបញ្ជាក់ថា ពីឆ្នាំ ២០០១-២០១១ កាកបាទក្រហមកម្ពុជា បានទទួលជំនួយពីការិយាល័យមនុស្សធម៌របស់សហគមន៍អឺរ៉ុប (អេកូ ECHO) និង (ឌីប៉េកូ DIPECHO) តាមរយៈ​សហគមន៍អឺរ៉ុបនូវថវិកាសម្រាប់ការអនុវត្តគម្រោងកាត់បន្ថយហានិភ័យគ្រោះមហន្តរាយតាមសហគមន៍នៅតាមខេត្តចំនួន ៩ (កំពង់ចាម ព្រៃវែង កណ្តាល កំពត កំពង់ស្ពឺ ក្រចេះ ពោធិ៍សាត់ ស្វាយរៀង និងតាកែវ) នូវថវិកាសរុបជាង ២លាន​យូរ៉ូ សម្រាប់គ្រួសារទទួលផលចំនួន ១៨,៤៤១​គ្រួសារ។ ឆ្នាំ ២០១១-២០១២ គម្រោងជួយជន​រងគ្រោះ​ដោយទឹកជំនន់នៅ ៤ខេត្ត (កំពង់ធំ កំពង់ចាម ព្រៃវែង និងកណ្តាល) មានទឹកប្រាក់ជាង ៨៦ម៉ឺនយូរ៉ូ សម្រាប់គ្រួសារទទួលផលចំនួន​ ៩,៩០០គ្រួសារ។ ឆ្នាំ ២០១៦-២០១៧ គម្រោងកសាងភាពធន់នៅខេត្តបន្ទាយមានជ័យមានទឹកប្រាក់ជាង ១៥ម៉ឺនដុល្លារ សម្រាប់គ្រួសារទទួលផលចំនួន​ ៣,០៤១គ្រួសារ៕














លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ នៅក្នុងឆ្នាំ ២០២៥ កម្ពុជានឹងដាក់ចេញនូវកម្មវិធីសុខភាពធ្វើយ៉ាងណាបញ្ចប់នូវជំងឺគ្រុនចាញ់

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានគូសបញ្ជាក់ថា កម្ពុជាមានទិសដៅ នៅក្នុងឆ្នាំ ២០២៥ នេះ នឹងដាក់ចេញនូវកម្មវិធីសុខភាពធ្វើយ៉ាងណាបញ្ចប់នូវជំងឺគ្រុនចាញ់នៅកម្ពុជា ជាមួយនេះដែរ រាជរដ្ឋាភិបាល ក៏មានមហិច្ឆិតាធ្វើយ៉ាងណាកែប្រែក្លាយកម្ពុជាឱ្យទៅជាប្រទេសមួយដែលមិនមានផ្សែងបារី។ លោកបានលើកឡើងដូចនេះ នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩  ក្នុងឱកាសទទួលជួបពិភា​ក្សាការងារជាមួយ លោកវេជ្ជបណ្ឌិត Takeshi Kasai នាយកអង្គការ WHO ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នៅវិមានសន្តិភាព រាជធានីភ្នំពេញ​។
ទន្ទឹមនឹងនេះ លោកនាយករដ្ឋមន្ត្រី ក៏បានជម្រា​បជូន លោកវេជ្ជ​ប​ណ្ឌិត Takeshi Kasai ជា​មួយនឹងប្រតិភូផងដែរថា កម្ពុជាកំពុងតែអនុវត្តនូវកម្មវិធីរបបសន្តិសុខសង្គម ដែលបានជួយដល់ស្ត្រីដែលមានផ្ទៃពោះ ហើយដែលមានជីវភាពក្រីក្រ ក្នុង​នោះកម្ពុជាគឺបានកំពុងតែផ្ដល់នូវប្រាក់ឧបត្ថម្ភដល់ស្ត្រីដែលមានផ្ទៃពោះ តាំងពីពេលចាប់ផ្ដើមមានផ្ទៃពោះរហូតដល់កូនមានអាយុ ២ឆ្នាំ។
លោកវេជ្ជបណ្ឌិត Takeshi Kasai បានគោរពជ​ម្រាបជូនលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថា លោកបានមកកាន់កម្ពុជាកាលពីគ្រាមុនក្នុងទ​សវត្ស៍ឆ្នាំ២០០០ជាង ហើយនៅពេលដែលលោ​កបានមកដល់កម្ពុជាពេលនេះ លោក បានក៏សង្កេតឃើញថាកម្ពុជា មានការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងជឿនលឿនជាទីបំផុត។ ទន្ទឹមនឹងនេះ លោក បានគោរពថ្លែងអំណរគុណជូនចំពោះលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចំពោះការរីកចម្រើន ការវិវឌ្ឍ និងវឌ្ឍនភាពរបស់កម្ពុជា។
លោកវេជ្ជបណ្ឌិត Takeshi Kasai បានមានប្រសាសន៍ថា រាល់ជោគជ័យដែលទទួលបាននេះ ជាពិសេសទទួលបានសម្រេចនូវគោលដៅ ការអភិវឌ្ឍដោយចីរភាព ហើយតាមរយៈនេះដែរប្រជាពលរដ្ឋកម្ពុជានៅពេលនេះមានអាយុវែងជាងកាលពីទសវត្សរ៍មុនៗ។ ជាមួយនេះដែរ លោកវេជ្ជបណ្ឌិត Takeshi Kasa បានជម្រាបជូនលោកនាយករដ្ឋមន្ត្រីថា ឥឡូវនេះយើងកំពុងតែស្ថិតនៅដំណាក់កាលអន្តរកាលមួយឆ្លងកាត់ពីការដោះស្រាយបញ្ហាជំងឺរាត​ត្បាតបែបបុរា​ណមកជំងឺបែបសម័យ នោះសោតគឺប្រជាពលរដ្ឋយើងឈានដល់មានជំងឺដូចជា ជំងឺទឹកនោមផ្អែម ជំងឺលើសឈាម ជាដើម ហើយពីនោះទៀតជំងឺដែលមានចរិតពិបាកព្យាបាលជាងមុន ដូចជាជំងឺប៉េស្តជ្រូក និងជំងឺដទៃៗទៀត។ ក្នុងន័យនេះលោកវេជ្ជបណ្ឌិត ក៏បានគោរពជម្រាបជូនលោកនាយករដ្ឋមន្ត្រីផងដែរថា អង្គការ WHO គឺមានជំនឿជឿជាក់លើកម្ពុជា ជាមួយនឹងគោលដៅអភិវឌ្ឍន៍ជាតិដោយចីរភាព ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលជាមូលដ្ឋានដែលមានសារៈសំខាន់សម្រាប់ការអភិវឌ្ឍកម្ពុជា។ កម្ពុជានឹងអា​ចឆ្លងផុត និងទទួលបានជោគជ័យលើជំងឺ នាពេលអន្តរកាលនេះ។
លោកនាយករដ្ឋម​ន្រ្តី ហ៊ុន សែន បានសម្តែងនូវការអបអរសាទរជូនចំពោះលោកវេជ្ជបណ្ឌិត Takeshi Kasai ដែលត្រូវបានតែងតាំង និងទទួលតំណែងថ្មីជានាយកអង្គការ WHO នៅតំបន់អាស៊ីប៉ាស៊ីហ្វិកនេះ។ លោក បានសម្តែងនូវការសប្បាយរីករាយដែលបានធ្វើជាដៃគូដ៏ល្អជាមួ​យនឹងអង្គការ WHO ក៏ដូចជាកិច្ចសហប្រតិបត្តិការល្អទទួលបានពីប្រទេសជិតខាង។ តាមរយៈនេះហើយ ដែលកម្ពុជាបានទប់ស្កាត់ និងទទួលបានជោគជ័យយ៉ាងច្រើនពាក់ព័ន្ធនឹងបញ្ហាជំងឺដែលមានចរិតជាប្រពៃណី ដែលរួមមានជំងឺស្វិតដៃជើង ជំងឺកញ្ជ្រិល ជំងឺតេតាណូស ជំងឺសារ ជំងឺគ្រុនផ្ដាសាយបក្សី ហើយពាក់ព័ន្ធនឹងជំងឺអេដស៍ កម្ពុជាក៏បានធ្វើការទប់ស្កាត់បានជោគ​ជ័យ ពុំមានការរីករាលដាល ហើយក៏មានការថយចុះផងដែរ។ ពីនោះទៀត ពាក់ព័ន្ធនឹងជំងឺសម័យថ្មីនេះ កម្ពុជាកំពុងតែសហការយ៉ាងល្អសកម្ម ជាមួយនឹងអង្គការ WHO ក៏ដូចជាមួយនឹងបណ្ដាប្រទេសដទៃទៀតដើម្បី ដាក់ចេញនូវវិធានការ ទប់ស្កាត់ ការពារកុំឱ្យជម្ងឺនេះ រីករា​លដាលឬនាំមកដល់បញ្ហា ប្រជាពលរដ្ឋកម្ពុជា ក៏ដូចជារីករាលដាលដល់ប្រទេសដទៃទៀតផងដែរ។

ដោយឡែកចំពោះ កម្មករនៅតាមរោងចក្រវិញ មានកម្មវិធីជួយឲ្យកម្មករ បានឈប់សម្រាករយៈពេល៣ខែ ដោយបានទទួលនូវប្រាក់ខែ ១២០% នៃប្រាក់ខែដែលត្រូវបាន ។ ជាងនេះទៅទៀត រាជរដ្ឋាភិបាល ក៏បានឧបត្ថម្ភប្រាក់ចំនួន ១០០ដុល្លារ ដល់ស្ត្រីជាកម្មករ ដែលមានកូន១ និង ២០០ ដុល្លារ ដល់កម្មករដែលមានកូនភ្លោះ២។ នេះជាកម្មវិធីរបបសន្តិសុខសង្គម ដែលកម្ពុជាកំពុងតែជំរុញ ហើយតាមរយៈកម្មវិធីនេះរាជរដ្ឋាភិបាលសង្ឃឹមថា នឹងជួយកាត់បន្ថយមិនឱ្យមានជំងឺរាតត្បាតដល់ប្រជាពលរដ្ឋកម្ពុជា ព្រោះថាបើប្រជាពលរដ្ឋមានអាហារូបត្ថម្ភល្អហើយ គឺជំងឺរាតត្បាតក៏វាត្រូវកាត់បន្ថយផងដែរ ៕




 



យោធិនកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ បញ្ចប់វគ្គហ្វឹកហ្វឺនជំនាញបោសសម្អាតមីនប្រកបដោយភាពជោគជ័យ

