Wednesday, April 18, 2018

(សូមទស្សនាវីដេអូ)៖ ខេត្តកំពង់ធំ ទទួលបានភ្ញៀវទេសចរណ៍ប្រមាណជិត២០ម៉ឺននាក់ ក្នុងរយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំខ្មែរ

ព្រះមហាក្សត្រនឹងយាងជាព្រះរាជាធិបតីក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័លនៅខេត្តស្វាយរៀង ដែល ប្រព្រឹត្តទៅ នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៨ខាងមុខ


នៅថ្ងៃអង្គារ ៣កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៨ បន្ទាប់ពីបញ្ចប់កម្មវិធីសង្ក្រាន្តស្វាយរៀងរយៈពេលបីថ្ងៃដោយជោយជោគជ័យ បានបង្កភាពសប្បាយរីករាយជូនដល់ប្រជាពលរដ្ឋរួចមក ពេលវេលាមិនយូរប៉ុន្មាន នឹងឈាន ចូលដល់ ព្រះរាជពិធីច្រត់ព្រះនង្គ័លនៅខេត្តស្វាយរៀង ដែលព្រះរាជពិធីនេះ ប្រព្រឹត្តទៅ នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៨ខាងមុខ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត របស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ លោក ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង អមដំណើរដោយលោកនាយកវិទ្យាល័យស្វាយរៀង បានអញ្ជើញចុះត្រួតពិនិត្យពីវឌ្ឍនភាព នៃការរៀបចំទីតាំងសម្រាប់ប្រារព្ធព្រះរាជពិធីច្រត់ព្រះនង្គ័ល នៅទីព្រះស្រែ ក្នុងបរិវេណតារាងបាល់ទាត់ នៃវិទ្យាល័យស្វាយរៀង ស្ថិតនៅភូមិស្រះវង់ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ៕



អភិបាលក្រុងកំពង់ឆ្នាំងថ្លែងថា ប្រជាពលរដ្ឋដើរកំសាន្តសប្បាយរីករាយបានធ្វើបុណ្យធ្វើទានដោយសារប្រទេសយើងមានសុខសន្តិភាព

កំពង់ឆ្នាំង៖ លោក យិន សាវ៉េន អភិបាលក្រុងកំពង់ឆ្នាំង នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ ២០១៧ បានថ្លែងថា ប្រជាពលរដ្ឋដើរកំសាន្តសប្បាយរីករាយ បានធ្វើបុណ្យធ្វើទានដោយសារប្រទេសយើងមានសុខសន្តិភាព។ លោកបានថ្លែងដូចនេះ នៅវត្តយាយទេព ស្ថិតក្នុងសង្កាត់ផ្សារកំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ក្នុងឱកាសដែលលោក និងលោកស្រី អញ្ជើញចូលរួមក្នុងពិធីងូតទឹកជូនចាស់ៗ ជាង២៥០នាក់។ ក្នុងពិធីនោះក៏មានការនិមន្តចូលរួមពីព្រះចៅអធិការវត្តយាយទេព លោក គុយ ចន្ថា សមាជិកក្រុមប្រឹក្សាខេត្ត លោក វង្ស ឌីណា ប្រធានសាខាពន្ធដារខេត្ត អាជ្ញាធរសង្កាត់កំពង់ឆ្នាំង និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

លោក យិន សាវ៉េន បានមានប្រសាសន៍បន្តថា ពិធីងូតទឹកជូនចាស់ៗគឺដើម្បីតបស្នងសងគុណ ដែលគាត់បានបន្សល់ទុកកេរ្តិ៍ តំណែលវប្បធម៌ពីដូនតាជាច្រើន ជាពិសេសវប្បធម៌សាមគ្គីភាពឯកភាពជាតិ ក្នុងបុព្វហេតុដើម្បីសន្តិភាព ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានផ្តល់សេចក្តីសុខជូនប្រជាពលរដ្ឋនិងអភិវឌ្ឍន៍ ប្រទេសមានការរីកចំរើនលើគ្រប់វិស័យទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ។

