Monday, September 14, 2015

ទស្សនៈ ​ដោយ​៖​ សួន​ចំរើន​, គណ​​បក្ស​​សង្គ្រោះ​ជាតិ​ នឹ​ង​ក្លាយ​​ជា​ធូលី​ ដែល​ប្រ​ជា​ពល​រដ្ឋ ​អាច​ផ្លុំ​​ចោល​នៅ​ឆ្នាំ​២​០១៧ និ​ង​ឆ្នាំ​២០១៨

មក​ដល់​ពេល​នេះ​ក្រុម​អ្នក​វិភាគ​ និង​អ្នក​តាម​ដាន​ស្ថាន​ការ​នយោ​បាយ​នៅ​កម្ពុជា​បាន​ពិនិត្យ​ឃើញ​ថា​ គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​មាន​ប្រៀប​កាន់​តែខ្លាំង​ក្នុង​ការ​ទាក់​ទាញ​ការ​គាំទ្រ​ពី​ប្រជា​ពល​រដ្ឋ និង​ឈ្នះ​លើ​គូ​ប្រជែង​របស់​ខ្លួន ដោយ​ផ្តើម​ចេញ​ពី​ការ​កែ​ទម្រង់​លើ​ភាព​អស​កម្ម​របស់​មន្ត្រី​មួយ​ចំនួន​ដែល​បាន​ប្រព្រឹត្តិ​កន្លង​មក​។​
ចំណែក​គណ​បក្ស​សង្គ្រោះ​ជាតិ​វិញ​ ពេល​នេះ​កំពុង​ត្រូវ​អ្នក​ធ្លាប់​គាំទ្រ ដែល​បែក​ចេញ​ទៅ​បង្កើត​គណ​បក្ស​នយោ​បាយ​ថ្មីៗ វាយ​ប្រហារ​ទាំង​ថ្ងៃ​ ទាំង​យប់​យ៉ាង​ដំណំ​។​ បើ​ស្ថាន​ភាព​នៅ​តែ​បន្ត​របៀប​នេះ​ទៀត ​សំឡេងអ្នក​គាំទ្រ​បក្ស​ប្រឆាំង​នឹង​ថម​ថយ​ជា​ស្វ័យ​ប្រវត្តិ ពោល​គឺ​គណ​បក្ស​សង្គ្រោះ​ជាតិ​នឹង​ក្លាយ​ជា​គណ​បក្ស​ប្រឆាំង​ជា​រៀង​រហូត​ គ្មាន​ឱកាស​បាន​ដឹកនាំ​ប្រទេស​នោះឡើយ​។​
ការ​ធ្លាក់​ប្រជា​ប្រិយ​ភាព​របស់​បក្ស​ប្រឆាំង​នាពេល​នេះ​ ក៏​ដោយ​សារ​ភាព​កម្សោយ​ និង​ភាព​មិន​ច្បាស់​លាស់ក្នុង​ការ​ដឹកនាំ​របស់​មេ​គណ​បក្ស​​នេះ​តែ​ម្តង​។​ នយោ​បាយ ​ប្រើ​វោ​ហារ​សាស​ន៍​សន្យា​ខ្ពស់​ហួស​ហេតុ​ ​កប់​ពពក​ ​ របៀប​ស្រមើ​ស្រម៉ៃ មិន​អាច​ធ្វើ​បាន​នេះ​បាន​ដាស់​អារម្មណ៍​ប្រជា​ពល​រដ្ឋ​ដែល​ធ្លាប់​រំភើប​នឹង​គោល​នយោ​បាយ​ទាំង​នោះ​ ឲ្យ​មើល​ឃើញ និង​ភ្ញាក់​ខ្លួន​ឈប់​ជឿ​សម្តី។​
អស់​រយៈ​ពេល​ជាង​២ឆ្នាំ​ក្រោយ​ពីការ​បោះ​ឆ្នោត ​ប្រជា​ពល​រដ្ឋ​បាន​តាម​ដាន សង្កេត​មើល និង​ផ្តោតលើ​សកម្មភាព​របស់​អ្នក​នយោបាយ​នៃ​គណបក្សទាំង​ពីរ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​។ ក្នុង​នោះ​គណ​បក្ស​ប្រឆាំង​នៅ​តែ​បន្ត​យុទ្ធ​វិធី​បោក​ប្រាស់​ អូសទាញ​ និង​ញុះញង់​ប្រជា​ពល​រដ្ឋ​ឲ្យ​តវ៉ា​បង្ក​អស្ថេរភាព​សង្គម​ដដែល​ ដូច្នេះ​ហើយ​ទើប​ប្រជាពលរដ្ឋ​មើល​ឃើញ​ថា ខាង​គណ​បក្ស​សង្គ្រោះ​ជាតិ​ មិន​អាច​ឈ្នះ​ប្រជា​ប្រិយ​ភាព​លើ​គណ​បក្ស​ប្រជា​ជន​នោះ​ទេ ព្រោះ​ថា​ក្រោយ​ការ​បោះ​ឆ្នោត​ គណបក្ស​ប្រជា​ជន​បាន​ធ្វើ​កំណែ​ទម្រង់​ជា​ច្រើន​ ដូច​ជា​ប្រាក់​ខែ​មន្ត្រី​រាជការ ប៉ូលីស​ និងទាហាន​ បាន​កើន​ឡើង​ស្រប​តាម​ទំហំ​សេដ្ឋកិច្ចជាតិ​ និង​បើក​បាន​ទាន់​ពេល​វេលា​រៀង​រាល់​ដំណាច់​ខែ​។ ប្រាក់​ខែ​គោល​របស់​កម្មករ​បានកើន​ឡើង​ដល់​១២៨ ដុល្លារ​ និង​កើន​ឡើង​ជាបន្ត​ទៀត​នៅ​ឆ្នាំ២០១៦​ខាង​មុខ​នេះ​។ ទន្ទឹម​នេះ​ រាជ​រដ្ឋា​ភិបាល​បាន​យក​ចិត្ត​ទុក​ដាក់​ផ្តល់​ភាព​ងាយ​ស្រួល​ដល់​កម្មករ​ ក្នុង​ការ​កំណត់តម្លៃ​ប្រើ​ប្រាស់ចរន្ត​អគ្គិសនី​នៅ​តាម​បន្ទប់​ជួល​ ស្នាក់​នៅ​របស់​កម្មករ​ដែល​មាន​តម្លៃ​ថោក​ និង​បាន​បង្កើត​ច្បាប់ ​មិន​ឲ្យ​មាន​ការ​តំឡើង​ថ្លៃ​ឈ្នួល​ផ្ទះ​ស្រេច​ចិត្ត​របស់​ម្ចាស់​ផ្ទះជួល​ទាំង​ឡាយ​ និង​បាន​ដោះ​ស្រាយ​បញ្ចុះ​ថ្លៃ​ប្រេង​សាំង​ថែម​ទៀត​។​ ផ្ទុយ​មក​វិញ​ ប្រជា​ពល​រដ្ឋ​មិន​បាន​ឃើញ​គណ​បក្ស​សង្គ្រោះ​ជាតិ​ជួយ​សង្គម​ជាតិ និង​ប្រជា​ពល​រដ្ឋ សូម្បី​តែ​កសាង​បង្គន់​សាធារណៈ​មួយ​ក៏គ្មាន​ផង​។
បើ​និយាយ​ពីភាព​ជាអ្នក​ដឹក​នាំ​វិញ​ គឺ​អ្នក​វិភាគ​មើលឃើញ​ពី​ភាព​ទាន់​ខ្សោយ បញ្ហា​បែក​បាក់​ផ្ទៃ​ក្នុង បក្ខ​ពួក​ខ្សែ​រយៈ សាច់​ញាតិ​និយម​យ៉ាង​ខ្លាំង​មែន​ទែន​។ ថ្មីៗនេះ អ្វី​ដែល​ប្រជា​ពល​រដ្ឋ​ខ្មែរ​មិន​ពេញ​ចិត្ត​នោះ គឺ​ការអះ​អាង​របស់​លោក​ កឹម សុខា​ ផ្ទាល់​តែ​ម្តង​ថា​ កម្ម​វិធី​នយោ​បាយ​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ សម្រាប់​ប្រកួត​ប្រជែង​ក្នុង​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ​២០១៧ និង​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ២០១៨ ខាង​មុខ​នេះ ត្រូវ​បាន​រៀប​ចំ​តាក់​តែង ចង​ក្រង​ដោយ​ប្រទេស​មហា​អំណាច​មួយ​។ ដូច្នេះ​ ធ្វើ​ឲ្យ​ប្រជា​ពល​រដ្ឋ​ទូទៅ មាន​ចម្ងល់ និង​ចោទ​ជា​សំណួរ​ថា បើ​គណ​បក្ស​សង្គ្រោះ​ជាតិ​គ្មាន​ទស្សន​វិស័យ គ្មាន​ធន​ធាន​មនុស្ស អស់​ការ​គាំទ្រ​ និង​គ្មាន​គំនិត​អភិវឌ្ឍ​ប្រទេស​បែប​នេះ​ តើ​ឲ្យ​ប្រជា​ពល​រដ្ឋ​ប្រគល់​ជោគ​វាសនា​ដឹក​នាំ​ប្រទេស​យ៉ាង​ដូច​ម្តេច​ទៅ​?​ ឬ​គ្រាន់​តែ​ជា​គណ​បក្ស​បោក​ប្រាស់​ប្រជា​ពល​រដ្ឋ​ដើម្បី​លាភ​សក្ការៈ​ និង​បុណ្យ​សក្តិ​ផ្ទាល់​ខ្លួន​?​
មាន​មូល​ហេតុ​ចំបង​មួយ​ទៀត​នៃ​ការ​បាត់​បង់​ទំនុក​ចិត្ត​ពី​ប្រជា​ពលរ​ដ្ឋ​ផង​ដែរ​ គឺ​ទំនាស់​ផល​ប្រយោជន៍​ និង​អំពើ​ពុក​រលួយ​ ​របស់​ក្រុម​មន្ត្រី​ក្នុង​ជួរ​គណៈ​កម្មាធិការ​នាយក​ ដែល​បែង​ចែក​ការ​ប្រមូល​ប្រាក់​ពី​បរទេស​មិន​ស្មើ​គ្នា​ ជាហេតុ​ធ្វើ​ឲ្យ​មាន​ការ​អាក់​អន់​ចិត្ត​នឹង​គ្នា​ឈាន​ដល់​ការ​បែក​បាក់​ផ្ទៃ​ក្នុង​ ហើយ​ដើរ​ចេញ​ទៅ​បង្កើត​គណ​បក្ស​ថ្មី​ រៀងៗ​ខ្លួន​ ដូចជា​ករណី​លោកស្រី ឡាក់ សុភាព អតីត​សមា​ជិក​គណៈ​កម្មការ​នាយក​ជាដើម។​
ក្រុម​អ្នក​វិភាគ​ និង​អ្នក​តាម​ដាន បាន​មើល​ឃើញ​ផង​ដែរ​ថា​ គណ​បក្ស​សង្គ្រោះ​ជាតិ​គឺ​គ្មាន​អ្នក​ជំនាញ​រៀប​ចំ​យុទ្ធ​សាស្ត្រ​សម្រាប់​ដឹក​នាំ​បក្ស​ និង​សកម្មជន​បក្ស​ ក្នុង​ការ​ធ្វើ​នយោ​បាយ​ឡើយ​ មាន​ន័យ​ថាបើ​គណ​បក្ស​មួយ​គ្មាន​អ្នក​រៀប​ចំ​យុទ្ធ​សាស្ត្រ​ទេ បក្ស​នោះ​គ្រាន់​តែ​កំដរ​បក្ស​ដទៃ​សម្រាប់​ល្បែង​ប្រជា​ធិប​តេយ្យ​តែ​ប៉ុណ្ណោះ ឬ​គ្រាន់​តែ​ជា​កម្ទេច​ធូលី​ដែល​គេ​អាច​ផ្លុំ​ចោល​ថ្ងៃ​ណា​មួយ​ក៏បាន។ បើ​ដូច​ការ​គិត​ទុក​របស់​អ្នក​វិភាគ​មែន​នោះ​ គណ​បក្ស​សង្គ្រោះ​ជាតិ​នឹង​ក្លាយ​ជាធូលី​ដីយ៉ាង​ពិត​ប្រាកដ ដែល​ប្រជា​ពល​រដ្ឋ​ខ្មែរ ​អាច​ផ្លុំ​ចោល​នៅ​ឆ្នាំ​២០១៧ និង​ឆ្នាំ​២០១៨​ ជាមិន​ខាន​ ដូច​ពាក្យ​មួយ​ឃ្លារ​ដែល​អ្នក​យុទ្ធ​សាស្ត្រ​ក្នុង​បក្សន​យោ​បាយ​ធ្លាប់​បាន​និយាយ​នោះ​គឺ​ «បង្កើត​បក្ស​នយោ​បាយ​ ​មិន​ពិបាក​ទេ តែ​ធ្វើ​ឱ្យ​បក្ស​រឹងមាំ​ និង​ឈរ​ជើង​ប្រកួត​ប្រជែង​បាន​យូរ​អង្វែង ទើប​ជា​រឿង​ដែល​មិន​សាមញ្ញ​» ៕