បន្ទាប់ពីបានដំណើរការបើកវគ្គហ្វឹកហ្វឺនអស់រយៈពេល៤៥ថ្ងៃកន្លងមក នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ លោកឧត្តមសេនីយ៏ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក និងលោក ហេង រតនា ប្រតិភូអមរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកមជ្ឍមណ្ឌលកំចាត់មីនកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញបោសសម្អាតមីន ឆ្នាំ២០១៩ របស់បញ្ជាការដ្ឋានវិស្វកម្មកងទ័ពជើងគោក។
ពិធីនេះបានប្រារព្ធធ្វើនៅបញ្ជាការដ្ឋានវិស្វកម្ម កងទ័ពជើងគោក(ឞន្ទាយត្រាំខ្នារ) ដែលស្ថិតនៅស្រុកបាទី ខេត្តតាកែវ។
ចូលរួមមានមតិសំណេះសំណាល ក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញបោសសម្អាតមីន ឆ្នាំ២០១៩ នាពេលនោះ លោក ហេង រតនា បានមានប្រសាសន៍ថា៖ ស៊ីម៉ាក់ធ្លាប់បានជួយហ្វឹកហ្វឺន បច្ចេកទេសជំនាញបោសសំអាតមីន និងកាកសំណល់សង្គ្រាម គ្រឿងផ្ទុះជូនដល់កងពលធំអន្តរាគមន៍លេខ៣ ដែលបានប្រារព្ធពិធីបិទវគ្គកាលពីថ្ងៃទី០១ ខែសីហា កន្លងទៅនេះ នៅស្រអែម ខេត្តព្រះវិហារ។ លោក បានបញ្ជាក់ថា៖ ក្នុងរយៈពេលជាង២៧ឆ្នាំកន្លងទៅនេះ ស៊ីម៉ាក់បានដោះបំផ្លាញគ្រាប់មីនគ្រប់ប្រភេទ បានជាង ២លាន ៧សែន គ្រាប់។ កន្លងមក ស៊ីម៉ាក់ធ្លាប់បានជួយហ្វឹកហ្វឺនជំនាញបោសសំអាតមីន ដល់កងទ័ពបរទេសចំនួន ៥ ប្រទេស មកពីប្រទេស បូឡុំប៊ី, ប្រទេសអាហ្គានីស្ថាន, ឡាវ, អ៊ីរ៉ាក់, និងមកពីប្រទេសអាហ្វ្រិក ដែលមានសិក្ខាកាមចូលរួមហ្វឹកហ្វឺនជាង ៦០០ នាក់។
ថ្លែងក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញបោសសម្អាតមីន ឆ្នាំ២០១៩ របស់បញ្ជាការដ្ឋានវិស្វកម្មកងទ័ពជើងគោកនាឱកាសនោះ៖ លោកឧត្តមសេនីយ៏ឯក ហ៊ុន ម៉ាណែត បានចាត់ទុកថា៖ វគ្គហ្វឹកហ្វឺនបំប៉នជំនាញបោសសម្អាតមីន ដែលបានប្រារព្ធពិធីបិទនាពេលនេះ ពិតជាបានឆ្លើយតបតាមសេចក្តីត្រូវការ ក្នុងការពង្រឹងសមត្ថភាពជំនាញ ក៏ដូចជាការពង្រឹងរចនាសម្ព័ន្ធការងារហ្វឹកហ្វឺន ឲ្យដល់យោធិនក្នុងដំណើរការជាប្រចាំដូចភ្លៀងរលឹម សំដៅលើកកម្ពស់ការកសាងធនធានមនុស្ស ដើម្បីឲ្យមានសមត្ថភាពចំណេះដឹងគ្រប់គ្រាន់ ប្រកបដោយប្រសិទ្ធភាព សមត្ថភាព និងសុវត្ថភាពខ្ពស់ ក្នុងការអនុវត្តន៏កិច្ចការបោសសម្អាតគ្រាប់មីន និងកាកសំណល់ជាតិផ្ទុះ ។
លោក បានបន្ថែមថា៖ ជំនាញបោសសម្អាតគ្រាប់មីននេះ ក៏ធ្វើឲ្យយោធិនយើងបានយល់ដឹងអំពីការប្រើប្រាស់ឧបករណ៏ម៉ាស៊ីនរាវមីនគ្រប់ប្រភេទ យល់ដឹងអំពីយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងកាកសំណល់ជាតិផ្ទុះ ដែលបន្សល់ទុកនៅពីសម័យសង្គ្រាម ពិសេសនៅតាមតំបន់ដាច់ស្រយាលក្នុងប្រទេសកម្ពុជា និងម្យ៉ាងវិញទៀតធ្វើឱ្យយោធិនយល់ច្បាស់អំពីតួនាទី និងភារកិច្ចរបស់ខ្លួនក្នុងការបំពេញភារកិច្ច ដើម្បីបម្រើជាតិ និងការចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល លើការងារកសាងអភិវឌ្ឍន៏ប្រទេស និងប្រជាជន។
លោកបានបន្តថា តាមរយៈការផ្តល់នូវចំណេះដឹង ចំណេះធ្វើ ពិតប្រាកដឱ្យដល់កងទ័ពនាពេលនេះ គឺសំដៅធ្វើទំនើបកម្ម និងបង្កើនសមត្ថភាពវិជ្ជាជីវៈយោធិន ដើម្បីធានាបំពេញភារកិច្ចប្រកបដោយប្រសិទ្ធភាពលើការងារហ្វឹកហ្វឺនជំនាញ ដែលបានដើរតួនាទីជាយុទ្ធសាស្ត្រយ៉ាងសំខាន់តាមរយៈការផ្តល់នូវចំណេះដឹង និងចំណេះធ្វើ ពិតប្រាកដឱ្យដល់កងទ័ព ជាពិសេសយោធិនដែលមានវ័យក្មេង ដែលជាអ្នកបន្តវេនជំនាន់ក្រោយ។
លទ្ធផលដែលទទួលបានទាំងអស់នៅថ្ងៃនេះ គឺពិតជាបានមកពីការប្តេជ្ញាចិត្តខ្ពស់ របស់មជ្ឍមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា(ស៊ីមាក់) និងការសាមគ្គីសហការជាធ្លុងមួយ រវាងស្ថាប័នចំណុះកងទ័ពជើងគោក បញ្ជាការដ្ឋានវិស្វកម្មកងទ័ពជើងគោក ថ្នាក់ដឹកនាំ នាយ ពលទាហាន គ្រូយោធាចារ្យ និងសិក្ខាកាមទាំងអស់ ដែលបានយកចិត្តទុកដាក់ខ្ពស់បំពេញតួនាទី ភារកិច្ចខ្លួន ធ្វើឲ្យវគ្គហ្វឹកហ្វឺននេះ ទទួលបានជោគជ័យ និងប្រកបដោយការទទួលខុសត្រូវ។
ក្នុងនាមក្រសួងការពារជាតិ អគ្គមេបញ្ជាការ នៃខ ភ ម និងថ្នាក់ដឹកនាំកងទ័ពជើងគោក លោកឧត្តមសេនីយ៏ឯក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់
មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា(ស៊ីមាក់) ដែលបានធានាផ្តល់ឧបករណ៏ សម្ភារៈម៉ាស៊ីនរាវមីន និងបណ្តាឯកសារមេរៀន រួមទាំងបទពិសោធន៏ល្អៗផ្តល់ជូនសិក្ខាកាមងាយយល់ និងសូមគាំទ្រលើកទឹកចិត្តឱ្យបន្តការខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីឈានទៅសម្រេចភារកិច្ច កាន់តែល្អប្រសើរជូនជាតិ មាតុភូមិ និងប្រជាជននៃយើង។
លោកឧត្តមសេនីយ៏ឯក ក៏បានផ្តាំផ្ញើដល់នាយ ពលទាហាន សិក្ខាកាមទាំងអស់ត្រូវបន្តយកចិត្តទុកដាក់ ខិតខំតស៊ូ អនុវត្តឲ្យបានល្អ និងត្រូវព្យាយាមប្រឹងប្រែងហ្វឹកហ្វឺនជំនាញ នៅទីនេះ និងនៅតាមអង្គភាពខ្លួន ឲ្យបានកាន់តែប្រសើរ ដើម្បីពេលអនាគតអស់លោកមានសមត្ថភាពគ្រប់គ្រាន់ ក្លាយជាថ្នាក់ដឹកនាំ ក្លាយជានាយទាហានប្រកបដោយសមត្ថភាព ក្នុងការចូលរួមបម្រើឲ្យបុព្វហេតុការពារជាតិមាតុភូមិរបស់យើងបានកាន់តែរឹងមាំ។ពិសេសត្រូវគោរព និងអនុវត្តឲ្យបានម៉ឺងម៉ាត់នូវបទបញ្ជារបស់ ប្រមុខរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការកងទ័ពជើងគោកបានដាក់ចុះ។
សូមបញ្ជាក់ថា៖ បើតាមរបាយការណ៍ ដែលអានដោយ លោក អ៊ុម សុជាតិ ប្រធានវិទ្យាស្ថានបច្ចេកទេសសកម្មភាពមីន វគ្គដែលត្រូវបានបិទបញ្ចប់នៅថ្ងៃនេះ មានរយៈខ្លីចំនួន៤៥ថ្ងៃ ចាប់បើកពីថ្ងៃទី៨
ខែកក្កដា រហូតដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ មានកម្មសិក្សាការីសរុបចំនួន២០៦នាក់ សិក្ខាកាម១៩០នាក់ និងមកពីបណ្តាកងឯកភាពចំណុះកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ។