លោក យិន សាវ៉េន បានមានប្រសាន៍បន្តទៀតថា ការងូតទឹកជូនចាស់ៗគឺដើម្បីជម្រះនូវចិត្តស្មៅហ្មងពីឆ្នាំចាស់ អោយវិនាសសាបសូន្យនាំយកនូវអំពើល្អ និងចិត្តជ្រះថ្លាសុំពរថ្មីសេចក្តីសុខសាន្ត ដល់កូនចៅដើម្បីរួមគ្នាថែរក្សាសន្តិភាព អោយបានគង់វង្សទោះស្ថិតក្នុងតម្លៃណាក៏ដោយ។

នៅចុងបញ្ចប់ព្រះចៅអធិការវត្តយាយទេព និងលោក យិន សាវ៉េន ព្រមទាំងអាជ្ញាធរសង្កាត់ផ្សារឆ្នាំង បានងូតទឹកជូនចាស់ៗដោយការគោរពស្រឡាញ់ ដូចមាតាបិតារបស់ខ្លួនផងដែរ និងបានចែកអំណោយជូនចាស់ៗទាំង២៥០នាក់ ក្នុងម្នាក់ៗទទួលបានទឹកផ្លែឈើ២កំប៉ុង ទឹកសុទ្ធ១ដប និងថវិកា៣ពាន់រៀល ដែលជាអំណោយរបស់លោកស្រី ជូន ប៊ុនអេង និងក្រុមការងារចុះសង្កាត់ផ្សាឆ្នាំងផងដែរ៕






លោក ប៉ាន សូរស័ក្ដិ៖ «ប្រព័ន្ធបច្ចេកវិទ្យាឌីជីថល អាចបង្ខិត និងបង្កើតភាពងាយស្រួលដល់សហគ្រាសធុនតូច និងមធ្យមក្នុងការជួបជាមួយនឹងអតិថិជន»

(ទីក្រុងហ្សឺណែវ ប្រទេសស្វីស)៖ នៅថ្ងៃអង្គារ ០៣កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៨ លោក ប៉ាន សូរស័ក្ដិ បានបន្តចូលរួមថ្ងៃទី២ នៃព្រឹត្តិការណ៍ «សប្ដាហ៍ស្ដីពីពាណិជ្ជកម្មតាមអេឡិកត្រូនិច (E-Commerce Week)» ដែលរៀបចំដោយសន្និសីទសហប្រជាជាតិស្ដីពីពាណិជ្ជកម្ម និងអភិវឌ្ឍន៍ (UNCTAD)។
ដោយយោងលើចំណាប់អារម្មណ៍ខ្ពស់លើការប្រឹងប្រែង និងគំនិតផ្ដួចផ្ដើម របស់កម្ពុជាក្នុងការជំរុញការអភិវឌ្ឍពាណិជ្ជកម្មតាមអេឡិចត្រូនិច ដើម្បីជាគំរូមួយដ៏ល្អសម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួចដទៃទៀត លោករដ្ឋមន្ត្រីតំណាងឲ្យកម្ពុជាត្រូវបានអញ្ជើញចូលរួមវគ្គពិភាក្សាចំនួនពីរទៀតនៅក្នុងព្រឹត្តិការណ៍នេះ។

វគ្គពិភាក្សាដំបូងគឺ «កិច្ចប្រជុំតុមូលថ្នាក់រដ្ឋមន្ត្រី ស្ដីពីផលប៉ះពាល់របស់ប្រព័ន្ធឌីជីថលទៅលើការអភិវឌ្ឍដោយចេរភាព (Ministerial Roundtable: Digital Impacts on Sustainable Development)» ដោយមានការចូលរួមពីរដ្ឋមន្ត្រីពាណិជ្ជកម្មមកពីប្រទេសលីបេរីយ៉ា អូហ្គង់ដា និងសេណេហ្គាល់។ នៅក្នុងបទអន្តរាគមន៍ លោករដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើការប្រើប្រាស់ប្រព័ន្ធឌីជីថល ដើម្បីកាត់បន្ថយរបាំងសម្រាប់ការនាំចេញ ដើម្បីឲ្យសហគ្រាសធុនតូច និងមធ្យម អាចមានឱកាសចូលរួមធ្វើពាណិជ្ជកម្មនៅក្នុងទីផ្សារសកលលោកបាន ជាពិសេសប្រព័ន្ធបច្ចេកវិទ្យាឌីជីថល អាចបង្ខិត និងបង្កើតភាពងាយស្រួលដល់សហគ្រានធុនតូច និងមធ្យមទាំងនោះក្នុងការជួបជាមួយនឹងអតិថិជន និងធ្វើការផ្សព្វផ្សាយលក់ទំនិញរបស់ខ្លួន។ លើសពីនេះទៀត ការប្រើប្រាស់ប្រព័ន្ធឌីជីថលដែលមានភាពទូលំទូលាយ នឹងជំរុញឲ្យមានគំនិតច្នៃប្រឌិត និងនវានុវត្តថ្មីៗសម្រាប់ធ្វើពាណិជ្ជកម្ម បង្កើនសហគ្រិនភាព និងបង្កើតការងារសម្រាប់ស្ត្រី យុវជន និងអ្នកជំនួញដទៃទៀត ដូចជាប្រជាពលរដ្ឋនៅតាមជនបទជាដើម។

លោកបញ្ចប់បទអន្តរាគមន៍ដោយគូសបញ្ជាក់ថា ទោះបីជាប្រព័ន្ធឌីជីថលមានផលប្រយោជន៍ច្រើនក៏ពិតមែន បញ្ហាប្រឈមទាំងឡាយដូចជា កង្វះខាតចំណេះដឹងលើប្រព័ន្ធព័ត៌មានវិទ្យា ហេដ្ឋារចនាសម្ព័ន្ធទាំងផ្នែករឹង និងទន់លិខិតបទដ្ឋានគតិយុត្តិ ត្រូវតែដោះស្រាយឲ្យបានរួចរាល់ មុននឹងអាចទាញយកផលប្រយោជន៍នេះបាន ហើយលោកក៏បានអំពាវនាវបន្ថែមទៀត ទៅកាន់សហគមន៍ដៃគូអភិវឌ្ឍដើម្បីជួយកម្ពុជាក្នុងការងារនេះ។

នៅរសៀលថ្ងៃដដែល លោករដ្ឋមន្ត្រី ក៏បានអញ្ជើញចូលរួមនៅក្នុងកិច្ចពិភាក្សាលើ «បែបផែនអភិវឌ្ឍនៃផ្លាត់ហ្វមឌីជីថល (Development Dimensions of Digital Platforms)» ដែលមានការចូលរួមពីថ្នាក់ដឹកនាំកំពូលៗមកពីប្រព័ន្ធអង្គការសហប្រជាជាតិ និងលោក Roberto Azevedo អគ្គនាយកនៃអង្គការពាណិជ្ជកម្មពិភពលោកផងដែរ។

នៅក្នុងកិច្ចពិភាក្សានេះ លោករដ្ឋមន្ត្រីក៏បានចូលរួមមតិផងដែរ ដោយលើកឡើងថាប្រព័ន្ធបច្ចេកវិទ្យាមានការផ្លាស់ប្ដូរជាលំដាប់ ហើយផ្លាត់ហ្វមឌីជីថលបានរួមចំណែកធំមួយដល់ការប្រែក្លាយគំរូធុរកិច្ច (Business Model) ដើម្បីស្វែងរកផលចំណេញអតិប្បរិមា។

លោកបន្ថែមទៀតថា ផ្លាត់ហ្វមឌីជីថលដែលមានទ្រង់ទ្រាយជាទីផ្សារពាណិជ្ជកម្មតាមអេឡិចត្រូនិច ជាកម្លាំងចលករមួយដើម្បីជំរុញឲ្យមានការគិតគូឡើងវិញអំពីរបៀបធ្វើពាណិជ្ជកម្មដើម្បីផ្ដល់ផលប្រយោជន៍ជាបរិយាប័ន្នដល់អ្នកពាក់ព័ន្ធ ដូចនេះកម្ពុជាត្រូវតែបន្តដំណើរទៅមុខទៀត និងប្រឹងប្រែងយល់ឲ្យបានច្បាស់លាស់អំពីផ្លាត់ហ្វមឌីជីថលនេះ ដើម្បីទាញយកផលប្រយោជន៍ពីផ្លាត់ហ្វមឌីជីថលដែលមានស្រាប់ ឬបង្កើតផ្លាត់ហ្វមឌីជីថលក្នុងស្រុកដែលស្របតាមបរិបទកម្ពុជា ដើម្បីជាច្រកមួយក្នុងការធ្វើពាណិជ្ជកម្មទៅលើទីផ្សារពិភពលោក។