ខ្លឹមសាមេរៀន ដែលត្រូវរៀនសូត្ររួមមាន៖ អប់រំចិត្តសាស្ត្រ និងមេរៀនស្តីការបោសសម្អាតមីន ដោយសិក្សាផែនទី GPS របៀបយល់ដឹងអំពីគ្រាប់មីនស្មើរជើង និងគ្រាប់មីនប្រឆាំងរថគ្រោះ របៀបប្រើប្រាស់ម៉ាស៊ីនរាវមីន រួមមានប្រភេទ ម៉ាស៊ីនF3, ម៉ាស៊ីនMil DS+DS1, ម៉ាស៊ីន Ebinger 740M, ម៉ាស៊ីន VaLumn VMX10, ប្រភេទគ្រាប់ទំលាក់, ម៉ាស៊ីន VaLumu 3GCS, និងបច្ចេកទេសកម្ទេចគ្រាប់ និងការដោះបន្សាប។ ក្រោមការត្រួតពិនិត្យ វាយតំលៃរបស់គណៈកម្មការ គណៈគ្រប់គ្រង គ្រូយោធាចារ្យ គ្រូឧទ្ទេសនាមវគ្គ ស្តីពីលទ្ធផលពេលបញ្ចប់វគ្គ ទទួលបានលទ្ធផលល្អបង្គួរជាទូទៅ ៕






សូមទស្សនាបទចម្រៀងថ្មីបទ «ទទាយំឆ្លង២០១៩»

ទស្សនៈ៖ រួមគ្នាកម្ចាត់មនោគមន៍វិទ្យាបំផ្លាញជាតិរបស់ក្រុមក្បត់ជាតិ សម រង្ស៉ី ដើម្បីបុព្វហេតុសន្តិភាព ការអភិវឌ្ឍ និងភាពសុខសាន្ត