ក្រៅពីបានចូលរួមវគ្គពិភាក្សាទាំងពីរខាងលើ លោករដ្ឋមន្ត្រី ក៏បានឆ្លៀតជួបពិភាក្សាការងារជាមួយ លោកស្រី ឆាមីកា ស៊ីរីម៉ានណេ (Shamika Sirimane) នាយកផ្នែកបច្ចេកវិទ្យា និងភស្ដុភារនៃអង្គការ UNCTAD។ នៅក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានព្រមព្រៀងគ្នាក្នុងការសិក្សាអំពីប្រព័ន្ធដឹកជញ្ជូនទំនិញ (delivery system) ដោយប្រើបច្ចេកវិទ្យា ពិនិត្យ និងបំពេញបន្ថែមកង្វះខាតរបស់សេចក្ដីព្រាងច្បាប់ស្ដីពីពាណិជ្ជកម្មតាមអេឡិចត្រូនិច ជាពិសេសលើកិច្ចការពារអ្នកប្រើប្រាស់នៅក្នុងប្រព័ន្ធព័ត៌មានវិទ្យា ច្បាប់ប្រកួតប្រជែង ការរៀបចំយុទ្ធសាស្ត្រពាណិជ្ជកម្មតាមអេឡិចត្រូនិច និងការចូលរួមលើការធ្វើបច្ចុប្បន្នភាពឯកសារវិភាគសមាហរណកម្មពាណិជ្ចកម្មកម្ពុជា ឆ្នាំ២០១៩-២០២៣៕







កម្លាំងនគរបាលខេត្តស្វាយរៀង សហការជាមួយកងរាជអាវុធហត្ថស្រុកស្វាយជ្រំ ចុះជួយរុះរើ ផ្ទះប្រជាពលរដ្ឋដួលរលំដោយសារខ្យល់កន្ត្រាក់

ស្វាយរៀង៖ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨ កម្លាំងអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង សហការជាមួយកងរាជអាវុធហត្ថស្រុកស្វាយជ្រំ បានចុះជួយរុះរើផ្ទះប្រជាពលរដ្ឋ ដួលរលំដោយសារខ្យល់កន្ត្រាក់ កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង ១៦:២០ នាទី ចំនួន០៣ខ្នង និងរបើកដំបូល០២ខ្នង នៅភូមិទូលច្រេស ឃុំ ចំបក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

សូមជម្រាបផងដែរថា ផ្ទះប្រជាពលរដ្ឋដែលដួលរលំដោយសារខ្យល់កន្ត្រាក់ចំនួន៥គ្រួសារ រួមមាន៖
១-ឈ្មោះ គឺម ណាត ភេទស្រី អាយុ៦៧ឆ្នាំ ទំហំ៦x៧ ម៉ែត្រសង់ពីឈើដំបូលប្រក់ស័ង្កសី ជញ្ជាំងស័ង្កសីក្រាលរនាប (ខូចខាតទាំងស្រុង)។
២-ឈ្មោះ ទិត ហន ភេទប្រុស អាយុ៣២ឆ្នាំ ទំហំ៦x៧ ម៉ែត្រ សង់ពីឈើ ដំបូលស័ង្កសីជញ្ជាំងស័ង្កសី (ខូចទាំងស្រុង)។
៣-ឈ្មោះ ភោគ រិន ភេទស្រី អាយុ៤០ឆ្នាំទំហំ៣x៤ ម៉ែត្រ សង់ពីឈើដំបូល និងជញ្ជាំងស័ង្កសី (ខូចទាំងស្រុង)។
៤-ឈ្មោះ សយ ចាន់ណា ភេទប្រុស អាយុ៣១ឆ្នាំ ទំហំ ៥x៦ ម៉ែត្រ សង់ពីឈើ (របើកដំបូល)។
៥-ឈ្មោះខាន់ សាបាន ភេទប្រុស អាយុ៤៣ឆ្នាំ ទំហំ៤x៦ ម៉ែត្រ សង់ពីឈើដំបូល និងជញ្ជាំង ស័ង្កសី(របើកដំបូល)៕





ខេត្តកំពង់ធំ ទទួលបានភ្ញៀវទេសចរណ៍ប្រមាណជិត២០ម៉ឺននាក់ ក្នុងរយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំខ្មែរ

កំពង់ធំ៖ ក្នុងរយៈពេលបីថ្ងៃ នៃថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ចាប់ពីថ្ងៃទី១៤ ដល់ទី១៦ ខែមេសា ឆ្នាំ២០១៨ កន្លងទៅថ្មីៗនេះ មានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ មកទស្សនាកម្សាន្ត តាមរមណីយដ្ឋាននានា ក្នុងខេត្តកំពង់ធំ ប្រមាណជាង ២០ម៉ឺននាក់ ក្នុងនោះព្រឹត្តិការណ៍សង្ក្រានថ្មីសំបូរព្រៃគុក មានភ្ញៀវទេសចរណ៍ចូលរួម ប្រមាណជិត ២០ម៉ឺននាក់ ផងដែរ។

ព្រឹត្តិការណ៍សង្ក្រានថ្មីសំបូរព្រៃគុក ដែលបានប្រារព្ធនៅក្នុងតំបន់បរិវេណប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភ័ណ្ឌពិភពលោក ស្ថិតនៅឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។ ដោយយោងតាមរបាយការណ៍របស់ លោក សេង អាន មន្ទីរទេសចរណ៍ខេត្តកំពង់ធំ បានឱ្យដឹងថា ក្នុងរយៈពេលបីថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី ជាពិសេសព្រឹត្តិការណ៍សង្ក្រានថ្មីសំបូរព្រៃគុក មានភ្ញៀវទេសចរណ៍ជាតិ ចំនួន ១៨៦,១៣៧នាក់ និងអន្តរជាតិ ចំនួន ១៥២នាក់ មកទស្សនាកំសាន្ត និងលេងល្បែងប្រជាប្រិយនៅតំបន់នេះ។ ក្នុងតួលេខនៃរបាយការណ៍ដដែល នេះក៏បានបញ្ជាក់ដែរថា បើសិនធ្វើការប្រធៀបនៃរយៈពេលបីថ្ងៃនៃព្រឹត្តិការណ៍ សង្រ្កានថ្មីសំបូរព្រៃគុកនេះដែរ មានការកើនឡើងភ្ញៀវទេសចរណ៍ជាតិប្រមាណ ៧១.៥៩% និងភ្ញៀវអន្តរជាតិចំនួន ៦៦០.០០%។

មោទនភាពនៃការកើនឡើងដ៏អស្ចារ្យនេះគឺ ដោយសារតែព្រឹត្តិការណ៍នេះ នាំមកនូវភាពសប្បាយរីករាយខ្លាំងដល់ពួកគាត់ ព្រោះមានកម្មវិធីជាច្រើនដូចជា៖លេងល្បែងរបាំ ប្រជាប្រិយ ការប្រគុំតន្ត្រី ឡើងសសរខ្លាញ់ ទាញព្រ័ត ចោលឈូង ប្រដាល់បិទមុខ ប្រណាំងរទេះគោ ស្រង់ព្រះ ជាដើម ក្នុងនោះ ក៏មានការដាក់តាំងពិព័ណ៌នូវផលិតផល ភូមិមួយ ផលិតផលមួយ ដើម្បីបង្ហាញពីការរីកចម្រើនវិស័យកសិកម្ម និងសិប្បកម្ម និង កំដរបរិយាកាសឲ្យមានភាពសប្បាយរីករាយ ដោយមានភូមិគួយនិម្មិត្ត ដែលបង្ហាញជាមួយដឹងខ្នាតយក្ស ដែលជាអត្តសញ្ញាណរបស់ជនជាតិភាគតិចគួយ ជាពិសេស កងកម្លាំងសមត្ថកិច្ច ខិតខំការពាររក្សាបាននូវសុខសុវត្ថិភាពជូនបងប្អូនមកទស្សនាកំសាន្តតាមតំបន់រមណីយដ្ឋាននានាបានល្អប្រសើរផងដែរ។

ជាមួយគ្នានោះដែរ ថ្នាក់ដឹកនាំខេត្ត ក៏បានចូលរួមលេងល្បែងប្រជាប្រិយជាមួយបងប្អូនប្រជាពលរដ្ឋ និងរំាលេងកម្សាន្ត ប្រកបដោយទឹកមុខសប្បាយរីករាយក្រៃលេង ក្រោមម្លប់សន្តិភាព និងមានការអភិវឌ្ឍន៍ ដែលធ្វើឲ្យប្រជាពលរដ្ឋមានភាពជឿទុកចិត្ត៕