ថ្ងៃអន្សារបស់ទណ្ឌិត សម រង្ស៉ី ថ្ងៃទី៩ ខែវិច្ឆិកា កាន់តែខិតជិតចូលមកដល់ហើយ ទោះបីជា សម រង្ស៉ី មិនវិល ត្រឡប់ចូលកម្ពុជាវិញតាមការកំណត់ ក៏ជីវិតនយោបាយ សម រង្ស៉ី នឹងត្រូវបញ្ចប់ ហើយប្រសិនបើសម្រេចចិត្តវិលចូលកម្ពុជាវិញ ក៏ត្រូវបញ្ចប់ដោយការជាប់គុកអស់មួយ ជីវិតចំពោះទោសដែលទណ្ឌិតរូបនេះជំពាក់មិនទាន់បានអនុវត្តដែរ ទោះបីជាចុងក្រោយនេះ ទណ្ឌិតរូបនេះខិតខំញុះញង់ និងបង្កចលាចលយ៉ាងណាក៏ដោយ។



ជាមួយគ្នានេះ សម រង្ស៉ី ក៏ស្កន់ជាន់ថែមទៀតដោយសារ តែជំពាក់ការបង់ថ្លៃកិត្តិយសដ៏ខ្ពស់ចំពោះការមួលបង្កាច់ខុសពីការពិត បង្ខូចកេរ្តិ៍ឈ្មោះសម្តេចតេជោ ហ៊ុន សែន ចំពោះមុខតុលាការបារាំងទាក់ទងការចោទថា សម្តេចតេជោ ហ៊ុន សែន នៅពីក្រោយការទទួលមរណភាពរបស់នាយឧត្តមសេនីយ៍ ហុក ឡងឌី។

ការណ៍នេះបានធ្វើឱ្យទណ្ឌិត សម រង្ស៉ី កូនជនក្បត់ជាតិ សម សារី ភ័យស្លន់ស្លោររហូតដល់បាត់បង់ការគ្រប់គ្រងលើមនសិការ និងវិចារណញ្ញាណខ្លួនឯង លែងដឹង ខុសដឹងត្រូវ ដូចពាក្យចាស់ពោលថា «យីអ៊ុនដាក់ អរក្ខជាន់» ។ គេអាចដឹងមុនថា សម រង្ស៉ី នឹងមិនវិលត្រឡប់មកកម្ពុជាតាមការសន្យានោះឡើយ ព្រោះ សម រង្ស៉ី ជាមនុស្សកំសាក និងខ្លាចគុកជាទីបំផុត។

ហេតុដូច្នេះហើយបានជា សម រង្ស៉ី នៅពេលនេះបានបញ្ចេញវោហារសាស្ត្រ និងទង្វើដ៏អាក្រក់បំផុតប្រឆាំងនឹងសន្តិភាព និងស្ថិរភាពជាតិកម្ពុជាដោយនិយាយញុះញង់បង្កចលាចលម៉ាសេរីគ្មានខ្វល់អ្វីទាំងអស់ និងនិយាយតែម៉ាឈ្នះដៃឱ្យតែបានឮសំឡេងដោយមិនខ្វល់ថាជាការរំលោភច្បាប់ ឬបង្កផលអាក្រក់ដល់អ្នកដែលដើរតាមនយោបាយខ្លួនឡើយ។ នេះបានចំជាជនចង្រៃជាតិ និងសាងគ្រោះឱ្យជាតិ និងប្រជាជនយ៉ាងពិតប្រា កដ ហើយសម រង្ស៉ី មិនខ្វល់អ្វីទាំងអស់ អស់អីអស់ចុះឱ្យតែបំផ្លាញជាតិបាន និងធ្វើឱ្យប្រជាពលរដ្ឋភ័យខ្លាច បារម្ភនឹងការបង្កចលាចលរបស់ក្រុមខ្លួននេះ។

នៅថ្ងៃនេះ តាមរយៈទំព័រហ្វេសប៊ុករបស់ខ្លួន ជនចង្រៃជាតិ សម រង្ស៉ី បានចេញសារអំពាវនាវឱ្យកងកម្លាំងប្រដាប់អាវុធបែរចុងកាណុងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ កើតចេញពីការបោះឆ្នោតដោយប្រជាធិប តេយ្យ សេរី យុត្តិធម៌ និងត្រឹមត្រូវទៀតដែលជាទម្រង់នៃការអនុវត្តផែនការបដិវត្តន៍ពណ៌យ៉ាងពិតប្រាកដ ព្រោះជនក្បត់ជាតិនេះបានបញ្ជាក់ជាសាធារណៈថាខ្លួនវិលចូលមកក្នុងប្រទេសវិញ ដើម្បីដឹកនាំកម្លាំងប្រជាពលរដ្ឋផ្តួលរំលំរដ្ឋាភិបាលបច្ចុប្បន្ន។

តើ សម រង្ស៉ី ហ៊ានចូលមកទេ? ពិតជាមិនហ៊ានឡើយ ហើយនេះក៏មិនមែនជាលើកទី១ ឡើយ ដែលទណ្ឌិតក្បត់ជាតិរូបនេះ បានញុះញង់មិនឱ្យកងកម្លាំងប្រដាប់អាវុធស្តាប់បញ្ជា និងបែរចុងកាណុងប្រឆាំងនឹងរដ្ឋា ភិបាលក្នុងទិសដៅបដិវត្តន៍ពណ៌ ហើយសំណុំរឿងនៃការញុះញង់នេះក៏កំពុងតែស្ថិតនៅក្នុងដៃតុលាការរួចហើយដែរប្រឆាំងនឹងជនក្បត់ជាតិនេះ។

អ្វីដែលទណ្ឌិត សម រង្ស៉ី បាននិងកំពុងនិយាយ កំពុងធ្វើមិនមែនជាសេរីភាពនៅក្នុងសិទ្ធិពលរដ្ឋ និងសិទ្ធិនយោ បាយទេ ហើយក៏មិនមែនជាសេរីភាពនៃការបញ្ចេញមតិឡើយ គឺវាបានដើរហួសបន្ទាត់ក្រហមរួចស្រេចបាត់ទៅហើយ ហើយជាការអនុវត្តផែនការផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់តាមបដិវត្តន៍ពណ៌ដែលត្រូវតែបង្ក្រាប ទប់ ស្កាត់ដើម្បីការពារសុខសន្តិភាព និងការអភិវឌ្ឍរបស់ជាតិកម្ពុជា។

ទោះបីជាដឹងថាខុសច្បាប់ ប៉ុន្តែ សម រង្ស៉ី នៅតែមុខ ក្រាស់អនុវត្តព្រោះ សម រង្ស៉ី ពិតជាអស់តម្រិះ និងគ្មានចំណេះអ្វីផ្សេងក្រៅពីការញុះញង់ មួលបង្កាច់ លាបពណ៌ បង្កចលាចល បំផ្លាញជាតិ បំផ្លាញផលប្រយោជន៍ប្រជា ជន ប្រឆាំងនឹងសន្តិភាព ការអភិវឌ្ឍរបស់ជាតិខ្មែរឡើយ ។ នេះជាសេចក្តីសង្ឃឹមចុងក្រោយដែលទណ្ឌិត សម រង្ស៉ី ខិតខំធ្វើដើម្បីបំពេញមហិច្ឆតាអំណាចដ៏ឆ្កួតលីលា និងដើម្បីសម្រេចគោលបំណងសងសឹកគំនុំជូនខ្មោចឪរបស់ខ្លួនដែលបានជាប់ឈ្មោះក្នុងប្រវត្តិសាស្ត្រកម្ពុជាថាជាជនក្បត់ជាតិ ឃុបឃិតជាមួយទីភ្នាក់ងារសម្ងាត់អាមេរិកសេអ៊ីអា (CIA) ក្នុងផែនការប៉ងធ្វើគត់សម្តេចឪ នរោត្តម សីហនុ និងផ្តួលរំលំរបបសង្គមរាស្ត្រនិយម។

ទាំងនេះគឺជាមនោគមន៍វិទ្យាបំផ្លាញជាតិរបស់ទណ្ឌិត សម រង្ស៉ី ដែលបានអនុវត្តចាប់តាំងពីជនចង្រៃជាតិរូបនេះ បានឈានជើងជាន់ទឹកដីកម្ពុជានៅក្រោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៍ថ្ងៃទី២៣ ខែតុលា ឆ្នាំ ១៩៩១។ ជនចង្រៃជាតិ សម រង្ស៉ី បានអនុវត្តនយោបាយសត្រូវជាតិ និងសត្រូវប្រជាជន ដោយប្រើប្រាស់លេសសព្វបែបយ៉ាងក្រោមស្លាកសិទ្ធិមនុស្ស លទ្ធិ ប្រជាធិបតេយ្យ សេរីភាព បញ្ចេញមតិជាដើម ខណៈខ្លួនជាប់ឈ្មោះជាមនុស្សរើសអើងប្រកាន់ពូជសាសន៍ ហើយធ្លាប់ត្រូវបានមន្ត្រីអាជ្ញាធរបណ្តោះអាសន្នអង្គការ សហប្រជាជាតិប្រចាំកម្ពុជា (អ៊ុនតាក់) ព្រមានរួចទៅហើយកាលពីឆ្នាំ១៩៩៣។

ធាតុពិត សម រង្ស៉ី មានគោលដៅនយោបាយមួយច្បាស់ លាស់គឺបំផ្លាញជាតិ និងយកឈាមនិងជីវិតប្រជាពលរដ្ឋខ្មែរមក ធ្វើជាឈ្នាន់ដើម្បីចាប់យកអំណាច ដោយមិនខ្វល់នឹងការឈឺចុកចាប់របស់ជាតិនិងប្រជាជនកម្ពុជាឡើយ។ មនោគមន៍វិទ្យាដ៏អាក្រក់ពិសពុលរបស់ សម រង្ស៉ី នេះបានសាបព្រួសក្នុងចំណោមប្រជាពលរដ្ឋមួយ ចំនួនដែលបានដើរតាម នយោបាយខ្លួន ហើយជនមួយចំនួននោះ បច្ចុប្បន្ននេះ បាននិងកំពុងលង់លក់ក្នុងភាពអគតិ និងធ្វើសកម្មភាព ប្រកបដោយគំនុំសងសឹក កំហឹងជាតិសាសន៍។

មនោគមន៍វិទ្យាបំផ្លាញជាតិរបស់ សម រង្ស៉ី នេះ គឺមហាគ្រោះថ្នាក់បំផុតប្រៀបបាននឹងមនោគមន៍វិទ្យារបស់មេខ្មែរក្រហម ប៉ុល ពត ដែលបង្កហាវិនាសកម្មដល់ប្រទេស ជាតិ និងប្រជាជនកម្ពុជា។ ពាក្យមួយម៉ាត់ណា របស់ សម រង្ស៉ី និងបក្ខពួករបស់ខ្លួនសុទ្ធតែជាហិង្សា និងគំនុំសងសឹក ដែលពិតជាគ្រោះថ្នាក់ដល់ជាតិ ហើយចាំ បាច់ត្រូវតែកម្ចាត់មនោគមន៍វិទ្យាបំផ្លាញជាតិនេះចេញពីកម្ពុជាឱ្យបានឆាប់តាមតែអាចធ្វើបានព្រោះទោះបីជាគណបក្សសង្គ្រោះជាតិ អង្គការចាត់តាំងផ្នែកនយោបាយនៃបដិវត្តន៍ពណ៌ត្រូវបានតុលាការកំពូលរំលាយតាម ច្បាប់ ក៏ប៉ុន្តែមនោគមន៍វិទ្យាបំផ្លាញជាតិនេះនៅតែបន្តស្ថិតនៅក្នុងចំណោមក្រុមជនជ្រុលនិយមមួយចំនួនតូចនៅឡើយ ហើយបាននិងកំពុងបញ្ឆេះបន្ថែមដោយទណ្ឌិត សម រង្ស៉ី ខណៈជីវិតនយោបាយរបស់ខ្លួននឹងត្រូវបញ្ចប់នៅថ្ងៃទី៩ ខែវិច្ឆិកា ខាងមុខ។  មនោគមន៍វិទ្យាបំផ្លា ញជាតិរបស់ជនចង្រៃជាតិ សម រង្ស៉ី នេះចាំបាច់ត្រូវតែរំលាយចោលដូចដែលមនោគមន៍វិទ្យាខ្មែរក្រហមសម្លាប់មនុស្សដូច្នេះដែរដើម្បីភាពសុខសាន្ត សន្តិភាព និងការអភិវឌ្ឍជាតិ។

សម្តេច តេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំគណបក្ស ប្រជាជនកម្ពុជាបានយកជីវិតធ្វើជាដើមទុនដើម្បីជួយសង្គ្រោះជាតិ និងប្រជាជនកម្ពុជាចេញពីរបបវាលពិឃាតខ្មែរ ក្រហមប៉ុល ពត។ បន្ទាប់មកទៀត សម្តេចតេជោហ៊ុន សែន បានប្រើ«យុទ្ធសាស្ត្រឌីហ្វីដ និងនយោបាយឈ្នះឈ្នះ» កម្ចាត់ «នយោបាយច្រែះស៊ី ដែក» របស់ មេខ្មែរក្រហម ប៉ុល ពត រំលាយអង្គការចាត់តាំងនយោបាយ និងយោធាខ្មែរក្រហមដែលចាកឫសក្នុង សង្គមកម្ពុជាជាង ៥០ ឆ្នាំមកហើយដើម្បីនាំយកសុខសន្តិភាព ការបង្រួបបង្រួមជាតិ ឯកភាពជាតិ និងឯកភាពទឹកដីជូនជាតិនិងប្រជាជនកម្ពុជា ដែលមិនធ្លាប់មានសោះក្នុងប្រត្តិសាស្ត្រកម្ពុជារយៈពេលជាង ៥០០ឆ្នាំចុងក្រោយនេះ។

សម្តេចតេជោ ហ៊ុន សែន ដដែលគឺជាអ្នកកម្ចាត់ឧបាយ កលទុច្ចរិតរបស់ក្រុមប្រឆាំងដឹកនាំដោយជនក្បត់ជាតិ សម រង្ស៉ី និង កឹម សុខា ដែល បានដឹកនាំធ្វើបដិវត្តន៍ពណ៌ប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ និងបំផ្លាញឆន្ទៈរាស្ត្រម្ចាស់ឆ្នោតនៅក្រោយការបោះឆ្នោតនាខែ កក្កដា ឆ្នាំ២០១៣ ក្រោម ការគាំទ្រនិងមានខ្សែញាក់ពីចៅហ្វាយនាយបរទេសរបស់ខ្លួន។ អង្គការចាត់តាំងផ្នែកនយោបាយបដិវត្តន៍ពណ៌ត្រូវបានរំលាយ ស្របតាមច្បាប់ ហើយប្រតិបត្តិករ ១១៨ នាក់ត្រូវបានតុលាការហាមឃាត់មិនអនុញ្ញាតឱ្យធ្វើនយោបាយរយៈពេល ៥ឆ្នាំថែមទៀត។

បច្ចុប្បន្នបើទោះបីជាសំបុកនៃក្រុមបដិវត្តន៍ពណ៌ត្រូវបានវាយបំបែក ប៉ុន្តែពួកគេបានធ្វើសកម្មភាពជ្រកក្រោមស្លាកសមាគមនិងអង្គការក្រៅរដ្ឋាភិបាលមួយចំនួនប្រឆាំងនឹងរដ្ឋាភិបាល ហើយបរទេសមួយចំនួនព្យាយាមប្រស់ខ្មោចគណបកសសង្គ្រោះជាតិឱ្យរស់ឡើងវិញដើម្បីបន្តអនុវត្តផែនករបដិវត្តន៍ទៀត។

ចំពោះមុខនៃការគំរាមកំហែងនេះ ចាំបាច់ណាស់ដែលប្រជាពលរដ្ឋកម្ពុជាទាំងអស់រួមកម្លាំងសាមគ្គីគ្នាជាមួយអាជ្ញាធររាជរដ្ឋាភិបាលកម្ពជាដើម្បីកម្ចាត់មនោគមន៍វិទ្យាបំផ្លាញជាតិរបស់ សម រង្ស៊ីឱ្យអស់ពីលើទឹកដីកម្ពុជា។ ទាំងអាជ្ញាធររដ្ឋាភិបាល រួមនឹងប្រជាពលរដ្ឋខ្មែរពិតជាបានត្រៀមខ្លួនរួចជាស្រេច ហើយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសជាច្រើនលើកច្រើនសារួចមកហើយថា ទោះក្នុងតម្លៃណាក៏ដោយ នឹងមិនអនុញ្ញាតឱ្យក្រុមជនក្បត់ជាតិមួយក្តាប់តូចបំផ្លាញសុខសន្តិភាពនិងការអភិវឌ្ឍដែលកម្ពុជារកបានដោយពិបាកនេះឡើយ។

បន្ថែមពីលើនេះ រាជរដ្ឋាភិបាលកម្ពុជាបានគូសបញ្ជាក់នូវគោលជំហររបស់ខ្លួនរួចស្រេចហើយថា «កម្ពុជានឹងមិនយកអធិបតេយ្យភាព ឯករាជ្យភាពជាតិទៅប្តូរនឹងជំនួយ ឬការគាំទ្រណាមួយឡើយ»។ ដូច្នេះ ល្បិចកលទុច្ចរិត និងមនោគមន៍វិទ្យាបំផ្លាញជាតិរបស់ សម រង្ស៉ី នឹងមិនអាចងើបរួចពីក្រោមកណ្តាប់ដៃដែកផ្នែកច្បាប់របស់សម្តេចតេជោ ហ៊ុន សែន និងអាជ្ញាធររាជរដ្ឋាភិបាល ឡើយ ហើយក្រុមក្បត់ជាតិមួយចំនួនដែលកំពុងពួនលាក់សម្ងំខ្លួនដែលជាបរិវាររបស់ជនក្បត់ជាតិ សម រង្ស៉ី នឹងមិនអាចធ្វើអ្វីស្រេចតែនឹងចិត្តបានដែរ។

ផែនការញុះញង់ បង្កចលាចលក្នុងកលល្បិចបដិវត្តន៍ពណ៌ដែលដឹកនាំដោយ សម រង្ស៉ី នឹងពិតជាបរាជ័យយ៉ាងអាម៉ាសបំផុតនៅថ្ងៃទី៩ ខែវិច្ឆិកា ខាងមុខ ព្រោះគ្មាននរណាជឿការបោកប្រាស់ ភូតកុហករបស់ សម រង្ស៉ី ទៀតឡើយ។ ការប្រកាសយកថ្ងៃទី៩ ខែវិច្ឆិកាជាថ្ងៃវិលចូលស្រុកវិញរបស់ទណ្ឌិតសម រង្ស៊ី ដោយអួតអាងថានឹងមានកម្មករ ២ លាននាក់មកពីជប៉ុន ថៃ កូរ៉េដង្ហែរខ្លួនចូលកម្ពុជាវិញ គ្រាន់តែជាផែនការខ្យល់តែប៉ុណ្ណោះ និងជាសម្តីអ្នកនយោបាយពូកែបោក។ ប្រសិនបើមានមនុស្សត្រឹមតែ ២០០នាក់ទៅដង្ហែរ ទណ្ឌិត សម រង្ស៉ី ចូលគុក វាវិសេសវិសាលណាស់ទៅហើយ ប៉ុន្តែខ្លាចតែរកមិនបានផងព្រោះកាលពីលើកមុន មានការអំពវនាវឱ្យធ្វើបាតុកម្មដោះលែង កឹម សុខា មានមនុស្សត្រឹមមួយដំបរស្វាតែប៉ុណ្ណោះ។

អ្វីដែលទណ្ឌិត សម រង្ស៉ី និងគូកនបាននិងកំពុងធ្វើនិងបំប៉ោងតាមប្រព័ន្ធផ្សព្វផ្សាយគ្រាន់តែជាយុទ្ធសាស្ត្ររៃអង្គាសលុយសម្រាប់ក្រុមខ្លួនប៉ុណ្ណោះព្រោះពួកគេខ្លះអស់លុយដោយសារតែដើរហើរច្រើន និងខ្លះទៀតដូចជា អេង ឆៃអ៊ាង ជាដើមចាញ់ល្បែងបោសគូថខោ។

តាមពិតទណ្ឌិត សម រង្ស៉ី និងក្រុមក្បត់ជាតិរបស់ខ្លួនរួមមាន អេង ឆៃអ៊ាង មូរ សុខហួរ ហូរ វ៉ាន់ ជាដើមនេះគ្មានហ៊ានវលត្រឡប់ចូលស្រុកវិញទាំងខ្លួនមានជាប់ ជំពាក់ជំពិននឹងច្បាប់ឡើយ ព្រោះក្រុមនេះ សុទ្ធតែវរជនខ្លាចគុក និងអ្នកនយោបាយមាន់សម្លរ បានត្រឹមតែស្រែកបង្កចលាចល ញុះញង់ឱ្យពលរដ្ឋខ្មែរទៅប្រឈម មុខច្បាប់និងកម្លាំងសមត្ថកិច្ចជំនួសខ្លួនប៉ុណ្ណោះ។ នរណាជឿក្រុមទណ្ឌិតក្បត់ជាតិ សម រង្ស៉ី ពិតជាអស់ស្រូវពូជមិនខានឡើយ ហើយប្រជាពលរដ្ឋបានត្រៀមរួចជាស្រេចរួមគ្នាជាមួយរាជរដ្ឋាភិបាលកម្ចាត់មនោគមន៍វិទ្យាបំផ្លាញជាតិរបស់ក្រុមក្បត់ជាតិ សម រង្ស៉ី ដើម្បីបុព្វ ហេតុសន្តិភាព ការអភិវឌ្ឍ និងភាពសុខសាន្តរបស់ប្រជាជនកម្ពុជា៕

ដោយ៖ ចៅចាក់ស្មុក
ស្រុកកំចាយមារ ខេត្តព្រៃវែង ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